‹ចូរដើររួមជាមួយព្រះគ្រីស្ទតទៅទៀតចុះ›
«ដូច្នេះ ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូជាព្រះអម្ចាស់ហើយ ចូរដើររួមជាមួយទ្រង់យ៉ាងនោះតទៅទៀតចុះ»។—កូល៉ុស ២:៦, ព.ថ.
១, ២. (ក) តើព្រះគម្ពីររៀបរាប់យ៉ាងណាអំពីជីវិតរបស់អេណុក ដែលជាអ្នកបំរើព្រះយេហូវ៉ាដ៏ស្មោះត្រង់? (ខ) តើតាមរបៀបណាដែលព្រះយេហូវ៉ាបានជួយយើងឲ្យដើររួមជាមួយទ្រង់ ដូចកូល៉ុស ២:៦, ៧ បានបង្ហាញមកនោះ?
តើអ្នកដែលមើលក្មេងប្រុសដ៏តូចម្នាក់ ដើរជាមួយឪពុករបស់វាទេ? ក្មេងប្រុសដ៏តូចនេះត្រាប់តាមចលនាកាយវិការរបស់ឪពុកវា ហើយមុខវាមានពេញដោយការសរសើរ។ ឪពុកក៏ជួយក្មេងនេះដែរ ហើយមុខរបស់គាត់ក៏មានពេញដោយសេចក្ដីស្រឡាញ់និងសេចក្ដីយល់ព្រមដែរ។ យ៉ាងសមហេតុផល ព្រះយេហូវ៉ាប្រើពិពណ៌នាបែបនេះ ដើម្បីនឹងរៀបរាប់អំពីកិច្ចបំរើដ៏ស្មោះត្រង់ចំពោះទ្រង់។ ជាឧទាហរណ៍ បន្ទូលរបស់ព្រះចែងថា អេណុកដែលជាបុរសដ៏ស្មោះត្រង់បាន«ដើរជាមួយនឹងព្រះ[ពិត]»។—លោកុប្បត្តិ ៥:២៤; ៦:៩
២ ដូចជាឪពុកដ៏ចេះគិតគូនឹងជួយកូនប្រុសរបស់គាត់ឲ្យដើរជាមួយនឹងគាត់ នោះព្រះយេហូវ៉ាក៏បានប្រទានជំនួយដ៏ប្រសើរសំរាប់យើងដែរ។ ទ្រង់បានបញ្ជូនរាជបុត្រាតែមួយគត់ដែលព្រះបង្កើតផ្ទាល់ឲ្យមកផែនដីនេះ។ ក្នុងគ្រប់ជំហានទាំងឡាយដែលទ្រង់បានដើរនៅលើផែនដីនេះ នោះព្រះយេស៊ូគ្រីស្ទបានធ្វើត្រាប់យ៉ាងពេញលេញអំពីព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌។ (យ៉ូហាន ១៤:៩, ១០; ហេព្រើរ ១:៣) ដូច្នេះ ដើម្បីនឹងដើរជាមួយព្រះ នោះយើងត្រូវតែដើរជាមួយព្រះយេស៊ូសិន។ សាវ័កប៉ុលបានសរសេរថា៖ «ដូច្នេះ ដែលអ្នករាល់គ្នាបានទទួលព្រះគ្រីស្ទយេស៊ូជាព្រះអម្ចាស់ហើយ ចូរដើររួមជាមួយទ្រង់យ៉ាងនោះតទៅទៀតចុះ ទាំងចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ ទាំងតាំងយ៉ាងនឹងនក្នុងជំនឿ ដូចជាបានបង្រៀនដល់អ្នករាល់គ្នាហើយ ព្រមទាំងពេញហូរហៀរដោយ[ជំនឿ]ក្នុងការអរព្រះគុណផង»។—កូល៉ុស ២:៦, ៧, ព.ថ.
៣. យោងទៅតាមកូល៉ុស ២:៦, ៧ ហេតុអ្វីក៏យើងអាចនិយាយថា ការដើររួមជាមួយព្រះគ្រីស្ទមិនគ្រាន់តែទាក់ទងការធ្វើបុណ្យជ្រមុជទឹកប៉ុណ្ណោះ?
៣ ដោយព្រោះគេចង់ដើរជាមួយនឹងព្រះគ្រីស្ទ ដោយខំធ្វើតាមដានដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ នោះពួកសិស្សព្រះគម្ពីរដែលមានចិត្តស្មោះត្រង់ក៏ធ្វើបុណ្យជ្រមុជទឹកទៅ។ (លូកា ៣:២១; ហេព្រើរ ១០:៧-៩) គ្រាន់តែក្នុងឆ្នាំ១៩៩៧ប៉ុណ្ណោះ នៅពាសពេញពិភពលោក មានជាង៣៧៥.០០០នាក់បានសម្រេចការដ៏សំខាន់នេះ—ដែលជាមធ្យម មានជាង១.០០០នាក់ធ្វើបុណ្យជ្រមុជទឹករៀងរាល់ថ្ងៃ។ ការរីកចំរើននេះគួរឲ្យអស្ចារ្យណាស់! ប៉ុន្តែ ពាក្យរបស់ប៉ុលដែលបានកត់ទុកនៅកូល៉ុស ២:៦, ៧ បង្ហាញថាមានអ្វីទាក់ទងទៀត ក្នុងការដើររួមជាមួយព្រះគ្រីស្ទ មិនគ្រាន់តែធ្វើបុណ្យជ្រមុជទឹកប៉ុណ្ណោះទេ។ កិរិយាសព្ទភាសាក្រិកដែលបកប្រែថា«ចូរដើរតទៅទៀត» រៀបរាប់អំពីសកម្មភាពដែលនឹងមានជាបន្ត ទៅមុខជានិច្ច។ ថែមទៀត ប៉ុលនិយាយថា ការដើររួមជាមួយព្រះគ្រីស្ទនឹងទាក់ទងរបស់បួនយ៉ាង៖ បានចាក់ឫសក្នុងព្រះគ្រីស្ទ បានស្អាងឡើងក្នុងទ្រង់ បានតាំងយ៉ាងនឹងនក្នុងជំនឿ ហើយមានពេញហូរហៀរក្នុងការអរព្រះគុណ។ សូមឲ្យយើងពិចារណាមើលឃ្លានិមួយៗ ហើយមើលថានេះអាចជួយយើងឲ្យបន្តដើររួមជាមួយព្រះគ្រីស្ទដោយដូចម្ដេច។
តើអ្នកបាន‹ចាក់ឫសក្នុងព្រះគ្រីស្ទ›ទេ?
៤. តើការ‹ចាក់ឫសក្នុងព្រះគ្រីស្ទ›មានន័យយ៉ាងណា?
៤ ទីមួយ ប៉ុលសរសេរថា យើងត្រូវឲ្យបាន‹ចាក់ឫសក្នុងព្រះគ្រីស្ទ›។ (ប្រៀបធៀប ម៉ាថាយ ១៣:២០, ២១) តើតាមរបៀបណាដែលបុគ្គលម្នាក់អាចខំប្រឹងដើម្បីឲ្យបាន‹ចាក់ឫសក្នុងព្រះគ្រីស្ទ›? ឫសនៃរុក្ខជាតិបានត្រូវបាំង តែឫសទាំងនេះគឺសំខាន់ណាស់ចំពោះរុក្ខជាតិនោះ ដែលវានាំឲ្យមានភាពនឹងហើយផ្ដល់នូវជាតិគីមី។ ស្រដៀងនេះដែរ គំរូរបស់ព្រះគ្រីស្ទនិងការបង្រៀនរបស់ទ្រង់ មានឥទ្ធិពលលើយើងជាមុនដំបូងដោយមើលមិនឃើញ ដោយបានចាក់ឫសក្នុងចិត្តគំនិតរបស់យើង។ នៅទីនោះហើយ ដែលនឹងទ្រទ្រង់និងពង្រឹងយើងនោះ។ នៅពេលដែលយើងអនុញ្ញាតឲ្យគំរូនិងការបង្រៀននេះណែនាំគំនិត ការប្រព្រឹត្ត និងសេចក្ដីសម្រេចចិត្តរបស់យើង នោះនឹងជំរុញចិត្តយើងឲ្យថ្វាយខ្លួនជូនព្រះយេហូវ៉ា។—ពេត្រុសទី១ ២:២១
៥. តើតាមរបៀបណាដែលយើងអាច‹បង្កើតចិត្តចង់បាន›នូវអាហារខាងវិញ្ញាណ?
៥ ព្រះយេស៊ូបានស្រឡាញ់ចំណេះពីព្រះ។ ទ្រង់ព្រមទាំងបានប្រដូចវាទៅនឹងអាហារផង។ (ម៉ាថាយ ៤:៤) ត្រូវហើយ ក្នុងធម្មទាននៅលើភ្នំ ទ្រង់បានដកស្រង់២១ដងពីប្រាំបីសៀវភៅផ្សេងៗនៃបទគម្ពីរភាសាហេព្រើរ។ ដើម្បីធ្វើតាមគំរូរបស់ទ្រង់ យើងត្រូវធ្វើដូចអ្វីដែលសាវ័កពេត្រុសបានដាស់តឿន ដោយថា«ចូរបង្កើតចិត្តចង់បាន»អាហារខាងវិញ្ញាណ«ដូចជាទារកដែលទើបនឹងកើត»។ (ពេត្រុសទី១ ២:២) នៅពេលកូនដែលទើបនឹងកើតមកឃ្លានអាហារ នោះយើងឃើញច្បាស់អំពីចំណង់ចិត្តរបស់វា។ បើឥឡូវនេះយើងមិនមានអារម្មណ៍បែបនេះទេអំពីអាហារខាងវិញ្ញាណ នោះពាក្យសំដីរបស់ពេត្រុសលើកទឹកចិត្តឲ្យយើង«បង្កើតចិត្តចង់បាន»។ តើតាមរបៀបណា? គោលការណ៍ដែលអាចជួយយើងបាន នោះមាននៅទំនុកដំកើង ៣៤:៨ ដែលថា៖ «ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ»។ ប្រសិនបើយើង«ភ្លក់»បន្ទូលរបស់ព្រះយេហូវ៉ាដែលជាព្រះគម្ពីរជារឿយៗ ប្រហែលមួយចំណែកតូចរៀងរាល់ថ្ងៃ នោះយើងនឹងឃើញថា គឺជួយឲ្យបានធំធាត់ខាងវិញ្ញាណហើយល្អទៀតផង។ នៅពេលក្រោយមក ចិត្តចង់បានរបស់នោះនឹងបានដុះលូតលាស់ឡើង។
៦. ហេតុអ្វីក៏សំខាន់ក្នុងការរំពឹងគិតលើអ្វីដែលយើងអាននោះ?
៦ ប៉ុន្តែ ជាការសំខាន់ណាស់ក្នុងការរំលាយអាហារឲ្យបានល្អ ពេលដែលយើងបានបរិភោគហើយនោះ។ ដូច្នេះ យើងត្រូវតែរំពឹងគិតលើអ្វីដែលយើងបានអាន។ (ទំនុកដំកើង ៧៧:១១, ១២) ជាឧទាហរណ៍ កាលដែលយើងអានសៀវភៅ បុរសដ៏ឧត្តមបំផុតម្នាក់ដែលធ្លាប់មានព្រះជន្មរស់នៅ នោះយើងនឹងបានប្រយោជន៍ពីជំពូកនិមួយៗ ប្រសិនបើយើងឈប់ហើយសួរខ្លួនយើងថា៖ ‹តើលក្ខណៈអ្វីក្នុងបុគ្គលិកលក្ខណៈរបស់ព្រះ ដែលខ្ញុំឃើញនៅក្នុងរឿងនេះ ហើយតើខ្ញុំអាចត្រាប់តាមក្នុងជីវិតយ៉ាងណាបាន›? ការរំពឹងគិតបែបនេះនឹងជួយយើងឲ្យអនុវត្តតាមអ្វីដែលយើងបានរៀន។ រួចមក នៅពេលត្រូវធ្វើការសម្រេចចិត្ត នោះយើងអាចសួរខ្លួនយើង ថាតើព្រះយេស៊ូនឹងសម្រេចចិត្តយ៉ាងណាដែរ។ ប្រសិនបើយើងធ្វើការសម្រេចចិត្តឲ្យស្របបែបនេះ នោះយើងឲ្យភស្តុតាងថាយើងបានចាក់ឫសក្នុងព្រះគ្រីស្ទហើយ។
៧. តើយើងត្រូវមានទស្សនៈយ៉ាងណាចំពោះអាហារខាងវិញ្ញាណដ៏រឹង?
៧ ប៉ុលក៏បានដាស់តឿនយើងឲ្យបរិភោគ«អាហាររឹង» គឺសេចក្ដីពិតដ៏ជ្រៅថែមទៀតពីបន្ទូលរបស់ព្រះ។ (ហេព្រើរ ៥:១៤) ការអានព្រះគម្ពីរឲ្យចប់ប្រហែលជាគោលបំណងទីមួយរបស់យើង។ រួចមក គឺមានប្រធានផ្សេងៗនៃការសិក្សា ដូចជាយញ្ញបូជាលោះនៃព្រះគ្រីស្ទ កិច្ចព្រមព្រៀងផ្សេងៗដែលព្រះយេហូវ៉ាបានធ្វើជាមួយរាស្ត្ររបស់ទ្រង់ ឬសារទំនាយក្នុងបទគម្ពីរខ្លះៗ។ គឺមានពត៌មានជាច្រើន ដែលនឹងជួយយើងឲ្យស្រូបយក ហើយរំលាយអាហាររឹងខាងវិញ្ញាណបែបនេះ។ តើអ្វីទៅជាគោលបំណងនៃការយកចូលចំណេះបែបនេះ? នេះមិនមែនដើម្បីឲ្យមានមូលហេតុអួតខ្លួននោះទេ ប៉ុន្តែដើម្បីនឹងស្ថាបនាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា ហើយឲ្យយើងចូលមកជិតទ្រង់ថែមទៀត។ (កូរិនថូសទី១ ៨:១; យ៉ាកុប ៤:៨) ប្រសិនបើយើងទទួលយកចំណេះនេះដោយខ្នះខ្នែង អនុវត្តចំណេះក្នុងជីវិតរបស់យើង ហើយប្រើចំណេះដើម្បីជួយអ្នកដទៃ នោះយើងពិតជាត្រាប់តាមព្រះគ្រីស្ទហើយ។ នេះនឹងជួយយើងឲ្យបានចាក់ឫសក្នុងទ្រង់យ៉ាងត្រឹមត្រូវ។
តើអ្នក‹កំពុងតែស្អាងឡើងក្នុងព្រះគ្រីស្ទឬទេ›?
៨. តើការ‹ស្អាងឡើងក្នុងព្រះគ្រីស្ទ›មានន័យយ៉ាងណា?
៨ រីឯលក្ខណៈមួយទៀតនៃការដើររួមជាមួយព្រះគ្រីស្ទ ប៉ុលបានប្ដូរយ៉ាងរហ័សនូវពាក្យស្តីពីរូបដ៏ស្រមៃឃើញ គឺពីរុក្ខជាតិទៅនឹងអាគារ។ នៅពេលដែលយើងគិតអំពីអាគារមួយដែលកំពុងតែសង់នោះ យើងគិតមិនគ្រាន់តែអំពីគ្រឹះ ប៉ុន្តែអំពីអាគារនោះផ្ទាល់ដែលតម្លើងឲ្យឃើញ ដោយកិច្ចការសំណង់ដ៏នឿយហត់។ ស្រដៀងនេះដែរ យើងក៏ត្រូវខំប្រឹងដើម្បីនឹងបណ្ដុះបណ្ដាលឲ្យមានគុណសម្បត្ដិនិងទម្លាប់ទាំងឡាយដែលដូចព្រះគ្រីស្ទ។ ការខំប្រឹងបែបនេះ គឺមានគេមើលឃើញ ដូចប៉ុលបានសរសេរទៅធីម៉ូថេថា៖ «ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្ដីជំនឿនរបស់អ្នក»។ (ធីម៉ូថេទី១ ៤:១៥; ម៉ាថាយ ៥:១៦) តើមានសកម្មភាពគ្រីស្ទានអ្វីខ្លះ ដែលនឹងស្អាងយើងឡើងនោះ?
៩. (ក) ដើម្បីឲ្យត្រាប់តាមព្រះគ្រីស្ទបានប្រសើរទៀតក្នុងកិច្ចផ្សាយតើយើងអាចចាត់ទុកគោលបំណងអ្វីខ្លះដ៏មានប្រយោជន៍? (ខ) តើតាមរបៀបណាដែលយើងដឹងថាព្រះយេហូវ៉ា ចង់ឲ្យយើងសប្បាយនឹងកិច្ចបំរើផ្សាយរបស់យើង?
៩ ព្រះយេស៊ូបានចាត់យើងឲ្យផ្សាយហើយឲ្យបង្រៀនអំពីដំណឹងល្អ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ទ្រង់បានទុកគំរូយ៉ាងល្អគ្រប់ល័ក្ខណ៍ ដោយធ្វើបន្ទាល់យ៉ាងក្លាហានហើយដោយមានប្រសិទ្ធិភាពផង។ ប្រាកដហើយ យើងនឹងមិនអាចធ្វើឲ្យបានល្អដូចទ្រង់នោះទេ។ ប៉ុន្តែ សាវ័កពេត្រុសបានទុកនូវគោលដៅនេះសំរាប់យើងរាល់គ្នា៖ «ចូរឲ្យតាំងព្រះគ្រីស្ទឡើងជាបរិសុទ្ធនៅក្នុងចិត្តអ្នករាល់គ្នាទុកជាព្រះអម្ចាស់ចុះ ហើយឲ្យប្រុងប្រៀបជានិច្ចដោយសុភាពហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយដល់អ្នកណា ដែលសួរពីហេតុនៃសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នា»។ (ពេត្រុសទី១ ៣:១៥) ប្រសិនបើអ្នកគិតថាអ្នកមិន‹ប្រុងប្រៀបជានិច្ចដើម្បីនឹងតបឆ្លើយ› នោះសូមកុំឲ្យតូចចិត្តឡើយ។ សូមចាត់ទុកឲ្យមានគោលដៅដែលសមហេតុ ដែលនឹងជួយអ្នកឲ្យបំពេញតាមខ្នាតតម្រានោះ។ ការរៀបចំទុកជាមុន ប្រហែលជាអាចជួយអ្នកឲ្យមានសំដីផ្សាយបង្ហាញផ្សេងៗ ឬរួមបញ្ចូលបទគម្ពីរពីរបីក្នុងការនិយាយរបស់អ្នក។ អ្នកប្រហែលជាមានគោលដៅចែកចាយប្រកាសនវត្ថុព្រះគម្ពីរឲ្យបានច្រើន ហើយឲ្យបានត្រឡប់ទៅជួបគេវិញឲ្យបានច្រើនទៀត ឬក៏ចង់ចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយអ្នកណាម្នាក់។ យើងមិនគួរគិតតែពីចំនួននោះទេ ដូចជាចំនួនម៉ោង ការចែកចាយសៀវភៅប៉ុន្មានក្បាល ឬមានអ្នកសិក្សាប៉ុន្មាននាក់នោះឡើយ ប៉ុន្តែត្រូវគិតអំពីគុណភាពទៅវិញ។ ការមានគោលដៅដែលសមហេតុផល ហើយខំប្រឹងដើម្បីនឹងសម្រេចគោលដៅនោះ អាចជួយយើងឲ្យមានចិត្តរីករាយក្នុងការផ្សាយ។ នោះហើយជាអ្វីដែលព្រះយេហូវ៉ាចង់បាន ដើម្បីឲ្យយើងបំរើទ្រង់«ដោយអរសប្បាយ»។—ទំនុកដំកើង ១០០:២; ប្រៀបធៀប កូរិនថូសទី២ ៩:៧
១០. តើមានកិច្ចការគ្រីស្ទានណាទៀត ដែលយើងត្រូវតែធ្វើ ហើយតើនេះជួយយើងយ៉ាងដូចម្ដេច?
១០ ហើយក៏មានកិច្ចការនៅក្នុងក្រុមជំនុំ ដែលស្អាងយើងឡើងក្នុងព្រះគ្រីស្ទដែរ។ អ្វីដែលសំខាន់បំផុតនោះគឺថា ការបង្ហាញសេចក្ដីស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតនេះហើយជាសញ្ញាសម្គាល់ពួកគ្រីស្ទានពិត។ (យ៉ូហាន ១៣:៣៤, ៣៥) កាលដែលយើងកំពុងតែនៅរៀននៅឡើយ យើងជាច្រើននាក់ជាប់ចិត្តនឹងគ្រូរបស់យើង ហើយនេះជាការធម្មតាទេ។ ប៉ុន្តែ តើយើងអាចធ្វើតាមឱវាទរបស់ប៉ុល ក្នុងការ«បើកចិត្តឲ្យទូលាយ» ដើម្បីឲ្យស្គាល់អ្នកដទៃក្នុងក្រុមជំនុំបានទេ? (កូរិនថូសទី២ ៦:១៣) ពួកអ្នកចាស់ទុំក៏ត្រូវការសេចក្ដីស្រឡាញ់និងការអបអរពីយើងដែរ។ ដោយធ្វើតាមអ្វីដែលគេនិយាយ និងទទួលយកឱវាទពីព្រះគម្ពីរ នោះយើងនឹងធ្វើឲ្យកិច្ចការរបស់គេកាន់តែស្រួលឡើងដែរ។ (ហេព្រើរ ១៣:១៧) នៅពេលដដែលគ្នានេះ នឹងបណ្ដាលឲ្យយើងបានស្អាងឡើងក្នុងព្រះគ្រីស្ទ។
១១. តើទស្សនៈដ៏ត្រឹមត្រូវអ្វីដែលយើងត្រូវមានចំពោះពិធីជ្រមុជទឹក?
១១ ពិធីជ្រមុជទឹកជាគ្រាដ៏សប្បាយណាស់! ប៉ុន្តែ យើងមិនគួរទន្ទឹងចាំថា គ្រប់ពេលគ្រប់វេលាក្នុងជីវភាពក្រោយពីនោះ នឹងបានសប្បាយដ៏រំភើបដូចនោះទេ។ ការស្អាងឡើងក្នុងព្រះគ្រីស្ទ មួយចំណែកធំគឺទាក់ទង«ឲ្យយើងដើរដោយមានសណ្ដាប់ធ្នាប់បន្តក្នុងទម្លាប់នេះ»។ (ភីលីព ៣:១៦, ព.ថ.) នេះមិនមានសេចក្ដីថា យើងមានបែបលំនាំរស់នៅដ៏ធុញទ្រាន់នោះទេ។ នេះគ្រាន់តែមានន័យថា ការដើរទៅមុខតាមផ្លូវត្រង់—បើនិយាយឲ្យចំទៅ ការស្អាងឡើងនូវទម្លាប់ខាងវិញ្ញាណដ៏ល្អ ហើយធ្វើតាមនោះជារៀងរាល់ថ្ងៃ រាល់ឆ្នាំតទៅមុខ។ សូមឲ្យចាំថា «អ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ»។—ម៉ាថាយ ២៤:១៣
តើអ្នកបាន«តាំងយ៉ាងនឹងនក្នុងជំនឿ»ឬទេ?
១២. តើការ«តាំងយ៉ាងនឹងនក្នុងជំនឿ»មានន័យយ៉ាងដូចម្ដេច?
១២ ក្នុងឃ្លាទីបីដែលរៀបរាប់អំពីការដើររួមជាមួយព្រះគ្រីស្ទ ប៉ុលដាស់តឿនយើងឲ្យបាន«តាំងយ៉ាងនឹងនក្នុងជំនឿ»។ សេចក្ដីបកប្រែព្រះគម្ពីរមួយអានថា «ឲ្យបានរឹងប៊ឹងខាងឯជំនឿ» ដ្បិតពាក្យក្រិកដែលប៉ុលបានប្រើក៏អាចមានន័យថា«បញ្ជាក់ជាពិត ធានារ៉ាប់រង ហើយនឹងធ្វើអ្វីតាមច្បាប់ដែលមិនអាចផ្លាស់ប្ដូរបានទេ»។ កាលដែលយើងបានរីកចំរើនក្នុងចំណេះ នោះយើងនឹងមានមូលហេតុច្រើនទៀត ដើម្បីឲ្យឃើញថាជំនឿរបស់យើងទៅលើព្រះយេហូវ៉ា គឺមានមូលដ្ឋានត្រឹមត្រូវ ហើយតាមពិត គឺបានស្ថាបនាតាមច្បាប់ត្រឹមត្រូវផង។ ជាលទ្ធផល នោះនឹងធ្វើឲ្យយើងបាននឹងនកាន់តែខ្លាំងឡើង។ នេះនឹងធ្វើឲ្យលោកីយ៍របស់សាតាំងមានការពិបាកនឹងទាញចិត្តយើង។ រឿងនេះរំឭកយើងអំពីការដាស់តឿនរបស់ប៉ុលឲ្យ«ជឿនទៅមុខ ដរាបដល់ពេញខ្នាត»។ (ហេព្រើរ ៦:១) ភាពពេញខ្នាតនិងការនឹងនគឺមានទន្ទឹមគ្នា។
១៣, ១៤. (ក) ពួកគ្រីស្ទាននៅសតវត្សទីមួយនៅក្រុងកូល៉ុសបានជួប ការគំរាមកំហែងបែបណាដល់ភាពនឹងនរបស់គេ? (ខ) តើអ្វីដែលអាចធ្វើឲ្យសាវ័កប៉ុលខ្វល់ខ្វាយចិត្ត?
១៣ ពួកគ្រីស្ទាននៅសតវត្សទីមួយក្នុងក្រុងកូល៉ុស បានជួបប្រទះការដែលគំរាមកំហែងដល់ភាពនឹងនរបស់គេ។ ប៉ុលបានព្រមានថា៖ «ចូរប្រយ័ត ក្រែងមានអ្នកណាចាប់អ្នករាល់គ្នាធ្វើជារំពា ដោយពាក្យបរមត្ថ នឹងពាក្យបញ្ឆោតជាអសារឥតការ តាមសណ្ដាប់បុរាណរបស់មនុស្ស តាមបថមសិក្សានៅនាលោកីយ៍ គឺមិនមែនតាមព្រះគ្រីស្ទទេ»។ (កូល៉ុស ២:៨) ប៉ុលមិនចង់ឲ្យពួកកូល៉ុស ដែលបានទៅជាអនុរាស្ត្រ«ក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃ[ព្រះ]» ឲ្យចេញពីស្ថានភាពខាងវិញ្ញាណរបស់ពួកទាំងនោះឡើយ។ (កូល៉ុស ១:១៣) តើនឹងត្រូវបំភាន់តាមមធ្យោបាយបែបណា? ប៉ុលបានចង្អុលទៅឯ‹បរមត្ថ› នេះគឺតែម្ដងគត់ដែលពាក្យនេះបានឃើញនៅក្នុងព្រះគម្ពីរ។ តើគាត់កំពុងតែនិយាយអំពីទស្សនៈវិទូ ដូចជាផ្លេតូនិងសុក្រិតឬ? ថ្វីបើពួកនេះនាំឲ្យមានការគំរាមកំហែងដល់ពួកគ្រីស្ទានពិតក៏ដោយ ក្នុងសម័យនោះ ពាក្យ‹ទស្សនៈវិជ្ជា› គឺបានយកមកប្រើយ៉ាងទូលាយ។ នេះគឺបានសំដៅទៅក្រុមនិងសាលាវែកញែកជាច្រើន ព្រមទាំងខាងសាសនាផង។ ជាឧទាហរណ៍ ពួកយូដានៅសតវត្សទីមួយ ដូចជាយ៉ូស៊ីហ្វឺសនិងហ្វីល៉ូ បានហៅសាសនារបស់គេជាទស្សនៈវិជ្ជា—ប្រហែលជាដើម្បីបន្ថែមឲ្យមានការទាក់ទាញអារម្មណ៍។
១៤ ទស្សនៈវិជ្ជាខ្លះប្រហែលជាធ្វើឲ្យប៉ុលបានខ្វល់ខ្វាយចិត្ត នោះប្រហែលជាពីខាងវិស័យសាសនាតែម្ដង។ ក្រោយមក ក្នុងជំពូកដដែលនៃសំបុត្ររបស់គាត់ជូនពួកកូល៉ុស គាត់បាននិយាយសំដៅពួកអ្នកដែលធ្វើជាអ្នកបង្រៀនថា «កុំឲ្យកាន់ កុំឲ្យភ្លក់ កុំឲ្យពាល់ឲ្យសោះ» ដែលដោយនិយាយអញ្ចឹង បានសំដៅទៅលើចំណុចសំខាន់ក្នុងក្រិត្យវិន័យតាមលោកម៉ូសេ ដែលបានបញ្ចប់ដោយព្រះយេស៊ូសោយទិវង្គតនោះ។ (រ៉ូម ១០:៤) ក្រៅពីទស្សនៈវិជ្ជាខាងពាហិរជន ឥទ្ធិពលផ្សេងៗទៀតក៏គំរាមកំហែងលើភាពវិញ្ញាណនៃក្រុមជំនុំដែរ។ (កូល៉ុស ២:២០-២២) ប៉ុលបានព្រមានអំពីទស្សនៈវិជ្ជា ដែលរួមចំណែក«ខាងឯបថមសិក្សារបស់លោកីយ៍»។ ការបង្រៀនដ៏ក្លែងក្លាយបែបនេះគឺមានដើមកំណើតពីមនុស្សលោក។
១៥. តើតាមរបៀបណាដែលយើងអាចចៀសវាងពី ការគេចចេញពីគំនិតមិនស្របនឹងព្រះគម្ពីរ ដែលយើងតែងជួប?
១៥ ការផ្សព្វផ្សាយមតិនិងគំនិតរបស់មនុស្ស ដែលឥតមានមូលដ្ឋានយ៉ាងមុតមាំលើបន្ទូលរបស់ព្រះ អាចនាំឲ្យមានការគំរាមកំហែងលើភាពនឹងនគ្រីស្ទាន។ យើងសព្វថ្ងៃនេះត្រូវឲ្យប្រយ័ត្ននឹងការគំរាមកំហែងបែបនេះ។ សាវ័កយ៉ូហានបានដាស់តឿនថា៖ «ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ ចូរល្បងវិញ្ញាណទាំងអស់វិញ ដើម្បីឲ្យបានដឹងជាមកពីព្រះ ឬមិនមែន»។ (យ៉ូហានទី១ ៤:១) ដូច្នេះប្រសិនបើសិស្សសាលាខំធ្វើឲ្យអ្នកជឿថា ការរស់នៅតាមខ្នាតតម្រារបស់ព្រះគម្ពីរគឺហួសសម័យ ឬក៏អ្នកជិតខាងចង់ឲ្យអ្នកកាន់អាកប្បកិរិយាដែលប្រកបដោយវត្ថុនិយម ឬក៏អ្នកធ្វើការជាមួយបង្ខំអ្នកឲ្យបំពានលើមនសិការដែលបានអប់រំដោយព្រះគម្ពីរ ឬសូម្បីតែអ្នកជឿគ្នីគ្នាបាននិយាយមិនល្អអំពីអ្នកដទៃក្នុងក្រុមជំនុំ ដែលពាក្យនោះមានមូលដ្ឋានតែលើគំនិតផ្ទាល់ខ្លួនគាត់ នោះកុំយកចូលនូវអ្វីដែលគេនិយាយឡើយ។ សូមបំបាត់ចោលអ្វីដែលឥតសមស្របនឹងបន្ទូលរបស់ព្រះ។ កាលដែលយើងខំធ្វើដូច្នេះ នោះយើងនឹងរក្សាការនឹងនរបស់យើង កាលដែលយើងដើររួមជាមួយព្រះគ្រីស្ទ។
«ព្រមទាំងពេញហូរហៀរដោយជំនឿក្នុងការអរព្រះគុណផង»
១៦. តើអ្វីជាលក្ខណៈទីបួននៃការដើររួមជាមួយព្រះគ្រីស្ទ ហើយតើមានសំនួរអ្វីដែលយើងអាចសួរ?
១៦ លក្ខណៈទីបួននៃការដើររួមជាមួយព្រះគ្រីស្ទ ដែលប៉ុលបានរៀបរាប់មក នោះគឺថាឲ្យយើង«ព្រមទាំងពេញហូរហៀរដោយជំនឿក្នុងការអរព្រះគុណផង»។ (កូល៉ុស ២:៧) ពាក្យដែលថា«ពេញហូរហៀរ» រំឭកយើងអំពីទន្លេដែលលិចច្រាំងសងខាង។ នេះបង្ហាញថា ជាពួកគ្រីស្ទាន ការអរព្រះគុណរបស់យើងគឺត្រូវមានជាបន្តឬរបស់ដែលមានជាទម្លាប់។ យើងម្នាក់ៗអាចសួរថា ‹តើខ្ញុំជាអ្នកដឹងគុណទេ›?
១៧. (ក) ហេតុអ្វីក៏អាចនិយាយថា យើងមានហេតុជាច្រើនក្នុងការថ្លែងអំណរគុណ ទោះបីនៅគ្រាដ៏ពិបាកនោះ? (ខ) តើមានអំណោយទានអ្វីខ្លះពីព្រះយេហូវ៉ា ដែលអ្នកចង់ថ្លែងអំណរគុណនោះ?
១៧ ពិតហើយ យើងមានមូលហេតុជាច្រើន ពេញដោយអំណរគុណចំពោះព្រះយេហូវ៉ាជារៀងរាល់ថ្ងៃ។ ទោះបីក្នុងស្ថានភាពដ៏អាក្រក់ក៏ដោយ គឺប្រហែលជាមានរបស់ដ៏មិនស្មុគស្មាញខ្លះៗ ដែលផ្ដល់ឲ្យមានការធូរស្បើយក្នុងមួយរយៈខ្លី។ ដូចជានៅពេលដែលមិត្តបង្ហាញនូវការយោគយល់។ បុគ្គលដ៏ជាទីស្រឡាញ់មកពែពាល់យើងទុកជាការលើកទឹកចិត្ត។ ការដេកបានល្អដែលនាំឲ្យមានកម្លាំងឡើងវិញ។ អាហារយ៉ាងឆ្ងាញ់ដែលបំបាត់ការឃ្លាន។ ចាបដែលច្រៀង កូនក្មេងដែលសើចលេង មេឃដែលបញ្ចេញរស្មីចិញ្ចាច ខ្យល់បក់ដ៏រំភើយ ដែលយើងអាចមានរបស់ទាំងនេះនិងរបស់ផ្សេងៗទៀតក្នុងមួយថ្ងៃបាន។ ជាការស្រួលណាស់ក្នុងការចាត់ទុករបស់ទាំងនេះជាអ្វីដ៏មិនសំខាន់នោះ។ តើយើងមិនគួរអរគុណនឹងរបស់ទាំងនេះទេឬ? របស់ទាំងនេះមកពីព្រះយេហូវ៉ា ទ្រង់ជាប្រភពនៃ«គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក នឹងអស់ទាំងអំណោយទានដ៏គ្រប់ល័ក្ខណ៍»។ (យ៉ាកុប ១:១៧) ហើយទ្រង់បានផ្ដល់អំណោយទាន ឧទាហរណ៍ ជីវិតរបស់យើងផ្ទាល់ ដែលធ្វើឲ្យរបស់នៅខាងលើទៅជាតូចមួយ។ (ទំនុកដំកើង ៣៦:៩) ម្យ៉ាងទៀត ទ្រង់បានឲ្យយើងនូវឱកាសរស់នៅជានិរន្តរ៍។ ដើម្បីនឹងផ្ដល់អំណោយទាននេះ ព្រះយេហូវ៉ាបានធ្វើយញ្ញបូជាដ៏ឧត្តម ដោយបញ្ជូនរាជបុត្រាតែមួយគត់ដែលព្រះបានបង្កើតផ្ទាល់អង្គទ្រង់ «ជាទីគាប់ព្រះហឫទ័យទ្រង់រាល់ៗថ្ងៃ»។—សុភាសិត ៨:៣០; យ៉ូហាន ៣:១៦
១៨. តើតាមរបៀបណាដែលយើងបង្ហាញថាយើងមានអំណរគុណ?
១៨ ពាក្យសំដីរបស់អ្នកតែងបទទំនុកដំកើងគឺពិតណាស់ ដែលថា៖ «នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា»។ (ទំនុកដំកើង ៩២:១) ស្រដៀងគ្នាដែរ ប៉ុលបានរំឭកពួកគ្រីស្ទានក្នុងក្រុងថែស្សាឡូនីចថា៖ «ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់»។ (ថែស្សាឡូនីចទី១ ៥:១៨; អេភេសូរ ៥:២០; កូល៉ុស ៣:១៥) យើងម្នាក់ៗអាចតាំងចិត្តឲ្យចេះដឹងគុណបានច្រើនថែមទៀត។ ក្នុងសេចក្ដីអធិស្ឋាន យើងមិនចាំតែនិយាយអង្វរព្រះចំពោះសេចក្ដីត្រូវការរបស់យើងនោះទេ។ អញ្ចឹងជាការសមត្រឹមត្រូវរួមបញ្ចូលការអង្វរខ្លះៗក្នុងសេចក្ដីអធិស្ឋានរបស់យើង។ ប៉ុន្តែ ចុះយ៉ាងណាបើមានមិត្តសំឡាញ់ដែលនិយាយរកអ្នក គ្រាន់តែនៅពេលដែលគាត់ត្រូវការអ្វីមួយពីអ្នក! ដូច្នេះ សូមអធិស្ឋានទៅព្រះយេហូវ៉ាដើម្បីថ្លែងអំណរគុណនិងសរសើរទ្រង់ផង។ ការអធិស្ឋានបែបនេះច្បាស់ជាធ្វើឲ្យទ្រង់ផ្គាប់ព្រះហឫទ័យយ៉ាងណាទៅហ្ន៎ ពេលដែលទ្រង់ទតមើលលោកីយ៍ដ៏គ្មានអំណរគុណនេះ! ផលប្រយោជន៍ទីពីរ នោះគឺថាការអធិស្ឋានបែបនេះ អាចជួយយើងឲ្យគិតអំពីអ្វីដ៏វិជ្ជមានក្នុងជីវិត ដែលរំឭកយើងថាយើងពិតជាបានព្រះពរមែន។
១៩. តើតាមរបៀបណាដែលពាក្យរបស់ប៉ុលនៅកូល៉ុស ២:៦, ៧ បង្ហាញថាយើងបន្តធ្វើឲ្យបានប្រសើរក្នុងការដើររួមជាមួយព្រះគ្រីស្ទ?
១៩ តើមិនជាការអស្ចារ្យទេឬ ដែលឱវាទដ៏មានប្រាជ្ញានេះមាននៅក្នុងខតែមួយនៃបន្ទូលរបស់ព្រះនោះ? ឱវាទរបស់ប៉ុលឲ្យបន្តដើររួមជាមួយព្រះគ្រីស្ទ គឺជាអ្វីមួយដែលយើងម្នាក់ៗត្រូវចង់ធ្វើតាម។ សូមឲ្យយើងប្ដេជ្ញាចិត្តឲ្យបាន‹ចាក់ឫសក្នុងព្រះគ្រីស្ទ› បាន«ស្អាងឡើងក្នុងទ្រង់» បាន«យ៉ាងនឹងនក្នុងជំនឿ» ហើយបាន«ពេញហូរហៀរក្នុងការអរព្រះគុណ››។ ឱវាទបែបនេះគឺសំខាន់ណាស់ចំពោះអ្នកដែលទើបតែធ្វើបុណ្យជ្រមុជទឹកហើយ។ ប៉ុន្តែ នេះគឺទាក់ទងដល់យើងគ្រប់គ្នា។ សូមគិតនូវរបៀបដែលឫសកែវដុះកាន់តែជ្រៅឡើង ហើយរបៀបដែលអាគារមួយដែលគេកំពុងតែសង់បានខ្ពស់ឡើង។ ដូច្នេះ ការដើររួមជាមួយព្រះគ្រីស្ទ គឺមិនចេះចប់ទេ។ យើងគ្រប់គ្នាត្រូវតែរីកចំរើនខាងវិញ្ញាណក្នុងលក្ខណៈផ្សេងៗនៃជីវិតរបស់យើង។ ព្រះយេហូវ៉ានឹងជួយយើងហើយនឹងប្រទានពរដល់យើង ដ្បិតទ្រង់ចង់ឲ្យយើងដើរជាមួយទ្រង់ ហើយជាមួយបុត្រារបស់ទ្រង់ជារៀងរហូតតទៅ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើការដើររួមជាមួយព្រះគ្រីស្ទទាក់ទងអ្វីខ្លះ?
◻ តើការ‹បានចាក់ឫសក្នុងព្រះគ្រីស្ទ›មានន័យយ៉ាងណា?
◻ តើតាមរបៀបណាដែលយើងអាច‹ស្អាងឡើងក្នុងព្រះគ្រីស្ទ›?
◻ ហេតុអ្វីក៏សំខាន់ម្ល៉េះដើម្បីឲ្យបាន«នឹងនក្នុងជំនឿ»?
◻ តើមូលហេតុអ្វីដែលយើងមាន‹ពេញហូរហៀរដោយអំណរអរ›?
[រូបភាពនៅទំព័រ១០]
ឫសដើមឈើប្រហែលជាយើងមើលមិនអាចឃើញ ប៉ុន្តែឫសទាំងនេះផ្ដល់អាហារដល់ដើមឈើ ហើយបានចាក់វាយ៉ាងមាំ