បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wcg ទំ. ២៤៦-២៥៥
  • ​«​ចូរ​មាន​ចិត្ត​ក្លាហាន​»​

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ​«​ចូរ​មាន​ចិត្ត​ក្លាហាន​»​
  • ក្លាហានធ្វើអ្វីដែលព្រះពេញចិត្ត
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • សារៈ​សំខាន់​នៃ​ការ​អធិដ្ឋាន
  • ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!​»​
  • ‹ចូរមានចិត្តក្លាហានឡើង ហើយធ្វើសំរេចកិច្ចការចុះ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • អ្នក​អាច​មាន​ចិត្ត​ក្លាហាន!
    ក្លាហានធ្វើអ្វីដែលព្រះពេញចិត្ត
  • ‹ចូរមានកម្លាំងនិងចិត្ដក្លាហាន›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • សូមជួយខ្ញុំឲ្យក្លាហាន
    ចូរ«ច្រៀងដោយអំណរ»ជូនព្រះយេហូវ៉ា
មើលបន្ថែមទៀត
ក្លាហានធ្វើអ្វីដែលព្រះពេញចិត្ត
wcg ទំ. ២៤៦-២៥៥

សេចក្ដី​បញ្ចប់

​«​ចូរ​មាន​ចិត្ត​ក្លាហាន​»​

ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ
ឯកសារជាសៀវភៅ

១. តើ​យើង​អាច​រៀន​អ្វី​ទៀត​ពី​គម្ពីរ​អំពី​ចិត្ត​ក្លាហាន?

សៀវភៅ​នេះ​បាន​មក​ដល់​ទី​បញ្ចប់​ហើយ! ប៉ុន្តែ តើ​នៅ​មាន​អ្វី​ថែម​ទៀត​ដែល​យើង​អាច​រៀន​អំពី​ចិត្ត​ក្លាហាន​ឬ​ទេ? មាន។ ទី​១ សូម​ចាំ​ថា ក្នុង​សៀវភៅ​នេះ​មិន​បាន​លើក​ឡើង​ទាំង​អស់​អំពី​គំរូ​របស់​បុគ្គល​ដែល​មាន​ចិត្ត​ក្លាហាន​ទេ។ ទី​២ នៅ​មាន​អ្វី​មួយ​ចំនួន​ទៀត​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​មាន​ចិត្ត​ក្លាហាន ហើយ​ចំណុច​នេះ​នឹង​ត្រូវ​លើក​បញ្ជាក់​ក្នុង​ជំពូក​នេះ។

២. តើ​អ្នក​បម្រើ​ស្មោះ​ត្រង់​ណា​ខ្លះ​ទៀត​ដែល​បាន​បង្ហាញ​ចិត្ត​ក្លាហាន?

២ ក្រៅ​ពី​បុគ្គល​ដែល​បាន​ត្រូវ​លើក​ឡើង​ក្នុង​សៀវភៅ​នេះ តើ​អ្នក​អាច​នឹក​ឃើញ​ដល់​បុគ្គល​ផ្សេង​ទៀត​ក្នុង​គម្ពីរ​ដែល​បង្ហាញ​ចិត្ត​ក្លាហាន​ឬ​ទេ? អ្នក​ប្រហែល​ជា​នឹក​ឃើញ​ពួក​អ្នក​ប្រកាស​ទំនាយ​ខ្លះ​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ​ដូច​ជា អេសាយ យេរេមា អេសេគាល យ៉ូណាស ឬ​ម៉ាឡាគី​ជា​ដើម។ ពិត​ណាស់ ពាក្យ​ដែល​ប៉ូល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ក៏​បាន​សំដៅ​ទៅ​លើ​បុរស​ទាំង​នេះ​ដែរ។ ប៉ូល​បាន​សរសេរ​ថា អ្នក​ខ្លះ​«​បាន​ត្រូវ​ល្បង​ល​ដោយ​ការ​ចំអក​មើល​ងាយ ត្រូវ​គេ​វាយ ថែម​ទាំង​ត្រូវ​គេ​ដាក់​គុក​ដាក់​ច្រវាក់​ទៀត​ផង​»។ គាត់​ក៏​បាន​ប្រាប់​បន្ថែម​ថា រីឯ​អ្នក​ខ្លះ​ទៀត​រង​ការ​«​ខ្វះ​ខាត រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ធ្វើ​បាប​»​ ហើយ​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់។ (​ហេ. ១១:៣៦, ៣៧​) យ៉ាង​ណា​ក៏​ដោយ ពួក​គាត់​បាន​តាំង​ចិត្ត​ក្លាហាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។

៣​-​៤. តើ​តាម​របៀប​ណា​ស្ត្រី​ពីរ​នាក់​ដែល​គម្ពីរ​មិន​បាន​ប្រាប់​ឈ្មោះ​បាន​ជួយ​សង្គ្រោះ​ស្ដេច​ដាវីឌ​ក្នុង​គ្រា​ដ៏​គ្រោះ​ថ្នាក់?

៣ មាន​បុគ្គល​ដ៏​អង់អាច​ជា​ច្រើន​នាក់​ទៀត​ដែល​គម្ពីរ​មិន​បាន​ប្រាប់​ឈ្មោះ​ទេ។ ឧទាហរណ៍​អំពី​គំរូ​របស់​ស្ត្រី​ពីរ​នាក់​នៅ​សម័យ​ដាវីឌ។ ពួក​នាង​បាន​ជួយ​ដាវីឌ ពេល​អាប់សាឡំ​ជា​កូន​របស់​គាត់​ព្យាយាម​សម្លាប់​ឪពុក​ខ្លួន។ អាប់សាឡំ​ជា​មនុស្ស​មាន​អំណួត និង​មាន​ចិត្ត​កាច​សាហាវ គាត់​ប៉ុន​ប៉ង​ដណ្ដើម​រាជ្យ​របស់​ឪពុក។ ដូច្នេះ ដាវីឌ​ត្រូវ​បង្ខំ​ចិត្ត​រត់​គេច​ខ្លួន​ចេញ​ពី​ក្រុង​យេរូសាឡិម។ ក្រោយ​មក ដាវីឌ​បាន​សុំ​សេដុក​ជា​សង្ឃ​ដ៏​អង់អាច​ម្នាក់ ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ដើម្បី​ស៊ើប​ការណ៍​ពី​គម្រោង​បន្ទាប់​របស់​អាប់សាឡំ។ រួច​មក សេដុក​ត្រូវ​រាយ​ការណ៍​ប្រាប់​ដាវីឌ​វិញ។ សេដុក​បាន​ធ្វើ​ដូច្នោះ​មែន ពេល​គាត់​បាន​ស៊ើប​ដឹង​អំពី​គម្រោង​ការ​របស់​អាប់សាឡំ គាត់​ក៏​ចាត់​«​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​បម្រើ​»​ឲ្យ​ទៅ​ប្រាប់​ដំណឹង​នោះ​ដល់​ដាវីឌ។ គម្ពីរ​មិន​បាន​ចែង​អំពី​ឈ្មោះ​របស់​ស្ត្រី​នេះ​ទេ។ យ៉ាង​ណា​មិញ នាង​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដោយ​ប្រថុយ​ជីវិត​នាំ​ដំណឹង​ទៅ​ប្រាប់​បុរស​ស្មោះ​ត្រង់​ពីរ​នាក់​របស់​ដាវីឌ។ រួច​មក បុរស​ទាំង​ពីរ​នាក់​នោះ​ក៏​នាំ​ដំណឹង​ទៅ​ប្រាប់​ដាវីឌ។ ប៉ុន្តែ នៅ​តាម​ផ្លូវ យុវជន​ម្នាក់​បាន​ឃើញ​ពួក​គេ ហើយ​ក៏​ទៅ​ប្រាប់​អាប់សាឡំ។ ដូច្នេះ បុរស​ពីរ​នាក់​នោះ​ចុះ​ទៅ​លាក់​ខ្លួន​ក្នុង​អណ្ដូង​មួយ។ ពេល​នោះ ស្ត្រី​ម្នាក់​ទៀត​ដែល​គម្ពីរ​មិន​បាន​ចែង​ឈ្មោះ នាង​ត្រូវ​ជា​ប្រពន្ធ​របស់​ម្ចាស់​អណ្ដូង បាន​យក​ក្រណាត់​ទៅ​គ្រប​លើ​អណ្ដូង​ភ្លាម​ៗ ហើយ​រោយ​កម្ទេច​អង្ករ​លើ​ក្រណាត់ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដឹង​ថា​បុរស​ទាំង​ពីរ​នាក់​នោះ​នៅ​ក្នុង​អណ្ដូង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពេល​ពួក​បុរស​របស់​អាប់សាឡំ​មក​តាម​រក​បុរស​ពីរ​នាក់​នោះ នាង​ក៏​បាន​ជួយ​បង្វែរ​ដាន​ពួក​គេ​ទៀត​ផង។ ស្ត្រី​ដ៏​ក្លាហាន​ទាំង​ពីរ​នាក់​នេះ បាន​ជួយ​ការ​ពារ​ជីវិត​របស់​ដាវីឌ ជា​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស។—២សាំ. ១៥:២៣​-​៣៧; ១៧:៨​-​២២

បណ្ដុំ​រូប​ភាព​៖ ស្ត្រី​ពីរ​នាក់​ដែល​គម្ពីរ​មិន​បាន​ប្រាប់​ឈ្មោះ បាន​បង្ហាញ​ចិត្ត​ក្លាហាន​ជួយ​សង្គ្រោះ​ស្ដេច​ដាវីឌ។ ១. ស្ត្រី​បម្រើ​ម្នាក់​កំពុង​និយាយ​ជា​មួយ​អ្នក​បម្រើ​ពីរ​នាក់​របស់​ដាវីឌ។ ២. ស្ត្រី​ដែល​បាន​លាក់​អ្នក​បម្រើ​ពីរ​នាក់​របស់​ដាវីឌ​ក្នុង​អណ្ដូង​របស់​ប្ដី​នាង កំពុង​គិត​ពិចារណា​អំពី​អ្វី​ដែល​នាង​ទើប​តែ​បាន​ធ្វើ កាល​អ្នក​បម្រើ​ពីរ​នាក់​នោះ​ដើរ​ចេញ​ឆ្ងាយ​ពី​ផ្ទះ​របស់​នាង។

ស្ត្រី​បម្រើ​ដែល​មាន​ចិត្ត​ក្លាហាន និង​ស្ត្រី​អង់អាច​ដែល​មាន​ប្ដី​ជា​ម្ចាស់​អណ្ដូង

៤ ក្នុង​គម្ពីរ​លើក​ឡើង​អំពី​បុគ្គល​ជា​ច្រើន​ដែល​មាន​ចិត្ត​ក្លាហាន មាន​ទាំង​បុរស ស្ត្រី អ្នក​មាន អ្នក​ក្រ អ្នក​មាន​មុខ​មាត់ អ្នក​មាន​ទេព​កោសល្យ អ្នក​ដែល​គម្ពីរ​ប្រាប់​ឈ្មោះ និង​អ្នក​ដែល​គម្ពីរ​មិន​បាន​ប្រាប់​ឈ្មោះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​គាត់​ម្នាក់​ៗ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​គាំទ្រ​ព្រះ​យេហូវ៉ា។ កំណត់​ហេតុ​អំពី​ពួក​គាត់​អាច​ផ្ដល់​ប្រយោជន៍​ច្រើន​ណាស់​ដល់​យើង។

សារៈ​សំខាន់​នៃ​ការ​អធិដ្ឋាន

៥​-​៧. ពេល​ប៉ូល​រង​ការ​បៀតបៀន​យ៉ាង​ខ្លាំង តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​ក្លាហាន?

៥ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​មាន​ចិត្ត​ក្លាហាន​ដូច​បុរស​ស្ត្រី​ក្នុង​គម្ពីរ? យើង​ត្រូវ​ដឹង​ថា ពួក​គាត់​មិន​មែន​អង់អាច​ដោយ​ស្វ័យ​ប្រវត្តិ​ឡើយ។ ពួក​គាត់​មាន​ចិត្ត​ក្លាហាន​ហើយ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ក៏​មិន​មែន​ដោយ​សារ​ពួក​គាត់​មាន​សមត្ថភាព​ពិសេស​នោះ​ដែរ។ តាម​ពិត​ទៅ មាន​អ្វី​ដែល​លើស​ពី​នោះ​បាន​ជួយ​ពួក​គាត់​ឲ្យ​មាន​ចិត្ត​ក្លាហាន។ តើ​នោះ​ជា​អ្វី?

៦ សូម​គិត​អំពី​គំរូ​របស់​សាវ័ក​ប៉ូល។ កាល​ដែល​គាត់​និង​ស៊ីឡាស​នៅ​ក្រុង​ភីលីព មនុស្ស​មួយ​ក្រុម​បាន​វាយ​ប្រហារ​ពួក​គាត់។ ពួក​គេ​ចាប់​ហែក​សម្លៀក​បំពាក់​របស់​ពួក​គាត់ ហើយ​វាយ​ពួក​គាត់​ជា​ច្រើន​ដំបង រួច​ចាប់​ពួក​គាត់​បោះ​ទៅ​ក្នុង​គុក​ងងឹត ហើយ​ដាក់​ខ្នោះ​ជើង​ពួក​គាត់។ (​សកម្ម. ១៦:១២, ១៩​-​២៤​) ក្រោយ​ពី​ប៉ូល​បាន​ត្រូវ​ដោះ​លែង​ពី​គុក តើ​គាត់​ភ័យ​ខ្លាច​លែង​ហ៊ាន​ផ្សព្វ​ផ្សាយ​ទៀត​ឬ​ទេ? ទោះ​ជា​គាត់​អាច​មាន​អារម្មណ៍​បែប​នោះ ក៏​មិន​ចម្លែក​ដែរ ព្រោះ​គាត់​ជា​មនុស្ស​ដូច​យើង។ ប៉ុន្តែ គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​គាត់​បន្ត​ផ្សព្វ​ផ្សាយ។ ដូច្នេះ គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ដៅ​បន្ទាប់ គឺ​ក្រុង​ថែស្សាឡូនិច​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ។ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​មាន​កម្លាំង​និង​ចិត្ត​ក្លាហាន​ដែល​គាត់​ត្រូវ​ការ?

៧ ក្រោយ​មក ប៉ូល​បាន​សរសេរ​ថា​៖ ​«​ដូច​អ្នក​រាល់​គ្នា​ដឹង​ហើយ ទោះ​ជា​នៅ​ពេល​ដំបូង​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​គ្មាន​ការ​គោរព​មក​លើ​យើង​នៅ​ក្រុង​ភីលីព​ក៏​ដោយ យើង​បាន​តាំង​ចិត្ត​ក្លាហាន​ដោយ​សារ​ព្រះ​របស់​យើង ដើម្បី​ប្រាប់​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា ទាំង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បៀតបៀន​យ៉ាង​ខ្លាំង​»។ (​១ថែ. ២:២​) ប៉ូល​ដឹង​ថា គាត់​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះ​សុំ​គាត់​ឲ្យ​ធ្វើ។ ប៉ុន្តែ តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​មាន​ចិត្ត​មោះ​មុត? ប្រាកដ​ណាស់ គឺ​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​គាត់ មិន​មែន​ដោយ​សារ​ប៉ូល​មាន​សមត្ថភាព​ពិសេស​ណា​មួយ​ដែល​នាំ​ឲ្យ​គាត់​មាន​ចិត្ត​ក្លាហាន​នោះ​ទេ។ ព្រះ​បាន​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​ប៉ូល ដោយ​សារ​គាត់​បង្ហាញ​ចិត្ត​រាប​ទាប​សុំ​លោក​ជួយ​គាត់​ឲ្យ​មាន​ចិត្ត​ក្លាហាន។

៨. ដូច​ប៉ូល តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មាន​ចិត្ត​ក្លាហាន?

៨ អ្នក​ក៏​អាច​ធ្វើ​ដូច​ប៉ូល​ដែរ។ ទោះ​ជា​អ្នក​ជា​មនុស្ស​អៀន​ខ្មាស ខ្វះ​ចិត្ត​មោះ​មុត ឬ​ខ្វះ​សមត្ថភាព​ក្ដី សូម​កុំ​បារម្ភ​ឡើយ។ សំខាន់​សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា អង្វរ​សុំ​លោក​ឲ្យ​ជួយ​អ្នក​មាន​ចិត្ត​អង់អាច​ក្លាហាន​តាម​ដែល​អ្នក​ត្រូវ​ការ។—សកម្ម. ៤:២៩

៩. ហេតុ​អ្វី​យើង​ត្រូវ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​មាន​ជំនឿ​ថែម​ទៀត?

៩ ម្យ៉ាង​ទៀត អ្នក​អាច​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​អ្នក​មាន​ជំនឿ​ថែម​ទៀត។ ជំនឿ​ជា​ផល​មួយ​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ (​កាឡ. ៥:២២, ២៣​) ជំនឿ​ក៏​នឹង​ជួយ​អ្នក​ឲ្យ​យក​ឈ្នះ​សាថាន ហើយ​បន្ត​ស្មោះ​ត្រង់​ចំពោះ​លោក​ត​ទៅ​ទៀត​ដែរ។ (​អេភ. ៦:១៦​) ជំនឿ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​គម្ពីរ​ចែង​ថា យើង​អាច​ឈ្នះ​ពិភព​លោក​នេះ​ដោយ​សារ​ជំនឿ។ (​១​យ៉ូន. ៥:៤​) អ្នក​អាច​មាន​ចិត្ត​ក្លាហាន បើ​អ្នក​មាន​ជំនឿ​លើ​ព្រះ​យេហូវ៉ា។ ពេល​អ្នក​ទុក​ចិត្ត​ទាំង​ស្រុង​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ពេល​អ្នក​ត្រូវ​ការ​ជំនួយ នោះ​អ្នក​នឹង​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង។ ដូច​ពួក​សាវ័ក​របស់​លោក​យេស៊ូ​ដែរ យើង​ត្រូវ​បន្ដ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​«​មាន​ជំនឿ​ថែម​ទៀត​»។—លូក. ១៧:៥

​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!​»​

១០​-​១១. ហេតុ​អ្វី​ពាក្យ​សម្ដី​របស់​ប៉ូល​បាន​ជួយ​គ្រិស្ត​សាសនិក​ដែល​នៅ​ក្នុង​ក្រុង​និង​នៅ​ជិត​ៗ​ក្រុង​យេរូសាឡិម​ឲ្យ​មាន​ចិត្ត​ក្លាហាន?

១០ លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា ក្រុង​យេរូសាឡិម​នឹង​រង​ការ​ហិន​វិនាស​យ៉ាង​ធ្ងន់​ធ្ងរ​ក្រៃ​លែង។ ប៉ុន្មាន​ឆ្នាំ​មុន​ដែល​រឿង​នោះ​កើត​ឡើង ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​កាន់​បង​ប្អូន​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្នុង​ក្រុង​និង​នៅ​ជិត​ៗ​ក្រុង​យេរូសាឡិម ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​សម្រាប់​គ្រា​ដ៏​លំបាក​បំផុត ដែល​នឹង​កើត​ឡើង​មិន​យូរ​ទៀត។ (​លូក. ១៩:៤១​-​៤៤; ២១:២០​-​២៤​) តើ​ប៉ូល​បាន​និយាយ​អ្វី​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​មាន​ចិត្ត​ក្លាហាន? គាត់​បាន​រំលឹក​ពួក​គេ​អំពី​ពាក្យ​សន្យា​របស់​ព្រះ​យេហូវ៉ា។ ពាក្យ​សន្យា​នោះ​បាន​ត្រូវ​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ផ្ដើម​នៃ​សៀវភៅ​នេះ​ថា​៖ ​«​ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ហើយ​ខ្ញុំ​ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ​»។ តើ​ពាក្យ​សន្យា​របស់​លោក​បាន​ជួយ​ពួក​គេ​យ៉ាង​ដូច​ម្ដេច? ប៉ូល​បាន​បន្ថែម​ថា​៖ ​«​ហេតុ​នេះ​ហើយ​បាន​ជា​យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ?›​»។—ហេ. ១៣:៥, ៦

១១ ទោះ​ជា​គម្ពីរ​មិន​បាន​រៀប​រាប់​យ៉ាង​ចំ​ៗ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង ពេល​ពួក​រ៉ូម​មក​បំផ្លាញ​ក្រុង​យេរូសាឡិម​នា​ឆ្នាំ​៧០ គ.ស.​ក្ដី យើង​អាច​ប្រាកដ​ថា គ្រិស្ត​សាសនិក​ដែល​ស្មោះ​ត្រង់​នឹង​ធ្វើ​តាម​អ្វី​ដែល​ប៉ូល​បាន​ប្រាប់។ ពិត​មែន ពួក​គេ​បាន​បង្ហាញ​ចិត្ត​អង់អាច​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ ដោយ​«​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ​»​ចំ​ពេល​ត្រឹម​ត្រូវ​តែ​ម្ដង។—លូក. ២១:២០, ២១

១២. (​ក​) ពេល​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក តើ​អ្នក​អាច​មាន​ចិត្ត​ក្លាហាន​ដោយ​របៀប​ណា? (​ខ​) នៅ​សព្វ​ថ្ងៃ តើ​បង​ប្អូន​ខ្លះ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ចំណង​ជើង​ថា ​«​ចូរ​យក​តម្រាប់​ចិត្ត​ក្លាហាន​របស់​ពួក​គាត់​»​)

១២ ដូច​ពួក​គេ​ដែរ ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ចិត្ត​ក្លាហាន​ឲ្យ​អ្នក​ពេល​ដែល​អ្នក​ត្រូវ​ការ មិន​ថា​នៅ​ឥឡូវ​ឬ​នៅ​ពេល​ខាង​មុខ​ទេ។ (​អេគ. ៣៨:១, ២, ១០​-​១២; ម៉ាថ. ២៤:២១​) សូម​ចាំ​មិន​ភ្លេច​ថា ព្រះ​យេហូវ៉ា​បាន​សន្យា​ការ​ពារ​យើង​ពី​សាថាន និង​ពី​អស់​អ្នក​ដែល​គាំទ្រ​វា។ (​អេគ. ៣៨:១៩​-​២៣; ២ថែ. ៣:៣​) ព្រះ​នឹង​មិន​បោះ​បង់​អស់​អ្នក​ដែល​ស្រឡាញ់​និង​ស្មោះ​ត្រង់​ចំពោះ​លោក​ឡើយ។ អ្វី​ដែល​លោក​បាន​ប្រាប់​យ៉ូស្វេ ក៏​ដូច​ជា​ប្រាប់​អ្នក​ដែរ គឺ​ថា​អ្នក​ត្រូវ​«​មាន​ចិត្ត​ក្លាហាន​ហើយ​រឹង​មាំ​ខ្លាំង​ក្លា​»​! (​យ៉ូស. ១:៧, ៩, ១៨​) ម្យ៉ាង​ទៀត សូម​ចាំ​ជា​និច្ច​អំពី​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​ទៅ​កាន់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង!​»។ លោក​យេស៊ូ​បាន​សន្យា​ចាត់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​បិតា​លោក​ឲ្យ​ជួយ និង​ពង្រឹង​ចិត្ត​ក្លាហាន​របស់​អ្នក ដើម្បី​អ្នក​អាច​យក​ឈ្នះ​បញ្ហា​ណា​ក៏​ដោយ​ដែល​អ្នក​ជួប។ (​យ៉ូន. ១៤:២៦; ១៥:២៦, ២៧; ១៦:៣៣​) អ្នក​ប្រាកដ​ជា​អាច​មាន​ចិត្ត​ក្លាហាន!

បណ្ដុំ​រូប​ភាព​៖ បង​ប្អូន​ប្រុស​ស្រី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​ចិត្ត​ក្លាហាន។ ១. នៅ​ក្នុង​ថ្នាក់​រៀន ប្អូន​ស្រី​វ័យ​ជំទង់​ម្នាក់​ញញឹម​ដោយ​មាន​ទំនុក​ចិត្ត កាល​ដែល​នាង​កាន់​សៀវភៅ​សាលា​និង​សៀវភៅ​ស្ដើង​៖ ​«​តើ​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត​ឬ​ទេ?​»។ ២. នៅ​ជំរំ​ជន​ភៀស​ខ្លួន ឪពុក​ម្ដាយ​កំពុង​ឱប​កូន​ស្រី​តូច​ទាំង​ទឹក​មុខ​ញញឹម។ ៣. នៅ​ក្នុង​បន្ទប់​គុក ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​ឈរ​កាន់​ចម្រឹង​គុក​ទាំង​ទឹក​មុខ​រីករាយ។

មិន​ថា​យើង​ជួប​ទុក្ខ​វេទនា​បែប​ណា​ទេ ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ប្រើ​ឫទ្ធានុភាព​បរិសុទ្ធ​ដើម្បី​ពង្រឹង​ចិត្ត​ក្លាហាន​របស់​យើង។ ដូច្នេះ យើង​អាច​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ទាំង​នោះ​បាន

ចូរ​យក​តម្រាប់​ចិត្ត​ក្លាហាន​របស់​ពួក​គាត់

ម៉ាធិន និង​ហ្គឺតធ្រូត ផូស៊ីងហ្គើ

ម៉ាធិន​និង​ហ្គឺតធ្រូត ផូស៊ីងហ្គើ។

ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ម៉ាធិន​និង​ហ្គឺតធ្រូត​ពោរ​ពេញ​ដោយ​ភាព​រីករាយ ពួក​គាត់​សប្បាយ​ត្រួស​ត្រាយ​ពេញ​ពេល​ជា​មួយ​គ្នា។ ប៉ុន្តែ ភាព​សប្បាយ​រីករាយ​នោះ​បាន​ត្រឹម​តែ​បី​ខែ​កន្លះ​ប៉ុណ្ណោះ។ ហេតុ​អ្វី? ដោយ​សារ​របប​ណាត្ស៊ី​របស់​អាដុលហ្វ៍ ហ៊ីត្លែរ បាន​ពង្រាត់​ពួក​គាត់។ សូម​មើល​ដំណើរ​រឿង​នេះ​៖ នៅ​ឆ្នាំ​១៩៣៦ ស្រាប់​តែ​ម៉ាធិន​ដែល​ជា​ប្ដី​បាន​ត្រូវ​ចាប់​ខ្លួន ហើយ​បញ្ជូន​ទៅ​ជំរំ​ឃុំ​ឃាំង​ភូមិ​ដាខាវ។ ក្រោយ​មក ហ្គឺតធ្រូត​ដែល​ជា​ប្រពន្ធ​ក៏​បាន​ត្រូវ​ចាប់​ខ្លួន​ដែរ។ អស់​៩​ឆ្នាំ​ពួក​គាត់​មិន​បាន​ជួប​មុខ​គ្នា​ទេ។ ក្នុង​រយៈ​ពេល​នោះ ពួក​គាត់​មិន​ដឹង​ថា​គូ​របស់​ខ្លួន​ស្លាប់​ឬ​រស់​ឡើយ។ ប៉ុន្តែ ពួក​គាត់​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​យេហូវ៉ា។ រួច​មក ម៉ាធិន​បាន​ត្រូវ​បញ្ជូន​ទៅ​ជំរំ​ឃុំ​ឃាំង​ម៉ោតោសិន។ នៅ​ទី​នោះ គេ​ធ្វើ​បាប​គាត់​យ៉ាង​ឃោរឃៅ​បំផុត។ ចំណែក​ហ្គឺតធ្រូត​វិញ នាង​បាន​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​តែ​ម្នាក់​ឯង​អស់​បី​ឆ្នាំ​កន្លះ។ បន្ទាប់​មក គេ​ដាក់​គុក​នាង​បួន​ឆ្នាំ​ទៀត​នៅ​ជំរំ​ឃុំ​ឃាំង​រ៉ាវិនប្រុក។ ពេល​សង្គ្រាម​លោក​លើក​ទី​២​ចប់​នៅ​ឆ្នាំ​១៩៤៥ ទើប​នាង​ដឹង​ថា​ប្ដី​របស់​នាង​នៅ​រស់​ទេ។ ដូច្នេះ នាង​បាន​ទៅ​ជួប​មន្ត្រី​យោធា​ជាន់​ខ្ពស់​មួយ​រូប ដើម្បី​អង្វរ​សុំ​គាត់​ឲ្យ​ដោះ​លែង​ប្ដី​របស់​នាង។ គេ​មិន​ត្រឹម​តែ​ដោះ​លែង​ប្ដី​នាង​ប៉ុណ្ណោះ​ទេ តែ​ក៏​ដោះ​លែង​សាក្សី​១០០​នាក់​ទៀត ចេញ​ពី​ជំរំ​ឃុំ​ឃាំង​ម៉ោតោសិន​ដ៏​សាហាវ​នោះ​ដែរ។ ទី​បំផុត ម៉ាធិន​និង​ហ្គឺតធ្រូត​បាន​ជួប​គ្នា​វិញ ហើយ​ពួក​គាត់​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល​ម្ដង​ទៀត។ ក្រោយ​មក ពួក​គាត់​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​បម្រើ​នៅ​បេតអែល​ប៊្រុគ្លីន​រដ្ឋ​ញូវយ៉ក ហើយ​ម៉ាធិន​បាន​ក្លាយ​ទៅ​ជា​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា។ ម៉ាធិន​ច្រើន​តែ​ប្រាប់​បង​ប្អូន​ថា​៖ ​«​ចិត្ត​ក្លាហាន​ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​មួយ!​»។ ពួក​គាត់​ទាំង​ពីរ​នាក់​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ និង​ដោយ​អំណរ​ពេញ​មួយ​ជីវិត។

​«​ចិត្ត​ក្លាហាន​ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​មួយ!​»​—រៀប​រាប់​ដោយ​បង​ផូស៊ីងហ្គើ

វ៉ាលិនទីណា កាណូស្ខាយ៉ា

វ៉ាលិនទីណា កាណូស្ខាយ៉ា។

វ៉ាលិនទីណា​រស់​នៅ​ប្រទេស​បេឡារុស។ នាង​បាន​ជួប​សាក្សី​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៤៥។ ពេល​នោះ​នាង​មាន​អាយុ​ខ្ទង់​២០​ឆ្នាំ។ សាក្សី​បាន​ប្រាប់​នាង​អំពី​គម្ពីរ​និង​ព្រះ​យេហូវ៉ា។ នាង​ពិត​ជា​ចូល​ចិត្ត​អ្វី​ដែល​បាន​នាង​រៀន​ខ្លាំង​ណាស់។ សាក្សី​បាន​ទៅ​ជួប​នាង​ពីរ​ដង​ទៀត តែ​ក្រោយ​មក​នាង​ក៏​លែង​បាន​ជួប​គាត់។ ហេតុ​អ្វី? ពីព្រោះ​ពេល​នោះ​មាន​ការ​ដាក់​បម្រាម​លើ​សាក្សី​ព្រះ​យេហូវ៉ា ដូច្នេះ​នាង​មិន​អាច​ទាក់​ទង​ពួក​គេ​បាន​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​បាន​ប្រាប់​អ្នក​ឯ​ទៀត​យ៉ាង​ក្លាហាន​អំពី​អ្វី​ដែល​នាង​បាន​រៀន​ពី​គម្ពីរ។ នេះ​ធ្វើ​ឲ្យ​នាង​ត្រូវ​គេ​ចាប់​ខ្លួន ហើយ​ជាប់​គុក​អស់​រយៈ​ពេល​៨​ឆ្នាំ។ នៅ​ឆ្នាំ​១៩៥៣ នាង​មាន​សេរី​ភាព​ឡើង​វិញ រួច​នាង​បន្ត​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​ពិត​ភ្លាម​ៗ​ដោយ​មិន​បង្អែ​បង្អង់។ ហេតុ​នេះ នាង​ក៏​ត្រូវ​គេ​ចាប់​ខ្លួន​សា​ជា​ថ្មី ហើយ​ជាប់​គុក​អស់​១០​ឆ្នាំ​ទៀត។ នៅ​ជំរំ​ឃុំ​ឃាំង​មួយ នាង​បាន​ជួប​បង​ស្រី​សាក្សី​ប៉ុន្មាន​នាក់។ ពួក​គាត់​មាន​គម្ពីរ​មួយ​ក្បាល​ដែល​បាន​លាក់​ទុក​ដោយ​សម្ងាត់ ហើយ​បង​ស្រី​ម្នាក់​បាន​បង្ហាញ​គម្ពីរ​ដល់​វ៉ាលិនទីណា។ នាង​ខាន​ឃើញ​គម្ពីរ​អស់​ជា​ច្រើន​ឆ្នាំ តាំង​ពី​ជួប​សាក្សី​ជា​លើក​ដំបូង។ ក្រោយ​មក នៅ​ឆ្នាំ​១៩៦៧ វ៉ាលិនទីណា​បាន​ត្រូវ​ដោះ​លែង​ពី​គុក ហើយ​នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​ដដែល​នោះ។ នាង​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះខ្នែង រហូត​ដល់​ត្រូវ​គេ​ចាប់​ខ្លួន​ម្ដង​ទៀត​នៅ​ឆ្នាំ​១៩៦៩ ហើយ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​ថែម​៣​ឆ្នាំ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក្ដី នាង​នៅ​តែ​ពុះ​កញ្ជ្រោល​ក្នុង​ការ​ផ្សព្វ​ផ្សាយ។ ពេល​គិត​ឡើង​វិញ​អំពី​ជីវិត​របស់​ខ្លួន វ៉ាលិនទីណា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​មាន​ផ្ទះ​ខ្លួន​ឯង​ទេ។ មាន​តែ​មួយ​វ៉ាលិស​ជាប់​ខ្លួន​ប៉ុណ្ណោះ តែ​ខ្ញុំ​សប្បាយ​និង​ស្កប់​ចិត្ត​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​»។ វ៉ាលិនទីណា​បាន​ជួយ​មនុស្ស​៤៤​នាក់​ឲ្យ​រៀន​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ។ នាង​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​២០០១។

​«​ខ្ញុំ​មិន​ដែល​មាន​ផ្ទះ​ខ្លួន​ឯង​ទេ។ មាន​តែ​មួយ​វ៉ាលិស​ជាប់​ខ្លួន​ប៉ុណ្ណោះ តែ​ខ្ញុំ​សប្បាយ​និង​ស្កប់​ចិត្ត​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​»។—រៀប​រាប់​ដោយ​បង​កាណូស្ខាយ៉ា

អាលហ្វ្រេដូ ហ្វើណាន់ដេស

អាលហ្វ្រេដូ ហ្វើណាន់ដេស។

អាលហ្វ្រេដូ​ស្ថិត​ក្នុង​វ័យ​១៩​ឆ្នាំ ពេល​អាជ្ញាធរ​ប្រទេស​អាហ្សង់ទីន​ចេញ​បញ្ជា​ឲ្យ​គាត់​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព។ ប៉ុន្តែ គាត់​បាន​ប្រាប់​ពួក​គេ​ថា សមត្ថភាព​វិនិច្ឆ័យ​ពី​គម្ពីរ​មិន​អនុញ្ញាត​ឲ្យ​គាត់​ចូល​រួម​ធ្វើ​សង្គ្រាម​របស់​ពិភព​លោក​នេះ​ទេ សូម្បី​តែ​ពាក់​ឯកសណ្ឋាន​យោធា។ ដូច្នេះ គេ​ក៏​បញ្ជូន​គាត់​ទៅ​ដាក់​គុក​ពី​បទ​ប្រឆាំង​នឹង​បញ្ជា។ នៅ​ទី​នោះ គាត់​ត្រូវ​គេ​វាយ​ធ្វើ​បាប ជេរ​ប្រមាថ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃ​ផ្សៃ។ ប៉ុន្តែ គាត់​នៅ​តែ​មាន​ទម្លាប់​អាន​គម្ពីរ ហើយ​កត់​ទុក​ចំណុច​ដែល​គាត់​បាន​រៀន។ ពេល​ដល់​ថ្ងៃ​ឡើង​សវនាការ ចៅ​ក្រម​បាន​ប្រាប់​គាត់​ថា បើ​គាត់​ពាក់​ឯកសណ្ឋាន​យោធា​មក​តុលាការ នោះ​គេ​នឹង​ដោះ​លែង​គាត់​ភ្លាម។ ប៉ុន្តែ គាត់​មិន​ព្រម​ធ្វើ​ដូច្នោះ​ជា​ដាច់​ខាត។ ដូច្នេះ គេ​ក៏​យក​គាត់​ទៅ​ញាត់​គុក​វិញ។ រួច​មក គេ​ធ្វើ​ទារុណកម្ម​គាត់ រហូត​ដល់​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។ គ្រូ​ពេទ្យ​ពន្ធនាគារ​បាន​ប្រាប់​អាលហ្វ្រេដូ​ថា គាត់​គ្មាន​សង្ឃឹម​នឹង​រស់​ទេ។ ពេល​គាត់​ដឹង​ថា​ខ្លួន​ជិត​ស្លាប់ គាត់​បាន​សរសេរ​សំបុត្រ​ទៅ​អ្នក​ផ្ទះ​របស់​គាត់​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​អ្នក​ទាំង​អស់​គ្នា​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​នឹង​ត្រូវ​សរសេរ​សំបុត្រ​ដូច​នេះ​ទេ។ ប៉ុន្តែ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​សរសេរ​»។ ក្នុង​សំបុត្រ​នោះ អាលហ្វ្រេដូ​បាន​អរគុណ​គ្រប់​គ្នា​ដែល​បាន​គាំទ្រ​គាត់​ក្នុង​អំឡុង​ដែល​គាត់​ជាប់​គុក។ គាត់​សរសេរ​ថា​៖ ​«​ខ្ញុំ​អរគុណ​យ៉ាង​ខ្លាំង​ដល់​ព្រះ​យេហូវ៉ា​ជា​ទី​ស្រឡាញ់​របស់​យើង ដែល​លោក​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ក្លាយ​ជា​សមាជិក​មួយ​រូប​ក្នុង​ក្រុម​គ្រួសារ​របស់​លោក។ . . . ខ្ញុំ​យល់​អំពី​ទំហំ​នៃ​ការ​ឈឺ​ចាប់​របស់​អ្នក​ទាំង​អស់​គ្នា ពេល​ដែល​អាន​សំបុត្រ​នេះ។ ប៉ុន្តែ ខ្ញុំ​សុំ​ត្រឹម​តែ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​លិច​លង់​ក្នុង​ការ​ឈឺ​ចាប់​ឡើយ សុំ​យក​ឈ្នះ​វា​ឲ្យ​បាន។ សូម​ឲ្យ​បណ្ដាំ​របស់​ព្រះ​សម្រាល​ទុក្ខ​អ្នក​រាល់​គ្នា . . . ហើយ​សូម​ចាំ​ជា​និច្ច​ថា ខ្ញុំ​មិន​ស្លាប់​រហូត​ទេ។ ខ្ញុំ​សង្ឃឹម​ថា ពេល​អ្នក​គ្រប់​គ្នា​នឹក​ចាំ​អំពី​ភាព​ស្មោះ​ត្រង់​របស់​ខ្ញុំ​ចំពោះ​ព្រះ​យេហូវ៉ា នោះ​នឹង​លើក​ទឹក​ចិត្ត​អ្នក​ទាំង​អស់​គ្នា​ឲ្យ​បន្ត​ស្មោះ​ត្រង់​ដែរ​»។ អាលហ្វ្រេដូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់ រហូត​ដល់​ស្លាប់​នៅ​ឆ្នាំ​១៩៨២ ក្នុង​អាយុ​២១​ឆ្នាំ ក្រោយ​ពី​គាត់​ជាប់​គុក​អស់​បី​ឆ្នាំ។

​«​ខ្ញុំ​សុំ​ត្រឹម​តែ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​លិច​លង់​ក្នុង​ការ​ឈឺ​ចាប់​ឡើយ សុំ​យក​ឈ្នះ​វា​ឲ្យ​បាន​»។—រៀប​រាប់​ដោយ​ប្អូន​ហ្វើណាន់ដេស

ខារិន អូម

ខារិន​និង​រ៉ាយន័រ អូម។

តាំង​ពី​ក្មេង​មក ខារិន​ជា​មនុស្ស​រួស​រាយ​រាក់​ទាក់ និង​សប្បាយ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ នាង​ស្រឡាញ់​ជីវិត​ជា​អ្នក​ត្រួស​ត្រាយ។ រួច​មក នាង​បាន​រៀប​ការ​ជា​មួយ​បង​ប្រុស​ឈ្មោះ​រ៉ាយន័រ ហើយ​ពួក​គាត់​បាន​ទៅ​បម្រើ​នៅ​បេតអែល​សហរដ្ឋ​អាម៉េរិក។ ប៉ុន្តែ ពេល​នាង​មាន​អាយុ​ប្រហែល​៥៥​ឆ្នាំ នាង​កើត​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ​មួយ​ឈ្មោះ​ថា ជំងឺ​ប្រព័ន្ធ​ប្រសាទ​សាច់​ដុំ (​ALS​) ដែល​ជា​ជំងឺ​បង្ខូច​កោសិកា​ប្រសាទ​បន្តិច​ម្ដង​ៗ រហូត​ដល់​សាច់​ដុំ​លែង​ដំណើរ​ការ ហើយ​មិន​អាច​កម្រើក​បាន ទី​បំផុត​ក៏​ស្លាប់​តែ​ម្ដង។ ចាប់​ពី​ពេល​ដឹង​ថា​ខ្លួន​មាន​ជំងឺ​ធ្ងន់​នោះ ខារិន​បាន​តាំង​ចិត្ត​រក្សា​ទស្សនៈ​វិជ្ជមាន ហើយ​ប្រើ​ពេល​ដែល​នៅ​សល់​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត។ នាង​បាន​ដាក់​ចិត្ត​ដាក់​កាយ​សិក្សា​ផ្ទាល់​ខ្លួន និង​ផ្សព្វ​ផ្សាយ​តាម​ដែល​នាង​អាច​ធ្វើ​បាន ហើយ​ដំណាល​គ្នា​នោះ នាង​ក៏​ខំ​ព្យាយាម​ថែ​សុខភាព​របស់​ខ្លួន​កុំ​ឲ្យ​ដុនដាប​ជាង​នេះ​ទៀត។ កាល​ដែល​នាង​ចាប់​ផ្ដើម​និយាយ​លែង​កើត នាង​ក៏​រៀន​ប្រើ​កុំព្យូទ័រ​ដែល​អាច​វាយ​អក្សរ​លើ​អេក្រង់​ដោយ​ចាប់​សញ្ញា​ពី​ភ្នែក។ ពិត​មែន​ថា​ការ​ធ្វើ​ដូច្នោះ​ពិបាក​ខ្លាំង តែ​នោះ​អាច​ជួយ​នាង​ឲ្យ​រៀប​ចំ​ចម្លើយ​សម្រាប់​កិច្ច​ប្រជុំ និង​សរសេរ​សំបុត្រ​សម្រាប់​ផ្សព្វ​ផ្សាយ។ គិលានុបដ្ឋាយិកា​ម្នាក់​ដែល​ជា​បង​ប្អូន​រួម​ជំនឿ បាន​ប្រាប់​ថា​៖ ​«​ខារិន​មិន​ដែល​និយាយ​សោះ​ថា ‹ហេតុ​អ្វី​បាន​ជា​ខ្ញុំ​មាន​ជំងឺ​បែប​នេះ?›។ ពីរ​សប្តាហ៍​មុន​នាង​ស្លាប់ នាង​បាន​សរសេរ​សំបុត្រ​មួយ​ឲ្យ​ស្ត្រី​ម្នាក់​ដែល​ខ្ញុំ​បាន​ផ្សព្វ​ផ្សាយ ហើយ​ក្នុង​សេចក្ដី​បញ្ចប់​សំបុត្រ​នោះ ខារិន​បាន​ប្រាប់​ស្ត្រី​នោះ​ថា​៖ ‹បើ​អ្នក​ពិបាក​ចិត្ត​ខ្លាំង​មិន​ដឹង​និយាយ​ជា​មួយ​អ្នក​ណា អ្នក​អាច​និយាយ​ជា​មួយ​ខ្ញុំ​បាន›​»។ មាន​គិលានុបដ្ឋាយិកា​ម្នាក់​ទៀត ប្រាប់​ថា​៖ ​«​ខ្ញុំ​មិន​ដែល​ឃើញ​ខារិន​យំ​សោក ដោយ​សារ​កើត​ជំងឺ​នេះ​ទេ។ តាម​ពិត​មាន​មូលហេតុ​ជា​ច្រើន​ដែល​នាង​អាច​ធ្លាក់​ទឹក​ចិត្ត តែ​នាង​មាន​ជំនឿ​រឹង​មាំ​ថា​ព្រះ​យេហូវ៉ា​នឹង​ប្រោស​នាង​ឲ្យ​រស់​ឡើង​វិញ។ សេចក្ដី​សង្ឃឹម​នេះ​ជួយ​នាង​មិន​ឲ្យ​កើត​ទុក្ខ​ខ្លាំង​ពេក។ នាង​ដឹង​ថា​បន្តិច​ទៀត នាង​នឹង​ភ្ញាក់​ឡើង​វិញ ហើយ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​នាង​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ​»។ ក្នុង​អំឡុង​ពេល​ដែល​ខារិន​ឈឺ បង​ប្អូន​ស្រី​ភ្លោះ​របស់​នាង​បាន​សួរ​នាង​ថា​៖ ​«​ខារិន ហេតុ​អ្វី​អាច​ស៊ូ​ទ្រាំ​បាន?​»។ ខារិន​ឆ្លើយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​កម្លាំង​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ​»។ នេះ​គឺ​ពិត​មែន ព្រះ​យេហូវ៉ា​បាន​ផ្ដល់​កម្លាំង​ឲ្យ​ខារិន​ស៊ូ​ទ្រាំ រហូត​ដល់​នាង​ស្លាប់។ មុន​ខារិន​ស្លាប់ នាង​បាន​សរសេរ​សំបុត្រ​ជា​ច្រើន​ទុក​ឲ្យ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្តិ​ដើម្បី​អរគុណ សម្រាល​ទុក្ខ និង​លើក​ទឹក​ចិត្ត។ ក្រោយ​នាង​ស្លាប់ ប្ដី​នាង​បាន​យក​សំបុត្រ​ទាំង​នោះ​ទៅ​ឲ្យ​ពួក​គេ។

​«​ព្រះ​យេហូវ៉ា​ជា​អ្នក​ផ្ដល់​កម្លាំង​ដល់​អស់​អ្នក​ដែល​ត្រូវ​ការ​»។—រៀប​រាប់​ដោយ​បង​អូម

១៣. តើ​អ្វី​ជំរុញ​អ្នក​ឲ្យ​បង្ហាញ​ចិត្ត​ក្លាហាន?

១៣ សូម​ស្រមៃ​គិត តើ​ស្ថានភាព​នឹង​ទៅ​ជា​យ៉ាង​ណា ពេល​ដែល​គ្រប់​កន្លែង​នៅ​ផែន​ដី​ពេញ​ដោយ​សេចក្ដី​សុខ​សាន្ត? តើ​យើង​នឹង​សប្បាយ​ចិត្ត​ខ្លាំង​យ៉ាង​ណា ពេល​ជួប​អស់​អ្នក​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ? នៅ​ពេល​នោះ យើង​អាច​ជួប​បុរស​ស្ត្រី​ដែល​យើង​បាន​អាន​ក្នុង​សៀវភៅ​នេះ និង​មនុស្ស​ក្លាហាន​ជា​ច្រើន​នាក់​ទៀត! ក្នុង​ពិភព​លោក​សាថាន ពួក​គេ​ប្រហែល​ជា​រង​ទុក្ខ​វេទនា​ច្រើន​ណាស់ រហូត​ដល់​ត្រូវ​ស្លាប់​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ។ ប៉ុន្តែ ពេល​ពួក​គេ​ភ្ញាក់​ឡើង​ឃើញ​ខ្លួន​ក្នុង​ពិភព​លោក​ថ្មី តើ​អ្នក​គិត​ថា​ពួក​គេ​នឹង​ស្ដាយ​ក្រោយ​ដែល​បាន​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? ប្រាកដ​ជា​មិន​ស្ដាយ​ក្រោយ​ទាល់​តែ​សោះ! ចុះ​អ្នក​វិញ? អ្នក​នឹង​ត្រេក​អរ​ឥត​ឧបមា​ដែល​អាច​រួម​សហការ​ជា​មួយ​ពួក​គេ ក្នុង​ការ​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​ក្លាយ​ជា​សួន​ឧទ្យាន។ ពេល​អ្នក​នៅ​ក្នុង​សួន​ឧទ្យាន តើ​អ្នក​គិត​ថា​ខ្លួន​នឹង​ស្ដាយ​ក្រោយ​ដែល​បាន​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? មិន​ស្ដាយ​ក្រោយ​ឡើយ! សូម​តាំង​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​ក្លាហាន​ពេញ​មួយ​ជីវិត។ យ៉ាង​នេះ អ្នក​នឹង​មាន​ជីវិត​សប្បាយ​រីករាយ​មិន​គ្រាន់​តែ​នៅ​ឥឡូវ​នេះ តែ​ជា​រៀង​រហូត!

បង​ប្អូន​ប្រុស​ស្រី និង​ក្មេង​ៗ​កំពុង​សប្បាយ​រីករាយ​ក្នុង​សួន​ឧទ្យាន។ អ្នក​ខ្លះ​ឲ្យ​ចំណី​ដល់​សត្វ​ក​វែង ខ្លះ​ទៀត​មើល​សត្វ​ឆ្មា​ព្រៃ​ខារ៉ា​ខ​ល រីឯ​ខ្លះ​ទៀត​កំពុង​ដុត​ភីហ្សា កាល​ដែល​អ្នក​ខ្លះ​ទៀត​កំពុង​និយាយ​គ្នា​លេង ហើយ​ខ្លះ​ទៀត​កំពុង​លេង​ភ្លេង។
    សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក