ដើមកំណើត
៥០ បន្ទាប់មក យ៉ូសែបបានយំឱបឪពុក+ ហើយថើបគាត់។ ២ ក្រោយនោះ យ៉ូសែបបានបញ្ជាពួកអ្នកបម្រើគាត់ដែលជាគ្រូពេទ្យ ឲ្យអប់សព+ឪពុករបស់គាត់។ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមរៀបចំអប់សពអ៊ីស្រាអែលទៅ។ ៣ ពួកគេបានចំណាយពេលអស់៤០ថ្ងៃដើម្បីអប់សពឪពុកគាត់ គឺជារយៈពេលដែលគេមានទម្លាប់អប់សព។ ឯបណ្ដាជនអេហ្ស៊ីប ពួកគេបាននាំគ្នាយំកាន់ទុក្ខអស់រយៈពេល៧០ថ្ងៃ។
៤ លុះវេលាកាន់ទុក្ខបានកន្លងផុតទៅ យ៉ូសែបបាននិយាយទៅកាន់ពួកមន្ត្រីផារ៉ូថា៖ «បើអស់លោកមិនយល់ទាស់ទេ សូមជួយជម្រាបផារ៉ូឲ្យខ្ញុំផងថា៖ ៥ ‹ឪពុកខ្ញុំបានឲ្យខ្ញុំស្បថ+នឹងគាត់ ហើយផ្ដាំថា៖ «មើល! ពុកជិតស្លាប់ហើយ។+ ពេលពុកស្លាប់ សូមកូនយកសពរបស់ពុកទៅបញ្ចុះ+នៅស្រុកកាណាន ក្នុងទីបញ្ចុះសពដែលពុកបានរៀបចំទុក»។+ ដូច្នេះ សូមមេត្តាអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរទៅបញ្ចុះសពឪពុកខ្ញុំនៅទីនោះផង។ ក្រោយរួចរាល់ហើយ ខ្ញុំនឹងត្រឡប់មកវិញ›»។ ៦ ផារ៉ូបានតបឆ្លើយមកវិញថា៖ «ចូរធ្វើដំណើរទៅបញ្ចុះសពឪពុកអ្នក តាមពាក្យដែលអ្នកស្បថនឹងគាត់ចុះ»។+
៧ ដូច្នេះ យ៉ូសែបបានឡើងទៅបញ្ចុះសពឪពុកគាត់ អមដោយពួកអ្នកបម្រើផារ៉ូ មន្ត្រីចាស់ទុំ+ និងបុរសចាស់ទុំទាំងអស់ក្នុងស្រុកអេហ្ស៊ីប ៨ ព្រមទាំងពួកអ្នកផ្ទះរបស់យ៉ូសែប និងបងប្អូនគាត់ រួមទាំងពួកអ្នកផ្ទះរបស់ឪពុកគាត់ផងដែរ។+ ឯក្មេងតូចៗនិងហ្វូងចៀមហ្វូងគោ ពួកគេមិនបាននាំយកទៅជាមួយទេ តែទុកឲ្យនៅតំបន់កូសែនវិញ។ ៩ ពេលដង្ហែទៅ គេក៏នាំយករទេះ+ចម្បាំងទៅជាមួយដែរ ទាំងមានទាហានសេះហែហមផង។ ដូច្នេះ ក្បួនដង្ហែនោះគឺធំណាស់។ ១០ លុះធ្វើដំណើរដល់ទីលានបញ្ជាន់ស្រូវរបស់អេថាតដែលនៅក្នុងតំបន់ទន្លេយ៉ូដាន់ ពួកគេបានយំសោកជាខ្លាំង។ យ៉ូសែបបានកាន់ទុក្ខឪពុកអស់៧ថ្ងៃ។ ១១ ពួកកាណានដែលជាអ្នកស្រុកនោះ បានឃើញអ្នកទាំងនោះយំសោកនៅទីលានបញ្ជាន់ស្រូវរបស់អេថាត។ ពេលនោះពួកគេបាននិយាយថា៖ «ពួកអេហ្ស៊ីបកាន់ទុក្ខខ្លាំងណាស់ហ្ន៎!»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថាអេបិលមីសរេម។* នោះនៅតំបន់ទន្លេយ៉ូដាន់។
១២ ដូច្នេះ កូនៗរបស់យ៉ាកុបបានធ្វើតាមការផ្ដែផ្ដាំទាំងអស់របស់គាត់។+ ១៣ កូនៗរបស់គាត់បានដង្ហែសពគាត់ទៅស្រុកកាណាន រួចបញ្ចុះនៅក្នុងរអាងភ្នំម៉ាក់ពេឡាដែលនៅខាងមុខម៉ាមរេ ជាដីដែលអាប្រាហាំបានទិញពីអេប្រុនជាជនជាតិហេត ទុកជាទីបញ្ចុះសពរហូតតទៅ។+ ១៤ ក្រោយពីបញ្ចុះសពឪពុករួច យ៉ូសែបនិងបងប្អូនគាត់ទាំងអស់ ព្រមទាំងពួកអ្នកដែលធ្វើដំណើរទៅជាមួយនឹងគាត់ បានត្រឡប់ទៅស្រុកអេហ្ស៊ីបវិញ។
១៥ ក្រោយពីបងប្អូនយ៉ូសែបឃើញថាឪពុកខ្លួនបានស្លាប់ហើយ ពួកគេនិយាយគ្នាថា៖ «យ៉ូសែបប្រហែលជានៅចងគំនុំនឹងយើងហើយ។ គាត់មុខជាសងសឹកនឹងយើងដែលបានធ្វើអាក្រក់នឹងគាត់ជាមិនខាន»។+ ១៦ ដូច្នេះ បងៗយ៉ូសែបបានឲ្យគេនាំដំណឹងទៅប្រាប់យ៉ូសែបនូវពាក្យទាំងនេះថា៖ «មុនលោកឪពុកស្លាប់ គាត់បានផ្ដាំថា៖ ១៧ ‹សូមប្រាប់យ៉ូសែបថា៖ «ពុកសូមអង្វរកូន សូមកូនអភ័យទោសឲ្យបងៗរបស់កូនចំពោះទោសកំហុសដែលពួកគេបានធ្វើដល់កូនផង»›។ ឥឡូវ សូមប្អូនអភ័យទោសឲ្យពួកបងដែលជាអ្នកបម្រើព្រះនៃឪពុកប្អូនផង»។ ពេលយ៉ូសែបឮពាក្យទាំងនេះ គាត់បានយំ។ ១៨ រួចមក បងៗរបស់យ៉ូសែបបានចូលមក ហើយក្រាបខ្លួនគោរពគាត់ ទាំងនិយាយថា៖ «មើល! ពួកបងជាអ្នកបម្រើប្អូនហើយ!»។+ ១៩ យ៉ូសែបបាននិយាយទៅកាន់ពួកគេថា៖ «សូមពួកបងកុំខ្លាចអី។ ខ្ញុំមិនមែនជាព្រះទេ ខ្ញុំគ្មានសិទ្ធិវិនិច្ឆ័យបងៗឡើយ។ ២០ ទោះជាពួកបងមានបំណងធ្វើបាបខ្ញុំក៏ពិតមែន+ តែគឺជាព្រះទេដែលបានកែប្រែស្ថានភាពនោះឲ្យទៅជាល្អប្រសើរវិញ ដើម្បីសង្គ្រោះជីវិតមនុស្សជាច្រើន ដូចពួកបងឃើញស្រាប់ហើយ។+ ២១ ដូច្នេះ សូមពួកបងកុំខ្លាចអី។ ខ្ញុំនឹងបន្តផ្គត់ផ្គង់ស្បៀងអាហារដល់ពួកបងនិងកូនៗ»។+ យ៉ាងនេះ យ៉ូសែបបានសម្រាលទុក្ខពួកគេ ហើយពង្រឹងទំនុកចិត្តពួកគេឡើងវិញ។
២២ ឯយ៉ូសែបនិងពួកអ្នកផ្ទះឪពុកគាត់បានបន្តរស់នៅក្នុងស្រុកអេហ្ស៊ីបតទៅទៀត។ យ៉ូសែបរស់បាន១១០ឆ្នាំ។ ២៣ យ៉ូសែបបានឃើញកូនចៅរបស់អេប្រាអ៊ីមដល់ទៅបីជំនាន់។+ គាត់ក៏ឃើញកូនចៅរបស់ម៉ាគា+ ដែលជាកូនម៉ាណាសេផងដែរ។ គាត់បានចាត់ទុកពួកគេដូចជាកូនបង្កើត។* ២៤ ក្រោយមក យ៉ូសែបបាននិយាយទៅបងប្អូនគាត់ថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះប្រាកដជាជួយបងប្អូន+ ហើយលោកនឹងនាំបងប្អូនចេញពីស្រុកនេះ ទៅស្រុកដែលលោកបានស្បថឲ្យដល់អាប្រាហាំ អ៊ីសាក និងយ៉ាកុបជាមិនខាន»។+ ២៥ ដូច្នេះ យ៉ូសែបបានឲ្យកូនចៅអ៊ីស្រាអែលស្បថនឹងគាត់ ហើយគាត់បានផ្ដាំពួកគេថា៖ «ព្រះប្រាកដជានឹងជួយបងប្អូនមិនខាន។ ពេលនោះ សូមបងប្អូនយកឆ្អឹងខ្ញុំចេញពីស្រុកនេះផង»។+ ២៦ រួចមក យ៉ូសែបបានស្លាប់ក្នុងកាលដែលគាត់មានអាយុ១១០ឆ្នាំ។ គេបានធ្វើពិធីអប់សពគាត់+ រួចដាក់ក្នុងមឈូសក្នុងស្រុកអេហ្ស៊ីប។