ជំពូកទីប្រាំបួន
តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?
តើព្រឹត្ដិការណ៍អ្វីខ្លះនៅសម័យយើងបានត្រូវទាយទុកជាមុនក្នុងព្រះគម្ពីរ?
តើព្រះបន្ទូលរបស់ព្រះចែងថានៅ«ជាន់ក្រោយបង្អស់»មនុស្សនឹងមានលក្ខណៈបែបណា?
តាមទំនាយក្នុងព្រះគម្ពីរ តើនៅ«ជាន់ក្រោយបង្អស់»នឹងមានព្រឹត្ដិការណ៍ល្អអ្វីខ្លះ?
១. តើយើងអាចដឹងអំពីអនាគតតាមវិធីណា?
អ្នកប្រហែលជាធ្លាប់មើលព័ត៌មានតាមកញ្ចក់ទូរទស្សន៍ឬឮតាមវិទ្យុ រួចឆ្ងល់ថា៖‹តើពិភពលោកយើងនឹងទៅជាយ៉ាងណា?›។ ក្រៅពីនេះមានរឿងអាក្រក់ៗកើតឡើងភ្លាមមួយរំពេច ដោយគ្មានអ្នកណាដឹងទុកជាមុនទេ។ ហេតុនេះហើយ គ្មានមនុស្សណាម្នាក់អាចទាយអ្វីដែលនឹងកើតឡើងនៅថ្ងៃស្អែកបានឡើយ។ (យ៉ាកុប ៤:១៤) ក៏ប៉ុន្តែ ព្រះយេហូវ៉ាជ្រាបពីអ្វីដែលនឹងកើតឡើងនៅអនាគត។ (អេសាយ ៤៦:១០) តាំងពីយូរយារណាស់មកហើយ ព្រះយេហូវ៉ាបានមានបន្ទូលទាយក្នុងព្រះគម្ពីរអំពីព្រឹត្ដិការណ៍អាក្រក់ៗដែលនឹងកើតឡើងនៅសម័យយើង ហើយអ្វីដ៏អស្ចារ្យដែលនឹងកើតឡើងនៅបន្ដិចទៀតនាថ្ងៃខាងមុខដែរ។
២, ៣. តើសិស្សរបស់ព្រះយេស៊ូបានសួរសំនួរអ្វី? តើព្រះយេស៊ូបានមានបន្ទូលតបយ៉ាងណា?
២ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលអំពីព្រះរាជាណាចក្ររបស់ព្រះ ដែលនឹងបំបាត់ចោលអំពើអាក្រក់ ហើយធ្វើឲ្យផែនដីទៅជាសួនមនោរម្យ។ (លូកា ៤:៤៣) នៅសម័យព្រះយេស៊ូ មនុស្សចង់ដឹងថាតើព្រះរាជាណាចក្ររបស់ព្រះនឹងមកនៅពេលណា? សូម្បីតែសិស្សរបស់ព្រះយេស៊ូក៏បានសួរថា៖ «តើការទាំងនេះកាលណានឹងមកដល់? តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប[ឬ«អវសានកាលនៃពិភពលោក», ខ.ស.]?»។ (ម៉ាថាយ ២៤:៣) ព្រះយេស៊ូបានមានបន្ទូលតបថា មានតែព្រះយេហូវ៉ាទេ ដែលជ្រាបពីពេលកំណត់នៃទីបញ្ចប់របស់លោកីយ៍នេះ។ (ម៉ាថាយ ២៤:៣៦) យ៉ាងណាក៏ដោយ ព្រះយេស៊ូបានមានបន្ទូលទាយប្រាប់សិស្សរបស់ទ្រង់ពីអ្វីដែលនឹងកើតឡើងនៅផែនដី មុននឹងព្រះរាជាណាចក្ររបស់ព្រះធ្វើឲ្យមានសន្ដិសុខនិងសន្ដិភាពពិតប្រាកដ។ អ្វីដែលទ្រង់បានទាយនោះកំពុងតែកើតឡើងឥឡូវនេះហើយ!
៣ មុននឹងយើងពិចារណាភស្តុតាងដែលបញ្ជាក់ថា យើងកំពុងតែរស់នៅទី«អវសានកាលនៃពិភពលោក»នេះ យើងនឹងរៀនយ៉ាងខ្លីអំពីសង្គ្រាមមួយដែលគ្មានមនុស្សណាម្នាក់បានមើលឃើញឡើយ។ សង្គ្រាមនោះបានកើតឡើងនៅស្ថានសួគ៌ ជាកន្លែងមួយដែលយើងមើលពុំឃើញ។ ម្យ៉ាងទៀតលទ្ធផលពីសង្គ្រាមនោះប៉ះពាល់ដល់យើងរាល់គ្នា។
សង្គ្រាមនៅស្ថានសួគ៌
៤, ៥. (ក) តើអ្វីបានកើតឡើងនៅស្ថានសួគ៌មិនយូរក្រោយព្រះយេស៊ូចាប់ផ្ដើមសោយរាជ្យជាស្តេចនោះ? (ខ) យោងទៅតាមវិវរណៈ ១២:១២ តើអ្វីជាលទ្ធផលពីសង្គ្រាមនៅស្ថានសួគ៌នោះ?
៤ ជំពូកទី៨បានពន្យល់ថា ព្រះយេស៊ូគ្រីស្ទបានចាប់ផ្ដើមសោយរាជ្យជាស្តេចនៅស្ថានសួគ៌នាឆ្នាំ១៩១៤។ (ដានីយ៉ែល ៧:១៣, ១៤) មិនយូរក្រោយព្រះយេស៊ូទទួលអំណាចគ្រប់គ្រងនោះ ទ្រង់បានចាប់ធ្វើសកម្មភាព។ ព្រះគម្ពីរចែងថា៖ «មានចំបាំងនៅលើមេឃ គឺមីកែល[នាមមួយទៀតរបស់ព្រះយេស៊ូ] នឹងពួកទេវតារបស់លោកច្បាំងនឹងនាគ[អារក្សសាតាំង] ហើយនាគ នឹងទេវតាវាក៏ច្បាំងនឹងលោកដែរ»។a សាតាំងនិងពួកបិសាចឬទេវតាអាក្រក់របស់វា បានចាញ់សង្គ្រាមនោះ ហើយបានត្រូវទម្លាក់ចេញពីស្ថានសួគ៌មកផែនដី។ ទេវតាស្មោះត្រង់របស់ព្រះបានអរសប្បាយដោយសារសាតាំងនិងពួកបិសាចរបស់វាមិននៅស្ថានសួគ៌ទៀតឡើយ។ ក៏ប៉ុន្តែ មនុស្សគ្មានហេតុអរសប្បាយឡើយ។ ផ្ទុយទៅវិញ ទំនាយក្នុងព្រះគម្ពីរចែងថា៖ «វេទនាដល់ផែនដី . . . ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។—វិវរណៈ ១២:៧, ៩, ១២
៥ សូមកត់សម្គាល់នូវលទ្ធផលពីសង្គ្រាមនៅស្ថានសួគ៌នោះ។ ដោយសារសាតាំងខឹងយ៉ាងខ្លាំង វានាំឲ្យអ្នកដែលនៅផែនដីឲ្យមានសេចក្ដីវេទនា។ ក្រោយមកអ្នកនឹងរៀនដឹងថា ឥឡូវនេះយើងកំពុងតែរស់នៅគ្រាវេទនានោះ។ ប៉ុន្តែ គ្រាវេទនានោះគឺ«ខ្លីណាស់»។ សូម្បីតែសាតាំងក៏ទទួលស្គាល់ចំណុចនេះដែរ។ ក្នុងព្រះគម្ពីរគ្រានោះត្រូវហៅថា៖ «ជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១) យើងពិតជារីករាយឥតឧបមា! ពីព្រោះមិនយូរទៀតព្រះនឹងបំបាត់ចោលអានុភាពរបស់អារក្សចេញពីផែនដី! យើងនឹងរៀនអំពីព្រឹត្ដិការណ៍ដែលកំពុងតែកើតឡើងឥឡូវនេះ ដូចបានត្រូវទាយទុកជាមុនក្នុងព្រះគម្ពីរ។ ព្រឹត្ដិការណ៍ទាំងនេះជាភស្តុតាងបង្ហាញថា យើងកំពុងតែរស់នៅជាន់ក្រោយបង្អស់ ហើយមិនយូរទៀតព្រះរាជាណាចក្ររបស់ព្រះនឹងផ្ដល់ជាប្រយោជន៍ដែលស្ថិតស្ថេរជារៀងរហូត សំរាប់អ្នកដែលស្រឡាញ់ព្រះយេហូវ៉ា។ មុនដំបូង យើងនឹងរៀនអំពីលក្ខណៈបួនយ៉ាងនៃទីសម្គាល់ដែលព្រះយេស៊ូបានមានបន្ទូលប្រាប់ថាសម័យយើងនេះជាជាន់ក្រោយបង្អស់។
ព្រឹត្ដិការណ៍សំខាន់ៗនៅជាន់ក្រោយបង្អស់
៦, ៧. សព្វថ្ងៃនេះ តើបន្ទូលរបស់ព្រះយេស៊ូស្តីអំពីសង្គ្រាមនិងការអត់អាហារកំពុងតែសម្រេចយ៉ាងដូចម្ដេចខ្លះ?
៦ «សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១»។ (ម៉ាថាយ ២៤:៧) ក្នុងកំលុង១០០ឆ្នាំកន្លងទៅហើយនេះ មនុស្សរាប់លាននាក់បានស្លាប់ដោយសារសង្គ្រាម។ បុរសជនជាតិអង់គ្លេសម្នាក់ដែលស្រាវជ្រាវផ្នែកប្រវត្ដិសាស្ត្របានសរសេរថា៖ «សតវត្សរ៍ទី២០មានការច្បាំងបង្ហូរឈាមច្រើនបំផុតប្រចាំប្រវត្ដិសាស្ត្រ។ . . . ក្នុងសតវត្សរ៍នោះ មានសង្គ្រាមស្ទើរតែរាល់ថ្ងៃឥតដាច់ ហើយមានតែពីរបីគ្រាទេដែលគ្មានសង្គ្រាមសោះក្នុងពិភពលោក»។ សេចក្ដីរាយការណ៍ពីវិទ្យាស្ថានមួយបានប្រាប់ថា៖ «បើប្រៀបធៀបចំនួនមនុស្សដែលបានស្លាប់ដោយសារសង្គ្រាមនៅសតវត្សរ៍[ទី២០]និងអ្នកដែលបានស្លាប់ដោយសារសង្គ្រាមទាំងអស់តាំងពីឆ្នាំ១គ.ស. រហូតដល់ឆ្នាំ១៨៩៩គ.ស.នោះ អ្នកដែលបានស្លាប់ក្នុងសតវត្សរ៍ទី២០គឺច្រើនជាងមួយជាបី»។ (Worldwatch Institute) ជាង១០០លាននាក់បានស្លាប់ដោយសារសង្គ្រាមតាំងពីឆ្នាំ១៩១៤មកម្ល៉េះ។ មនុស្សរាប់លាននាក់ឈឺចាប់ខ្លោចផ្សាដោយសារបានបាត់បង់មនុស្សជាទីស្រឡាញ់ដោយសារសង្គ្រាម។ ប្រហែលជាអ្នកក៏ធ្លាប់បាត់បង់មនុស្សជាទីស្រឡាញ់ដោយសារសង្គ្រាមដែរ។
៧ «នឹងកើតមានអំណត់ [ឬ«ទុរ្ភិក្ស», ខ.ស.]»។ (ម៉ាថាយ ២៤:៧) អ្នកស្រាវជ្រាវប្រាប់ថា ការផលិតអាហារបានកើនឡើងយ៉ាងច្រើនក្នុងកំលុង៣០ឆ្នាំកន្លងទៅនេះ។ យ៉ាងណាក៏ដោយ ការអត់អាហារនៅតែមានដោយសារមនុស្សជាច្រើននាក់គ្មានលុយគ្រប់គ្រាន់ដើម្បីទិញអាហារបរិភោគឬដីសំរាប់ដាំដំណាំ។ នៅប្រទេសដែលកំពុងតែអភិវឌ្ឍ មនុស្សច្រើនជាងមួយពាន់លាននាក់ត្រូវចិញ្ចឹមជីវិតដោយទទួលលុយតិចជាងមួយដុល្លារក្នុងមួយថ្ងៃ។ ពួកគេភាគច្រើនគ្មានអាហារបរិភោគគ្រប់គ្រាន់។ អង្គការសុខភាពពិភពលោកប៉ាន់ស្មានថា ហេតុសំខាន់បំផុតមួយដែលនាំឲ្យកុមារប្រាំលាននាក់ស្លាប់ជារៀងរាល់ឆ្នាំ គឺដោយសារគ្មានអាហារបរិភោគគ្រប់គ្រាន់។
៨, ៩. តើអ្វីបង្ហាញថាទំនាយរបស់ព្រះយេស៊ូស្តីអំពីការរញ្ជួយដីនិងជំងឺអាសន្នរោគកំពុងតែសម្រេច?
៨ «នឹងមានកក្រើកដីជាខ្លាំង»។ (លូកា ២១:១១) អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកប៉ាន់ស្មានថា ជាមធ្យមនឹងមានការរញ្ជួយដីធំៗ១៩ដងរៀងរាល់ឆ្នាំ ហើយការរញ្ជួយដីមួយៗនឹងធ្វើឲ្យដីប្រេះហើយអគារផ្សេងៗខូចខាត។ ម្យ៉ាងទៀត រៀងរាល់ឆ្នាំជាមធ្យមមានការរញ្ជួយដីដែលមានថាមពលខ្លាំងល្មមអាចបំផ្លាញអគារផ្សេងៗឲ្យទៅជាសំណង់បាក់បែក។ (U.S. Geological Survey) ឯកសារយោងដែលមាននៅសព្វថ្ងៃនេះបង្ហាញថា តាំងពីឆ្នាំ១៩០០ ការរញ្ជួយដីបានសម្លាប់មនុស្សជាង២.០០០.០០០នាក់។ ប្រភពមួយប្រាប់ថា៖ «ការជឿនលឿនផ្នែកវិទ្យាសាស្ត្រគ្រាន់តែបានកាត់បន្ថយចំនួនអ្នកស្លាប់តែបន្ដិចទេ»។
៩ «នឹងមាន . . . អាសន្នរោគនៅកន្លែងផ្សេងៗ»។ (លូកា ២១:១១) ទោះជាមានការជឿនលឿនខាងវិធីព្យាបាលក៏ពិតមែន តែរោគទាំងចាស់ទាំងថ្មីកំពុងតែញាំញីមនុស្សជាតិ។ សេចក្ដីរាយការណ៍មួយប្រាប់ថា ជំងឺ២០ប្រភេទដែលមនុស្សស្គាល់ទូទៅដូចជាជំងឺរបេង គ្រុនចាញ់ និងអាសន្នរោគរាករូស បានកើនឡើងច្រើនជាងឆ្នាំមុនៗ ហើយជំងឺប្រភេទខ្លះគឺកាន់តែពិបាកព្យាបាលឲ្យជាដោយប្រើថ្នាំ។ តាមការពិត យ៉ាងតិចមានជំងឺថ្មី៣០ប្រភេទដែលបានលេចឡើង។ ជំងឺខ្លះមិនអាចមើលឲ្យជាបានឡើយ ហើយក៏អាចសំឡាប់ជីវិតមនុស្សថែមទៀតផង។
លក្ខណៈរបស់មនុស្សនៅជាន់ក្រោយបង្អស់
១០. សព្វថ្ងៃនេះ តើអ្នកឃើញមនុស្សបង្ហាញលក្ខណៈណាខ្លះដូចដែលបានរៀបរាប់នៅធីម៉ូថេទី២ ៣:១-៥?
១០ ព្រះគម្ពីរមិនត្រឹមតែមានទំនាយអំពីព្រឹត្ដិការណ៍ពិភពលោកប៉ុណ្ណោះ តែក៏មានទំនាយដែលថានៅជាន់ក្រោយបង្អស់ មនុស្សនឹងមានលក្ខណៈខុសប្លែកពីមុន។ សាវ័កប៉ុលបានពណ៌នាអំពីលក្ខណៈទូទៅរបស់មនុស្ស។ នៅធីម៉ូថេទី២ ៣:១-៥ យើងអានថា៖ «នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់»។ ប៉ុលបានសរសេរថាមនុស្សនឹង
▪ ស្រឡាញ់តែខ្លួនឯង
▪ ស្រឡាញ់ប្រាក់
▪ មិនស្ដាប់បង្គាប់ឪពុកម្ដាយ
▪ ក្បត់គេ
▪ មិនស្រឡាញ់តាមធម្មតាមនុស្សឬជាមនុស្សអត់ចិត្ត
▪ មិនចេះទប់ចិត្ត
▪ មានចិត្តសាហាវ
▪ ចូលចិត្តនឹងល្បែងលេងជាជាងព្រះ
▪ មានឫកពាជាអ្នកគោរពប្រតិបត្ដិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរពប្រតិបត្ដិនោះទេ
១១. តាមទំនុកដំកើង ៩២:៧ តើអ្វីនឹងកើតឡើងដល់មនុស្សអាក្រក់?
១១ តើមនុស្សនៅក្នុងសហគមន៍របស់អ្នកមានលក្ខណៈដូចនេះទេ? ពិតជាមានមនុស្សដូចនេះមែន! នៅគ្រប់ប្រទេសមានមនុស្សដែលមានលក្ខណៈអាក្រក់។ នេះជួយឲ្យយើងដឹងថា មិនយូរទៀតព្រះនឹងចាត់វិធានការដើម្បីកំទេចមនុស្សអាក្រក់ ពីព្រោះព្រះគម្ពីរថា៖ «វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង នោះគឺសំរាប់តែឲ្យគេត្រូវវិនាសទៅអស់កល្បជានិច្ចប៉ុណ្ណោះ»។—ទំនុកដំកើង ៩២:៧
ព្រឹត្ដិការណ៍ល្អ!
១២, ១៣. តើ«ចំណេះ»បានចំរើនឡើងយ៉ាងដូចម្ដេចនៅ«ជាន់ក្រោយបង្អស់»នេះ?
១២ ដូចដែលបានទាយក្នុងព្រះគម្ពីរ ជាន់ក្រោយបង្អស់ពិតជាពោរពេញដោយសេចក្ដីវេទនាសម្បើមណាស់។ សូម្បីតែក្នុងពិភពលោកនេះដែលពោរពេញទៅដោយការលំបាកក៏ដោយ ក៏មានអ្វីល្អៗកើតឡើងក្នុងចំណោមអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែរ។
១៣ សៀវភៅដានីយ៉ែលបានទាយថា៖ «ចំណេះនឹងបានចំរើនឡើង»។ តើនេះនឹងកើតឡើងនៅពេលណា? នេះនឹងកើតឡើងក្នុងកំលុង«គ្រាចុងបំផុត»។ (ដានីយ៉ែល ១២:៤) ជាពិសេសតាំងពីឆ្នាំ១៩១៤មកម្ល៉េះ ព្រះយេហូវ៉ាបានជួយអស់អ្នកដែលពិតជាចង់បំរើទ្រង់ឲ្យយល់កាន់តែច្បាស់អំពីព្រះគម្ពីរ។ ពួកគេយល់សេចក្ដីពិតកាន់តែច្រើនអំពីព្រះនាមនិងគោលបំណងរបស់ព្រះ យញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រីស្ទ ការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយអ្វីដែលកើតឡើងក្រោយមនុស្សស្លាប់។ ម្យ៉ាងទៀត អ្នកថ្វាយបង្គំព្រះយេហូវ៉ាបានរៀនអំពីរបៀបរស់នៅដែលមានប្រយោជន៍ចំពោះពួកគេ ហើយថែមទាំងនាំឲ្យមនុស្សសរសើរព្រះទៀតផង។ ពួកគេក៏យល់ច្បាស់ជាងអំពីតួនាទីនៃព្រះរាជាណាចក្ររបស់ព្រះ ហើយរបៀបដែលព្រះរាជាណាចក្រនោះនឹងដោះស្រាយបញ្ហានៅផែនដី។ តើពួកគេប្រើចំណេះនេះធ្វើអ្វី? សំនួរនេះជាប់ទាក់ទងនឹងទំនាយមួយទៀតដែលកំពុងតែសម្រេចនៅជាន់ក្រោយបង្អស់នេះ។
១៤. សព្វថ្ងៃនេះ តើដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះកំពុងតែត្រូវប្រកាសប្រាប់ដល់កំរិតណា? តើអ្នកណាកំពុងតែប្រកាសដំណឹងល្អនោះ?
១៤ ពេលដែលព្រះយេស៊ូគ្រីស្ទបានមានបន្ទូលអំពី«បំផុតកល្ប[ឬ«អវសានកាលនៃពិភពលោក», ខ.ស.]» នោះទ្រង់បានទាយថា៖ «ដំណឹងល្អនេះដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ»។ (ម៉ាថាយ ២៤:៣, ១៤) ទូទាំងផែនដី ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះកំពុងតែត្រូវប្រកាសនៅជាង២៣០ប្រទេស ហើយជាង៤០០ភាសា។ ដំណឹងល្អនោះបានជួយឲ្យយើងដឹងថាព្រះរាជាណាចក្ររបស់ព្រះជាអ្វី នឹងធ្វើអ្វី ហើយអ្វីដែលយើងត្រូវធ្វើដើម្បីទទួលប្រយោជន៍ពីព្រះរាជាណាចក្រនោះ។ ស្មរបន្ទាល់ព្រះយេហូវ៉ារាប់លាននាក់ខ្នះខ្នែងប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ ពួកគេមកពី«គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩) ស្មរបន្ទាល់ព្រះយេហូវ៉ាបង្រៀនព្រះគម្ពីរដោយឥតគិតថ្លៃដល់មនុស្សរាប់លាននាក់ដែលចង់ដឹងពីអ្វីដែលព្រះគម្ពីរបង្រៀន។ ទំនាយនោះស្តីអំពីការប្រកាសដំណឹងល្អកំពុងតែសម្រេចគួរឲ្យកោតស្ងើចមែន! អ្វីដែលគួរឲ្យកោតស្ងើចជាងនោះទៅទៀតគឺ ពេលគិតអំពីទំនាយរបស់ព្រះយេស៊ូដែលថា «មនុស្សទាំងអស់នឹងស្អប់»គ្រីស្ទានពិតទាំងឡាយ!—លូកា ២១:១៧
តើអ្នកនឹងធ្វើយ៉ាងណា?
១៥. (ក) តើអ្នកជឿថាយើងកំពុងតែរស់នៅជាន់ក្រោយបង្អស់ទេ? ហេតុអ្វី? (ខ) នៅ«ចុងបំផុត» តើអ្វីនឹងកើតឡើងដល់អ្នកដែលប្រឆាំងព្រះយេហូវ៉ា? តើអ្វីនឹងកើតឡើងដល់អ្នកដែលចុះចូលចំពោះការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ?
១៥ ដោយឃើញថាបទទំនាយជាច្រើនក្នុងព្រះគម្ពីរកំពុងតែសម្រេចនៅសព្វថ្ងៃនេះ អ្នកច្បាស់ជាយល់ស្របថាយើងកំពុងតែរស់នៅជាន់ក្រោយបង្អស់ មែនទេ? ពេលដែលព្រះយេហូវ៉ាសម្រេចព្រះទ័យថា ដំណឹងល្អបានប្រកាសផ្សាយសព្វគ្រប់ហើយ នោះ«ចុងបំផុត»នឹងមកដល់ជាក់ជាពុំខាន។ (ម៉ាថាយ ២៤:១៤) ពាក្យ«ចុងបំផុត»សំដៅទៅលើពេលដែលព្រះនឹងបំបាត់អំពើទុច្ចរិតចេញពីផែនដី។ ព្រះយេហូវ៉ានឹងចាត់ព្រះយេស៊ូហើយទេវតាខ្លាំងក្លាដើម្បីបំផ្លាញអស់អ្នកដែលប្រឆាំងទ្រង់ដោយចេតនា។ (ថែស្សាឡូនីចទី២ ១:៦-៩) សាតាំងព្រមទាំងពួកបិសាចរបស់វានឹងមិននាំឲ្យមនុស្សវង្វេងទៀតឡើយ។ ក្រោយនោះ ព្រះរាជាណាចក្ររបស់ព្រះនឹងផ្ដល់ប្រយោជន៍យ៉ាងសន្ធឹកចំពោះអស់អ្នកដែលចុះចូលនឹងការគ្រប់គ្រងដ៏សុចរិតរបស់ព្រះរាជាណាចក្រនោះ។—វិវរណៈ ២០:១-៣; ២១:៣-៥
១៦. តើអ្នកគួរធ្វើអ្វីខ្លះ?
១៦ ដោយសារទីបញ្ចប់នៃរបបលោកីយ៍របស់សាតាំងគឺជិតមកដល់ហើយនោះ យើងត្រូវតែសួរខ្លួនឯងថា ‹តើខ្ញុំគួរប្រព្រឹត្តយ៉ាងណា?›។ យកល្អអ្នកគួរបន្តរៀនអំពីព្រះយេហូវ៉ានិងអ្វីដែលទ្រង់តម្រូវពីយើង។ (យ៉ូហាន ១៧:៣) ចូរសិក្សាព្រះគម្ពីរដោយយកចិត្តទុកដាក់។ ចូរជួបជុំគ្នាជាទៀងទាត់ជាមួយនឹងអ្នកដែលចង់ធ្វើតាមព្រះហឫទ័យរបស់ព្រះយេហូវ៉ាដែរ។ (ហេព្រើរ ១០:២៤, ២៥) ចូរក្រេបជញ្ជក់នូវចំណេះដ៏បរិបូរដែលព្រះយេហូវ៉ាបានប្រទានសំរាប់មនុស្សទូទាំងពិភពលោក ហើយចូរកែប្រែជីវិតរបស់អ្នកឲ្យសមស្របតាមចំណេះនោះដើម្បីអាចទទួលព្រះគុណពីព្រះបាន។—យ៉ាកុប ៤:៨
១៧. ពេលដែលមនុស្សទុច្ចរិតត្រូវបំផ្លាញចោល ហេតុអ្វីនោះនឹងធ្វើឲ្យមនុស្សភាគច្រើនភ្ញាក់ផ្អើល?
១៧ ព្រះយេស៊ូបានមានបន្ទូលទាយថា មនុស្សភាគច្រើននឹងមិនអើពើចំពោះភស្តុតាងដែលបញ្ជាក់ថា យើងកំពុងតែរស់នៅជាន់ក្រោយបង្អស់។ ការបំផ្លាញមនុស្សទុច្ចរិតនឹងកើតឡើងភ្លាមមួយរំពេចដោយមិនដឹងទុកជាមុន។ ការបំផ្លាញនោះនឹងធ្វើឲ្យមនុស្សភាគច្រើនភ្ញាក់ផ្អើលណាស់ ដូចជាពេលដែលចោរមកពេលយប់ដោយគ្មានអ្នកណាដឹង។ (ថែស្សាឡូនីចទី១ ៥:២) ព្រះយេស៊ូបានព្រមានថា៖ «កាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹកហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើងយកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»។—ម៉ាថាយ ២៤:៣៧-៣៩
១៨. តើយើងគួរស្ដាប់តាមការព្រមានអ្វីរបស់ព្រះយេស៊ូ?
១៨ ហេតុនេះហើយ ព្រះយេស៊ូមានបន្ទូលប្រាប់សិស្សទ្រង់ថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី ដូច្នេះ ចូរចាំយាមចុះ! ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង[ដោយបានផ្គាប់ព្រះហឫទ័យទ្រង់]»។ (លូកា ២១:៣៤-៣៦) យកល្អយើងធ្វើតាមបន្ទូលនេះរបស់ព្រះយេស៊ូ។ តើហេតុអ្វី? ពីព្រោះអ្នកដែលផ្គាប់ព្រះហឫទ័យព្រះយេហូវ៉ាហើយព្រះយេស៊ូគ្រីស្ទដែលជា«កូនមនុស្ស»នោះ នឹងមានសេចក្ដីសង្ឃឹមរួចរស់ជីវិតនៅទីបញ្ចប់នៃរបបលោកីយ៍របស់សាតាំង ហើយរស់ជារៀងរហូតក្នុងពិភពលោកថ្មីដែលជិតមកដល់ហើយនេះ!—យ៉ូហាន ៣:១៦; ពេត្រុសទី២ ៣:១៣
[កំណត់សម្គាល់]
a ដើម្បីបានព័ត៌មានដែលបង្ហាញថាមីកែលជានាមមួយទៀតរបស់ព្រះយេស៊ូគ្រីស្ទ សូមមើលការពន្យល់បន្ថែមដែលមានចំណងជើងថា «តើមហាទេវតាព្រះនាមមីកែលជាអ្នកណា?»។
អ្វីដែលព្រះគម្ពីរបង្រៀន
▪ សង្គ្រាម ការអត់អាហារ ការរញ្ជួយដី និងជំងឺអាសន្នរោគជាសញ្ញាសម្គាល់ដែលបញ្ជាក់ថានេះជាជាន់ក្រោយបង្អស់។—ម៉ាថាយ ២៤:៧; លូកា ២១:១១
▪ នៅជាន់ក្រោយបង្អស់ មនុស្សជាច្រើនស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់និងការសប្បាយ តែពួកគេមិនស្រឡាញ់ព្រះឡើយ។—ធីម៉ូថេទី២ ៣:១-៥
▪ នៅជាន់ក្រោយបង្អស់នេះ ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះកំពុងតែត្រូវប្រកាសប្រាប់ទូទាំងពិភពលោក។—ម៉ាថាយ ២៤:១៤
[រូបភាពពេញមួយនៅទំព័រ១០៧]
«ដំណឹងល្អនេះដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ»។—ម៉ាថាយ ២៤:១៤