ជំពូកទី៨១
ការប៉ុនប៉ងធ្វើគុតដល់ព្រះយេស៊ូម្ដងទៀត
ព្រះយេស៊ូកំពុងតែយាងតាមបាំងសាចហ្លួងសាឡូម៉ូន ដ្បិតពេលនោះជារដូវរងា។ កន្លែងនេះគឺនៅជិតព្រះវិហារ។ នៅទីនេះមានពួកសាសន៍យូដាចោមរោមទ្រង់ទូលសួរថា៖ «តើលោកទុកឲ្យយើងខ្ញុំនៅស្ទាក់ស្ទើរដល់កាលណាទៀត បើលោកជាព្រះគ្រីស្ទពិត នោះសូមប្រាប់យើងខ្ញុំឲ្យច្បាស់មកចុះ»។
ព្រះយេស៊ូទ្រង់ឆ្លើយទៅពួកគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នាមិនជឿ»។ ព្រះយេស៊ូមិនបានប្រាប់ពួកគេត្រង់ៗថាទ្រង់ជាព្រះគ្រីស្ទ ដូចជាទ្រង់បានមានបន្ទូលប្រាប់ស្ត្រីសាសន៍សាម៉ារីម្នាក់នៅត្រង់មាត់អណ្ដូងទឹកនោះទេ។ តែតាមការពិត ទ្រង់បានលាតត្រដាងអត្តសញ្ញាណរបស់ទ្រង់ឲ្យគេស្គាល់រួចហើយ ពេលទ្រង់ពន្យល់ពួកគេថាទ្រង់មកពីស្ថានលើ និងបានរស់នៅពីមុនលោកអ័ប្រាហាំទៅទៀត។
យ៉ាងណាក៏ដោយ ព្រះយេស៊ូចង់ឲ្យបណ្ដាជនសន្និដ្ឋានដោយខ្លួនគេថាទ្រង់ជាព្រះគ្រីស្ទ ដោយប្រៀបមើលសកម្មភាពរបស់ទ្រង់ទៅនឹងអ្វីដែលព្រះគម្ពីរបានទាយ ថាព្រះគ្រីស្ទនឹងសម្រេចនោះ។ ហេតុនេះហើយបានជាមុននេះ ព្រះយេស៊ូបញ្ជាកុំឲ្យពួកសិស្សទ្រង់ប្រាប់អ្នកណាថា ទ្រង់ជាព្រះគ្រីស្ទឲ្យសោះ។ ដូច្នេះហើយ ឥឡូវនេះព្រះយេស៊ូក៏មានបន្ទូលដល់ពួកសាសន៍យូដាដ៏កាចសាហាវថា៖ «ឯការទាំងប៉ុន្មានដែលខ្ញុំធ្វើដោយនូវព្រះនាមព្រះវរបិតាខ្ញុំ ការទាំងនោះឯងធ្វើបន្ទាល់ពីខ្ញុំហើយ ប៉ុន្តែ អ្នករាល់គ្នាមិនជឿ»។
ហេតុអ្វីបានជាពួកគេមិនជឿ? តើនេះដោយព្រោះតែគ្មានទីសំអាងថាព្រះយេស៊ូជាព្រះគ្រីស្ទឬ? មិនមែនទេ! ព្រះយេស៊ូប្រាប់នូវមូលហេតុនេះ ពេលទ្រង់មានបន្ទូលប្រាប់ពួកគេថា៖ «ដ្បិតអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំទេ . . . ចៀមខ្ញុំទាំងប៉ុន្មានវាស្ដាប់ខ្ញុំ ហើយមកតាម ខ្ញុំក៏ស្គាល់វាដែរ ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់យកវាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបានឡើយ»។
រួចមក ព្រះយេស៊ូរៀបរាប់អំពីទំនាក់ទំនងរបស់ទ្រង់ជាមួយព្រះវរបិតា ដោយពន្យល់ថា៖ «ខ្ញុំហើយនឹងព្រះវរបិតា គឺតែ១ព្រះអង្គទេ»។ យ៉ាងច្បាស់ណាស់ ព្រះយេស៊ូមិនចង់មានន័យថា ទ្រង់និងព្រះវរបិតាជាបុគ្គលតែមួយអង្គមែនទែននោះទេ ដ្បិតនៅពេលនោះព្រះយេស៊ូគឺនៅលើផែនដី ឯព្រះវរបិតារបស់ទ្រង់គង់នៅស្ថានសួគ៌។ ផ្ទុយទៅវិញ ទ្រង់ចង់មានន័យថា ទ្រង់ទាំងពីរអង្គមានគោលបំណងតែមួយ ពោលគឺថាទ្រង់ទាំងពីរអង្គមានសាមគ្គីភាព។
ពួកសាសន៍យូដាបានខឹងនឹងពាក្យបន្ទូលរបស់ព្រះយេស៊ូ ក៏នាំគ្នារើសដុំថ្មបំរុងគប់ពិឃាតទ្រង់ ដូចពួកគេធ្លាប់បានធ្វើពីលើកមុនក្នុងពិធីបុណ្យរោងឧបោសថឬបុណ្យបារាំ។ ដោយចិត្តក្លាហាន នោះព្រះយេស៊ូមានបន្ទូលប្រឈមមុខនឹងពួកអ្នកដែលបំរុងធ្វើគុតដល់ទ្រង់ថា៖ «ខ្ញុំបានសំដែងឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ»ឬ?
ពួកគេទូលឆ្លើយថា៖ «យើងចោលអ្នកនឹងថ្ម មិនមែនដោយព្រោះការល្អណាទេ គឺដោយព្រោះពាក្យប្រមាថដល់ព្រះ ហើយពីព្រោះអ្នក ដែលជាមនុស្ស បានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ»។ ហេតុអ្វីក៏ពួកសាសន៍យូដានិយាយដូច្នេះ? ដ្បិតព្រះយេស៊ូមិនដែលអះអាងថាទ្រង់ជាព្រះនោះទេ។
យ៉ាងជាក់ស្តែងណាស់ នេះគឺពីព្រោះព្រះយេស៊ូសន្មតថាគ្រប់អំណាចជារបស់ទ្រង់ផ្ទាល់ តែចំពោះពួកសាសន៍យូដាជឿថាគឺជារបស់ព្រះទៅវិញទេ។ តួយ៉ាងដូចជា ព្រះយេស៊ូទើបតែមានបន្ទូលស្តីអំពី«ចៀម»ថា«ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា» នេះជាអ្វីដែលមនុស្សមិនអាចធ្វើបានឡើយ។ យ៉ាងណាក៏ដោយ ពួកសាសន៍យូដាភ្លេចនូវហេតុការណ៍ពិតដែលថា ព្រះយេស៊ូក៏ទទួលស្គាល់នូវការទទួលអំណាចពីព្រះវរបិតារបស់ទ្រង់ដែរ។
ព្រះយេស៊ូអះអាងថាទ្រង់គឺទាបជាងព្រះ ដោយមានបន្ទូលថា៖ «តើគ្មានសេចក្ដីចែងទុកមកក្នុងក្រិត្យវិន័យ[ទំនុកដំកើង ៨២:៦]របស់អ្នករាល់គ្នាថា‹អញបាននិយាយថា «ឯងរាល់គ្នាជាព្រះ»›ទេឬ? . . . ដូច្នេះ បើទ្រង់បានហៅអ្នកទាំងនោះជាព្រះ ដែលព្រះបន្ទូលរបស់ព្រះអង្គបានឮទៅដល់គេ . . . នោះតើអ្នករាល់គ្នានិយាយមកខ្ញុំនេះ ដែលព្រះវរបិតាញែកជាបរិសុទ្ធ ហើយចាត់មកក្នុងលោកីយ ថា‹ខ្ញុំពោលពាក្យប្រមាថដល់ព្រះ› ដោយព្រោះតែខ្ញុំនិយាយថា ខ្ញុំជាព្រះរាជបុត្រានៃព្រះដូច្នេះឬ?»។
បទគម្ពីរក៏ហៅចៅក្រមជាមនុស្សដែលឥតមានភាពយុត្ដិធម៌ថា«ព្រះ»ដែរ ដូច្នេះតើពួកសាសន៍យូដាទាស់ចិត្តអ្វី ដែលព្រះយេស៊ូគ្រាន់តែមានបន្ទូលថា៖ «ខ្ញុំជាព្រះរាជបុត្រានៃព្រះ»។ ព្រះយេស៊ូមានបន្ទូលទៀតថា៖ «បើសិនជាខ្ញុំមិនធ្វើការរបស់ព្រះវរបិតាខ្ញុំទេ នោះកុំឲ្យជឿដល់ខ្ញុំឡើយ ប៉ុន្តែ បើខ្ញុំធ្វើការរបស់ទ្រង់វិញ នោះទោះបើអ្នករាល់គ្នាមិនជឿខ្ញុំ គង់តែត្រូវជឿដល់ការទាំងនោះដែរ ដើម្បីឲ្យអ្នករាល់គ្នាបានដឹង ហើយជឿថា ព្រះវរបិតាទ្រង់គង់នៅក្នុងខ្ញុំ ហើយខ្ញុំក្នុងទ្រង់ដែរ»។
ពួកយូដាខំរកចាប់ព្រះយេស៊ូភ្លាមពេលទ្រង់មានបន្ទូលដូច្នេះ។ ក៏ប៉ុន្តែព្រះយេស៊ូគេចផុតពីពួកគេម្ដងទៀត ដូចជានៅគ្រាមុននេះ នៅពិធីបុណ្យរោងឧបោសថ។ ព្រះយេស៊ូយាងចេញពីក្រុងយេរូសាឡិមទៅត្រើយខាងនាយទន្លេយ័រដាន់ គឺជាកន្លែងដែលលោកយ៉ូហានធ្លាប់ចាប់ផ្ដើមធ្វើបុណ្យជ្រមុជទឹកឲ្យគេ កាលពីបួនឆ្នាំមុននេះ។ តាមមើលទៅ កន្លែងនេះគឺមិនឆ្ងាយប៉ុន្មានពីឆ្នេរខាងត្បូងនៃសមុទ្រកាលីឡេទេ បើធ្វើដំណើរពីក្រុងយេរូសាឡិម គឺអស់រយៈពេលតែពីរថ្ងៃប៉ុណ្ណោះ។
មនុស្សជាច្រើនមកគាល់ព្រះយេស៊ូនៅទីនេះ ក៏ពោលថា៖ «លោកយ៉ូហាន គ្មានធ្វើទីសំគាល់ណាទេ តែសេចក្ដីទាំងប៉ុន្មាន ដែលលោកមានប្រសាសន៍ពីអ្នកនេះ នោះសុទ្ធតែពិតទាំងអស់»។ ដូច្នេះហើយ នៅទីនេះមានមនុស្សជាច្រើនមានជំនឿលើព្រះយេស៊ូ។ យ៉ូហាន ១០:២២-៤២; ៤:២៦; ៨:២៣, ៥៨; ម៉ាថាយ ១៦:២០
▪ តើតាមរយៈអ្វីដែលព្រះយេស៊ូចង់ឲ្យមនុស្សសម្គាល់ទ្រង់ជាព្រះគ្រីស្ទ?
▪ តើយ៉ាងដូចម្ដេចដែលព្រះយេស៊ូនិងព្រះវរបិតារបស់ទ្រង់គឺតែមួយ?
▪ ហេតុអ្វីក៏ពួកសាសន៍យូដាពោលថា ព្រះយេស៊ូបានតាំងខ្លួនជាព្រះនោះ?
▪ តើបន្ទូលរបស់ព្រះយេស៊ូដែលស្រង់ចេញពីទំនុកដំកើង បង្ហាញថា ទ្រង់មិនអះអាងថាអង្គទ្រង់ស្មើនឹងព្រះយ៉ាងណា?