ជំពូកទី៤
តើលោកយេស៊ូគ្រិស្តជាអ្នកណា?
១, ២. (ក) បើអ្នកគ្រាន់តែស្គាល់ឈ្មោះរបស់អ្នកល្បីណាម្នាក់ តើនេះមានន័យថាអ្នកពិតជាស្គាល់គាត់ឬ? សូមពន្យល់។ (ខ) តើមនុស្សនិយាយយ៉ាងណាខ្លះអំពីលោកយេស៊ូ?
ក្នុងពិភពលោកមានមនុស្សជាច្រើនដែលល្បីឈ្មោះ។ អ្នកប្រហែលជាស្គាល់ឈ្មោះរបស់អ្នកល្បីណាម្នាក់។ ក៏ប៉ុន្តែ គ្រាន់តែស្គាល់ឈ្មោះរបស់អ្នកល្បី នេះមិនមានន័យថាអ្នកស្គាល់បុគ្គលនោះច្បាស់ទេ ហើយក៏មិនមានន័យថាអ្នកដឹងព័ត៌មានល្អិតល្អន់អំពីប្រវត្ដិ ឬបុគ្គលិកលក្ខណៈពិតរបស់គាត់ដែរ។
២ អ្នកប្រហែលជាធ្លាប់ឮអំពីលោកយេស៊ូគ្រិស្ត ទោះជាលោកធ្លាប់រស់នៅផែនដីប្រហែលជា២.០០០ឆ្នាំមុនក៏ដោយ។ ប៉ុន្តែ មនុស្សភាគច្រើនមិនដឹងថាលោកជាមនុស្សបែបណានោះទេ។ អ្នកខ្លះនិយាយថាលោកជាមនុស្សល្អម្នាក់។ អ្នកខ្លះទៀតគិតថាលោកជាអ្នកប្រកាសទំនាយម្នាក់។ ចំណែកអ្នកឯទៀតជឿថាលោកយេស៊ូជាព្រះ។ តើអ្នកគិតយ៉ាងណា? (សូមមើលលេខ១២ក្នុងកំណត់នៅចុងសៀវភៅ)។
៣. ហេតុអ្វីគឺជាការសំខាន់ដែលអ្នកស្គាល់ព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ត?
៣ គឺជាការសំខាន់ដែលអ្នកស្គាល់សេចក្ដីពិតអំពីលោកយេស៊ូ។ ហេតុអ្វី? ពីព្រោះគម្ពីរប្រាប់យើងថា៖ «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។ (យ៉ូហាន ១៧:៣) ប្រាកដហើយ បើអ្នកស្គាល់សេចក្ដីពិតអំពីព្រះយេហូវ៉ានិងលោកយេស៊ូ អ្នកអាចរស់ជារៀងរហូតក្នុងសួនឧទ្យាននៅផែនដី។ (យ៉ូហាន ១៤:៦) មិនត្រឹមតែប៉ុណ្ណោះ ការស្គាល់លោកយេស៊ូអាចជួយអ្នក ពីព្រោះលោកជាគំរូល្អបំផុតអំពីរបៀបដែលអ្នកត្រូវប្រព្រឹត្តទៅលើអ្នកឯទៀត ហើយអំពីរបៀបរស់នៅដែលអ្នកត្រូវមាន។ (យ៉ូហាន ១៣:៣៤, ៣៥) ក្នុងជំពូកទី១ យើងបានរៀនសេចក្ដីពិតអំពីព្រះ។ ឥឡូវយើងនឹងពិចារណានូវអ្វីដែលគម្ពីរបង្រៀនអំពីលោកយេស៊ូ។
យើងបានរកឃើញមេស្ស៊ីហើយ!
៤. តើពាក្យ«មេស្ស៊ី»និង«គ្រិស្ត»មានន័យអ្វី?
៤ ជាយូរមុនដែលលោកយេស៊ូកើតមក គម្ពីរបានចែងទុកអំពីសេចក្ដីសន្យារបស់ព្រះយេហូវ៉ាថាលោកនឹងចាត់មេស្ស៊ី ឬគ្រិស្តឲ្យមក។ ពាក្យ«មេស្ស៊ី»មកពីភាសាហេប្រឺ ហើយពាក្យ«គ្រិស្ត»មកពីភាសាក្រិចមានន័យថាអ្នកដែលព្រះរើសតាំង។ ឋានៈទាំងពីរនេះបញ្ជាក់ថាព្រះនឹងជ្រើសរើសមេស្ស៊ីដែលបានត្រូវសន្យា ហើយតែងតាំងលោកឲ្យមានតំណែងពិសេស។ មេស្ស៊ីនឹងធ្វើឲ្យសេចក្ដីសន្យាទាំងអស់របស់ព្រះបានសម្រេច។ លោកយេស៊ូក៏អាចជួយអ្នកឲ្យទទួលប្រយោជន៍នៅឥឡូវនេះដែរ។ ប៉ុន្តែ មុនលោកយេស៊ូបានកើតមក មនុស្សជាច្រើនបានឆ្ងល់ថា ‹តើអ្នកណានឹងក្លាយទៅជាមេស្ស៊ី?›។
៥. តើអ្នកកាន់តាមលោកយេស៊ូជឿថាលោកគឺជាមេស្ស៊ីឬទេ?
៥ អ្នកកាន់តាមលោកយេស៊ូជឿជាក់យ៉ាងខ្លាំងថា លោកគឺជាមេស្ស៊ីដែលបានត្រូវសន្យា។ (យ៉ូហាន ១:៤១) ជាឧទាហរណ៍ ស៊ីម៉ូនពេត្រុសបាននិយាយទៅកាន់លោកយេស៊ូថា៖ «លោកជាគ្រិស្ត»។ (ម៉ាថាយ ១៦:១៦) ហេតុអ្វីយើងអាចដឹងប្រាកដថាលោកយេស៊ូគឺជាមេស្ស៊ី?
៦. តើតាមរបៀបណាព្រះយេហូវ៉ាបានជួយមនុស្សស្មោះត្រង់ឲ្យដឹងថាអ្នកណាជាមេស្ស៊ី?
៦ ជាយូរមុនដែលលោកយេស៊ូបានកើតមក អ្នកប្រកាសទំនាយរបស់ព្រះបានកត់ទុកព័ត៌មានយ៉ាងល្អិតល្អន់ជាច្រើនដែលនឹងជួយមនុស្សឲ្យដឹងថាអ្នកណាជាមេស្ស៊ី។ តើតាមរបៀបណា? ឧបមាថាមានគេចាត់អ្នកឲ្យទៅទទួលភ្ញៀវម្នាក់ដែលអ្នកពុំស្គាល់នៅឯចំណតឡានក្រុង។ បើពួកគេពណ៌នាយ៉ាងល្អិតល្អន់អំពីភ្ញៀវនោះ អ្នកនឹងអាចសម្គាល់គាត់បាន មែនទេ? ស្រដៀងគ្នាដែរ តាមរយៈអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបានប្រាប់យ៉ាងល្អិតល្អន់អំពីអ្វីដែលមេស្ស៊ីនឹងធ្វើ ហើយអំពីអ្វីដែលនឹងកើតឡើងចំពោះលោក។ ពេលដែលអ្វីៗក្នុងទំនាយទាំងនេះបានកើតឡើង នោះបានជួយអ្នកស្មោះត្រង់ឲ្យដឹងយ៉ាងច្បាស់ថា លោកយេស៊ូគឺជាមេស្ស៊ី។
៧. តើទំនាយពីរយ៉ាងដែលបង្ហាញថាលោកយេស៊ូគឺជាមេស្ស៊ី គឺជាអ្វី?
៧ សូមពិចារណាឧទាហរណ៍ពីរ។ ឧទាហរណ៍ទី១ មីកាដែលជាអ្នកប្រកាសទំនាយបានប្រាប់ទុក៧០០ឆ្នាំមុនដែលលោកយេស៊ូបានកើតមកថា មេស្ស៊ីនឹងកើតមកនៅភូមិតូចមួយហៅថាបេថ្លេហិម។ (មីកា ៥:១) លោកយេស៊ូបានកើតមកនៅភូមិនោះមែន! (ម៉ាថាយ ២:១, ៣-៩) ឧទាហរណ៍ទី២ ដានីយ៉ែលបានប្រកាសទុកជាមុនថាមេស្ស៊ីនឹងលេចមកនៅឆ្នាំ២៩ គ.ស.។ (ដានីយ៉ែល ៩:២៥) នេះគ្រាន់តែទំនាយពីរប៉ុណ្ណោះក្នុងចំណោមទំនាយជាច្រើនដែលបញ្ជាក់យ៉ាងច្បាស់ថា លោកយេស៊ូគឺជាមេស្ស៊ីដែលព្រះបានសន្យា (សូមមើលលេខ១៣ក្នុងកំណត់នៅចុងសៀវភៅ)។
៨, ៩. តើអ្វីបានកើតឡើងនៅពេលដែលលោកយេស៊ូទទួលការជ្រមុជទឹកដែលបង្ហាញថាលោកគឺជាមេស្ស៊ី?
៨ ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថាលោកយេស៊ូគឺជាមេស្ស៊ី។ ព្រះបានសន្យាថាយ៉ូហានដែលជាអ្នកជ្រមុជទឹកនឹងឃើញសញ្ញាមួយដើម្បីដឹងថាអ្នកណាជាមេស្ស៊ី។ ពេលដែលលោកយេស៊ូទៅឯយ៉ូហានដើម្បីទទួលការជ្រមុជទឹកនៅទន្លេយ៉ូដាន់ក្នុងឆ្នាំ២៩ គ.ស. យ៉ូហានបានឃើញសញ្ញានោះមែន។ គម្ពីរប្រាប់អំពីអ្វីដែលបានកើតឡើងថា៖ «ក្រោយពីលោកយេស៊ូបានត្រូវជ្រមុជទឹកហើយ លោកបានងើបឡើងពីទឹកមកភ្លាម ហើយមេឃបានបើកចំហ រួចគាត់ឃើញសកម្មពលរបស់ព្រះចុះមកដូចជាសត្វព្រាប ហើយសណ្ឋិតលើលោក។ ខណៈនោះ ក៏មានសំឡេងមួយពីលើមេឃថា៖ ‹នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់›»។ (ម៉ាថាយ ៣:១៦, ១៧) កាលដែលយ៉ូហានបានឮហើយឃើញសញ្ញាសម្គាល់នោះ គាត់ដឹងថាលោកយេស៊ូគឺជាមេស្ស៊ី។ (យ៉ូហាន ១:៣២-៣៤) នៅថ្ងៃនោះ ក្រោយពីព្រះយេហូវ៉ាបានចាក់សកម្មពលរបស់លោកមកលើលោកយេស៊ូ នោះលោកយេស៊ូបានក្លាយទៅជាមេស្ស៊ី។ លោកគឺជាអ្នកដែលព្រះបានតែងតាំងឲ្យធ្វើជាអ្នកដឹកនាំនិងជាស្តេច។—អេសាយ ៥៥:៤
៩ ទំនាយក្នុងគម្ពីរ និងប្រសាសន៍របស់ព្រះយេហូវ៉ាផ្ទាល់ ថែមទាំងសញ្ញាសម្គាល់ដែលព្រះផ្ដល់ឲ្យនៅពេលលោកយេស៊ូទទួលការជ្រមុជទឹក បង្ហាញយ៉ាងជាក់ច្បាស់ថា លោកយេស៊ូគឺជាមេស្ស៊ី។ ប៉ុន្តែ តើលោកយេស៊ូមកពីណា ហើយតើលោកជាបុគ្គលបែបណា? សូមឲ្យយើងពិចារណាអំពីអ្វីដែលគម្ពីរប្រាប់។
តើលោកយេស៊ូមកពីណា?
១០. តើគម្ពីរបង្រៀនយ៉ាងណាអំពីជីវិតរបស់លោកយេស៊ូមុនពេលដែលលោកមកផែនដី?
១០ គម្ពីរបង្រៀនថាលោកយេស៊ូធ្លាប់រស់នៅឯស្ថានសួគ៌យ៉ាងយូរ មុនលោកមកផែនដី។ មីកាបាននិយាយថាមេស្ស៊ីមានដើមកំណើត«ចាប់តាំងពីបុរាណ»មក។ (មីកា ៥:១) លោកយេស៊ូបានមានប្រសាសន៍ជាច្រើនដងថាលោកធ្លាប់រស់នៅឯស្ថានសួគ៌មុនលោកកើតមកជាមនុស្ស។ (សូមអាន យ៉ូហាន ៣:១៣; ៦:៣៨, ៦២; ១៧:៤, ៥) មុនពេលដែលលោកយេស៊ូមកផែនដី លោកមានចំណងមិត្តភាពពិសេសជាមួយនឹងព្រះយេហូវ៉ា។
១១. ហេតុអ្វីលោកយេស៊ូជាបុគ្គលពិសេសខ្លាំងណាស់ចំពោះព្រះ?
១១ លោកយេស៊ូជាបុគ្គលដែលព្រះស្រឡាញ់ខ្លាំងណាស់។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាបានបង្កើតលោកមុនអ្វីៗទាំងអស់។ ដូច្នេះ លោកយេស៊ូបានត្រូវហៅថាជា«បុត្រច្បងក្នុងចំណោមអ្វីៗទាំងអស់ដែលព្រះបានបង្កើត»។a (កូឡុស ១:១៥) ម្យ៉ាងទៀត លោកយេស៊ូជាបុគ្គលពិសេសណាស់ចំពោះព្រះយេហូវ៉ា ដោយសារលោកយេស៊ូគឺជាបុគ្គលតែម្នាក់គត់ដែលព្រះយេហូវ៉ាបានបង្កើតដោយផ្ទាល់។ នេះជាមូលហេតុដែលលោកយេស៊ូបានត្រូវហៅថា«បុត្រតែមួយ»របស់ព្រះ។ (យ៉ូហាន ៣:១៦) លោកយេស៊ូក៏ជាបុគ្គលតែម្នាក់គត់ដែលព្រះយេហូវ៉ាបានប្រើដើម្បីបង្កើតអ្វីៗទាំងអស់។ (កូឡុស ១:១៦) បន្ថែមទៅទៀត មានតែលោកយេស៊ូប៉ុណ្ណោះដែលបានត្រូវហៅថា«បណ្ដាំ» ពីព្រោះព្រះយេហូវ៉ាបានប្រើលោកដើម្បីប្រាប់បណ្ដាទេវតានិងមនុស្សជាតិអំពីដំណឹងនិងការណែនាំរបស់ព្រះ។—យ៉ូហាន ១:១៤
១២. តើតាមរបៀបណាយើងដឹងថាលោកយេស៊ូនិងព្រះមិនមែនជាបុគ្គលតែមួយ?
១២ មនុស្សខ្លះជឿថាលោកយេស៊ូនិងព្រះគឺជាបុគ្គលតែមួយ។ ប៉ុន្តែ គម្ពីរមិនបង្រៀនដូច្នេះឡើយ។ គម្ពីរប្រាប់ថាលោកយេស៊ូបានត្រូវបង្កើត ដូច្នេះនេះមានន័យថាលោកមានទីចាប់ផ្ដើម។ ចំណែកឯព្រះយេហូវ៉ាដែលជាអ្នកបង្កើតអ្វីៗទាំងអស់ លោកគ្មានទីចាប់ផ្ដើមទេ។ (ទំនុកតម្កើង ៩០:២) ក្នុងនាមជាបុត្រព្រះ លោកយេស៊ូមិនដែលព្យាយាមធ្វើជាព្រះសោះឡើយ។ គម្ពីរបង្រៀនយ៉ាងច្បាស់ថាបិតាគឺធំជាងបុត្រលោក។ (សូមអាន យ៉ូហាន ១៤:២៨; កូរិនថូសទី១ ១១:៣) មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលជា«ព្រះមានឫទ្ធានុភាពខ្លាំងក្លាបំផុត»។ (ការបើកបង្ហាញ ១៥:៣) លោកគឺជាបុគ្គលដ៏អស្ចារ្យនិងមានឫទ្ធានុភាពខ្លាំងក្លាបំផុតក្នុងសកលលោក (សូមមើលលេខ១៤ក្នុងកំណត់នៅចុងសៀវភៅ)។
១៣. ហេតុអ្វីគម្ពីរចែងថា៖ «លោក[យេស៊ូ]និងព្រះដែលយើងមើលមិនឃើញ មានលក្ខណៈដូចគ្នាទាំងស្រុង»?
១៣ ព្រះយេហូវ៉ានិងលោកយេស៊ូដែលជាបុត្រលោក បានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធអស់រាប់ពាន់លានឆ្នាំមុនដែលសកលលោកបានត្រូវបង្កើតមក។ លោកទាំងពីរប្រាកដជាស្រឡាញ់គ្នាខ្លាំងណាស់! (យ៉ូហាន ៣:៣៥; ១៤:៣១) លោកយេស៊ូបានបង្ហាញគុណសម្បត្ដិដូចបិតារបស់លោកបេះបិទ ដូច្នេះគម្ពីរចែងថា៖ «លោកនិងព្រះដែលយើងមើលមិនឃើញ មានលក្ខណៈដូចគ្នាទាំងស្រុង»។—កូឡុស ១:១៥
១៤. តើតាមរបៀបណាបុត្រជាទីស្រឡាញ់របស់ព្រះយេហូវ៉ាអាចកើតមកជាមនុស្សម្នាក់បាន?
១៤ បុត្រជាទីស្រឡាញ់របស់ព្រះយេហូវ៉ាសុខចិត្តចាកចេញពីស្ថានសួគ៌មកកើតជាមនុស្សនៅផែនដី។ តើបុគ្គលវិញ្ញាណអាចកើតមកជាមនុស្សម្នាក់យ៉ាងដូចម្ដេចបាន? ព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុមួយដោយផ្ទេរជីវិតបុត្រលោកទៅក្នុងផ្ទៃរបស់ស្រីក្រមុំបរិសុទ្ធម្នាក់ឈ្មោះម៉ារៀ។ ហេតុនេះ លោកយេស៊ូមិនចាំបាច់មានឪពុកជាមនុស្សនោះឡើយ។ ជាលទ្ធផល ម៉ារៀបានសម្រាលកូនប្រុសមួយដែលល្អឥតខ្ចោះ ហើយនាងបានដាក់ឈ្មោះកូនប្រុសនោះថាយេស៊ូ។—លូកា ១:៣០-៣៥
តើលោកយេស៊ូជាបុគ្គលបែបណា?
១៥. តើអ្នកអាចស្គាល់ព្រះយេហូវ៉ាច្បាស់ជាងយ៉ាងដូចម្ដេច?
១៥ អ្នកអាចរៀនច្រើនអំពីជីវិតនិងគុណសម្បត្ដិរបស់លោកយេស៊ូដោយអានគម្ពីរនៅសៀវភៅម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន។ សៀវភៅទាំងនោះបានត្រូវហៅថាសៀវភៅដំណឹងល្អទាំងបួន។ ដោយសារលោកយេស៊ូមានគុណសម្បត្ដិដូចបិតាលោកបេះបិទ នោះអ្វីដែលអ្នកអាននឹងជួយអ្នកឲ្យកាន់តែស្គាល់ព្រះយេហូវ៉ា។ ហេតុនេះហើយ លោកយេស៊ូអាចមានប្រសាសន៍ថា៖ «អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ»។—យ៉ូហាន ១៤:៩
១៦. តើលោកយេស៊ូបានបង្រៀនអំពីអ្វី? តើអ្វីៗដែលលោកយេស៊ូបង្រៀនមកពីណា?
១៦ មនុស្សជាច្រើនហៅលោកយេស៊ូថា«លោកគ្រូ»។ (យ៉ូហាន ១:៣៨; ១៣:១៣) ក្នុងចំណោមអ្វីដ៏សំខាន់បំផុតដែលលោកយេស៊ូបានបង្រៀនគឺ«ដំណឹងល្អអំពីរាជាណាចក្រ»។ តើរាជាណាចក្រនោះជាអ្វី? គឺជារដ្ឋាភិបាលរបស់ព្រះដែលនឹងគ្រប់គ្រងពីស្ថានសួគ៌មកលើផែនដីទាំងមូល ហើយនឹងផ្ដល់ពរជាច្រើនដល់មនុស្សដែលស្ដាប់បង្គាប់ព្រះ។ (ម៉ាថាយ ៤:២៣) អ្វីៗទាំងអស់ដែលលោកយេស៊ូបង្រៀនគឺមកពីព្រះយេហូវ៉ា។ ដូច្នេះ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំបង្រៀន មិនមែនជាសេចក្ដីបង្រៀនរបស់ខ្ញុំទេ តែជាសេចក្ដីបង្រៀនរបស់លោកដែលបានចាត់ខ្ញុំឲ្យមក»។ (យ៉ូហាន ៧:១៦) លោកយេស៊ូជ្រាបថាព្រះយេហូវ៉ាចង់ឲ្យមនុស្សឮដំណឹងល្អដែលថា រាជាណាចក្រព្រះនឹងគ្រប់គ្រងមកលើផែនដីទាំងមូល។
១៧. តើលោកយេស៊ូបង្រៀនមនុស្សនៅកន្លែងណាខ្លះ? ហេតុអ្វីលោកបានខំព្យាយាមយ៉ាងខ្លាំងក្នុងការបង្រៀនអ្នកឯទៀត?
១៧ តើលោកយេស៊ូបានបង្រៀនមនុស្សនៅកន្លែងណាខ្លះ? គឺនៅគ្រប់ទីកន្លែងដែលមានមនុស្ស។ លោកបានបង្រៀននៅជនបទ ក្រុង ភូមិ ផ្សារ នៅក្នុងផ្ទះរបស់ពួកគេ និងនៅកន្លែងគោរពប្រណិប័តន៍ព្រះ។ លោកមិនបានរង់ចាំមនុស្សឲ្យមកឯលោកឡើយ។ ជាញឹកញយ លោកបានទៅជួបពួកគេ។ (ម៉ាកុស ៦:៥៦; លូកា ១៩:៥, ៦) លោកយេស៊ូបានព្យាយាមយ៉ាងខ្លាំង ហើយចំណាយកម្លាំងនិងពេលវេលាជាច្រើនក្នុងការបង្រៀនបណ្ដាជន។ ហេតុអ្វី? ពីព្រោះលោកបានដឹងថាព្រះចង់ឲ្យលោកធ្វើដូច្នេះ ហើយលោកយេស៊ូតែងតែស្ដាប់បង្គាប់បិតាលោក។ (យ៉ូហាន ៨:២៨, ២៩) ម្យ៉ាងទៀត លោកយេស៊ូបានផ្សព្វផ្សាយដោយសារលោកមានសេចក្ដីអាណិតអាសូរចំពោះមនុស្ស។ (សូមអាន ម៉ាថាយ ៩:៣៥, ៣៦) លោកអាចឃើញថាអ្នកដឹកនាំសាសនាមិនបានបង្រៀនសេចក្ដីពិតអំពីព្រះ និងអំពីរាជាណាចក្ររបស់លោកទេ។ ដូច្នេះ លោកចង់ជួយមនុស្សច្រើនបំផុតឲ្យឮដំណឹងល្អ។
១៨. តើគុណសម្បត្ដិអ្វីខ្លះរបស់លោកយេស៊ូដែលទាក់ទាញចិត្តអ្នកខ្លាំងបំផុត?
១៨ លោកយេស៊ូគឺជាបុរសម្នាក់ដែលមានសេចក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ លោកមានចិត្តសប្បុរស ហើយស្រួលទាក់ទង។ សូម្បីតែកូនក្មេងក៏ចូលចិត្តនៅជាមួយនឹងលោកដែរ។ (ម៉ាកុស ១០:១៣-១៦) លោកយេស៊ូមិនរើសមុខអ្នកណាឡើយ។ លោកស្អប់អំពើពុករលួយនិងអំពើអយុត្ដិធម៌។ (ម៉ាថាយ ២១:១២, ១៣) លោកបានរស់នៅសម័យមួយដែលគេមិនប្រព្រឹត្តទៅលើស្ត្រីដោយការគោរពទេ ហើយគេក៏មិនសូវផ្ដល់សិទ្ធិឲ្យពួកគេដែរ។ ក៏ប៉ុន្តែ លោកយេស៊ូតែងតែប្រព្រឹត្តទៅលើស្ត្រីដោយការគោរពនិងសេចក្ដីថ្លៃថ្នូរ។ (យ៉ូហាន ៤:៩, ២៧) បន្ថែមទៅទៀត លោកយេស៊ូមានចិត្តរាបទាបពិតប្រាកដមែន។ ជាឧទាហរណ៍ នៅពេលល្ងាចមួយលោកបានលាងជើងរបស់ពួកសាវ័កលោក ទោះជាធម្មតានោះជាកិច្ចការរបស់អ្នកបម្រើក៏ដោយ។—យ៉ូហាន ១៣:២-៥, ១២-១៧
១៩. តើមានឧទាហរណ៍អ្វីដែលបង្ហាញថាលោកយេស៊ូបានជ្រាបអំពីសេចក្ដីត្រូវការរបស់អ្នកឯទៀត ហើយចង់ជួយពួកគេ?
១៩ លោកយេស៊ូបានជ្រាបអំពីសេចក្ដីត្រូវការរបស់អ្នកឯទៀត ហើយលោកចង់ជួយពួកគេ។ នេះបានត្រូវបញ្ជាក់យ៉ាងច្បាស់នៅពេលដែលលោកបានប្រើឫទ្ធានុភាពរបស់ព្រះដើម្បីធ្វើឲ្យបណ្ដាជនជាសះស្បើយ។ (ម៉ាថាយ ១៤:១៤) ជាឧទាហរណ៍ បុរសម្នាក់ដែលមានជំងឺឃ្លង់បានមកឯលោកយេស៊ូ ហើយនិយាយថា៖ «បើលោកចង់ធ្វើឲ្យខ្ញុំជាស្អាត លោកអាចធ្វើបាន»។ ពេលលោកយេស៊ូបានឃើញការឈឺចាប់និងទុក្ខវេទនារបស់បុរសនេះ លោកក្ដួលអាណិតហើយចង់ជួយគាត់។ ដូច្នេះ លោកយេស៊ូលូកដៃទៅពាល់បុរសនោះ ហើយមានប្រសាសន៍ទៅគាត់ថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន។ សូមឲ្យជាស្អាតចុះ»។ រំពេចនោះគាត់បានជាសះស្បើយ! (ម៉ាកុស ១:៤០-៤២) តើអ្នកអាចស្រមៃគិតដល់អារម្មណ៍របស់បុរសនោះបានទេ?
លោកតែងតែស្មោះត្រង់នឹងបិតា
២០, ២១. ហេតុអ្វីលោកយេស៊ូជាគំរូដ៏ល្អបំផុតស្តីអំពីការស្ដាប់បង្គាប់ព្រះ?
២០ លោកយេស៊ូគឺជាគំរូដ៏ល្អបំផុតស្តីអំពីការស្ដាប់បង្គាប់ព្រះ។ ទោះជាមានអ្វីកើតឡើងឬទោះជាសត្រូវបានធ្វើអ្វីចំពោះលោកក៏ដោយ លោកនៅតែបង្ហាញភាពស្មោះត្រង់ចំពោះបិតាលោកជានិច្ច។ ជាឧទាហរណ៍ ពេលដែលសាថានព្យាយាមល្បួងលោកយេស៊ូ លោកមិនបានធ្វើតាមការល្បួងរបស់វាឡើយ។ (ម៉ាថាយ ៤:១-១១) សូម្បីតែសាច់ញាតិខ្លះរបស់លោកយេស៊ូក៏មិនបានជឿថាលោកជាមេស្ស៊ីដែរ ហើយពួកគេថែមទាំងនិយាយថាលោក«វង្វេងស្មារតីហើយ»។ យ៉ាងណាក្ដី លោកយេស៊ូបន្តធ្វើកិច្ចការរបស់ព្រះ។ (ម៉ាកុស ៣:២១) កាលដែលសត្រូវរបស់លោកយេស៊ូបានប្រព្រឹត្តយ៉ាងសាហាវឃោរឃៅចំពោះលោក លោកបានរក្សាភាពស្មោះត្រង់ចំពោះព្រះ ហើយមិនដែលព្យាយាមធ្វើបាបពួកគេវិញឡើយ។—ពេត្រុសទី១ ២:២១-២៣
២១ សូម្បីតែនៅពេលដែលលោកយេស៊ូទទួលការឈឺចាប់យ៉ាងខ្លាំងហើយស្លាប់ដោយវេទនា ក៏លោកបន្តរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ាដែរ។ (សូមអាន ភីលីព ២:៨) សូមស្រមៃគិតថាលោកត្រូវស៊ូទ្រាំខ្លាំងយ៉ាងណាទៅនៅថ្ងៃដែលលោកបានស្លាប់។ លោកត្រូវគេចាប់ ត្រូវគេចោទប្រកាន់ដោយសាក្សីក្លែងក្លាយ ត្រូវគេកាត់ទោសដោយចៅក្រមពុករលួយ ហើយត្រូវបណ្ដាជនចំអកឡកឡឺយ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានទទួលទារុណកម្មក្នុងកណ្ដាប់ដៃពួកទាហាន ហើយបានត្រូវគេបោះដែកគោលព្យួរលើបង្គោល។ ពេលដែលលោកជិតស្លាប់ លោកបានស្រែកឡើងថា៖ «ការទាំងអស់បានសម្រេចហើយ!»។ (យ៉ូហាន ១៩:៣០) បីថ្ងៃក្រោយពីលោកយេស៊ូបានស្លាប់ ព្រះយេហូវ៉ាបានប្រោសលោកឲ្យរស់ឡើងវិញជាបុគ្គលវិញ្ញាណ។ (ពេត្រុសទី១ ៣:១៨) ប៉ុន្មានសប្ដាហ៍ក្រោយមក លោកយេស៊ូបានត្រឡប់ទៅស្ថានសួគ៌វិញ ហើយ«បានអង្គុយនៅខាងស្ដាំព្រះ» រង់ចាំទទួលអំណាចជាស្តេច។—ហេប្រឺ ១០:១២, ១៣
២២. តើយើងនឹងមានឱកាសអ្វីដោយសារលោកយេស៊ូបានរក្សាភាពស្មោះត្រង់ចំពោះបិតាលោក?
២២ ដោយសារលោកយេស៊ូបានរក្សាភាពស្មោះត្រង់ចំពោះបិតាលោក នោះយើងនឹងមានឱកាសរស់ជារៀងរហូតក្នុងសួនឧទ្យាននៅផែនដី ស្របតាមគោលបំណងរបស់ព្រះយេហូវ៉ា។ នៅជំពូកបន្ទាប់ យើងនឹងពិចារណាអំពីមូលហេតុដែលសេចក្ដីស្លាប់របស់លោកយេស៊ូអាចផ្ដល់ឱកាសឲ្យយើងមានជីវិតបែបនេះ។
a ព្រះយេហូវ៉ាគឺជាបិតាដោយសារលោកគឺជាអ្នកបង្កើត។ (អេសាយ ៦៤:៨) លោកយេស៊ូបានត្រូវហៅថាជាបុត្រព្រះ ពីព្រោះព្រះយេហូវ៉ាបានបង្កើតលោកដោយផ្ទាល់។ បណ្ដាទេវតានិងអាដាមក៏បានត្រូវហៅថាជាកូនរបស់ព្រះដែរ។—យ៉ូប ១:៦; លូកា ៣:៣៨