ជំពូកទី៦៩
តើឪពុកពួកគេជាអាប្រាហាំឬក៏ជាមេកំណាច?
ជនជាតិយូដាអះអាងថាអាប្រាហាំជាឪពុករបស់ពួកគេ
មុនអាប្រាហាំកើតមក មានលោកយេស៊ូហើយ
ក្នុងក្រុងយេរូសាឡិម នៅមានបុណ្យរោង(ឬបុណ្យខ្ទម)នៅឡើយ។ នៅទីនោះ លោកយេស៊ូបន្តបង្រៀនសេចក្ដីពិតដ៏សំខាន់។ ជនជាតិយូដាខ្លះដែលបានចូលរួមបុណ្យនោះ ទើបតែបានប្រាប់លោកថា៖ «យើងជាកូនចៅរបស់អាប្រាហាំ យើងមិនដែលជាខ្ញុំបម្រើរបស់អ្នកណាសោះ»។ រួចមក លោកយេស៊ូតបឆ្លើយទៅពួកគេថា៖ «ខ្ញុំដឹងថាអ្នករាល់គ្នាជាកូនចៅរបស់អាប្រាហាំ ប៉ុន្តែអ្នករាល់គ្នាកំពុងរកវិធីសម្លាប់ខ្ញុំ ពីព្រោះអ្នករាល់គ្នាមិនទទួលសេចក្ដីបង្រៀនរបស់ខ្ញុំឡើយ។ ខ្ញុំនិយាយអំពីអ្វីៗដែលខ្ញុំបានឃើញកាលដែលនៅជាមួយនឹងបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាក៏ធ្វើអ្វីៗដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នាដែរ»។—យ៉ូហាន ៨:៣៣, ៣៧, ៣៨
លោកយេស៊ូលើកបញ្ជាក់យ៉ាងច្បាស់ថា បិតារបស់លោកគឺខុសគ្នាពីឪពុករបស់ពួកគេ។ ប៉ុន្តែ ជនជាតិយូដាមិនដឹងថាលោកយេស៊ូមានប្រសាសន៍អំពីអ្វីទេ។ ពួកគេនិយាយម្ដងទៀតថា៖ «អាប្រាហាំជាឪពុករបស់យើង»។ (យ៉ូហាន ៨:៣៩; អេសាយ ៤១:៨) ពួកគេនិយាយត្រូវមែនថាពួកគេជាកូនចៅរបស់អាប្រាហាំ។ ហេតុនេះ ពួកគេគិតថាពួកគេមានជំនឿដូចអាប្រាហាំដែលជាសម្លាញ់របស់ព្រះ។
ប៉ុន្តែ ការឆ្លើយតបរបស់លោកយេស៊ូបានធ្វើឲ្យពួកគេភ្ញាក់ផ្អើល ពេលលោកមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាជាកូនចៅរបស់អាប្រាហាំ ចូរធ្វើអ្វីដែលអាប្រាហាំបានធ្វើ»។ មែនហើយ កូនបង្កើតតែងតែធ្វើតាមគំរូរបស់ឪពុក។ លោកយេស៊ូមានប្រសាសន៍បន្តថា៖ «ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាកំពុងរកវិធីសម្លាប់ខ្ញុំ ជាអ្នកដែលបានប្រាប់អ្នករាល់គ្នានូវសេចក្ដីពិតដែលខ្ញុំបានឮពីព្រះ។ អាប្រាហាំមិនបានធ្វើដូច្នេះទេ»។ បន្ទាប់មក លោកបានធ្វើឲ្យពួកគេភ្ញាក់ផ្អើល ដោយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាធ្វើអ្វីដែលឪពុករបស់អ្នករាល់គ្នាធ្វើ»។—យ៉ូហាន ៨:៣៩-៤១
ទោះជាយ៉ាងនោះក៏ដោយ ជនជាតិយូដានៅតែមិនយល់ថាលោកយេស៊ូកំពុងមានប្រសាសន៍អំពីអ្នកណាទេ។ ពួកគេអះអាងថា ពួកគេជាកូនមានខាន់ស្លា ដោយនិយាយថា៖ «យើងមិនមែនជាកូនឥតខាន់ស្លាទេ យើងមានបិតាតែមួយ គឺព្រះ»។ ប៉ុន្តែ តើព្រះប្រាកដជាបិតារបស់ពួកគេមែនឬ? លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើព្រះជាបិតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងស្រឡាញ់ខ្ញុំ ព្រោះខ្ញុំបានមកពីព្រះ ក៏នៅទីនេះដោយសារព្រះ។ ខ្ញុំមិនមែនមកដោយគំនិតរបស់ខ្ញុំទេ ប៉ុន្តែលោកបានចាត់ខ្ញុំឲ្យមក»។ រួចមក លោកយេស៊ូសួរសំណួរមួយហើយឆ្លើយដោយខ្លួនលោកថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនដឹងអំពីអ្វីដែលខ្ញុំកំពុងនិយាយ? គឺពីព្រោះអ្នករាល់គ្នាមិនអាចស្ដាប់សេចក្ដីបង្រៀនរបស់ខ្ញុំបានឡើយ»។—យ៉ូហាន ៨:៤១-៤៣
លោកយេស៊ូបានខំព្យាយាមប្រាប់ពួកគេអំពីលទ្ធផលអាក្រក់ដែលមកពីការបដិសេធលោក។ ប៉ុន្តែ ឥឡូវនេះលោកមានប្រសាសន៍យ៉ាងចំៗថា៖ «មេកំណាចជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាចង់ធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់ឪពុកអ្នក»។ តើឪពុករបស់ពួកគេមានបុគ្គលិកលក្ខណៈបែបណា? លោកយេស៊ូប្រាប់យ៉ាងច្បាស់អំពីបុគ្គលិកលក្ខណៈរបស់ឪពុកពួកគេថា៖ «មេកំណាចជាឃាតករតាំងពីដើមដំបូង ហើយមិនបាននៅជាប់នឹងសេចក្ដីពិតឡើយ»។ បន្ទាប់មក លោកមានប្រសាសន៍បន្ថែមថា៖ «អ្នកណាដែលមកពីព្រះ អ្នកនោះស្ដាប់ប្រសាសន៍របស់ព្រះ។ ហេតុនោះហើយបានជាអ្នករាល់គ្នាមិនស្ដាប់ទេ ពីព្រោះអ្នករាល់គ្នាមិនមកពីព្រះឡើយ»។—យ៉ូហាន ៨:៤៤, ៤៧
ការផ្ដន្ទាទោសរបស់លោកយេស៊ូបានធ្វើឲ្យជនជាតិយូដាខឹងយ៉ាងខ្លាំង ហើយពួកគេតបទៅលោកវិញថា៖ «តើយើងមិនបាននិយាយត្រឹមត្រូវទេថា អ្នកជាជនជាតិសាម៉ារីហើយក៏មានវិញ្ញាណកំណាចចូល?»។ ការដែលពួកគេហៅលោកយេស៊ូថា«ជនជាតិសាម៉ារី» នោះបង្ហាញថាពួកគេកំពុងមើលងាយមើលថោកលោក។ ក៏ប៉ុន្តែ លោកយេស៊ូមិនអើពើនឹងការមើលងាយរបស់ពួកគេទេ។ លោកតបទៅពួកគេថា៖ «ខ្ញុំមិនមានវិញ្ញាណកំណាចចូលទេ ប៉ុន្តែខ្ញុំលើកកិត្ដិយសបិតារបស់ខ្ញុំ ហើយអ្នករាល់គ្នាបង្ខូចកិត្ដិយសខ្ញុំ»។ ការបង្ខូចកិត្ដិយសរបស់លោកយេស៊ូជាកំហុសធ្ងន់ធ្ងរណាស់។ ហេតុអ្វីយើងដឹង? ពីព្រោះលោកយេស៊ូបានមានប្រសាសន៍ថា៖ «ប្រសិនបើមានអ្នកណាប្រព្រឹត្តតាមសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ»។ សេចក្ដីសន្យានេះបានធ្វើឲ្យអ្នកស្ដាប់លោកភ្ញាក់ផ្អើល។ លោកមិនមានន័យថាពួកសាវ័កនិងអ្នកកាន់តាមឯទៀតនឹងមិនស្លាប់នោះទេ តែលោកមានន័យថាពួកគេនឹងមិនទទួល«សេចក្ដីស្លាប់ទីពីរ»ដែលគ្មានសេចក្ដីសង្ឃឹមក្នុងការប្រោសឲ្យរស់ឡើងវិញ ឬសំដៅលើការបំផ្លាញចោលជារៀងរហូត។—យ៉ូហាន ៨:៤៨-៥១; ការបើកបង្ហាញ ២១:៨
ទោះជាយ៉ាងនោះក៏ដោយ ជនជាតិយូដាគិតថាលោកយេស៊ូមានប្រសាសន៍អំពីការស្លាប់ក្នុងន័យត្រង់ ដូច្នេះពួកគេនិយាយថា៖ «ឥឡូវយើងដឹងប្រាកដថាអ្នកមានវិញ្ញាណកំណាចចូល។ អាប្រាហាំបានស្លាប់ ហើយពួកអ្នកប្រកាសទំនាយក៏បានស្លាប់ដែរ ប៉ុន្តែអ្នកនិយាយថា៖ ‹ប្រសិនបើមានអ្នកណាប្រព្រឹត្តតាមសេចក្ដីបង្រៀនរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ›។ អ្នកមិនមែនធំជាងអាប្រាហាំ ជាបុព្វបុរសរបស់យើងដែលបានស្លាប់ទៅហើយទេ មែនទេ? . . . តើអ្នកអះអាងថាខ្លួនអ្នកជាអ្នកណា?»។—យ៉ូហាន ៨:៥២, ៥៣
ពេលលោកយេស៊ូមានប្រសាសន៍មុននោះ លោកកំពុងបញ្ជាក់យ៉ាងច្បាស់ថាលោកគឺជាមេស្ស៊ី។ ប៉ុន្តែ ជាជាងតបឆ្លើយទៅនឹងសំណួរពួកគេអំពីអត្តសញ្ញាណរបស់លោក លោកមានប្រសាសន៍ថា៖ «ប្រសិនបើខ្ញុំលើកតម្កើងខ្លួនខ្ញុំ ការលើកតម្កើងនោះគ្មានតម្លៃទេ។ គឺបិតារបស់ខ្ញុំទេដែលលើកតម្កើងខ្ញុំ ជាលោកដែលអ្នករាល់គ្នានិយាយថាជាព្រះរបស់អ្នក។ តែអ្នករាល់គ្នាមិនស្គាល់លោកទេ។ ក៏ប៉ុន្តែខ្ញុំស្គាល់លោក។ ប្រសិនបើខ្ញុំនិយាយថាខ្ញុំមិនស្គាល់លោកទេ ខ្ញុំក៏ដូចអ្នករាល់គ្នាដែរ ពោលគឺជាអ្នកភូតភរ»។—យ៉ូហាន ៨:៥៤, ៥៥
ឥឡូវ លោកយេស៊ូលើកឡើងវិញអំពីគំរូរបស់បុព្វបុរសដ៏ស្មោះត្រង់របស់ពួកគេថា៖ «អាប្រាហាំ ដែលជាឪពុករបស់អ្នករាល់គ្នាបានត្រេកអរដោយសង្ឃឹមថានឹងឃើញគ្រារបស់ខ្ញុំ ហើយគាត់បានឃើញក៏បានត្រេកអរផង»។ ពិតណាស់ ដោយសារអាប្រាហាំជឿលើសេចក្ដីសន្យារបស់ព្រះ គាត់ទន្ទឹងចាំនូវការមកដល់របស់មេស្ស៊ី។ ប៉ុន្តែ ជនជាតិយូដាឆ្លើយតបទាំងមិនជឿថា៖ «អ្នកមានអាយុមិនទាន់បានហាសិបឆ្នាំផង ម្ដេចក៏ថាបានឃើញអាប្រាហាំ?»។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា មុនអាប្រាហាំកើតមក មានខ្ញុំហើយ»។ លោកកំពុងសំដៅទៅលើពេលមុនលោកមកផែនដី លោកជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លានៅស្ថានសួគ៌។—យ៉ូហាន ៨:៥៦-៥៨
រួចមក ជនជាតិយូដាខឹងយ៉ាងខ្លាំង ដោយសារលោកយេស៊ូអះអាងថាលោកបានរស់នៅមុនអាប្រាហាំ។ ពួកគេរើសដុំថ្មបម្រុងគប់លោក ប៉ុន្តែលោកបានរត់គេចចេញដោយសុវត្ថិភាព។