ប្រើព្រឹត្ដិការណ៍ថ្មីៗដើម្បីបង្កើតឲ្យមានចំណាប់អារម្មណ៍
១ តើអ្នកចង់មានគំនិតល្អមិនចេះអស់ដែលនឹងរក្សាទុកកិច្ចបំរើរបស់អ្នកឲ្យស្រស់បំព្រងនិងធ្វើឲ្យមនុស្សចាប់អារម្មណ៍ទៅលើសារព្រះគម្ពីរទេ? អ៊ីចឹងហើយ ប្រើអ្វីដែលកំពុងតែកើតឡើងក្នុងពិភពលោកនិងក្នុងសហគមន៍របស់អ្នកដើម្បីចាប់ផ្ដើមការសន្ទនា។ អ្នកអាចប្រើព្រឹត្ដិការណ៍ក្នុងតំបន់និងក្នុងប្រទេសជាតិជាមូលដ្ឋាន។ រឿងបែបនេះចេះតែកែប្រែជានិច្ច។ (កូរិនថូសទី១ ៧:៣១) សូមគិតអំពីឧទាហរណ៍ជាបន្តបន្ទាប់នេះ។
២ បញ្ហាសេដ្ឋកិច្ចនិងថ្លៃទ្រទ្រង់ជីវភាពប្រចាំថ្ងៃគឺពិតជាកង្វល់របស់មនុស្ស។ ដូច្នេះអ្នកប្រហែលជាអាចនិយាយថា:
◼ «តើអ្នកបានឮតាមពត៌មានថា តម្លៃនៃ[ប្រាប់ពីវត្ថុ]កំពុងតែកើនឡើងម្ដងទៀតទេ?» ឬក៏អ្នកប្រហែលជាអាចនិយាយអំពីការខ្វះខាតការងារធ្វើ បើសិនជាក្រុមហ៊ុនធំមួយបានកាត់បន្ថយចំនួនបុគ្គលិកជាច្រើននាក់នោះ។ អាស្រ័យទៅលើរបៀបដែលអ្នកចង់បន្តការពិភាក្សានោះ អ្នកអាចបន្តដោយសួរសំនួរថា៖ «តើអ្នកធ្លាប់ឆ្ងល់ពីមូលហេតុអ្វីដែលការរកស៊ីគឺពិបាកម្ល៉េះ?» ឬក៏«តើអ្នកគិតថាការរកស៊ីនឹងពិបាកអ៊ីចឹងជានិច្ចទេ?»។
៣ សេចក្ដីរាយការណ៍អំពីអំពើហិង្សា ដូចជារឿងធ្វើឲ្យខ្លោចផ្សាដែលកើតឡើងក្នុងក្រុមគ្រួសារ ឬពីចំណោមសិស្សសាលា គឺជាមូលដ្ឋានមួយទៀតសំរាប់ការពិភាក្សា។ អ្នកអាចសួរថា៖
◼ «តើអ្នកបានអានក្នុងកាសែតថា[ប្រាប់ពីរឿងខ្លោចផ្សាមួយក្នុងសហគមន៍]ទេ?»។ ក្រោយនោះសួរថា៖ «តើអ្នកគិតថាការឃោរឃៅបែបនេះក្នុងលោកីយ៍គឺមានមកពីមូលហេតុអ្វី?» ឬក៏ «តើអ្នកគិតថានឹងមានពេលមួយដែលយើងអាចទុកចិត្តថានឹងមានសន្ដិសុខចំពោះខ្លួនឯងទេ?»។
៤ ពត៌មានអំពីទឹកជំនន់ដែលបំផ្លិចបំផ្លាញ រញ្ជួយដី ចលាចលស៊ីវិលនៅកន្លែងផ្សេងៗលើផែនដី ក៏ជាអ្វីទៀតសំរាប់ការបង្កើតនូវចំណាប់អារម្មណ៍។ ជាឧទាហរណ៍ អ្នកអាចសួរថា៖
◼ «តើព្រះជាអ្នកទទួលខុសត្រូវចំពោះ [ប្រាប់ពីមហន្តរាយធម្មជាតិមួយ]នោះទេ?» ឬក៏ អ្នកក៏អាចនិយាយពីចលាចលស៊ីវិលដែលបានកើតឡើងនៅថ្មីៗ និងនិយាយថា៖ «បើសិនជាមនុស្សទាំងអស់គ្នាចង់បានសន្ដិភាព ហេតុអ្វីសន្ដិភាពគឺពិបាកបានសម្រេចម្ល៉េះ?»។
៥ ចូរយកចិត្តទុកដាក់រកព្រឹត្ដិការណ៍ថ្មីៗដែលអ្នកអាចប្រើក្នុងពាក្យផ្ដើមរបស់អ្នក។ យោបល់ល្អៗអាចត្រូវរកឃើញក្រោមចំណងជើងថា៖ «ព្រឹត្ដិការណ៍ថ្មីៗ» នៅទំព័រ៣ ក្នុងកូនសៀវភៅរបៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ។ ក៏ប៉ុន្តែ ជៀសវាងពីការគាំទ្រខាងណាក្នុងរឿងនយោបាយឬក៏រឿងសង្គម។ ផ្ទុយទៅវិញ បញ្ជាក់ពីបទគម្ពីរនិងនាំឲ្យយល់ថាព្រះរាជាណាចក្ររបស់ព្រះជាដំណោះស្រាយអចិន្ត្រៃយ៍តែមួយគត់ចំពោះបញ្ហារបស់មនុស្សជាតិ។