១១៣
ប៉ុលនៅក្នុងក្រុងរ៉ូម
សូមក្រឡេកមើលច្រវាក់ដែលជាប់នឹងដៃប៉ុល និងទាហានសាសន៍រ៉ូមម្នាក់ដែលកំពុងតែឈរយាមគាត់។ ប៉ុលជាអ្នកជាប់គុកនៅក្រុងរ៉ូម។ គាត់កំពុងតែរង់ចាំរហូតដល់សេសារសម្រេចធ្វើយ៉ាងណានឹងគាត់។ កាលដែលគាត់ជាអ្នកជាប់គុក គេបានអនុញ្ញាតឲ្យប្រជាជនមកលេងគាត់។
ក្រោយពីបានមកដល់ក្រុងរ៉ូមបីថ្ងៃមក ប៉ុលក៏ផ្ដាំឲ្យពួកមេដឹកនាំសហគមន៍សាសន៍យូដាមកជួបនឹងគាត់។ ជាលទ្ធផល ពួកយូដានៅក្រុងរ៉ូមជាច្រើនបានមក។ ប៉ុលផ្សាយទៅពួកគេអំពីព្រះយេស៊ូវនិងព្រះរាជាណាចក្ររបស់ព្រះ។ អ្នកខ្លះបានជឿហើយក៏ទៅជាជនគ្រីស្ទាន ប៉ុន្តែអ្នកឯទៀតមិនជឿទេ។
ចំពោះទាហានផ្សេងៗដែលមានកិច្ចការយាមគាត់នោះ ប៉ុលក៏ផ្សាយដល់ពួកគេដែរ។ អស់រយៈពីរឆ្នាំដែលគាត់បានជាប់គុកនៅទីនេះ ប៉ុលបានផ្សាយដល់គ្រប់មនុស្សដែលគាត់អាចធ្វើទៅបាន។ ជាលទ្ធផល សូម្បីតែពួកគ្រួសារនៃសេសារក៏ឮដំណឹងល្អអំពីព្រះរាជាណាចក្រដែរ ហើយពួកគេខ្លះក៏បានទៅជាជនគ្រីស្ទាន។
ប៉ុន្តែ តើភ្ញៀវដែលកំពុងតែអង្គុយសរសេរនឹងតុនេះ ជាអ្នកណា? តើអ្នកអាចស្មានបានទេ? ត្រូវហើយ នេះជាធីម៉ូថេ។ ធីម៉ូថេក៏បានជាប់គុកដោយសារតែការផ្សាយអំពីព្រះរាជាណាចក្រ ប៉ុន្តែគាត់បានរួចខ្លួនហើយ។ ហើយគាត់បានមកទីនេះដើម្បីជួយប៉ុល។ តើអ្នកដឹងធីម៉ូថេកំពុងតែសរសេរអ្វីទេ? សូមឲ្យយើងពិនិត្យមើល។
តើអ្នកនៅចាំក្រុងភីលីពនិងក្រុងអេភេសូរនៅក្នុងរឿងទី១១០ទេ? ប៉ុលបានជួយផ្ដើមបង្កើតក្រុមជំនុំគ្រីស្ទានជាច្រើននៅក្នុងក្រុងទាំងនោះ។ ឥឡូវនេះកាលដែលគាត់នៅជាប់គុក ប៉ុលក៏សរសេរសំបុត្រទៅពួកគ្រីស្ទានទាំងនេះ។ សំបុត្រទាំងនេះគឺនៅក្នុងព្រះគម្ពីរ ហើយត្រូវបានហៅជាអេភេសូរនិងភីលីព។ ឥឡូវនេះ ប៉ុលកំពុងតែប្រាប់ធីម៉ូថេឲ្យសរសេរទៅមិត្តគ្រីស្ទានរបស់គេនៅក្រុងភីលីព។
ពួកជនគ្រីស្ទាននៃក្រុងភីលីពបានមានចិត្តល្អចំពោះប៉ុលណាស់។ ពួកគេបានផ្ញើអំណោយមកឲ្យគាត់នៅឯគុក ដូច្នេះហើយ បានជាប៉ុលសម្ដែងសេចក្ដីអំណរគុណដល់គេវិញ។ អេប៉ាប្រូឌីតជាបុរសដែលបានយកអំណោយមកឲ្យ។ ប៉ុន្តែ គាត់បានឈឺស្ទើរតែនឹងស្លាប់។ ឥឡូវនេះគាត់បានជាហើយៗបំរុងនឹងទៅផ្ទះវិញ។ គាត់នឹងយកសំបុត្រពីប៉ុលនិងធីម៉ូថេទៅជាមួយគាត់ នៅពេលដែលគាត់ត្រឡប់ទៅក្រុងភីលីពវិញ។
កាលដែលប៉ុលនៅជាប់គុក គាត់ក៏បានសរសេរសំបុត្រពីរច្បាប់ទៀត ដែលយើងមាននៅក្នុងព្រះគម្ពីរ។ សំបុត្រមួយសំរាប់ជនគ្រីស្ទាននៅក្រុង កូល៉ុស។ តើអ្នកដឹងឈ្មោះសំបុត្រនេះទេ? គឺឈ្មោះកូល៉ុស។ សំបុត្រមួយទៀត ជាសំបុត្រផ្ទាល់ខ្លួនជូនចំពោះមិត្តស្និទ្ធស្នាលម្នាក់ឈ្មោះ ភីលេម៉ូន ដែលរស់នៅក្រុងកូល៉ុសដែរ។ សំបុត្រនេះស្តីអំពីអ្នកបំរើរបស់ភីលេម៉ូនម្នាក់ឈ្មោះអូនេស៊ីម។
អូនេស៊ីមបានរត់ចេញពីភីលេម៉ូន ហើយក៏បានមកនៅក្រុងរ៉ូម។ មិនដឹងជាអូនេស៊ីមទទួលដំណឹងពីអ្នកណាទេ តែគាត់បានដឹងឮអំពីប៉ុលជាប់គុកនៅទីនេះ។ គាត់ក៏មកលេង ហើយប៉ុលបានផ្សាយដល់អូនេស៊ីម។ បន្ដិចក្រោយមក អូនេស៊ីមក៏បានទៅជាជនគ្រីស្ទានម្នាក់។ ឥឡូវនេះ អូនេស៊ីមគាត់មានចិត្តស្ដាយណាស់ ដែលគាត់បានរត់ចេញពីភីលេម៉ូននោះ។ ដូច្នេះ តើអ្នកដឹងថាប៉ុលសរសេរអ្វីនៅក្នុងសំបុត្រនេះទៅភីលេម៉ូនទេ?
ប៉ុលសុំឲ្យភីលេម៉ូនអត់ទោសដល់អូនេស៊ីម។ ប៉ុលសរសេរថា៖ ‹ខ្ញុំនឹងជូនគាត់ទៅអ្នកវិញ ប៉ុន្តែឥឡូវនេះ គាត់មិនគ្រាន់តែជាអ្នកបំរើរបស់អ្នកទេ។ គាត់ជាជនគ្រីស្ទានដ៏ល្អម្នាក់ដែរ›។ នៅពេលដែលអូនេស៊ីមទៅក្រុងកូល៉ុសវិញ គាត់ក៏យកសំបុត្រពីរនេះទៅជាមួយគាត់ដែរ មួយសំរាប់ជូនដល់ពួកជនគ្រីស្ទានកូល៉ុស ហើយមួយទៀតសំរាប់ភីលេម៉ូន។ យើងអាចនឹកស្មានថា ភីលេម៉ូនច្បាស់ជាសប្បាយចិត្តណាស់ នៅពេលដែលគាត់ដឹងថាអ្នកបំរើរបស់គាត់បានទៅជាគ្រីស្ទានម្នាក់នោះ។
នៅពេលប៉ុលសរសេរទៅពួកជនគ្រីស្ទានភីលីពនិងភីលេម៉ូន គាត់មានដំណឹងល្អខ្លះសំរាប់ពួកគេ។ ប៉ុលប្រាប់ពួកជនគ្រីស្ទានភីលីពថា៖ ‹ខ្ញុំបញ្ជូនធីម៉ូថេទៅឯអ្នក ប៉ុន្តែបន្ដិចទៀតខ្ញុំក៏នឹងទៅលេងអ្នករាល់គ្នាដែរ›។ ហើយចំពោះភីលេម៉ូន គាត់សរសេរថា៖ ‹ចូររកកន្លែងឲ្យខ្ញុំស្នាក់នៅជាមុនផង›។
នៅពេលដែលប៉ុលត្រូវបានលែងពីគុក គាត់បានទៅលេងបងប្អូនប្រុសស្រីគ្រីស្ទាននៅកន្លែងជាច្រើន។ ប៉ុន្តែ ក្រោយមកប៉ុលក៏ត្រូវជាប់គុកនៅក្រុងរ៉ូមម្ដងទៀត។ គាត់ដឹងថា គេនឹងសម្លាប់គាត់ហើយម្ដងនេះ។ ដូច្នេះ គាត់ក៏សរសេរសំបុត្រទៅធីម៉ូថេឲ្យមកជាប្រញាប់។ ប៉ុលសរសេរថា៖ ‹ខ្ញុំបានមានចិត្តស្មោះត្រង់ចំពោះព្រះ ហើយព្រះនឹងប្រទានអំណោយដល់ខ្ញុំ›។ ក្រោយពីប៉ុលបានស្លាប់ពីរបីឆ្នាំមក ក្រុងយេរូសាឡិមត្រូវបានកំទេចចោលម្ដងទៀត ហើយម្ដងនេះគឺត្រូវកំទេចដោយពួករ៉ូម។
ប៉ុន្តែ មានរឿងជាច្រើនទៀតនៅក្នុងព្រះគម្ពីរ។ ព្រះយេហូវ៉ាបានចាត់ឲ្យសាវកយ៉ូហានកត់ទុក ក្នុងសៀវភៅគម្ពីរចុងក្រោយបង្អស់ខ្លះៗ រួមទាំងសៀវភៅគម្ពីរវិវរណៈ។ សៀវភៅគម្ពីរនេះប្រាប់អំពីអនាគតកាល។ ឥឡូវនេះ សូមឲ្យយើងរៀនអំពីព្រឹត្ដិការណ៍ជាច្រើនទៀតនៅអនាគតកាល។
កិច្ចការ ២៨:១៦-៣១; ភីលីព ១:១៣; ២:១៩-៣០; ៤:១៨-២៣; ហេព្រើរ ១៣:២៣; ភីលេម៉ូន ១-២៥; កូល៉ុស ៤:៧-៩; ធីម៉ូថេទី២ ៤:៧-៩