ជំពូកទី១៣៧
មុនបុណ្យថ្ងៃទី៥០មនុស្សរាប់រយនាក់ឃើញលោក
ម៉ាថាយ ២៨:១៦-២០ លូកា ២៤:៥០-៥២ សកម្មភាព ១:១-១២; ២:១-៤
លោកយេស៊ូលេចមកឲ្យមនុស្សជាច្រើនឃើញ
លោកឡើងទៅស្ថានសួគ៌
លោកយេស៊ូចាក់សកម្មពលបរិសុទ្ធទៅលើអ្នកកាន់តាម១២០នាក់
ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកប្រាប់សាវ័កទាំង១១នាក់របស់លោក ឲ្យទៅជួបលោកនៅឯភ្នំមួយក្នុងស្រុកកាលីឡេ។ អ្នកកាន់តាមឯទៀតប្រហែលជា៥០០នាក់ ក៏បានទៅទីនោះដែរ ហើយពួកគេខ្លះនៅតែមានចិត្តសង្ស័យ។ (ម៉ាថាយ ២៨:១៧; កូរិនថូសទី១ ១៥:៦) ប៉ុន្តែ អ្វីដែលលោកយេស៊ូមានប្រសាសន៍នៅឥឡូវនេះនឹងជួយពួកគេម្នាក់ៗឲ្យជឿថាលោកពិតជារស់ឡើងវិញមែន។
ពេលនោះ លោកយេស៊ូពន្យល់ថា ព្រះបានផ្ដល់គ្រប់ទាំងអំណាចនៅស្ថានសួគ៌និងផែនដីដល់លោក។ លោកក៏បានដាស់តឿនពួកគេថា៖ «ដូច្នេះ ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា»។ (ម៉ាថាយ ២៨:១៨-២០) ក្រោយពីលោកយេស៊ូរស់ឡើងវិញ លោកនៅតែចាប់អារម្មណ៍ក្នុងការជួយពួកអ្នកកាន់តាមឲ្យផ្សព្វផ្សាយដំណឹងល្អ។
ពួកអ្នកកាន់តាមទាំងអស់របស់លោកយេស៊ូ ដែលរួមមានបុរស ស្ត្រី និងកូនក្មេងបានទទួលបង្គាប់ដូចគ្នាក្នុងការបង្រៀនអ្នកឯទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ ប៉ុន្តែ ពួកអ្នកប្រឆាំងប្រហែលជាព្យាយាមបញ្ឈប់កិច្ចផ្សព្វផ្សាយនិងការបង្រៀនរបស់ពួកគេ។ ទោះជាយ៉ាងនោះក្ដី លោកយេស៊ូបានធានាដល់ពួកគេថា៖ «ខ្ញុំបានទទួលគ្រប់ទាំងអំណាចនៅស្ថានសួគ៌និងនៅផែនដី»។ តើនេះមានន័យយ៉ាងណាចំពោះអ្នកកាន់តាមលោក? លោកយេស៊ូប្រាប់ពួកគេថា៖ «មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ លោកយេស៊ូមិនបាននិយាយថា អស់អ្នកដែលចូលរួមក្នុងកិច្ចការផ្សព្វផ្សាយដំណឹងល្អអាចធ្វើអព្ភូតហេតុទាំងអស់គ្នានោះទេ។ ទោះជាយ៉ាងណាក្ដី ពួកគេទាំងអស់គ្នានឹងទទួលសកម្មពលបរិសុទ្ធ។
តាំងពីពេលដែលលោកយេស៊ូរស់ឡើងវិញ លោកបានបង្ហាញខ្លួនឲ្យពួកអ្នកកាន់តាមឃើញ«ក្នុងរយៈពេល៤០ថ្ងៃ»។ លោកលេចមកដោយមានរូបកាយសាច់ឈាមខុសៗគ្នា ហើយបង្ហាញ«ខ្លួនឲ្យអ្នកទាំងនេះឃើញជាច្រើនដងតាមរបៀបដែលបញ្ជាក់យ៉ាងជាក់ច្បាស់ថាលោកមានជីវិតរស់នៅ»។ បន្ថែមទៅទៀត លោកបានបង្រៀនពួកគាត់«អំពីរាជាណាចក្ររបស់ព្រះ»ទៀតផង។—សកម្មភាព ១:៣; កូរិនថូសទី១ ១៥:៧
ទំនងជាពេលដែលពួកសាវ័កនៅស្រុកកាលីឡេនៅឡើយ លោកយេស៊ូបានបង្គាប់ពួកគាត់ឲ្យត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ នៅពេលដែលលោកជួបពួកគាត់នៅក្រុងយេរូសាឡិម លោកមានប្រសាសន៍ថា៖ «កុំចេញពីក្រុងយេរូសាឡិមឡើយ តែចូររង់ចាំអ្វីដែលបិតានៅស្ថានសួគ៌បានសន្យា ជាអ្វីដែលអ្នករាល់គ្នាបានឮពីខ្ញុំ ពីព្រោះយ៉ូហានបានជ្រមុជគេក្នុងទឹក ប៉ុន្តែអ្នករាល់គ្នានឹងទទួលការជ្រមុជក្នុងសកម្មពលបរិសុទ្ធរបស់ព្រះ នៅប៉ុន្មានថ្ងៃខាងមុខនេះ»។—សកម្មភាព ១:៤, ៥
ក្រោយមក លោកយេស៊ូជួបជាមួយនឹងពួកសាវ័ករបស់លោកម្ដងទៀត។ ពេលនោះ លោកបាននាំ«ពួកគាត់ចេញទៅរហូតដល់ភូមិបេថានី» ដែលនៅខាងកើតជម្រាលភ្នំដើមអូលីវ។ (លូកា ២៤:៥០) ទោះជាលោកយេស៊ូធ្លាប់បានប្រាប់ពួកគាត់អំពីអ្វីៗទាំងអស់ដែលទាក់ទងនឹងការចាកចេញរបស់លោកក៏ដោយ ពួកគាត់នៅតែជឿថារាជាណាចក្ររបស់លោកនឹងតាំងឡើងនៅផែនដី។—លូកា ២២:១៦, ១៨, ៣០; យ៉ូហាន ១៤:២, ៣
ពួកសាវ័កសួរលោកយេស៊ូថា៖ «លោកម្ចាស់ តើលោកនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ លោកឆ្លើយតបចំៗទៅពួកគាត់ថា៖ «អ្នករាល់គ្នាមិនចាំបាច់ដឹងអំពីពេលវេលានិងគ្រាកំណត់ដែលបិតានៅស្ថានសួគ៌ដាក់នៅក្រោមអំណាចរបស់លោកផ្ទាល់ឡើយ»។ បន្ទាប់មក លោកក៏បញ្ជាក់ម្ដងទៀតអំពីកិច្ចការដែលពួកគាត់ត្រូវធ្វើ ដោយមានប្រសាសន៍ថា៖ «អ្នករាល់គ្នានឹងទទួលឫទ្ធានុភាព កាលដែលសកម្មពលបរិសុទ្ធរបស់ព្រះមកសណ្ឋិតលើអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំនៅក្រុងយេរូសាឡិម នៅតំបន់យូឌាទាំងមូល នៅស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។—សកម្មភាព ១:៦-៨
ពួកសាវ័កនៅឯភ្នំដើមអូលីវជាមួយនឹងលោកយេស៊ូ កាលដែលលោកចាប់ផ្ដើមឡើងទៅលើមេឃ។ ភ្លាមនោះ ពពកបានបាំងលោកយេស៊ូមិនឲ្យពួកគាត់ឃើញឡើយ។ បន្ទាប់ពីលោកយេស៊ូរស់ឡើងវិញ លោកលេចមកដោយមានរូបកាយជាសាច់ឈាម ប៉ុន្តែឥឡូវនេះរូបកាយនោះបាត់ទៅ ហើយលោកត្រឡប់ទៅស្ថានសួគ៌វិញជាបុគ្គលវិញ្ញាណ។ (កូរិនថូសទី១ ១៥:៤៤, ៥០; ពេត្រុសទី១ ៣:១៨) កាលដែលពួកសាវ័កស្មោះត្រង់កំពុងសម្លឹងមើលទៅមេឃ ស្រាប់តែមាន«បុរសពីរនាក់ស្លៀកពាក់ស»ឈរនៅក្បែរពួកគាត់។ បុរសពីរនាក់នោះគឺជាទេវតាដែលបានកាឡាខ្លួនជាមនុស្ស ទេវតានោះសួរពួកគាត់ថា៖ «អ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នករាល់គ្នាកំពុងឈរមើលមេឃដូច្នេះ? លោកយេស៊ូនោះ ដែលបានត្រូវយកឡើងទៅលើមេឃ ក៏នឹងមកតាមបែបដែលអ្នករាល់គ្នាឃើញលោកឡើងទៅលើមេឃដូច្នេះដែរ»។—សកម្មភាព ១:១០, ១១
លោកយេស៊ូចាកចេញពីផែនដីដោយមិនមានពិធីអធិកអធមអ្វីឡើយ នៅពេលនោះមានតែពួកអ្នកកាន់តាមស្មោះត្រង់ប៉ុណ្ណោះដែលបានឃើញលោកចាកចេញ។ ស្រដៀងគ្នាដែរ លោកនឹងត្រឡប់មកវិញ‹តាមបែបដូចគ្នា› ពោលគឺគ្មានពិធីឱឡារិកទេ គឺមានតែពួកអ្នកកាន់តាមស្មោះត្រង់របស់លោកប៉ុណ្ណោះដែលនឹងដឹងអំពីវត្តមានរបស់លោកជាស្តេចក្នុងរាជាណាចក្រ។
ពួកសាវ័កបានត្រឡប់មកក្រុងយេរូសាឡិមវិញ ហើយនៅថ្ងៃក្រោយមក ពួកគាត់បានជួបជុំគ្នាជាមួយនឹងពួកអ្នកកាន់តាមឯទៀត ដែលរួមមាន‹ប្អូនប្រុសៗរបស់លោកយេស៊ូ និងម៉ារៀជាម្ដាយរបស់លោក›។ (សកម្មភាព ១:១៤) ពួកគាត់បានបន្តអធិដ្ឋានឥតឈប់ ហើយនៅពេលនោះពួកគាត់ក៏អធិដ្ឋានដែរអំពីការជ្រើសរើសឲ្យអ្នកកាន់តាមម្នាក់មកជំនួសយូដាសអ៊ីស្ការីយ៉ុត ដើម្បីបង្គ្រប់ចំនួនសាវ័កទាំង១២នាក់។ (ម៉ាថាយ ១៩:២៨) ពួកគាត់ចង់បានអ្នកកាន់តាមណាម្នាក់ដែលបានឃើញដោយផ្ទាល់ភ្នែកនូវសកម្មភាពរបស់លោកយេស៊ូ និងការដែលលោករស់ឡើងវិញ។ ពួកគាត់បានចាប់ឆ្នោតដើម្បីឲ្យដឹងពីគោលបំណងរបស់ព្រះ ហើយនេះគឺជាការចាប់ឆ្នោតចុងក្រោយបង្អស់ដែលបានត្រូវរៀបរាប់ក្នុងគម្ពីរ។ (ទំនុកតម្កើង ១០៩:៨; សុភាសិត ១៦:៣៣) ពេលនោះម៉ាធាសដែលប្រហែលជាអ្នកកាន់តាមម្នាក់ក្នុងចំណោម៧០នាក់ដែលលោកយេស៊ូបានចាត់ឲ្យទៅផ្សព្វផ្សាយ បានត្រូវជ្រើសរើសឲ្យធ្វើជាសាវ័កម្នាក់ ហើយគាត់«ត្រូវរាប់ជាមួយនឹងសាវ័កដប់មួយនាក់ទៀត»។—សកម្មភាព ១:២៦
បុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ជាបុណ្យរបស់ជនជាតិយូដា។ បុណ្យនេះបានត្រូវធ្វើឡើង១០ថ្ងៃក្រោយពីលោកយេស៊ូត្រឡប់ទៅស្ថានសួគ៌វិញ។ នៅពេលនោះ ពួកអ្នកកាន់តាមប្រហែលជា១២០នាក់បានជួបជុំគ្នានៅបន្ទប់ជាន់លើក្នុងក្រុងយេរូសាឡិម។ កាលដែលពួកគាត់កំពុងជួបជុំគ្នា ស្រាប់តែមានសូរសំឡេងដូចសន្ធឹកខ្យល់បក់យ៉ាងខ្លាំងឮពេញផ្ទះដែលពួកគាត់អង្គុយ។ រំពេចនោះ ពួកគាត់ឃើញអ្វីដែលមើលទៅដូចជាអណ្ដាតភ្លើងជាច្រើនលេចមក ហើយទៅសណ្ឋិតលើពួកគាត់ម្នាក់មួយៗ។ រួចមក ពួកអ្នកកាន់តាមទាំងអស់ដែលនៅទីនោះចាប់តាំងនិយាយភាសាផ្សេងៗ។ ហេតុការណ៍នេះគឺជាការចាក់សកម្មពលបរិសុទ្ធមកលើពួកអ្នកកាន់តាមដូចអ្វីដែលលោកយេស៊ូបានសន្យាមែន!—យ៉ូហាន ១៤:២៦