ជំពូកទី១៣
ហេតុដែលការរស់នៅតាមផ្លូវរបស់ព្រះនាំឲ្យមានសុភមង្គល
១. ហេតុអ្វីក៏យើងអាចនិយាយថា ផ្លូវរបស់ព្រះយេហូវ៉ានាំឲ្យមានសុភមង្គល?
ព្រះយេហូវ៉ាជា‹ព្រះដែលមានព្រះទ័យសប្បាយ› ហើយទ្រង់ក៏ចង់ឲ្យអ្នកសប្បាយនឹងជីវិតដែរ។ (ធីម៉ូថេទី១ ១:១១) ដោយដើរតាមផ្លូវរបស់ទ្រង់ អ្នកនឹងបានប្រយោជន៍សំរាប់ខ្លួន ហើយនឹងមានសេចក្ដីសុខសាន្តត្រាណក្នុងជម្រៅចិត្តជាដរាប ដូចជាទន្លេដែលហូរទៅមិនចេះដាច់។ ការដើរតាមផ្លូវរបស់ព្រះ ក៏ជំរុញបុគ្គលម្នាក់ឲ្យប្រព្រឹត្តអំពើសុចរិតជាបន្តបន្ទាប់ជានិច្ច «ដូចជារលកនៃសមុទ្រ»។ នេះហើយជាអ្វីដែលនាំឲ្យមានសុភមង្គលពិត។—អេសាយ ៤៨:១៧, ១៨
២. តើពួកគ្រីស្ទានអាចសប្បាយចិត្តយ៉ាងដូចម្ដេច ថ្វីបើជួនកាលគេត្រូវរងអំពើអាក្រក់នោះ?
២ អ្នកខ្លះប្រហែលជាជំទាស់ថា ‹មនុស្សជួនកាលរងទុក្ខពីការធ្វើអំពើត្រឹមត្រូវ›។ ពិតមែនហើយ នេះជាអ្វីដែលបានកើតឡើងដល់ពួកសាវ័ករបស់ព្រះយេស៊ូ។ ប៉ុន្តែ ទោះជាមានមនុស្សបៀតបៀនក៏ដោយ ពួកគេនៅតែមានចិត្តសប្បាយ ហើយនៅតែ«បង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ»តទៅជានិច្ច។ (កិច្ចការ ៥:៤០-៤២) យើងអាចរៀនមេរៀនដ៏សំខាន់ពីរឿងនេះ។ មេរៀនមួយគឺថា ការរស់នៅរបស់យើងតាមផ្លូវព្រះ មិនធានារ៉ាប់រងថា យើងនឹងត្រូវគេប្រព្រឹត្តអំពើល្អមកលើជានិច្ចនោះឡើយ។ ‹តាមពិត› សាវ័កប៉ុលបានសរសេរថា «អស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្ដិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្ដីបៀតបៀនដែរ»។ (ធីម៉ូថេទី២ ៣:១២) មូលហេតុចំពោះរឿងនេះ គឺថាសាតាំងនិងលោកីយ៍របស់វា ប្រឆាំងពួកអ្នកដែលរស់នៅតាមផ្លូវរបស់ព្រះ។ (យ៉ូហាន ១៥:១៨, ១៩; ពេត្រុសទី១ ៥:៨) ប៉ុន្តែ សុភមង្គលពិត គឺមិនស្រេចតែនឹងរបស់ខាងក្រៅនោះទេ។ ផ្ទុយទៅវិញ សុភមង្គលពិតគឺកើតមានមកពីការជឿស៊ប់ ថាយើងកំពុងតែធ្វើអ្វីដែលត្រឹមត្រូវ ហើយដូច្នេះក៏ទទួលការយល់ព្រមពីព្រះ។—ម៉ាថាយ ៥:១០-១២; យ៉ាកុប ១:២, ៣; ពេត្រុសទី១ ៤:១៣, ១៤
៣. តើការថ្វាយបង្គំព្រះយេហូវ៉ា គួរមានឥទ្ធិពលលើជីវិតនៃបុគ្គលម្នាក់យ៉ាងដូចម្ដេច?
៣ មនុស្សខ្លះយល់ថា គេអាចទទួលបានព្រះគុណរបស់ព្រះ តាមរយៈការប្រព្រឹត្តយូរៗម្ដងដែលសម្ដែងនូវភក្ដីភាព ប៉ុន្តែ អាចបំភ្លេចទ្រង់ចោលនៅគ្រាឯទៀតបាន។ ការថ្វាយបង្គំពិតដល់ព្រះយេហូវ៉ា គឺមិនមែនដូច្នោះទេ តែមានឥទ្ធិពលលើចរិយារបស់បុគ្គលនោះ ក្នុងវេលាដែលគេមានស្មារតីដឹងខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះហើយ បានជាគេហៅការថ្វាយបង្គំនេះថាជា«ផ្លូវ»។ (កិច្ចការ ១៩:៩; អេសាយ ៣០:២១) គឺជាការរស់នៅតាមផ្លូវរបស់ព្រះ ដែលតម្រូវឲ្យយើងនិយាយនិងប្រព្រឹត្តស្របតាមបន្ទូលនៃព្រះ។
៤. ហេតុអ្វីបានជាការកែប្រែការរស់នៅ ដើម្បីឲ្យស្របតាមផ្លូវរបស់ព្រះផ្ដល់នូវផលប្រយោជន៍?
៤ ពេលដែលសិស្សថ្មីនៃព្រះគម្ពីរឃើញថា គេត្រូវតែកែប្រែជីវិតរបស់គេ ដើម្បីផ្គាប់ព្រះហឫទ័យនៃព្រះយេហូវ៉ា នោះគេប្រហែលជាងឿងឆ្ងល់ថា ‹តើការរស់នៅតាមផ្លូវរបស់ព្រះ គឺពិតជាផ្ដល់អត្ថប្រយោជន៍ណាស់ទៅឬ›? អ្នកអាចដឹងជាក់ថា គឺពិតជាអញ្ចឹងមែន។ ហេតុអ្វី? ពីព្រោះ«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់» ហើយដូច្នេះ ផ្លូវរបស់ទ្រង់គឺសំរាប់នាំផលប្រយោជន៍ដល់យើង។ (យ៉ូហានទី១ ៤:៨) ព្រះក៏ប្រកបដោយប្រាជ្ញាដែរ ហើយទ្រង់ក៏ជ្រាបនូវអ្វីៗដែលផ្ដល់ផលល្អជាទីបំផុតសំរាប់យើង។ ពីព្រោះព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាខ្លាំងបំផុត ទ្រង់អាចពង្រឹងយើងឲ្យផ្គាប់ព្រះហឫទ័យទ្រង់ បានដូចចិត្តយើងប្រាថ្នា ដោយជម្រុះទម្លាប់អាក្រក់ចោល។ (ភីលីព ៤:១៣) ចូរយើងពិចារណាមើលគោលការណ៍ខ្លះ ដែលទាក់ទងនឹងការរស់នៅតាមផ្លូវរបស់ព្រះ ហើយមើលថាតើអនុវត្តតាមគោលការណ៍ទាំងនោះ នឹងនាំឲ្យមានសុភមង្គលយ៉ាងដូចម្ដេច។
សេចក្ដីទៀងត្រង់នាំឲ្យមានសុភមង្គល
៥. តើព្រះគម្ពីរចែងយ៉ាងណាអំពីការកុហកនិងការលួច?
៥ ព្រះយេហូវ៉ាជា«ព្រះនៃសេចក្ដីពិត»។ (ទំនុកដំកើង ៣១:៥) ប្រាកដហើយ អ្នកប្រាថ្នាចង់ធ្វើតាមគំរូរបស់ទ្រង់ ហើយចង់ឲ្យគេស្គាល់អ្នកថាជាមនុស្សចិត្តត្រង់ផង។ សេចក្ដីទៀងត្រង់នាំឲ្យមានការគោរពរាប់អានខ្លួន និងសុខុមាលភាពល្អ។ ប៉ុន្តែ ពីព្រោះសេចក្ដីឥតទៀងត្រង់ គឺជារឿងធម្មតាទូទៅក្នុងពិភពលោកដ៏មានបាបនេះ ពួកគ្រីស្ទានក៏ត្រូវការសេចក្ដីរំឭកនេះ៖ «ត្រូវឲ្យនិយាយសេចក្ដីពិត នឹងអ្នកជិតខាងរៀងខ្លួនវិញ . . . អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៅ ស៊ូឲ្យអ្នកនោះទ្រាំនឿយហត់ជាជាង . . . ដើម្បីឲ្យមានអ្វីនឹងចែកដល់អ្នកណាដែលត្រូវការផង»។ (អេភេសូរ ៤:២៥, ២៨) និយោជិតគ្រីស្ទាន ធ្វើការងារប្រចាំថ្ងៃដោយចិត្តទៀងត្រង់។ បើនិយោជកមិនអនុញ្ញាតឲ្យទេ នោះពួកគេមិនយកអ្វីដែលជារបស់និយោជកឡើយ។ មិនថានៅឯកន្លែងធ្វើការ ក្នុងសាលា ឬនៅផ្ទះ អ្នកថ្វាយបង្គំព្រះយេហូវ៉ាត្រូវតែ‹ទៀងត្រង់ក្នុងគ្រប់ការទាំងអស់›។ (ហេព្រើរ ១៣:១៨) អ្នកណាដែលមានទម្លាប់និយាយកុហក ឬលួច នោះមិនអាចទទួលព្រះគុណរបស់ព្រះបានឡើយ។—ចោទិយកថា ៥:១៩; វិវរណៈ ២១:៨
៦. តើតាមរបៀបណាដែលសេចក្ដីទៀងត្រង់របស់អ្នកដែលរស់នៅតាមផ្លូវរបស់ព្រះ នាំឲ្យមានការដំកើងដល់ព្រះយេហូវ៉ា?
៦ ការមានចិត្តទៀងត្រង់ នាំឲ្យបានពរជាច្រើន។ ស៊ីលីណា ជាស្ត្រីមេម៉ាយសាសន៍អាហ្វ្រិកដ៏ក្រីក្រម្នាក់ ដែលស្រឡាញ់ព្រះយេហូវ៉ា និងគោលការណ៍ដ៏សុចរិតរបស់ទ្រង់។ ថ្ងៃមួយ នាងបានរកឃើញកាតាប ដែលមានប័ណ្ណធនាគារ និងប្រាក់មួយចំនួនធំ។ ដោយប្រើសៀវភៅលេខទូរស័ព្ទ នាងអាចរកម្ចាស់កាតាបនោះឃើញ—ជាម្ចាស់ហាងដែលបានត្រូវគេប្លន់។ បុរសម្ចាស់ហាងនេះមានចិត្តអស្ចារ្យណាស់ ពេលបានឃើញស៊ីលីណា ទោះជាឈឺខ្សោយខ្លាំងក៏ដោយ បានមកជួបគាត់ ហើយយករបស់ទាំងប៉ុន្មានក្នុងកាតាបមកប្រគល់ឲ្យគាត់វិញ។ បុរសនេះបាននិយាយថា «សេចក្ដីទៀងត្រង់បែបនេះ ត្រូវតែជូនរង្វាន់ឲ្យ» ហើយក៏បានហុចប្រាក់មួយចំនួនដល់នាង។ សំខាន់ជាងនេះទៅទៀត គឺថាបុរសនេះបានសរសើរសាសនារបស់នាងស៊ីលីណា។ ត្រូវហើយ អំពើទៀងត្រង់ ធ្វើឲ្យសេចក្ដីបង្រៀនព្រះគម្ពីរឃើញថាល្អត្រចង់ លើកដំកើងព្រះយេហូវ៉ា ហើយនឹងនាំឲ្យមានសុភមង្គលដល់ពួកអ្នកថ្វាយបង្គំដ៏ទៀងត្រង់របស់ទ្រង់ផង។—ទីតុស ២:១០; ពេត្រុសទី១ ២:១២
ចិត្តសប្បុរសនាំឲ្យមានសុភមង្គល
៧. តើការលេងល្បែង គឺខុសយ៉ាងណា?
៧ ការមានចិត្តសប្បុរសក៏នាំឲ្យមានសុភមង្គលដែរ រីឯមនុស្សលោភវិញ នឹងមិន«គ្រងនគរព្រះទុកជាមរដកឡើយ»។ (កូរិនថូសទី១ ៦:១០) សេចក្ដីលោភមួយប្រភេទដ៏ធម្មតាទូទៅ គឺការលេងល្បែង ដែលជាការប៉ុនប៉ងរកឈ្នះបានប្រាក់ពីអ្នកឯទៀតដែលចាញ់ល្បែង។ ព្រះយេហូវ៉ាមិនសព្វព្រះហឫទ័យនឹងពួកអ្នកដែល‹រកប្រាក់តាមរបៀបថោកទាបឡើយ›។ (ធីម៉ូថេទី១ ៣:៨) ទោះជានៅកន្លែងដែលការលេងល្បែងគឺត្រឹមត្រូវតាមច្បាប់ ហើយគេលេងល្បែងទុកជាការកំសាន្តក៏ដោយ ក៏គេអាចទៅជាញៀន ហើយជួយដំកើងការប្រព្រឹត្ត ដែលបានធ្វើឲ្យហិនហោចដល់ជីវិតរបស់មនុស្សជាច្រើននាក់។ ការលេងល្បែងតែងនាំឲ្យមានសេចក្ដីលំបាកវេទនាដល់គ្រួសាររបស់អ្នកលេង ដែលមានសល់ប្រាក់បន្ដិចបន្តួច ដើម្បីទិញរបស់ត្រូវការ ដូចជាអាហារនិងសំលៀកបំពាក់។—ធីម៉ូថេទី១ ៦:១០
៨. តើព្រះយេស៊ូមានគំរូយ៉ាងណាអំពីសេចក្ដីសប្បុរស ហើយយើងអាចមានចិត្តសប្បុរសដូចម្ដេច?
៨ ដោយព្រោះចិត្តសប្បុរសដែលប្រកបដោយសេចក្ដីស្រឡាញ់របស់គេ ពួកគ្រីស្ទានមានអំណរក្នុងការជួយមនុស្សឯទៀត ជាពិសេសពួកអ្នកមានជំនឿដូចគ្នាដែលក្រខ្សត់។ (យ៉ាកុប ២:១៥, ១៦) មុនព្រះយេស៊ូយាងមកផែនដី ទ្រង់បានកត់សម្គាល់ឃើញសេចក្ដីសប្បុរសរបស់ព្រះចំពោះមនុស្សជាតិ។ (កិច្ចការ ១៤:១៦, ១៧) ឯព្រះយេស៊ូអង្គទ្រង់បានប្រទានពេលវេលា ការប៉ិនប្រសប់ ព្រមទាំងជីវិតរបស់ទ្រង់ទុកជាប្រយោជន៍ដល់មនុស្សជាតិផង។ ដូច្នេះ ទ្រង់មានគុណវុឌ្ឍិគ្រប់សព្វដើម្បីមានបន្ទូលថ្លែងប្រាប់ថា៖ «ដែលឲ្យ នោះបានពរជាជាងទទួល»។ (កិច្ចការ ២០:៣៥) ព្រះយេស៊ូក៏មានបន្ទូលសរសើរស្រីមេម៉ាយម្នាក់ ដែលដាក់កាក់តូចពីរក្នុងហិបប្រាក់នៃព្រះវិហារ ពីព្រោះនាងបានឲ្យ«របស់ដែលនាងមានទាំងប៉ុន្មានសំរាប់ចិញ្ចឹមជីវិតខ្លួន»។ (ម៉ាកុស ១២:៤១-៤៤) ពួកអ៊ីស្រាអែលពីដើមនិងពួកគ្រីស្ទាននៅសតវត្សទីមួយ ផ្ដល់គំរូអំពីចិត្តសប្បុរសដែលប្រកបដោយអំណរ ក្នុងការគាំទ្រខាងសម្ភារៈដល់ក្រុមជំនុំនិងកិច្ចការព្រះរាជាណាចក្រ។ (របាក្សត្រទី១ ២៩:៩; កូរិនថូសទី២ ៩:១១-១៤) ក្រៅពីផ្ដល់វិភាគទានខាងសម្ភារៈសំរាប់បំណងទាំងនេះ ពួកគ្រីស្ទានសម័យនេះក៏សរសើរដំកើងព្រះដោយរីករាយ ហើយចំណាយអាយុជីវិតរបស់គេដើម្បីបំរើទ្រង់ផង។ (រ៉ូម ១២:១; ហេព្រើរ ១៣:១៥) ព្រះយេហូវ៉ាប្រទានពរដល់គេចំពោះការចំណាយពេលវេលា កម្លាំង និងធនធានឯទៀត រួមទាំងប្រាក់ដែលគេផ្ដល់ ដើម្បីគាំទ្រការថ្វាយបង្គំពិត និងជួយដំកើងកិច្ចការផ្សាយដំណឹងល្អ អំពីព្រះរាជាណាចក្រពាសពេញពិភពលោក។—សុភាសិត ៣:៩, ១០
កត្ដាឯទៀតដែលជួយឲ្យមានសុភមង្គល
៩. តើការផឹកភេសជ្ជៈជាតិស្រាច្រើនហួសហេតុ គឺខុសយ៉ាងណា?
៩ ដើម្បីឲ្យបានសុភមង្គល ពួកគ្រីស្ទានត្រូវតែ‹រក្សាការពារសមត្ថភាពរិះគិតរបស់គេ›។ (សុភាសិត ៥:១, ២) នេះតម្រូវពួកគេឲ្យអានហើយសញ្ជឹងគិតអំពីបន្ទូលរបស់ព្រះ និងប្រកាសនវត្ថុព្រះគម្ពីរដ៏ល្អប្រពៃ។ ប៉ុន្តែ មានរបស់ខ្លះដែលគេត្រូវជៀសវាង។ ជាឧទាហរណ៍ ការផឹកភេសជ្ជៈជាតិស្រាច្រើនហួសហេតុ អាចធ្វើឲ្យមនុស្សបាត់បង់សមត្ថភាពរកគិតអ្វីមិនត្រូវ។ ក្នុងសភាពបែបនេះ មនុស្សជាច្រើនក៏បានចូលជាប់ទាក់ទងនឹងអំពើឥតសីលធម៌ ប្រព្រឹត្តអំពើឃោរឃៅ និងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផង។ ដូច្នេះហើយបានជាព្រះគម្ពីរចែងថា ពួកមនុស្សប្រមឹកនឹងមិនបានទទួលព្រះរាជាណាចក្ររបស់ព្រះជាមរតកឡើយ! (កូរិនថូសទី១ ៦:១០) ដោយមានចិត្តប្ដេជ្ញារក្សា‹គំនិតនឹងធឹង› ពួកគ្រីស្ទានពិតត្រូវជៀសវាងការប្រមឹក ហើយនេះជួយឲ្យមានសុភមង្គលក្នុងចំណោមពួកគេ។—ទីតុស ២:២-៦
១០. (ក) ហេតុអ្វីក៏ពួកគ្រីស្ទានមិនប្រើថ្នាំជក់? (ខ) តើជម្រុះទម្លាប់ញៀនចោលនាំឲ្យមានផលប្រយោជន៍អ្វី?
១០ រូបកាយស្អាតស្អំ ក៏ជួយឲ្យមានសុភមង្គល។ ប៉ុន្តែ មនុស្សជាច្រើនបានទៅជាញៀននឹងគ្រឿងដែលធ្វើឲ្យខូចសុខភាព។ ជាឧទាហរណ៍ សូមពិចារណាមើលការប្រើថ្នាំជក់។ អង្គការពិភពលោកខាងសុខភាព រាយការណ៍ថា ការជក់បារី«សម្លាប់មនុស្សបីលាននាក់រៀងរាល់ឆ្នាំ»។ ការជម្រុះទម្លាប់ជក់ថ្នាំជក់ចោល គឺពិបាកណាស់ ពីព្រោះរោគលក្ខណៈដែលកើតឡើងមួយរយៈខ្លីពីការផ្ដាច់ជាតិគ្រឿងញៀន។ ផ្ទុយទៅវិញ អ្នកធ្លាប់ជក់បារីពីមុនជាច្រើន ឃើញថាគេមានសុខភាពល្អមួយកំរិត ហើយមានសល់ប្រាក់ច្រើនផងសំរាប់ទិញរបស់ត្រូវការក្នុងគ្រួសារ។ ត្រូវហើយ មានជ័យជំនះលះបង់ចោលទម្លាប់ជក់ថ្នាំ ឬការញៀនគ្រឿងដែលធ្វើឲ្យខូចសុខភាព នឹងជួយឲ្យបានរូបកាយស្អាតស្អំ និងមនសិការជ្រះថ្លា ព្រមទាំងសុភមង្គលពិត។—កូរិនថូសទី២ ៧:១
សុភមង្គលក្នុងអាពាហ៍ពិពាហ៍
១១. តើគេត្រូវធ្វើយ៉ាងណា ដើម្បីឲ្យអាពាហ៍ពិពាហ៍គេបានពេញច្បាប់ហើយបានប្រសើរដល់គ្រប់គ្នាជារៀងរហូត?
១១ អ្នកដែលរស់នៅជាមួយគ្នាជាប្ដីប្រពន្ធ ត្រូវធ្វើយ៉ាងណាឲ្យអាពាហ៍ពិពាហ៍របស់គេ បានត្រូវចុះបញ្ជីត្រឹមត្រូវតាមច្បាប់អាជ្ញាធរស៊ីវិល។ (ម៉ាកុស ១២:១៧) គេក៏ត្រូវតែចាត់ទុកភាពជាប្ដីប្រពន្ធនឹងគ្នា ជាភារៈដ៏ធំដុំមួយដែរ។ ពិតហើយ ជួនកាលគឺត្រូវរស់នៅដាច់ឡែកពីគ្នាជាចាំបាច់ ក្នុងករណីដែលគូអាពាហ៍ពិពាហ៍តាំងចិត្តឥតគាំទ្រ ធ្វើទុក្ខទោសខ្លាំង ឬធ្វើឲ្យមានគ្រោះថ្នាក់ពិតដល់ភាពវិញ្ញាណ។ (ធីម៉ូថេទី១ ៥:៨; កាឡាទី ៥:១៩-២១) ប៉ុន្តែ ពាក្យរបស់សាវ័កប៉ុលនៅកូរិនថូសទី១ ៧:១០-១៧ លើកទឹកចិត្តប្ដីប្រពន្ធឲ្យនៅជាមួយគ្នា។ ប្រាកដហើយ ដើម្បីឲ្យបានសុភមង្គលពិត ពួកគេត្រូវតែមានចិត្តស្មោះនឹងគ្នា។ ប៉ុលសរសេរថា៖ «ចូរឲ្យការវិវាហមង្គលជាការប្រសើរដល់គ្រប់គ្នា ហើយឲ្យការរួមដំណេក ជាការឥតសៅហ្មងដែរ ដ្បិតព្រះទ្រង់នឹងជំនុំជំរះមនុស្សកំផិត ហើយនឹងមនុស្សសហាយស្មន់គ្នា»។ (ហេព្រើរ ១៣:៤, ព.ថ.) ពាក្យ«រួមដំណេក» គឺមានន័យថារួមសង្វាសគ្នារវាងប្រុសនិងស្រី ដែលបានរៀបការជាមួយគ្នាត្រឹមត្រូវតាមច្បាប់។ ឥតមានការរួមដំណេកផ្សេងទៀតទេ ដូចជាការមានប្រពន្ធលើសពីម្នាក់ ដែលអាចរៀបរាប់ថាជា«ការប្រសើរដល់គ្រប់គ្នា»ឡើយ។ ម្យ៉ាងទៀត ព្រះគម្ពីរផ្ដន្ទាដល់ការរួមសង្វាសគ្នាមុនរៀបការ និងការរួមសង្វាសជាមួយមនុស្សភេទដូចគ្នា។—រ៉ូម ១:២៦, ២៧; កូរិនថូសទី១ ៦:១៨
១២. តើអ្វីជាផលផ្លែអាក្រក់ខ្លះនៃការសហាយស្មន់?
១២ អំពើសហាយស្មន់ប្រហែលជាធ្វើឲ្យរូបកាយបានសប្បាយតែមួយភ្លែត ប៉ុន្តែវាមិនមែននាំឲ្យបានសុភមង្គលពិតនោះឡើយ។ នេះធ្វើឲ្យព្រះមិនសព្វព្រះហឫទ័យ ហើយអាចធ្វើឲ្យរង្កៀសមនសិការរបស់មនុស្សផិតនោះផង។ (ថែស្សាឡូនីចទី១ ៤:៣-៥) លទ្ធផលអាក្រក់នៃការរួមដំណេកឥតពេញច្បាប់ គឺប្រហែលជារោគអេដស៍ និងកាមរោគឯទៀត។ សេចក្ដីរាយការណ៍វិជ្ជាពេទ្យមួយថ្លែងថា៖ «គេបានប្រមាណថា មានមនុស្សជាង២៥០លាននាក់ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំត្រូវកើតរោគប្រមេះ ហើយមនុស្សប្រហែល៥០លាននាក់ត្រូវកើតរោគស្វាយ»។ ហើយក៏មានបញ្ហានៃការមានផ្ទៃពោះដែលមិនចង់បានទៀត។ សហព័ន្ធអន្តរជាតិខាងកិច្ចមាតាបិតា រាយការណ៍ថា ទូទាំងពិភពលោក មានក្មេងស្រីជាង១៥លាននាក់ អាយុរវាង១៥និង១៩ឆ្នាំ មានផ្ទៃពោះរៀងរាល់ឆ្នាំ ហើយមួយភាគបីនៃចំនួនក្មេងស្រីទាំងនេះ បានពន្លូតកូនចោល។ ការស្រាវជ្រាវមួយបានបង្ហាញថា នៅប្រទេសអាហ្វ្រិកមួយ ក្នុងសេចក្ដីស្លាប់ទាំងអស់នៃពួកក្មេងស្រី ៧២ភាគរយគឺបណ្ដាលមកពីជម្ងឺស្មុគស្មាញដោយសារការពន្លូតកូន។ អ្នកផិតខ្លះប្រហែលជាគេចរួចពីរោគ និងការមានផ្ទៃពោះ ប៉ុន្តែមិនអាចគេចផុតពីការខូចចិត្តបានឡើយ។ ពួកគេជាច្រើនលែងគោរពរាប់អានខ្លួន ហើយព្រមទាំងស្អប់ខ្លួនទៀតផង។
១៣. តើមានបញ្ហាណាថែមទៀតដែលកើតមកពីការផិតគ្នា ហើយនៅពេលអនាគត អ្វីនឹងកើតឡើងដល់ពួកអ្នកដែលមិនព្រមឈប់សហាយស្មន់គ្នា?
១៣ ថ្វីបើការផិតគ្នាអាចទទួលការអត់ឱនទោសក៏ដោយ វាគឺជាមូលដ្ឋានដ៏ត្រឹមត្រូវតាមបទគម្ពីរ សំរាប់ការលែងលះគ្នា ចំពោះគូអាពាហ៍ពិពាហ៍ដែលឥតមានទោស។ (ម៉ាថាយ ៥:៣២; ប្រៀបធៀប ហូសេ ៣:១-៥) ពេលដែលអំពើឥតសីលធម៌បែបនេះ បានធ្វើឲ្យអាពាហ៍ពិពាហ៍បាក់បែក នេះអាចទុកឲ្យគូអាពាហ៍ពិពាហ៍ដែលគ្មានទោស ហើយនិងកូនផង មានការឈឺចិត្តជាប់ឆ្អិតក្នុងទ្រូង។ ដើម្បីជាប្រយោជន៍ដល់គ្រួសារមនុស្ស បន្ទូលរបស់ព្រះបានចង្អុលប្រាប់ថា ទ្រង់នឹងជំនុំជំរះជំទាស់នឹងពួកសហាយស្មន់និងពួកផិតគ្នា ដែលមិនព្រមកែប្រែចិត្ត។ ម្យ៉ាងទៀត បន្ទូលរបស់ព្រះក៏បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ពួកអ្នកដែលប្រព្រឹត្តអំពើឥតសីលធម៌ខាងកាម នឹង«មិនបានគ្រងនគរព្រះទុកជាមរដកឡើយ»។—កាឡាទី ៥:១៩, ២១
«មិនមែនជារបស់លោកីយ៍ទេ»
១៤. (ក) តើសរណវត្ថុបូជាប្រភេទណាខ្លះ ដែលអ្នករស់នៅតាមផ្លូវរបស់ព្រះជៀសវាង? (ខ) តើយ៉ូហាន ១៧:១៤ និងអេសាយ ២:៤ ផ្ដល់នូវសេចក្ដីណែនាំយ៉ាងណា?
១៤ អ្នកដែលប្រាថ្នាចង់ផ្គាប់ព្រះហឫទ័យនៃព្រះយេហូវ៉ា ហើយចង់ទទួលពរពីព្រះរាជាណាចក្រ គឺត្រូវជៀសវាងសរណវត្ថុបូជាគ្រប់ប្រភេទ។ ព្រះគម្ពីរបង្ហាញប្រាប់ថា មិនត្រូវធ្វើបដិមាករហើយថ្វាយបង្គំវាឡើយ គឺរួមទាំងបដិមាករព្រះគ្រីស្ទ និងនាងម៉ារា ជាម្ដាយព្រះយេស៊ូផង ដ្បិតនេះជាការខុស។ (និក្ខមនំ ២០:៤, ៥; យ៉ូហានទី១ ៥:២១) ដូច្នេះ ពួកគ្រីស្ទានពិតមិនថ្វាយបង្គំរូប ឈើឆ្កាង និងបដិមាករទេ។ គេក៏ជៀសវាងការថ្វាយបង្គំសរណវត្ថុម្យ៉ាងដែលមិនងាយយល់ ដូចជាការគោរពទង់ជាតិ និងច្រៀងចំរៀងដែលដំកើងជាតិសាសន៍ដែរ។ ពេលត្រូវបង្ខំឲ្យប្រព្រឹត្តបែបនេះ ពួកគេនឹកដល់បន្ទូលរបស់ព្រះយេស៊ូដល់សាតាំងថា៖ «ឯងត្រូវថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»។ (ម៉ាថាយ ៤:៨-១០, ព.ថ.) ព្រះយេស៊ូមានបន្ទូលថា ពួកអ្នកកាន់តាមទ្រង់ គឺ«មិនមែនជារបស់លោកីយ៍ទេ»។ (យ៉ូហាន ១៧:១៤) នេះគឺមានន័យថា តាំងខ្លួនជាអព្យាក្រឹតក្នុងរឿងនយោបាយ ហើយរស់នៅដោយសុខសាន្ត ស្របតាមអេសាយ ២:៤ ដែលចែងថា៖ «ទ្រង់[ព្រះយេហូវ៉ា]នឹងវិនិច្ឆ័យរវាងអស់ទាំងនគរ ហើយនឹងសំរេចរឿងដល់សាសន៍ជាច្រើន នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ នគរ១នឹងមិនលើកដាវទាស់នឹងនគរ១ទៀតឡើយ ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»។
១៥. តើអ្វីជាបាប៊ីឡូនដ៏ធំ ហើយពួកសិស្សថ្មីនៃព្រះគម្ពីរជាច្រើនធ្វើយ៉ាងណា ដើម្បីចាកចេញពីវានោះ?
១៥ «មិនមែនជារបស់លោកីយ៍» ក៏មានន័យថា ឈប់ចូលរួមទាក់ទងជាមួយ«បាប៊ីឡូនដ៏ធំ» ដែលជាចក្រភពសាសនាមិនពិតទូទៅក្នុងលោក។ ការថ្វាយបង្គំមិនស្អាតស្អំបានរាលដាលចេញពីបាប៊ីឡូនបុរាណមក រហូតដល់វាមានអំណាចខាងវិញ្ញាណដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់មនុស្សទូទាំងពិភពលោក។ «បាប៊ីឡូនដ៏ធំ» គឺរួមបញ្ចូលសាសនាទាំងអស់ដែលមានលទ្ធិនិងអនុវត្ត ដែលមិនស្របនឹងចំណេះនៃព្រះ។ (វិវរណៈ ១៧:១, ៥, ១៥) ឥតមានអ្នកថ្វាយបង្គំដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាណាម្នាក់ នឹងចូលរួមក្នុងសកម្មភាពលាយជំនឿគ្នា ដោយរួមចំណែកនឹងការថ្វាយបង្គំជាមួយសាសនាដទៃ ឬដោយចងមិត្តភាពខាងវិញ្ញាណជាមួយនឹងចំណែករបស់បាប៊ីឡូនដ៏ធំណាមួយឡើយ។ (ជនគណនា ២៥:១-៩; កូរិនថូសទី២ ៦:១៤) ហេតុដូច្នេះ សិស្សថ្មីនៃព្រះគម្ពីរជាច្រើន ផ្ញើសំបុត្រសុំលាចេញពីអង្គការសាសនា ដែលខ្លួនគេជាសមាជិក។ នេះបាននាំគេឲ្យចូលទៅជិតព្រះពិតថែមទៀត ដូចបានសន្យាមកថា៖ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ‹ចូរចេញពីកណ្ដាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា› »។ (កូរិនថូសទី២ ៦:១៧, ព.ថ.; វិវរណៈ ១៨:៤, ៥) តើការទទួលបែបនេះពីព្រះវរបិតាស្ថានសួគ៌របស់យើង មិនមែនជាអ្វីដែលអ្នកប្រាថ្នាចង់បានជាខ្លាំងទេឬ?
ថ្លឹងថ្លែងការធ្វើពិធីបុណ្យប្រចាំឆ្នាំ
១៦. ហេតុអ្វីក៏ពួកគ្រីស្ទានពិតមិនធ្វើបុណ្យណូអែល?
១៦ ការរស់នៅតាមផ្លូវរបស់ព្រះ ដោះលែងយើងឲ្យរួចពីបន្ទុកធ្ងន់ជាច្រើននៃការធ្វើពិធីបុណ្យរបស់លោកីយ៍។ ជាឧទាហរណ៍ ព្រះគម្ពីរមិនបង្ហាញប្រាប់ថ្ងៃកំណើតពិតប្រាកដរបស់ព្រះយេស៊ូទេ។ អ្នកខ្លះប្រហែលជាលាន់មាត់ថា ‹ខ្ញុំស្មានថា ព្រះយេស៊ូបានចាប់កំណើតនៅថ្ងៃទី២៥ ខែធ្នូ›! នេះគឺមិនត្រូវទេ ពីព្រោះទ្រង់បានសោយទិវង្គតក្នុងរដូវរងា នៃឆ្នាំ៣៣ ស.យ. ពេលទ្រង់មានព្រះជន្ម៣៣ឆ្នាំកន្លះ។ ម្យ៉ាងទៀត ក្នុងគ្រាដែលទ្រង់ចាប់កំណើត នោះពួកអ្នកគង្វាល«ចាំយាម រក្សាហ្វូងចៀមរបស់ខ្លួន នៅឯវាល ក្នុងវេលាយប់»។ (លូកា ២:៨) នៅប្រទេសអ៊ីស្រាអែល ចុងខែធ្នូគឺជារដូវត្រជាក់ហើយមានភ្លៀងធ្លាក់ ជាគ្រាដែលគេទុកសត្វចៀមនៅក្នុងក្រោលនៅពេលយប់ ដើម្បីការពារវាពីធាតុអាកាសរដូវត្រជាក់។ តាមពិត ថ្ងៃទី២៥ ខែធ្នូ គឺជាថ្ងៃដែលពួករ៉ូមបានលើកទុកសំរាប់ជាថ្ងៃកំណើតនៃព្រះសុរិយារបស់គេ។ ជាច្រើនសតវត្សក្រោយពីព្រះយេស៊ូបានគង់នៅលើផែនដី ពួកគ្រីស្ទានដែលក្បត់ជំនឿ បានជ្រើសយកថ្ងៃនេះសំរាប់ធ្វើពិធីបុណ្យថ្ងៃកំណើតរបស់ព្រះគ្រីស្ទ។ ហេតុដូច្នេះ គ្រីស្ទានពិតមិនធ្វើពិធីបុណ្យណូអែលឬថ្ងៃបុណ្យណាទៀត ដែលសំអាងលើជំនឿសាសនាក្លែងក្លាយនោះឡើយ។ ពីព្រោះពួកគេមានភក្ដីភាពតែចំពោះព្រះយេហូវ៉ា ពួកគេក៏មិនបានធ្វើពិធីបុណ្យ ដែលគោរពដំកើងមនុស្សឬជាតិសាសន៍ដ៏មានបាបនោះដែរ។
១៧. ហេតុអ្វីបានអ្នកដែលរស់នៅតាមផ្លូវរបស់ព្រះមិននាំគ្នាជប់លៀងធ្វើបុណ្យថ្ងៃកំណើត ហើយហេតុអ្វីក៏ពួកកូនក្មេងគ្រីស្ទាននៅតែសប្បាយចិត្ត?
១៧ ព្រះគម្ពីរបានចែងប្រាប់យ៉ាងជាក់លាក់ អំពីពិធីបុណ្យថ្ងៃកំណើតតែពីរ ដែលសុទ្ធតែទាក់ទងនឹងមនុស្សដែលមិនបំរើព្រះ។ (លោកុប្បត្តិ ៤០:២០-២២; ម៉ាថាយ ១៤:៦-១១) ដ្បិតបទគម្ពីរមិនបង្ហាញប្រាប់ថ្ងៃកំណើតរបស់ព្រះយេស៊ូគ្រីស្ទ ជាបុរសគ្រប់ល័ក្ខណ៍នោះផង ហេតុអ្វីក៏យើងគួរយកចិត្តទុកដាក់ខ្លាំងនឹងថ្ងៃកំណើតរបស់មនុស្សឥតគ្រប់ល័ក្ខណ៍? (សាស្ដា ៧:១) ប្រាកដហើយ ឪពុកម្ដាយដែលគោរពព្រះ មិនមែនរង់ចាំដល់ថ្ងៃពិសេស ដើម្បីសម្ដែងសេចក្ដីស្រឡាញ់ចំពោះកូនរបស់គេឡើយ។ ក្មេងស្រីគ្រីស្ទានអាយុ១៣ឆ្នាំម្នាក់ ពោលថា៖ «គ្រួសាររបស់ខ្ញុំហើយនិងខ្ញុំមានការសប្បាយច្រើនណាស់ . . . ខ្ញុំជិតស្និទ្ធនឹងឪពុកម្ដាយខ្ញុំ ហើយពេលដែលក្មេងឯទៀត សួរនូវហេតុដែលខ្ញុំមិនធ្វើពិធីបុណ្យ ខ្ញុំក៏ប្រាប់គេថា ខ្ញុំមានធ្វើរាល់តែថ្ងៃ»។ គ្រីស្ទានវ័យក្មេងអាយុ១៧ឆ្នាំម្នាក់ និយាយថា៖ «ក្នុងផ្ទះរបស់យើង យើងឲ្យអំណោយគ្នារាល់តែដងពេញមួយឆ្នាំ»។ សុភមង្គលនឹងមានច្រើនឡើង ពេលដែលអំណោយបានឲ្យទៅដោយមិនបាច់ចាំដល់ឱកាសពិសេស។
១៨. តើអ្វីជាពិធីបុណ្យមួយ ដែលព្រះយេស៊ូបញ្ជាពួកអ្នកកាន់តាមទ្រង់ឲ្យធ្វើជារៀងរាល់ឆ្នាំ ហើយនេះរំឭកយើងអំពីអ្វី?
១៨ ចំពោះពួកអ្នករស់នៅតាមផ្លូវរបស់ព្រះ គឺមានថ្ងៃមួយក្នុងឆ្នាំនិមួយៗ ដែលគេនឹងធ្វើពិធីបុណ្យរំឭកដល់យ៉ាងពិសេស។ នេះគឺជាអាហារពេលល្ងាចរបស់ព្រះអម្ចាស់ ហើយតែងត្រូវគេហៅថា ពិធីបុណ្យរំឭកដល់ការសោយទិវង្គតរបស់ព្រះគ្រីស្ទ។ ចំពោះថ្ងៃនេះ ព្រះយេស៊ូបានបង្គាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»។ (លូកា ២២:១៩, ២០; កូរិនថូសទី១ ១១:២៣-២៥) ពេលដែលព្រះយេស៊ូប្រារព្ធធ្វើពិធីជប់លៀងអាហារនេះនៅរាត្រីថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ ស.យ. ទ្រង់បានប្រើនំប៉័ងឥតដំបែនិងស្រាក្រហម ជាតំណាងរូបកាយដ៏ឥតបាប និងលោហិតដ៏ល្អបរិសុទ្ធរបស់ទ្រង់។ (ម៉ាថាយ ២៦:២៦-២៩) របស់តំណាងទាំងនេះ គឺត្រូវទទួលសេពសោយដោយពួកគ្រីស្ទានចាក់ប្រេងតាំងពីវិញ្ញាណបរិសុទ្ធ។ ពួកគេបានត្រូវយកចូលទៅក្នុងកិច្ចព្រមព្រៀងថ្មី និងកិច្ចព្រមព្រៀងសំរាប់ព្រះរាជាណាចក្រ ហើយពួកគេមានសេចក្ដីសង្ឃឹមរស់នៅក្នុងស្ថានសួគ៌។ (លូកា ១២:៣២; ២២:២០, ២៨-៣០; រ៉ូម ៨:១៦, ១៧; វិវរណៈ ១៤:១-៥) ប៉ុន្តែ ផលប្រយោជន៍ក៏បានដល់មនុស្សទាំងអស់ដែរ ដែលមកចូលរួមក្នុងវេលាល្ងាចនោះ ដែលត្រូវជាថ្ងៃទី១៤ខែណែសាន តាមប្រក្រតិទិនយូដាបុរាណ។ ពួកគេបានត្រូវរំឭកអំពីសេចក្ដីស្រឡាញ់ ដែលព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទបានសម្ដែងមកក្នុងយញ្ញបូជាលោះសំរាប់លុបលាងបាប ដែលធ្វើឲ្យពួកអ្នកដែលមានព្រះគុណ មានលទ្ធភាពទទួលជីវិតអស់កល្បជានិច្ច។—ម៉ាថាយ ២០:២៨; យ៉ូហាន ៣:១៦
ការងារនិងការកំសាន្ត
១៩. តើការពិបាកអ្វីដែលពួកគ្រីស្ទានមានក្នុងការចិញ្ចឹមជីវិត?
១៩ ពួកគ្រីស្ទានពិត មានកាតព្វកិច្ចដែលតម្រូវឲ្យគេខំប្រឹងធ្វើការចិញ្ចឹមជីវិតតាមសេចក្ដីត្រូវការ។ សម្រេចភារកិច្ចនេះ ធ្វើឲ្យមេគ្រួសារមានសេចក្ដីពេញចិត្ត។ (ថែស្សាឡូនីចទី១ ៤:១១, ១២) ប្រាកដហើយ បើការងាររបស់គ្រីស្ទានជំទាស់នឹងព្រះគម្ពីរ នេះនឹងធ្វើឲ្យគាត់លែងមានសុភមង្គល។ ប៉ុន្តែ ជួនកាលគ្រីស្ទានមានការពិបាករកការងារដែលស្របនឹងខ្នាតតម្រាព្រះគម្ពីរណាស់។ ជាឧទាហរណ៍ និយោជកខ្លះតម្រូវឲ្យពួកនិយោជិត បោកប្រាស់ពួកអ្នកទិញ។ ម្យ៉ាងវិញទៀត មាននិយោជកជាច្រើន ដែលនឹងសុខចិត្តឲ្យអ្នកធ្វើការចិត្តទៀងត្រង់ធ្វើតាមមនសិការរបស់ខ្លួន ដោយព្រោះគេមិនចង់បាត់បង់និយោជិតដ៏ទៀងត្រង់ទាំងនេះ។ ប៉ុន្តែ ទោះជាមានហេតុការណ៍យ៉ាងណាក៏ដោយ អ្នកអាចដឹងជាប្រាកដថា ព្រះនឹងប្រទានពរដល់ការខំប្រឹងរបស់អ្នក ក្នុងការស្វែងរកការងារដែលទុកឲ្យអ្នកមានមនសិការស្អាតស្អំ។—កូរិនថូសទី២ ៤:២
២០. ហេតុអ្វីក៏យើងគួរតែប្រយ័ត្នប្រយែងក្នុងការជ្រើសរើសគ្រឿងកំសាន្ត?
២០ ពីព្រោះព្រះចង់ឲ្យអ្នកបំរើរបស់ទ្រង់សប្បាយចិត្ត នោះយើងត្រូវថ្លឹងថ្លែងការខំធ្វើការ នឹងគ្រាសំរាប់កំសាន្ត និងសំរាប់សំរាកខ្លួនប្រាណ។ (ម៉ាកុស ៦:៣១; សាស្ដា ៣:១២, ១៣) លោកីយ៍របស់សាតាំងផ្សព្វផ្សាយដំកើងគ្រឿងកំសាន្តដែលបំពានលើច្បាប់ព្រះ។ ប៉ុន្តែដើម្បីផ្គាប់ព្រះហឫទ័យនៃព្រះ យើងត្រូវតែប្រយ័ត្នប្រយែងក្នុងការជ្រើសរើសសៀវភៅដែលយើងអាន កម្មវិធីវិទ្យុនិងភ្លេងដែលយើងស្ដាប់ និងតន្ត្រីប្រគំ ភាពយន្ត ល្ខោន កម្មវិធីទូរទស្សន៍ និងវីឌីអូដែលយើងទស្សនា។ ប្រសិនបើគ្រឿងកំសាន្តដែលយើងធ្លាប់រើសយកកាលពីដើម ទាស់នឹងសេចក្ដីព្រមានក្នុងបទគម្ពីរ ដូចចែងក្នុងចោទិយកថា ១៨:១០-១២, ទំនុកដំកើង ១១:៥, និងអេភេសូរ ៥:៣-៥, នោះយើងនឹងធ្វើឲ្យព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ ហើយនឹងបានសប្បាយចិត្តខ្លាំងឡើងមិនខានឡើយ ប្រសិនបើយើងកែប្រែឈប់ទាក់ទងនឹងរបស់ទាំងនោះទៀត។
សេចក្ដីគោរពចំពោះជីវិតនិងឈាម
២១. តើតាមរបៀបណាដែលសេចក្ដីគោរពចំពោះជីវិត គួរមានឥទ្ធិពលលើទស្សនៈរបស់យើងចំពោះការពន្លូតកូន ព្រមទាំងទម្លាប់និងចរិយារបស់យើង?
២១ ដើម្បីទទួលសុភមង្គលពិត យើងត្រូវតែប្រតិបត្ដិតាមព្រះយេហូវ៉ា ដោយចាត់ទុកជីវិតមនុស្សជាអ្វីដ៏ពិសិដ្ឋ។ បន្ទូលរបស់ទ្រង់ហាមយើង កុំឲ្យប្រព្រឹត្តឃាតកម្ម។ (ម៉ាថាយ ១៩:១៦-១៨) តាមពិត ច្បាប់របស់ព្រះសំរាប់ពួកអ៊ីស្រាអែលបង្ហាញថា ទ្រង់ចាត់ទុកកូនក្នុងពោះ ជាជីវិតដ៏មានតម្លៃ—មិនមែនជាអ្វីមួយសំរាប់សម្លាប់ចោលនោះឡើយ។ (និក្ខមនំ ២១:២២, ២៣) ចំពោះរឿងនេះ យើងមិនត្រូវចាត់ទុកជីវិតជាអ្វីដ៏ថោក ដោយប្រើថ្នាំជក់ ធ្វើទុក្ខទោសដល់រូបកាយរបស់យើង ដោយគ្រឿងញៀនឬជាតិស្រា ឬប្រថុយរងគ្រោះថ្នាក់ចំពោះអ្វីមួយដ៏មិនចាំបាច់។ ហើយយើងក៏មិនត្រូវប្រព្រឹត្តសកម្មភាពណាដែលនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត ឬឥតអើពើនឹងវិធានការបង្ការគ្រោះថ្នាក់ ដែលអាចធ្វើឲ្យយើងជាប់ទោសកំចាយឈាមនោះដែរ។—ចោទិយកថា ២២:៨
២២. (ក) តើអ្វីជាទស្សនៈរបស់ព្រះចំពោះឈាមនិងការប្រើឈាមនោះ? (ខ) តើមានតែលោហិតរបស់អ្នកណាម្នាក់គត់ដែលពិតជាអាចសង្គ្រោះជីវិតបាន?
២២ ព្រះយេហូវ៉ាមានបន្ទូលប្រាប់លោកណូអេនិងគ្រួសាររបស់លោកថា ឈាមជាតំណាងព្រលឹងឬជីវិត។ ដូច្នេះ ព្រះបានហាមពួកគេ មិនឲ្យបរិភោគឈាម។ (លោកុប្បត្តិ ៩:៣, ៤) ពីព្រោះយើងជាកូនចៅរបស់ពួកគេ ច្បាប់នោះក៏ធ្លាក់ជាប់មកលើយើងរាល់គ្នាដែរ។ ព្រះយេហូវ៉ាមានបន្ទូលប្រាប់ពួកអ៊ីស្រាអែលថា ត្រូវបង្ហូរឈាមចោលទៅលើដី ហើយមិនត្រូវទុកប្រើសំរាប់ប្រយោជន៍ដល់មនុស្សឡើយ។ (ចោទិយកថា ១២:១៥, ១៦) ច្បាប់របស់ព្រះចំពោះឈាម បានត្រូវចែងប្រាប់សាឡើងវិញម្ដងទៀត ពេលដែលពួកគ្រីស្ទានសតវត្សទីមួយបានត្រូវបង្គាប់ថា៖ ‹ចូរជៀសវាងពីឈាម›។ (កិច្ចការ ១៥:២៨, ២៩) ពីព្រោះសេចក្ដីគោរពចំពោះភាពបរិសុទ្ធនៃជីវិត មនុស្សដែលគោរពតាមព្រះមិនទទួលយកការបញ្ចូលឈាមទេ ទោះបីអ្នកឯទៀតទទូចថា ទម្រង់ការណ៍បែបនេះនឹងសង្គ្រោះជីវិតក៏ដោយ។ ស្មរបន្ទាល់ព្រះយេហូវ៉ាទទួលយកវិធីព្យាបាលពេទ្យផ្សេងជំនួសវិញ ដែលឃើញថាមានប្រសិទ្ធិភាពណាស់ ហើយមិនមានគ្រោះថ្នាក់ដូចការបញ្ចូលឈាមផង។ ពួកគ្រីស្ទានដឹងថា មានតែលោហិតបង្ហូរឈាមចេញមករបស់ព្រះយេស៊ូទេ ដែលអាចសង្គ្រោះជីវិតបានជាពិត។ អ្នកណាដែលមានជំនឿលើលោហិតនេះ បានទទួលសេចក្ដីអត់ឱនទោស និងសេចក្ដីសង្ឃឹមរស់នៅអស់កល្បជានិច្ច។—អេភេសូរ ១:៧
២៣. តើមានរង្វាន់អ្វីខ្លះ ដែលបានមកពីការរស់នៅតាមផ្លូវរបស់ព្រះ?
២៣ ច្បាស់ណាស់ ការរស់នៅតាមផ្លូវរបស់ព្រះ គឺតម្រូវឲ្យយើងមានការខំប្រឹងប្រែង។ នេះប្រហែលជានាំឲ្យមានការសើចចំអកពីពួកបងប្អូនញាតិមិត្ត។ (ម៉ាថាយ ១០:៣២-៣៩; ពេត្រុសទី១ ៤:៤) ប៉ុន្តែ រង្វាន់បានមកពីការរស់នៅបែបនេះ គឺសំខាន់ជាងការលំបាកណាទាំងអស់ឆ្ងាយណាស់។ នេះធ្វើឲ្យយើងមានមនសិការស្អាតស្អំ ហើយឲ្យយើងមានមិត្តភាពដ៏ល្អប្រពៃក្នុងចំណោមពួកអ្នកដែលថ្វាយបង្គំព្រះយេហូវ៉ាជាមួយគ្នា។ (ម៉ាថាយ ១៩:២៧, ២៩) រួចមក សូមនឹកគិតផងដែរអំពីការរស់នៅជារៀងរហូត ក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ។ (អេសាយ ៦៥:១៧, ១៨) តើនឹងមានអំណរយ៉ាងណាទៅហ្ន៎ ដោយធ្វើតាមឱវាទព្រះគម្ពីរ ហើយដូច្នេះក៏ធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យត្រេកអរ! (សុភាសិត ២៧:១១) អញ្ចឹងហើយបានជាការរស់នៅតាមផ្លូវព្រះនាំឲ្យមានសុភមង្គលមែន!—ទំនុកដំកើង ១២៨:១, ២
សាកល្បងចំណេះរបស់អ្នក
តើមានមូលហេតុអ្វីខ្លះ ដែលការរស់នៅតាមផ្លូវរបស់ព្រះនាំឲ្យមានសុភមង្គល?
ការរស់នៅតាមផ្លូវរបស់ព្រះ តម្រូវឲ្យមានការកែប្រែយ៉ាងណាខ្លះ?
ហេតុអ្វីបានជាអ្នកចង់រស់នៅតាមផ្លូវរបស់ព្រះ?
[រូបភាពនៅទំព័រ១២៤, ១២៥]
សកម្មភាពខាងវិញ្ញាណ ថ្លឹងថ្លែងជាមួយនឹងគ្រាសំរាក នាំឲ្យមានសុភមង្គលដល់អ្នកដែលរស់នៅតាមផ្លូវរបស់ព្រះ