សំនួរពីអ្នកអាន
តើស្មរបន្ទាល់ព្រះយេហូវ៉ាយល់ព្រមទទួលការព្យាបាលដោយផលិតផលដែលចំរាញ់ចេញពីឈាមឬទេ?
បើឆ្លើយឲ្យចំទៅ ស្មរបន្ទាល់ព្រះយេហូវ៉ាមិនព្រមទទួលការចាក់បញ្ចូលឈាមឡើយ។ យើងជឿថា ច្បាប់របស់ព្រះស្តីអំពីឈាមមិនប្រែប្រួលតាមទស្សនៈផ្សេងៗដែលកែប្រែជានិច្ចនោះទេ។ យ៉ាងណាក៏ដោយ មានចម្ងល់ថ្មីៗលេចឡើងជានិច្ចជាកាល ដោយសារសព្វថ្ងៃនេះមនុស្សមានសមត្ថភាពបែងចែកនូវសារធាតុសំខាន់ទាំងបួននៃឈាម ឬរហូតដល់បែងចែកធាតុផ្សេងៗដែលចំរាញ់ចេញពីសារធាតុសំខាន់ៗទាំងនោះទៅទៀត។ ក្នុងការសម្រេចចិត្តថា តើយើងអាចព្រមទទួលសារធាតុផ្សេងៗនៃឈាមបានឬក៏អត់នោះ គួរគប្បីឲ្យជនគ្រីស្ទានគិតឲ្យបានវែងឆ្ងាយសិន ដោយមិនគ្រាន់តែគិតអំពីប្រយោជន៍ឬគ្រោះថ្នាក់ខាងសុខភាពប៉ុណ្ណោះទេ។ ជនគ្រីស្ទានគួរយកចិត្តទុកដាក់នឹងអ្វីដែលចែងទុកក្នុងព្រះគម្ពីរ ហើយអំពីឥទ្ធិពលនៃទង្វើនោះលើចំណងមេត្រីភាពដែលយើងមានជាមួយនឹងព្រះដែលមានព្រះចេស្ដាបំផុត។
រឿងសំខាន់ៗគឺស្រួលយល់។ ដើម្បីជួយឲ្យយើងទទួលស្គាល់នូវមូលហេតុដែលរឿងសំខាន់ៗមិនពិបាកយល់នោះ សូមពិនិត្យមើលពត៌មានខ្លះដែលទាក់ទងនឹងព្រះគម្ពីរ ប្រវត្ដិសាស្ត្រ និងវេជ្ជសាស្ត្រដែរ។
លោកណូអេជាបុព្វបុរសនៃមនុស្សទាំងឡាយ ហើយព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់គាត់ថា មនុស្សត្រូវចាត់ទុកឈាមជាអ្វីដ៏ពិសិដ្ឋ។ (លោកុប្បត្តិ ៩:៣, ៤) យូរឆ្នាំក្រោយមក ក្រិត្យក្រមដែលព្រះឲ្យដល់សាសន៍អ៊ីស្រាអែលនោះបានបង្ហាញពីភាពពិសិដ្ឋនៃឈាមដែរ៖ «ឯអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណា . . . ដែលនឹងបរិភោគឈាមអ្វីក៏ដោយ នោះអញនឹងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ»។ បើជនអ៊ីស្រាអែលណាម្នាក់បដិសេធមិនព្រមស្ដាប់តាមច្បាប់របស់ព្រះ នេះអាចមានឥទ្ធិពលអាក្រក់លើអ្នកឯទៀតដែរ ដូច្នេះទ្រង់បានមានបន្ទូលបន្ថែមថា ទ្រង់នឹង«កាត់គេចេញពីសាសន៍របស់ខ្លួន»។ (លេវីវិន័យ ១៧:១០) យូរឆ្នាំក្រោយនោះទៀត កាលដែលមានកិច្ចប្រជុំនៅឯទីក្រុងយេរូសាឡិម ពួកសាវ័កនិងអ្នកចាស់ទុំឯទៀតបានចេញបង្គាប់ថា យើងត្រូវ‹ចៀសវាងពីឈាម›។ ការចៀសវាងពីឈាមជាការចាំបាច់ស្មើនឹងការចៀសវាងពីអំពើអសីលធម៌ខាងកាមនិងការថ្វាយបង្គំរូបព្រះដែរ។—កិច្ចការ ១៥:២៨, ២៩
នៅជំនាន់នោះ តើការ«ចៀសវាង»ពីឈាមរួមបញ្ចូលអ្វីខ្លះ? ជនគ្រីស្ទានមិនបានបរិភោគឈាមឡើយ មិនថាឈាមរាវឬឈាមកកក្ដី ហើយពួកគេក៏មិនបានបរិភោគសាច់នៃសត្វដែលសម្លាប់ដោយមិនសម្រក់ឈាមចេញដែរ។ ពួកគេក៏មិនអាចបរិភោគអាហារដែលមានដាក់លាយឈាម ដូចជាសាច់ក្រកម្យ៉ាងដែលមានដាក់ឈាមកកនៅក្នុងនោះ។ ការទទួលទានឈាមតាមវិធីណាក៏ដោយនោះ គឺជាការបំពានលើច្បាប់របស់ព្រះ។—សាំយូអែលទី១ ១៤:៣២, ៣៣
ដោយពិនិត្យមើលសំនេររបស់លោកធើធូលាន (ពីសតវត្សរ៍ទីពីរនិងទីបី ស.យ.) យើងអាចយល់ដឹងថា មនុស្សភាគច្រើនពីសម័យបុរាណនោះមិនទើសទាល់នឹងការបរិភោគឈាមសោះឡើយ។ នៅគ្រានោះមានការចោទប្រកាន់មិនពិតថា ពួកគ្រីស្ទានជាអ្នកបរិភោគឈាម ដូច្នេះលោកធើធូលានបានសរសេរតបទៅវិញដោយពន្យល់ថា មានមនុស្សក្រុមផ្សេងៗមែន ដែលចុះកិច្ចសន្យាដោយភ្លក់ឈាម។ លោកក៏បានកត់សម្គាល់ថា «កាលណាមានការសម្ដែងនៅឯសៃវៀន [មនុស្សខ្លះ]ស្រេកឃ្លានចង់ផឹកឈាមដល់ម្ល៉េះបានជាពួកគេខំត្រងឈាមដែលហូរចេញពីអ្នកទោស . . . ជាវិធីព្យាបាលជំងឺឆ្កួតជ្រូក»។
ការប្រព្រឹត្តនោះ (មិនថាជនជាតិរ៉ូមធ្វើដូច្នេះដើម្បីព្យាបាលជំងឺក៏ដោយ) ជាការប្រព្រឹត្តខុសឆ្គងសំរាប់ជនគ្រីស្ទានវិញ ដ្បិតលោកធើធូលានបានសរសេរថា៖ «ក្នុងចំណីអាហាររបស់យើង យើងក៏មិនបរិភោគឈាមសត្វទាល់តែសោះ»។ ជនជាតិរ៉ូមបានល្បងលជំនឿរបស់ពួកគ្រីស្ទានពិតដោយឲ្យគេបរិភោគអាហារដែលមានលាយឈាម។ លោកធើធូលានបានបញ្ជាក់បន្ថែមទៀតថា៖ «ខ្ញុំសូមសួរ បើអ្នកដឹងប្រាកដ[ថាពួកគ្រីស្ទាន]នឹងចៀសចេញពីឈាមសត្វទាំងខ្ពើមឆ្អើមនោះ តើដូចម្ដេចបានជាអ្នកគិតថាពួកគេស្រេកឃ្លានចង់ផឹកឈាមមនុស្សទៅវិញ?»។
សព្វថ្ងៃនេះ កាលណាគ្រូពេទ្យជូនយោបល់ឲ្យមនុស្សទទួលឈាមនោះ កម្រណាស់ដែលមនុស្សគិតថា នេះអាចបំពានលើច្បាប់របស់ព្រះដ៏មានព្រះចេស្ដាបំផុត។ ស្មរបន្ទាល់ព្រះយេហូវ៉ាពិតជាចង់រស់បន្តទៅទៀតមែន តែយើងក៏ត្រូវធ្វើតាមច្បាប់របស់ព្រះយេហូវ៉ាស្តីអំពីឈាមដែរ។ តើតម្រូវការនេះរួមបញ្ចូលអ្វីខ្លះ ស្តីអំពីវិធីព្យាបាលពេលថ្មីៗនេះ?
ក្រោយពីសង្គ្រាមលោកលើកទី២ ពេលដែលការចាក់បញ្ចូលឈាមបានក្លាយជាវិធីព្យាបាលធម្មតា នោះស្មរបន្ទាល់ព្រះយេហូវ៉ាបានយល់ថា ទង្វើនោះប្រាសចាកច្បាប់របស់ព្រះ ហើយសព្វថ្ងៃនេះយើងក៏នៅតែជឿដូច្នេះនៅឡើយ។ ប៉ុន្តែ តាំងពីពេលនោះមក វិធីព្យាបាលជំងឺបានប្រែប្រួលច្រើនណាស់។ សព្វថ្ងៃនេះ ពេលដែលគេចាក់បញ្ចូលឈាមនោះ តាមធម្មតាមិនមែនជាការចាក់បញ្ចូលឈាមសុទ្ធទេ តែជាការចាក់បញ្ចូលតែធាតុមួយនៃសារធាតុសំខាន់ៗនៃឈាម ពោលគឺ៖ (១) គោលិកាក្រហម (២) គោលិកាស (៣) ផ្លាកែត (តាមភាសាបារាំង plaquettes) និង(៤) ផ្លាស្មា (ធាតុរាវនៃឈាម តាមភាសាអង់គ្លេស plasma)។ ស្រេចទៅលើអ្វីដែលអ្នកជំងឺត្រូវការនោះ វេជ្ជបណ្ឌិតប្រហែលជានឹងបង្គាប់ឲ្យចាក់បញ្ចូលគោលិកាក្រហម គោលិកាស ផ្លាកែត ឬផ្លាស្មាតែប៉ុណ្ណោះ។ ការចាក់បញ្ចូលធាតុតែមួយប៉ុណ្ណោះនៃសារធាតុសំខាន់ៗទាំងនេះនៃឈាមបានន័យថា ឈាមមួយផ្លោកអាចបែងចែកបញ្ចូលទៅក្នុងអ្នកជំងឺច្រើននាក់ទៀត។ ស្មរបន្ទាល់ព្រះយេហូវ៉ានៅតែជឿថា ការចាក់បញ្ចូលឈាមសុទ្ធឬធាតុណាមួយពីសារធាតុសំខាន់ៗទាំងបួននៃឈាម គឺជាការបំពានលើច្បាប់របស់ព្រះ។ ហើយនេះក៏គួរឲ្យកត់សម្គាល់ដែរថា ការធ្វើតាមព្រះគម្ពីរក្នុងករណីនេះបានការពារពួកគេពីគ្រោះថ្នាក់ជាច្រើន រួមទាំងជំងឺដូចជារោគរលាកថ្លើមនិងជំងឺអេដស៍ដែលអាចឆ្លងតាមឈាមបាន។
ក៏ប៉ុន្តែ ដោយសារគេអាចចំរាញ់ធាតុផ្សេងៗទៀតចេញពីសារធាតុសំខាន់ៗនៃឈាមសុទ្ធ នោះក៏មានសំនួរអំពីធាតុផ្សេងៗទាំងនេះផងដែរ។ តើវេជ្ជសាស្ត្រប្រើធាតុផ្សេងៗទាំងនេះយ៉ាងណា? ហើយតើជនគ្រីស្ទានគួរគិតពិចារណាអំពីអ្វី មុននឹងសម្រេចចិត្តទទួលការព្យាបាលដោយប្រើធាតុផ្សេងៗដែលចំរាញ់ចេញពីសារធាតុសំខាន់ៗនៃឈាម?
ឈាមជាសារធាតុស្មុគស្មាញណាស់។ សូម្បីតែផ្លាស្មាប៉ុណ្ណោះដែល៩០ភាគរយនោះសុទ្ធតែទឹក ក៏មានអរម៉ូនយ៉ាងច្រើន ហើយរួមមានអំបិលម្យ៉ាង (ភាសាអង់គ្លេសហៅថា inorganic salts) ហើយអង់ស៊ីម (តាមភាសាបារាំង enzyme) និងអ្វីៗដែលទ្រទ្រង់ជីវិត ដូចជាធាតុរ៉ែនិងជាតិស្ករជាដើម។ បន្ថែមទៅទៀត នៅក្នុងផ្លាស្មាមានប្រូតេអ៊ីនផ្សេងៗ (តាមភាសាបារាំង protéines) ដូចជាអាល់ប៊ុយមីន (តាមភាសាបារាំង albumine) កត្ដាដែលធ្វើឲ្យឈាមកក និងអង់ទីគ័រ (តាមភាសាបារាំង anticorps ភាសាអង់គ្លេសហៅថា antibodies) ដែលតទល់នឹងមេរោគ។ អ្នកបច្ចេកទេសក៏បែងចែកនូវប្រូតេអ៊ីនផ្សេងៗជាច្រើនដែលចំរាញ់ចេញពីផ្លាស្មា។ ជាឧទាហរណ៍ មានអ្វីដែលហៅថា កត្ដាទី៨ដែលគេប្រើសំរាប់មនុស្សដែលមានជំងឺឈាមមិនកក ដែលអាចជួយធ្វើឲ្យឈាមកកវិញ។ ឬបើមនុស្សណាម្នាក់មុខជានឹងកើតជំងឺដោយឆ្លងពីអ្នកដទៃនោះ វេជ្ជបណ្ឌិតប្រហែលជាបង្គាប់ឲ្យចាក់ហ្គាម៉ាគ្លោប៊ុយលិន (តាមភាសាបារាំង gamma globulines) ដែលចំរាញ់ចេញពីផ្លាស្មាក្នុងឈាមនៃមនុស្សដែលស៊ាំនឹងជំងឺនោះ។ មានប្រូតេអ៊ីនផ្សេងៗទៀតដែលចំរាញ់ចេញពីផ្លាស្មា ដែលគេប្រើក្នុងការព្យាបាលជំងឺ ប៉ុន្តែយើងបានលើកឧទាហរណ៍ខាងលើនេះដើម្បីបង្ហាញពីរបៀបចំរាញ់ចេញនូវធាតុផ្សេងៗពីសារធាតុសំខាន់ៗនៃឈាម ដូចជាផ្លាស្មាជាដើម។a
គេមិនគ្រាន់តែចំរាញ់ធាតុផ្សេងៗចេញពីផ្លាស្មាប៉ុណ្ណោះទេ តែអាចចំរាញ់ធាតុដ៏តូចផ្សេងៗទៀតចេញពីសារធាតុសំខាន់ៗឯទៀតនៃឈាមដែរ (គោលិកាក្រហម គោលិកាស និងផ្លាកែត)។ ជាឧទាហរណ៍ គេអាចចំរាញ់អ៊ិនធើហ្វីរ៉ុន (តាមភាសាអង់គ្លេស interferons) និងអ៊ិនធើលូគិន (តាមភាសាអង់គ្លេស interleukins) ចេញពីគោលិកាសក្នុងឈាម ដែលគេប្រើក្នុងការព្យាបាលជំងឺមហារីកនិងជំងឺខ្លះដែលបណ្ដាលមកពីវីរុស។ កត្ដាដែលជួយធ្វើឲ្យរបួសឆាប់សះនោះ គឺដោយសារធាតុដែលគេចំរាញ់ចេញពីផ្លាកែតនៃឈាម។ ហើយក៏មានការផលិតថ្នាំពេទ្យផ្សេងៗទៀតដែល (មុនដំបូង) ផ្សំដោយធាតុផ្សេងៗដែលចំរាញ់ចេញពីសារធាតុសំខាន់ៗនៃឈាម។ វិធីព្យាបាលបែបនេះមិនមែនជាការចាក់បញ្ចូលសារធាតុសំខាន់ៗនៃឈាមទេ តែទាក់ទងនឹងធាតុដ៏តូចផ្សេងៗដែលចំរាញ់ចេញពីសារធាតុសំខាន់ៗទាំងនោះវិញ។ តើពួកគ្រីស្ទានអាចព្រមទទួលការព្យាបាលដោយផលិតផលដែលចំរាញ់ចេញពីឈាមឬទេ? អ្នកបោះពុម្ពមិនហ៊ានឆ្លើយទេ។ ព្រះគម្ពីរមិនប្រាប់ចំណុចល្អិតល្អន់ទាំងអស់ទេ ដូច្នេះនៅចំពោះព្រះគ្រីស្ទានម្នាក់ៗត្រូវធ្វើការសម្រេចចិត្តខ្លួនឯង ហើយស្របទៅតាមមនសិការរបស់ខ្លួន។
ជនគ្រីស្ទានខ្លះមិនព្រមទទួលឡើយនូវអ្វីៗដែលចំរាញ់ចេញពីឈាម (សូម្បីតែធាតុដ៏តូចផ្សេងៗដែលគេប្រើដើម្បីពង្រឹងនូវប្រព័ន្ធការពារសារពាង្គកាយមួយរយៈក៏ដោយ)។ នេះគឺផ្អែកទៅលើការយល់ដឹងរបស់ខ្លួនស្តីអំពីច្បាប់របស់ព្រះដែលថា ត្រូវ‹ចៀសវាងពីឈាម›។ ជនគ្រីស្ទានខ្លះវែកញែកថា ច្បាប់ដែលព្រះឲ្យសាសន៍អ៊ីស្រាអែលនោះ តម្រូវឲ្យគេ‹ចាក់ឈាមចោលទៅលើដី› ពេលដែលបង្ហូរឈាមចេញពីសត្វ។ (ចោទិយកថា ១២:២២-២៤) ហេតុអ្វីក៏គួរឲ្យគិតអំពីគោលការណ៍មួយនេះ? គឺពីព្រោះពេលដែលគេផលិតកត្ដាខ្លះដែលធ្វើឲ្យឈាមកក និងហ្គាម៉ាគ្លោប៊ុយលិនជាដើម នេះតម្រូវឲ្យបូមឈាម ព្រមទាំងកែប្រែលក្ខណៈនៃសារធាតុឈាមនោះ។ អាស្រ័យហេតុនេះ ជនគ្រីស្ទានខ្លះបដិសេធនឹងអ្វីៗដែលត្រូវផលិតតាមរបៀបនោះ ដូចជាបដិសេធការចាក់បញ្ចូលឈាមសុទ្ធឬសារធាតុសំខាន់ៗទាំងបួននៃឈាមដែរ។ អ្នកដទៃគួរគោរពសិទ្ធិរបស់អ្នកទាំងនេះ ដែលធ្វើការសម្រេចស្មោះពីចិត្តហើយស្របទៅតាមមនសិការរបស់ខ្លួន។
ជនគ្រីស្ទានឯទៀតក៏សម្រេចចិត្តផ្សេងដែរ។ ពួកគេក៏បដិសេធការចាក់បញ្ចូលឈាមសុទ្ធ គោលិកាក្រហម គោលិកាស ផ្លាកែត និងផ្លាស្មា។ ប៉ុន្តែ ពួកគេប្រហែលជាអនុញ្ញាតឲ្យគ្រូពេទ្យប្រើវិធីព្យាបាលឬប្រើថ្នាំដែលផ្សំដោយធាតុផ្សេងៗដែលចំរាញ់ចេញពីសារធាតុសំខាន់ៗនៃឈាម។ រីឯវិធីព្យាបាលផ្សេងៗទាំងនេះ អ្នកខ្លះក៏ប្រហែលជាមានការសម្រេចចិត្តខុសៗគ្នាដែរ។ ជនគ្រីស្ទានម្នាក់ប្រហែលជាយល់ព្រមទទួលការព្យាបាលដោយចាក់បញ្ចូលហ្គាម៉ាគ្លោប៊ុយលិន ប៉ុន្តែប្រហែលជាមិនព្រមទទួលការព្យាបាលដោយចាក់បញ្ចូលធាតុផ្សេងៗដែលចំរាញ់ចេញពីគោលិកាក្រហមឬគោលិកាសទេ។ យ៉ាងណាក្ដី បើសរុបសេចក្ដី ជនគ្រីស្ទានខ្លះសម្រេចចិត្តទទួលការព្យាបាលឬប្រើថ្នាំដែលធ្វើពីធាតុផ្សេងៗដែលចំរាញ់ចេញពីសារធាតុសំខាន់ៗនៃឈាម តើដោយអាស្រ័យលើមូលហេតុអ្វី?
អត្ថបទ«សំនួរពីអ្នកអាន»ក្នុងទស្សនាវដ្ដីប៉មយាម ភាសាអង់គ្លេសនិងបារាំង ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៩០ បានកត់សម្គាល់ថា ប្រូតេអ៊ីនដែលនៅក្នុងផ្លាស្មា (ពោលគឺធាតុម្យ៉ាងដែលនៅក្នុងសារធាតុសំខាន់នៃឈាម) អាចឆ្លងកាត់ឈាមស្ត្រីដែលមានគភ៌ ចូលទៅក្នុងប្រព័ន្ធសរសៃឈាមនៃទារក ដែលប្រព័ន្ធសរសៃឈាមទាំងពីរនេះគឺផ្សេងពីគ្នា។ យ៉ាងនេះ ម្ដាយអាចផ្ដល់អ៊ីមុយណូគ្លោប៊ុយលិន (តាមភាសាបារាំង immunoglobuline) ដល់កូនបាន ដែលមានតម្លៃក្នុងការជួយផ្គត់ផ្គង់ប្រព័ន្ធស៊ាំនឹងជំងឺ។ ម្យ៉ាងទៀត នៅពេលដែលគោលិកាក្រហមនៃទារកហួសកំណត់អាយុ ផ្នែកដែលដឹកនាំអុកស៊ីសែននោះក៏ប្រែក្លាយ ខ្លះក្លាយជាប៊ីលីរូប៉ិន (តាមភាសាបារាំង bilirubine) ជាធាតុដែលឆ្លងកាត់សុក ហើយត្រូវបញ្ចេញចោលជាមួយនឹងលាមករបស់ម្ដាយ។ ដោយសារធាតុដ៏តូចផ្សេងៗដែលចំរាញ់ពីសារធាតុសំខាន់ៗនៃឈាមអាចឆ្លងទៅម្ដាយឬទារកបានតាមក្រិត្យក្រមធម្មជាតិនោះ ជនគ្រីស្ទានខ្លះសន្និដ្ឋានថា ពួកគេអាចព្រមទទួលការព្យាបាលឬប្រើថ្នាំដែលធ្វើពីធាតុផ្សេងៗដែលចំរាញ់ចេញពីផ្លាស្មាឬគោលិកាឈាម។
ដោយសារមនុស្សម្នាក់ៗមានទស្សនៈនិងការសម្រេចចិត្តខុសពីគ្នានោះ តើនេះបានន័យថារឿងនេះមិនសំខាន់ឬ? មិនមែនដូច្នេះទេ! រឿងនេះគឺសំខាន់ណាស់! យ៉ាងណាក៏ដោយ រឿងទាក់ទងនឹងឈាមក៏មានគោលសំខាន់ដែលមិនពិបាកយល់ទេ។ ពត៌មានខាងលើនេះបង្ហាញថា ស្មរបន្ទាល់ព្រះយេហូវ៉ាបដិសេធការចាក់បញ្ចូលឈាមសុទ្ធ និងសារធាតុសំខាន់ៗនៃឈាម។ ព្រះគម្ពីរបង្គាប់ពួកគ្រីស្ទានឲ្យ‹ចៀសវាងពីរបស់ដែលបានថ្វាយដល់រូបព្រះ ហើយពីឈាម និងពីសេចក្ដីកំផិត›។ (កិច្ចការ ១៥:២៩) ក្រៅពីចំណុចទាំងនេះ កាលណាទាក់ទងនឹងធាតុដ៏តូចផ្សេងៗដែលចំរាញ់ចេញពីសារធាតុសំខាន់ៗនៃឈាម នោះជនគ្រីស្ទានម្នាក់ៗត្រូវសម្រេចចិត្តឲ្យស្របតាមមនសិការរបស់ខ្លួន ដោយបានអធិស្ឋាននិងរំពឹងគិតយ៉ាងវែងឆ្ងាយអំពីរឿងនេះជាមុនសិន។
មនុស្សជាច្រើនសុខចិត្តទទួលការព្យាបាលឬថ្នាំណាដែលអាចជួយឲ្យជាសះស្បើយភ្លាមៗ សូម្បីតែការព្យាបាលដែលគេដឹងថាអាចមានគ្រោះថ្នាក់ក៏ដោយ ដូចជាការប្រើផលិតផលដែលធ្វើពីឈាម។ ជនគ្រីស្ទានដែលមានចិត្តស្មោះនោះ ខំបណ្ដុះឲ្យមានទស្សនៈទូលំទូលាយហើយមានតុល្យភាព ដែលមិនគ្រាន់តែទាក់ទងនឹងរូបរាងកាយប៉ុណ្ណោះ។ ស្មរបន្ទាល់ព្រះយេហូវ៉ាអបអរនឹងការប្រឹងប្រែងរបស់វេជ្ជសាស្ត្រក្នុងការព្យាបាលជំងឺ ហើយក៏ថ្លឹងថ្លែងនូវផលប្រយោជន៍និងគ្រោះថ្នាក់ពីវិធីព្យាបាលផ្សេងៗដែរ។ ក៏ប៉ុន្តែ រឿងដែលទាក់ទងនឹងផលិតផលដែលចំរាញ់ចេញពីឈាមវិញ នោះស្មរបន្ទាល់ព្រះយេហូវ៉ាក៏យកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះ និងចំណងមេត្រីភាពរបស់ខ្លួនផ្ទាល់ជាមួយនឹងព្រះអង្គដែលប្រទានជីវិត។—ទំនុកដំកើង ៣៦:៩
បណ្ដាគ្រីស្ទានមានពរវិសេសមែន ដោយមានទំនុកចិត្តដូចអ្នកតែងបទទំនុកដំកើងដែលបានសរសេរថា៖ «ព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់ជាព្រះអាទិត្យហើយជាខែល ព្រះយេហូវ៉ាទ្រង់នឹងផ្ដល់ព្រះគុណ ព្រមទាំងកិត្ដិយស ទ្រង់នឹងមិនសំចៃទុករបស់ល្អអ្វីដល់ពួកអ្នកដែលដើរដោយទៀងត្រង់ឡើយ។ ឱព្រះយេហូវ៉ា . . . អើយ! មនុស្សណាដែលទុកចិត្តនឹងទ្រង់ នោះមានពរហើយ»។—ទំនុកដំកើង ៨៤:១១, ១២
[កំណត់សម្គាល់]
a សូមមើល«សំនួរពីអ្នកអាន»ក្នុងទស្សនាវដ្ដីប៉មយាម ឆ្នាំ១៩៧៨ ភាសាអង់គ្លេសចុះថ្ងៃទី១៥ ខែមិថុនា ភាសាបារាំងចុះថ្ងៃទី១៥ ខែកញ្ញា ហើយទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៩៤ (ជាភាសាអង់គ្លេសនិងបារាំង)។ ក្រុមហ៊ុនដែលផលិតថ្នាំពេទ្យបានបង្កើតថ្នាំខ្លះពីធាតុគីមីដែលមិនចំរាញ់ចេញពីឈាមទេ ហើយអាចប្រើក្នុងការព្យាបាលជំនួសធាតុផ្សេងៗដែលចំរាញ់ចេញពីសារធាតុសំខាន់ៗនៃឈាមដែលធ្លាប់ប្រើពីមុន។
[ប្រអប់នៅទំព័រ៣០]
សំនួរដែលយើងអាចសួរគ្រូពេទ្យ
ប្រសិនបើអ្នកត្រូវទទួលការព្យាបាលឬត្រូវវះកាត់ ដែលប្រហែលជាតម្រូវឲ្យប្រើផលិតផលដែលចំរាញ់ចេញពីឈាម សូមសួរថា៖
តើបុគ្គលិកពេទ្យទាំងអស់គ្នាដឹងហើយឬនៅ ថាក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់ ខ្ញុំសូមបង្គាប់ថា កុំចាក់បញ្ចូលឈាមឲ្យសោះ (រួមទាំងឈាមសុទ្ធ គោលិកាក្រហម គោលិកាស ផ្លាកែត និងផ្លាស្មា) មិនថាមានកាលៈទេសៈណាក៏ដោយនោះ?
បើគ្រូពេទ្យចង់ប្រើថ្នាំដែលចំរាញ់ចេញពីសារធាតុណាមួយនៃឈាម មិនថាផ្លាស្មា ផ្លាកែត គោលិកាក្រហម ឬគោលិកាសក្ដី សូមសួរថា៖
តើថ្នាំនេះបានត្រូវផលិតពីសារធាតុសំខាន់ៗណាមួយនៃឈាមឬទេ? បើដូច្នេះមែន សូមឲ្យគ្រូពេទ្យពន្យល់ថា តើថ្នាំនេះផ្សំពីអ្វីខ្លះ?
បើខ្ញុំព្រមទទួលថ្នាំនេះដែលចំរាញ់មកពីឈាម តើនឹងប្រើថ្នាំនេះច្រើនប៉ុនណា? ហើយតាមរបៀបណា?
ប្រសិនបើមនសិការអនុញ្ញាតឲ្យខ្ញុំព្រមទទួលធាតុផ្សេងៗនេះដែលចំរាញ់ចេញពីសារធាតុសំខាន់ៗនៃឈាម តើអាចមានគ្រោះថ្នាក់ឬមានប្រតិកម្មក្នុងការព្យាបាលនេះឬទេ?
ប្រសិនបើមនសិការខ្ញុំមិនឲ្យទទួលយកធាតុផ្សេងៗនេះដែលចំរាញ់ចេញពីសារធាតុសំខាន់ៗនៃឈាម តើគ្រូពេទ្យអាចប្រើវិធីព្យាបាលណាទៀត?
ខ្ញុំសូមគិតពិចារណាសិន។ តើខ្ញុំអាចជួបគ្រូពេទ្យនៅថ្ងៃណាទៀត ដើម្បីប្រាប់ពីការសម្រេចចិត្តរបស់ខ្ញុំ?