ជំពូកទី២
គម្ពីរជាសៀវភៅដែលមកពីព្រះ
១, ២. ហេតុអ្វីគម្ពីរជាអំណោយមួយពីព្រះដែលធ្វើឲ្យយើងរំភើបចិត្ត?
តើអ្នកមានអារម្មណ៍យ៉ាងណាពេលមិត្តសម្លាញ់ម្នាក់ឲ្យអំណោយមួយ? អ្នកពិតជារំភើបចិត្តណាស់ ហើយចង់បើកអំណោយនោះភ្លាម មែនទេ? អ្នកសប្បាយចិត្តណាស់ដែលមិត្តរបស់អ្នកបានគិតអំពីអ្នក ហើយអ្នកច្បាស់ជាបានអរគុណគាត់ចំពោះអំណោយនោះ។
២ គម្ពីរជាអំណោយមួយពីព្រះ។ គម្ពីរឲ្យយើងដឹងព័ត៌មានជាច្រើនដែលយើងមិនអាចរកនៅកន្លែងផ្សេងទៀតបានទេ។ ជាឧទាហរណ៍ គម្ពីរប្រាប់ថាព្រះបានបង្កើតផ្ទៃមេឃ ផែនដី និងបុរសស្ត្រីទី១។ គម្ពីរមានគោលការណ៍ដែលអាចជួយយើងដោះស្រាយបញ្ហាក្នុងជីវិត។ ក្នុងគម្ពីរ យើងរៀនអំពីវិធីដែលព្រះនឹងសម្រេចគោលបំណងរបស់លោក ហើយនាំឲ្យមានស្ថានភាពល្អជាងនៅផែនដី។ គម្ពីរគឺជាអំណោយមួយដែលធ្វើឲ្យយើងរំភើបចិត្តណាស់!
៣. តើអ្នកនឹងឃើញអ្វីកាលដែលអ្នករៀនគម្ពីរ?
៣ កាលដែលអ្នករៀនគម្ពីរ អ្នកនឹងឃើញថាព្រះចង់ឲ្យអ្នកធ្វើជាសម្លាញ់របស់លោក។ ពេលអ្នករៀនកាន់តែច្រើនអំពីព្រះ នោះអ្នកនឹងមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងលោក។
៤. តើអ្វីធ្វើឲ្យអ្នកកោតស្ងើចចំពោះគម្ពីរ?
៤ គម្ពីរបានត្រូវបកប្រែប្រហែលជា២.៦០០ភាសា ហើយបានត្រូវបោះពុម្ពរាប់ពាន់លានក្បាល។ ហេតុនេះ មនុស្សជាង៩០ភាគរយទូទាំងផែនដីអាចអានគម្ពីរជាភាសារបស់ខ្លួនបាន។ ម្យ៉ាងទៀត គម្ពីរជាងមួយលានក្បាលបានត្រូវចែកចាយជារៀងរាល់សប្ដាហ៍! ប្រាកដជាគ្មានសៀវភៅឯណាទៀតដូចគម្ពីរឡើយ។
៥. ហេតុអ្វីយើងអាចនិយាយថាគម្ពីរ«បានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ»?
៥ គម្ពីរ«បានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ»។ (សូមអាន ធីម៉ូថេទី២ ៣:១៦) ប៉ុន្តែ អ្នកខ្លះប្រហែលជាគិតថា ‹គម្ពីរបានត្រូវសរសេរដោយមនុស្ស ដូច្នេះតើគម្ពីរអាចមកពីព្រះយ៉ាងដូចម្ដេចបាន?›។ គម្ពីរចែងថា៖ «មនុស្សបាននិយាយអ្វីដែលមកពីព្រះ ដោយមានសកម្មពលបរិសុទ្ធដឹកនាំពួកគេ»។ (ពេត្រុសទី២ ១:២១) ជាឧទាហរណ៍ អ្នកជំនួញម្នាក់ប្រាប់លេខាឲ្យសរសេរសំបុត្រមួយ។ តើអ្នកណាជាអ្នកនិពន្ធសំបុត្រនោះ? គឺជាអ្នកជំនួញ មិនមែនលេខាទេ។ ស្រដៀងគ្នាដែរ ព្រះគឺជាអ្នកនិពន្ធគម្ពីរ មិនមែនមនុស្សដែលលោកប្រាប់ឲ្យសរសេរនោះឡើយ។ ព្រះដឹកនាំពួកគេឲ្យសរសេរអំពីគំនិតរបស់លោក។ ដូច្នេះ គម្ពីរទាំងមូលជា«បណ្ដាំរបស់ព្រះ»ពិតមែន (សូមមើលលេខ២ក្នុងកំណត់នៅចុងសៀវភៅ)។—ថែស្សាឡូនិចទី១ ២:១៣
គម្ពីរមានភាពត្រឹមត្រូវ
៦, ៧. ហេតុអ្វីយើងអាចនិយាយថាគម្ពីរមានភាពស្របគ្នា?
៦ គម្ពីរបានត្រូវសរសេរក្នុងរយៈពេលជាង១.៦០០ឆ្នាំ។ អ្នកសរសេរគម្ពីរបានរស់នៅសម័យខុសៗគ្នា។ អ្នកខ្លះបានទទួលការអប់រំខ្ពស់ តែអ្នកខ្លះទៀតជាមនុស្សសាមញ្ញ។ ជាឧទាហរណ៍ អ្នកសរសេរគម្ពីរម្នាក់ជាគ្រូពេទ្យ។ ចំណែកអ្នកឯទៀតជាកសិករ គង្វាល អ្នកនេសាទ អ្នក ប្រកាសទំនាយ ចៅក្រម និងស្តេច។ ទោះជាអ្នកសរសេរគម្ពីរមកពីមជ្ឈដ្ឋានខុសៗគ្នាក៏ពិតមែន តែគម្ពីរទាំងមូលគឺស្របគ្នា។ គម្ពីរមិនរៀបរាប់អំពីរឿងមួយក្នុងជំពូកមួយ តែបែរជានិយាយផ្ទុយពីនោះនៅជំពូកមួយទៀតឡើយ។a
៧ ជំពូកដំបូងៗនៃគម្ពីររៀបរាប់អំពីដើមកំណើតនៃបញ្ហាមនុស្សជាតិ។ ប៉ុន្មានជំពូកចុងក្រោយនៃគម្ពីរប្រាប់អំពីរបៀបដែលព្រះនឹងដោះស្រាយបញ្ហាទាំងនោះ ហើយធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យានឡើងវិញ។ គម្ពីររៀបរាប់នូវព្រឹត្ដិការណ៍ដែលកើតឡើងក្នុងអំឡុងប្រវត្ដិសាស្ត្រមនុស្សអស់រាប់ពាន់ឆ្នាំ ហើយក៏បង្ហាញដែរថាគោលបំណងរបស់ព្រះតែងតែសម្រេចជានិច្ច។
៨. សូមឲ្យឧទាហរណ៍ដែលបង្ហាញថាគម្ពីរគឺត្រឹមត្រូវខាងរឿងវិទ្យាសាស្ត្រ។
៨ គម្ពីរមិនមែនជាសៀវភៅវិទ្យាសាស្ត្រទេ តែនៅពេលគម្ពីររៀបរាប់អំពីរឿងវិទ្យាសាស្ត្រ នោះគឺត្រឹមត្រូវទាំងអស់។ ហេតុអ្វី? ពីព្រោះគម្ពីរគឺជាសៀវភៅដែលមកពីព្រះ។ ជាឧទាហរណ៍ សៀវភៅលេវីវិន័យមានការណែនាំពីព្រះអំពីវិធីដែលជនជាតិអ៊ីស្រាអែលនៅសម័យបុរាណអាចទប់ស្កាត់រោគរាតត្បាត។ ការណែនាំទាំងនោះបានត្រូវសរសេរជាយូរមកហើយមុនមនុស្សដឹងថាបាក់តេរីឬមេរោគអាចនាំឲ្យមានជំងឺ។ ម្យ៉ាងទៀត គម្ពីររៀបរាប់យ៉ាងត្រឹមត្រូវថាផែនដីបានត្រូវព្យួរនៅទទេធេង។ (យ៉ូប ២៦:៧) បន្ថែមទៅទៀត នៅពេលដែលមនុស្សជាទូទៅជឿថាផែនដីមានរាងរាបស្មើ គម្ពីរចែងថាផែនដីមានរាងមូល។—អេសាយ ៤០:២២
៩. តើភាពស្មោះត្រង់របស់អ្នកសរសេរគម្ពីរជួយយើងឲ្យយល់អំពីអ្វី?
៩ ចំណែករឿងប្រវត្ដិសាស្ត្រវិញ គម្ពីរក៏តែងតែប្រាប់យ៉ាងត្រឹមត្រូវដែរ។ ប៉ុន្តែ សៀវភៅប្រវត្ដិសាស្ត្រជាច្រើនទៀតគឺមិនត្រឹមត្រូវទាំងស្រុងឡើយ ពីព្រោះអ្នកសរសេរគ្មានភាពស្មោះត្រង់។ ជាឧទាហរណ៍ ពួកគេមិនតែងតែសរសេរអំពីពេលដែលជាតិសាសន៍របស់ខ្លួនទទួលបរាជ័យក្នុងសង្គ្រាមទេ។ ផ្ទុយទៅវិញ អ្នកសរសេរគម្ពីរមានភាពស្មោះត្រង់ ដោយកត់ទុកអំពីពេលដែលប្រជាជាតិអ៊ីស្រាអែលទទួលបរាជ័យ។ ម្យ៉ាងទៀត ពួកគេក៏សរសេរអំពីកំហុសរបស់ខ្លួនដែរ។ ជាឧទាហរណ៍ ក្នុងសៀវភៅជនគណនា ម៉ូសេរៀបរាប់អំពីកំហុសធ្ងន់ធ្ងររបស់ខ្លួនឯង ហើយក៏ប្រាប់ថាព្រះដាក់ទោសគាត់ដោយសារគាត់បានធ្វើខុស។ (ជនគណនា ២០:២-១២) ភាពស្មោះត្រង់របស់អ្នកសរសេរគម្ពីរបង្ហាញថាគម្ពីរគឺមកពីព្រះមែន។ ដូច្នេះ យើងអាចទុកចិត្តគម្ពីរបាន។
សៀវភៅមួយដែលពោរពេញទៅដោយការណែនាំល្អ
១០. ហេតុអ្វីការណែនាំក្នុងគម្ពីរមានប្រយោជន៍សម្រាប់យើងនៅសព្វថ្ងៃនេះ?
១០ គម្ពីរ«បានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយមានប្រយោជន៍សម្រាប់បង្រៀន កែតម្រង់ ធ្វើឲ្យត្រឹមត្រូវឡើងវិញ»។ (ធីម៉ូថេទី២ ៣:១៦) ពិតមែន គម្ពីរមានការណែនាំដែលមានប្រយោជន៍សម្រាប់យើងនៅសព្វថ្ងៃនេះ។ ព្រះយេហូវ៉ាជ្រាបនូវរបៀបដែលយើងបានត្រូវបង្កើតមក ដូច្នេះលោកប្រាកដជាយល់អំពីអារម្មណ៍និងរបៀបគិតគូររបស់យើងច្បាស់ជាងយើងទៅទៀត។ លោកចង់ឲ្យយើងមានសុភមង្គល។ លោកជ្រាបអំពីអ្វីដែលល្អ និងអ្វីដែលអាក្រក់សម្រាប់យើង។
១១, ១២. (ក) តើលោកយេស៊ូបានឲ្យការណែនាំដ៏ល្អអ្វីខ្លះក្នុងម៉ាថាយជំពូកទី៥ដល់ជំពូកទី៧? (ខ) តើយើងអាចរៀនអ្វីទៀតពីគម្ពីរ?
១១ ក្នុងសៀវភៅម៉ាថាយជំពូកទី៥ដល់ជំពូកទី៧ យើងអានអំពីការណែនាំដ៏ល្អដែលលោកយេស៊ូបានផ្ដល់ឲ្យ ស្តីអំពីរបៀបរកឃើញសុភមង្គលពិត របៀបមានទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀត របៀបអធិដ្ឋាន និងរបៀបរក្សាទស្សនៈត្រឹមត្រូវចំពោះទ្រព្យសម្បត្ដិ។ ទោះបីជាលោកបានឲ្យការណែនាំទាំងនេះ២.០០០ឆ្នាំមុនក៏ដោយ ការណែនាំទាំងនេះនៅតែមានឥទ្ធិពលយ៉ាងខ្លាំងនិងមានប្រយោជន៍នៅសព្វថ្ងៃនេះ។
១២ ក្នុងគម្ពីរ ព្រះយេហូវ៉ាក៏បង្រៀនយើងនូវគោលការណ៍ផ្សេងទៀតដែលជួយក្រុមគ្រួសារយើងឲ្យមានជីវិតប្រសើរជាង ឲ្យក្លាយទៅជាអ្នកធ្វើការងារល្អ ហើយឲ្យរស់នៅដោយសុខសាន្តក្នុងចំណោមអ្នកឯទៀត។ គោលការណ៍ក្នុងគម្ពីរមានប្រយោជន៍ជានិច្ច ទោះបីយើងជាអ្នកណា រស់នៅកន្លែងណា ឬមានបញ្ហាណាក៏ដោយ (សូមមើលលេខ៣ក្នុងកំណត់នៅចុងសៀវភៅ)។—សូមអាន អេសាយ ៤៨:១៧
អ្នកអាចទុកចិត្តទំនាយក្នុងគម្ពីរ
១៣. តើអេសាយបានប្រាប់ថានឹងមានអ្វីកើតឡើងចំពោះក្រុងបាប៊ីឡូន?
១៣ ទំនាយជាច្រើនក្នុងគម្ពីរបានសម្រេចរួចហើយ។ ជាឧទាហរណ៍ អេសាយបានប្រកាសទុកជាមុនថាក្រុងបាប៊ីឡូននឹងត្រូវបំផ្លាញចោល។ (អេសាយ ១៣:១៩) គាត់បានរៀបរាប់យ៉ាងល្អិតល្អន់អំពីរបៀបដែលក្រុងនោះត្រូវគេវាយយក។ ក្រុងបាប៊ីឡូនបានត្រូវការពារដោយទ្វារកំពែងធំៗ ហើយមានទន្លេមួយព័ទ្ធជុំវិញ។ ប៉ុន្តែ អេសាយបានប្រកាសទុកជាមុនថាទន្លេនោះនឹងត្រូវរីងទៅ ព្រមទាំងទ្វារកំពែងនឹងនៅបើកចំហ។ ម្យ៉ាងទៀត សត្រូវនឹងចាប់យកក្រុងនោះដោយមិនចាំបាច់ច្បាំងឡើយ។ អេសាយក៏ប្រាប់ថែមទៀតថាបុរសម្នាក់ឈ្មោះស៊ីរូសនឹងចាប់យកក្រុងបាប៊ីឡូន (សូមមើលលេខ៤ក្នុងកំណត់នៅចុងសៀវភៅ)។—សូមអាន អេសាយ ៤៤:២៧–៤៥:២
១៤, ១៥. តើអ្វីដែលអេសាយប្រកាសទុកជាមុនបានកើតឡើងយ៉ាងដូចម្ដេច?
១៤ ប្រមាណ២០០ឆ្នាំក្រោយពីទំនាយនេះបានត្រូវកត់ទុក កងទ័ពមួយបានមកបោះជំរំជិតក្រុងបាប៊ីឡូន ហើយត្រៀមជាស្រេចដើម្បីវាយយកក្រុងនោះ។ តើអ្នកណាជាមេបញ្ជាការ? គឺស៊ីរូសស្តេចពើស៊ី ដូចទំនាយបានចែងទុកមែន។ ក៏ប៉ុន្តែ តើទ័ពរបស់ស៊ីរូសអាចចាប់យកក្រុងបាប៊ីឡូនដូចដែលអ្នកប្រកាសទំនាយអេសាយបានប្រាប់ទុកជាមុនឬទេ?
១៥ នៅយប់ដែលទ័ពស៊ីរូសវាយយកក្រុងបាប៊ីឡូន ជនជាតិបាប៊ីឡូនកំពុងជប់លៀង។ ពួកគេគិតថាខ្លួនមានសុវត្ថិភាពដោយស្ថិតនៅក្រោយកំពែងធំសម្បើមហើយមានទន្លេព័ទ្ធជុំវិញ។ នៅខាងក្រៅក្រុង ស៊ីរូសនឹងទ័ពរបស់គាត់បានជីកប្រឡាយដើម្បីបង្វែរទឹកចេញពីទន្លេដែលហូរកាត់ក្រុងបាប៊ីឡូន។ មិនយូរក្រោយនោះ ទឹកបានស្រករហូតដល់ទ័ពស៊ីរូសអាចដើរឆ្លងកាត់បាតទន្លេទៅដល់កំពែងក្រុង។ ក៏ប៉ុន្តែ តើទ័ពស៊ីរូសនឹងអាចទម្លាយកំពែងចូលក្នុងក្រុងបាប៊ីឡូនបានយ៉ាងដូចម្ដេច? ដូចទំនាយបានចែងទុក ទ្វារកំពែងបានត្រូវទុកនៅចំហ ដូច្នេះទ័ពស៊ីរូសបានចាប់យកក្រុងនោះដោយមិនចាំបាច់ច្បាំង។
១៦. (ក) ស្តីអំពីអនាគតរបស់ក្រុងបាប៊ីឡូន តើអេសាយបានប្រកាសទុកជាមុនអំពីអ្វី? (ខ) ហេតុអ្វីយើងដឹងថាទំនាយដែលអេសាយប្រកាសទុកជាមុនបានកើតឡើងមែន?
១៦ បន្ថែមទៅទៀត អេសាយបានប្រកាសទុកជាមុនថានៅទីបំផុតនឹងគ្មានអ្នកណារស់នៅក្នុងក្រុងបាប៊ីឡូនទៀត។ គាត់បានសរសេរថា៖ «ក្រុងនោះនឹងគ្មានអ្នកណានៅតទៅទៀតឡើយ ក៏មិនដែលមានអ្នកណាអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតទៅ»។ (អេសាយ ១៣:២០) តើទំនាយនោះបានសម្រេចឬទេ? សព្វថ្ងៃនេះ នៅប្រមាណ៨០គីឡូម៉ែត្រខាងត្បូងទីក្រុងបាកដាដនៅប្រទេសអ៊ីរ៉ាក់ ជាទីតាំងក្រុងបាប៊ីឡូនពីបុរាណ គឺមានតែប្រាសាទបាក់បែកប៉ុណ្ណោះ។ ក្រុងនោះត្រូវបានគេបោះបង់ចោលមានសភាពស្ងាត់ជ្រងំពិតមែន។ ព្រះយេហូវ៉ាបានបោសក្រុងបាប៊ីឡូន«ដោយអំបោសជាការបំផ្លាញ»។—អេសាយ ១៤:២២, ២៣b
១៧. ហេតុអ្វីយើងអាចទុកចិត្តសេចក្ដីសន្យាទាំងអស់របស់ព្រះ?
១៧ ដោយហេតុថាទំនាយជាច្រើនក្នុងគម្ពីរបានសម្រេចហើយ នេះមានន័យថាយើងអាចទុកចិត្តអ្វីដែលគម្ពីរប្រាប់អំពីអនាគត។ យើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងធ្វើតាមសេចក្ដីសន្យារបស់លោកស្តីអំពីការធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។ (សូមអាន ជនគណនា ២៣:១៩) ពិតណាស់ យើងមានសេចក្ដីសង្ឃឹមឲ្យបាន«ជីវិតគ្មានទីបញ្ចប់ ជាអ្វីដែលព្រះដែលមិនអាចកុហក បានសន្យាតាំងពីយូរយារណាស់មកហើយ»។—ទីតុស ១:២c
គម្ពីរអាចកែប្រែជីវិតរបស់អ្នក
១៨. តើប៉ូលរៀបរាប់យ៉ាងណាអំពី«បណ្ដាំរបស់ព្រះ»?
១៨ យើងបានរៀនរួចហើយថាគម្ពីរជាសៀវភៅដែលខុសប្លែកពីសៀវភៅឯទៀត។ គម្ពីរមានសាច់រឿងស្របគ្នា ហើយពេលគម្ពីររៀបរាប់អំពីរឿងវិទ្យាសាស្ត្រនិងប្រវត្ដិសាស្ត្រ គម្ពីរតែងតែមានភាពត្រឹមត្រូវជានិច្ច។ បន្ថែមទៅទៀត គម្ពីរក៏ផ្ដល់ការណែនាំដ៏ល្អ ព្រមទាំងមានទំនាយជាច្រើនដែលបានសម្រេចរួចទៅហើយ។ ប៉ុន្តែ លើសជាងនោះទៅទៀត សាវ័កប៉ូលបានសរសេរថា៖ «បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។ តើនេះមានន័យអ្វី?—សូមអាន ហេប្រឺ ៤:១២
១៩, ២០. (ក) តើគម្ពីរអាចជួយអ្នកឲ្យស្គាល់ខ្លួនអ្នកយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាអ្នកអាចបង្ហាញថាអ្នកដឹងគុណព្រះចំពោះគម្ពីរដែលជាអំណោយពីលោក?
១៩ គម្ពីរអាចកែប្រែជីវិតរបស់អ្នក។ គម្ពីរអាចជួយអ្នកឲ្យស្គាល់អំពីខ្លួនឯង ហើយអាចជួយអ្នកឲ្យយល់ច្បាស់អំពីគំនិតនិងអារម្មណ៍ពិតរបស់ខ្លួន។ ជាឧទាហរណ៍ យើងប្រហែលជាគិតថាយើងស្រឡាញ់ព្រះ តែដើម្បីបង្ហាញថាយើងពិតជាស្រឡាញ់ព្រះមែន យើងត្រូវធ្វើតាមអ្វីដែលព្រះបានចែងទុកក្នុងគម្ពីរ។
២០ គម្ពីរគឺពិតជាសៀវភៅដែលមកពីព្រះមែន។ ព្រះចង់ឲ្យអ្នកអាន សិក្សា និងស្រឡាញ់គម្ពីរ។ សូមបង្ហាញថាអ្នកដឹងគុណព្រះចំពោះអំណោយនេះ ហើយបន្តសិក្សាគម្ពីរ។ នៅពេលដែលអ្នកធ្វើដូច្នេះ អ្នកនឹងយល់កាន់តែជ្រាលជ្រៅអំពីគោលបំណងរបស់ព្រះសម្រាប់មនុស្សជាតិ។ ក្នុងជំពូកបន្ទាប់ យើងនឹងរៀនថែមទៀតអំពីគោលបំណងរបស់ព្រះ។
a មនុស្សខ្លះអះអាងថាគម្ពីរមិនស្របគ្នាទេ តែនេះគឺជាការអះអាងមិនពិតឡើយ។ សូមមើលជំពូកទី៧ក្នុងសៀវភៅព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
b បើអ្នកចង់ដឹងថែមទៀតអំពីទំនាយក្នុងគម្ពីរ សូមមើលជំពូកទី៩ ទំព័រ១១៧-១៣៣ ក្នុងសៀវភៅព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
c ការបំផ្លាញចោលក្រុងបាប៊ីឡូនជាឧទាហរណ៍មួយដែលបង្ហាញថា ទំនាយក្នុងគម្ពីរបានសម្រេចពិតមែន។ អ្នកអាចរកព័ត៌មានថែមទៀតស្តីអំពីទំនាយអំពីលោកយេស៊ូគ្រិស្តនៅលេខ៥ក្នុងកំណត់នៅចុងសៀវភៅ។