ជំពូកទី២៧
លោកយេស៊ូអញ្ជើញម៉ាថាយ
ម៉ាថាយ ៩:៩-១៣ ម៉ាកុស ២:១៣-១៧ លូកា ៥:២៧-៣២
លោកយេស៊ូអញ្ជើញម៉ាថាយដែលជាអ្នកយកពន្ធ
គ្រិស្តរាប់អានអ្នកប្រព្រឹត្តអំពើខុសឆ្គងដើម្បីជួយពួកគេ
អស់មួយរយៈពេលក្រោយពីលោកយេស៊ូបានធ្វើឲ្យបុរសស្លាប់ដៃស្លាប់ជើងជា លោកបន្តស្នាក់នៅក្រុងកាពើណិមដែលនៅជិតឆ្នេរសមុទ្រកាលីឡេ។ លើកនេះទៀត មនុស្សជាច្រើនមកឯលោក ហើយលោកចាប់ផ្ដើមបង្រៀនពួកគេ។ ក្រោយមក កាលដែលលោកយេស៊ូដើរតាមផ្លូវ លោកបានឃើញម៉ាថាយដែលគេហៅថាលេវី កំពុងអង្គុយនៅកន្លែងយកពន្ធ។ លោកយេស៊ូបានអញ្ជើញគាត់ ដោយមានប្រសាសន៍ថា៖ «ចូរមកតាមខ្ញុំចុះ»។—ម៉ាថាយ ៩:៩
ដូចពេត្រុស អនទ្រេ យ៉ាកុប និងយ៉ូហានដែរ មុនដែលលោកយេស៊ូអញ្ជើញម៉ាថាយ នោះម៉ាថាយទំនងជាបានដឹងខ្លះអំពីសេចក្ដីបង្រៀនរបស់លោកយេស៊ូនិងការអស្ចារ្យដែលលោកបានធ្វើនៅតំបន់នោះ។ ដូចពួកគាត់ទាំងបួននាក់ដែរ ម៉ាថាយក៏ធ្វើតាមសេចក្ដីអញ្ជើញរបស់លោកយេស៊ូភ្លាមៗ។ ម៉ាថាយបានរៀបរាប់អំពីរឿងនេះក្នុងសៀវភៅដំណឹងល្អដែលគាត់បានសរសេរថា៖ «រួចគាត់[ម៉ាថាយ]ក្រោកឡើងទៅតាម»លោកយេស៊ូ។ (ម៉ាថាយ ៩:៩) ដូច្នេះ ម៉ាថាយបោះបង់ចោលការងារជាអ្នកយកពន្ធ ហើយក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។
ក្រោយមកម៉ាថាយបានធ្វើពិធីជប់លៀងមួយដ៏ធំនៅផ្ទះរបស់គាត់ ប្រហែលជាដើម្បីអរគុណលោកយេស៊ូចំពោះសេចក្ដីអញ្ជើញឲ្យធ្វើជាអ្នកកាន់តាមលោក។ ក្នុងពិធីនោះក្រៅពីលោកយេស៊ូនិងអ្នកកាន់តាមលោក តើអ្នកណាខ្លះបានត្រូវអញ្ជើញឲ្យចូលរួមដែរ? គឺមិត្តភក្ដិរបស់ម៉ាថាយនិងអ្នកយកពន្ធឯទៀត។ ពួកគេជាអ្នកប្រមូលពន្ធឲ្យពួកអាជ្ញាធររ៉ូមដែលបណ្ដាជនស្អប់។ ពន្ធទាំងនោះរួមមាន ពន្ធចតសំពៅនៅកំពង់ផែ ពន្ធលើឈ្មួញដែលធ្វើដំណើរឆ្លងកាត់ផ្លូវធំ និងពន្ធនាំចូលទំនិញផ្សេងៗ។ ជាទូទៅ តើជនជាតិយូដាមានទស្សនៈយ៉ាងណាចំពោះអ្នកយកពន្ធ? ជនជាតិយូដាស្អប់ខ្ពើមពួកអ្នកយកពន្ធ ដោយសារពួកគេច្រើនតែកេងប្រវ័ញ្ចប្រាក់ពន្ធលើសពីតម្លៃពន្ធធម្មតា។ នៅពិធីនោះក៏មានអ្នកដែលមានកេរ្ដិ៍ឈ្មោះអាក្រក់ ជា«អ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»។—លូកា ៧:៣៧-៣៩
នៅក្នុងពិធីនោះ ពេលពួកផារិស៊ីដែលចាត់ទុកខ្លួនជាមនុស្សសុចរិត ឃើញលោកយេស៊ូនៅជាមួយនឹងមនុស្សបែបនោះ ពួកគេសួរអ្នកកាន់តាមលោកថា៖ «ហេតុអ្វីគ្រូរបស់អ្នកបរិភោគជាមួយនឹងអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង?»។ (ម៉ាថាយ ៩:១១) ពេលឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ។ ដូច្នេះ ចូរទៅរៀនអំពីអត្ថន័យនៃពាក្យដែលថា៖ ‹ខ្ញុំចង់បានសេចក្ដីមេត្ដាករុណា មិនមែនគ្រឿងបូជាទេ›។ ព្រោះខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតឡើយ តែបានមកដើម្បីហៅអ្នកប្រព្រឹត្តអំពើខុសឆ្គងវិញ»។ (ម៉ាថាយ ៩:១២, ១៣; ហូសេ ៦:៦) ទោះជាពួកផារិស៊ីហៅលោកយេស៊ូថា«គ្រូ»ក៏ដោយ តែពួកគេមិនជឿថាលោកជាគ្រូទេ។ ដូច្នេះ ពួកគេមិនចង់រៀនពីលោកយេស៊ូឡើយ សូម្បីតែលោកអាចបង្រៀនពួកគេអំពីអ្វីដែលត្រឹមត្រូវក្ដី។
តាមមើលទៅ ម៉ាថាយបានអញ្ជើញពួកអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង ដើម្បីឲ្យពួកគេអាចស្ដាប់លោកយេស៊ូ និងដើម្បីឲ្យពួកគេផ្សះផ្សាចំណងមិត្តភាពជាមួយនឹងព្រះ។ ពួកផារិស៊ីស្អប់ខ្ពើមមនុស្សបែបនោះ ប៉ុន្តែលោកយេស៊ូមិនដែលស្អប់ខ្ពើមអ្នកទាំងនោះឡើយ។ លោកមានចិត្តអាណិតមេត្ដាចំពោះពួកគេ ហើយដូចជាគ្រូពេទ្យដែលជួយអ្នកជំងឺឲ្យជាសះស្បើយ នោះលោកក៏ចង់ជួយអ្នកដែលឃ្លាតឆ្ងាយពីព្រះ ឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះឡើងវិញ។ ជាលទ្ធផល«ពួកគេច្រើននាក់បានក្លាយទៅជាអ្នកកាន់តាមលោក»។—ម៉ាកុស ២:១៥
លោកយេស៊ូមានចិត្តមេត្ដាចំពោះពួកអ្នកយកពន្ធនិងអ្នកប្រព្រឹត្តអំពើខុសឆ្គង តែនេះមិនមែនមានន័យថា លោកយល់ស្របនឹងអំពើខុសឆ្គងរបស់ពួកគេទេ។ ផ្ទុយទៅវិញ លោកមានចិត្តសន្ដោសប្រណីចំពោះពួកគេ ដូចដែលលោកមានចំពោះអ្នកជំងឺ។ អ្នកប្រហែលជាចាំថា លោកយេស៊ូបានពាល់បុរសកើតឃ្លង់ដោយក្ដីអាណិតអាសូរ ហើយមានប្រសាសន៍ថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន។ សូមឲ្យជាស្អាតចុះ»។ (ម៉ាថាយ ៨:៣) ដូច្នេះ យើងគួរបណ្ដុះចិត្តអាណិតអាសូរដូចលោកដែរ ហើយជួយអ្នកដែលត្រូវការជំនួយ ជាពិសេសជួយអ្នកទាំងនោះឲ្យមានចំណងមិត្តភាពជាមួយនឹងព្រះ មែនទេ?