សៀវភៅសាំយូអែលទី២
១២ ដូច្នេះ ព្រះយេហូវ៉ាចាត់ណាថាន់+ឲ្យទៅជួបដាវីឌ។ គាត់ក៏ទៅជួបដាវីឌ+ ហើយនិយាយថា៖ «នៅក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាអ្នកមាន ហើយម្នាក់ទៀតជាអ្នកក្រ។ ២ បុរសអ្នកមាន គាត់មានសត្វចៀមនិងសត្វគោច្រើនសន្ធឹក។+ ៣ ប៉ុន្តែបុរសក្រីក្រវិញ គាត់មានតែកូនចៀមញីតូចមួយប៉ុណ្ណោះដែលគាត់បានទិញយកមកចិញ្ចឹម។+ គាត់ថែរក្សាកូនចៀមនោះ ហើយវារស់នៅជាមួយនឹងគាត់ ក៏បានធំឡើងជាមួយនឹងកូនប្រុសៗរបស់គាត់ដែរ។ ទោះជាគាត់មិនសូវមានអាហារក៏ដោយ តែគាត់តែងចែកអាហារឲ្យកូនចៀមនោះស៊ី និងឲ្យវាផឹកពីពែងរបស់គាត់ ហើយឲ្យវាដេកក្នុងរង្វង់ដៃគាត់។ គាត់ស្រឡាញ់កូនចៀមនោះទុកដូចជាកូនស្រីរបស់គាត់។ ៤ នៅថ្ងៃមួយ មានភ្ញៀវម្នាក់មកលេងផ្ទះរបស់បុរសអ្នកមាន តែបុរសនោះមិនព្រមយកចៀមនិងគោណាមួយរបស់គាត់ មកចាត់ចែងធ្វើជាអាហារសម្រាប់ទទួលភ្ញៀវទេ។ ផ្ទុយទៅវិញ គាត់បែរជាទៅចាប់យកកូនចៀមរបស់បុរសអ្នកក្រ មកធ្វើជាអាហារសម្រាប់ទទួលភ្ញៀវ»។+
៥ ពេលដាវីឌឮដូច្នោះ គាត់ក្ដៅចិត្តនឹងបុរសអ្នកមាននោះខ្លាំងណាស់។ គាត់និយាយទៅណាថាន់ថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅថា+ បុរសនោះសមតែស្លាប់! ៦ គាត់ត្រូវតែសងកូនចៀមទៅបុរសអ្នកក្រនោះវិញ១ជា៤+ ព្រោះអ្វីដែលគាត់ធ្វើបង្ហាញថាគាត់គ្មានចិត្តមេត្តាទេ»។
៧ រួចមក ណាថាន់និយាយទៅដាវីឌវិញថា៖ «បុរសនោះគឺជាអ្នក! ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ថា៖ ‹ខ្ញុំបានរើសតាំងអ្នកឲ្យធ្វើជាស្ដេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែល+ ហើយខ្ញុំបានសង្គ្រោះអ្នកពីកណ្ដាប់ដៃរបស់សុល។+ ៨ ខ្ញុំបានប្រគល់រាជ្យសម្បត្តិ+ និងប្រពន្ធរបស់ម្ចាស់អ្នកឲ្យទៅអ្នក+ ហើយខ្ញុំថែមទាំងប្រគល់កូនចៅអ៊ីស្រាអែលនិងកូនចៅយូដាឲ្យអ្នកគ្រប់គ្រងទៀតផង។+ បើទាំងអស់នោះនៅតែមិនល្មមគ្រប់គ្រាន់ទេ ខ្ញុំព្រមឲ្យអ្នកច្រើនថែមទៀត។+ ៩ ហេតុអ្វីបានជាអ្នកមើលងាយបង្គាប់របស់ព្រះយេហូវ៉ា ដោយប្រព្រឹត្តអំពើអាក្រក់ដូច្នេះ? អ្នកបានធ្វើឃាតអ៊ូរីជនជាតិហេត!+ គឺអ្នកសម្លាប់គាត់ដោយមុខដាវរបស់ពួកអាំម៉ូន+ រួចអ្នកយកប្រពន្ធគាត់មកធ្វើជាប្រពន្ធរបស់អ្នក។+ ១០ ហេតុនេះ ក្រុមគ្រួសារអ្នកនឹងត្រូវជួបអន្តរាយមិនចេះចប់*+ ព្រោះអ្នកបានមើលងាយខ្ញុំ ដោយយកប្រពន្ធអ៊ូរីជនជាតិហេតមកធ្វើជាប្រពន្ធរបស់អ្នក›។ ១១ ព្រះយេហូវ៉ាមានប្រសាសន៍ទៀតថា៖ ‹ខ្ញុំនឹងធ្វើឲ្យមានអន្តរាយក្នុងក្រុមគ្រួសាររបស់អ្នក។+ នៅចំពោះមុខអ្នក ខ្ញុំនឹងយកប្រពន្ធទាំងប៉ុន្មានរបស់អ្នកឲ្យទៅបុរសម្នាក់ទៀត+ ហើយបុរសនោះនឹងរួមដំណេកជាមួយនឹងប្រពន្ធទាំងនោះរបស់អ្នកដោយគ្មានលាក់លៀម។+ ១២ ទោះជាអ្នកប្រព្រឹត្តការនោះដោយលាក់បាំង+មិនឲ្យអ្នកឯទៀតដឹងក៏ដោយ តែខ្ញុំនឹងធ្វើឲ្យការនោះកើតឡើងនៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងអស់ ហើយពួកគេនឹងដឹងអំពីការនោះ›»។
១៣ រួចដាវីឌនិយាយទៅណាថាន់ថា៖ «ខ្ញុំបានធ្វើខុសចំពោះព្រះយេហូវ៉ាហើយ»។+ ណាថាន់និយាយតបថា៖ «ព្រះយេហូវ៉ាអភ័យទោសឲ្យអ្នក។+ អ្នកនឹងមិនស្លាប់ទេ។+ ១៤ ក៏ប៉ុន្តែ ដោយសារអ្នកបានប្រព្រឹត្តដោយគ្មានការគោរពទាល់តែសោះចំពោះព្រះយេហូវ៉ា នោះកូនប្រុសរបស់អ្នកដែលទើបតែកើត នឹងត្រូវស្លាប់ជាមិនខាន»។
១៥ បន្ទាប់មក ណាថាន់ត្រឡប់ទៅលំនៅរបស់គាត់វិញ។
ព្រះយេហូវ៉ាធ្វើឲ្យកូនរបស់ដាវីឌមានជំងឺ គឺកូនដែលកើតពីប្រពន្ធអ៊ូរី។ ១៦ ដាវីឌបានអធិដ្ឋានអង្វរព្រះពិតឲ្យកូនរបស់គាត់។ គាត់បានតមអាហារដោយមិនបរិភោគអ្វីសោះ ហើយនៅពេលយប់ គាត់ចូលក្នុងបន្ទប់សម្រាន្តនៅដី។+ ១៧ កាលដែលពួកបុរសចាស់ទុំក្នុងវិមានរបស់ដាវីឌឃើញដូច្នោះ ពួកគេបានទៅជិតគាត់ ហើយព្យាយាមអង្វរគាត់ឲ្យក្រោកពីដី តែគាត់មិនព្រមក្រោកទេ ហើយក៏មិនព្រមបរិភោគអាហារជាមួយនឹងពួកគេដែរ។ ១៨ នៅថ្ងៃទី៧ កូននោះបានស្លាប់ តែពួកអ្នកបម្រើដាវីឌមិនហ៊ានប្រាប់គាត់ទេ។ ពួកគេនិយាយគ្នាថា៖ «កាលដែលកូននោះនៅរស់ យើងបាននិយាយជាមួយនឹងគាត់ តែគាត់មិនស្ដាប់យើងទេ។ ឥឡូវកូននោះស្លាប់ហើយ យើងមិនអាចប្រាប់គាត់បានឡើយ។ បើគាត់ដឹង គាត់ប្រាកដជាធ្វើបាបខ្លួនជាមិនខាន»។
១៩ ពេលដាវីឌឃើញពួកអ្នកបម្រើកំពុងនិយាយគ្នាខ្សឹបៗ នោះគាត់ដឹងថាកូនគាត់ស្លាប់ហើយ។ ដាវីឌសួរពួកអ្នកបម្រើថា៖ «កូនខ្ញុំស្លាប់ហើយ មែនទេ?»។ ពួកគេឆ្លើយថា៖ «កូននោះស្លាប់ហើយ»។ ២០ ដូច្នេះ ដាវីឌក្រោកពីដី ទៅងូតទឹកជម្រះកាយ លាបប្រេង+ ហើយផ្លាស់សម្លៀកបំពាក់។ រួចមក គាត់ចេញទៅត្រសាលរបស់ព្រះយេហូវ៉ា+ដើម្បីលំឱនកាយគោរពលោក។ បន្ទាប់មក ដាវីឌត្រឡប់ទៅវិមានរបស់គាត់វិញ ហើយឲ្យអ្នកបម្រើយកអាហារមកឲ្យគាត់បរិភោគ។ ២១ ពួកអ្នកបម្រើសួរដាវីឌថា៖ «ហេតុអ្វីបានជាលោកធ្វើបែបនេះ? កាលដែលកូននោះនៅរស់ លោកតមអាហារ ហើយសោកសង្រេង។ ប៉ុន្តែ កាលដែលកូននោះស្លាប់ភ្លាម លោកក្រោកឡើង ហើយពិសាអាហារវិញ»។ ២២ ដាវីឌក៏តបថា៖ «ពេលកូននៅរស់ ខ្ញុំតមអាហារ+ ហើយសោកសង្រេង ព្រោះខ្ញុំគិតថា‹ប្រហែលជាព្រះយេហូវ៉ានឹងមេត្តាដល់ខ្ញុំ ហើយទុកជីវិតឲ្យកូនខ្ញុំ›។+ ២៣ ឥឡូវកូនខ្ញុំស្លាប់ហើយ តើខ្ញុំតមអាហារមានប្រយោជន៍អ្វី? ខ្ញុំមិនអាចជួយកូនឲ្យរស់ឡើងវិញបានទេ។+ កូននឹងមិនត្រឡប់មកជួបខ្ញុំឡើយ+ មានតែខ្ញុំទេដែលនឹងស្លាប់ទៅជាមួយនឹងកូន»។+
២៤ បន្ទាប់មក ដាវីឌទៅសម្រាលទុក្ខនាងបាតសេបាដែលជាប្រពន្ធ។+ គាត់បានរួមដំណេកជាមួយនឹងនាង។ ក្រោយមក នាងកើតបានកូនប្រុសមួយទៀត ឈ្មោះថាសាឡូម៉ូន។*+ ព្រះយេហូវ៉ាស្រឡាញ់កូននោះ។+ ២៥ ព្រះមានប្រសាសន៍ទៅណាថាន់+ជាអ្នកប្រកាសទំនាយ ឲ្យទៅដាក់ឈ្មោះកូននោះថាយេដាយឌា ដោយសារព្រះយេហូវ៉ាស្រឡាញ់គាត់។
២៦ រីឯយ៉ូអាប់វិញ គាត់បន្តច្បាំងនឹងក្រុងរ៉ាបា+របស់ពួកអាំម៉ូន+ ហើយគាត់វាយយកបានរាជធានីរបស់ពួកគេ។+ ២៧ ដូច្នេះ យ៉ូអាប់ចាត់អ្នកនាំសារឲ្យទៅប្រាប់ដាវីឌថា៖ «ខ្ញុំបានច្បាំងនឹងក្រុងរ៉ាបា+ ហើយដណ្ដើមយកបានកន្លែងធនធានទឹករបស់ក្រុងនោះ។* ២៨ ឥឡូវ សូមស្ដេចប្រមូលទាហានដែលនៅសល់មកច្បាំង ហើយដណ្ដើមយកក្រុងនោះចុះ។ បើមិនដូច្នេះទេ ខ្ញុំត្រូវច្បាំងយកក្រុងនោះ ហើយអ្នកឯទៀតនឹងសរសើរខ្ញុំ»។
២៩ ម្ល៉ោះហើយ ដាវីឌប្រមូលទាហានទាំងអស់ ហើយធ្វើដំណើរទៅក្រុងរ៉ាបា រួចច្បាំងដណ្ដើមបានក្រុងនោះ។ ៣០ បន្ទាប់មក ដាវីឌបានដោះមកុដមាសពីក្បាលរបស់ម៉ាលខាម។* មកុដនោះមានទម្ងន់មាសមួយថាលិន* ហើយមានដាំត្បូងថ្លៃវិសេសជាច្រើនផង។ មកុដនោះបានត្រូវបំពាក់លើក្បាលដាវីឌ។ ដាវីឌក៏បានរឹបអូសជ័យភណ្ឌយ៉ាងសន្ធឹកសន្ធាប់+ពីក្រុងនោះដែរ។+ ៣១ មិនត្រឹមតែប៉ុណ្ណោះ ដាវីឌបានកែនបណ្ដាជនក្នុងក្រុងនោះឲ្យមកអារថ្ម ធ្វើឥដ្ឋ ហើយឲ្យធ្វើកិច្ចការផ្សេងទៀតដោយប្រើពូថៅនិងឧបករណ៍ផ្សេងៗដែលមានមុខមុត។ ដាវីឌក៏បានបញ្ជាពួកអ្នកក្រុងទាំងប៉ុន្មានទៀតរបស់ពួកអាំម៉ូន ឲ្យធ្វើការយ៉ាងដូច្នោះដែរ។ ក្រោយមក ដាវីឌនិងកងទ័ពទាំងអស់ត្រឡប់ទៅក្រុងយេរូសាឡិមវិញ។