សៀវភៅសាំយូអែលទី១
៣ នៅពេលនោះដែរ កុមារសាំយូអែលកំពុងបម្រើ+ព្រះយេហូវ៉ាក្រោមការណែនាំរបស់អេលី។ នៅគ្រានោះ កម្រណាស់ដែលមនុស្សបានឮប្រសាសន៍របស់ព្រះយេហូវ៉ា ហើយពួកគេមិនសូវទទួលការបើកបង្ហាញ*+ពីលោកទេ។
២ អេលីមើលអ្វីសឹងតែមិនឃើញ ភ្នែករបស់គាត់ចាប់ផ្ដើមងងឹតហើយ។ នាថ្ងៃមួយ អេលីកំពុងសម្រាន្តនៅក្នុងបន្ទប់របស់គាត់។+ ៣ ពេលនោះចង្កៀងក្នុងវិហារ*របស់ព្រះ+ មិនទាន់ពន្លត់នៅឡើយ។ សាំយូអែលកំពុងគេងនៅក្នុងវិហារ+របស់ព្រះយេហូវ៉ា ជាកន្លែងដែលមានហឹបនៃព្រះ។ ៤ រួចមក ព្រះយេហូវ៉ាបានហៅសាំយូអែល។ គាត់ក៏ឆ្លើយថា៖ «បាទលោកម្ចាស់!»។ ៥ គាត់រត់ទៅជួបអេលី ហើយនិយាយថា៖ «លោកម្ចាស់ លោកបានហៅខ្ញុំមែនទេ?»។ ប៉ុន្តែ អេលីឆ្លើយថា៖ «ខ្ញុំមិនបានហៅកូនទេ។ ទៅគេងវិញទៅកូន»។ ដូច្នេះ សាំយូអែលក៏ទៅគេងវិញ។ ៦ ព្រះយេហូវ៉ាហៅសាំយូអែលម្ដងទៀតថា៖ «សាំយូអែល!»។ សាំយូអែលក៏ក្រោកឡើងទៅជួបអេលី ហើយនិយាយថា៖ «បាទលោកម្ចាស់! លោកបានហៅខ្ញុំមែនទេ?»។ ប៉ុន្តែ អេលីពោលថា៖ «កូនអើយ ខ្ញុំមិនបានហៅទេ។ ទៅគេងវិញទៅកូន» ៧ (នៅពេលនោះ សាំយូអែលមិនទាន់ស្គាល់ព្រះយេហូវ៉ាច្បាស់ទេ ហើយព្រះយេហូវ៉ាក៏មិនទាន់ឲ្យគាត់ដឹងអំពីប្រសាសន៍របស់លោកដែរ)។+ ៨ ព្រះយេហូវ៉ាបានហៅសាំយូអែលម្ដងទៀតជាលើកទីបីថា៖ «សាំយូអែល!»។ គាត់ក៏ក្រោកឡើងទៅជួបអេលី ហើយនិយាយថា៖ «បាទលោកម្ចាស់! លោកបានហៅខ្ញុំមែនទេ?»។
ពេលនោះអេលីដឹងថា គឺព្រះយេហូវ៉ាដែលបានហៅសាំយូអែល។ ៩ ម្ល៉ោះហើយ អេលីប្រាប់សាំយូអែលថា៖ «ចូរទៅគេងវិញ ហើយបើឮសំឡេងហៅកូនម្ដងទៀត កូនគួរឆ្លើយថា៖ ‹សូមព្រះយេហូវ៉ាមានប្រសាសន៍មក។ ខ្ញុំដែលជាអ្នកបម្រើលោកកំពុងរង់ចាំស្ដាប់›»។ ពេលអេលីនិយាយចប់ សាំយូអែលក៏ទៅគេងវិញ។
១០ ព្រះយេហូវ៉ាលេចមកឈរនៅទីនោះ ហើយលោកបានហៅសាំយូអែលដូចលើកមុនថា៖ «សាំយូអែល! សាំយូអែល!»។ គាត់ឆ្លើយថា៖ «សូមលោកមានប្រសាសន៍មក។ ខ្ញុំដែលជាអ្នកបម្រើលោកកំពុងរង់ចាំស្ដាប់»។ ១១ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់សាំយូអែលថា៖ «មើល! ខ្ញុំកំពុងធ្វើឲ្យហេតុការណ៍មួយកើតឡើងក្នុងចំណោមជនជាតិអ៊ីស្រាអែល ហើយអ្នកណាដែលឮអំពីហេតុការណ៍នោះ អ្នកនោះនឹងស្រឡាំងកាំង។+ ១២ នៅថ្ងៃនោះ ខ្ញុំនឹងធ្វើតាមពាក្យទាំងអស់ដែលខ្ញុំបាននិយាយអំពីអេលីនិងកូនចៅរបស់គាត់ តាំងពីដើមរហូតដល់ចប់។+ ១៣ អ្នកត្រូវប្រាប់អេលីថា ខ្ញុំនឹងដាក់ទោសកូនចៅរបស់គាត់រហូតតទៅ ព្រោះពួកគេបានប្រមាថមើលងាយខ្ញុំ។+ អេលីដឹងថាកូនប្រុសៗគាត់បានធ្វើខុស+ តែគាត់មិនបានស្ដីបន្ទោសពួកគេទេ។+ ១៤ ហេតុនេះហើយបានជាខ្ញុំស្បថថា គ្មានគ្រឿងបូជាឬជំនូនណាដែលអាចលុបលាងកំហុសរបស់កូនចៅអេលីបានឡើយ»។+
១៥ សាំយូអែលបានគេងទាល់ភ្លឺ រួចមកគាត់ក្រោកឡើងបើកទ្វារវិហាររបស់ព្រះយេហូវ៉ា។ សាំយូអែលមិនហ៊ានប្រាប់អេលីនូវអ្វីដែលព្រះបានបើកបង្ហាញឲ្យគាត់ឃើញក្នុងគំនិតទេ។ ១៦ អេលីបានហៅសាំយូអែលថា៖ «សាំយូអែល កូនអើយ!»។ គាត់ក៏តបថា៖ «បាទលោកម្ចាស់»។ ១៧ អេលីសួរគាត់ថា៖ «តើព្រះបាននិយាយអ្វីជាមួយនឹងកូន? សូមកុំលាក់ពីខ្ញុំឡើយ។ បើកូនមិនប្រាប់ពាក្យទាំងអស់ដល់ខ្ញុំទេ សូមឲ្យព្រះដាក់ទោសកូនឲ្យធ្ងន់ចុះ»។ ១៨ ដូច្នេះ សាំយូអែលបានប្រាប់រឿងទាំងអស់ដល់អេលី ដោយគ្មានលាក់លៀមឡើយ។ អេលីក៏និយាយថា៖ «នេះជាបំណងរបស់ព្រះយេហូវ៉ា។ សូមលោកធ្វើតាមបំណងរបស់លោកចុះ»។
១៩ សាំយូអែលកាន់តែធំឡើង ហើយព្រះយេហូវ៉ានៅជាមួយនឹងគាត់។+ លោកធ្វើឲ្យប្រសាសន៍ទាំងអស់របស់លោកក្លាយទៅជាការពិត។ ២០ ជនជាតិអ៊ីស្រាអែលទាំងអស់តាំងពីក្រុងដាន់រហូតដល់ក្រុងបៀរសេបា បានដឹងថាសាំយូអែលបានត្រូវជ្រើសរើសឲ្យធ្វើជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា។ ២១ ព្រះយេហូវ៉ាបន្តលេចមកនៅក្រុងស៊ីឡូរ ដោយសារព្រះយេហូវ៉ាបើកបង្ហាញឲ្យសាំយូអែលស្គាល់លោកនៅក្រុងនោះ តាមរយៈប្រសាសន៍របស់ព្រះយេហូវ៉ា។+