ជំពូកទី៤០
មេរៀនមួយស្តីអំពីសេចក្ដីមេត្ដាករុណា
ក្រោយទ្រង់ប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញនៅក្រុងណាអ៊ីន ព្រះយេស៊ូប្រហែលជាគង់នៅក្នុងក្រុងនោះនៅឡើយ ឬក៏ប្រហែលជាទ្រង់យាងទៅលេងទីក្រុងមួយនៅជិតនោះ។ នោះមានបុរសម្នាក់ខាងគណៈផារីស៊ីឈ្មោះស៊ីម៉ូនមានចិត្តប្រាថ្នាចង់ស្គាល់បុគ្គលដែលកំពុងធ្វើកិច្ចការដ៏អស្ចារ្យនេះឲ្យបានច្បាស់។ ដូច្នេះគាត់ក៏អញ្ជើញព្រះយេស៊ូឲ្យទៅសោយព្រះស្ងោយជាមួយនឹងគាត់។
ដោយចាត់ទុកគ្រានេះជាឱកាសដើម្បីបំរើអស់អ្នកដែលមានវត្តមាន នោះព្រះយេស៊ូក៏យល់ព្រមនឹងសេចក្ដីអញ្ជើញនេះ ដូចជាទ្រង់បានយល់ព្រមនឹងការអញ្ជើញទៅសោយជាមួយអ្នកយកពន្ធម្នាក់ និងពួកអ្នកមានបាបនោះដែរ។ ក៏ប៉ុន្តែ ពេលដែលទ្រង់យាងចូលក្នុងផ្ទះរបស់ស៊ីម៉ូន ព្រះយេស៊ូមិនបានត្រូវគេទទួលយ៉ាងរាក់ទាក់ដូចជាភ្ញៀវធម្មតានោះទេ។
ដោយសារធ្វើដំណើរតាមផ្លូវដែលមានធូលីច្រើន ជើងដែលពាក់ស្បែកជើងសង្រែកអាចទៅជាក្ដៅហើយក្រខ្វក់។ តាមទំនៀមទម្លាប់នៃការទទួលរាក់ទាក់ភ្ញៀវ ជាធម្មតាគេយកទឹកត្រជាក់មកលាងជើងជូនភ្ញៀវ។ ប៉ុន្តែពេលព្រះយេស៊ូទៅដល់ផ្ទះនោះ គេមិនបានលាងជើងថ្វាយទ្រង់ទេ។ ហើយគេក៏មិនបានថើបស្វាគមន៍ទ្រង់ដែរ ដែលនេះជាការប្រព្រឹត្តដ៏ធម្មតានោះ។ ចំណែកឯប្រេងតាមទំនៀមទំលាប់នៃការទទួលរាក់ទាក់ ក៏មិនបានលាបព្រះសិរទ្រង់ឡើយ។
ក្នុងកំឡុងសោយព្រះស្ងោយនេះ កាលដែលពួកភ្ញៀវអង្គុយរួមតុនោះ ស្ត្រីម្នាក់ដែលមិនបានអញ្ជើញក៏បានចូលមកដោយស្ងាត់ៗ។ គាត់ត្រូវគេស្គាល់ជាទូទៅនៅក្នុងទីក្រុងជាអ្នកដែលប្រកបរបររកស៊ីដោយអំពើឥតសីលធម៌។ ប្រហែលជាគាត់បានឮអំពីការបង្រៀនរបស់ព្រះយេស៊ូ ដែលរួមបញ្ចូលនឹងសេចក្ដីអញ្ជើញរបស់ទ្រង់សំរាប់‹អស់អ្នកដែលមានបន្ទុកឲ្យមកឯទ្រង់ដើម្បីទទួលការសំរាក›នោះហើយមើលទៅ។ នេះបានជំរុញទឹកចិត្តគាត់យ៉ាងខ្លាំងដោយអ្វីដែលគាត់បានឃើញនិងឮ និងឥឡូវគាត់រកឃើញព្រះយេស៊ូហើយ។
ស្ត្រីនេះមកពីក្រោយព្រះយេស៊ូនៅឯតុ ហើយក្រាបទៀបព្រះបាទទ្រង់។ គាត់សំរក់ទឹកភ្នែកលើព្រះបាទទ្រង់ រួចមកគាត់ក៏យកសក់របស់គាត់មកជូត។ ហើយកាលដែលគាត់ថើបព្រះបាទទ្រង់ដោយថ្នមៗ គាត់ក៏បានយកប្រេងក្រអូបចាក់ពីលើដែរ។ លោកស៊ីម៉ូនមើលដោយឥតពេញចិត្តឡើយ។ គាត់គិតក្នុងចិត្តថា៖ «បើអ្នកនេះជាហោរាមែន នោះនឹងស្គាល់ស្ត្រីដែលពាល់ខ្លួនហើយ ហើយដឹងថាជាមនុស្សយ៉ាងណា ព្រោះនាងជាមនុស្សមានបាប»។
ដោយដឹងនូវគំនិតរបស់គាត់ នោះព្រះយេស៊ូមានបន្ទូលថា៖ «ស៊ីម៉ូនអើយ! ខ្ញុំចង់និយាយនឹងអ្នកបន្ដិច»។
គាត់ក៏ឆ្លើយថា៖ «សូមលោកគ្រូមានប្រសាសន៍មកចុះ!»។
ព្រះយេស៊ូចាប់ផ្ដើមមានបន្ទូលថា៖ «មាន២នាក់ជំពាក់អ្នកចងការម្នាក់ អ្នក១ជំពាក់[«ប្រាក់ឌីណារីប្រាំរយកាក់», ព.ថ.] អ្នក១ទៀត[«ប្រាក់ឌីណារីហាសិបកាក់», ព.ថ.] ដោយព្រោះគេគ្មានអ្វីនឹងសង បានជាគាត់លែងទារពីអ្នកទាំង២ទៅ ដូច្នេះក្នុង២នាក់នោះ តើអ្នកណាស្រឡាញ់គាត់ជាជាង?»។
ស៊ីម៉ូនទូលឆ្លើយប្រហែលជាដោយមានចិត្តកន្តើយនឹងសំនួរ ដែលហាក់ដូចជាឥតជាប់ទាក់ទងនឹងរឿងនេះថា៖ «ខ្ញុំស្មានថាជាអ្នកមួយដែលជំពាក់ច្រើនជាងនោះឯង»។
ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកស្មានត្រូវហើយ!»។ រួចមកក៏និយាយអំពីស្ត្រីនេះ ដោយទ្រង់មានបន្ទូលទៅស៊ីម៉ូនថា៖ «អ្នកឃើញស្ត្រីនេះឬទេ ខ្ញុំបានចូលមកក្នុងផ្ទះអ្នក អ្នកមិនបានឲ្យទឹកសំរាប់លាងជើងខ្ញុំទេ តែនាងបានសំរក់ទឹកភ្នែកទទឹកជើងខ្ញុំ ហើយយកសក់ជូតផង អ្នកមិនបានថើបខ្ញុំសោះ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំដោយស្រឡាញ់ អ្នកមិនបានយកប្រេងលាបក្បាលខ្ញុំសោះ តែនាងយកប្រេងក្រអូបមកលាបជើងខ្ញុំវិញ»។
ដូច្នេះហើយ ស្ត្រីនេះបានផ្ដល់នូវទីសំអាងនៃការប្រែចិត្តដ៏ស្មោះពីការធ្វើអំពើអសីលធម៌ដែលមានក្នុងជីវិតរបស់នាងពីមុន។ ដូច្នេះព្រះយេស៊ូបញ្ចប់ ដោយមានបន្ទូលថា៖ «ដោយហេតុនោះបានជាខ្ញុំប្រាប់អ្នកថា បាបនាងដែលមានច្រើនទាំងម្ល៉េះ បានអត់ទោសឲ្យនាងហើយ ដ្បិតនាងមានសេចក្ដីស្រឡាញ់ជាច្រើន ប៉ុន្តែ អ្នកណាដែលគេអត់ទោសឲ្យតិចនោះក៏ស្រឡាញ់តិច»។
ព្រះយេស៊ូមិនមែនដោះសាឬបណ្ដោយឲ្យមានអំពើឥតសីលធម៌ឡើយ។ ផ្ទុយទៅវិញ ព្រឹត្ដិការណ៍នេះបង្ហាញនូវការអធ្យាស្រ័យដ៏មេត្ដារបស់ទ្រង់ចំពោះមនុស្សដែលប្រព្រឹត្តខុសក្នុងជីវិត ហើយនេះក៏សម្ដែងថាគេសោកស្ដាយចំពោះការប្រព្រឹត្តកន្លងមកដែលគេមាន ហើយវិលមកឯព្រះគ្រីស្ទសំរាប់ការសម្រាលទុក្ខ។ ដោយផ្ដល់នូវកម្លាំងចិត្តដល់ស្ត្រីនេះ នោះព្រះយេស៊ូមានបន្ទូលថា៖ «បាបនាងបានអត់ទោសឲ្យនាងហើយ។ . . . សេចក្ដីជំនឿរបស់នាងបានសង្គ្រោះនាងហើយ អញ្ជើញនាងទៅឲ្យបានប្រកបដោយសេចក្ដីសុខចុះ!»។ លូកា ៧:៣៦-៥០; ម៉ាថាយ ១១:២៨-៣០
▪ តើតាមរបៀបណាដែលស៊ីម៉ូនបានទទួលព្រះយេស៊ូ?
▪ តើអ្នកណាដែលបានស្វះស្វែងរកព្រះយេស៊ូ? ហើយតើគាត់រកទ្រង់ដោយព្រោះតែហេតុអ្វី?
▪ តើរឿងប្រៀបប្រដូចអ្វីដែលព្រះយេស៊ូផ្ដល់ឲ្យ? ហើយតើតាមរបៀបណាដែលទ្រង់ប្រើរឿងនេះដើម្បីខំឲ្យគេអនុវត្តតាមនោះ?