អេសាយ
៦៦ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«ស្ថានសួគ៌ជាបល្ល័ង្កខ្ញុំ ហើយផែនដីជាកំណល់កល់ជើងខ្ញុំ។+
តើអ្នកអាចសង់វិហារឲ្យខ្ញុំនៅឯណាទៅ?+
តើកន្លែងណាអាចជាទីអាស្រ័យនៅរបស់ខ្ញុំ?»។+
២ «ដៃរបស់ខ្ញុំបានបង្កើតរបស់ទាំងអស់នេះ
ហើយអ្វីៗទាំងអស់បានកើតមានឡើងដោយសារខ្ញុំ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។+
«ខ្ញុំនឹងយកចិត្តទុកដាក់ចំពោះអស់អ្នកដែលមានចិត្តសង្រេង
ជាអស់អ្នកដែលមានចិត្តរាបទាប និងមានចិត្តកោតខ្លាចធ្វើតាមពាក្យរបស់ខ្ញុំ។+
៣ អ្នកដែលសម្លាប់គោ គឺដូចជាអ្នកសម្លាប់មនុស្ស+
ហើយអ្នកដែលជូនចៀមជាគ្រឿងបូជា ក៏ដូចជាអ្នកបំបាក់កឆ្កែដែរ។+
ឯអ្នកដែលយកអំណោយមកជូនជាគ្រឿងបូជា គឺដូចជាអ្នកដែលយកឈាមជ្រូកមកជូន។+
ចំណែកអ្នកដែលដុតគ្រឿងក្រអូបជាគ្រឿងបូជាសម្រាប់ការរំលឹក+ គឺដូចជាអ្នកដែលជូនពរដោយប្រើពាក្យសម្ដីខាងវេទមន្តដែរ។*+
ព្រោះពួកគេបានជ្រើសរើសធ្វើតាមទំនើងចិត្តខ្លួន
ហើយពេញចិត្តនឹងអ្វីដែលគួរឲ្យស្អប់ខ្ពើម។
៤ ដូច្នេះ ខ្ញុំនឹងជ្រើសរើសវិធីផ្សេងៗដើម្បីដាក់ទោសពួកគេ+
ហើយអ្វីដែលពួកគេភ័យខ្លាច ខ្ញុំនឹងធ្វើឲ្យកើតឡើងដល់ពួកគេ
ព្រោះពេលខ្ញុំហៅ គ្មាននរណាឆ្លើយតបទេ
ហើយពេលខ្ញុំនិយាយ ក៏គ្មាននរណាស្ដាប់ដែរ។+
ពួកគេចេះតែធ្វើអ្វីដែលខ្ញុំស្អប់
ហើយតែងតែជ្រើសយកអ្វីដែលខ្ញុំមិនពេញចិត្ត»។+
៥ ឱអ្នកដែលមានចិត្តកោតខ្លាចធ្វើតាមពាក្យរបស់ព្រះយេហូវ៉ាអើយ! សូមស្ដាប់ប្រសាសន៍របស់លោកដែលថា៖
«ឯជនរួមជាតិដែលស្អប់អ្នក ហើយមិនរាប់រកអ្នកដោយសារតែនាមរបស់ខ្ញុំ ពួកគេបាននិយាយថា៖ ‹សូមឲ្យព្រះយេហូវ៉ាទទួលការសរសើរតម្កើង!›។+
ពួកគេនឹងរងការអាម៉ាស់
តែអ្នកវិញ ខ្ញុំនឹងលេចមកជួបអ្នក ហើយធ្វើឲ្យអ្នកមានអំណរ»។+
៦ មើល! មានសំឡេងលាន់ឮរំពងចេញពីក្រុង ជាសំឡេងចេញពីវិហារ!
នោះជាសូរសំឡេងព្រះយេហូវ៉ាកំពុងសងសឹកពួកសត្រូវឲ្យសមនឹងអ្វីដែលពួកគេបានធ្វើ។
៧ ចំពោះក្រុងស៊ីយ៉ូន នាងបានបង្កើតកូន មុនដល់វេលាដែលនាងត្រូវសម្រាល+
គឺនាងសម្រាលបានកូនប្រុសមួយ មុននាងឈឺពោះសម្រាលទៅទៀត។
៨ តើអ្នកណាធ្លាប់ឮរឿងដូចនេះ? តើអ្នកណាធ្លាប់ឃើញរឿងបែបនេះទៅ?
តើស្រុកទេសមួយអាចកើតមកក្នុងរយៈពេលតែមួយថ្ងៃបានឬ?
តើប្រជាជាតិមួយនឹងមានឡើងក្នុងមួយរំពេចឬ?
គឺគ្មានទេ! ប៉ុន្តែ ពេលក្រុងស៊ីយ៉ូនឈឺពោះសម្រាលកូនភ្លាម នាងកើតបានកូនច្រើនតែម្ដង។
៩ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «បើខ្ញុំផ្ដើមឲ្យកើតឡើងហើយ តើខ្ញុំនឹងបញ្ឈប់កុំឲ្យកើតឡើងឬ?
បើម្ដាយម្នាក់ហៀបនឹងសម្រាលកូនមកហើយ តើខ្ញុំនឹងបិទផ្ទៃកុំឲ្យកូនសម្រាលចេញមកឬ?»។
១០ ឱអស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ!+ ចូរអរសប្បាយជាមួយនាង ហើយរីករាយជាមួយនឹងនាងចុះ!+
ឱអស់អ្នកដែលទួញយំចំពោះនាងអើយ! ចូរត្រេកអរក្រៃលែងជាមួយនឹងនាង។
១១ ព្រោះអ្នកនឹងទទួលការថែទាំថ្នាក់ថ្នម និងការបំបៅពីនាងរហូតដល់ឆ្អែត
គឺអ្នកនឹងបានស្កប់ស្កល់និងមានអំណរក្រៃលែងពីភាពរុងរឿងរបស់នាង។
១២ ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«មើល! ខ្ញុំកំពុងធ្វើឲ្យសេចក្ដីសុខសាន្តរបស់នាងប្រៀបដូចជាទន្លេ+
ហើយភាពរុងរឿងរបស់ប្រជាជាតិនានា ដូចជាទឹកជន់ជោរ។+
អ្នកនឹងទទួលការថែទាំបីបម ហើយខ្ញុំនឹងរលាក់អ្នកនៅលើភ្លៅ។
១៣ ដូចម្ដាយតែងសម្រាលទុក្ខកូន នោះខ្ញុំនឹងសម្រាលទុក្ខអ្នកជានិច្ច+
គឺអ្នកនឹងទទួលការសម្រាលទុក្ខស្ដីអំពីក្រុងយេរូសាឡិមយ៉ាងនោះដែរ។+
១៤ អ្នកនឹងឃើញការនេះ ហើយចិត្តអ្នកនឹងរីករាយ
ឆ្អឹងរបស់អ្នកនឹងលូតលាស់ ដូចជាស្មៅខៀវខ្ចីលាស់ឡើង។
នៅពេលនោះ រាស្ត្ររបស់ព្រះយេហូវ៉ានឹងទទួលស្គាល់គ្រប់គ្នាថា លោកមានឫទ្ធានុភាពខ្លាំងក្លា
ឯពួកសត្រូវរបស់លោកវិញ លោកនឹងផ្ដន្ទាទោសពួកគេ»។+
លោកនឹងមកដើម្បីសងសឹកនឹងពួកគេដោយកំហឹងដ៏ខ្លាំងក្រៃលែង
ហើយលោកនឹងដាក់ទោសពួកគេដោយអណ្ដាតភ្លើងសន្ធោសន្ធៅ។+
១៦ ព្រោះព្រះយេហូវ៉ានឹងវិនិច្ឆ័យទោសពួកគេដោយភ្លើង
គឺលោកប្រឆាំងនឹងមនុស្សជាតិដោយដាវរបស់លោក
ហើយពួកអ្នកដែលព្រះយេហូវ៉ាប្រហារនឹងមានចំនួនច្រើនណាស់។
១៧ «ពួកអ្នកដែលញែកខ្លួនជាបរិសុទ្ធនិងជម្រះកាយឲ្យស្អាត ដើម្បីចូលទៅក្នុងសួនច្បារ+តាមបុគ្គលដែលគេតាំងឡើងនៅកណ្ដាលសួន* នឹងមកដល់ទីបញ្ចប់។ ចំណែកពួកអ្នកដែលបរិភោគសាច់ជ្រូក+ សាច់កណ្ដុរ និងអ្វីៗដែលគួរឲ្យស្អប់ខ្ពើម+ ពួកគេក៏នឹងដល់ទីអវសានដែរ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ១៨ «ដោយសារខ្ញុំស្គាល់ការប្រព្រឹត្តនិងគំនិតរបស់ពួកគេ នោះខ្ញុំនឹងប្រមូលមនុស្សពីគ្រប់ជាតិសាសន៍ គ្រប់ភាសា។ ពួកគេនឹងមក ហើយឃើញសិរីរុងរឿងរបស់ខ្ញុំ»។
១៩ «ខ្ញុំនឹងតាំងសញ្ញាសម្គាល់មួយឡើងនៅក្នុងចំណោមពួកគេ ហើយខ្ញុំនឹងចាត់អ្នកខ្លះដែលបានរត់រួចឲ្យទៅប្រជាជាតិនានា គឺទៅតើស៊ីស+ ផូល និងលូត+ ជាតំបន់ដែលមានពួកអ្នកពូកែបាញ់ធ្នូ។ ខ្ញុំនឹងចាត់ពួកគេឲ្យទៅតំបន់ទូបាល តំបន់យ៉ាវ៉ាន+ និងកោះទាំងឡាយដែលនៅឆ្ងាយៗ។ ពួកអ្នកនៅតំបន់ទាំងនោះមិនដែលឮដំណឹងអំពីខ្ញុំឬឃើញសិរីរុងរឿងរបស់ខ្ញុំទេ។ ឯពួកអ្នកដែលខ្ញុំចាត់ឲ្យទៅ ពួកគេនឹងប្រកាសអំពីសិរីរុងរឿងរបស់ខ្ញុំក្នុងចំណោមប្រជាជាតិនានា។+ ២០ ពួកគេនឹងនាំជនរួមជាតិទាំងអស់របស់អ្នកពីចំណោមប្រជាជាតិនានា+ មកជូនជាអំណោយដល់ព្រះយេហូវ៉ា។ ពួកគេនាំមកដោយបញ្ជិះលើខ្នងសេះ ខ្នងលា ខ្នងអូដ្ឋដែលរត់លឿន និងរទេះតូចធំ ធ្វើដំណើរឡើងទៅលើភ្នំបរិសុទ្ធរបស់ខ្ញុំជាយេហូវ៉ានៅក្រុងយេរូសាឡិម គឺដូចពេលដែលប្រជាជាតិអ៊ីស្រាអែលនាំយកអំណោយដែលដាក់ក្នុងភាជនៈស្អាតបរិសុទ្ធទៅជូននៅវិហាររបស់ខ្ញុំដែរ»។ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
២១ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «បន្ថែមទៅទៀត ខ្ញុំនឹងឲ្យអ្នកខ្លះមានភារកិច្ចធ្វើជាសង្ឃនិងបម្រើជាលេវី»។
២២ ព្រះយេហូវ៉ាប្រកាសថា៖ «ព្រោះដូចមេឃថ្មីនិងផែនដីថ្មី+ដែលខ្ញុំកំពុងស្ថាបនា នឹងនៅស្ថិតស្ថេរចំពោះខ្ញុំយ៉ាងណា នោះពូជពង្សនិងកិត្តិនាមរបស់អ្នក ក៏នឹងនៅស្ថិតស្ថេរយ៉ាងនោះដែរ»។+
២៣ «ចាប់ពីថ្ងៃចូលខែថ្មី ទៅដល់ថ្ងៃចូលខែថ្មី ព្រមទាំងពីថ្ងៃឈប់សម្រាកមួយ ទៅដល់ថ្ងៃឈប់សម្រាកមួយ
មនុស្សទាំងឡាយនឹងចូលមកហូរហែដើម្បីគោរពប្រណិប័តន៍ខ្ញុំ»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
២៤ «ពួកគេនឹងចេញទៅមើលសាកសពនៃពួកអ្នកដែលបះបោរប្រឆាំងនឹងខ្ញុំ។
ដង្កូវដែលនៅលើសពពួកគេ នឹងមិនងាប់ទេ
ហើយភ្លើងដែលឆេះពួកគេ ក៏នឹងមិនរលត់ដែរ។+
ពួកគេនឹងទៅជាអ្វីដែលគួរឲ្យខ្ពើមរអើមដល់ប្រជាជាតិទាំងឡាយ»។