ជំពូកទី១
អ្នកអាចមានអនាគតដ៏សែនសប្បាយ!
ការឱបរឹតដ៏កក់ក្ដៅពីបុគ្គលដែលអ្នកស្រឡាញ់។ ការសើចក្អាកក្អាយនៅពេលពិសាចំណីអាហារជាមួយមិត្តជាទីស្រឡាញ់។ ការត្រេកអរមើលកូនរបស់អ្នករត់លេងយ៉ាងសប្បាយរីករាយ។ គ្រាដូចនេះគឺជាគ្រាដ៏សប្បាយក្រៃលែងក្នុងជីវិត។ ប៉ុន្តែ ចំពោះមនុស្សជាច្រើន ជីវិតហាក់បីដូចជានាំមកនូវវិបត្ដិធ្ងន់ធ្ងរជាបន្តបន្ទាប់។ ប្រសិនបើនេះជាការពិសោធរបស់អ្នក នោះសូមអ្នកកុំឲ្យតូចចិត្តឡើយ។
២ គឺជាបំណងព្រះហឫទ័យនៃព្រះ ដែលអ្នកគួរទទួលនូវសុភមង្គលក្រោមស្ថានភាពយ៉ាងល្អបំផុត ក្នុងបរិវេណដ៏ស្អាតអស្ចារ្យ។ នេះមិនមែនគ្រាន់តែជាការយល់សប្ដិទេ ដ្បិតព្រះបានទាំងផ្ដល់ឲ្យអ្នកនូវកូនសោសំរាប់អនាគតដ៏សែនសប្បាយបែបនេះ។ កូនសោនោះគឺជាចំណេះ។
៣ យើងនិយាយអំពីចំណេះពិសេសម្យ៉ាង ដែលខ្ពស់ជាងប្រាជ្ញាមនុស្សឆ្ងាយណាស់។ នេះជា«ចំណេះដ៏សំខាន់អំពីព្រះ»។ (សុភាសិត ២:៥, ព.ថ.) ជិត២.០០០ឆ្នាំមកហើយ អ្នកសរសេរព្រះគម្ពីរម្នាក់បាននិយាយថា៖ «គ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ»។ (ហេព្រើរ ៣:៤) សូមគិតមើលចុះ ថាតើអ្នកបង្កើតរបស់សព្វសារពើនេះត្រូវមានចំណេះច្រើនប៉ុន្មានទៅ! ព្រះគម្ពីរចែងថា ព្រះរាប់ហើយដាក់ឈ្មោះឲ្យផ្កាយទាំងអស់។ នេះគឺពិតជាហួសពីការគិតមែន ដ្បិតមានផ្កាយរាប់ម៉ឺនកោដិក្នុងតារាវលីរបស់យើងនេះ ហើយពួកតារាវិទូនិយាយថា មានតារាវលីប្រហែលមួយម៉ឺនកោដិទៀតផង! (ទំនុកដំកើង ១៤៧:៤) ព្រះទ្រង់ក៏ជ្រាបយ៉ាងច្បាស់គ្រប់សព្វអំពីរូបយើង ដូច្នេះតើមានអ្នកណាឯទៀតដែលអាចផ្ដល់ចម្លើយប្រសើរជាងនេះ សំរាប់សំនួរដ៏សំខាន់នៃជីវិតនោះ?—ម៉ាថាយ ១០:៣០
៤ សូមនឹកអំពីបុរសពីរនាក់ ដែលរកជួសជុលឡានរបស់ខ្លួន។ បុរសម្នាក់មួម៉ៅចិត្តក៏ទម្លាក់ប្រដាប់ប្រដាឈប់ជួសជុល។ ឯបុរសម្នាក់ទៀតកែជួសជុលដោយស្ងប់ស្ងាត់ រួចបញ្ឆេះម៉ាស៊ីនឡានហើយក៏ញញឹម ពេលម៉ាស៊ីនចាប់បញ្ឆេះឡើងហើយដើរបាននឹងល្អ។ អ្នកនឹងមិនពិបាកស្មានទេ ថាបុរសមួយណាមានសៀវភៅបង្គាប់ពីរោងចក្រធ្វើឡាននោះ។ តើមិនមែនជាការសមហេតុទេឬ ថាព្រះនឹងផ្ដល់សេចក្ដីបង្គាប់ដើម្បីណែនាំយើងក្នុងជីវិតដែរ? ដូចអ្នកប្រហែលដឹងស្រាប់ ព្រះគម្ពីរគឺអះអាងយ៉ាងដូច្នោះឯង—ថាជាសៀវភៅអំពីសេចក្ដីបង្គាប់និងសេចក្ដីណែនាំពីព្រះអាទិទេពរបស់យើង ដែលរៀបចំឡើងដើម្បីផ្ដល់នូវចំណេះអំពីព្រះ។—ធីម៉ូថេទី២ ៣:១៦
៥ បើសេចក្ដីអះអាងរបស់ព្រះគម្ពីរគឺត្រូវពិតមែន នោះសូមគិតមើលចុះអំពីចំណេះដ៏មានតម្លៃក្រៃលែង ដែលមានក្នុងសៀវភៅនោះ! ក្នុងសុភាសិត ២:១-៥, ព.ថ. ព្រះគម្ពីរដាស់តឿនយើងឲ្យស្វែងរកប្រាជ្ញា ឲ្យជីករកដូចយើងជីករាវរកទ្រព្យដែលបានកប់លាក់ទុក—មិនមែននៅក្នុងដីនៃគំនិតមនុស្សនោះទេ គឺនៅក្នុងបន្ទូលផ្ទាល់របស់ព្រះវិញ។ បើយើងស្វែងរកនៅក្នុងនោះ យើងនឹង«រកឃើញចំណេះក៏សំខាន់អំពីព្រះនេះ»។ ពីព្រោះព្រះយល់នូវគំនិតនិងសេចក្ដីត្រូវការរបស់យើង ទ្រង់ប្រទានសេចក្ដីបង្គាប់ ដែលនឹងជួយយើងឲ្យមានជីវិតរស់នៅដោយសប្បាយសុខសាន្ត។ (ទំនុកដំកើង ១០៣:១៤; អេសាយ ៤៨:១៧) ថែមទៅទៀត ចំណេះអំពីព្រះផ្ដល់ឲ្យយើងនូវដំណឹងល្អដែលធ្វើឲ្យរំភើបចិត្តផង។
ជីវិតអស់កល្បជានិច្ច!
៦ ព្រះយេស៊ូគ្រីស្ទ ដែលជាបុគ្គលដ៏ល្បីមួយរូបក្នុងប្រវត្ដិសាស្ត្រ បានរៀបរាប់ប្រាប់លក្ខណៈនេះនៃចំណេះអំពីព្រះយ៉ាងច្បាស់លាស់។ ទ្រង់មានបន្ទូលថា៖ «នេះជាជីវិតអស់កល្បជានិច្ច គឺឲ្យគេបានចំណេះអំពីទ្រង់ដ៏ជាព្រះពិតតែមួយ និងព្រះយេស៊ូគ្រីស្ទ ដែលទ្រង់បានចាត់ឲ្យមកផង»។ (យ៉ូហាន ១៧:៣, ព.ថ.) សូមគិតមើល—ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច!
៧ សូមកុំអាលឆាប់បដិសេធចោលជីវិតអស់កល្បជានិច្ច ទុកដូចជាការយល់សប្ដិនោះឡើយ។ តែសូមមើលរបៀបដែលរូបកាយមនុស្សបានត្រូវបង្កើតមក។ រូបកាយយើងបានត្រូវបង្កើតមកយ៉ាងល្អប្រសើរ ឲ្យចេះដឹងរសជាតិ ស្ដាប់ឮ ធុំក្លិន មើលឃើញ និងដឹងដោយវិញ្ញាណ។ មានរបស់ជាច្រើនលើផែនដី ដែលផ្គាប់វិញ្ញាណយើង—ដូចចំណីដ៏មានរសជាតិឆ្ងាញ់ សូរបក្សាបក្សីស្រែកច្រៀងយ៉ាងពីរោះ ក្លិនផ្កាដ៏ក្រអូបសាយ ទេសភាពដ៏ស្រស់បំព្រង គូកនដ៏ជាទីគាប់ចិត្ត! ហើយខួរក្បាលដ៏អស្ចារ្យរបស់យើងគឺពូកែជាងមហាកុំព្យូទ័រឆ្ងាយណាស់ ដ្បិតវាអាចឲ្យយើងចេះអបអរ ហើយសប្បាយនឹងរបស់ទាំងអស់នេះបាន។ តើអ្នកគិតថាព្រះអាទិទេពចង់ឲ្យយើងស្លាប់ចោលរបស់ទាំងអស់នេះឬ? តើមិនសមហេតុជាងទេឬ ដោយសន្និដ្ឋានថាទ្រង់ចង់ឲ្យយើងរស់នៅយ៉ាងសប្បាយ ហើយសប្បាយនឹងជីវិតជារៀងរហូតនោះ? ហ្នឹងហើយ ចំណេះអំពីព្រះគឺអាចផ្ដល់ឲ្យអ្នកនូវផលប្រយោជន៍ដូច្នេះបាន។
ជីវិតក្នុងសួនមនោរម្យ
៨ សេចក្ដីដែលព្រះគម្ពីរចែងប្រាប់អំពីអនាគតរបស់ផែនដីនិងមនុស្សជាតិ គឺអាចសង្ខេបបានក្នុងពាក្យមួយ គឺ—សួនមនោរម្យ! ព្រះយេស៊ូគ្រីស្ទមានបន្ទូលអំពីសួនមនោរម្យ ពេលទ្រង់ប្រាប់បុរសដែលជិតស្លាប់ម្នាក់ថា៖ ‹អ្នកនឹងនៅក្នុងសួនមនោរម្យជាមួយនឹងខ្ញុំដែរ›។ (លូកា ២៣:៤៣) ការនិយាយអំពីសួនមនោរម្យនេះ ប្រាកដជាបានរំឭកបុរសនោះអំពីស្ថានភាពដ៏សែនសប្បាយនៃឪពុកម្ដាយដំបូងរបស់យើង គឺអ័ដាមនិងអេវ៉ា។ ពេលព្រះបង្កើតពួកគេៗគឺគ្រប់ល័ក្ខណ៍ហើយរស់នៅក្នុងសួនច្បារយ៉ាងស្អាត ដែលព្រះអាទិទេពបានបង្កើតនិងដាំលំអផង។ សួននេះបានត្រូវហៅថាសួនអេដែនយ៉ាងសមត្រឹមត្រូវ ជាឈ្មោះដែលមានន័យថាសេចក្ដីសប្បាយរីករាយ។
៩ សួនច្បារនេះគឺជាទីដ៏សប្បាយម្ល៉េះហ្ន៎! នេះគឺជាសួនមនោរម្យដ៏ពិតប្រាកដ។ ក្នុងចំណោមដើមឈើដ៏ស្រស់ស្អាតទាំងប៉ុន្មាន នោះមានដើមបង្កើតផ្លែដ៏ឆ្ងាញ់ពិសា។ ពេលអ័ដាមនិងអេវ៉ារុករកទីកន្លែងរបស់គេ ផឹកទឹកដ៏ជ្រះស្អាតក្នុងសួន ហើយបេះផ្លែពីដើមឈើទាំងឡាយ នោះគ្មានអ្វីមកធ្វើឲ្យគេព្រួយបារម្ភឬខ្លាចឡើយ។ សូម្បីតែសត្វក៏មិនចេះគំរាមកំហែងដែរ ដ្បិតព្រះបានដាក់បុរសនេះនិងប្រពន្ធរបស់គាត់ ឲ្យគ្រប់គ្រងលើសត្វទាំងអស់ដោយសេចក្ដីស្រឡាញ់។ ថែមទៅទៀត មនុស្សមួយគូដំបូងមានសុខភាពល្អពេញកម្លាំង។ ឲ្យតែពួកគេនៅស្ដាប់បង្គាប់ព្រះជានិច្ច នោះអនាគតរបស់គេនឹងប្រកបទៅដោយសុភមង្គលដ៏នៅអស់កល្បជានិច្ច។ ពួកគេបានទទួលកិច្ចការដ៏ពេញចិត្ត គឺការថែរក្សាសួនមនោរម្យដ៏ស្អាត ដែលជាទីលំនៅរបស់គេ។ ថែមទៅទៀត ព្រះបានដាក់បញ្ជាឲ្យអ័ដាមនិងអេវ៉ា‹បង្កើតកូន ឲ្យមានពេញពាសលើផែនដី ហើយត្រូវបង្រាបផែនដីផង›។ ពួកគេព្រមទាំងកូនចៅគេ នឹងពង្រីកព្រំដែនសួនមនោរម្យ ដរាបដល់ផែនដីយើងទាំងមូលបានក្លាយជាស្ថានដ៏ស្អាតសែនមនោរម្យ។—លោកុប្បត្តិ ១:២៨
១០ ប៉ុន្តែ ពេលព្រះយេស៊ូមានបន្ទូលអំពីសួនមនោរម្យ ទ្រង់មិនមែនប្រាប់បុរសដែលជិតបាត់បង់ជីវិតនោះ ឲ្យគិតពីអតីតកាលដែលបានកន្លងផុតយូរមកហើយនោះទេ។ ព្រះយេស៊ូគឺមានបន្ទូលអំពីអនាគត! ទ្រង់ដឹងថាផែនដីទាំងមូលដែលយើងរស់នៅនេះ នឹងក្លាយជាសួនមនោរម្យ។ ដូច្នេះ ព្រះនឹងបានសម្រេចគោលបំណងដើមនៃព្រះអង្គ សំរាប់មនុស្សជាតិនិងផែនដីយើង។ (អេសាយ ៥៥:១០, ១១) ពិតហើយសួនមនោរម្យនឹងបានត្រូវតាំងឡើងវិញ! តើវានឹងដូចជាយ៉ាងណា? សូមយើងទុកឲ្យបន្ទូលនៃព្រះ គឺព្រះគម្ពីរបរិសុទ្ធ ឆ្លើយប្រាប់យើងចុះ។
ជីវិតក្នុងសួនមនោរម្យដែលបានត្រូវតាំងឡើងវិញ
១១ ជម្ងឺ ជរាភាព និងសេចក្ដីស្លាប់នឹងលែងមានទៀតហើយ។ «គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន។ គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគក៏នឹងច្រៀងឡើង»។ (អេសាយ ៣៥:៥, ៦) «ព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់[មនុស្សជាតិ] ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៣, ៤
១២ បទឧក្រិដ្ឋ អំពើឃោរឃៅ និងអំពើអាក្រក់នឹងត្រូវបាត់ទៅជារៀងរហូត។ «ពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ . . . ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . គេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក»។ (ទំនុកដំកើង ៣៧:៩-១១) «តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ»។—សុភាសិត ២:២២
១៣ ផែនដីទាំងមូលនឹងបានសន្ដិភាព។ «ទ្រង់បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់រហូតដល់ចុងផែនដី ទ្រង់បំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតអស់ទាំងរទេះចំបាំងនៅក្នុងភ្លើង»។ (ទំនុកដំកើង ៤៦:៩) «មនុស្សសុចរិតនឹងមានសេចក្ដីចំរើនឡើង ហើយនឹងមានសេចក្ដីសុខជាបរិបូរ ដរាបដល់ព្រះចន្ទរលត់សូន្យទៅ»។—ទំនុកដំកើង ៧២:៧
១៤ នឹងមានផ្ទះសម្បែងនៅយ៉ាងសុខសាន្ត ហើយមានការងារធ្វើយ៉ាងពេញចិត្ត។ «មនុស្សនឹងសង់ផ្ទះ ហើយនឹងអាស្រ័យនៅ . . . គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យនៅ ឬដាំ រួចមានម្នាក់ទៀតបរិភោគផលនោះឡើយ។ ដ្បិតអាយុរបស់រាស្ត្រអញនឹងបានវែងដូចជាអាយុនៃដើមឈើ ហើយពួករើសតាំងរបស់អញនឹងប្រើប្រាស់ការដែលដៃគេធ្វើជាយឺនយូរទៅ គេនឹងមិនខំធ្វើជាឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ»។—អេសាយ ៦៥:២១-២៣
១៥ ចំណីអាហារដ៏ល្អនឹងមានសម្បូរហូរហៀរ។ «នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ។ ឯគួរស្រូវ នោះនឹងទ្រេតចុះឡើង»។ (ទំនុកដំកើង ៧២:១៦) «នោះដីនឹងបង្កើតផលឡើង ហើយព្រះដ៏ជាព្រះនៃយើងខ្ញុំ ទ្រង់នឹងប្រទានពរមកយើងខ្ញុំ»។—ទំនុកដំកើង ៦៧:៦
១៦ ជីវិតអស់កល្បជានិច្ចលើផែនដីមនោរម្យ គឺសប្បាយរីករាយណាស់។ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។ (ទំនុកដំកើង ៣៧:២៩) «ទីរហោស្ថាន ហើយទីហួតហែង នឹងមានសេចក្ដីអំណរ ឯសមុទ្រខ្សាច់នឹងរីករាយ ហើយផ្កាឡើងដូចជាកុឡាប»។—អេសាយ ៣៥:១
ចំណេះនិងអនាគតរបស់អ្នក
១៧ បើជីវិតក្នុងសួនមនោរម្យគឺចាប់អារម្មណ៍ដល់អ្នក នោះសូមកុំឲ្យអ្វីមករារាំងមិនឲ្យអ្នកទទួលចំណេះអំពីព្រះឡើយ។ ព្រះអង្គស្រឡាញ់មនុស្សជាតិ ហើយនឹងរៀបចំកែប្រែឲ្យផែនដីត្រូវក្លាយជាសួនមនោរម្យវិញ។ ហើយម្យ៉ាងទៀត ប្រសិនបើអ្នកមានអំណាចអាចបំបាត់សេចក្ដីវេទនានិងអយុត្ដិធម៌ ដែលមានពេញពាសក្នុងលោកនេះ តើអ្នកនឹងមិនធ្វើដូច្នោះទេឬ? តើអ្នកនឹកស្មានថាព្រះនឹងមិនធ្វើដូច្នោះផងទេឬ? តាមការពិត ព្រះគម្ពីរប្រាប់យ៉ាងក្បោះក្បាយអំពីគ្រា ដែលព្រះនឹងដកយករបបដែលពោរពេញទៅដោយការទាស់ទែងខ្វែងគំនិតគ្នានេះចោលចេញ ហើយយកការគ្រប់គ្រងដ៏សុចរិតដ៏គ្រប់ល័ក្ខណ៍មកតាំងជំនួសវិញ។ (ដានីយ៉ែល ២:៤៤) ប៉ុន្តែព្រះគម្ពីរប្រាប់យើងឲ្យដឹងច្រើនជាងនេះទៅទៀតផង គឺថែមទាំងប្រាប់យើងនូវរបៀបដែលយើងអាចមានជីវិតគង់វង់ ចូលទៅក្នុងពិភពលោកថ្មីដែលព្រះបានសន្យា។—ពេត្រុសទី២ ៣:១៣; យ៉ូហានទី១ ២:១៧
១៨ ចំណេះអំពីព្រះក៏អាចផ្ដល់ផលប្រយោជន៍ដល់អ្នក ក្នុងគ្រាឥឡូវនេះដែរ។ សំនួរដ៏ជ្រៅពិបាកដោះស្រាយហើយអំពល់ចិត្តជាទីបំផុតនៃជីវិត គឺមានឆ្លើយនៅក្នុងព្រះគម្ពីរ។ ការទទួលយកសេចក្ដីណែនាំនៃព្រះគម្ពីរនឹងជួយអ្នកឲ្យបណ្ដុះបណ្ដាលមិត្តភាពជាមួយនឹងព្រះ។ នេះគឺជាឯកសិទ្ធិដ៏ល្អអ្វីម្ល៉េះហ្ន៎! ហើយនេះនឹងអាចឲ្យអ្នកទទួលសេចក្ដីសុខសាន្ត ដែលមានតែព្រះទេអាចប្រទានឲ្យ។ (រ៉ូម ១៥:១៣, ៣៣) កាលអ្នកចាប់ផ្ដើមក្រេបយកចំណេះដ៏សំខាន់ជាទីបំផុតនេះ អ្នកគឺកំពុងតែប្រារព្ធធ្វើការខំប្រឹងប្រែងដ៏សំខាន់ ដែលនឹងផ្ដល់លទ្ធផលដ៏ពេញចិត្តជាទីបំផុតនៃជីវិតអ្នក។ អ្នកនឹងមិនដែលស្ដាយឡើយ ដែលអ្នកបានចំណេះអំពីព្រះ ជាចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច។
១៩ យើងបាននិយាយសំដៅទៅព្រះគម្ពីរ ថាជាសៀវភៅដែលមានចំណេះអំពីព្រះ។ ប៉ុន្តែ តើតាមរបៀបណាដែលយើងអាចដឹងថាគឺពិតជាដូច្នេះមែន គឺថាព្រះគម្ពីរមិនមែនជាសៀវភៅអំពីប្រាជ្ញាមនុស្ស តែជារបស់មួយដ៏ល្អប្រសើរជាងឆ្ងាយណាស់? យើងនឹងពិចារណាសំនួរនេះនៅជំពូកបន្ទាប់។
សាកល្បងចំណេះរបស់អ្នក
ហេតុអ្វីបានជាចំណេះនៃព្រះអាចធ្វើឲ្យអ្នកមានសុភមង្គលអស់កល្បជានិច្ច?
តើជីវិតនឹងមានសភាពយ៉ាងណាក្នុងសួនមនោរម្យលើផែនដីដែលជិតមកដល់ហើយនេះ?
ហេតុអ្វីក៏អ្នកនឹងបានផលប្រយោជន៍ពីការក្រេបយកចំណេះអំពីព្រះក្នុងគ្រាឥឡូវនេះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
១, ២. តើព្រះអាទិទេពរបស់អ្នក ទ្រង់ចង់ឲ្យអ្នកបានអ្វី?
៣. តើចំណេះអ្វីដែលជាកូនសោសំរាប់សុភមង្គល ហើយហេតុអ្វីយើងអាចដឹងជាប្រាកដ ថាព្រះអាចផ្ដល់ចំណេះនោះបាន?
៤. ហេតុអ្វីយើងគួរគិតថា ព្រះទ្រង់គួរផ្ដល់សេចក្ដីបង្គាប់ដើម្បីណែនាំយើង ហើយតើសៀវភៅអ្វីដែលបំពេញសេចក្ដីត្រូវការនេះ?
៥. តើចំណេះដែលមាននៅក្នុងព្រះគម្ពីរមានតម្លៃយ៉ាងណា?
៦. តើព្រះយេស៊ូបានឲ្យសេចក្ដីរ៉ាប់រងអ្វី ចំពោះចំណេះអំពីព្រះ?
៧. តើមានទីសំអាងអ្វី ដែលថាព្រះមិនបានបម្រុងឲ្យយើងស្លាប់ទេនោះ?
៨. តើព្រះគម្ពីរចែងយ៉ាងណា អំពីអនាគតរបស់មនុស្សជាតិ?
៩. តើការរស់នៅក្នុងសួនមនោរម្យដើមដំបូង មានសភាពយ៉ាងណា?
១០. ពេលព្រះយេស៊ូមានបន្ទូលអំពីសួនមនោរម្យ តើទ្រង់ចង់ប្រាប់អំពីអ្វី?
១១. ក្នុងសួនមនោរម្យដែលបានត្រូវតាំងឡើងវិញ តើអ្វីនឹងកើតឡើងដល់ជម្ងឺ ជរាភាព និងសេចក្ដីស្លាប់?
១២. ហេតុអ្វីយើងអាចដឹងជាប្រាកដថានឹងឥតមានបទឧក្រិដ្ឋ អំពើឃោរឃៅ និងអំពើអាក្រក់នៅក្នុងសួនមនោរម្យពេលអនាគត?
១៣. តើព្រះនឹងបណ្ដាលឲ្យសន្ដិភាពកើតឡើងយ៉ាងដូចម្ដេច?
១៤, ១៥. តើព្រះគម្ពីរនិយាយយ៉ាងណា អំពីផ្ទះសម្បែង ការងារ និងចំណីអាហារ ក្នុងសួនមនោរម្យដែលបានត្រូវតាំងឡើងវិញនោះ?
១៦. ហេតុអ្វីជីវិតក្នុងសួនមនោរម្យនឹងបានសប្បាយរីករាយ?
១៧. (ក) តើអ្នកគួរធ្វើយ៉ាងណា បើជីវិតក្នុងសួនមនោរម្យគឺចាប់អារម្មណ៍ដល់អ្នក? (ខ) តើម្ដេចបានជាយើងដឹងថាព្រះនឹងបណ្ដាលឲ្យមានការប្រែប្រួលជាច្រើនលើផែនដី?
១៨. តើចំណេះអំពីព្រះអាចធ្វើអ្វីខ្លះដល់អ្នកក្នុងគ្រាឥឡូវនេះ?
១៩. តើយើងនឹងពិចារណាសំនួរអ្វីនៅជំពូកបន្ទាប់?