មេរៀនទី៨៤
លោកយេស៊ូដើរលើទឹក
ក្រៅពីជួយមនុស្សឲ្យជាពីជំងឺ និងប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ លោកយេស៊ូក៏អាចគ្រប់គ្រងលើខ្យល់និងភ្លៀងបានដែរ។ បន្ទាប់ពីលោកអធិដ្ឋាននៅលើភ្នំ លោកបានមើលទៅសមុទ្រកាលីឡេ ហើយឃើញខ្យល់ព្យុះ។ ពួកសាវ័កខំប្រឹងចែវទូកកាត់ព្យុះនោះ។ លោកក៏ចុះពីភ្នំ ហើយដើរលើទឹកទៅរកពួកគាត់។ ពេលពួកសាវ័កឃើញមនុស្សដើរលើទឹក ពួកគាត់តាំងភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ លោកយេស៊ូប្រាប់ពួកគាត់ថា៖ «គឺខ្ញុំទេ។ កុំខ្លាចឡើយ»។
ពេត្រុសនិយាយថា៖ «លោកម្ចាស់! បើពិតជាលោកមែន សូមឲ្យខ្ញុំដើរលើទឹកទៅឯលោកផង»។ លោកយេស៊ូប្រាប់គាត់ថា៖ «ចូរមកចុះ!»។ ដូច្នេះ ពេត្រុសចុះពីទូកកាត់ព្យុះ ដើរទៅរកលោកយេស៊ូនៅលើទឹក។ ប៉ុន្តែ ពេលដើរជិតដល់លោក គាត់បានមើលទៅខ្យល់ព្យុះ ក៏ភ័យស្លន់ស្លោ។ គាត់មានអារម្មណ៍ថាខ្លួនកំពុងលិចទៅក្នុងទឹក។ ដូច្នេះ គាត់ស្រែកឡើងថា៖ «លោកម្ចាស់! សូមជួយខ្ញុំផង!»។ លោកយេស៊ូលូកដៃទៅចាប់គាត់ ហើយតបថា៖ ‹ហេតុអ្វីបានជាអ្នកចាប់ផ្ដើមសង្ស័យ? តើជំនឿរបស់អ្នកបាត់ទៅណា?›។
ក្រោយពីលោកយេស៊ូនិងពេត្រុសឡើងទូក ខ្យល់ព្យុះស្ងប់បាត់មួយរំពេច។ សូមស្រមៃគិត តើពួកសាវ័កមានអារម្មណ៍យ៉ាងណា? ពួកគាត់និយាយគ្នាថា៖ «លោកពិតជាបុត្ររបស់ព្រះមែន»។
នេះមិនមែនតែមួយលើកទេ ដែលលោកយេស៊ូបានគ្រប់គ្រងលើអាកាសធាតុ។ នៅពេលមួយទៀត លោកយេស៊ូនិងពួកសាវ័កជិះទូកឆ្លងសមុទ្រ ហើយលោកបានសម្រាន្តលក់នៅកន្សៃទូក។ ខណៈនោះកើតមានខ្យល់ព្យុះដ៏ខ្លាំងមួយ។ រលកកញ្ជ្រោលវាយខ្ទប់ទូក រហូតដល់ទឹកចូលជិតពេញ។ ពួកសាវ័កទៅដាស់លោកយេស៊ូ ទាំងស្រែកឡើងថា៖ ‹លោកគ្រូ យើងជិតស្លាប់ហើយ! សូមជួយយើងផង!›។ លោកយេស៊ូងើបឡើង ហើយបង្គាប់ទៅសមុទ្រថា៖ «ចូរស្ងៀមទៅ!»។ រួចខ្យល់និងសមុទ្របានស្ងប់បាត់ភ្លាម។ លោកយេស៊ូសួរពួកសាវ័កថា៖ ‹តើជំនឿរបស់អ្នករាល់គ្នាបាត់ទៅណា?›។ ពួកគាត់និយាយគ្នាថា៖ «សូម្បីតែខ្យល់និងសមុទ្រ ក៏ស្ដាប់បង្គាប់លោកដែរ»។ ពួកសាវ័កបានរៀនថា បើពួកគាត់ទុកចិត្តលោកយេស៊ូទាំងស្រុង នោះពួកគាត់គ្មានអ្វីត្រូវខ្លាចឡើយ។
«តើជីវិតខ្ញុំនឹងទៅជាយ៉ាងណា បើខ្ញុំមិនជឿជាក់ថាខ្ញុំនឹងឃើញគុណធម៌របស់ព្រះយេហូវ៉ា ក្នុងចំណោមមនុស្សរស់?»។—ចម្រៀងសរសើរព្រះ ២៧:១៣