សកម្មភាពរបស់ពួកសាវ័ក
១២ នៅគ្រានោះ ស្ដេច*ហេរ៉ូឌចាប់ផ្ដើមបៀតបៀនអ្នកខ្លះក្នុងក្រុមជំនុំ។+ ២ គាត់សម្លាប់យ៉ាកុបជាបងប្រុសរបស់យ៉ូហាន+ដោយដាវ។+ ៣ កាលដែលគាត់ឃើញថាជនជាតិយូដាពេញចិត្តការនោះ គាត់ក៏ចាប់ខ្លួនពេត្រុសដែរ (នោះជាអំឡុងពេលបុណ្យនំប៉័ងឥតដំបែ)។+ ៤ លុះចាប់ពេត្រុសហើយ ហេរ៉ូឌដាក់គាត់ក្នុងគុក+ ព្រមទាំងបង្គាប់ឲ្យទាហានបួនក្រុមចាំយាមគាត់ ដោយក្នុងក្រុមនីមួយៗមានទាហានបួននាក់។ ហេរ៉ូឌធ្វើដូច្នេះដោយសារមានបំណងនាំពេត្រុសមក*នៅមុខបណ្ដាជនបន្ទាប់ពីបុណ្យរំលង។ ៥ ដូច្នេះ ពេត្រុសត្រូវគេឃុំទុកក្នុងគុក តែក្រុមជំនុំបានអធិដ្ឋានអង្វរព្រះយ៉ាងអស់ពីចិត្តដើម្បីគាត់។+
៦ ប៉ុន្តែនៅយប់ មុនពេលដែលហេរ៉ូឌបម្រុងនឹងនាំពេត្រុសចេញមកបង្ហាញគេ ពេត្រុសកំពុងដេកនៅកណ្ដាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយក៏មានគេចាំយាមនៅទ្វារគុកដែរ។ ៧ ប៉ុន្តែមើល! ទេវតារបស់ព្រះយេហូវ៉ា*ឈរនៅក្បែរគាត់+ ហើយមានពន្លឺភ្លឺមកក្នុងបន្ទប់គុកនោះ។ ទេវតានោះទះចំហៀងខ្លួនពេត្រុស ហើយដាស់គាត់ ដោយនិយាយថា៖ «ក្រោកឡើងជាប្រញាប់!»។ រួចច្រវាក់បានរបូតចេញពីដៃគាត់។+ ៨ ទេវតានោះនិយាយទៅគាត់ថា៖ «ចូររៀបចំខ្លួន ហើយពាក់ស្បែកជើង»។ គាត់ក៏ធ្វើដូច្នោះ។ បន្ទាប់មក ទេវតាប្រាប់ថា៖ «ចូរពាក់សម្លៀកបំពាក់ក្រៅ ហើយតាមខ្ញុំឲ្យជាប់»។ ៩ គាត់ក៏ចេញទៅ ហើយតាមទេវតានោះជាប់ តែគាត់មិនបានដឹងថាអ្វីដែលកំពុងកើតឡើងតាមរយៈទេវតានោះជាការពិតឡើយ។ គាត់គិតស្មានថានោះជាអ្វីដែលកំពុងត្រូវបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិតប៉ុណ្ណោះ។ ១០ ពួកគាត់ដើរកាត់កងយាមទី១ រួចកាត់កងយាមទី២ ទៅដល់ទ្វារដែកចូលក្រុង ហើយទ្វារនោះក៏របើកឯងនៅមុខពួកគាត់។ លុះបានចេញទៅដល់ខាងក្រៅ ពួកគាត់ចុះទៅតាមផ្លូវមួយ ស្រាប់តែទេវតានោះបានចាកចេញពីគាត់ភ្លាម។ ១១ ពេលនោះពេត្រុសក៏ដឹងអ្វីដែលបានកើតឡើង ហើយនិយាយថា៖ «ឥឡូវខ្ញុំដឹងច្បាស់ថា ព្រះយេហូវ៉ា*បានចាត់ទេវតារបស់លោកឲ្យមក ហើយបានសង្គ្រោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃហេរ៉ូឌ និងពីការទាំងអស់ដែលជនជាតិយូដាបានសង្ឃឹមថានឹងកើតឡើងដល់ខ្ញុំ»។+
១២ ក្រោយពីពេត្រុសបានដឹងអំពីការនោះ គាត់ក៏ទៅផ្ទះម៉ារៀ ជាម្ដាយយ៉ូហានដែលហៅថាម៉ាកុស។+ នៅទីនោះ ពួកអ្នកកាន់តាមជាច្រើននាក់បានជួបជុំគ្នា ហើយកំពុងអធិដ្ឋាន។ ១៣ នៅពេលដែលពេត្រុសគោះទ្វាររបង ស្ត្រីអ្នកបម្រើម្នាក់ឈ្មោះរ៉ូដាបានចេញមកសួរ។ ១៤ លុះស្គាល់ថាសំឡេងនោះជាសំឡេងពេត្រុស នាងត្រេកអរពន់ពេក តែមិនបានបើកទ្វាររបងទេ។ ប៉ុន្តែ នាងបានរត់ចូលក្នុងផ្ទះវិញ ហើយប្រាប់ពួកគាត់ថា ពេត្រុសកំពុងឈរនៅមាត់ទ្វាររបង។ ១៥ ពួកគាត់និយាយទៅនាងថា៖ «នាងវង្វេងហើយ»។ ប៉ុន្តែ នាងនៅតែថាពេត្រុសបានមកមែន។ ពួកគាត់ចាប់ផ្ដើមនិយាយថា៖ «គឺជាទេវតារបស់គាត់ទេ»។ ១៦ ប៉ុន្តែ ពេត្រុសមិនបានចេញទៅណាឡើយ គាត់នៅតែគោះទ្វារ។ ពេលពួកគាត់ទៅបើកទ្វារឃើញពេត្រុស នោះពួកគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ១៧ ប៉ុន្តែ ពេត្រុសលើកដៃធ្វើសញ្ញាឲ្យពួកគាត់នៅស្ងៀម រួចបានរៀបរាប់ប្រាប់ពួកគាត់យ៉ាងល្អិតល្អន់អំពីរបៀបដែលព្រះយេហូវ៉ា*នាំគាត់ចេញពីគុក ក៏បានប្រាប់ថា៖ «ចូរទៅរាយការណ៍ប្រាប់យ៉ាកុប+និងបងប្អូនអំពីការទាំងនេះ»។ ពេលនិយាយចប់ គាត់ក៏ចេញដំណើរទៅកន្លែងមួយផ្សេងទៀត។
១៨ លុះភ្លឺឡើង ពួកទាហានក៏កើតវឹកវរជាខ្លាំងដោយឆ្ងល់អំពីអ្វីដែលកើតឡើងដល់ពេត្រុស។ ១៩ ហេរ៉ូឌខំស្វះស្វែងរកគាត់ តែរកមិនឃើញទេ។ ដូច្នេះ គាត់សួរចម្លើយពួកអ្នកយាម រួចបង្គាប់ឲ្យនាំពួកគេទៅដាក់ទោស។+ បន្ទាប់មក ហេរ៉ូឌចុះពីតំបន់យូឌាទៅក្រុងសេសារៀ ហើយគាត់នៅទីនោះអស់មួយរយៈពេល។
២០ ស្ដេចហេរ៉ូឌមួម៉ៅក្ដៅចិត្តនឹងពួកអ្នកក្រុងទីរ៉ុសនិងក្រុងស៊ីដូន។ ដូច្នេះ ពួកអ្នកក្រុងទាំងនោះព្រមព្រៀងគ្នាមកជួបគាត់។ ក្រោយពីពួកគេបានបញ្ចុះបញ្ចូលប្លាស្ទុស ដែលជាអ្នកមើលការខុសត្រូវលើពួកអ្នកផ្ទះរបស់ស្ដេច នោះពួកគេក៏សុំផ្សះផ្សាជាមួយនឹងស្ដេចហេរ៉ូឌ ពីព្រោះស្រុករបស់ពួកគេទទួលស្បៀងអាហារពីស្រុករបស់ស្ដេចនោះ។ ២១ នៅថ្ងៃកំណត់ ហេរ៉ូឌបានស្លៀកពាក់សម្លៀកបំពាក់ស្ដេច ហើយអង្គុយនៅកន្លែងវិនិច្ឆ័យក្ដី រួចចាប់ផ្ដើមថ្លែងសុន្ទរកថាសាធារណៈឲ្យពួកគេស្ដាប់។ ២២ ក្រោយមក បណ្ដាជនដែលបានជួបជុំគ្នានៅទីនោះ ចាប់ផ្ដើមស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះមួយ មិនមែនជាសំឡេងរបស់មនុស្សទេ!»។ ២៣ រំពេចនោះ ទេវតារបស់ព្រះយេហូវ៉ា*បានធ្វើឲ្យគាត់មានជំងឺ ពីព្រោះគាត់មិនបានផ្ដល់កិត្តិយសជូនព្រះទេ។ រួចខ្លួនប្រាណគាត់ក៏ពេញដោយដង្កូវចោះ ហើយដាច់ខ្យល់ស្លាប់ទៅ។
២៤ ប៉ុន្តែ បណ្ដាំរបស់ព្រះយេហូវ៉ា*បានដុះដាល និងចម្រើនកាន់តែច្រើនឡើង។+
២៥ ចំណែកបាណាបាស+និងសុលវិញ បន្ទាប់ពីពួកគាត់បានចាត់ចែងការផ្ដល់ជំនួយនៅក្រុងយេរូសាឡិមរួចរាល់អស់ហើយ+ នោះពួកគាត់ត្រឡប់មកវិញ ទាំងយកយ៉ូហាន+ដែលហៅថាម៉ាកុសមកជាមួយដែរ។