ជំពូកទី៨០
គង្វាលដ៏ល្អប្រសើរនិងក្រោលចៀម
លោកយេស៊ូមានប្រសាសន៍អំពីគង្វាលដ៏ល្អប្រសើរនិងក្រោលចៀម
កាលដែលលោកយេស៊ូបន្តបង្រៀនបណ្ដាជនក្នុងតំបន់យូឌា នោះលោកបានលើករឿងប្រៀបប្រដូចមួយដែលអ្នកស្ដាប់អាចស្រមៃឃើញបាន ពោលគឺអំពីចៀមនិងក្រោលចៀម។ ពេលឮអំពីរឿងនោះ ជនជាតិយូដាប្រហែលជានឹកឃើញពាក្យសម្ដីរបស់ដាវីឌដែលថា៖ «ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី»។ (ទំនុកតម្កើង ២៣:១, ២) នៅទំនុកមួយទៀត ដាវីឌបានអញ្ជើញប្រជាជាតិអ៊ីស្រាអែលថា៖ ‹ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា ជាព្រះដ៏បង្កើតយើងខ្ញុំ ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់›។ (ទំនុកតម្កើង ៩៥:៦, ៧) ពិតមែន ជនជាតិអ៊ីស្រាអែលនៅក្រោមច្បាប់ម៉ូសេយូរមកហើយ។ ពួកគេប្រៀបដូចជាហ្វូងចៀម។
«ចៀម»ទាំងនេះគឺនៅក្នុង«ក្រោលចៀម» ក្នុងន័យថាពួកគេនៅក្រោមកិច្ចព្រមព្រៀងខាងច្បាប់ម៉ូសេ។ ច្បាប់នោះប្រៀបដូចជារបងការពារជនជាតិអ៊ីស្រាអែលពីឥទ្ធិពលដែលមកពីការប្រព្រឹត្តអាក្រក់របស់ជនជាតិឯទៀតដែលមិននៅក្រោមការរៀបចំនេះ។ ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលខ្លះបានធ្វើទុក្ខហ្វូងចៀមរបស់ព្រះ។ លោកយេស៊ូបានរៀបរាប់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលមិនចូលក្រោលចៀមតាមទ្វារ ប៉ុន្តែឡើងចូលតាមកន្លែងផ្សេងទៀត អ្នកនោះជាចោរលួចនិងជាចោរប្លន់។ ក៏ប៉ុន្តែអ្នកដែលចូលតាមទ្វារ អ្នកនោះជាគង្វាលរបស់ចៀមទាំងនោះ»។—យ៉ូហាន ១០:១, ២
ពួកបណ្ដាជនប្រហែលជាគិតអំពីពួកបុរសដែលអះអាងថាខ្លួនជាមេស្ស៊ី ឬគ្រិស្ត។ ពួកបុរសទាំងនោះប្រៀបដូចជាចោរលួចនិងចោរប្លន់។ បណ្ដាជនមិនគួរទៅតាមជនបោកប្រាស់ទាំងនោះទេ។ ផ្ទុយទៅវិញ ពួកគេគួរទៅតាម«គង្វាលរបស់ចៀមទាំងនោះ»វិញ។
លោកយេស៊ូមានប្រសាសន៍អំពីគង្វាលនេះថា៖ «អ្នកយាមទ្វារបើកទ្វារឲ្យអ្នកនោះ ហើយគាត់ហៅចៀមរបស់គាត់តាមឈ្មោះ។ ចៀមទាំងនោះស្ដាប់សំឡេងរបស់គាត់ រួចគាត់ក៏នាំពួកវាចេញទៅក្រៅ។ ពេលដែលចៀមរបស់គាត់ចេញមកអស់ហើយ នោះគាត់ដើរមុនពួកវា ហើយពួកវាក៏ទៅតាមគាត់ ដោយសារស្គាល់សំឡេងរបស់គាត់។ ពួកវានឹងមិនទៅតាមមនុស្សចម្លែកណាម្នាក់ទេ តែពួកវានឹងរត់ចេញពីអ្នកនោះវិញ ពីព្រោះពួកវាមិនស្គាល់សំឡេងរបស់មនុស្សចម្លែកឡើយ»។—យ៉ូហាន ១០:៣-៥
កាលពីពេលមុន យ៉ូហានដែលជាអ្នកជ្រមុជទឹកប្រៀបដូចជាអ្នកយាមទ្វារ។ គាត់បានបញ្ជាក់ថាលោកយេស៊ូជាអ្នកនោះ ដែលបណ្ដាជនដែលជាតំណាងចៀមនៅក្រោមច្បាប់ម៉ូសេគួរស្ដាប់តាម។ ម្ល៉ោះហើយ ចៀមខ្លះក្នុងតំបន់កាលីឡេ និងតំបន់យូឌានេះ បានស្ដាប់តាមឬស្គាល់សំឡេងរបស់លោកយេស៊ូ។ ដូច្នេះ លោកនឹង‹នាំពួកគេចេញទៅក្រៅ›។ តើទៅកន្លែងណា? តើការស្ដាប់តាមលោកនឹងនាំឲ្យមានប្រយោជន៍អ្វី? អ្នកខ្លះដែលឮពាក្យប្រៀបប្រដូចនេះប្រហែលជាឆ្ងល់ ដោយសារ«ពួកគេមិនបានយល់អត្ថន័យនៃអ្វីដែលលោកកំពុងប្រាប់ទេ»។—យ៉ូហាន ១០:៦
លោកយេស៊ូពន្យល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ខ្ញុំជាទ្វារសម្រាប់ចៀម។ អស់អ្នកដែលបានមកដោយអះអាងថាពួកគេគឺជាខ្ញុំ អ្នកទាំងនោះជាចោរលួចនិងជាចោរប្លន់ ប៉ុន្តែចៀមមិនបានស្ដាប់ពួកគេឡើយ។ ខ្ញុំជាទ្វារ។ អ្នកណាដែលចូលតាមខ្ញុំ អ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះ ក៏នឹងចេញចូលហើយរកឃើញវាលស្មៅ»។—យ៉ូហាន ១០:៧-៩
ពេលលោកយេស៊ូមានប្រសាសន៍ថាលោកជាទ្វារ អ្នកស្ដាប់លោកដឹងថាលោកមិនមែនចង់បញ្ជាក់ថាលោកជាទ្វារដែលនាំទៅកិច្ចព្រមព្រៀងខាងច្បាប់ម៉ូសេនោះទេ ដោយសារជនជាតិអ៊ីស្រាអែលនៅក្រោមច្បាប់នោះអស់ជាច្រើនសតវត្សរ៍មកហើយ។ ដូច្នេះ លោកយេស៊ូច្បាស់ជាកំពុងបង្រៀនអំពីរឿងថ្មីមួយ ហើយចង់បញ្ជាក់ថាចៀមដែលលោក‹នាំចេញទៅក្រៅ› នឹងចូលទៅក្រោលចៀមមួយផ្សេងវិញ។ តើចៀមទាំងនោះនឹងទទួលប្រយោជន៍អ្វី?
លោកយេស៊ូក៏បានពន្យល់ថែមទៀតអំពីតួនាទីរបស់លោក ដោយមានប្រសាសន៍ថា៖ «ខ្ញុំបានមកដើម្បីឲ្យពួកគេមានជីវិត ហើយឲ្យពួកគេមានជីវិតយូរអង្វែង។ ខ្ញុំជាគង្វាលដ៏ល្អប្រសើរ។ គង្វាលល្អប្រសើរលះបង់ជីវិតដើម្បីចៀម»។ (យ៉ូហាន ១០:១០, ១១) មុននោះលោកយេស៊ូបានលើកទឹកចិត្តអ្នកកាន់តាមលោក ដោយប្រាប់ពួកគាត់ថា៖ «ហ្វូងតូចអើយ កុំខ្លាចឡើយ ពីព្រោះបិតារបស់អ្នកពេញចិត្តឲ្យរាជាណាចក្រដល់អ្នករាល់គ្នា»។ (លូកា ១២:៣២) ពិតណាស់ លោកយេស៊ូនឹងនាំអស់អ្នកដែលជា«ហ្វូងតូច» ឲ្យចូលទៅក្រោលចៀមថ្មីមួយ ដើម្បីឲ្យពួកគាត់អាច«មានជីវិតយូរអង្វែង»។ នេះពិតជាពរដ៏អស្ចារ្យណាស់សម្រាប់អ្នកដែលនៅក្នុងហ្វូងតូចនោះ!
ស្តីអំពីរឿងនោះ លោកយេស៊ូមានប្រសាសន៍បន្ថែមទៀតថា៖ «ខ្ញុំមានចៀមឯទៀត ដែលមិននៅក្នុងក្រោលនេះទេ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ រួចចៀមទាំងអស់នោះនឹងទៅជាហ្វូងតែមួយ ហើយមានគង្វាលតែម្នាក់»។ (យ៉ូហាន ១០:១៦) ប្រសាសន៍របស់លោកយេស៊ូបង្ហាញថា‹ចៀមឯទៀត មិននៅក្នុងក្រោលនេះទេ› ពោលគឺមិននៅក្នុងក្រោលរបស់«ហ្វូងតូច»ដែលនឹងទទួលរាជាណាចក្ររបស់ព្រះជាមត៌ក។ ដូច្នេះ ពួកគេច្បាស់ជានៅក្នុងក្រោលមួយផ្សេងទៀត។ ហ្វូងចៀមទាំងពីរមានសេចក្ដីសង្ឃឹមខុសគ្នា។ ក៏ប៉ុន្តែ ពួកគេទាំងអស់គ្នានឹងទទួលប្រយោជន៍ពីតួនាទីរបស់លោកយេស៊ូ។ ហេតុនេះ លោកមានប្រសាសន៍ថា៖ «នេះជាមូលហេតុដែលបិតានៅស្ថានសួគ៌ស្រឡាញ់ខ្ញុំ ពីព្រោះខ្ញុំលះបង់ជីវិត»។—យ៉ូហាន ១០:១៧
មនុស្សជាច្រើននាក់ដែលនៅក្នុងចំណោមបណ្ដាជននោះ បាននិយាយថា៖ «គាត់មានវិញ្ញាណកំណាចចូល ហើយក៏ឆ្កួតទៀត»។ ប៉ុន្តែ អ្នកឯទៀតបង្ហាញថាពួកគេកំពុងស្ដាប់លោកដោយយកចិត្តទុកដាក់ ហើយចង់ធ្វើតាមគង្វាលដ៏ល្អប្រសើរនេះ។ ម្ល៉ោះហើយ ពួកគេនិយាយថា៖ «នេះមិនមែនជាសម្ដីរបស់មនុស្សមានវិញ្ញាណកំណាចចូលទេ។ វិញ្ញាណកំណាចមិនអាចធ្វើឲ្យមនុស្សងងឹតភ្នែកមើលឃើញបានឡើយ មែនទេ?»។ (យ៉ូហាន ១០:២០, ២១) ពួកគេកំពុងនិយាយសំដៅលើពេលមុនដែលលោកយេស៊ូបានធ្វើឲ្យបុរសងងឹតភ្នែកពីកំណើតមើលឃើញ។