ជំពូកទី១២២
ពីលោកពីឡាត់ទៅស្តេចហេរ៉ូឌ ហើយបញ្ជូនទៅឲ្យលោកពីឡាត់វិញ
ទោះជាព្រះយេស៊ូមិនលាក់បាំងពីលោកពីឡាត់ ថាទ្រង់ជាស្តេចក្ដី ក៏ព្រះយេស៊ូមានបន្ទូលថាព្រះរាជាណាចក្ររបស់ទ្រង់ គឺឥតបានគំរាមកំហែងដល់រដ្ឋាភិបាលរ៉ូមទេ។ ទ្រង់មានបន្ទូលថា៖ «នគរខ្ញុំមិនមែនត្រូវខាងលោកីយនេះទេ បើសិនជានគរខ្ញុំត្រូវខាងលោកីយនេះ នោះពួកអ្នកបំរើខ្ញុំ គេនឹងបានតយុទ្ធហើយ ដើម្បីមិនឲ្យខ្ញុំត្រូវបញ្ជូនទៅសាសន៍យូដាឡើយ តែឥឡូវនេះ នគរខ្ញុំមិនត្រូវខាងស្ថាននេះទេ»។ ដូច្នេះ ព្រះយេស៊ូទទួលស្គាល់បីដងថា ទ្រង់មានព្រះរាជាណាចក្រតែមិនមាននៅលើផែនដីនេះទេ។
ប៉ុន្តែ លោកពីឡាត់ក៏សួរទ្រង់ថែមទៀតថា៖ «ដូច្នេះអ្នកជាស្តេចមែនឬ?»។ គឺថា តើអ្នកជាស្តេចមួយអង្គ ទោះជាព្រះរាជាណាចក្ររបស់អ្នកឥតមានចំណែកក្នុងលោកនេះក៏ដោយឬ?
ព្រះយេស៊ូមានបន្ទូលប្រាប់លោកពីឡាត់ឲ្យដឹងថា អ្វីដែលលោកមានប្រសាសន៍នោះគឺត្រឹមត្រូវហើយដោយមានបន្ទូលឆ្លើយថា៖ «លោកមានប្រសាសន៍ថា ខ្ញុំជាស្តេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត អស់អ្នកណាដែលកើតពីសេចក្ដីពិត នោះក៏ឮសំឡេងខ្ញុំ»។
ត្រូវហើយ គោលបំណងចំបងដែលព្រះយេស៊ូមានជីវិតនៅលើផែនដីនេះ គឺដើម្បីធ្វើបន្ទាល់អំពី«សេចក្ដីពិត» ជាពិសេសគឺសេចក្ដីពិតអំពីព្រះរាជាណាចក្ររបស់ទ្រង់។ ព្រះយេស៊ូប្រុងប្រៀបខ្លួនក្នុងការរក្សាភាពស្មោះត្រង់នឹងសេចក្ដីពិតនោះជានិច្ច ទោះជាទ្រង់ត្រូវសោយទិវង្គតក៏ដោយ។ លោកពីឡាត់ទូលសួរថា៖ «តើយ៉ាងណាដែលហៅថាសេចក្ដីពិតនោះ?» តែលោកមិនបានរង់ចាំការពន្យល់ថែមទៀតនោះទេ។ លោកបានឮគ្រប់គ្រាន់ដើម្បីធ្វើការជំនុំជំរះហើយ។
លោកពីឡាត់ចេញទៅជួបបណ្ដាជនដែលចាំនៅខាងក្រៅសាលាជំនុំ។ តាមមើលទៅព្រះយេស៊ូក៏ឈរនៅជិតលោកដែរ នោះលោកប្រាប់ពួកសង្គ្រាជនិងបណ្ដាជនដែលនៅទីនោះថា៖ «ខ្ញុំមិនឃើញជាមនុស្សនោះមានទោសអ្វីសោះ»។
បណ្ដាជនខឹងដោយការសម្រេចចិត្តរបស់លោកពីឡាត់ ហើយចាប់ផ្ដើមទទូចថា៖ «វាញុះញង់បណ្ដាជន ហើយក៏បង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។
ពួកសាសន៍យូដាដែលប្រកាន់ហួសហេតុទាំងនេះ ច្បាស់ជាធ្វើឲ្យលោកពីឡាត់ភ្ញាក់ផ្អើលមែន។ ដូច្នេះ ពួកសង្គ្រាជ និងពួកចាស់ទុំនាំគ្នាស្រែកជាបន្ត ហើយលោកពីឡាត់ក៏បែរមកទូលសួរព្រះយេស៊ូថា៖ «តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬ?»។ តែព្រះយេស៊ូឥតតបឆ្លើយឡើយ។ លោកពីឡាត់កោតស្ងើចក្នុងចិត្តជាខ្លាំង ដោយសារឃើញព្រះយេស៊ូនៅតែមានព្រះទ័យស្ងប់ដដែល ទោះជាគេចោទប្រកាន់ទ្រង់ដ៏ហួសហេតុក៏ដោយ។
ពេលដឹងថា ព្រះយេស៊ូជាអ្នកស្រុកកាលីឡេ លោកពីឡាត់រកឃើញវិធីគេចវេះនូវការទទួលខុសត្រូវចំពោះព្រះយេស៊ូ។ ស្តេចហេរ៉ូឌ អាន់ទីប៉ាស(បុត្ររបស់ស្តេចហេរ៉ូឌដ៏ឧត្តម) គឺជាអ្នកគ្រប់គ្រងស្រុកកាលីឡេ ហើយទ្រង់នៅក្នុងក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលង ដូច្នេះលោកពីឡាត់ក៏បញ្ជូនព្រះយេស៊ូទៅស្តេចហេរ៉ូឌ។ ពីមុននេះ ស្តេចហេរ៉ូឌ អាន់ទីប៉ាសបានឲ្យគេកាត់កយ៉ូហានបាទីស្ទ ហើយរួចមកស្តេចហេរ៉ូឌមានព្រះទ័យខ្លាច ពេលឮពីអព្ភូតហេតុដែលព្រះយេស៊ូបានធ្វើ។ ស្តេចហេរ៉ូឌខ្លាចថា ព្រះយេស៊ូគឺតាមពិតជាយ៉ូហាន ដែលបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ។
ឥឡូវនេះ ស្តេចហេរ៉ូឌសប្បាយព្រះហឫទ័យក្រៃលែង ព្រោះសង្ឃឹមនឹងឃើញព្រះយេស៊ូ។ ការចង់ឃើញនេះ មិនមែនព្រោះទ្រង់ខ្វល់ខ្វាយនឹងសុខទុក្ខរបស់ព្រះយេស៊ូ ឬទ្រង់ចង់ដឹងឲ្យបានច្បាស់នូវពាក្យចោទប្រឆាំងចំពោះព្រះយេស៊ូ ពិតឬមិនពិតនោះទេ។ ផ្ទុយទៅវិញ ស្តេចហេរ៉ូឌគ្រាន់តែចង់ដឹងនិងសង្ឃឹមថា បានទតឃើញព្រះយេស៊ូធ្វើអព្ភូតហេតុផ្សេងទៀតប៉ុណ្ណោះ។
ប៉ុន្តែ ព្រះយេស៊ូបដិសេធមិនព្រមធ្វើអព្ភូតហេតុដើម្បីផ្គាប់ព្រះហឫទ័យស្តេចហេរ៉ូឌដែលចង់ដឹងចង់ឃើញនោះទេ។ តាមការពិត ស្តេចហេរ៉ូឌសួរសំនួរជាច្រើន តែព្រះយេស៊ូពុំមានបន្ទូលឆ្លើយតបឡើយ។ ដោយអន់ព្រះទ័យ ស្តេចហេរ៉ូឌនិងពួកទាហានបានចំអកមើលងាយដល់ព្រះយេស៊ូ។ ពួកគេយកអាវសពាក់ឲ្យទ្រង់ និងជេរប្រមាថមើលងាយទ្រង់។ រួចមក ក៏បញ្ជូនព្រះយេស៊ូទៅលោកពីឡាត់វិញ។ ជាលទ្ធផល ស្តេចហេរ៉ូឌនិងលោកពីឡាត់ក្លាយជាមិត្តសំឡាញ់នឹងគ្នា ដែលពីមុនអ្នកទាំងពីរធ្លាប់ជាសត្រូវនឹងគ្នា។
ពេលព្រះយេស៊ូត្រឡប់មកវិញ នោះលោកពីឡាត់ហៅពួកសង្គ្រាជ ពួកអ្នកគ្រប់គ្រងសាសន៍យូដា និងបណ្ដាជនទាំងអស់មកជួបជុំគ្នា ហើយលោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាបាននាំមនុស្សនេះមកឯខ្ញុំ ទុកជាមនុស្សដែលនាំបណ្ដាជនឲ្យវង្វេង តែមើល! ខ្ញុំបានពិចារណាសួរនៅមុខអ្នករាល់គ្នាហើយ មិនឃើញជាមានទោសអ្វី តាមដែលអ្នករាល់គ្នាចោទប្រកាន់នោះសោះ ទាំងស្តេចហេរ៉ូឌក៏រកគ្មានដែរ ដ្បិតខ្ញុំបានឲ្យអ្នករាល់គ្នាទៅឯទ្រង់ ហើយមើល! ទ្រង់មិនថាជាអ្នកនេះមានទោសអ្វីដែលគួរឲ្យស្លាប់ទេ ដូច្នេះ ខ្ញុំនឹងគ្រាន់តែវាយប្រដៅ រួចលែងឲ្យទៅចុះ!»។
ដូច្នេះ លោកពីឡាត់បានប្រកាសពីរដងថា ព្រះយេស៊ូឥតមានទោសទេ។ លោកចង់ដោះលែងទ្រង់ណាស់ ដ្បិតលោកដឹងថា ការពិតដោយសារតែពួកសង្ឃមានចិត្តច្រណែន ទើបពួកគេចាប់ព្រះយេស៊ូបញ្ជូនមកឲ្យលោក។ កាលលោកពីឡាត់រៀបនឹងដោះលែងព្រះយេស៊ូ នោះលោកទទួលការជំរុញទឹកចិត្តកាន់តែខ្លាំងឡើងឲ្យដោះលែងទ្រង់។ នៅពេលដែលលោកកំពុងតែអង្គុយនៅកន្លែងកាត់ក្ដី នោះភរិយារបស់លោកប្រើអ្នកបំរើឲ្យមកជំរាបលោកថា៖ «កុំឲ្យធ្វើអ្វីដល់មនុស្សសុចរិតនោះឡើយ ដ្បិតនៅថ្ងៃនេះ ខ្ញុំបានយល់សប្ដិកើតទុក្ខជាច្រើន[តាមមើលទៅទំនងជាសប្ដិនោះមកពីព្រះ] ដោយព្រោះមនុស្សនោះ»។
ប៉ុន្តែ តើលោកពីឡាត់នឹងដោះលែងបុរសគ្មានទោសនេះយ៉ាងដូចម្ដេចទៅ បើលោកដឹងថាលោកគួរតែធ្វើដូច្នេះទៅហើយនោះ? យ៉ូហាន ១៨:៣៦-៣៨; លូកា ២៣:៤-១៦; ម៉ាថាយ ២៧:១២-១៤, ១៨, ១៩; ១៤:១, ២; ម៉ាកុស ១៥:២-៥
▪ តើតាមរបៀបណាដែលព្រះយេស៊ូតបឆ្លើយនឹងសំនួរស្តីអំពីអំណាចរបស់ទ្រង់គ្រប់គ្រងជាស្តេច?
▪ តើអ្វីជា«សេចក្ដីពិត»ដែលព្រះយេស៊ូចំណាយពេលវេលាជាមនុស្សនៅលើផែនដីដើម្បីធ្វើបន្ទាល់នោះ?
▪ តើលោកពីឡាត់ជំនុំជំរះយ៉ាងណា? តើបណ្ដាជនតបឆ្លើយយ៉ាងដូចម្ដេច? ហើយតើលោកពីឡាត់ធ្វើយ៉ាងណានឹងព្រះយេស៊ូ?
▪ តើស្តេចហេរ៉ូឌ អាន់ទីប៉ាសជាអ្នកណា? ហេតុអ្វីក៏ទ្រង់សប្បាយព្រះហឫទ័យក្រៃលែងពេលឃើញព្រះយេស៊ូ? ហើយតើស្តេចហេរ៉ូឌ អាន់ទីប៉ាសធ្វើអ្វីនឹងព្រះយេស៊ូ?
▪ ហេតុអ្វីក៏លោកពីឡាត់ចង់តែដោះលែងព្រះយេស៊ូម្ល៉េះ?