តើមានសេចក្ដីសង្ឃឹមអ្វីសម្រាប់មនុស្សដែលយើងស្រឡាញ់ដែលបានស្លាប់ទៅ?
«បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ?» សំនួរនេះលោកយ៉ូបបានសួរជាយូរយារណាស់មកហើយ។ (យ៉ូប ១៤:១៤) អ្នកប្រហែលជាមានការងឿងឆ្ងល់អំពីរឿងនេះដែរ។ តើអ្នកនឹងមានអារម្មណ៍យ៉ាងណាដែរ កាលណាអ្នកដឹងថា អ្នកអាចជួបមនុស្សដ៏ជាទីស្រឡាញ់របស់អ្នកម្ដងទៀត នៅលើផែនដីដែលប្រកបដោយស្ថានភាពដ៏ល្អបំផុតនេះ?
ព្រះគម្ពីរសន្យាថា៖ «ឯពួកស្លាប់របស់ឯង គេនឹងរស់ទៀត គេនឹងរស់ឡើងវិញ»។ ហើយព្រះគម្ពីរបានចែងដែរថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—អេសាយ ២៦:១៩; ទំនុកដំកើង ៣៧:២៩
ដើម្បីឱយមានការទុកចិត្តយ៉ាងពិតប្រាកដនឹងសេចក្ដីសន្យាទាំងនេះ យើងត្រូវឆ្លើយនូវសំនួរសំខាន់ៗដូចតទៅ៖ តើហេតុអ្វីបានជាមនុស្សត្រូវស្លាប់? តើមនុស្សដែលបានស្លាប់ស្ថិតនៅឯណា? ហើយតាមរបៀបណាដែលយើងអាចដឹងជាពិតប្រាកដថា គេអាចរស់ឡើងវិញ?
សេចក្ដីស្លាប់ ហើយអ្វីៗដែលកើតមានឡើងនៅពេលដែលមនុស្សយើងស្លាប់
ព្រះគម្ពីរបានសំដែងយ៉ាងច្បាស់ថា តាំងពីដើមមក ព្រះមិនចង់ឱយមនុស្សលោកយើងស្លាប់ទេ។ ព្រះទ្រង់បានបង្កើតមនុស្សប្រុសនិងស្រីដំបូង ហើយបានដាក់គេក្នុងទីមនោរមមួយ ឈ្មោះអេដែននៅលើផែនដី ហើយទ្រង់បានប្រាប់ឱយគេបង្កើតកូន ហើយលាតទីមនោរមរបស់គេឱយពេញលើផែនដីទាំងមូល។ ពួកគេនឹងត្រូវស្លាប់បើសិនជាគេលែងស្ដាប់បង្គាប់បញ្ញត្តទ្រង់ប៉ុណ្ណោះ។—លោកុប្បត្តិ ១:២៨; ២:១៥-១៧
ដោយព្រោះគេខ្វះសេចក្ដីអបអរចំពោះសេចក្ដីសប្បុរសរបស់ព្រះ អ័ដាមនិងអេវ៉ាបានឈប់គោរពទ្រង់ ហើយគេត្រូវទទួលសេចក្ដីកាត់ទោសតាមសេចក្ដីដែលព្រះបានបន្ទូលហើយ។ ព្រះមានបន្ទូលទៅអ័ដាមទៀតថា៖ «ឯងនឹងត្រឡប់ទៅជាដីវិញ» «ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ» (លោកុប្បត្តិ ៣:១៩) មុនពេលដែលព្រះទ្រង់បានបង្កើតអ័ដាមនោះ គ្មានអ័ដាមទេ គឺមានតែដីប៉ុណ្ណោះ។ ហើយដោយព្រោះគាត់បានធ្វើបាប ឬឈប់ស្ដាប់បង្គាប់ដល់ទ្រង់ អ័ដាមបានទទួលសេចក្ដីកាត់ទោសឱយត្រឡប់ទៅជាដីវិញ គឺនឹងមិនមាននៅទៀតឡើយ។
ដូច្នេះហើយ សេចក្ដីស្លាប់មានន័យថា គ្មានជីវិតទេ។ ព្រះគម្ពីរបានសំដែងសេចក្ដីខុសពីគ្នាដោយចែងថា៖ «ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្ដីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច» (រ៉ូម ៦:២៣) ក្នុងការបង្ហាញថាសេចក្ដីស្លាប់គឺភាពមិនដឹងខ្លួនអ្វីទាំងអស់ ព្រះគម្ពីរបានចែងថា៖ «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ ឥតដឹងអ្វីឡើយ» (សាស្ដា ៩:៥) នៅពេលដែលមនុស្សស្លាប់ ព្រះគម្ពីរពន្យល់ថា៖ «គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។—ទំនុកដំកើង ១៤៦:៣, ៤
ប៉ុន្តែ គឺអ័ដាមនិងអេវ៉ាទេដែលមិនបានស្ដាប់បង្គាប់ដល់ព្រះនៅសួនអេដែននោះ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សយើងទាំងអស់គ្នាត្រូវស្លាប់ដែរ? គឺពីព្រោះយើងទាំងអស់គ្នាបានកើតឡើងក្រោយពេលដែលអ័ដាមឈប់ស្ដាប់បង្គាប់ដល់ព្រះ ដូច្នេះហើយបានជាយើងទាំងអស់គ្នាទទួលអំពើបាបជាមរដកពីគាត់។ គឺដូចព្រះគម្ពីរពន្យល់ថា៖ «ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់[អ័ដាម] ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ»។—រ៉ូម ៥:១២; យ៉ូប ១៤:៤
ប៉ុន្តែអ្នកខ្លះប្រហែលជានឹងសួរថា៖ ‹តើមនុស្សលោកមិនមានព្រលឹងដ៏មិនចេះស្លាប់ដែលអាចរស់នៅតទៅទៀត ក្រោយពេលមនុស្សស្លាប់ទៅឬ?› មនុស្សជាច្រើនបានបង្រៀនរបៀបនេះហើយនិយាយថា សេចក្ដីស្លាប់ជាទ្វារមួយដែលនាំទៅឯជីវិតដទៃទៀត។ ប៉ុន្តែ គំនិតនេះមិនមែនមកពីព្រះគម្ពីរទេ ផ្ទុយទៅវិញ បន្ទូលរបស់ព្រះបង្រៀនថា អ្នកគឺជាព្រលឹងមួយ ហើយព្រលឹងរបស់អ្នកគឺពិតជាខ្លួនអ្នក ទាំងមានគុណភាពទាំងប៉ុន្មានរបស់អ្នកខាងរូបកាយ និងចិត្តគំនិត។ (លោកុប្បត្តិ ២:៧; យេរេមា ២:៣៤; សុភាសិត ២:១០) ម្យ៉ាងទៀត ព្រះគម្ពីរបានចែងថា៖ «ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះឯងនឹងត្រូវស្លាប់វិញ» (អេសេគាល ១៨:៤) ព្រះគម្ពីរមិនដែលបង្រៀនថា មនុស្សមានព្រលឹងដ៏មិនចេះស្លាប់ ដែលអាចរស់នៅក្រោយពេលដែលរូបកាយខ្លួនបានស្លាប់ទៅនោះឡើយ។
តាមរបៀបណាដែលមនុស្សលោកអាចរស់ឡើងវិញ
ក្រោយពេលដែលអំពើបាបនិងសេចក្ដីស្លាប់បានចូលមកក្នុងលោកីយនេះ ព្រះបានសំដែងថា ទ្រង់មានបំណងព្រះហឫទ័យនឹងធ្វើមនុស្សស្លាប់ឱយរស់ជាថ្មី ដោយសារសេចក្ដីប្រោសឱយរស់ឡើងវិញ។ ព្រះគម្ពីរពន្យល់ដូច្នេះថា៖ «អ័ប្រាហាំ . . . បានរាប់ថា ព្រះទ្រង់អាចនឹងប្រោស[កូនអ៊ីសាក់] ឱយរស់ពីស្លាប់ឡើងវិញបានផង» (ហេព្រើរ ១១:១៧-១៩) ការទុកចិត្តរបស់អ័ប្រាហាំគឺត្រឹមត្រូវហើយ ពីព្រោះព្រះគម្ពីរបានសំដែងអំពីព្រះដែលមានព្រះចេស្ដាបំផុតថា៖ «ដ្បិតទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ ព្រោះ[គេ]ទាំងអស់រស់សំរាប់ទ្រង់»។—លូកា ២០:៣៧, ៣៨
ប្រាកដហើយ ព្រះដ៏មានព្រះចេស្ដាបំផុតនោះមិនមានត្រឹមតែកម្លាំងប៉ុណ្ណោះទេ គឺទ្រង់មានព្រះទ័យនឹងប្រោសឱយរស់ឡើងវិញគ្រប់ៗគ្នាដែលទ្រង់ជ្រើសរើសដែរ។ ព្រះយេស៊ូវគ្រីស្ទមានបន្ទូលដោយខ្លួនទ្រង់ថា៖ «កុំឱយឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»។—យ៉ូហាន ៥:២៨, ២៩; កិច្ចការ ២៤:១៥
មិនយូរប៉ុន្មានក្រោយពេលដែលព្រះយេស៊ូវបានបន្ទូលពាក្យនេះ ទ្រង់បានប្រទះជួបក្បួនហែបុណ្យខ្មោចចេញពីទីក្រុងណាអ៊ីននៃស្រុកអ៊ីស្រាអែល។ មនុស្សដែលស្លាប់គឺបុរសក្មេងជាកូនតែមួយគត់របស់ស្ត្រីមេម៉ាយម្នាក់។ នៅពេលដែលព្រះយេស៊ូវបានឃើញសេចក្ដីទុក្ខព្រួយយ៉ាងខ្លាំងរបស់នាង នោះទ្រង់មានព្រះហឫទ័យក្ដួលអាណិតណាស់។ ដូច្នេះទ្រង់បានបញ្ជាដល់សពនោះថា៖ «អ្នកកំឡោះអើយ ខ្ញុំបង្គាប់អ្នកថា ចូរក្រោកឡើង!» អ្នកដែលស្លាប់នោះក៏ក្រោកអង្គុយ រួចព្រះយេស៊ូវប្រគល់គាត់ដល់ម្ដាយវិញ។—លូកា ៧:១១-១៧
ដូចក្នុងរឿងនៃស្ត្រីមេម៉ាយនោះ គឺមានការសប្បាយអស្ចារ្យដែរ នៅពេលដែលព្រះយេស៊ូវបានយាងទៅផ្ទះយ៉ៃរ៉ុសជាមេសាលាប្រជុំនៃជនជាតិយូដា។ កូនស្រីរបស់គាត់ដែលមានអាយុ១២ឆ្នាំបានស្លាប់ទៅហើយ។ ប៉ុន្តែកាលដែលព្រះយេស៊ូវបានយាងមកដល់ផ្ទះយ៉ៃរ៉ុស ទ្រង់បានយាងទៅកន្លែងក្មេងស្លាប់នោះហើយមានបន្ទូលថា៖ «កូនអើយចូរក្រោកឡើង!» ហើយនាងក៏ក្រោកឡើងមែន!—លូកា ៨:៤០-៥៦
ក្រោយមក ឡាសារដែលជាសំឡាញ់នៃព្រះយេស៊ូវក៏បានស្លាប់ដែរ។ ពេលព្រះយេស៊ូវយាងមកដល់ផ្ទះឡាសារ គាត់បានស្លាប់អស់៤ថ្ងៃហើយ។ ថ្វីបើបងស្រីគាត់ឈ្មោះម៉ាថាមានសេចក្ដីទុក្ខព្រួយជាខ្លាំងយ៉ាងណាក៏ដោយ នាងបាននិយាយដោយសេចក្ដីសង្ឃឹមថា៖ «ខ្ញុំដឹងថានៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ» ប៉ុន្តែ ព្រះយេស៊ូវបានយាងទៅដល់ផ្នូរ បញ្ជាឱយគេយកទ្វារថ្មចេញ ហើយបន្ទូលថា៖ «ឡាសារអើយចូរចេញមក!» ហើយគាត់ក៏បានចេញមកមែន!—យ៉ូហាន ១១:១១-៤៤
ឥឡូវសូមអញ្ជើញគិតអំពីរឿងនេះ តើឡាសារមានស្ថានភាពយ៉ាងណាក្នុងរយ:ពេល៤ថ្ងៃដែលគាត់បានស្លាប់នោះ? ឡាសារមិនបាននិយាយអ្វីៗអំពីសេចក្ដីសុខសាន្តនៅស្ថានសួគ៌ ឬក៏និយាយអំពីសេចក្ដីទុក្ខវេទនានៅក្នុងនរកនោះទេ ហើយគាត់ប្រាកដជានឹងនិយាយប្រាប់ដូច្នោះ បើសិនជាគាត់បានទៅឃើញកន្លែងនោះមែន។ មិនមែនទេ ឡាសារឥតដឹងអ្វីទាំងអស់ក្នុងសេចក្ដីស្លាប់ ហើយគាត់នឹងនៅតែឥតដឹងអ្វីដដែលរហូតដល់«ថ្ងៃចុងបំផុតកាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ» បើព្រះយេស៊ូវនៅពេលនោះមិនបានប្រោសគាត់ឱយរស់ឡើងវិញទេ។
ជាការពិត ដែលអព្ភូតហេតុទាំងនេះរបស់ព្រះយេស៊ូវ បានឱយផលប្រយោជន៍ជាបណ្ដោះអាសន្នប៉ុណ្ណោះ ពីព្រោះអស់អ្នកដែលទ្រង់បានប្រោសឱយរស់ឡើងវិញបានស្លាប់ទៅវិញទៀត។ ប៉ុន្តែ ទ្រង់បានសំដែងភស្តុតាង១.៩០០ឆ្នាំមុននេះថា គឺដោយបារមីរបស់ព្រះ មនុស្សដែលស្លាប់អាចរស់ឡើងវិញបាន! ដូច្នេះ ដោយសារអព្ភូតហេតុរបស់ទ្រង់ដែលបានសំដែងបន្ដិចបន្តួចនេះ ព្រះយេស៊ូវបង្ហាញឱយឃើញថាកិច្ចការទាំងនេះនឹងកើតមានឡើងលើផែនដីនៅក្រោមអាណាចក្ររបស់ព្រះ។
ពេលញាតិមិត្តជាទីស្រឡាញ់បានស្លាប់ទៅ
នៅពេលដែលសេចក្ដីស្លាប់ដែលជាសត្រូវបានកើតឡើង អ្នកនឹងអាចមានសេចក្ដីទុក្ខព្រួយជាខ្លាំង ថ្វីបើអ្នកប្រហែលជាជឿទៅលើសេចក្ដីរស់ពីស្លាប់ឡើងវិញក៏ដោយ។ លោកអ័ប្រាហាំមានជំនឿថាប្រពន្ធគាត់នឹងរស់ឡើងវិញ ក៏ប៉ុន្តែយើងអានថា៖ «អ័ប្រាហាំក៏មក ដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា» (លោកុប្បត្តិ ២៣:២) ហើយ ចុះព្រះយេស៊ូវវិញតើទ្រង់បានធ្វើយ៉ាងណា? ពេលឡាសារបានស្លាប់ទៅ ទ្រង់«មានសេចក្ដីរំជួលទាំងក្នាញ់ក្នុងព្រះហឫទ័យ» ហើយពេលក្រោយបន្ដិចមក «ក៏ទ្រង់ព្រះកន្សែង (យំ)» (យ៉ូហាន ១១:៣៣, ៣៥) ដូច្នេះ ពេលអ្នកណាមួយដែលអ្នកស្រឡាញ់ស្លាប់ទៅនោះ មិនមែនមានន័យថាខ្លួនអ្នកខ្សោយទេ ពេលណាអ្នកយំសោក។
កាលណាកូនក្មេងស្លាប់នៅ ជាពិសេស ម្ដាយគេមានការលំបាកណាស់។ ដូច្នេះហើយ ព្រះគម្ពីរបានសំដែងនូវសេចក្ដីព្រួយលំបាកដ៏ខ្លាំងដែលម្ដាយមានក្នុងចិត្ត។ (ពង្សាវតារក្សត្រទី២ ៤:២៧) ហ្នឹងហើយ នេះក៏ពិបាកសំរាប់ឱពុករបស់អ្នកណាមួយដែលបានស្លាប់ដែរ។ «ស៊ូឱយអញបានស្លាប់ជំនួសឯង» ស្តេចដាវីឌបានទួញសោកដោយពាក្យនេះ នៅពេលដែលអាប់សាឡំមជាកូនប្រុសរបស់ទ្រង់បានស្លាប់ទៅ។—សាំយូអែលទី២ ១៨:៣៣
ប៉ុន្តែ ដោយព្រោះអ្នកឥឡូវនេះមានសេចក្ដីទុកចិត្តចំពោះសេចក្ដីរស់ឡើងវិញនោះ សេចក្ដីសោកស្ដាយរបស់អ្នកនឹងមិនមានបន្ទុកដ៏ធ្ងន់ជាដរាបនោះទេ។ គឺដូចជាព្រះគម្ពីរបានចែងថា អ្នកនឹង «មិនកើតទុក្ខព្រួយ ដូចជាអ្នកឯទៀតដែលគ្មានសង្ឃឹម» នោះទេ។ (ថែស្សាឡូនីចទី១ ៤:១៣) ផ្ទុយទៅវិញ អ្នកនឹងចូលទៅជិតព្រះដោយសេចក្ដីអធិស្ឋាន ហើយព្រះគម្ពីរសន្យាថា «ទ្រង់នឹងជួយទប់ទល់អ្នក»។—ទំនុកដំកើង ៥៥:២២
បើគ្មានការបញ្ជាក់ថែមទៀតទេនោះ អត្ថបទនៃព្រះគម្ពីរនៅក្នុងព្រឹត្ដិប័ត្រនេះ បានដកស្រង់ចេញពីសេចក្ដីបកប្រែជាភាសាខ្មែរ ពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដែលផ្សាយចេញក្នុងឆ្នាំ១៩៥៤។