៦៦
យេសិបិល—មហាក្សត្រីដ៏កំណាច
ក្រោយពីស្តេចយេរ៉ូបោមបានទទួលមរណភាពទៅ ស្តេចនិមួយៗដែលគ្រប់គ្រងលើព្រះរាជាណាចក្រអ៊ីស្រាអែលខាងជើងដែលមានកុលសម្ព័ន្ធ១០សុទ្ធតែជាស្តេចអាក្រក់ទាំងអស់។ ស្តេចអ័ហាប់ជាស្តេចដែលអាក្រក់ជាងគេបង្អស់។ តើអ្នកដឹងមកពីហេតុអ្វីទេ? មូលហេតុដ៏ធំមួយគឺមកពីជាយារបស់ទ្រង់ មហាក្សត្រីដ៏កំណាចនាមយេសិបិល។
យេសិបិលមិនមែនជាស្ត្រីសាសន៍អ៊ីស្រាអែលទេ។ នាងជាបុត្រីនៃស្តេចស្រុកស៊ីដូន។ នាងថ្វាយបង្គំព្រះមិនពិត គឺព្រះបាល ហើយនាងក៏បង្ខំស្តេចអ័ហាប់និងប្រជាជនអ៊ីស្រាអែលជាច្រើនឲ្យថ្វាយបង្គំព្រះបាលដែរ។ យេសិបិលស្អប់ព្រះយេហូវ៉ាណាស់ ហើយបានសម្លាប់ពួកព្យាការីរបស់ទ្រង់ជាច្រើន។ រីឯពួកព្យាការីឯទៀត គេត្រូវតែលាក់ខ្លួនក្នុងរូងភ្នំ ដើម្បីគេចពីសេចក្ដីស្លាប់។ ប្រសិនជាយេសិបិលចង់បានអ្វីមួយ នាងនឹងយកទាល់តែបាន សូម្បី តែត្រូវសម្លាប់អ្នកណាម្នាក់ក៏ដោយ។
ថ្ងៃមួយ ស្តេចអ័ហាប់មានព្រះហឫទ័យក្រៀមក្រំណាស់។ ដូច្នេះ យេសិបិលទូលសួរទ្រង់ថា៖ ‹ហេតុអ្វីបានជាព្រះអម្ចាស់មានព្រះទ័យក្រៀមក្រំម្ល៉េះថ្ងៃនេះ›?
ស្តេចអ័ហាប់ឆ្លើយថា៖ ‹ដោយសារតែសំដីដែលណាបោតបាននិយាយមកអញ។ អញចង់ទិញចំការទំពាំងបាយជូររបស់គាត់ តែគាត់ប្រាប់អញថា គាត់មិនលក់ឲ្យទេ›។
យេសិបិលមានបន្ទូលថា៖ ‹សូមព្រះអម្ចាស់កុំព្រួយព្រះទ័យអ្វី ខ្ញុំម្ចាស់នឹងយកចំការនោះឲ្យទ្រង់›។
ដូច្នេះ យេសិបិលក៏សរសេរលិខិតមួយទៅឯពួកចៅហ្វាយខ្លះ ដែលរស់នៅក្នុងក្រុងដែលណាបោតរស់នៅ។ នាងបានបង្គាប់ពួកគេថា៖ ‹ចូរនាំមនុស្សអាក្រក់ខូចខ្លះ ឲ្យចោទថាណាបោត បានប្រមាថដល់ព្រះ និងដល់ស្តេចផង។ រួចនាំណាបោតចេញទៅក្រៅទីក្រុង ហើយចោលដុំថ្មសម្លាប់វាទៅ›។
បន្ទាប់ពីយេសិបិលដឹងថា ណាបោតបានស្លាប់ហើយ ភ្លាមនោះនាងមានបន្ទូលទៅស្តេចអ័ហាប់ថា៖ ‹សូមទៅយកចំការរបស់ណាបោតទៅ›។ តើអ្នកមិនយល់ស្របថា យេសិបិលគួរតែដាក់ទណ្ឌកម្ម ចំពោះអំពើដ៏អាក្រក់ដែលនាងបានប្រព្រឹត្តនោះទេឬ?
ដូច្នេះ នៅទីបំផុត ព្រះយេហូវ៉ាក៏បញ្ជូនបុរសម្នាក់ឈ្មោះយេហ៊ូវ ឲ្យមកធ្វើទណ្ឌកម្មដល់នាង។ នៅពេលដែលយេសិបិលឮថា យេហ៊ូវកំពុងតែមក នាងក៏ផាត់ភ្នែករបស់នាង ហើយខំតុបតែងខ្លួនយ៉ាងស្អាត។ ប៉ុន្តែ នៅពេលដែលយេហ៊ូវមកដល់ឃើញនាងយេសិបិលនៅឯត្រង់បង្អួចនោះ គាត់ក៏ស្រែកឡើងទៅឯបុរសនៅក្នុងដំណាក់នោះថា៖ ‹ចូរបោះនាងចុះមក›! ពួកបុរសនោះក៏គោរពតាម ដូចជាអ្នកឃើញក្នុងរូបភាពនេះ។ ពួកគេក៏ទម្លាក់នាងចុះ ហើយនាងក៏ស្លាប់ទៅ។ នេះជាទីបញ្ចប់ដល់យេសិបិលជាមហាក្សត្រីដ៏កំណាច។
ពង្សាវតារក្សត្រទី១ ១៦:២៩-៣៣; ១៨:១-៤; ២១:១-១៦; ពង្សាវតារក្សត្រទី២ ៩:៣០-៣៧