ប្រវត្តិហេតុទី២
១៩ ក្រោយមក យេហូសាផាតជាស្ដេចស្រុកយូដាបានត្រឡប់+ទៅវិមានរបស់គាត់នៅក្រុងយេរូសាឡិមវិញដោយសុវត្ថិភាព។ ២ គ្រានោះ យេហ៊ូ+ជាកូនហាណាណៃ+ជាអ្នកដែលបានទទួលការបើកបង្ហាញពីព្រះ បានទៅជួបស្ដេចយេហូសាផាត ហើយប្រាប់គាត់ថា៖ «តើជាការត្រឹមត្រូវទេដែលលោកទៅជួយមនុស្សអាក្រក់+ ហើយស្រឡាញ់អ្នកដែលស្អប់ព្រះយេហូវ៉ា?+ ការនេះបណ្ដាលឲ្យព្រះយេហូវ៉ាខឹងនឹងលោកជាខ្លាំង។ ៣ ទោះជាយ៉ាងនោះក៏ដោយ ព្រះបានឃើញសេចក្ដីល្អខ្លះនៅក្នុងលោក+ ព្រោះលោកបានបំបាត់ចោលបង្គោលឈើពិសិដ្ឋ*ចេញអស់ពីក្នុងស្រុក ហើយលោកបានតាំងចិត្តស្វែងរកព្រះពិត»។+
៤ យេហូសាផាតបានបន្តស្នាក់នៅក្នុងក្រុងយេរូសាឡិម។ នៅថ្ងៃមួយ គាត់បានធ្វើដំណើរទៅជួបបណ្ដាជនចាប់ពីបៀរសេបារហូតដល់តំបន់ភ្នំអេប្រាអ៊ីម+ ដើម្បីនាំពួកគេឲ្យត្រឡប់មករកព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេវិញ។+ ៥ គាត់ក៏បានតែងតាំងអ្នកសម្រេចក្ដីនៅក្រុងដ៏រឹងមាំទាំងប៉ុន្មានក្នុងស្រុកយូដា។+ ៦ គាត់ក៏ប្រាប់ទៅពួកអ្នកសម្រេចក្ដីទាំងនោះថា៖ «ចូរអ្នករាល់គ្នាវិនិច្ឆ័យក្ដីដោយប្រុងប្រយ័ត្ន ព្រោះព្រះយេហូវ៉ានៅជាមួយនឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នាមិនមែនវិនិច្ឆ័យតាងនាមមនុស្សណាម្នាក់ទេ តែតាងនាមព្រះវិញ។+ ៧ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាកោតខ្លាចព្រះយេហូវ៉ា។+ ចូរប្រយ័ត្នចំពោះការប្រព្រឹត្តរបស់អ្នករាល់គ្នា ព្រោះព្រះយេហូវ៉ាជាព្រះរបស់យើង លោកប្រព្រឹត្តដោយយុត្តិធម៌+ មិនលម្អៀង+ ហើយមិនទទួលសំណូកទេ»។+
៨ នៅក្រុងយេរូសាឡិម យេហូសាផាតតែងតាំងពួកសង្ឃនិងពួកលេវីមួយចំនួន ព្រមទាំងពួកប្រមុខលើវង្សត្រកូលនៃជនជាតិអ៊ីស្រាអែល ឲ្យធ្វើជាអ្នកសម្រេចក្ដីតាងនាមព្រះយេហូវ៉ា និងវិនិច្ឆ័យក្ដីឲ្យបណ្ដាជនក្នុងក្រុង។+ ៩ គាត់បានបង្គាប់ពួកគេថា៖ «ចូរអ្នករាល់គ្នាប្រព្រឹត្តដោយគោរពកោតខ្លាចព្រះយេហូវ៉ា ដោយចិត្តស្មោះត្រង់និងអស់ពីចិត្ត។ ១០ ពេលណាបងប្អូនរបស់អ្នករាល់គ្នាដែលរស់នៅក្រុងនានា យករឿងក្ដីដែលទាក់ទងនឹងឃាតកម្ម+ ឬជម្លោះស្ដីអំពីច្បាប់ បញ្ញត្តិ ក្រឹត្យវិន័យ ឬការវិនិច្ឆ័យណាមួយ អ្នករាល់គ្នាត្រូវព្រមានពួកគេកុំឲ្យប្រព្រឹត្តខុសចំពោះព្រះយេហូវ៉ា។ បើពុំនោះទេ លោកនឹងខឹងអ្នករាល់គ្នានិងពួកគេដែរ។ នេះជាអ្វីដែលអ្នករាល់គ្នាត្រូវធ្វើ ដើម្បីកុំឲ្យមានទោស។ ១១ ឯអាម៉ារៀជាសង្ឃនាយក គាត់ទទួលខុសត្រូវលើរឿងរ៉ាវដែលទាក់ទងនឹងព្រះយេហូវ៉ា។+ សេបបាឌាដែលជាកូនអ៊ីសម៉ាអែល គាត់ជាមេដឹកនាំម្នាក់លើពូជពង្សយូដា ហើយទទួលខុសត្រូវលើរឿងរ៉ាវដែលទាក់ទងនឹងស្ដេច។ ចំណែកពួកលេវីវិញ ពួកគេបំពេញមុខងារជាមន្ត្រី។ ដូច្នេះ ចូរបំពេញភារកិច្ចដោយចិត្តក្លាហានចុះ។ សូមឲ្យព្រះយេហូវ៉ានៅជាមួយនឹងអស់អ្នកដែលប្រព្រឹត្តត្រឹមត្រូវ»។+