អ្នកមានតម្លៃណាស់ក្នុងព្រះនេត្ររបស់ព្រះ!
«អញបានស្រឡាញ់ឯង ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក ដោយសេចក្ដីសប្បុរស»។—យេរេមា ៣១:៣
១. តើអាកប្បកិរិយារបស់ព្រះយេស៊ូចំពោះមនុស្សសាមញ្ញនៅសម័យរបស់ទ្រង់ មានការខុសពីពួកផារីស៊ីយ៉ាងដូចម្ដេច?
ពួកគេអាចមើលឃើញសេចក្ដីស្រឡាញ់នៅក្នុងព្រះនេត្ររបស់ទ្រង់។ បុរសនេះ ជាព្រះយេស៊ូ ទ្រង់បានមានព្រះទ័យទុកដាក់ណាស់ មិនមែនដូចមេដឹកនាំខាងសាសនារបស់គេទេ។ ទ្រង់មានព្រះទ័យក្ដួលអាណិតដល់មនុស្សទាំងនេះ ពីព្រោះពួកគេ«ល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) ពួកមេដឹកនាំសាសនារបស់គេបានតម្រូវឲ្យធ្វើជាពួកគង្វាលដែលមានសេចក្ដីស្រឡាញ់ ក្នុងការតំណាងព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់និងមេត្ដាករុណា។ តែផ្ទុយទៅវិញ ពួកគេបានមើលងាយមនុស្សសាមញ្ញ ហើយចាត់ទុកថាជាមនុស្សថោកទាប—និងជាមនុស្សត្រូវបណ្ដាសា!a (យ៉ូហាន ៧:៤៧-៤៩; ប្រៀបធៀប អេសេគាល ៣៤:៤) យ៉ាងច្បាស់ហើយ ការមានទស្សនៈដ៏មិនពិតដែលគ្មានពីព្រះគម្ពីរបែបនេះ ជាការខុសប្លែកគ្នាពីទស្សនៈរបស់ព្រះយេហូវ៉ាណាស់ ដែលទ្រង់មានចំពោះប្រជារាស្ត្ររបស់ទ្រង់។ ទ្រង់បានមានបន្ទូលប្រាប់សាសន៍អ៊ីស្រាអែលរបស់ទ្រង់ថា៖ «អញបានស្រឡាញ់ឯង ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប»។—យេរេមា ៣១:៣
២. តើគូកនបីនាក់របស់យ៉ូបបានខំប្រឹងធ្វើឲ្យគាត់ជឿថាគាត់ឥតមានតម្លៃក្នុងព្រះនេត្ររបស់ព្រះយ៉ាងដូចម្ដេច?
២ ប៉ុន្តែ ពួកផារីស៊ីមិនមែនជាពួកដំបូងដែលខំប្រឹងធ្វើឲ្យចៀមស្ងួនភ្ងារបស់ព្រះយេហូវ៉ា ជឿថាគេជាមនុស្សឥតមានតម្លៃនោះទេ។ សូមពិចារណាមើលករណីរបស់លោកយ៉ូប។ ចំពោះព្រះយេហូវ៉ា លោកជាមនុស្សសុចរិតនិងឥតសៅហ្មង ប៉ុន្តែ ពួកអ្នក‹សម្រាលទុក្ខ›បីនាក់ពោលបញ្ឆៀងថាយ៉ូបជាមនុស្សអសីលធម៌ ជាអ្នកបះបោរជំនឿដ៏អាក្រក់ ដែលនឹងស្លាប់ទៅដោយគ្មានអ្នកណាដឹងថាគាត់ធ្លាប់រស់នៅឡើយ។ ពួកគេបានពោលអះអាងថា ព្រះមិនអបអរនឹងសេចក្ដីសុចរិតរបស់យ៉ូបទេ ពីព្រោះព្រះមិនទាំងទុកចិត្តនឹងពួកទេវតារបស់ទ្រង់ផ្ទាល់ផង ហើយបានគិតថាសូម្បីតែស្ថានសួគ៌ក៏មិនបរិសុទ្ធដែរ!—យ៉ូប ១:៨; ៤:១៨; ១៥:១៥, ១៦; ១៨:១៧-១៩; ២២:៣
៣. តើមធ្យោបាយអ្វីខ្លះដែលសាតាំងប្រើនៅសព្វថ្ងៃនេះ ដើម្បីខំប្រឹងធ្វើឲ្យមនុស្សជឿថាគេឥតមានតម្លៃនិងឥតមានអ្នកណាស្រឡាញ់នោះ?
៣ នៅសព្វថ្ងៃនេះ សាតាំងនៅប្រើ‹កលល្បិច›នេះ ដើម្បីខំប្រឹងធ្វើឲ្យមនុស្សជឿថា ពួកគេជាមនុស្សឥតមានតម្លៃហើយគ្មានអ្នកណាស្រឡាញ់ទេ។ (អេភេសូរ ៦:១១) ជាការពិតមែន វាតែងតែល្បួងចិត្តមនុស្សដោយប្រើការឥតប្រយោជន៍និងចិត្តមានះរបស់គេ។ (កូរិនថូសទី២ ១១:៣) ប៉ុន្តែ វាក៏ចូលចិត្តក្នុងការកំទេចសេចក្ដីថ្លៃថ្នូរនៃបុគ្គលដែលងាយធ្វើទៅលើបានដែរ។ ជាពិសេស នៅក្នុង«ថ្ងៃជាន់ក្រោយបង្អស់»នេះ។ នៅសព្វថ្ងៃនេះមនុស្សជាច្រើនបានលូតលាស់ធំឡើងនៅក្នុងក្រុមគ្រួសារ ដែលគ្មានសេចក្ដី«ស្រឡាញ់តាមធម្មតា» ហើយជារៀងរាល់ថ្ងៃមនុស្សជាច្រើនត្រូវតែអត់ទ្រាំនឹងមនុស្សសាហាវ អាត្មានិយម និងក្បាលរឹង។ (ធីម៉ូថេទី២ ៣:១-៥) ដោយមានប្រព្រឹត្តកម្មដ៏សាហាវជាច្រើនឆ្នាំ ជាតិនិយម សំអប់ ឬការប្រព្រឹត្តរំលោភលើ នោះប្រហែលជាធ្វើឲ្យមនុស្សបែបនេះជឿថា ពួកគេឥតមានតម្លៃនិងឥតមានអ្នកណាស្រឡាញ់ទេ។ បុរសម្នាក់បានសរសេរថា៖ «ខ្ញុំគ្មានអារម្មណ៍ស្រឡាញ់ឬថាមានអ្នកណាមួយស្រឡាញ់ខ្ញុំទេ។ ជាការពិបាកណាស់ចំពោះខ្ញុំក្នុងការជឿថាព្រះស្រឡាញ់ខ្ញុំនោះ»។
៤, ៥. (ក) ហេតុអ្វីក៏គំនិតអំពីការឥតមានតម្លៃផ្ទាល់ខ្លួន មានការផ្ទុយគ្នានឹងព្រះគម្ពីរ? (ខ) តើការជឿថាការខំប្រឹងរបស់យើងទៅជាឥតមានតម្លៃអ្វីសោះ អាចមានលទ្ធផលដ៏គ្រោះថ្នាក់មួយយ៉ាងណា?
៤ ចំពោះគំនិតនៃការឥតមានតម្លៃផ្ទាល់ខ្លួន គឺផ្ទុយគ្នាទាំងស្រុងនឹងសេចក្ដីពិតនៃពាក្យបន្ទូលរបស់ព្រះ នៃសេចក្ដីបង្រៀនអំពីការលោះ។ (យ៉ូហាន ៣:១៦) បើសិនជាព្រះបានប្រទានរបស់ដ៏មានតម្លៃបំផុត—ព្រះជន្មរបស់បុត្រាដ៏មានតម្លៃផ្ទាល់នោះ—ដើម្បីនឹងទិញយើងឲ្យមានឱកាសក្នុងការរស់នៅជានិរន្តរ៍នោះ យ៉ាងប្រាកដណាស់ទ្រង់ច្បាស់ជាស្រឡាញ់យើង ហើយយើងច្បាស់ជាមានតម្លៃក្នុងព្រះនេត្រទ្រង់ហើយ!
៥ ម្យ៉ាងវិញទៀត ជាការគួរឲ្យធ្លាក់ទឹកចិត្តណាស់ក្នុងការមានអារម្មណ៍ថា ព្រះមិនគាប់ព្រះហឫទ័យនឹងយើង ហើយថាការខំប្រឹងរបស់យើងគ្មានតម្លៃអ្វីសោះនោះ! (ប្រៀបធៀប សុភាសិត ២៤:១០) ដោយមានទស្សនៈមិនល្អនេះ សូម្បីតែការលើកទឹកចិត្តត្រឹមត្រូវណាមួយ ដើម្បីជួយយើងឲ្យបន្តកិច្ចបំរើរបស់យើងចំពោះព្រះ ដែលយើងអាចធ្វើទៅបាននោះ ចំពោះមនុស្សខ្លះប្រហែលជាមានអារម្មណ៍ថាជាការផ្ដន្ទាទោសទៅវិញ។ នេះប្រហែលជាបញ្ជាក់ថាជំនឿស៊ប់របស់យើង ក្នុងអ្វីៗដែលយើងធ្វើគឺមិនគ្រប់គ្រាន់ឡើយ។
៦. តើការដោះស្រាយដ៏ប្រសើរចំពោះគំនិតដ៏មិនល្អអំពីខ្លួនយើងជាអ្វីទៅ?
៦ បើសិនជាអ្នកដឹងថាអ្នកមានអារម្មណ៍មិនល្អបែបនេះ សូមកុំឲ្យអស់សង្ឃឹមឡើយ។ ពីពេលមួយទៅពេលមួយ យើងជាច្រើននាក់ចូលចិត្តរិះគន់នឹងខ្លួនដោយមិនសមហេតុផល។ ហើយចូរចងចាំថា បន្ទូលរបស់ព្រះគឺត្រូវបានរៀបចាំមកសំរាប់«ការប្រដៅដំរង់» និងសំរាប់«នឹងរំលំទីមាំមួនវិញ»។ (ធីម៉ូថេទី២ ៣:១៦; កូរិនថូសទី២ ១០:៤) សាវ័កយ៉ូហានបានសរសេរថា៖ «គឺយ៉ាងនោះឯងដែលយើងនឹងដឹងថា យើងកើតមកពីសេចក្ដីពិត ហើយយើងនឹងបានកំឡាចិត្ត នៅចំពោះទ្រង់ផង ដ្បិតបើសិនជាចិត្តយើងចោទប្រកាន់ខ្លួន នោះព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង»។ (យ៉ូហានទី១ ៣:១៩, ២០) បើដូច្នេះ សូមឲ្យយើងពិចារណាមើលនូវផ្លូវបីយ៉ាងដែលព្រះគម្ពីរបង្រៀនថា យើងមានតម្លៃណាស់ចំពោះព្រះយេហូវ៉ានោះ។
ព្រះយេហូវ៉ាអបអរអ្នកណាស់
៧. តើព្រះយេស៊ូបានបង្រៀនពួកគ្រីស្ទានអំពីតម្លៃរបស់គេក្នុងព្រះនេត្ររបស់ព្រះយ៉ាងដូចម្ដេច?
៧ ទីមួយ ព្រះគម្ពីរបង្រៀនយ៉ាងចំថា យើងម្នាក់ៗមានតម្លៃណាស់ក្នុងព្រះនេត្ររបស់ព្រះ។ ព្រះយេស៊ូបានមានបន្ទូលថា៖ «តើគេមិនលក់ចាប៥ថ្លៃ២លុយទេឬអី តែគ្មានចាបណាមួយ ដែលព្រះទ្រង់ភ្លេចទេ សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃលើសជាងចាបជាច្រើន»។ (លូកា ១២:៦, ៧) នៅសម័យនោះ ចាបជាសត្វដែលគេលក់ដ៏ថោកបំផុតសំរាប់អាហារ ប៉ុន្តែព្រះជាអ្នកបង្កើតបានទតឃើញសត្វចាបទាំងអស់។ ដូច្នេះ មូលដ្ឋានបានតាំងឡើងសំរាប់ការធ្វើឲ្យឃើញភាពខុសគ្នាដែលគួរឲ្យចាប់អារម្មណ៍៖ ចំពោះមនុស្សវិញ—តើមួយណាមានតម្លៃជាងគេ—គឺមានតែព្រះទេដែលជ្រាបដឹងសេចក្ដីល្អិតល្អន់ទាំងអស់។ នេះគឺហាក់បីដូចជាសក់នៃក្បាលរបស់យើងត្រូវបានរាប់ទាំងអស់អញ្ចឹង!
៨. ហេតុអ្វីក៏សមហេតុផលក្នុងការគិតថាព្រះយេហូវ៉ាអាចរាប់សក់ក្បាលរបស់យើង?
៨ តើព្រះបានរាប់សក់របស់យើងទាំងអស់មែនឬ? បើអ្នកគិតថា ទិដ្ឋភាពនេះនៃរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូមិនសមហេតុផលនោះ សូមពិចារណាមើលអំពីរឿងនេះ៖ ព្រះចងចាំអំពីពួកអ្នកបំរើស្មោះត្រង់យ៉ាងប្រាកដដល់ម្ល៉េះ ដែលទ្រង់អាចប្រោសពួកគេឲ្យរស់ឡើងវិញបាន—ដោយបង្កើតពួកគេម្ដងទៀតយ៉ាងល្អិតល្អន់ ថែមទាំងរួមបញ្ចូលនឹងក្រមពន្ធុវិជ្ជាដ៏ស្មុគស្មាញ ព្រមទាំងអនុស្សាវរីយនិងការពិសោធរបស់គេដែលមានជាច្រើនឆ្នាំនោះផង។ ការរាប់សក់របស់យើង (ដែលជាមធ្យម ក្បាលរបស់យើងមានសក់ដុះប្រមាណ១០០,០០០សរសៃនោះ) បើប្រៀបធៀបទៅ នេះជាការធ្វើឡើងយ៉ាងស្រួលណាស់!—លូកា ២០:៣៧, ៣៨
តើយើងមានតម្លៃអ្វីក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា?
៩. (ក) តើមានគុណសម្បត្ដិណាខ្លះដែលព្រះយេហូវ៉ាអបអរនោះ? (ខ) ហេតុអ្វីក៏អ្នកគិតថា គុណសម្បត្ដិបែបនេះមានតម្លៃចំពោះទ្រង់?
៩ ទីពីរ ព្រះគម្ពីរបង្រៀនយើងថា ព្រះយេហូវ៉ាអបអរនឹងយើងណាស់។ បើនិយាយឲ្យស្រួលយល់ទៅ ទ្រង់មានព្រះទ័យរីករាយក្នុងគុណសម្បត្ដិដ៏ល្អៗនិងការខំប្រឹងខ្នះខ្នែងរបស់យើង។ ស្តេចដាវីឌបានមានបន្ទូលប្រាប់សាឡូម៉ូនជាបុត្រារបស់ទ្រង់ថា៖ «ព្រះយេហូវ៉ាទ្រង់ពិនិត្យមើលអស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ»។ (របាក្សត្រទី១ ២៨:៩, ព.ថ.) កាលដែលព្រះពិនិត្យមើលរាប់ពាន់លានចិត្តមនុស្ស នៅក្នុងពិភពលោកដ៏ឃោរឃៅនិងពោរពេញទៅដោយការស្អប់នោះ ទ្រង់ច្បាស់ជាមានព្រះទ័យរីករាយណាស់ នៅពេលទ្រង់រកឃើញចិត្តដែលស្រឡាញ់សន្ដិភាព សេចក្ដីពិត និងសេចក្ដីសុចរិតនោះ! (ប្រៀបធៀប យ៉ូហាន ១:៤៧; ពេត្រុសទី១ ៣:៤) តើមានអ្វីកើតឡើងនៅពេលដែលព្រះរកឃើញចិត្ត ដែលមានសេចក្ដីស្រឡាញ់ដល់ទ្រង់យ៉ាងខ្លាំង ដែលខំប្រឹងរៀនអំពីទ្រង់ ហើយប្រាប់តម្រិះវិជ្ជាបែបនេះទៅអ្នកដទៃនោះ? នៅ ម៉ាឡាគី ៣:១៦ ព្រះយេហូវ៉ាមានបន្ទូលប្រាប់យើងថា ទ្រង់ស្ដាប់ដល់អស់អ្នកដែលនិយាយប្រាប់គេអំពីទ្រង់ ហើយថែមទាំងមាន«សៀវភៅរំឭក»សំរាប់«ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ នឹងពួកអ្នកដែលនឹកដល់ព្រះនាមទ្រង់»។ ចំពោះទ្រង់ គុណសម្បត្ដិបែបនេះគឺមានតម្លៃណាស់!
១០, ១១. (ក) តើតាមរបៀបណាដែលមនុស្សខ្លះដូចជាមិនជឿថាព្រះយេហូវ៉ាអបអរនឹងគុណសម្បត្ដិដ៏ល្អៗរបស់គេ? (ខ) តើគំរូរបស់អ័ប៊ីយ៉ាបង្ហាញថាព្រះយេហូវ៉ាអបអរនឹងគុណសម្បត្ដិដ៏ល្អៗតាមគ្រប់កំរិតយ៉ាងណា?
១០ ប៉ុន្តែ ចិត្តដែលផ្ដន្ទាទោសខ្លួននោះ ប្រហែលជាមិនជឿថាយើងមានតម្លៃក្នុងព្រះនេត្ររបស់ព្រះឡើយ។ ចិត្តដែលផ្ដន្ទាទោសនេះអាចទទូចខ្សឹបប្រាប់ថា៖ ‹ប៉ុន្តែ មានមនុស្សច្រើនណាស់ដែលមានគុណសម្បត្ដិដ៏ប្រសើរជាងខ្ញុំទៅទៀត។ ព្រះយេហូវ៉ានឹងខកព្រះទ័យហើយ បើទ្រង់ប្រៀបធៀបខ្ញុំទៅនឹងពួកគេនោះ›! ព្រះយេហូវ៉ាមិនប្រៀបធៀបពួកអ្នកបំរើរបស់ទ្រង់នឹងគ្នាទេ ហើយទ្រង់ក៏មិនតឹងរ៉ឹង ព្រមទាំងពុំមានបមាណីយដ៏តឹងរ៉ឹងនោះឡើយ។ (កាឡាទី ៦:៤) ទ្រង់ទតមើលចិត្តដោយល្អិតល្អន់ ហើយទ្រង់អបអរនឹងគុណសម្បត្ដិដ៏ល្អៗគ្រប់កំរិតទាំងអស់។
១១ ជាឧទាហរណ៍ នៅពេលដែលព្រះយេហូវ៉ាចេញក្រិត្យឲ្យប្រហារជីវិតពួកអ្នកបះបោរជំនឿនៃសន្តតិវង្សទាំងមូលនៃស្តេចយេរ៉ូបោម ឲ្យដូចគេបោស«អាចម៍»សត្វចោលនោះ ទ្រង់បានបញ្ជាឲ្យថាមានតែបុត្រាមួយរបស់ស្តេចនាមអ័ប៊ីយ៉ាប៉ុណ្ណោះ ដែលនឹងប្រទានឲ្យមានការបញ្ចុះសពដ៏សមរម្យនោះ។ ហេតុអ្វី? ពីព្រោះ«ឃើញមានសេចក្ដីល្អខ្លះចំពោះព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល»។ (ពង្សាវតារក្សត្រទី១ ១៤:១០, ១៣) តើនេះមានសេចក្ដីថា អ័ប៊ីយ៉ាជាអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ាដ៏ស្មោះត្រង់ម្នាក់ឬ? មិនចាំបាច់ដូច្នេះទេ ពីព្រោះទ្រង់បានទទួលមរណភាពជាមួយនឹងវង្សាដ៏អាក្រក់ជួជាតិរបស់ទ្រង់។ (ចោទិយកថា ២៤:១៦) ប៉ុន្តែ ព្រះយេហូវ៉ាអបអរនឹង«សេចក្ដីល្អខ្លះ»ដែលទ្រង់បានទតឃើញនៅក្នុងចិត្តរបស់អ័ប៊ីយ៉ា ហើយក៏បានប្រព្រឹត្តដោយសមស្របតាមនោះទៅ។ អត្ថាធិប្បាយរបស់ម៉ាថាយ ហិនរ៉ី ទៅលើព្រះគម្ពីរទាំងមូលកត់សម្គាល់ថា៖ «ការគ្រាន់តែមានគុណសម្បត្ដិបន្ដិចបន្តួច នោះនឹងត្រូវរកឃើញ៖ ព្រះដែលស្វែងរកគុណសម្បត្ដិល្អៗក្នុងយើង នឹងទតឃើញគុណសម្បត្ដិបែបនេះ។ ទោះបីមានសេចក្ដីល្អតិចតួចយ៉ាងក្ដី ក៏ទ្រង់នឹងគាប់ព្រះហឫទ័យដែរ»។ ហើយសូមកុំភ្លេចឡើយថា ទោះបីព្រះរកឃើញគុណសម្បត្ដិល្អខ្លះនៅក្នុងអ្នកក្ដី ទ្រង់ក៏អាចធ្វើឲ្យលូតលាស់ឡើងបានដែរ ឲ្យតែអ្នកខំប្រឹងបំរើទ្រង់ដោយស្មោះត្រង់នោះ។
១២, ១៣. (ក) តើទំនុកដំកើង ១៣៩:៣ បង្ហាញថាព្រះយេហូវ៉ាអបអរការខំខ្នះខ្នែងរបស់យើងដោយយ៉ាងណា? (ខ) ក្នុងន័យណាដែលយើងអាចនិយាយថា ព្រះយេហូវ៉ារែងរកសកម្មភាពរបស់យើងនោះ?
១២ ព្រះយេហូវ៉ាក៏អបអរនឹងការខំខ្នះខ្នែងរបស់យើងតាមរបៀបស្រដៀងនេះដែរ។ នៅទំនុកដំកើង ១៣៩:១-៣ យើងអានថា៖ «ឱព្រះយេហូវ៉ាអើយ ទ្រង់បានពិនិត្យមើល ហើយបានស្គាល់ទូលបង្គំផង ទ្រង់ជ្រាបការដែលទូលបង្គំអង្គុយក្រោកឡើងផង ទ្រង់ក៏យល់គំនិតរបស់ទូលបង្គំពីចំងាយដែរ ទ្រង់ពិនិត្យពិចារណាផ្លូវច្រក នឹងទីដេករបស់ទូលបង្គំ ក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំដែរ»។ ដូច្នេះ ព្រះយេហូវ៉ាទ្រង់ជ្រាបដឹងនូវការប្រព្រឹត្តរបស់យើងទាំងអស់។ ប៉ុន្តែ ទ្រង់មិនគ្រាន់តែជ្រាបដឹងប៉ុណ្ណោះទេ។ នៅក្នុងភាសាហេព្រើរ ឃ្លាដែលថាទ្រង់«ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ» ក៏អាចមានន័យថា«ទ្រង់អបអរដ៏ក្រៃលែងនៃអស់ទាំងផ្លូវរបស់ទូលបង្គំ» ឬថា«ទ្រង់ស្រឡាញ់អស់ទាំងផ្លូវរបស់ទូលបង្គំ»។ (ប្រៀបធៀប ម៉ាថាយ ៦:១៩, ២០) ប៉ុន្តែ តើឲ្យព្រះយេហូវ៉ាស្រឡាញ់ផ្លូវរបស់យើងយ៉ាងណាបាន បើយើងជាមនុស្សមានខ្ចោះនិងមានបាបនោះ?
១៣ ជាការគួរឲ្យចាប់អារម្មណ៍ណាស់ យោងទៅតាមវិជ្ជាករខ្លះនៅពេលដែលដាវីឌបានសរសេរថាព្រះយេហូវ៉ា«ពិនិត្យពិចារណា»ផ្លូវច្រកនិងទីដេកនោះ ភាសាហេព្រើរមានន័យយ៉ាងចំៗថា«ការរែង» ឬក៏«អុំ»។ ឯកសារយោងមួយបានកត់សម្គាល់ថា៖ «នេះមានន័យថា . . . ដើម្បីនឹងអុំអង្កាមចេញ ហើយដើម្បីនឹងទុកអង្ករទាំងអស់—ដើម្បីរក្សាទុករបស់ដែលមានតម្លៃ។ ដូច្នេះនៅទីនេះមានន័យថាព្រះបានរែងរកគាត់ បើនិយាយជាអត្ថបដិរូប។ . . . ទ្រង់បានធ្វើឲ្យអង្កាមខ្ចាត់ខ្ចាយចេញ ឬអ្វីៗដែលគ្មានតម្លៃ ហើយអ្វីៗដែលនៅសល់នោះគឺមានតម្លៃពិតនិងច្រើនគួរសមផង»។ ចិត្តដែលផ្ដន្ទាទោសខ្លួន ប្រហែលជាអាចរែងរកការប្រព្រឹត្តរបស់យើងតាមផ្លូវផ្ទុយពីគ្នា ដោយស្តីបន្ទោសខ្លួនដោយគ្មានមេត្ដាករុណាចំពោះការប្រព្រឹត្តខុសនៅអតីត ហើយចាត់ទុកការសម្រេចរបស់យើងជាអ្វីដែលគ្មានប្រយោជន៍។ ប៉ុន្តែព្រះយេហូវ៉ាអត់ឱនទោសបាបឲ្យយើង បើយើងប្រែចិត្តដ៏ស្មោះ ហើយខំខ្នះខ្នែងពុំឲ្យប្រព្រឹត្តការខុសនោះទៀត។ (ទំនុកដំកើង ១០៣:១០-១៤; កិច្ចការ ៣:១៩) ទ្រង់រែងរកហើយចងចាំការប្រព្រឹត្តល្អរបស់យើង។ តាមការពិត ទ្រង់ចងចាំការទាំងនេះជានិរន្តរ៍ ឲ្យតែយើងរក្សាចិត្តស្មោះត្រង់ដល់ទ្រង់។ ទ្រង់គិតជាអំពើទុច្ចរិតក្នុងការបំភ្លេចអំពីរឿងនេះ ហើយទ្រង់មិនដែលជាបុគ្គលទុច្ចរិតនោះឡើយ!—ហេព្រើរ ៦:១០
១៤. តើអ្វីដែលបង្ហាញថាព្រះយេហូវ៉ាអបអរនឹងសកម្មភាពរបស់យើងក្នុងកិច្ចបំរើគ្រីស្ទាន?
១៤ តើការប្រព្រឹត្តល្អណាខ្លះដែលព្រះអបអរនោះ? គឺអ្វីៗទាំងអស់ដែលយើងធ្វើក្នុងការយកគំរូតាមរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ។ (ពេត្រុសទី១ ២:២១) បើដូច្នេះ កិច្ចការដ៏សំខាន់មួយ គឺការផ្សព្វផ្សាយដំណឹងល្អនៃព្រះរាជាណាចក្ររបស់ព្រះ។ នៅរ៉ូម ១០:១៥ យើងអានថា៖ «ជើងនៃពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្ដីសុខសាន្ត ហើយថ្លែងប្រាប់ពី សេចក្ដីដែលបណ្ដាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎»! ទោះបីធម្មតាយើងមិនដែលគិតថា ជើងរបស់យើងជា«ល្អប្រពៃ»ក្ដី ពាក្យដែលប៉ុលបានប្រើនៅទីនេះ គឺបានយកមកប្រើនៅក្នុងសេចក្ដីបកប្រែព្រះគម្ពីរសេពតួជិន្តភាសាក្រិកដែរ ដើម្បីនឹងរៀបរាប់រេបិកា រ៉ាជែល និងយ៉ូសែប—ដែលមនុស្សទាំងបីនាក់នេះត្រូវបានល្បីដោយសោភ័ណភាពរបស់គេ។ (លោកុប្បត្តិ ២៦:៧; ២៩:១៧; ៣៩:៦) ដូច្នេះការជាប់ដៃក្នុងកិច្ចបំរើរបស់ព្រះយេហូវ៉ា នោះជាការដ៏ល្អនិងមានតម្លៃណាស់ក្នុងព្រះនេត្ររបស់ទ្រង់។—ម៉ាថាយ ២៤:១៤; ២៨:១៩, ២០
១៥, ១៦. ហេតុអ្វីក៏ព្រះយេហូវ៉ាអបអរនឹងការស៊ូទ្រាំរបស់យើង ហើយតើពាក្យរបស់ស្តេចដាវីឌនៅទំនុកដំកើង ៥៦:៨ បញ្ជាក់អំពីរឿងនេះយ៉ាងដូចម្ដេច?
១៥ គុណសម្បត្ដិមួយទៀត ដែលព្រះអបអរនោះគឺការស៊ូទ្រាំរបស់យើង។ (ម៉ាថាយ ២៤:១៣) ចូរចងចាំថា សាតាំងចង់ឲ្យអ្នកបោះបង់ចោលព្រះយេហូវ៉ា។ រៀងរាល់ថ្ងៃដែលអ្នករក្សាការស្មោះត្រង់នឹងព្រះយេហូវ៉ា ជាថ្ងៃមួយទៀតដែលអ្នកបានជួយក្នុងការប្រគល់ការតបឆ្លើយនឹងពាក្យឡកឡឺយរបស់សាតាំង។ (សុភាសិត ២៧:១១) នៅពេលខ្លះការស៊ូទ្រាំគឺមិនជាការស្រួលទេ។ បញ្ហាខាងសុខភាព សេចក្ដីវេទនាខាងលុយកាក់ ទុក្ខព្រួយខាងផ្លូវចិត្ត និងឧបសគ្គឯទៀតក៏អាចទៅជាសេចក្ដីទុក្ខលំបាកនៃថ្ងៃកន្លងទៅនិមួយៗដែរ។ ការស៊ូទ្រាំក្នុងការជួបប្រទះនឹងសេចក្ដីទុក្ខលំបាកបែបនេះ គឺរឹតតែមានតម្លៃណាស់ចំពោះព្រះយេហូវ៉ា។ នេះហើយជាអ្វីដែលស្តេចដាវីឌបានទូលសុំព្រះយេហូវ៉ាឲ្យទុកទឹកភ្នែករបស់លោកក្នុង«ដបនៃទ្រង់»ជាអត្ថបដិរូប ដោយទូលសុំយ៉ាងទុកចិត្តថា៖ «តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី»? (ទំនុកដំកើង ៥៦:៨) ត្រូវហើយព្រះយេហូវ៉ាចាត់ទុកថាជាការមានតម្លៃណាស់ ហើយចងចាំគ្រប់ទាំងទឹកភ្នែកនិងការរងទុក្ខវេទនាដែលយើងស៊ូទ្រាំក្នុងការរក្សាសេចក្ដីស្មោះត្រង់របស់យើងចំពោះទ្រង់នោះ។ ទឹកភ្នែកនិងការរងទុក្ខវេទនាក៏មានតម្លៃក្នុងព្រះនេត្ររបស់ទ្រង់ដែរ។
១៦ ក្នុងការមើលឃើញគុណសម្បត្ដិដ៏ល្អៗនិងការខំខ្នះខ្នែងរបស់យើងនោះ ជាការច្បាស់ណាស់ ដែលព្រះយេហូវ៉ារកឃើញការជាច្រើនក្នុងការអបអរនឹងយើងម្នាក់ៗ! ទោះបីជាលោកីយ៍របស់សាតាំងបានប្រព្រឹត្តមកលើយើងយ៉ាងណាក្ដី ព្រះយេហូវ៉ាចាត់ទុកយើងថាមានតម្លៃបំផុត និងជា«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»។—ហាកាយ ២:៧
អ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីនឹងសម្ដែងសេចក្ដីស្រឡាញ់របស់ទ្រង់
១៧. ហេតុអ្វីក៏យញ្ញបូជាលោះរបស់ព្រះគ្រីស្ទធ្វើឲ្យយើងជឿថា ព្រះយេហូវ៉ានិងព្រះយេស៊ូស្រឡាញ់យើងម្នាក់ៗនោះ?
១៧ ទីបី ព្រះយេហូវ៉ាបានប្រព្រឹត្តជាច្រើនដើម្បីនឹងសម្ដែងសេចក្ដីស្រឡាញ់របស់ទ្រង់សំរាប់យើង។ យ៉ាងប្រាកដហើយ យញ្ញបូជាលោះរបស់ព្រះគ្រីស្ទ ជាចម្លើយដ៏ខ្លាំងដល់ការភូតភររបស់សាតាំង ដែលថាយើងឥតមានតម្លៃ ឬថាឥតមានអ្នកណាស្រឡាញ់នោះ។ យើងមិនត្រូវភ្លេចអំពីមរណភាពដ៏ឈឺចាប់របស់ព្រះគ្រីស្ទនៅលើបង្គោលឈើទារុណកម្ម ហើយព្រមទាំងការឈឺចាប់ដ៏ខ្លាំងជាងនោះទៅទៀត ដែលព្រះយេហូវ៉ាបានស៊ូទ្រាំក្នុងការទតមើលមរណភាពនៃបុត្រាដ៏ស្ងួនភ្ងារបស់ទ្រង់ គឺជាការសម្ដែងនៃសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងរាល់គ្នា។ ម្យ៉ាងវិញទៀត សេចក្ដីស្រឡាញ់នោះគឺទាក់ទងមកយើងរាល់គ្នាផ្ទាល់។ ប៉ុលបានមានទស្សនៈយ៉ាងដូច្នោះដែរ ពីព្រោះលោកបានសរសេរថា៖ «ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»។—កាឡាទី ២:២០
១៨. ក្នុងន័យយ៉ាងណាដែលព្រះយេហូវ៉ាទាញនាំយើងមកឯព្រះគ្រីស្ទ?
១៨ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់សំរាប់យើង ដោយជួយយើងម្នាក់ៗឲ្យប្រើនូវផលប្រយោជន៍នៃយញ្ញបូជារបស់ព្រះគ្រីស្ទ។ ព្រះយេស៊ូបានមានបន្ទូលនៅយ៉ូហាន ៦:៤៤ថា៖ «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ»។ តាមរយៈកិច្ចការផ្សាយ ដែលបានផ្សាយមកដល់យើងគ្រប់ៗគ្នា ហើយតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដែលព្រះយេហូវ៉ាប្រើដើម្បីជួយយើងឲ្យយល់ ហើយអនុវត្តសេចក្ដីពិតខាងវិញ្ញាណ ថ្វីបើយើងមានកំរិតនិងភាពមិនល្អឥតខ្ចោះក្ដី។ ព្រះយេហូវ៉ាទាញនាំយកយើងម្នាក់ៗមកឯបុត្រារបស់ទ្រង់ និងឲ្យមានសេចក្ដីសង្ឃឹមនៃជីវិតជាអនន្ត។ ដូច្នេះហើយ ព្រះយេហូវ៉ាអាចមានបន្ទូលអំពីយើង ដូចទ្រង់បានមានបន្ទូលអំពីសាសន៍អ៊ីស្រាអែលដែរថា៖ «ដោយសេចក្ដីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្បហេតុនេះបានជាអញទាញនាំឯងមក ដោយសេចក្ដីសប្បុរស»។—យេរេមា ៣១:៣
១៩. ហេតុអ្វីក៏ឯកសិទ្ធិនៃការអធិស្ឋានធ្វើឲ្យយើងជឿ អំពីសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះយើងម្នាក់ៗ?
១៩ ប៉ុន្តែ ប្រហែលជាតាមរយៈឯកសិទ្ធិនៃការអធិស្ឋានហើយ ដែលយើងពិសោធនូវសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាតាមរបៀបដ៏ស្និទ្ធស្នាលបំផុតនោះ។ ទ្រង់អញ្ជើញយើងម្នាក់ៗឲ្យ«អធិស្ឋានឥតឈប់ឈរ»ទៅទ្រង់។ (ថែស្សាឡូនីចទី១ ៥:១៧) ទ្រង់ស្ដាប់យើងមែន! ទ្រង់ក៏ត្រូវបានហៅជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»ផង។ (ទំនុកដំកើង ៦៥:២) ទ្រង់មិនប្រគល់តំណែងនេះទៅឲ្យអ្នកណាម្នាក់ឡើយ មិនទាំងដល់បុត្រាផ្ទាល់របស់ទ្រង់ផង។ សូមគិតទៅមើល៖ ព្រះដែលជាអ្នកបង្កើតនៃសកលលោក ដាស់តឿនឲ្យយើងមកឯទ្រង់ដោយអធិស្ឋាន ហើយនិយាយដោយសេរី។ សេចក្ដីទូលអង្វររបស់អ្នកប្រហែលជាបណ្ដាលឲ្យព្រះយេហូវ៉ា ធ្វើនូវអ្វីដែលទ្រង់មិនចង់ធ្វើនោះបាន។—ហេព្រើរ ៤:១៦; យ៉ាកុប ៥:១៦; សូមមើលអេសាយ ៣៨:១-១៦
២០. ហេតុអ្វីក៏សេចក្ដីស្រឡាញ់របស់ព្រះចំពោះយើងមិនមែនជាការដោះសារថាខ្លួនជាអ្នកសំខាន់ឬអហង្ការនិយមនោះ?
២០ ជនគ្រីស្ទានដែលមានចិត្តហ្នឹងធឹងមិនត្រូវយកទីសំអាងនៃសេចក្ដីស្រឡាញ់ និងការអបអររបស់ព្រះ ទុកជាការដោះសារក្នុងការគិតថាខ្លួនជាអ្នកសំខាន់ជាងអ្នកដទៃនោះឡើយ។ ប៉ុលបានសរសេរថា៖ «ដ្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា ដោយព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំថា ចូរគិតបែបឲ្យមានគំនិតនឹងធឹង តាមខ្នាតនៃសេចក្ដីជំនឿ ដែលព្រះបានចែកមកអ្នករាល់គ្នានិមួយៗ កុំឲ្យមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ»។ (រ៉ូម ១២:៣) ដូច្នេះ កាលដែលយើងទទួលនូវសេចក្ដីស្រឡាញ់យ៉ាងកក់ក្ដៅពីព្រះវរបីតាសួគ៌ារបស់យើងនោះ សូមឲ្យយើងមានគំនិតសមហេតុផលហើយចងចាំថាសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះ ជាអ្វីដែលយើងមិនសមនឹងទទួលទៅវិញទេ។—ប្រៀបធៀប លូកា ១៧:១០
២១. តើការកំភូតរបស់សាតាំងណាខ្លះ ដែលយើងត្រូវតែទប់ទល់ជានិច្ច ហើយតើសេចក្ដីពិតរបស់ព្រះមួយណាដែលយើងត្រូវតែជញ្ជឹងគិតជាដរាបនោះ?
២១ សូមឲ្យយើងម្នាក់ៗខំធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីនឹងទប់ទល់គំនិតទាំងឡាយ ដែលសាតាំងផ្សព្វផ្សាយក្នុងលោកីយ៍ដែលកំពុងតែអន់ថយទៅនេះ។ នេះរួមបញ្ចូលការបដិសេធគំនិតអ្វីៗដែលថាយើងជាមនុស្សឥតមានតម្លៃឬគ្មានអ្នកណាស្រឡាញ់នោះ។ បើសិនជាជីវិតនៅក្នុងប្រព័ន្ធនេះបានបង្រៀនអ្នកឲ្យចាត់ទុកខ្លួនអ្នក ជាឧបសគ្គដែលធ្វើឲ្យរុញរា សូម្បីតែដល់សេចក្ដីស្រឡាញ់របស់ទ្រង់ដ៏ខ្លាំងនោះ ឬថាការប្រព្រឹត្តល្អរបស់អ្នកជាការមិនសំខាន់នោះ សូម្បីតែដល់ព្រះនេត្ររបស់ទ្រង់ដែលទតឃើញទាំងអស់នោះ ឬថាអំពើបាបរបស់អ្នកធំដ៏ក្រៃលែង សូម្បីតែមរណភាពនៃរាជបុត្រាដ៏មានតម្លៃរបស់ព្រះក៏មិនគ្របបានផង នោះអ្នកបានត្រូវគេបង្រៀនអំពីការភូតភរហើយ។ សូមបដិសេធការភូតភរបែបនេះ ដោយស្អប់ខ្ពើមទាំងស្រុងផងទៅ! សូមឲ្យយើងចងចាំជានិច្ចអំពីពាក្យរបស់សាវ័កប៉ុលនៅសៀវភៅរ៉ូម ៨:៣៨, ៣៩៖ «ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកំពស់ ទីជំរៅ ឬរបស់អ្វីដែលកើតមកឯទៀតក្ដី នោះពុំអាចនឹងពង្រាត់យើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ»។
[កំណត់សម្គាល់]
a តាមការពិត ពួកគេបានចាត់ទុកមនុស្សក្រីក្រ ដោយប្រើពាក្យដ៏មើលងាយថា «ʽam-ha·ʼaʹrets» ឬ«ប្រជាជននៅក្នុងស្រុក[ធូលីដី, ព.ថ.]»។ យោងទៅតាមវិជ្ជាករម្នាក់ ពួកផារីស៊ីបានបង្រៀនថា បុគ្គលម្នាក់មិនគួរទុកចិត្តមនុស្សក្រីក្រនឹងរបស់មានតម្លៃ ឬទុកចិត្តនឹងភស្តុតាង ឬគួរមានគេជាភ្ញៀវ ឬជាភ្ញៀវរបស់គេ ព្រមទាំងមិនគួរទិញអ្វីពីពួកគេឡើយ។ ពួកមេដឹកនាំសាសនាបានមានប្រសាសន៍ថា បើឲ្យកូនស្រីរបស់ខ្លួនរៀបការនឹងពួកមនុស្សទាំងនេះ គឺហាក់បីដូចជាដាក់បុគ្គលដែលមិនអាចការពារខ្លួនទៅឲ្យសត្វអញ្ចឹង។
តើអ្នកគិតយ៉ាងណាដែរ?
◻ ហេតុអ្វីក៏សាតាំងខំប្រឹងធ្វើឲ្យយើងជឿថា យើងជាមនុស្សឥតមានតម្លៃនិងឥតមានអ្នកណាស្រឡាញ់ដូច្នេះ?
◻ តើព្រះយេស៊ូបានបង្រៀនថា ព្រះយេហូវ៉ាអបអរនឹងយើងម្នាក់ៗយ៉ាងដូចម្ដេច?
◻ តើតាមរបៀបណាដែលយើងដឹងថា ព្រះយេហូវ៉ាអបអរយ៉ាងក្រៃលែងនឹងគុណសម្បត្ដិដ៏ល្អៗរបស់យើង?
◻ តើយើងអាចដឹងជាពិតប្រាកដយ៉ាងណាបាន ថាព្រះយេហូវ៉ាអបអរនឹងការខំខ្នះខ្នែងរបស់យើង?
◻ តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើងម្នាក់ៗយ៉ាងណាដែរ?
[រូបភាពនៅទំព័រ១៣]
ព្រះយេហូវ៉ាទ្រង់ទតឃើញនិងចងចាំដល់អស់អ្នកដែលគិតអំពីព្រះនាមរបស់ទ្រង់