បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wcg ជំ. ៧ ទំ. ៤០-៤៣
  • គាត់​ក្លាហាន​ការ​ពារ​ក្រុម​គ្រួសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គាត់​ក្លាហាន​ការ​ពារ​ក្រុម​គ្រួសារ
  • ក្លាហានធ្វើអ្វីដែលព្រះពេញចិត្ត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • បង្កើន​ចំណេះ
  • រំពឹង​គិត​ដើម្បី​ទាញ​មេ​រៀន
  • រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​លោក
  • រៀន​ថែម​ទៀត
  • យ៉ាកុបនិងអេសាវត្រូវគ្នាវិញ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • កូនភ្លោះដែលមានសណ្ឋានខុសគ្នា
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • យ៉ាកុបបានទទួលមត៌ក
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • យ៉ាកុបទៅស្រុកខារ៉ាន
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
ក្លាហានធ្វើអ្វីដែលព្រះពេញចិត្ត
wcg ជំ. ៧ ទំ. ៤០-៤៣

៧ យ៉ាកុប

គាត់​ក្លាហាន​ការ​ពារ​ក្រុម​គ្រួសារ

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

នៅ​សម័យ​គម្ពីរ មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ាកុប។ កាល​ដែល​គាត់​មាន​វ័យ​កាន់​តែ​ចាស់ គាត់​បាន​និយាយ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដែល​រៀប​រាប់​អំពី​ជីវិត​គាត់​ថា អាយុ​គាត់​«​មិន​វែង​»​ ហើយ​«​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់​»។ (​ដក. ៤៧:៩​) គាត់​ពិត​ជា​ជួប​ប្រទះ​ឧបសគ្គ​ច្រើន​មែន! ពេល​គាត់​នៅ​ក្មេង បង​ប្រុស​របស់​គាត់​ចង់​សម្លាប់​គាត់។ ដូច្នេះ យ៉ាកុប​រត់​ទៅ​យ៉ាង​ឆ្ងាយ​រហូត​ដល់​ក្រុង​ហារ៉ាន។ នៅ​ក្រុង​ហារ៉ាន យ៉ាកុប​បាន​ចាប់​ចិត្ត​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះ​រ៉ាជែល។ ប៉ុន្តែ ឡាបាន់​ដែល​ជា​ឪពុក​របស់​រ៉ាជែល បាន​បញ្ឆោត​យ៉ាកុប​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​បង​ស្រី​របស់​នាង​វិញ។ ក្រោយ​មក ទើប​ឡាបាន់​ឲ្យ​យ៉ាកុប​រៀប​ការ​ជា​មួយ​នឹង​រ៉ាជែល។ ម្ល៉ោះ​ហើយ យ៉ាកុប​មាន​ប្រពន្ធ​ពីរ ហើយ​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​មិន​ចុះ​សម្រុង​នឹង​គ្នា​ទេ។ អស់​ជា​ច្រើន​ឆ្នាំ យ៉ាកុប​ធ្វើ​ការ​ឲ្យ​ឡាបាន់ តែ​ឡាបាន់​កេង​ប្រវ័ញ្ច​ញើស​ឈាម​របស់​គាត់​ម្ដង​ហើយ​ម្ដង​ទៀត។ យ៉ាង​ណា​ក៏​ដោយ យ៉ាកុប​បាន​បង្ហាញ​ចិត្ត​ក្លាហាន ជំនឿ និង​ការ​ចេះ​ស៊ូ​ទ្រាំ។

នៅ​ថ្ងៃ​មួយ ព្រះ​យេហូវ៉ា​បាន​ប្រាប់​យ៉ាកុប​ថា ឥឡូវ​ដល់​ពេល​គាត់​ត្រូវ​ចេញ​ពី​ក្រុង​ហារ៉ាន​ត្រឡប់​ទៅ​ផ្ទះ​ដែល​នៅ​ស្រុក​កាណាន​វិញ។ ប៉ុន្តែ បើ​យ៉ាកុប​ត្រូវ​ចាក​ចេញ​មែន នោះ​គឺ​ជា​រឿង​ពិបាក​ខ្លាំង​ណាស់ ពីព្រោះ​ឡាបាន់​ជា​មនុស្ស​ហួងហែង​និង​លោភ​លន់។ ដូច្នេះ យ៉ាកុប​បាន​ទៅ​ពិគ្រោះ​ជា​មួយ​រ៉ាជែល​និង​លេអា។ រួច​នាំ​ប្រពន្ធ​កូន​ចាក​ចេញ​ដោយ​មិន​ឲ្យ​ឡាបាន់​ដឹង។ លុះ​ឡាបាន់​ដឹង ក៏​ប្រមូល​គ្នា​ដេញ​តាម។ ពេល​តាម​ទាន់ ឡាបាន់​បាន​និយាយ​រិះ​គន់​យ៉ាកុប​យ៉ាង​ចាស់​ដៃ ដោយ​សារ​យ៉ាកុប​ចេញ​ទៅ​មិន​ប្រាប់​គាត់។ ឡាបាន់​ថែម​ទាំង​និយាយ​គំរាម​យ៉ាកុប​ថា​៖ ​«​តាម​ពិត ពុក​អាច​ធ្វើ​បាប​កូន​បាន​»។ ប៉ុន្តែ យ៉ាកុប​មិន​ខ្លាច​និយាយ​ការ​ពារ​ខ្លួន​ទេ។ គាត់​បាន​រៀប​រាប់​ថា ឡាបាន់​បាន​បោក​បញ្ឆោត​និង​ស៊ី​កម្លាំង​ពលកម្ម​គាត់​អស់​ជា​ច្រើន​ឆ្នាំ តែ​ពេល​នោះ​យ៉ាកុប​ក៏​ព្យាយាម​និយាយ​ដោយ​សន្តិ​វិធី​ជា​មួយ​ឡាបាន់​ដែរ។ ដូច្នេះ មុន​នឹង​បែក​ផ្លូវ​គ្នា ពួក​គាត់​ទាំង​ពីរ​នាក់​បាន​សន្យា​ថា​នឹង​មិន​រក​រឿង​គ្នា​ទៀត​ឡើយ។

សាច់​ញាតិ​យ៉ាកុប​ខឹង​គាត់​យ៉ាង​ខ្លាំង តែ​គាត់​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​ពួក​គេ។ គាត់​ក៏​បាន​បោក​ចំបាប់​ជា​មួយ​នឹង​ទេវតា​ដ៏​ខ្លាំង​ក្លា។ ហេតុ​អ្វី​គាត់​អាច​ធ្វើ​ដូច្នេះ​បាន?

ប៉ុន្តែ ឧបសគ្គ​របស់​យ៉ាកុប​មិន​ទាន់​អស់​ទេ។ គាត់​ត្រូវ​ប្រឈម​មុខ​នឹង​អេសាវ​ដែល​ជា​បង​ប្រុស​ភ្លោះ​របស់​គាត់។ ជា​ច្រើន​ឆ្នាំ​មុន​នោះ រេបិកា​ដែល​ជា​ម្ដាយ​របស់​ពួក​គាត់​បាន​ព្រមាន​យ៉ាកុប​ថា​អេសាវ​ចង់​សម្លាប់​យ៉ាកុប ព្រោះ​អេសាវ​គិត​ថា​យ៉ាកុប​បាន​បោក​បញ្ឆោត​គាត់​ដើម្បី​ទទួល​ពរ​ពី​ឪពុក។ ឥឡូវ យ៉ាកុប​កំពុង​រក​វិធី​ដើម្បី​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​អេសាវ។ ប៉ុន្តែ គាត់​បាន​ទទួល​ដំណឹង​ថា អេសាវ​កំពុង​នាំ​បុរស​៤០០​នាក់​សំដៅ​មក​រក​គាត់​និង​ក្រុម​គ្រួសារ។ គម្ពីរ​ចែង​ថា ពេល​នោះ​«​យ៉ាកុប​ភ័យ​ខ្លាច​ណាស់ ហើយ​ខ្វល់​ចិត្ត​ជា​ខ្លាំង​»។ ហេតុ​នេះ យ៉ាកុប​បាន​ចាត់​អ្នក​បម្រើ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​មុន​គាត់ ដោយ​នាំ​យក​អំណោយ​ដ៏​មាន​តម្លៃ​ទៅ​ជូន​អេសាវ​ផង។ ទោះ​ជា​យ៉ាង​ណា​ក្ដី យ៉ាកុប​ប្រហែល​ជា​បារម្ភ​ថា​អំណោយ​របស់​គាត់​មិន​អាច​រម្ងាប់​កំហឹង​បង​ប្រុស​បាន​ឡើយ។ បន្ទាប់​មក ក៏​មាន​ហេតុ​ការណ៍​អស្ចារ្យ​មួយ​កើត​ឡើង។

នៅ​យប់​នោះ​ឯង កាល​ដែល​យ៉ាកុប​នៅ​ម្នាក់​ឯង គាត់​បាន​ឃើញ​បុរស​ប្លែក​មុខ​ម្នាក់។ បុរស​នោះ​គឺ​ទេវតា​របស់​ព្រះ​យេហូវ៉ា ហើយ​ទេវតា​ក៏​ចាប់​ផ្ដើម​បោក​ចំបាប់​ជា​មួយ​យ៉ាកុប។ ពេល​យ៉ាកុប​ដឹង​ថា​បុរស​នោះ​ជា​ទេវតា គាត់​បន្ត​បោក​ចំបាប់​ជា​មួយ​ទេវតា​នោះ​យ៉ាង​ក្លាហាន​ដើម្បី​ទទួល​ពរ។ ទោះ​ជា​យ៉ាកុប​អាយុ​៩៧​ឆ្នាំ ហើយ​គ្មាន​សង្ឃឹម​នឹង​ឈ្នះ​ក៏​ដោយ គាត់​នៅ​តែ​ត​ស៊ូ​បោក​ចំបាប់​ជា​មួយ​ទេវតា​អស់​រាប់​ម៉ោង។ គាត់​ខំ​ប្រឹង​យ៉ាង​ខ្លាំង រហូត​ដល់​ស្រក់​ទឹក​ភ្នែក។ (​ហូ. ១២:៤​) មិន​ថា​យ៉ាង​ណា​ទេ យ៉ាកុប​ប្ដេជ្ញា​ចិត្ត​យក​ឈ្នះ​ទេវតា​នោះ​ឲ្យ​បាន ពីព្រោះ​គាត់​ជឿ​ជាក់​ថា​ពរ​ពី​ព្រះ​យេហូវ៉ា​មាន​តម្លៃ​ណាស់។ ពួក​គាត់​បោក​ចំបាប់​គ្នា​ទាល់​តែ​មេឃ​ទាប​ភ្លឺ រួច​ទេវតា​បាន​លូក​ដៃ​ទៅ​ប៉ះ​សន្លាក់​ឆ្អឹង​ត្រគាក​របស់​យ៉ាកុប ហើយ​ធ្វើ​ឲ្យ​គាត់​ថ្លោះ​ត្រគាក។ ប៉ុន្តែ យ៉ាកុប​មិន​ព្រម​ឈប់​ទេ គាត់​នៅ​តែ​បោក​ចំបាប់​រហូត​ដល់​បាន​ទទួល​ពរ។ តើ​ជា​ពរ​អ្វី? ទេវតា​ប្រាប់​គាត់​ថា ឥឡូវ​គាត់​នឹង​ត្រូវ​ហៅ​ថា​អ៊ីស្រាអែល ដែល​មាន​ន័យ​ថា​«​អ្នក​ត​ស៊ូ​នឹង​ព្រះ​»។ នេះ​ជា​ឈ្មោះ​ដ៏​ស័ក្ដិ​សម​មែន ពីព្រោះ​យ៉ាកុប​មិន​ដែល​បោះ​បង់​ឡើយ គាត់​ខំ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ទទួល​ពរ​ពី​ព្រះ​យេហូវ៉ា។

រួច​មក យ៉ាកុប​ដើរ​ខ្ញើច​ៗ​ទៅ​ជួប​ក្រុម​គ្រួសារ​វិញ។ បន្ទាប់​ពី​គាត់​និង​ក្រុម​គ្រួសារ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត គាត់​បាន​ឃើញ​អេសាវ​និង​បុរស​៤០០​នាក់​ពី​ចម្ងាយ​កំពុង​ឆ្ពោះ​មក​រក​គាត់។ ដូច្នេះ យ៉ាកុប​បាន​ដើរ​ខាង​មុខ​ក្រុម​គ្រួសារ ដើម្បី​ទៅ​រក​អេសាវ​និង​ពួក​បុរស​របស់​អេសាវ។ គាត់​ដើរ​បណ្ដើរ​និង​ក្រាប​គោរព​អេសាវ​បណ្ដើរ​រហូត​ដល់​៧​ដង។ ពេល​អេសាវ​ឃើញ​យ៉ាកុប​ធ្វើ​ដូច្នេះ អេសាវ​មិន​បាន​ហូត​អាវុធ​ទេ តែ​គាត់​រត់​ទៅ​ឱប​ប្អូន​តែ​ម្ដង ហើយ​ពួក​គាត់​ទាំង​ពីរ​នាក់​ក៏​យំ​ជា​មួយ​គ្នា។ នេះ​បញ្ជាក់​ថា​ចិត្ត​ទូលាយ​និង​ចិត្ត​រាប​ទាប​របស់​យ៉ាកុប បាន​ធ្វើ​ឲ្យ​អេសាវ​លែង​ខឹង​ទៀត។ ម្យ៉ាង​ទៀត អេសាវ​ប្រហែល​ជា​កោត​ស្ងើច​យ៉ាកុប ដោយ​សារ​យ៉ាកុប​មាន​ចិត្ត​អង់អាច​ហ៊ាន​មក​ជួប​គាត់។ នៅ​ទី​បំផុត យ៉ាកុប​បាន​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​បង​ប្រុស​របស់​គាត់។

យ៉ាកុប​ដើរ​ខ្ញើច​ៗ​ទៅ​ជួប​អេសាវ​និង​ពួក​បុរស​របស់​គាត់។

យ៉ាកុប​ដើរ​ខ្ញើច​ៗ​អស់​មួយ​ជីវិត​ដោយ​សារ​របួស​ត្រគាក ហើយ​នេះ​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​គាត់​កាន់​តែ​ពិបាក។ ប៉ុន្តែ គាត់​មិន​ដែល​ស្ដាយ​ក្រោយ​ដែល​សម្រេច​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ឬ​បោក​ចំបាប់​ជា​មួយ​ទេវតា​ឡើយ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​ជា​មួយ​យ៉ាកុប​បាន​កើត​ឡើង​មែន គឺ​អ៊ីស្រាអែល​ក្លាយ​ជា​ប្រជា​ជាតិ​ដ៏​ធំ​មួយ។ (​ដក. ២៨:១៤​) ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​ច្រើន​តែ​បាន​ត្រូវ​ហៅ​ថា​«​ព្រះ​នៃ​យ៉ាកុប​»។ (​ដច. ៣:៦​) លោក​យេស៊ូ​ក៏​បាន​ប្រើ​ពាក្យ​នោះ​ដែរ។ លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ព្រះ​យេហូវ៉ា​«​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ តែ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ ព្រោះ​លោក​ចាត់​ទុក​ថា​ពួក​គេ​ទាំង​អស់​គ្នា​កំពុង​រស់​នៅ​»។ (​លូក. ២០:៣៧, ៣៨​) ដូច្នេះ នៅ​ក្នុង​ពិភព​លោក​ថ្មី យ៉ាកុប​នឹង​មាន​អាយុ​វែង​រាប់​មិន​បាន ហើយ​រស់​នៅ​ដោយ​សប្បាយ​រីករាយ និង​គ្មាន​ទុក្ខ​លំបាក​ទាល់​តែ​សោះ។

សូម​អាន​កំណត់​ហេតុ​គម្ពីរ

  • ដើម​កំណើត ២៧:៤១​-​៤៥; ៣១:១​-​២៩, ៣៦​-​៥៥; ៣២:១–៣៣:១៦

សម្រាប់​ការ​ពិគ្រោះ

តើ​យ៉ាកុប​បាន​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

បង្កើន​ចំណេះ

  1. ១. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ប្រាកដ​ថា​យ៉ាកុប​ទទួល​សិទ្ធិ​ជា​កូន​ច្បង មិន​មែន​អេសាវ? (​w​០៣ ១៥/១០ ទំ.២៩ វ.២​)

  2. ២.តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យ៉ាកុប​សុបិន​ឃើញ​អ្វី? ហើយ​តើ​នោះ​បាន​ពង្រឹង​ទំនុក​ចិត្ត​គាត់​យ៉ាង​ណា? (​w​០៣ ១៥/១០ ទំ.២៨ វ.៣–ទំ.២៩ វ.១​) ក

    ទេវតា​ឡើង​ចុះ​តាម​ជណ្ដើរ​រវាង​ស្ថាន​សួគ៌​និង​ផែន​ដី។

    រូប​ភាព ក

  3. ៣.ហេតុ​អ្វី​យ៉ាកុប​ជឿ​ជាក់​ថា​គាត់​អាច​ទទួល​ពរ​ពី​ទេវតា? (​w​០៣ ១៥/១០ ទំ.៣១ វ.១​) ខ

    យ៉ាកុប​ជួប​ទេវតា​មួយ​រូប ហើយ​ប្រុង​ប្រៀប​នឹង​បោក​ចំបាប់​ជា​មួយ​ទេវតា​នោះ។

    រូប​ភាព ខ

  4. ៤. តើ​យ៉ាកុប​បាន​ចាត់​វិធានការ​យ៉ាង​ណា​ខ្លះ​ដើម្បី​ការ​ពារ​ក្រុម​គ្រួសារ​គាត់​ពី​ឥទ្ធិពល​អាក្រក់​របស់​ពួក​កាណាន? (​w​៩៥ ១៥/៩ ទំ.២១ វ.៤​)

រំពឹង​គិត​ដើម្បី​ទាញ​មេ​រៀន

  • យ៉ាកុប​តាំង​ចិត្ត​ថែ​រក្សា​ចៀម​ទាំង​អស់​របស់​ឡាបាន់​ឲ្យ​បាន​ល្អ។ (​ដក. ៣១:៣៨​-​៤០​) តើ​តាម​របៀប​ណា​គ្រិស្ត​សាសនិក​ដែល​ជា​គង្វាល​នៅ​សព្វ​ថ្ងៃ អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​ចៀម​របស់​ព្រះ​យេហូវ៉ា? គ

    បណ្ដុំ​រូប​ភាព​៖ អ្នក​ចាស់​ទុំ​វ័យ​ក្មេង​ម្នាក់​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បង​ប្រុស​វ័យ​ចាស់​ម្នាក់​ក្នុង​ក្រុម​ជំនុំ។ រូប​ភាព​នីមួយ​ៗ​បាន​ត្រូវ​បង្ហាញ​ជា​បន្ត​បន្ទាប់។ អ្នក​ចាស់​ទុំ​វ័យ​ក្មេង​ម្នាក់​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្រុស​វ័យ​ចាស់​ម្នាក់​នៅ​ផ្ទះ​របស់​គាត់។ អ្នក​ចាស់​ទុំ​នោះ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពេល​បង​ប្រុស​វ័យ​ចាស់​និយាយ​អំពី​អារម្មណ៍​របស់​ខ្លួន។ ក្រោយ​មក អ្នក​ចាស់​ទុំ​នោះ​ផ្ញើ​សារ​ទៅ​បង​ប្រុស​វ័យ​ចាស់​ថា​៖ ​«​ខ្ញុំ​កំពុង​សម្រាក​បាយ​ថ្ងៃ ហើយ​ក៏​នឹក​ដល់​បង។ បង​មាន​អារម្មណ៍​ល្អ​ជាង​ទេ?​»។ បង​ប្រុស​វ័យ​ចាស់​នោះ​ក៏​តប​ថា​៖ ​«​អរគុណ​ប្អូន​សេម! ថ្ងៃ​នេះ​បង​មាន​អារម្មណ៍​ល្អ​ជាង​»។ អ្នក​ចាស់​ទុំ​និង​បង​ប្រុស​វ័យ​ចាស់​នោះ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។ បង​ប្រុស​វ័យ​ចាស់​នោះ​ពន្យល់​បទ​គម្ពីរ​យ៉ាង​មាន​ទំនុក​ចិត្ត​ដល់​បុរស​ម្នាក់​ដែល​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ។

    រូប​ភាព គ

  • ពេល​យ៉ាកុប​ភ័យ​ខ្លាច គាត់​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ (​ដក. ៣២:៦​-​១២​) ស្ដី​អំពី​ការ​អធិដ្ឋាន​របស់​យ៉ាកុប តើ​អ្នក​ទាញ​មេ​រៀន​អ្វី?

  • តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ចិត្ត​ក្លាហាន​ដូច​យ៉ាកុប?

រំពឹង​គិត​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​លោក

  • តើ​កំណត់​ហេតុ​នេះ​បង្រៀន​ខ្ញុំ​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

  • តើ​កំណត់​ហេតុ​នេះ​ទាក់​ទង​យ៉ាង​ណា​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា?

  • ពេល​យ៉ាកុប​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​ខ្ញុំ​ចង់​សួរ​គាត់​អំពី​រឿង​អ្វី​ខ្លះ?

រៀន​ថែម​ទៀត

ពេល​ដឹង​ថា​យើង​បាន​ធ្វើ​ឲ្យ​បង​ប្អូន​រួម​ជំនឿ​ឈឺ​ចិត្ត តើ​យើង​អាច​ធ្វើ​តាម​គំរូ​យ៉ាកុប​យ៉ាង​ដូច​ម្ដេច?

​«​ចូរ​បន្ត​‹ស្ដាប់​បង្គាប់​លោក›​»​ (​w​២១.១២ ទំ.២៥​-​២៧ វ.១០​-​១៨​)

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក