តើអនាគតរបស់យើងបានសរសេរទុកជាមុនឬ?
គ្រីស្ទាន អ៊ីស្លាម យូដា និងហិនឌូ ឬក៏អ្នកកាន់សាសនាឯទៀត—មនុស្សគ្រប់ជំនឿពិសោធវិបត្ដិភ័យ ហើយកាន់ទុក្ខដោយសាររឿងនេះ។
ជាឧទាហរណ៍ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៩៧ ព្រឹត្ដិការណ៍ដ៏វេទនាមួយបានកើតឡើងនៅទីក្រុងអ៊ីឃុត នៅប្រទេសសៃបៀរា។ យន្តហោះដ៏ធំមួយជា AN-124 សំរាប់ដឹកជញ្ជូនទើបតែហោះឡើង កាលដែលម៉ាស៊ីនពីរបានខូច។ យន្តហោះនោះដែលមានប្រេងសាំងពេញ ក៏ធ្លាក់លើអាគារដែលមានមនុស្សរស់នៅ។ អណ្ដាតភ្លើងបានឆាបឆេះផ្ទះល្វែងមួយចំនួន ដែលនាំឲ្យមានមនុស្សស្លាប់និងរបួសជាច្រើន ព្រមទាំងកូនក្មេងៗទៀតផង។
នៅតំបន់ម្ដុំសៃបៀរា នៅកន្លែងដែលគ្រោះថ្នាក់បានកើតឡើង នោះច្បាស់ជាមានមនុស្សដែលមានមតិខាងសាសនាខុសៗគ្នា។ អ្នកខ្លះប្រហែលជឿសាសនាគ្រីស្ទាន ប៉ុន្តែគេអាចនៅគិតថា ព្រឹត្ដិការណ៍ធ្វើឲ្យខ្លោចផ្សានេះ គឺមានដោយសារវាសនា។ គេនិងអ្នកឯទៀតប្រហែលមានអារម្មណ៍ថា ‹នេះជាព្រះហឫទ័យរបស់ព្រះ› ហើយបើអស់អ្នកដែលបានស្លាប់ មិនបានស្លាប់តាមរបៀបនេះ នោះគេនឹងស្លាប់តាមរបៀបផ្សេងទៀត—‹នោះគឺជាវាសនារបស់គេ›។
គំនិតបែបនេះ ទោះជាបញ្ចេញឡើងឬក៏អត់ បង្ហាញឲ្យឃើញថាគំនិតខាងវាសនាមានទូទៅនៅក្នុងសាសនាជាច្រើននៅជុំវិញផែនដី។ មនុស្សជាច្រើនជឿថា អនាគតរបស់យើង ចាប់តាំងពីកំណើតរហូតដល់ថ្ងៃដែលយើងស្លាប់ នោះគឺបានសរសេរទុកជាមុនរួចទៅហើយ។
ជំនឿលើវាសនាមានតាមបែបបទផ្សេងៗ ដែលធ្វើឲ្យការបកស្រាយអត្ថន័យជាអ្វីដ៏ពិបាកមួយ។ វាសនាគឺសម្ដែងប្រាប់ថា អ្វីៗដែលកើតឡើង គ្រប់សកម្មភាព គ្រប់ព្រឹត្ដិការណ៍—មិនថាល្អឬអាក្រក់—គឺនឹងមានជាមិនខាន នោះនឹងកើតឡើង ពីព្រោះបានត្រូវសម្រេចទុកជាមុន ដោយកម្លាំងឧត្តម ដែលមនុស្សមិនអាចទប់បាន។ គំនិតបែបនេះអាចរកឃើញបានតាមហោរាសាស្ត្រ នៅក្នុងលទ្ធិកម្មនៃសាសនាហិនឌូនិងព្រះពុទ្ធសាសនា ព្រមទាំងក្នុងលទ្ធិបុព្វវាសនារបស់ពិភពគ្រីស្ទសាសនា។ នៅស្រុកបាប៊ីឡូនពីដើម មនុស្សបានជឿថាព្រះបានកាន់កាប់លើវាសនា និងអនាគត តាមរយៈឯកសារ។ ព្រះណាក៏ដោយដែលកាន់កាប់លើ«ផែនចារិកនៃវាសនា»ទាំងនេះ គេបានជឿថា នឹងសម្រេចវាសនារបស់មនុស្ស របស់នគរ ហើយព្រមទាំងលើព្រះខ្លួនគេផងដែរ។
អ្នកជឿជាច្រើននិយាយថា មុននឹងមនុស្សនានាកើតមក នោះព្រះនឹងសម្រេចដោយក្រិត្យរបស់ទ្រង់ នូវអ្វីដែលនឹងកើតឡើងចំពោះមនុស្សម្នាក់ៗ រួមបញ្ចូលអាយុរបស់គេ ថាតើគេជាប្រុសឬក៏ស្រី មានឬក៏ក្រ វេទនាឬក៏សប្បាយរីករាយ។ រឿងទាំងនេះបានត្រូវគេនិយាយថាមាននៅក្នុងគំនិតរបស់ព្រះរួចហើយ ឬក៏បានសរសេរក្នុងសៀវភៅ ពីមុននឹងព្រឹត្ដិការណ៍នោះកើតឡើង។ ដូច្នេះមិនជាចម្លែកទេឲ្យអ្នកជឿនិយាយថា «ម៉ិកធុប»—នេះជាអ្វីដែលព្រះបានសរសេរទុកសំរាប់យើងហើយ!
គេបានត្រូវវែកញែកថា ពីព្រោះព្រះជ្រាបអ្វីៗទុកជាមុន នោះទ្រង់ច្បាស់ជានឹងសម្រេចថាតើអ្នកណានឹងគោរពទ្រង់ ហើយអ្នកណានឹងមិនស្ដាប់បង្គាប់តាមទ្រង់។ ដូច្នេះ អ្នកកាន់តាមជាច្រើនជឿថា មុននឹងបុគ្គលម្នាក់កើតមក ព្រះបានសម្រេចរួចទៅហើយថាតើគាត់នឹងបាននៅទីមនោរម្យដ៏អស់កល្បជានិច្ច ឬនឹងទទួលសេចក្ដីហិនវិនាសដ៏អស់កល្បជានិច្ច។
អ្នកប្រហែលជាមានអារម្មណ៍ថា នេះគឺមានដូចនឹងលទ្ធិនៃបុព្វវាសនាដែលបានបង្រៀនក្នុងសាសនាគ្រីស្ទានខ្លះ។ អ្នកគាំទ្រនៃលទ្ធិបុព្វវាសនាជាងគេបំផុត គឺលោក ចន ខាលវិន ដែលជាអ្នកបដិរូបការីជនជាតិបារាំងនៅសតវត្សទី១៦។ គាត់បានបកស្រាយបុព្វវាសនាទៅជា«ក្រិត្យអស់កល្បជានិច្ចដែលមកពីព្រះ ដែលជាមូលដ្ឋានឲ្យទ្រង់សម្រេចធ្វើយ៉ាងណាជាមួយមនុស្សម្នាក់ៗ។ មិនមែនមនុស្សទាំងអស់បានបង្កើតមកឲ្យមានស្ថានភាពដូចគ្នាទេ ប៉ុន្តែ ជីវិតអស់កល្បជានិច្ចគឺបានតែងតាំងទុកជាមុនចំពោះអ្នកខ្លះ ហើយការកាត់ទោសដ៏អស់កល្បជានិច្ចសំរាប់អ្នកដទៃ»។ លោកខាលវិនក៏បានពោលអះអាងទៀតថា៖ «ព្រះមិនគ្រាន់តែឃើញទុកជាមុននូវអំពើបាបរបស់មនុស្សដំបូង និងសេចក្ដីហិនវិនាសដល់កូនចៅរបស់គាត់ដោយសារគាត់ប៉ុណ្ណោះ តែទ្រង់បានរៀបចំព្រឹត្ដិការណ៍ទាំងនោះទុកជាមុនតាមព្រះហឫទ័យទ្រង់»។
ប៉ុន្តែ មិនមែនសមាជិកទាំងអស់ ដែលជឿផ្ទាល់ខ្លួនទៅលើលទ្ធិបុព្វវាសនាដែលសាសនារបស់បង្រៀននោះទេ។ អ្នកខ្លះចង្អុលប្រាប់យ៉ាងត្រឹមត្រូវថាឯកសារខាងសាសនា បាននិយាយអំពីចិត្តសេរីរបស់មនុស្ស។ តាមពិត គឺមានវាទប្បដិវាទយ៉ាងខ្លាំងអំពីសកម្មភាពរបស់មនុស្ស ថាតើគេនាំឲ្យមានសេចក្ដីសម្រេចដោយចិត្តសេរីរបស់មនុស្ស ឬបានសម្រេចទុកជាមុនដោយព្រះ។ ជាឧទាហរណ៍ អ្នកខ្លះបានប្រកែកថាមនុស្សត្រូវមានចិត្តសេរីដោយរើសយក ហើយប្រព្រឹត្តតាមច្ដិ ពីព្រោះព្រះដែលប្រកបដោយយុត្ដិធម៌ ធ្វើឲ្យមនុស្សទទួលខុសត្រូវ
ចំពោះសកម្មភាពរបស់គេ។ អ្នកឯទៀតបាននិយាយថា ព្រះបង្កើតអំពើរបស់មនុស្ស ប៉ុន្តែមនុស្ស«ទទួលយក»អំពើទាំងនេះ ហើយទទួលខុសត្រូវចំពោះរឿងនេះ។ ប៉ុន្តែ ជាទូទៅ មនុស្សជាច្រើនជឿថាព្រឹត្ដិការណ៍ទាំងអស់ ធំឬក៏តូច ក្នុងជីវិតរៀងរាល់ថ្ងៃរបស់យើង បានត្រូវចេញក្រិត្យដោយព្រះ។
តើអ្នកជឿយ៉ាងណាដែរ? តើព្រះបានសម្រេចរួចទៅហើយនូវអនាគតរបស់អ្នកឬ? តើមនុស្សពិតជាមានចិត្តសេរី សមត្ថភាពដើម្បីសម្រេចចិត្តអំពីអនាគតរបស់គេឬ? តើដល់កំរិតណាដែលវាសនារបស់យើងពឹងទៅលើសកម្មភាពរបស់យើង? អត្ថបទជាបន្ទាប់នឹងស្វែងរកចម្លើយឲ្យយើង។
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣]
SEL/Sipa Press