ជំពូកទី៣១
តើមានច្បាប់ឲ្យកាច់កួរស្រូវនៅថ្ងៃឈប់សម្រាកឬទេ?
ម៉ាថាយ ១២:១-៨ ម៉ាកុស ២:២៣-២៨ លូកា ៦:១-៥
អ្នកកាន់តាមលោកយេស៊ូកាច់កួរស្រូវនៅថ្ងៃឈប់សម្រាក
លោកយេស៊ូជា«ម្ចាស់លើថ្ងៃឈប់សម្រាក»
ឥឡូវ លោកយេស៊ូនិងអ្នកកាន់តាមលោកធ្វើដំណើរទៅទិសខាងជើងឆ្ពោះទៅស្រុកកាលីឡេ។ នេះជារដូវស្លឹកឈើលាស់ ហើយនៅឯវាលស្រែមានស្រូវដែលចេញទងនិងកួរ។ ពេលកំពុងធ្វើដំណើរកាត់វាលស្រែ អ្នកកាន់តាមលោកចាប់ផ្ដើមឃ្លាន ក៏បានកាច់កួរស្រូវសាលីមកឈ្លីហើយបរិភោគ។ ប៉ុន្តែ ពេលនោះជាថ្ងៃឈប់សម្រាក ហើយពួកផារិស៊ីបានឃើញអ្វីដែលអ្នកកាន់តាមលោកយេស៊ូកំពុងធ្វើ។
អ្នកប្រហែលជានៅចាំថា មិនយូរប៉ុន្មានមុននេះនៅក្រុងយេរូសាឡិម ជនជាតិយូដាមួយចំនួនប៉ុនប៉ងសម្លាប់លោកយេស៊ូ ពីព្រោះពួកគេចោទប្រកាន់ថាលោកបំពានលើច្បាប់ថ្ងៃឈប់សម្រាក។ ឥឡូវ ពួកផារិស៊ីចោទប្រកាន់អ្នកកាន់តាមលោកយេស៊ូថា ពួកគេបានកាច់កួរស្រូវនៅថ្ងៃឈប់សម្រាក។ ពួកផារិស៊ីនិយាយទៅលោកយេស៊ូថា៖ «មើល! អ្នកកាន់តាមអ្នកកំពុងធ្វើអ្វីដែលគ្មានច្បាប់ធ្វើនៅថ្ងៃឈប់សម្រាក»។—ម៉ាថាយ ១២:២
ពួកផារិស៊ីអះអាងថាការកាច់កួរស្រូវនិងឈ្លីនៅដៃដើម្បីបរិភោគ គឺជាការច្រូតកាត់និងការបោកស្រូវ។ (និក្ខមនំ ៣៤:២១) ពួកគេបានបកស្រាយច្បាប់នៃថ្ងៃឈប់សម្រាកតាមរបៀបដ៏តឹងរ៉ឹង ហើយនេះបានធ្វើឲ្យច្បាប់នោះទៅជាបន្ទុកធ្ងន់វិញ។ ប៉ុន្តែ ព្រះចង់ឲ្យថ្ងៃឈប់សម្រាកទៅជាពេលដែលមានអំណរនិងពេលដែលពង្រឹងចំណងមិត្តភាពជាមួយនឹងលោក។ លោកយេស៊ូឃើញថាពួកគេមានទស្សនៈមិនត្រឹមត្រូវឡើយ ដូច្នេះលោកឆ្លើយតបដោយលើកឡើងឧទាហរណ៍ខ្លះដែលបញ្ជាក់ថា ព្រះយេហូវ៉ាមិនដែលមានបំណងឲ្យរាស្ត្ររបស់លោកអនុវត្តច្បាប់នៃថ្ងៃឈប់សម្រាក ដូចការបកស្រាយរបស់ពួកផារិស៊ីនោះទេ។
ឧទាហរណ៍ទី១ លោកយេស៊ូលើកឡើងអំពីដាវីឌ និងពួកបុរសរបស់គាត់។ ពេលពួកគាត់ឃ្លាន ពួកគាត់បានចូលក្នុងកន្លែងគោរពបូជារបស់ព្រះ ហើយបរិភោគនំប៉័ងដែលពីមុនបានត្រូវដាក់តាំងជាគ្រឿងបូជា។ តាមធម្មតា ក្រោយពីនំប៉័ងនោះបានត្រូវយកចេញពីចំពោះព្រះយេហូវ៉ា មានតែពួកសង្ឃប៉ុណ្ណោះអាចបរិភោគបាន។ ប៉ុន្តែ ក្នុងករណីរបស់ដាវីឌ គាត់និងពួកបុរសរបស់គាត់បានត្រូវអនុញ្ញាតឲ្យបរិភោគនំប៉័ងនោះ ហើយមិនបានទទួលទោសទេ។—លេវីវិន័យ ២៤:៥-៩; សាំយូអែលទី១ ២១:១-៦
ឧទាហរណ៍ទី២ លោកយេស៊ូមានប្រសាសន៍ថា៖ «តើអ្នកមិនធ្លាប់អានច្បាប់ដែលថា នៅថ្ងៃឈប់សម្រាកពួកសង្ឃក្នុងវិហារនៅតែធ្វើការ តែគ្មានទោសទេឬ?»។ លោកមានន័យថា សូម្បីតែនៅថ្ងៃឈប់សម្រាកក្ដី ក៏ពួកសង្ឃនៅតែសម្លាប់សត្វសម្រាប់ជាគ្រឿងបូជា ហើយនៅតែធ្វើកិច្ចការផ្សេងៗក្នុងវិហារដែរ។ លោកយេស៊ូមានប្រសាសន៍ថា៖ «ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកដែលវិសេសជាងវិហារនោះ បានមកដល់ហើយ»។—ម៉ាថាយ ១២:៥, ៦; ជនគណនា ២៨:៩
ដើម្បីបញ្ជាក់ឲ្យច្បាស់ លោកយេស៊ូបានលើកខគម្ពីរមួយទៀត ដោយមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាបានយល់អត្ថន័យនៃពាក្យថា៖ ‹ខ្ញុំចង់បានសេចក្ដីមេត្ដាករុណា មិនមែនគ្រឿងបូជាឡើយ›នោះអ្នកមុខជាមិនបានផ្ដន្ទាទោសអ្នកដែលគ្មានទោសនោះទេ»។ លោកបញ្ចប់ដោយមានប្រសាសន៍ថា៖ «ពីព្រោះកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សម្រាក»។ ពេលលោកមានប្រសាសន៍ដូច្នោះ លោកកំពុងសំដៅទៅលើសេចក្ដីសុខសាន្តដែលនឹងមានក្រោមការគ្រប់គ្រង១.០០០ឆ្នាំរបស់លោកក្នុងរាជាណាចក្រព្រះ។—ម៉ាថាយ ១២:៧, ៨; ហូសេ ៦:៦
ក្រោមការគ្រប់គ្រងរបស់សាថាន មនុស្សជាតិបានរងការឈឺចាប់ជាយូរមកហើយ ដោយសារអំពើឃោរឃៅ និងសង្គ្រាមច្រើនរាប់មិនអស់។ ផ្ទុយទៅវិញ ការគ្រប់គ្រងរបស់គ្រិស្តដែលប្រៀបដូចជាថ្ងៃឈប់សម្រាកដ៏ធំ នឹងខុសគ្នាស្រឡះពីការគ្រប់គ្រងរបស់សាថាន។ ការគ្រប់គ្រងរបស់គ្រិស្តនឹងផ្ដល់ឲ្យយើងនូវការសម្រាកពិត ពោលគឺលែងមានការឈឺចាប់និងទុក្ខវេទនាទៀតហើយ!