សៀវភៅសាំយូអែលទី១
១៩ លុះក្រោយមក សុលបាននិយាយទៅយ៉ូណាថានជាកូនរបស់គាត់ និងអ្នកបម្រើទាំងអស់ថាគាត់ចង់សម្លាប់ដាវីឌ។+ ២ ដោយសារយ៉ូណាថានស្រឡាញ់ពេញចិត្តដាវីឌខ្លាំងណាស់+ បានជាគាត់ប្រាប់ដាវីឌថា៖ «សុលឪពុករបស់ខ្ញុំ គាត់ចង់សម្លាប់អ្នក។ ដូច្នេះពេលព្រឹកស្អែក សូមអ្នកប្រយ័ត្នខ្លួន ហើយទៅពួននៅកន្លែងមួយ។ ៣ ខ្ញុំនឹងចេញទៅឈរក្បែរឪពុកខ្ញុំនៅដីវាលត្រង់កន្លែងដែលអ្នកលាក់ខ្លួន។ ខ្ញុំនឹងប្រាប់ឪពុកអំពីអ្នក ហើយបើខ្ញុំដឹងរឿងអ្វីថែមទៀត ខ្ញុំមុខជាប្រាប់អ្នកមិនខាន»។+
៤ ដូច្នេះ យ៉ូណាថាននិយាយល្អអំពីដាវីឌ+ប្រាប់សុលជាឪពុកថា៖ «លោកឪពុកមិនគួរធ្វើអាក្រក់ចំពោះដាវីឌជាអ្នកបម្រើលោកឪពុកឡើយ ព្រោះគាត់មិនបានធ្វើអាក្រក់ចំពោះលោកឪពុកទេ។ អ្វីដែលគាត់បានធ្វើសុទ្ធតែជាប្រយោជន៍ដល់លោកឪពុក។ ៥ គាត់បានប្រថុយជីវិតទៅសម្លាប់ជនជាតិភីលីស្ទីនម្នាក់នោះ។+ ដូច្នេះ ព្រះយេហូវ៉ាបានជួយជនជាតិអ៊ីស្រាអែលទាំងអស់ឲ្យទទួលជ័យជម្នះដ៏ធំធេង។ លោកឪពុកក៏ឃើញ ហើយក៏ត្រេកអរយ៉ាងខ្លាំងដែរ។ ដាវីឌមិនបានធ្វើអ្វីខុសទេ ចុះហេតុអ្វីបានជាលោកឪពុកប៉ុនប៉ងសម្លាប់គាត់?»។+ ៦ សុលស្ដាប់អ្វីដែលយ៉ូណាថាននិយាយ ហើយសុលស្បថថា៖ «ពុកសូមស្បថចំពោះព្រះយេហូវ៉ាជាព្រះដ៏មានជីវិតរស់នៅថា ពុកនឹងមិនសម្លាប់ដាវីឌទេ»។ ៧ បន្ទាប់មក យ៉ូណាថានហៅដាវីឌមកប្រាប់រឿងទាំងអស់នោះ ហើយនាំដាវីឌទៅឯសុល។ រួចមក ដាវីឌនៅបម្រើសុលដូចពីមុន។+
៨ ក្រោយមក សង្គ្រាមរវាងជនជាតិអ៊ីស្រាអែលនិងជនជាតិភីលីស្ទីន បានផ្ទុះឡើងម្ដងទៀត។ ដូច្នេះ ដាវីឌចេញទៅប្រយុទ្ធនឹងពួកភីលីស្ទីន ហើយបានសម្លាប់ពួកគេយ៉ាងរង្គាល។ ឯពួកអ្នកដែលនៅសល់បានរត់បាក់ទ័ព។
៩ នៅថ្ងៃមួយ ព្រះយេហូវ៉ាបានទុកឲ្យសុលជ្រួលច្របល់ក្នុងចិត្ត+ កាលដែលសុលកាន់លំពែងអង្គុយនៅក្នុងវិមាន ហើយដាវីឌកំពុងដេញពិណ។+ ១០ រំពេចនោះ សុលពួយលំពែងក្នុងបំណងទម្លុះដាវីឌឲ្យជាប់នឹងជញ្ជាំង តែដាវីឌគេចផុត ហើយលំពែងក៏ដោតជាប់នឹងជញ្ជាំង។ ដូច្នេះ ដាវីឌរត់គេចខ្លួននៅយប់នោះឯង។ ១១ ក្រោយមក សុលចាត់ពួកបុរសឲ្យទៅផ្ទះរបស់ដាវីឌ ដើម្បីឃ្លាំចាំសម្លាប់គាត់នៅពេលព្រឹក។+ ប៉ុន្តែ មីកាលដែលជាប្រពន្ធប្រាប់គាត់ថា៖ «បើអ្នកមិនគេចខ្លួននៅយប់នេះទេ ព្រឹកស្អែកអ្នកច្បាស់ជាស្លាប់មិនខាន»។ ១២ ដូច្នេះ មីកាលប្រញាប់ឲ្យដាវីឌចុះតាមបង្អួច យ៉ាងនេះគាត់អាចរត់គេចខ្លួនបាន។ ១៣ មីកាលបានយករូបព្រះ*មកដាក់នៅលើគ្រែ រួចដាក់ក្រណាត់រោមពពែនៅក្បាលដំណេករបស់ដាវីឌ ហើយយកសម្លៀកបំពាក់មកដណ្ដប់ពីលើរូបនោះ។
១៤ សុលបានចាត់ពួកបុរសឲ្យទៅនាំដាវីឌមក តែពេលទៅដល់ផ្ទះគាត់ មីកាលប្រាប់ថា៖ «គាត់ឈឺ»។ ១៥ ទោះជាយ៉ាងណាក៏ដោយ សុលចាត់ពួកបុរសឲ្យទៅជួបដាវីឌម្ដងទៀត ដោយប្រាប់ពួកគេថា៖ «ចូរទៅសែងគាត់ទាំងគ្រែ មកឲ្យខ្ញុំសម្លាប់ចោល»។+ ១៦ ពេលពួកបុរសចូលទៅរកដាវីឌ ពួកគេឃើញរូបព្រះ*នៅលើគ្រែនិងក្រណាត់រោមពពែនៅក្បាលដំណេករបស់គាត់។ ១៧ សុលសួរមីកាលថា៖ «ហេតុអ្វីបានជាកូនបញ្ឆោតពុក ហើយជួយសត្រូវពុក+ឲ្យគេចខ្លួនដូច្នេះ?»។ មីកាលឆ្លើយទៅសុលថា៖ «គាត់គំរាមខ្ញុំថា បើខ្ញុំមិនឲ្យគាត់ទៅទេ គាត់នឹងសម្លាប់ខ្ញុំ!»។
១៨ ចំណែកឯដាវីឌ គាត់បានរត់គេចខ្លួន ហើយទៅជួបសាំយូអែលនៅក្រុងរ៉ាម៉ា។+ គាត់រៀបរាប់ប្រាប់សាំយូអែលគ្រប់រឿងដែលសុលបានធ្វើមកលើគាត់។ រួចមក គាត់និងសាំយូអែលបានធ្វើដំណើរទៅស្នាក់នៅណាយ៉ូត។+ ១៩ ក្រោយមក មានគេប្រាប់សុលថា៖ «មើល! ដាវីឌនៅណាយ៉ូតក្រុងរ៉ាម៉ា»។ ២០ សុលក៏ប្រញាប់ចាត់ពួកបុរសរបស់គាត់ឲ្យទៅចាប់ដាវីឌ។ ពេលពួកបុរសទៅដល់ ក៏ឃើញអ្នកប្រកាសទំនាយវ័យចាស់ខ្លះកំពុងប្រកាសទំនាយ* ហើយឃើញសាំយូអែលកំពុងឈរនាំមុខពួកគេ។ ពេលនោះ ឫទ្ធានុភាពរបស់ព្រះមានឥទ្ធិពលទៅលើពួកបុរសដែលសុលបានចាត់ឲ្យទៅ ហើយពួកគេក៏ចាប់ផ្ដើមប្រព្រឹត្តដូចអ្នកប្រកាសទំនាយដែរ។
២១ ពេលសុលបានទទួលដំណឹងនោះ គាត់ប្រញាប់ចាត់ពួកបុរសផ្សេងទៀតឲ្យទៅ តែពួកគេក៏ចាប់ផ្ដើមប្រព្រឹត្តដូចអ្នកប្រកាសទំនាយដែរ។ ម្ល៉ោះហើយ សុលចាត់ពួកបុរសខ្លះទៀតឲ្យទៅជាលើកទី៣ តែពួកគេក៏ចាប់ផ្ដើមប្រព្រឹត្តដូចអ្នកប្រកាសទំនាយដែរ។ ២២ នៅទីបំផុត សុលក៏ចេញទៅក្រុងរ៉ាម៉ាដោយផ្ទាល់។ ពេលគាត់ទៅដល់អណ្ដូងធំមួយនៅសេគូ គាត់សួរគេថា៖ «តើសាំយូអែលនិងដាវីឌនៅឯណា?»។ គេឆ្លើយថា៖ «នៅណាយ៉ូត+ក្រុងរ៉ាម៉ា»។ ២៣ កាលដែលសុលធ្វើដំណើរទៅណាយ៉ូតក្រុងរ៉ាម៉ា ឫទ្ធានុភាពរបស់ព្រះក៏មានឥទ្ធិពលទៅលើគាត់ផងដែរ។ ដូច្នេះ គាត់ធ្វើដំណើរបណ្ដើរ ប្រព្រឹត្តដូចអ្នកប្រកាសទំនាយបណ្ដើរ រហូតដល់ណាយ៉ូតក្រុងរ៉ាម៉ា។ ២៤ បន្ថែមទៀត សុលបានដោះសម្លៀកបំពាក់ចេញ ហើយប្រព្រឹត្តដូចអ្នកប្រកាសទំនាយនៅចំពោះមុខសាំយូអែល។ សុលដេកទាំងខ្លួនអាក្រាតនៅទីនោះ* ពេញមួយថ្ងៃមួយយប់នោះ។ ហេតុនេះបានជាពួកគេនិយាយថា៖ «តើសុលជាអ្នកប្រកាសទំនាយដែរឬ?»។+