‹ពួកអ្នកប្រព្រឹត្តតាមបន្ទូល›ដ៏រីករាយ
«ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ»។—យ៉ាកុប ១:២១, ២២
១. តើយើងចាត់ទុកបទគម្ពីរប្រចាំឆ្នាំ១៩៩៦របស់យើងជាយ៉ាងណា?
«ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ»។ ពាក្យថ្លែងដ៏ស្រួលយល់នេះ គឺមានសារដ៏សំខាន់ណាស់។ ពាក្យនេះគឺដកស្រង់ចេញពី«សំបុត្ររបស់យ៉ាកុប»នៅក្នុងព្រះគម្ពីរ ហើយនឹងដាក់តាំងនៅតាមសាលព្រះរាជាណាចក្រ ជាបទគម្ពីរប្រចាំឆ្នាំនៃស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងឆ្នាំ១៩៩៦។
២, ៣. ហេតុអ្វីក៏ជាការត្រឹមត្រូវដែលយ៉ាកុប ត្រូវសរសេរសំបុត្រដែលមានឈ្មោះរបស់លោកនោះ?
២ យ៉ាកុបជាប្អូនប្រុសរបស់ព្រះគ្រីស្ទ ជាបុគ្គលដ៏ធំដុំម្នាក់នៅក្នុងក្រុមជំនុំជនគ្រីស្ទានពីដើម។ នៅគ្រាមួយ ក្រោយពីព្រះយេស៊ូត្រូវបានប្រោសឲ្យរស់ឡើងវិញហើយ ព្រះអម្ចាស់របស់យើងបានលេចឲ្យយ៉ាកុបឃើញផ្ទាល់ រួចមកក៏ឲ្យពួកសាវ័កទាំងអស់ឃើញដែរ។ (កូរិនថូសទី១ ១៥:៧) ក្រោយមក នៅពេលដែលសាវ័កពេត្រុសបានដោះចេញពីគុកដោយអព្ភូតហេតុនោះ លោកបានប្រាប់ក្រុមគ្រីស្ទានដែលបានមកផ្ដុំគ្នានោះថា៖ «សូមប្រាប់រឿងនេះដល់យ៉ាកុប នឹងពួកបងប្អូនឲ្យដឹងផង»។ (កិច្ចការ ១២:១៧) ថ្វីបើយ៉ាកុបមិនមែនជាសាវ័កក្ដី យើងឃើញថា គាត់បានធ្វើជាប្រធានទៅលើកិច្ចប្រជុំគណៈអភិបាលក្នុងក្រុងយេរូសាឡិម នៅពេលដែលពួកសាវ័កនិងពួកចាស់ទុំបានសម្រេចចិត្តថា ពួកចូលសាសនាដែលជាសាសន៍ដទៃ គឺមិនចាំកាត់ស្បែកទេ។ យ៉ាកុបបានសង្ខេបរឿងនេះ ហើយសេចក្ដីសម្រេចនេះបានគាំទ្រដោយព្រះវិញ្ញាណបរិសុទ្ធ ហើយបញ្ជូនទៅគ្រប់ក្រុមជំនុំទាំងអស់។—កិច្ចការ ១៥:១-២៩
៣ យ៉ាងប្រាកដណាស់ ការវែកញែកដ៏មានគំនិតចាស់ទុំរបស់យ៉ាកុបគឺមានទម្ងន់ណាស់។ ប៉ុន្តែ គាត់បានទទួលស្គាល់ដោយចិត្តរាបទាបថា ខ្លួនគាត់គ្រាន់តែជា«បាវបំរើរបស់ព្រះ ហើយរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ»។ (យ៉ាកុប ១:១) សំបុត្ររបស់គាត់ដែលព្រះបណ្ដាលឲ្យតែងមកនោះ មានឱវាទដ៏ល្អៗនិងការលើកទឹកចិត្តដល់ជនគ្រីស្ទាននៅសព្វថ្ងៃនេះ។ សៀវភៅនេះត្រូវបានសរសេរចប់ បួនឆ្នាំមុននឹងពួករ៉ូម៉ាំងបានប្រយុទ្ធជាលើកទីមួយទៅលើក្រុងយេរូសាឡិមដោយលោកសេស្ទីអើស ហ្គាឡឺស ក្រោយពីដំណឹងល្អបានផ្សាយពាសពេញ«ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃ»រួចទៅហើយ។ (កូល៉ុស ១:២៣) នោះជាពេលដ៏ពិបាកណាស់ ហើយពួកអ្នកបំរើរបស់ព្រះយេហូវ៉ាបានដឹងយ៉ាងច្បាស់ថា សេចក្ដីជំនុំជំរះរបស់ទ្រង់ ជិតបានប្រហារទៅលើសាសន៍យូដានោះហើយ។
៤. តើអ្វីដែលបង្ហាញថា ពួកគ្រីស្ទានពីសម័យដើមបានមានការទុកចិត្តជាខ្លាំងក្នុងព្រះបន្ទូលរបស់ព្រះនោះ?
៤ ជនគ្រីស្ទានទាំងនោះបានមានបទគម្ពីរភាសាហេព្រើរទាំងមូល ហើយក៏មានបទគម្ពីរភាសាក្រិកជាច្រើនដែរ។ ដោយបានដកស្រង់ជាច្រើនពីឯកសារដើម នោះអ្នកសរសេរព្រះគម្ពីរគ្រីស្ទានច្បាស់ជាមានការទុកចិត្តទៅលើបន្ទូលរបស់ព្រះណាស់។ យ៉ាងដូច្នេះដែរ នៅសព្វថ្ងៃនេះ យើងត្រូវការសិក្សាបន្ទូលរបស់ព្រះឲ្យបានខ្នះខ្នែងហើយអនុវត្តតាមក្នុងជីវិតរបស់យើងដែរ។ ដើម្បីអាចស៊ូទ្រាំ យើងត្រូវការកម្លាំងខាងវិញ្ញាណនិងសេចក្ដីក្លាហានដែលព្រះគម្ពីរបរិសុទ្ធផ្ដល់ឲ្យ។—ទំនុកដំកើង ១១៩:៩៧; ធីម៉ូថេទី១ ៤:១៣
៥. ហេតុអ្វីក៏យើងត្រូវការការដឹកនាំដ៏ពិសេសនៅសព្វថ្ងៃនេះ ហើយតើយើងអាចរកឃើញការនេះនៅឯណា?
៥ នៅសព្វថ្ងៃនេះ មនុស្សលោកកំពុងតែឈរនៅគែមនៃ«សេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ»។ (ម៉ាថាយ ២៤:២១) ការសង្គ្រោះរបស់យើងគឺស្រេចទៅលើការដឹកនាំពីព្រះ។ តើយើងអាចរកឃើញការនេះយ៉ាងណាបាន? គឺដោយបើកចិត្តរបស់យើងតបឆ្លើយនឹងសេចក្ដីបង្រៀនពីបន្ទូលដែលវិញ្ញាណរបស់ព្រះបានបណ្ដាលឲ្យតែងមក។ នេះនឹងបណ្ដាលឲ្យយើងទៅជា«អ្នកប្រព្រឹត្តតាមព្រះបន្ទូល» ដូចជាពួកអ្នកបំរើដ៏ស្មោះរបស់ព្រះយេហូវ៉ានៅសម័យដើម។ យើងត្រូវតែអានហើយសិក្សាបន្ទូលរបស់ព្រះដោយយកចិត្តទុកដាក់ ហើយយកទៅប្រើដោយសរសើរដល់ព្រះយេហូវ៉ា។—ធីម៉ូថេទី២ ២:១៥; ៣:១៦, ១៧
ការអត់ទ្រាំដោយអំណរ
៦. ហេតុអ្វីក៏យើងមានអំណរក្នុងការប្រឈមមុខនឹងសេចក្ដីទុក្ខលំបាក?
៦ ក្នុងការផ្ដើមសរសេរសំបុត្ររបស់គាត់ យ៉ាកុបបាននិយាយអំពីអំណរ ដែលជាផលផ្លែទីពីរនៃវិញ្ញាណរបស់ព្រះ។ គាត់បានសរសេរថា៖ «បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន ចូរទុកឲ្យសេចក្ដីខ្ជាប់ខ្ជួននោះ បានធ្វើការឲ្យសំរេចពេញលេញចុះ ដើម្បីឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ហើយពេញខ្នាត ឥតខ្វះអ្វីឡើយ»។ (យ៉ាកុប ១:២-៤; កាឡាទី ៥:២២, ២៣) តើអាចនិយាយយ៉ាងណាបាន ថាការប្រឈមមុខនឹងសេចក្ដីទុក្ខលំបាកជាច្រើន ជា«សេចក្ដីអំណរសព្វគ្រប់»? សូម្បីតែព្រះយេស៊ូក៏បានមានបន្ទូលនៅក្នុងធម្មទាននៅលើភ្នំថា៖ «អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌»។ (ម៉ាថាយ ៥:១១, ១២) ជាអំណរដ៏ស្កប់ស្កល់ណាស់ ដោយឃើញព្រះយេហូវ៉ាប្រទានពរដល់ការខំប្រឹងប្រែងរបស់យើង កាលដែលយើងឆ្ពោះទៅរកគោលដៅនៃជីវិតដ៏អស់កល្បជានិច្ច។—យ៉ូហាន ១៧:៣; ធីម៉ូថេទី២ ៤:៧, ៨; ហេព្រើរ ១១:៨-១០, ២៦, ៣៥
៧. (ក) តើតាមរបៀបណាដែលព្រះអាចជួយយើងឲ្យអត់ទ្រាំបាន? (ខ) ដូចលោកយ៉ូប តើយើងនឹងទទួលបានរង្វាន់ដោយយ៉ាងណាដែរ?
៧ ព្រះយេស៊ូអង្គទ្រង់បានអត់ទ្រាំ«ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់»។ (ហេព្រើរ ១២:១, ២) ការមើលទៅឯគំរូដ៏ក្លាហានរបស់ព្រះយេស៊ូ ក៏អាចជួយយើងឲ្យអត់ទ្រាំបានដែរ! ដូចជាយ៉ាកុបបានមានប្រសាសន៍នៅចុងបញ្ចប់នៃសំបុត្ររបស់គាត់ ព្រះយេហូវ៉ាបានប្រទានរង្វាន់យ៉ាងបរិបូរដល់ពួកអ្នកដែលរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍។ យ៉ាកុបបានមានប្រសាសន៍ថា៖ «មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយ ពីសេចក្ដីអត់ធ្មត់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះ[ព្រះយេហូវ៉ា]ទ្រង់មានព្រះហឫទ័យមេត្ដាករុណា នឹងសេចក្ដីអាណិតអាសូរពោរពេញដែរ»។ (យ៉ាកុប ៥:១១) តើអ្នកនៅចាំទេ ពីរបៀបដែលលោកយ៉ូបបានទទួលរង្វាន់ដោយចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គាត់ នៅពេលដែលព្រះបានធ្វើឲ្យគាត់មានសុខភាពដ៏ល្អឡើងវិញ ហើយទទួលនូវជីវិតដ៏សប្បាយយ៉ាងពេញលេញជាមួយបុគ្គលជាទីស្រឡាញ់នោះ។ ការអត់ទ្រាំដោយចិត្តស្មោះគ្រប់ល័ក្ខណ៍ ក៏អាចធ្វើឲ្យអ្នកមានអំណរដូចនេះដែរ នៅក្នុងសួនមនោរម្យនៃពិភពលោកថ្មីរបស់ព្រះដែលបានសន្យាមក កាលដែលមានអំណរកាន់តែខ្លាំងឡើងក្នុងការបំរើព្រះយេហូវ៉ានៅសព្វថ្ងៃនេះ។
ការស្វែងរកប្រាជ្ញា
៨. តើតាមរបៀបណាដែលយើងអាចរកឃើញប្រាជ្ញាពិតហើយមានប្រយោជន៍ ហើយតើការអធិស្ឋានមានមុខនាទីយ៉ាងណាក្នុងរឿងនេះ?
៨ ការសិក្សាបន្ទូលរបស់ព្រះយ៉ាងប្រិតប្រៀន រួមបញ្ចូលនឹងការអនុវត្តតាម នោះយើងនឹងទទួលបានប្រាជ្ញាពីព្រះ ដែលនឹងជួយយើងឲ្យអត់ទ្រាំនឹងសេចក្ដីទុក្ខលំបាកនៅក្នុងរបបដ៏ពុករលួយរបស់សាតាំងដែលកំពុងតែហិនហោចទៅនេះ។ តើតាមរបៀបណាដែលយើងអាចដឹងជាពិតប្រាកដ ក្នុងការរកឃើញប្រាជ្ញាបែបនេះ? យ៉ាកុបប្រាប់យើងថា៖ «តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ តែត្រូវឲ្យអ្នកនោះសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រ ដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង»។ (យ៉ាកុប ១:៥, ៦) យើងត្រូវតែខំប្រឹងអធិស្ឋាន ដោយមានការទុកចិត្តដោយឥតរំពើចុះឡើង ថាព្រះយេហូវ៉ានឹងឮសេចក្ដីអង្វររបស់យើង ហើយថាទ្រង់នឹងតបឆ្លើយតាមពេលវេលានិងតាមផ្លូវរបស់ទ្រង់។
៩. តើតាមរបៀបណាដែលយ៉ាកុបបានរៀបរាប់អំពីប្រាជ្ញារបស់ព្រះ និងការអនុវត្តតាមនោះ?
៩ ប្រាជ្ញារបស់ព្រះគឺជារង្វាន់ពីព្រះយេហូវ៉ា។ ក្នុងការរៀបរាប់អំពីរង្វាន់បែបនេះ យ៉ាកុបបានមានប្រសាសន៍ថា៖ «គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្ដីផ្លាស់ប្រែក៏គ្មានដែរ»។ ក្រោយមកនៅក្នុងសំបុត្ររបស់គាត់ យ៉ាកុបពន្យល់ពីលទ្ធផលនៃការទទួលប្រាជ្ញាពិត កាលដែលគាត់មានប្រសាសន៍ថា៖ «ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញានឹងយោបល់ ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្ត ដោយសេចក្ដីសុភាពនៃប្រាជ្ញាចុះ . . . តែប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្ដីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្ដីមេត្ដាករុណា នឹងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង»។—យ៉ាកុប ១:១៧; ៣:១៣-១៧
១០. តើសាសនាពិតមានភាពខុសគ្នាយ៉ាងណាខ្លះពីសាសនាមិនពិត?
១០ នៅក្នុងចក្រភពទូទៅនៃសាសនាមិនពិត មិនថានៅក្នុងពិភពគ្រីស្ទសាសនាឬនៅប្រទេសផ្សេងៗទៀត ជាទំនៀមទំលាប់ដែលពួកអ្នកថ្វាយបង្គំតែងតែច្រៀង ស្ដាប់នូវការអធិស្ឋានដដែលៗ ហើយប្រហែលជាស្ដាប់ការថ្លែងសុន្ទរកថា។ គឺគ្មានការលើកទឹកចិត្តឲ្យទៅប្រកាសសារនៃសេចក្ដីសង្ឃឹមទេ ពីព្រោះសាសនាសឹងតែទាំងអស់គឺគ្មានសង្ឃឹមដ៏ល្អចំពោះអនាគតឡើយ។ សូម្បីតែសេចក្ដីសង្ឃឹមដ៏រុងរឿងនៃព្រះរាជាណាចក្រនៃព្រះមេស្ស៊ីក៏មិនដែលរៀបរាប់ឬយល់យ៉ាងច្បាស់លាស់ឡើយ។ តាយរយៈទំនាយព្រះយេហូវ៉ាមានបន្ទូលអំពីពួកអ្នកកាន់នៃពិភពគ្រីស្ទសាសនាថា៖ «ដ្បិតរាស្ត្រអញបានប្រព្រឹត្តអំពើអាក្រក់២យ៉ាង គឺបានទាំងបោះបង់ចោលអញ ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង»។ (យេរេមា ២:១៣) ពួកគេមិនមានទឹកនៃសេចក្ដីពិតទេ។ គឺគ្មានប្រាជ្ញាពីសួគ៌ាឡើយ។
១១, ១២. (ក) តើប្រាជ្ញារបស់ព្រះធ្វើឲ្យយើងចង់ធ្វើអ្វី? (ខ) ប្រាជ្ញាព្រះព្រមានប្រាប់យើងអំពីអ្វី?
១១ គឺមានសភាពខុសគ្នាណាស់ក្នុងចំណោមស្មរបន្ទាល់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ! ដោយព្រះបានប្រទានកម្លាំងដ៏ខ្លាំងក្លា ពួកគេកំពុងតែផ្សាយដំណឹងល្អពាសពេញផែនដី ប្រាប់អំពីព្រះរាជាណាចក្រដែលនឹងត្រូវមកខាងមុខនេះ។ ប្រាជ្ញាដែលពួកគេនិយាយនោះ គឺមានមូលដ្ឋានពីបន្ទូលរបស់ព្រះ។ (ប្រៀបធៀប សុភាសិត ១:២០; អេសាយ ៤០:២៩-៣១) ប្រាកដហើយ ពួកគេអនុវត្តចំណេះវិជ្ជានិងការយល់ពិត ក្នុងការប្រកាសគោលបំណងដ៏ល្អអស្ចារ្យរបស់ព្រះជាអ្នកបង្កើតយើង។ នេះគួរតែជាចំណង់របស់យើង ដែលមនុស្សគ្រប់ៗនៅក្នុងក្រុមជំនុំ«បានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ»។ (កូល៉ុស ១:៩) ដោយមានមូលដ្ឋានបែបនេះ ទាំងក្មេងទាំងចាស់នឹងត្រូវបានលើកទឹកចិត្តឲ្យទៅជា«ពួកអ្នកប្រព្រឹត្តតាមបន្ទូល»ជានិច្ច។
១២ «ប្រាជ្ញាពីស្ថានលើ»ព្រមានប្រាប់យើងអំពីបាបដែលអាចធ្វើឲ្យព្រះមិនសព្វព្រះហឫទ័យ។ យ៉ាកុបមានប្រសាសន៍ថា៖ «ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ដ្បិតសេចក្ដីកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះទេ»។ ត្រូវហើយ យើងត្រូវតែឆាប់នឹងស្ដាប់ ខំខ្នះខ្នែងនឹងស្ដាប់តាមឱវាទព្រះហើយអនុវត្តតាម។ ប៉ុន្តែ យើងត្រូវតែប្រយ័ត្នពីការប្រើដ៏មិនត្រឹមត្រូវនៃ«អវយវៈ១យ៉ាងតូច»គឺអណ្ដាតនោះ។ តាមរយៈការអួត ការនិយាយដើមដ៏មិនប្រាជ្ញា ឬគិតតែពីគំនិតរបស់ខ្លួន អណ្ដាតប្រៀបដូចជាអាចឆេះ‹ព្រៃធំ›ទៅបាន។ ដូច្នេះហើយ ក្នុងការចូលរួមជាមួយគ្នីគ្នា យើងត្រូវតែបណ្ដុះឲ្យមានភាពគួរជាទីចូលចិត្តនិងការទប់ខ្លួន។—យ៉ាកុប ១:១៩, ២០; ៣:៥
១៣. ហេតុអ្វីក៏ជាការសំខាន់ម្ល៉េះ ដែលយើងត្រូវតែទទួលយក‹ព្រះបន្ទូលដែលបានដាំក្នុងចិត្តយើងនោះ›?
១៣ យ៉ាកុបបានសរសេរថា៖ «ចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងសេចក្ដីស្មោកគ្រោកចេញ នឹងសេចក្ដីគំរក់ដ៏មានច្រើនម្ល៉េះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន»។ (យ៉ាកុប ១:២១) លោកីយ៍ដ៏ល្មោភនេះ ដែលពោរពេញទៅដោយដំណើរការរស់នៅអាត្មានិយម ហើយការឱនថយខាងសីលធម៌ គឺជិតនឹងកន្លងផុតទៅហើយ។ «តែអ្នកណាដែលធ្វើតាមព្រះហឫទ័យព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ចវិញ»។ (យ៉ូហានទី១ ២:១៥-១៧) ដូច្នេះ ជាការសំខាន់ណាស់ ដែលយើងត្រូវទទួល‹ព្រះបន្ទូលដែលបានដាំក្នុងយើងរាល់គ្នា›! ប្រាជ្ញាដែលបានផ្ដល់មកតាមរយៈបន្ទូលរបស់ព្រះ គឺឃើញយ៉ាងច្បាស់ ខុសស្រឡះពីភាពអាក្រក់នៃលោកីយ៍ដែលកំពុងតែហិនហោចទៅនេះ។ យើងមិនចង់បានការអាក្រក់ទាំងនោះទេ។ (ពេត្រុសទី១ ២:១, ២) យើងត្រូវតែមានសេចក្ដីស្រឡាញ់នៃសេចក្ដីពិតនិងជំនឿមុតមាំ ដែលបានដាំក្នុងចិត្តរបស់យើង ដើម្បីឲ្យយើងមិនត្រូវបែរចេញពីផ្លូវដ៏សុចរិតរបស់ព្រះយេហូវ៉ាឡើយ។ ប៉ុន្តែ តើការឮបន្ទូលរបស់ព្រះគ្រប់គ្រាន់ទេ?
ចូរឲ្យទៅជា«អ្នកប្រព្រឹត្តតាមព្រះបន្ទូល»ចុះ
១៤. តើយើងអាចទៅជា«អ្នកឮ» ហើយ‹អ្នកប្រព្រឹត្ត›តាមព្រះបន្ទូលយ៉ាងដូចម្ដេចបាន?
១៤ នៅយ៉ាកុប ១:២២ យើងអានថា៖ «ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្ដាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ»។ «ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ»! ចំណងជើងនេះគឺច្បាស់ជាបញ្ជាក់ក្នុងសំបុត្ររបស់យ៉ាកុបមែន។ យើងត្រូវតែស្ដាប់ រួចមក ធ្វើតាមយ៉ាង«ដូច្នោះ»! (លោកុប្បត្តិ ៦:២២) នៅសព្វថ្ងៃនេះ មនុស្សជាច្រើនអះអាងថា ការស្ដាប់ធម្មទានឬការចូលរួមក្នុងការថ្វាយបង្គំម្ដងមួយកាលឲ្យគ្រាន់តែបង្គ្រប់កិច្ចនោះ ជាការគ្រប់គ្រាន់ហើយ ហើយពួកគេមិនធ្វើអ្វីទៀតទេ។ ពួកគេប្រហែលជាគិតថា ឲ្យតែពួកគេ‹ប្រកបជីវិតល្អ›យោងទៅតាមបមាណីយរបស់គេទៅ នោះគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែព្រះយេស៊ូគ្រីស្ទថ្លែងថា៖ «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ»។ (ម៉ាថាយ ១៦:២៤) អ្វីដែលតម្រូវពីជនគ្រីស្ទានពិត នោះគឺការប្រព្រឹត្តដោយបូជាខ្លួនហើយអត់ទ្រាំក្នុងការកាន់តាមគំរូរបស់ព្រះគ្រីស្ទ នៃការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ។ ចំពោះពួកគេ បំណងព្រះហឫទ័យរបស់ព្រះនៅសព្វថ្ងៃនេះ គឺមានដូចនៅសតវត្សទីមួយដែរ នៅពេលដែលព្រះយេស៊ូដែលបានប្រោសឲ្យរស់ឡើងវិញ បានមានបង្គាប់ថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ (ម៉ាថាយ ២៨:១៩) តើអ្នកបានប្រព្រឹត្តយ៉ាងណាដែរចំពោះរឿងនេះ?
១៥. (ក) តើឧទាហរណ៍អ្វីដែលយ៉ាកុបផ្ដល់ឲ្យ ក្នុងការបង្ហាញនូវរបៀបដែលយើងអាចសប្បាយជា«អ្នកប្រព្រឹត្តតាមព្រះបន្ទូល»? (ខ) ហេតុអ្វីក៏ការថ្វាយបង្គំឲ្យតែបង្គ្រប់កិច្ចជាការមិនគ្រប់គ្រាន់?
១៥ បើសិនជាយើងខំពិនិត្យបន្ទូលរបស់ព្រះ នេះអាចប្រៀបទៅនឹងឆ្លុះមុខក្នុងកញ្ចក់ ដែលជះឲ្យយើងឃើញថាតើយើងជាមនុស្សប្រភេទណា។ យ៉ាកុបបានមានប្រសាសន៍ថា៖ «អ្នកណាដែលពិនិត្យមើលក្នុងក្រិត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រិត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ ឥតបានភ្លេចសេចក្ដីដែលស្ដាប់នោះឡើយ គឺបានប្រព្រឹត្តតាមវិញ អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការ ដែលខ្លួនធ្វើទាំងប៉ុន្មាន»។ (យ៉ាកុប ១:២៣-២៥) ត្រូវហើយ គាត់នឹងមានចិត្តដ៏រីករាយក្នុងការ‹ធ្វើតាមព្រះបន្ទូល›។ ម្យ៉ាងវិញទៀត ជាការសំខាន់ណាស់ ដែលយើងចង់ឲ្យបានទៅជា‹អ្នកប្រព្រឹត្ត›ក្នុងគ្រប់សកម្មភាពនៃជីវភាពជនគ្រីស្ទាន។ យើងមិនគួរបញ្ឆោតខ្លួនយើង ថាគ្រាន់តែថ្វាយបង្គំឲ្យបង្គ្រប់កិច្ច ជាការគ្រប់គ្រាន់នោះឡើយ។ យ៉ាកុបទូន្មានយើងឲ្យកាន់តាមទិដ្ឋភាពខ្លះនៃការថ្វាយបង្គំពិត ដែលសូម្បីតែជនគ្រីស្ទានខ្នះខ្នែងខ្លះមិនបានអើពើផង។ គាត់សរសេរថា៖ «ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា នឹងពួកមេម៉ាយ ក្នុងកាលដែលគេមានសេចក្ដីវេទនា ហើយឲ្យរក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ»។—យ៉ាកុប ១:២៧
១៦. តាមរបៀបណាដែលលោកអ័ប្រាហាំបានក្លាយទៅជា«សំឡាញ់របស់ព្រះយេហូវ៉ា» ហើយតើយើងអាចទៅជាមិត្តរបស់ទ្រង់យ៉ាងណាបាន?
១៦ មិនជាការគ្រប់គ្រាន់ទេ ដោយនិយាយថា៖ ‹ខ្ញុំជឿព្រះ› ហើយមិនធ្វើអ្វីទៀតនោះ។ នៅយ៉ាកុប ២:១៩ បានកត់សម្គាល់ថា៖ «អ្នកជឿថា មានព្រះតែ១ នោះត្រូវហើយ ទោះទាំងពួកអារក្សក៏ជឿដូច្នោះ ព្រមទាំងព្រឺខ្លាចដែរ»។ យ៉ាកុបបញ្ជាក់ថា «ឯសេចក្ដីជំនឿក៏បែបដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់នៅតែឯង»។ ហើយគាត់បានសំដៅទៅលោកអ័ប្រាហាំ ដោយនិយាយថា៖ «សេចក្ដីជំនឿបានរួមជាមួយនឹងការដែលលោកប្រព្រឹត្ត ហើយសេចក្ដីជំនឿបានគ្រប់លក្ខណ៍ ដោយសារការនោះឯង»។ (យ៉ាកុប ២:១៧, ២០-២២) កិច្ចការរបស់លោកអ័ប្រាហាំ គឺរួមបញ្ចូលទាំងការផ្ដល់នូវការធូរស្បើយដល់ញាតិសន្ដានរបស់លោក ការសម្ដែងការរាក់ទាក់ ប្រុងនឹងបូជាអ៊ីសាក ហើយការ‹ប្រកាសតាមសាធារណៈ›ដោយមានជំនឿយ៉ាងមាំមួនអំពីសេចក្ដីសន្យារបស់ព្រះ នៃ‹ទីក្រុងដែលមានគ្រឹះពិត› គឺព្រះរាជាណាចក្រនៃព្រះមេស្ស៊ីនៅអនាគត។ (លោកុប្បត្តិ ១៤:១៦; ១៨:១-៥; ២២:១-១៨; ហេព្រើរ ១១:៨-១០, ១៣, ១៤; ១៣:២) យ៉ាងសមហេតុផល លោកអ័ប្រាហាំ«ព្រះក៏ហៅលោកជា‹សំឡាញ់របស់[ព្រះយេហូវ៉ា]ដែរ› »។ (យ៉ាកុប ២:២៣) យើងក៏អាចទៅជា‹មិត្តសំឡាញ់របស់ព្រះយេហូវ៉ាបានដែរ› កាលដែលយើងប្រកាសដោយសកម្ម អំពីជំនឿនិងសេចក្ដីសង្ឃឹមនូវព្រះរាជាណាចក្រនៃសេចក្ដីសុចរិតរបស់ទ្រង់ដែលត្រូវមកខាងមុខនេះ។
១៧. (ក) ហេតុអ្វីក៏នាងរ៉ាហាប«បានរាប់ជាសុចរិត» ហើយតើនាងបានទទួលរង្វាន់យ៉ាងណា? (ខ) តើមានបញ្ជីដ៏វែងណាដែលព្រះគម្ពីរផ្ដល់មកឲ្យចំពោះអស់អ្នកដែល‹បានក្លាយទៅជាអ្នកដែលប្រព្រឹត្តតាមព្រះបន្ទូល›នោះ? (គ) តើយ៉ូបបានទទួលរង្វាន់យ៉ាងណា ហើយហេតុអ្វី?
១៧ ពួកអ្នកដែលបានទៅជាអ្នក«ប្រព្រឹត្តតាមព្រះបន្ទូល» គឺប្រាកដជា«បានរាប់ជាសុចរិត មិនមែនដោយសារតែសេចក្ដីជំនឿប៉ុណ្ណោះទេ គឺដោយសារការប្រព្រឹត្តដែរ»។ (យ៉ាកុប ២:២៤) នាងរ៉ាហាបជាបុគ្គលម្នាក់ដែលបានប្រព្រឹត្តកិច្ចការទៅលើជំនឿរបស់នាងតាម«ព្រះបន្ទូល» ដែលនាងបានឮអំពីការប្រព្រឹត្តដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា។ នាងបានលាក់ពួកឈ្លបជនជាតិអ៊ីស្រាអែល ហើយបានជួយពួកគេឲ្យគេចផុត ហើយរួចមកនាងបានប្រមូលគ្រួសាររបស់ឪពុកនាង ដើម្បីឲ្យបានសង្គ្រោះ។ នៅក្នុងដំណើររស់ឡើងវិញ នាងច្បាស់ជាសប្បាយរីករាយណាស់ ដោយដឹងថា ជំនឿរបស់នាង ដែលបានគាំទ្រដោយកិច្ចការ បាននាំឲ្យនាងក្លាយទៅជាជីដូនរបស់ព្រះមេស្ស៊ី! (យ៉ូស្វេ ២:១១; ៦:២៥; ម៉ាថាយ ១:៥) ហេព្រើរជំពូក ១១ ផ្ដល់នូវបញ្ជីយ៉ាងវែងនៃអ្នកដទៃទៀតដែល‹បានក្លាយទៅជាអ្នកប្រព្រឹត្ត› ក្នុងការសម្ដែងជំនឿរបស់គេ ហើយពួកគេបានទទួលរង្វាន់យ៉ាងបរិបូរ។ ហើយយើងក៏មិនត្រូវភ្លេចអំពីលោកយ៉ូបដែរ ថ្វីបើនៅក្រោមសេចក្ដីទុក្ខលំបាកដ៏ធ្ងន់ក្ដី លោកបានមានប្រសាសន៍ថា៖ «សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ»។ ដូចជាយើងបានឃើញមកហើយ លោកបានទទួលរង្វាន់ដ៏ធំអស្ចារ្យមែន ដោយជំនឿនិងកិច្ចការរបស់លោក។ (យ៉ូប ១:២១; ៣១:៦; ៤២:១០; យ៉ាកុប ៥:១១) យ៉ាងដូច្នេះដែរ ការអត់ទ្រាំរបស់យើងនៅសព្វថ្ងៃនេះ ជា‹ពួកអ្នកប្រព្រឹត្តតាមព្រះបន្ទូល› នឹងធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យជាមិនខាន។
១៨, ១៩. តើបងប្អូនដែលត្រូវគេជិះជាន់ជាយូរមកហើយ «បានក្លាយទៅជាអ្នកប្រព្រឹត្តតាមព្រះបន្ទូល»យ៉ាងណា ហើយតើសកម្មភាពរបស់គេបានទទួលព្រះពរយ៉ាងណាដែរ?
១៨ បងប្អូនរបស់យើងដែលរស់នៅទ្វីបអឺរ៉ុបខាងកើត គឺនៅក្នុងចំណោមពួកអ្នកដែលបានអត់ទ្រាំជាច្រើនឆ្នាំមកហើយ។ ឥឡូវនេះ ដោយការបម្រាមជាច្រើនត្រូវបានដកចេញហើយនោះ ពួកទាំងនេះគឺពិតជា‹ពួកអ្នកប្រព្រឹត្តតាមព្រះបន្ទូល›មែននៅក្នុងស្ថានការណ៍ថ្មីនេះ។ ពួកសាសនទូតនិងពួកអ្នកត្រួសត្រាយពេញពេល ដែលនៅប្រទេសជិតៗនោះ បានមកជួយក្នុងការបង្រៀននិងការរៀបចំ។ សាខានៅប្រទេសហ្វង់ឡង់និងសាខានៃសមាគមខាងប៉មយាមផ្សេងៗទៀតដែលនៅជិតប្រទេសនោះ បានបញ្ជូនពួកអ្នកសង់ដ៏ជំនាញៗ ហើយបងប្អូនអន្តរជាតិទូទាំងពិភពលោកជួយខាងប្រាក់កាសដើម្បីនឹងសង់ការិយាល័យសាខាថ្មីៗ ហើយនិងសាលព្រះរាជាណាចក្រ។—ប្រៀបធៀប កូរិនថូសទី២ ៨:១៤, ១៥
១៩ បងប្អូនដែលគេត្រូវបានជិះជាន់ជាយូរមកហើយនេះ បានតបឆ្លើយយ៉ាងខ្នះខ្នែងមែនក្នុងការផ្សាយ! ពួកគេ‹ខំប្រឹងធ្វើការហើយមានចិត្តខ្នះខ្នែង› ដើម្បីនឹងសង បើនិយាយជាអត្ថបដិរូប ទៅលើឱកាសដែលពួកគេពុំមានក្នុងកំឡុង‹ពេលដ៏មិនល្អ›។ (ធីម៉ូថេទី១ ៤:១០; ធីម៉ូថេទី២ ៤:២) ជាឧទាហរណ៍ ក្នុងប្រទេសអាល់បានី ក្នុងខែមេសាកន្លងទៅនេះ ដែលត្រូវបានគេជិះជាន់យ៉ាងធ្ងន់នោះ ចំនួនប្រកាសនវត្ថុទាំងមូលនៃដំណឹងព្រះរាជាណាចក្រ ដែលមានចំណងជើងថា៖ «ហេតុអ្វីក៏ជីវិតពោរពេញទៅដោយបញ្ហាច្រើនម្ល៉េះ» ត្រូវបានចែកចាយក្នុងរយៈតែបីថ្ងៃប៉ុណ្ណោះ។ នេះគឺជាអ្វីដ៏អស្ចារ្យមែន ចំពោះចំនួនដែលបានមកឯពិធីបុណ្យរំឭកមរណៈភាពរបស់ព្រះយេស៊ូ គឺមាន៣.៤៩១នាក់បានមក—គឺមានច្រើនដងជាងពួកអ្នកផ្សាយដ៏សកម្មដែលមានតែ៥៣៨នាក់នោះ។
២០. តើចំនួនប្រជុំជនដែលមកពិធីបុណ្យរំឭកថ្មីៗនេះបញ្ជាក់អំពីអ្វី ហើយតើយើងអាចជួយមនុស្សជាច្រើនយ៉ាងណាបាន?
២០ នៅប្រទេសផ្សេងៗក៏បានផ្ដល់នូវចំនួនប្រជុំជនដែលមកពិធីបុណ្យរំឭកយ៉ាងច្រើនដែរ ដែលបានកើនឡើងក្នុងឆ្នាំថ្មីៗនេះទៅជាង១០.០០០.០០០។ នៅកន្លែងជាច្រើន ពួកថ្មីៗបានពង្រឹងជំនឿរបស់គេ ដោយបានមកប្រជុំនិងពិនិត្យមើលពិធីបុណ្យរំឭក គឺកំពុងតែ‹ក្លាយទៅជាអ្នកប្រព្រឹត្តតាមព្រះបន្ទូល›។ តើយើងអាចលើកទឹកចិត្តពួកអ្នកចូលរួមថ្មីទាំងនេះឲ្យមានសមត្ថភាពនឹងឯកសិទ្ធិទៀតបានទេ?
២១. ក្នុងការស្របនឹងបទគម្ពីរប្រចាំឆ្នាំរបស់យើង តើយើងត្រូវស្វែងរកអ្វី ហើយមានគោលបំណងយ៉ាងណា?
២១ ដូចពួកជនគ្រីស្ទានដែលមានចិត្តដ៏ខ្នះខ្នែងនៅក្នុងសតវត្សទីមួយ ហើយពួកអ្នកផ្សេងៗទៀតតាំងពីនោះមក សូមឲ្យយើងប្ដេជ្ញាចិត្តផងដែរ ឲ្យខំខ្នះខ្នែងខ្លួនយើងក្នុងការ«រត់ដំរង់ទៅឯទី»នៃជីវិតអស់កល្បជានិច្ច មិនថានៅខាងព្រះរាជាណាចក្រសួគ៌ា ឬនៅក្នុងវិស័យលើផែនដីនេះ។ (ភីលីព ៣:១២-១៤) គ្រប់ទាំងការខំប្រឹងរបស់យើង គឺមានប្រយោជន៍ណាស់ ក្នុងការទទួលនូវរង្វាន់នោះ។ នេះមិនមែនជាពេលដែលយើងត្រូវធ្លាក់ថយក្រោយដែលគ្រាន់តែធ្វើជាអ្នកស្ដាប់ ប៉ុន្តែនេះជាគ្រាដែលយើង‹ត្រូវតែឲ្យបានខ្លាំងក្លាហើយធ្វើការ›។ (ហាកាយ ២:៤; ហេព្រើរ ៦:១១, ១២) ដោយបាន‹ទទួលយកព្រះបន្ទូលដែលបានដាំក្នុងចិត្តហើយនោះ› សូមឲ្យយើង‹ក្លាយទៅជាអ្នកប្រព្រឹត្តតាមព្រះបន្ទូលដ៏រីករាយ› នៅឥឡូវនេះ ហើយជារៀងដរាបតទៅ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើយើងអាចអត់ទ្រាំដោយអំណរយ៉ាងណា?
◻ តើ«ប្រាជ្ញាពីស្ថានលើ»ជាអ្វី ហើយតើយើងអាចស្វែងរកបានយ៉ាងណា?
◻ ហេតុអ្វីក៏យើងត្រូវតែ«ក្លាយទៅជាអ្នកប្រព្រឹត្តតាមព្រះបន្ទូល មិនមែនគ្រាន់តែជាអ្នកស្ដាប់នោះ»?
◻ តើរបាយការណ៍អ្វីដែលគួរតែលើកទឹកចិត្តយើងឲ្យទៅជា«អ្នកប្រព្រឹត្តតាមព្រះបន្ទូល»?
[រូបភាពនៅទំព័រ២៥]
សូមឲ្យយើងបើកចិត្តរបស់យើងទៅនឹងការបង្រៀនរបស់ព្រះដែរចុះ
[រូបភាពនៅទំព័រ២៦]
ដោយចិត្តស្មោះគ្រប់ល័ក្ខណ៍របស់លោកយ៉ូប គាត់ត្រូវបានទទួលរង្វាន់ដោយមានជីវិតដ៏សប្បាយពេញលេញឡើងវិញជាមួយបុគ្គលជាទីស្រឡាញ់