ចូរយកចិត្តទុកដាក់នឹងម្ចាស់ផ្ទះដោយចេះប្រែប្រួល
១ សាវ័កប៉ុលបានតាំងគំរូដ៏ល្អដោយចេះប្រែប្រួលជានិច្ចនូវរបៀបដែលគាត់ផ្សាយដំណឹងល្អស្របទៅតាមប្រវត្ដិនិងចិត្តគំនិតរបស់អ្នកស្ដាប់។ (១កូ. ៩:១៩-២៣) យើងគួរខំប្រឹងធ្វើដូចគ្នាដែរ។ តាមធម្មតា ដោយគិតទុកជាមុន យើងអាចកែប្រែពាក្យផ្សាយគំរូដែលមាននៅក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងឲ្យស្របនឹងសេចក្ដីត្រូវការរបស់មនុស្សនៅក្នុងតំបន់ផ្សាយរបស់យើង។ ពេលយើងទៅជួបម្ចាស់ផ្ទះ យើងប្រហែលកត់សម្គាល់អ្វីដែលធ្វើឲ្យគាត់ចាប់អារម្មណ៍ ហើយយើងកែពាក្យផ្សាយឲ្យត្រូវនឹងរឿងនោះ។ ក៏ប៉ុន្តែ នៅមានរបៀបមួយទៀតដែលយើងអាចប្រែប្រួលក្នុងកិច្ចបំរើផ្សាយរបស់យើងបានដែរ។
២ ចូរយកចិត្តទុកដាក់ស្ដាប់: ជារឿយៗ ពេលផ្សាយដំណឹងល្អ យើងសួរសំណួរមួយហើយអញ្ជើញម្ចាស់ផ្ទះឲ្យឆ្លើយ។ តើអ្នកគិតយ៉ាងណាអំពីចម្លើយនោះ? តើអ្នកមានទំនោរចិត្តតែឆ្លើយបាទៗឲ្យរួចពីមាត់ ហើយបន្ទាប់មកនិយាយតាមពាក្យផ្សាយដែលអ្នកបានរៀបចំទុកជាមុនឬ? ឬតើអ្វីដែលអ្នកនិយាយបង្ហាញថាអ្នកយកចិត្តទុកដាក់ស្ដាប់យោបល់របស់ម្ចាស់ផ្ទះ? បើអ្នកយកចិត្តទុកដាក់ដ៏ស្មោះអំពីអ្វីដែលអ្នកឯទៀតនិយាយនោះ អ្នកអាចសួរសំណួរដ៏ប៉ិនប្រសប់បន្ថែមទៀតដើម្បីឲ្យដឹងអំពីអ្វីដែលនៅក្នុងចិត្តរបស់ពួកគេពិតប្រាកដ។ (សុ. ២០:៥) យ៉ាងនេះ អ្នកអាចផ្ដោតអារម្មណ៍ទៅលើផ្នែកផ្សេងៗនៃសារព្រះរាជាណាចក្រដែលទាក់ទងយ៉ាងចំៗនឹងកង្វល់កង្វាយរបស់អ្នកស្ដាប់។
៣ នេះតម្រូវឲ្យយើងសុខចិត្តនិយាយអំពីរឿងផ្សេងទៀតក្រៅពីរឿងដែលយើងគ្រោងទុកសំរាប់ពិភាក្សាជាមួយគាត់។ ប្រសិនបើយើងចាប់ផ្ដើមនិយាយអំពីបញ្ហាណាមួយដែលចុះផ្សាយក្នុងប្រព័ន្ធព័ត៌មាន ហើយម្ចាស់ផ្ទះនិយាយអំពីបញ្ហានៅក្នុងតំបន់ឬបញ្ហាផ្ទាល់ខ្លួននោះ ការយកចិត្តទុកដាក់ដ៏ស្មោះចំពោះសេចក្ដីត្រូវការរបស់ម្ចាស់ផ្ទះនឹងជំរុញចិត្តយើងឲ្យពិភាក្សាអំពីអ្វីដែលសំខាន់បំផុតចំពោះគាត់ដោយផ្អែកលើព្រះគម្ពីរ។—ភី. ២:៤
៤ ជម្រើសប្រធានបទ: កាលណាម្ចាស់ផ្ទះលើកសំណួរណាមួយ យកល្អយើងគួរបន្តពិភាក្សានៅពេលក្រោយ បន្ទាប់ពីបានរកមើលព័ត៌មានបន្ថែមទៀត។ យើងក៏អាចស្នើផ្ដល់ប្រកាសនវត្ថុដែលពន្យល់លំអិតអំពីរឿងនោះដែរ។ បើយើងធ្វើដូច្នេះ នោះបង្ហាញថាយើងយកចិត្តទុកដាក់ដ៏ស្មោះជួយអ្នកឯទៀតឲ្យបានស្គាល់ព្រះយេហូវ៉ា។—២កូ. ២:១៧