ជំពូកទី៣៣
ទំនាយអេសាយក្លាយជាការពិត
ម៉ាថាយ ១២:១៥-២១ ម៉ាកុស ៣:៧-១២
បណ្ដាជនចោមរោមលោកយេស៊ូ
លោកសម្រេចទំនាយអេសាយ
ពេលលោកយេស៊ូដឹងថា ពួកផារិស៊ីនិងបក្សពួករបស់ហេរ៉ូឌ ប៉ុនប៉ងសម្លាប់លោក នោះលោកនិងអ្នកកាន់តាមគេចចេញទៅសមុទ្រកាលីឡេ។ មនុស្សមួយក្រុមយ៉ាងធំបានមកជួបលោក ពួកគេមកពីស្រុកកាលីឡេ ពីតំបន់ទីរ៉ុសនិងតំបន់ស៊ីដូន ពីខាងនាយទន្លេយ៉ូដាន់ ពីក្រុងយេរូសាឡិម និងពីស្រុកអ៊ីឌុំមេដែលនៅទិសខាងត្បូង។ លោកយេស៊ូបានធ្វើឲ្យមនុស្សជាច្រើនបានជាពីជំងឺ។ ពេលឃើញដូច្នេះ អស់អ្នកដែលមានជំងឺធ្ងន់ធ្ងរបានប្រជ្រៀតចូលមុនគេ។ ពួកគេមិនបានចាំឲ្យលោកយេស៊ូពាល់ពួកគេនោះទេ តែពួកគេខំលូកដៃទៅពាល់លោកវិញ។—ម៉ាកុស ៣:៩, ១០
ដោយសារមានមនុស្សច្រើនពេក លោកយេស៊ូប្រាប់អ្នកកាន់តាមលោកឲ្យត្រៀមទូកសម្រាប់លោក ដើម្បីលោកអាចចេញពីឆ្នេរកុំឲ្យបណ្ដាជនចោមរោមលោក។ ម្យ៉ាងទៀត លោកអាចបង្រៀនពួកគេពីលើទូក ឬក៏ជិះទូកទៅកន្លែងមួយទៀតដែលនៅតាមឆ្នេរនោះ ដើម្បីជួយបណ្ដាជនថែមទៀត។
អ្នកកាន់តាមលោកឈ្មោះម៉ាថាយកត់សម្គាល់ថា កិច្ចការរបស់លោកយេស៊ូបានសម្រេច«ទំនាយដែលបានត្រូវប្រកាសតាមរយៈអេសាយ»។ (ម៉ាថាយ ១២:១៧) តើលោកយេស៊ូបានសម្រេចទំនាយអ្វី?
ទំនាយក្នុងគម្ពីរចែងថា៖ «មើល! អ្នកបម្រើជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំបានជ្រើសរើស ក៏ពេញចិត្តផង។ ខ្ញុំនឹងដាក់សកម្មពលរបស់ខ្ញុំឲ្យសណ្ឋិតលើលោក ហើយលោកនឹងធ្វើឲ្យប្រជាជាតិទាំងឡាយស្គាល់យុត្ដិធម៌យ៉ាងច្បាស់។ លោកនឹងមិនឈ្លោះប្រកែក ឬស្រែកឡើយ ហើយគ្មានអ្នកណានឹងឮសំឡេងរបស់លោកនៅតាមផ្លូវធំទេ។ លោកនឹងមិនជាន់ឈ្លីដើមត្រែងណាដែលទក់ឡើយ ក៏មិនពន្លត់ប្រឆេះណាដែលជិតរលត់ដែរ រហូតដល់លោកនាំយុត្ដិធម៌ឲ្យមានជ័យជម្នះ។ ប្រជាជាតិទាំងឡាយនឹងសង្ឃឹមលើនាមរបស់លោកពិតមែន»។—ម៉ាថាយ ១២:១៨-២១; អេសាយ ៤២:១-៤
ពិតណាស់ លោកយេស៊ូជាអ្នកបម្រើជាទីស្រឡាញ់របស់ព្រះ ហើយព្រះពេញចិត្តលោកណាស់។ លោកយេស៊ូធ្វើឲ្យបណ្ដាជនស្គាល់យ៉ាងច្បាស់នូវយុត្ដិធម៌ពិត ដែលបានត្រូវបិទបាំងដោយសារទំនៀមទម្លាប់សាសនាមិនពិត។ ដោយអយុត្ដិធម៌ ពួកផារិស៊ីបានអនុវត្តច្បាប់របស់ព្រះតាមទស្សនៈរបស់ខ្លួន ដូច្នេះពួកគេមិនជួយអ្នកដែលឈឺនៅថ្ងៃឈប់សម្រាកឡើយ! ផ្ទុយទៅវិញ លោកយេស៊ូបានសម្រាលទុក្ខបណ្ដាជនពីបន្ទុកនៃទំនៀមទម្លាប់ដ៏អយុត្ដិធម៌នោះ។ ដោយធ្វើដូច្នេះ លោកយេស៊ូបានបញ្ជាក់យ៉ាងច្បាស់អំពីយុត្ដិធម៌របស់ព្រះ ហើយបង្ហាញថាសកម្មពលរបស់ព្រះសណ្ឋិតលើលោក។ នេះហើយជាមូលហេតុដែលអ្នកដឹកនាំសាសនាចង់សម្លាប់លោក។ នោះពិតជាអាក្រក់ណាស់!
តើពាក្យដែលថា៖ «លោកនឹងមិនឈ្លោះប្រកែក ឬស្រែកឡើយ ហើយគ្មានអ្នកណានឹងឮសំឡេងរបស់លោកនៅតាមផ្លូវធំទេ» មានអត្ថន័យអ្វី? នេះមានន័យថា ពេលលោកយេស៊ូធ្វើឲ្យមនុស្សជា លោកមិនអនុញ្ញាតឲ្យពួកគេ ឬពួកវិញ្ញាណកំណាច«ប្រាប់គេថាលោកជាអ្នកណាឡើយ»។ (ម៉ាកុស ៣:១២) បើនិយាយឲ្យចំទៅ លោកមិនចង់ឲ្យបណ្ដាជនឮអំពីលោកតាមរយៈការស្រែកប្រកាសតាមផ្លូវ ឬក៏តាមពាក្យសម្ដីពីមាត់មួយទៅមាត់មួយដែលខុសពីការពិតនោះទេ។
បន្ថែមទៀត លោកយេស៊ូផ្សាយដំណឹងដែលសម្រាលទុក្ខដល់អ្នកដែលប្រៀបដូចជាដើមត្រែងដែលគេជាន់ឈ្លីឡើងទក់។ ស្រដៀងគ្នាដែរ ពួកគេហាក់ដូចជាប្រឆេះដែលជិតរលត់។ ដូច្នេះ លោកយេស៊ូច្បាស់ជាមិនជាន់ឈ្លីមនុស្សដូចនោះឡើយ។ ផ្ទុយទៅវិញ ដោយចិត្តអាណិតមេត្ដានិងដោយសេចក្ដីស្រឡាញ់ លោកបានសម្រាលទុក្ខអ្នកដែលមានចិត្តរាបទាបដោយប៉ិនប្រសប់។ ពិតណាស់ លោកយេស៊ូគឺជាបុគ្គលដែលប្រជាជាតិទាំងឡាយអាចសង្ឃឹមទុកចិត្តបាន!