យ៉ូហានទី១
១ យើងកំពុងសរសេរមកកាន់អ្នករាល់គ្នា អំពីលោកដែលមាននៅកាលពីដើមដំបូង ជាអ្នកដែលយើងបានឮនិងឃើញដោយផ្ទាល់ភ្នែក ថែមទាំងបានសង្កេតមើល ហើយក៏បានពាល់ដោយដៃយើងផ្ទាល់ផង លោកជាអ្នកនាំពាក្យដែលផ្ដល់ជីវិត+ ២ (ជីវិតនោះបានត្រូវបង្ហាញឲ្យឃើញពិតមែន។ យើងបានឃើញ និងជាសាក្សីអំពីរឿងនេះ+ ហើយកំពុងប្រាប់អ្នករាល់គ្នាអំពីជីវិតដែលគ្មានទីបញ្ចប់+ ដែលបានមកពីបិតានៅស្ថានសួគ៌ និងដែលបានត្រូវបើកបង្ហាញឲ្យយើងឃើញ)។ ៣ យើងកំពុងប្រាប់អ្នករាល់គ្នាអំពីអ្វីដែលយើងបានឃើញនិងឮ ដើម្បីឲ្យអ្នកអាចរួមចំណែកជាមួយនឹងយើងដែរ។+ ដោយធ្វើដូច្នេះ យើងទាំងអស់គ្នាក៏រួមចំណែកជាមួយនឹងលោកយេស៊ូគ្រិស្តនិងបិតារបស់លោក។+ ៤ នេះជាមូលហេតុដែលយើងសរសេររឿងទាំងនេះ ដើម្បីឲ្យអំណររបស់យើងទាំងអស់គ្នាបានពេញលេញ។
៥ នេះជាបណ្ដាំដែលយើងបានឮពីលោកយេស៊ូ ហើយកំពុងប្រកាសប្រាប់អ្នករាល់គ្នាថា ព្រះគឺជាពន្លឺ+ ហើយគ្មានភាពងងឹតនៅក្នុងព្រះឡើយ។ ៦ ប្រសិនបើយើងនិយាយថា«យើងកំពុងរួមចំណែកជាមួយនឹងព្រះ» ប៉ុន្តែយើងនៅតែដើរក្នុងភាពងងឹត នោះមានន័យថាយើងជាអ្នកភូតភរ ហើយក៏មិនប្រព្រឹត្តតាមសេចក្ដីពិតដែរ។+ ៧ ក៏ប៉ុន្តែ ប្រសិនបើយើងដើរក្នុងពន្លឺ ដូចព្រះនៅក្នុងពន្លឺ នោះយើងកំពុងរួមចំណែកជាមួយគ្នាមែន ហើយឈាមរបស់លោកយេស៊ូជាបុត្ររបស់ព្រះ ក៏សម្អាតយើងពីភាពខុសឆ្គងទាំងអស់។+
៨ ប្រសិនបើយើងនិយាយថា«យើងគ្មានភាពខុសឆ្គងទេ» នោះយើងកំពុងបញ្ឆោតខ្លួន+ ឯសេចក្ដីពិតក៏មិននៅក្នុងយើងដែរ។ ៩ ក៏ប៉ុន្តែ បើយើងសារភាពការខុសឆ្គងរបស់យើង នោះព្រះនឹងអភ័យទោសចំពោះការខុសឆ្គងទាំងនោះ ហើយនឹងសម្អាតយើងឲ្យអស់លក្ខណៈមិនសុចរិត ពីព្រោះលោកស្មោះត្រង់និងសុចរិត។+ ១០ ប្រសិនបើយើងនិយាយថា«យើងមិនធ្លាប់ធ្វើខុសទេ» នោះដូចជាយើងចោទថា ព្រះជាអ្នកកុហក ហើយបណ្ដាំរបស់ព្រះមិននៅក្នុងយើងឡើយ។