សាការី
៤ ទេវតាដែលបានពោលមកកាន់ខ្ញុំ ក៏ត្រឡប់មកវិញ ហើយដាស់ខ្ញុំឲ្យភ្ញាក់ ដូចគេដាស់មនុស្សឲ្យក្រោកពីដំណេក។ ២ រួចទេវតាសួរខ្ញុំថា៖ «តើអ្នកឃើញអ្វី?»។
ខ្ញុំឆ្លើយថា៖ «មើល! ខ្ញុំឃើញជើងចង្កៀងមួយធ្វើពីមាស+ មានទាំងចង្កៀង៧នៅពីលើផង+ ហើយក៏មានចានគោមមួយនៅពីលើចង្កៀងទាំងនោះដែរ។ ម្យ៉ាងទៀត មានបំពង់៧ដែលតភ្ជាប់ពីចានគោមទៅចង្កៀងទាំង៧នោះ។ ៣ នៅក្បែរជើងចង្កៀងនិងចានគោមនោះ មានដើមអូលីវពីរដើម+ មួយនៅខាងស្ដាំ មួយនៅខាងឆ្វេង»។
៤ រួចខ្ញុំក៏សួរទេវតាដែលកំពុងសន្ទនានឹងខ្ញុំថា៖ «លោកម្ចាស់ តើអ្វីទាំងនេះមានអត្ថន័យអ្វី?»។ ៥ ទេវតានោះសួរខ្ញុំថា៖ «តើអ្នកមិនដឹងអំពីអត្ថន័យទេឬ?»។
ខ្ញុំតបវិញថា៖ «ខ្ញុំមិនដឹងទេលោកម្ចាស់»។
៦ ទេវតានោះនិយាយថា៖ «នេះជាប្រសាសន៍ដែលព្រះយេហូវ៉ាពោលទៅកាន់សេរ៉ូបាបិលគឺ៖ ‹«អ្វីទាំងនេះនឹងកើតឡើង មិនមែនដោយកម្លាំងកងទ័ព ហើយក៏មិនមែនដោយអំណាចទេ+ តែដោយឫទ្ធានុភាពរបស់ខ្ញុំ»។+ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ដូច្នោះ។ ៧ ឱភ្នំធំអើយ តើអ្នកជានរណា? នៅចំពោះសេរ៉ូបាបិល+ អ្នកនឹងក្លាយទៅជាដីរាបស្មើ។+ គាត់នឹងនាំថ្មកំពូលនៃវិហារមក ហើយអស់អ្នកដែលឃើញនឹងបន្លឺសំឡេងថា៖ «ស្អាតខ្លាំងណាស់! ស្អាតខ្លាំងណាស់!»›»។
៨ ប្រសាសន៍របស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំទៀតថា៖ ៩ «សេរ៉ូបាបិលជាអ្នកដែលដាក់គ្រឹះវិហារនេះដោយដៃរបស់គាត់+ ហើយគាត់ក៏នឹងសង់បង្ហើយដោយដៃរបស់គាត់ដែរ។+ យ៉ាងនេះ អ្នកនឹងដឹងថាព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានចាត់ខ្ញុំឲ្យមក។ ១០ តើអ្នកណានឹងមើលងាយការចាប់ផ្ដើមបន្តិចបន្តួច?+* ពួកគេនឹងរីករាយត្រេកអរដោយឃើញខ្សែប្រយោល*នៅក្នុងដៃរបស់សេរ៉ូបាបិល។ រីឯភ្នែកទាំង៧នេះ ជាភ្នែករបស់ព្រះយេហូវ៉ាដែលកំពុងសម្លឹងមើលពាសពេញផែនដី»។+
១១ រួចខ្ញុំសួរគាត់ថា៖ «តើដើមអូលីវពីរដើមដែលមួយនៅខាងស្ដាំ និងមួយនៅខាងឆ្វេងជើងចង្កៀងនោះ មានអត្ថន័យអ្វី?»។+ ១២ ខ្ញុំក៏សួរគាត់ជាលើកទី២ថា៖ «តើមែកពីរ*នៃដើមអូលីវដែលបង្ហូរប្រេងពណ៌មាសចេញតាមបំពង់មាសពីរនោះ មានអត្ថន័យអ្វី?»។
១៣ ដូច្នេះ ទេវតានោះក៏សួរខ្ញុំថា៖ «តើអ្នកមិនដឹងអំពីអត្ថន័យទេឬ?»។
ខ្ញុំតបវិញថា៖ «ខ្ញុំមិនដឹងទេលោកម្ចាស់»។
១៤ គាត់និយាយថា៖ «នោះគឺជាអ្នកដែលបានត្រូវរើសតាំង។ ពួកគេទាំងពីរកំពុងឈរអមសងខាងម្ចាស់នៃផែនដីទាំងមូល»។+