អ្នកអានសួរថា . . .
តើបុណ្យណូអែលសម្រាប់គ្រិស្តសាសនិកឬទេ?
មនុស្សរាប់លាននាក់នៅទូទាំងពិភពលោកជឿថាបុណ្យណូអែលជាពិធីបុណ្យខួបកំណើតរបស់លោកយេស៊ូគ្រិស្ត។ ទោះជាយ៉ាងនេះក្ដី តើអ្នកធ្លាប់គិតឬទេថាគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដែលជិតស្និទ្ធបំផុតនឹងលោកយេស៊ូ ធ្វើបុណ្យណូអែលឬមិនធ្វើ? ម្យ៉ាងទៀត តើអ្នកដឹងអ្វីដែលគម្ពីរចែងអំពីបុណ្យខួបកំណើតឬទេ? ការស្វែងរកចម្លើយចំពោះសំណួរទាំងនេះអាចជួយយើងដឹងថាបុណ្យណូអែលគឺសម្រាប់គ្រិស្តសាសនិកឬយ៉ាងណា។
ទី១ គម្ពីរមិនបានរៀបរាប់អំពីបុណ្យខួបកំណើតរបស់លោកយេស៊ូ ឬអ្នកបម្រើស្មោះត្រង់ឯទៀតរបស់ព្រះឡើយ។ គម្ពីររៀបរាប់តែបុគ្គលពីនាក់ប៉ុណ្ណោះដែលបានធ្វើបុណ្យខួបកំណើត។ ពួកគេមិនមែនជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាទេ ហើយក្នុងអំឡុងបុណ្យខួបកំណើតរបស់ពួកគេមានរឿងអាក្រក់កើតឡើង។ (លោកុប្បត្តិ ៤០:២០; ម៉ាកុស ៦:២១) យោងទៅតាមសព្វវចនាធិប្បាយមួយពន្យល់ថា គ្រិស្តសាសនិកនៅសម័យដើមមិនធ្វើ«បុណ្យខួបកំណើតដែលជាទំនៀមទម្លាប់របស់សាសនាមិនពិតទេ» (Encyclopædia Britannica)។
តើលោកយេស៊ូបានកើតនៅពេលណា?
គម្ពីរមិនបានរៀបរាប់ជាក់លាក់អំពីថ្ងៃខែដែលលោកយេស៊ូកើតនោះទេ។ សព្វវចនាធិប្បាយមួយចែងថា៖ «ថ្ងៃកំណើតរបស់គ្រិស្តមិនមាននៅក្នុងគម្ពីរសញ្ញាថ្មី ឬប្រភពឯទៀតឡើយ» (McClintock and Strong’s Cyclopedia)។ បើលោកយេស៊ូចង់ឲ្យអ្នកកាន់តាមលោកធ្វើបុណ្យខួបកំណើតរបស់លោក លោកច្បាស់ជាឲ្យពួកគេដឹងថ្ងៃកំណើតរបស់លោក។
ទី២ គម្ពីរមិនបានចែងថាលោកយេស៊ូ ឬអ្នកកាន់តាមណាម្នាក់របស់លោកបានធ្វើបុណ្យណូអែលឡើយ។ យោងទៅតាមសព្វវចនាធិប្បាយមួយថា ការធ្វើបុណ្យណូអែលបានត្រូវរៀបរាប់ជាលើកទី១«នៅក្នុងប្រតិទិនរបស់លោកហ្វីឡូខាឡឺស ពោលគឺប្រតិទិនរបស់ជនជាតិរ៉ូមពីឆ្នាំ៣៣៦ គ.ស.» (New Catholic Encyclope-dia)។ ដូច្នេះ បុណ្យនេះបានធ្វើក្រោយគម្ពីរបានត្រូវសរសេរចប់ ហើយរាប់រយឆ្នាំក្រោយលោកយេស៊ូស្លាប់។ ហេតុនេះ សព្វវចនាធិប្បាយរបស់លោកម៉ាក់ឃ្លីនថុកនិងលោកស្ត្រងរៀបរាប់ថា៖ «ព្រះមិនបានបង្គាប់ឲ្យធ្វើបុណ្យណូអែលទេ ហើយបុណ្យណូអែលក៏មិនមាននៅក្នុងបទគម្ពីរសញ្ញាថ្មីដែរ»។
តើលោកយេស៊ូបានណែនាំអ្នកកាន់តាមលោកឲ្យធ្វើពិធីរំលឹកអំពីអ្វី?
លោកយេស៊ូដែលជាគ្រូដ៏ល្អប្រសើរបានឲ្យការណែនាំយ៉ាងច្បាស់អំពីអ្វីដែលលោកចង់ឲ្យអ្នកកាន់តាមលោកធ្វើ ហើយការណែនាំទាំងនោះបានត្រូវកត់ទុកក្នុងគម្ពីរ។ ប៉ុន្តែ គ្មានការណែនាំអំពីការធ្វើបុណ្យណូអែលទេ។ ដូចគ្រូនៅសាលាមិនចង់ឲ្យសិស្សរបស់គាត់ធ្វើហួសពីការណែនាំដែលបានឲ្យពួកគេ លោកយេស៊ូក៏មិនចង់ឲ្យអ្នកកាន់តាមលោក«ធ្វើលើសពីអ្វីដែលបានត្រូវសរសេរទុក»ក្នុងគម្ពីរបរិសុទ្ធ។—កូរិនថូសទី១ ៤:៦
ម្យ៉ាងវិញទៀត មានព្រឹត្ដិការណ៍ដ៏សំខាន់មួយដែលគ្រិស្តសាសនិកនៅសម័យដើមបានស្គាល់យ៉ាងច្បាស់ នោះគឺពិធីរំលឹកមរណភាពរបស់លោកយេស៊ូ។ លោកយេស៊ូផ្ទាល់បានប្រាប់អ្នកកាន់លោកអំពីពេលណាធ្វើពិធីនោះ ហើយបានបង្ហាញពួកគេអំពីរបៀបធ្វើដូច្នោះ។ ការណែនាំចំៗទាំងនេះ ព្រមទាំងកាលបរិច្ឆេទនៃមរណភាពរបស់លោក បានត្រូវចែងទុកក្នុងគម្ពីរ។—លូកា ២២:១៩; កូរិនថូសទី១ ១១:២៥
សរុបមក បុណ្យណូអែលគឺជាបុណ្យខួបកំណើត ហើយគ្រិស្តសាសនិកនៅសម័យដើមមិនធ្វើតាមទំនៀមទម្លាប់នោះដែលមកពីសាសនាមិនពិតឡើយ។ លើសពីនេះទៅទៀត គម្ពីរមិនបានរៀបរាប់ថាលោកយេស៊ូ ឬបុគ្គលឯទៀតបានធ្វើបុណ្យណូអែលនោះទេ។ តាមការរៀបរាប់ខាងលើនេះ គ្រិស្តសាសនិករាប់លាននាក់នៅទូទាំងពិភពលោកបានយល់ឃើញថាបុណ្យណូអែលគឺមិនមែនសម្រាប់ពួកគេឡើយ។