ការណែនាំពីព្រះចំពោះការជ្រើសរើសគូអាពាហ៍ពិពាហ៍
«អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ អញនឹងទូន្មានឯងដោយភ្នែកអញមើលឯងជាប់»។—ទំនុកដំកើង ៣២:៨
១. តើកត្ដាអ្វីខ្លះគឺត្រូវការជាចាំបាច់ ដើម្បីមានអាពាហ៍ពិពាហ៍មួយដ៏ជោគជ័យ?
អ្នកលេងសៀក លោតបង្វិលខ្លួនទៅលើ និងក្រោយនោះតោងចាប់ដៃរបស់គូលេងសៀកដែលកំពុងតែចាំនៅម្ខាងទៀតខាងលើដែរ ដោយមានជើងជាប់នៅខាងលើហើយក្បាលសំយុងចុះមកក្រោម។ គូកីឡារាំជិះស្គីលើទឹកកកជាមួយគ្នា ក្រោយមកបុរសនោះលើកស្រីដែលជាគូរបស់គាត់។ ស្រីនោះវិលពីរបីជុំនិងចុះយ៉ាងស្រួលដោយជិះស្គីតែមួយនិងបន្តជិះជាមួយគូរបស់គាត់លើទឹកកក។ ការលេងទាំងពីរនេះមើលទៅដូចជាអ្នកធ្វើមិនបានប្រឹងសោះ។ ក៏ប៉ុន្តែ តើយើងនឹងសាកធ្វើបានទេ បើសិនមិនបានហាត់ ហើយគ្មានគូដែលមានសមត្ថភាព និងជាពិសេសបើសិនជាគ្មានការណែនាំនិងការបង្ហាត់បង្រៀនត្រឹមត្រូវនោះ? ស្រដៀងគ្នាដែរ អាពាហ៍ពិពាហ៍មួយដ៏ជោគជ័យ ប្រហែលជាក៏មើលទៅដូចជាកើតមានឡើងដោយចៃដន្យ។ ក៏ប៉ុន្តែ នោះក៏អាស្រ័យទៅលើការមានគូដ៏ល្អម្នាក់ ការខិតខំរួមធ្វើការជាមួយគ្នា និងជាពិសេសទៅលើដំបូន្មានដែលប្រកបទៅដោយប្រាជ្ញា។ ពិតមែន ការណែនាំដ៏ត្រឹមត្រូវគឺត្រូវការជាចាំបាច់។
២. (ក) តើអ្នកណាបានផ្ដើមការរៀបអាពាហ៍ពិពាហ៍? ហើយតើនោះបានត្រូវរៀបចំដោយមានគោលបំណងអ្វី? (ខ) តើអាពាហ៍ពិពាហ៍ខ្លះបានត្រូវរៀបចំតាមរបៀបណា?
២ គឺជាការធម្មតាដែលយុវបុរសឬក៏យុវនារីម្នាក់នឹងគិតអំពីការរៀបអាពាហ៍ពិពាហ៍ នេះសំដៅទៅលើការរកមិត្តមួយជីវិត។ តាំងតែពីពេលដែលព្រះយេហូវ៉ាបានរៀបចំឲ្យមានការរៀបអាពាហ៍ពិពាហ៍ នោះការរៀបការរវាងបុរសម្នាក់និងស្ត្រីម្នាក់បានទៅជាអ្វីដ៏ធម្មតាក្នុងជីវិត។ ក៏ប៉ុន្តែ បុរសទីមួយឈ្មោះអ័ដាម មិនបានជ្រើសរើសប្រពន្ធរបស់គាត់ដោយខ្លួនឯងទេ។ ព្រះយេហូវ៉ាបានប្រទាននាងអេវ៉ាទៅអ័ដាម ដោយសារសេចក្ដីស្រឡាញ់របស់ទ្រង់។ (លោកុប្បត្តិ ២:១៨-២៤) ទ្រង់មានគោលបំណងឲ្យគូទីមួយនោះបង្កើតកូនជាច្រើន ហើយនៅទីបំផុតផែនដីនឹងពេញទៅដោយមនុស្ស។ បន្ទាប់ពីការរៀបអាពាហ៍ពិពាហ៍ទីមួយនោះ មាតាបិតារបស់កូនក្រមុំនិងកូនកំលោះច្រើនតែជាអ្នកដែលរៀបចំការរៀបអាពាហ៍ពិពាហ៍របស់កូន ដោយជួនកាលត្រូវសុំការយល់ព្រមពីភាគីដែលពាក់ព័ន្ធ។ (លោកុប្បត្តិ ២១:២១; ២៤:២-៤, ៥៨; ៣៨:៦; យ៉ូស្វេ ១៥:១៦, ១៧) ទោះបីតាមវប្បធម៌ប្រទេសខ្លះៗ មាតាបិតានៅតែរៀបចំអាពាហ៍ពិពាហ៍របស់កូនគាត់ក៏ដោយ សព្វថ្ងៃនេះ មនុស្សជាច្រើនជ្រើសរើសគូអាពាហ៍ពិពាហ៍របស់គេដោយខ្លួនឯង។
៣. តើមនុស្សម្នាក់គួរជ្រើសរើសគូអាពាហ៍ពិពាហ៍តាមរបៀបណា?
៣ តើមនុស្សម្នាក់គួរជ្រើសរើសគូអាពាហ៍ពិពាហ៍ដោយដូចម្ដេច? អ្នកខ្លះត្រូវទាក់ទាញដោយអាការក្រៅ ឬក៏អ្វីដែលគាប់ដល់ភ្នែករបស់គេ។ អ្នកឯទៀតគិតអំពីប្រយោជន៍ខាងទ្រព្យសម្បត្ដិគឺថា ខំរកមនុស្សម្នាក់ដែលនឹងចិញ្ចឹមគេយ៉ាងល្អនិងបំពេញតាមសេចក្ដីត្រូវការនិងចំណូលចិត្តរបស់គេផងដែរ។ ក៏ប៉ុន្តែ តើគំនិតទាំងនេះប៉ុណ្ណោះ អាចនាំទៅដល់អាពាហ៍ពិពាហ៍មួយដែលប្រកបទៅដោយសុភមង្គលនិងជាទីពេញចិត្តបានឬទេ? សុភាសិត ៣១:៣០ ប្រាប់ថា៖ «រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ»។ ក្នុងខនោះមានចំណុចដ៏សំខាន់មួយគឺថា ចូរគិតអំពីព្រះយេហូវ៉ាចុះ ពេលអ្នកកំពុងតែជ្រើសរើសគូអាពាហ៍ពិពាហ៍។
ការណែនាំមកពីព្រះយេហូវ៉ាដែលប្រកបទៅដោយសេចក្ដីស្រឡាញ់
៤. តើព្រះផ្ដល់ឲ្យជំនួយអ្វីចំពោះការជ្រើសរើសគូអាពាហ៍ពិពាហ៍?
៤ ព្រះយេហូវ៉ាដែលជាព្រះវរបិតារបស់យើង ដែលគង់នៅស្ថានសួគ៌និងប្រកបទៅដោយសេចក្ដីស្រឡាញ់ផងដែរ ដោយទ្រង់បានប្រទាននូវបន្ទូលរបស់ទ្រង់ជាលាយល័ក្ខអក្សរ ដើម្បីណែនាំយើងក្នុងរឿងសព្វបែបយ៉ាង។ ទ្រង់មានបន្ទូលថា៖ «អញនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ»។ (អេសាយ ៤៨:១៧) ដូច្នេះ ទំនងជាព្រះគម្ពីរមានការណែនាំដែលប្រកបទៅដោយប្រសិទ្ធិភាពចំពោះការជ្រើសរើសគូអាពាហ៍ពិពាហ៍។ ព្រះយេហូវ៉ាមានព្រះទ័យចង់ឲ្យអាពាហ៍ពិពាហ៍របស់យើងឋិតថេរជាដរាបថែមទាំងប្រកបទៅដោយសុភមង្គល។ ម្ល៉ោះហើយ ទ្រង់បានផ្ដល់ឲ្យនូវជំនួយដល់យើង ដើម្បីជួយយើងយល់និងចេះអនុវត្តតាមការណែនាំនេះ។ អ្នកបង្កើតមួយអង្គដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ប្រាកដជានឹងធ្វើដូច្នេះ មែនទេ?—ទំនុកដំកើង ១៩:៨
៥. ដើម្បីឲ្យមានសុភមង្គលជារៀងរហូតក្នុងអាពាហ៍ពិពាហ៍ តើអ្វីគឺចាំបាច់?
៥ ពេលព្រះយេហូវ៉ាផ្ដើមឡើងការរៀបចំខាងអាពាហ៍ពិពាហ៍ ទ្រង់មានគោលបំណងឲ្យនោះជាចំណងមួយដែលនឹងត្រូវរក្សាឲ្យបានជាប់ជារៀងរហូត។ (ម៉ាកុស ១០:៦-១២; កូរិនថូសទី១ ៧:១០, ១១) ហេតុនោះហើយ‹ទ្រង់ស្អប់ការលះលែងគ្នាណាស់› ដោយអនុញ្ញាតឲ្យមានក្នុងករណីតែ‹ផិតគ្នា›ប៉ុណ្ណោះ។ (ម៉ាឡាគី ២:១៣-១៦; ម៉ាថាយ ១៩:៩) ដូច្នេះ ការជ្រើសរើសគូអាពាហ៍ពិពាហ៍គឺជាជំហានសំខាន់ដ៏ធ្ងន់ធ្ងរមួយ និងមិនគួរត្រូវចាត់ទុកជារឿងស្រាលទេ។ គឺអត់សូវមានការសម្រេចផ្សេងៗទៀតដែលមានលទ្ធភាពនាំមកនូវសុភមង្គលច្រើនជាងឬក៏ទុក្ខសោកច្រើនជាងការជ្រើសរើសនេះទេ។ ទោះបីការជ្រើសរើសគូល្អអាចធ្វើឲ្យជីវិតរបស់មនុស្សម្នាក់កាន់តែសប្បាយឡើងៗក៏ដោយ នោះការជ្រើសរើសដោយគ្មានប្រាជ្ញាអាចនាំមកនូវទុក្ខព្រួយដែលមិនចេះចប់។ (សុភាសិត ២១:១៩; ២៦:២១) ដើម្បីបង្កើតសុភមង្គលដែលមានជារៀងរហូត នោះការជ្រើសរើសដោយប្រាជ្ញានិងការសុខចិត្តសន្យាថាខ្លួននឹងមានភក្ដីភាពជារៀងរហូតគឺជាអ្វីដ៏ចាំបាច់ ដ្បិតព្រះបានរៀបចំអាពាហ៍ពិពាហ៍ឲ្យធ្វើជាទំនាក់ទំនងមួយដែលនឹងដុះដាលទៅលើការចុះសម្រុងគ្នានិងការរួមធ្វើការជាមួយគ្នា។—ម៉ាថាយ ១៩:៦
៦. ហេតុអ្វីបានជាយុវបុរសនិងយុវនារីត្រូវប្រុងប្រយ័ត្ន ជាពិសេសពេលដែលជ្រើសរើសគូអាពាហ៍ពិពាហ៍? ហើយតើតាមរបៀបណាដែលគេអាចធ្វើការសម្រេចដោយប្រាជ្ញា?
៦ ជាពិសេស យុវបុរសនិងយុវនារីត្រូវតែប្រុងប្រយ័ត្នថា ការគាប់ចិត្តដោយសារតែអាការក្រៅនិងចំណង់ចិត្តដ៏ខ្លាំង នឹងធ្វើឲ្យគេមិនចេះគិតគូរវែកញែកត្រឹមត្រូវក្នុងការជ្រើសរើសគូអាពាហ៍ពិពាហ៍។ គឺជាហេតុការណ៍ពិតមែនដែលថា ទំនាក់ទំនងមួយដែលមានមូលដ្ឋានទៅលើតែកត្ដាបែបនោះ អាចក្លាយទៅជាការមើលងាយឬក៏រហូតដល់មានសេចក្ដីស្អប់យ៉ាងឆាប់រហ័ស។ (សាំយូអែលទី២ ១៣:១៥) ក៏ប៉ុន្តែ ម្យ៉ាងវិញទៀត សេចក្ដីស្រឡាញ់ដែលគង់វង្សជាដរាបអាចត្រូវបណ្ដុះបណ្ដាលដំណាលគ្នាពីពេលដែលយើងខំស្គាល់គូរបស់យើងកាន់តែច្បាស់និងស្គាល់ខ្លួនយើងកាន់តែជាក់លាក់ផងដែរ។ យើងក៏ត្រូវទទួលស្គាល់ថា អ្វីដែលល្អបំផុតសំរាប់យើង ប្រហែលមិនជាអ្វីដែលចិត្តរបស់យើងចង់បាននៅដើមដំបូងនោះទេ។ (យេរេមា ១៧:៩) នេះជាមូលហេតុដែលការណែនាំក្នុងព្រះគម្ពីរគឺសំខាន់ម្ល៉េះ។ នេះជួយយើងចេះវែកញែកឲ្យដឹងអំពីរបៀបដែលយើងអាចធ្វើការសម្រេចដ៏ប្រកបទៅដោយប្រាជ្ញាយ៉ាងច្រើនបំផុត។ អ្នកសរសេរទំនុកដំកើង បានប្រាប់ពីអ្វីដែលព្រះយេហូវ៉ាមានបន្ទូលដោយថា៖ «អញនឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ អញនឹងទូន្មានឯង ដោយភ្នែកអញមើលឯងជាប់»។ (ទំនុកដំកើង ៣២:៨; ហេព្រើរ ៤:១២) ទោះបីអាពាហ៍ពិពាហ៍អាចបំពេញនូវសេចក្ដីត្រូវការរបស់យើងចំពោះសេចក្ដីស្រឡាញ់និងមិត្តភាពដែលជាចំណង់ដិតជ្រៅក្នុងចិត្តយើងតាំងពីកំណើតក៏ដោយ នោះអាពាហ៍ពិពាហ៍ក៏អាចបង្កើតឲ្យមានបញ្ហាផ្សេងៗ ដែលតម្រូវឲ្យមានភាពចាស់ទុំនិងមានសមត្ថភាពគិតគូរវែកញែក។
៧. ហេតុអ្វីបានជាអ្នកខ្លះមិនព្រមទទួលនូវឱវាទពីព្រះគម្ពីរទាក់ទងនឹងការជ្រើសរើសគូអាពាហ៍ពិពាហ៍? ហើយតើការធ្វើដូច្នោះអាចនាំទៅដល់អ្វី?
៧ ដំណើរដែលប្រកបទៅដោយប្រាជ្ញាគឺថា យើងស្ដាប់តាមអ្វីដែលអ្នកផ្ដើមអាពាហ៍ពិពាហ៍មានបន្ទូលមកចំពោះការជ្រើសរើសគូម្នាក់។ ក៏ប៉ុន្តែ ពេលយើងទទួលឱវាទពីព្រះគម្ពីរមកពីមាតាបិតាឬក៏អ្នកចាស់ទុំ ប្រហែលជាយើងបដិសេធ។ យើងប្រហែលជាគិតថា គេស្គាល់ចិត្តយើងតិចពេក ហើយសេចក្ដីប៉ងប្រាថ្នាខាងអារម្មណ៍អាចជំរុញចិត្តយើងឲ្យបំពេញតាមចំណង់របស់ខ្លួនឯង។ ក៏ប៉ុន្តែ ក្រោយមក ពេលដែលប្រឈមមុខនឹងភាពប្រាកដប្រជានៃជីវិតប្រចាំថ្ងៃ នោះយើងប្រហែលជានឹងសោកស្ដាយដោយថា យើងមិនបានស្ដាប់តាមឱវាទនោះដែលប្រកបទៅដោយប្រាជ្ញាដែលបានត្រូវជូនដើម្បីប្រយោជន៍ដល់យើង។ (សុភាសិត ២៣:១៩; ២៨:២៦) យើងប្រហែលជានឹងជាប់ក្នុងអាពាហ៍ពិពាហ៍មួយដែលគ្មានសេចក្ដីស្រឡាញ់ ថែមទាំងមានកូនដែលពិបាកចិញ្ចឹមអប់រំ និងប្រហែលជារហូតដល់មានគូដែលមិនមែនជាអ្នកជឿ។ នេះជារឿងដែលគួរឲ្យសោកស្ដាយមែន បើសិនអាពាហ៍ពិពាហ៍ដែលជាអ្វីដ៏គួរនាំឲ្យយើងសប្បាយរីករាយ ប្រែក្លាយទៅជាប្រភពមួយនៃសេចក្ដីទុក្ខព្រួយវិញនោះ!
ការគោរពប្រតិបត្ដិដល់ព្រះគឺជាកត្ដាមួយដ៏ចំបង
៨. តើតាមរបៀបណាដែលភាពស្មោះត្រង់នឹងព្រះអាចជួយអាពាហ៍ពិពាហ៍មួយឋិតថេរជាដរាបនិងប្រកបទៅដោយសុភមង្គល?
៨ គឺជាការពិតមែនដែលថា ស្នេហាក៏ជួយពង្រឹងនូវអាពាហ៍ពិពាហ៍។ ក៏ប៉ុន្តែ គោលការណ៍ដែលភាគីទាំងពីរគោរពតាមដូចគ្នា គឺសំខាន់ជាងដើម្បីនាំឲ្យអាពាហ៍ពិពាហ៍ប្រកបទៅដោយសុភមង្គលនិងស្ថិតស្ថេរជាដរាប។ បើសិនជាភាគីទាំងពីរមានភក្ដីភាពចំពោះព្រះយេហូវ៉ា នោះនឹងបង្កើតឲ្យមានសាមគ្គីភាពដ៏ស្ថាពរតាមរបៀបមួយដែលកត្ដាផ្សេងទៀតធ្វើមិនបាន។ (សាស្ដា ៤:១២) ពេលគូគ្រីស្ទានទុកការថ្វាយបង្គំព្រះយេហូវ៉ាពិតជាអាទិភាពក្នុងជីវិតរបស់គេ ពួកគេមានសាមគ្គីភាពខាងវិញ្ញាណ ខាងសតិអារម្មណ៍និងខាងសីលធម៌ផងដែរ។ ពួកគេសិក្សាព្រះបន្ទូលរបស់ព្រះជាមួយគ្នា។ ពួកគេអធិស្ឋានជាមួយគ្នា និងហេតុនោះហើយ ចិត្តរបស់ពួកគេរួមគ្នាតែមួយ។ ពួកគេទៅកិច្ចប្រជុំនិងផ្សព្វផ្សាយជាមួយគ្នា។ ការទាំងអស់នេះជួយបង្កើតចំណងមួយខាងវិញ្ញាណដែលធ្វើឲ្យគេមានសម្ព័ន្ធមេត្រីដែលកាន់តែស្និទ្ធស្នាលឡើង។ សំខាន់ជាងនោះទៅទៀតគឺថា ព្រះយេហូវ៉ាប្រទានពរទៅដល់គេ។
៩. តើអ័ប្រាហាំបានធ្វើយ៉ាងណាដើម្បីរកប្រពន្ធសំរាប់អ៊ីសាក? ហើយតើមានលទ្ធផលអ្វី?
៩ ដោយព្រោះភក្ដីភាពរបស់អ័ប្រាហាំ នោះគាត់បានរកបំពេញព្រះហឫទ័យរបស់ព្រះ ពេលដែលគាត់ត្រូវជ្រើសរើសប្រពន្ធមួយសំរាប់កូនប្រុសរបស់គាត់ឈ្មោះអ៊ីសាក។ អ័ប្រាហាំបានប្រាប់អ្នកបំរើដ៏គួរឲ្យទុកចិត្តរបស់គាត់ថា៖ «អញនឹងឲ្យឯងស្បថនឹងព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ហើយជាព្រះនៃផែនដីថា ឯងនឹងមិនយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅកណ្ដាលគេនេះឡើយ គឺត្រូវឲ្យឯងទៅឯស្រុកអញ នឹងយកប្រពន្ធឲ្យអ៊ីសាកជាកូនអញ ពីញាតិសន្ដានអញវិញ . . . [ព្រះយេហូវ៉ា]ទ្រង់នឹងចាត់ទេវតាទ្រង់ទៅមុនឯង ដូច្នេះឯងនឹងបានយកប្រពន្ធពីនោះមកឲ្យកូនអញហើយ»។ រេបិកាបានធ្វើជាប្រពន្ធម្នាក់ដ៏ល្អប្រសើរ ដែលអ៊ីសាកបានស្រឡាញ់ជាខ្លាំង។—លោកុប្បត្តិ ២៤:៣, ៤, ៧, ១៤-២១, ៦៧
១០. តើគូស្វាមីភរិយាមានកាតព្វកិច្ចអ្វី តាមបទគម្ពីរ?
១០ បើសិនជាយើងជាគ្រីស្ទានម្នាក់ដែលមិនទាន់រៀបការនៅឡើយ នោះការគោរពប្រតិបត្ដិដល់ព្រះនឹងជួយយើងឲ្យបណ្ដុះបណ្ដាលឲ្យមានគុណសម្បត្ដិដែលនឹងបង្កើតឲ្យយើងមានសមត្ថភាពបំពេញសេចក្ដីតម្រូវពីបទគម្ពីរចំពោះការរៀបអាពាហ៍ពិពាហ៍។ កាតព្វកិច្ចរបស់គូស្វាមីភរិយារួមបញ្ចូលអ្វីដែលសាវ័កប៉ុលបានរៀបរាប់គឺថា៖ «ស្ត្រីរាល់គ្នាអើយ! ចូរឲ្យចុះចូលចំពោះប្ដីខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ . . . បុរសរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធខ្លួន ដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង . . . ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ . . . ត្រូវឲ្យអ្នករាល់គ្នាទាំងអស់ស្រឡាញ់ប្រពន្ធខ្លួន ដូចជាខ្លួនឯង ហើយប្រពន្ធក៏ត្រូវកោតខ្លាចប្ដីដែរ»។ (អេភេសូរ ៥:២២-៣៣) ដូចជាយើងឃើញក្នុងខទាំងនោះ ពាក្យរបស់ប៉ុលគូសបញ្ជាក់នូវភាពចាំបាច់នៃសេចក្ដីស្រឡាញ់និងការគោរព។ ការប្រតិបត្ដិតាមដំបូន្មាននេះ រួមបញ្ចូលការកោតខ្លាចយ៉ាងជ្រាលជ្រៅចំពោះព្រះយេហូវ៉ា។ នោះទាំងតម្រូវនូវភក្ដីភាពអស់ពីដួងចិត្ត មិនថាក្នុងគ្រាដែលគ្មានបញ្ហាឬក៏ក្នុងកាលដែលមានក៏ដោយ។ គ្រីស្ទានទាំងឡាយដែលកំពុងតែគិតអំពីការរៀបអាពាហ៍ពិពាហ៍ គួរមានសមត្ថភាពបំពេញភារកិច្ចនេះ។
ការសម្រេចថា ពេលណាអាចរៀបការបាន
១១. (ក) តើព្រះគម្ពីរជូនឱវាទអ្វីខ្លះចំពោះពេលដែលមនុស្សម្នាក់គួររៀបការ? (ខ) តើគំរូអ្វីដែលបង្ហាញនូវប្រាជ្ញាក្នុងការប្រព្រឹត្តតាមឱវាទក្នុងព្រះគម្ពីរនៅកូរិនថូសទី១ ៧:៣៦?
១១ គឺចាំបាច់ដែលយើងយល់ដឹងថា ពេលណាខ្លួនមានលក្ខណៈគ្រប់គ្រាន់ដើម្បីរៀបការ។ ដោយព្រោះមនុស្សម្នាក់ៗតែងតែខុសគ្នា នោះព្រះគម្ពីរមិនដាក់តម្រូវការខាងអាយុទេ។ ក៏ប៉ុន្តែ ព្រះគម្ពីរប្រាប់ថា គឺល្អជាង បើសិនជាចាំទាល់តែ«ហួសអាយុគ្រប់ការហើយ[ហួសផុតពីយុវវ័យហើយ ព.ថ.]» ព្រោះពេលស្ថិតក្នុងភាពជាយុវវ័យជាពេលដែលតណ្ហាខ្លាំងខាងកាមអាចរារាំងនាំឲ្យលែងមានសមត្ថភាពវែកញែកគិតគូរយ៉ាងល្អ។ (កូរិនថូសទី១ ៧:៣៦) យុវនារីម្នាក់ឈ្មោះ មីហ្សេល ប្រាប់ថា៖ «ពេលខ្ញុំឃើញមិត្តភក្ដិខ្ញុំមានគូហើយរៀបការ ហើយគេច្រើនតែជាក្មេងជំទង់នៅឡើយ នោះជួនកាលខ្ញុំពិបាកធ្វើតាមឱវាទនេះណាស់។ ក៏ប៉ុន្តែ ខ្ញុំបានទទួលស្គាល់ថា ឱវាទនោះមកពីព្រះយេហូវ៉ា ហើយទ្រង់តែងមានបន្ទូលប្រាប់យើងពីអ្វីដែលជាប្រយោជន៍ចំពោះយើង។ ពីព្រោះខ្ញុំបានចាំសិនដោយមិនរៀបការនោះ នេះបានធ្វើឲ្យខ្ញុំមានសមត្ថភាពផ្ចង់អារម្មណ៍ទៅលើទំនាក់ទំនងរបស់ខ្ញុំនឹងព្រះយេហូវ៉ាហើយទៅលើការប្រមូលបទពិសោធន៍ក្នុងជីវិត ដែលជាចំណេះដែលយើងមិនអាចមានពេលនៅក្មេងជំទង់ទេ។ ប៉ុន្មានឆ្នាំក្រោយមក ខ្ញុំមានសមត្ថភាពច្រើនជាង ដើម្បីបំពេញនូវភារកិច្ចនិងដោះស្រាយនូវបញ្ហាដែលកើតឡើងក្នុងអាពាហ៍ពិពាហ៍»។
១២. ហេតុអ្វីបានជាការប្រញាប់រៀបការពេលខ្លួននៅក្មេង មិនមែនជាដំណើរដែលប្រកបទៅដោយប្រាជ្ញា?
១២ អ្នកណាដែលប្រញាប់រៀបការពេលគេនៅក្មេងជំទង់នៅឡើយ ច្រើនតែឃើញថា សេចក្ដីត្រូវការនិងសេចក្ដីប៉ងប្រាថ្នារបស់គេ នឹងផ្លាស់ប្ដូរពេលដែលគេពេញវ័យឡើង។ នៅពេលនោះឯង គេទទួលស្គាល់ថា អ្វីដែលគេធ្លាប់គិតថា ជាលក្ខណៈដ៏គួរឲ្យចង់បាននៅដើមដំបូងនោះ ឥឡូវគេមិនសូវចាត់ទុកជាសំខាន់ទៀតឡើយ។ យុវនារីគ្រីស្ទានម្នាក់បានតាំងចិត្តរៀបការពេលគាត់មានអាយុ១៦ឆ្នាំ។ យាយរបស់គាត់បានរៀបការពេលមានអាយុប៉ុណ្ណឹង និងម្ដាយគាត់ក៏បានធ្វើដូច្នោះដែរ។ ពេលយុវបុរសម្នាក់ដែលនាងបានចាប់អារម្មណ៍ មិនព្រមរៀបការជាមួយនាងនៅពេលនោះទេ នោះនាងបានជ្រើសរើសម្នាក់ផ្សេងទៀតដែលសុខចិត្តរៀបការជាមួយនាង។ ក៏ប៉ុន្តែ ក្រោយមក នាងបានស្ដាយនូវការសម្រេចចិត្តរបស់ខ្លួនដែលបានធ្វើឡើងយ៉ាងឆាប់រហ័សដោយមិនគិតនោះ។
១៣. អ្នកដែលរៀបការមុនពេលដែលសមគួរនោះ តើច្រើនតែមានកង្វះខាតខាងលក្ខណៈណាខ្លះ?
១៣ ពេលមនុស្សម្នាក់រកចង់រៀបការនោះ គឺជាការសំខាន់ដែលគាត់យល់ដឹងយ៉ាងប្រាកដប្រជាអំពីអ្វីៗទាំងអស់ដែលពាក់ព័ន្ធទៅនឹងអាពាហ៍ពិពាហ៍។ បើសិនជារៀបការមុនពេលដែលសមគួរ នោះអាចនាំមកនូវគំនរបញ្ហាដែលគូអាពាហ៍ពិពាហ៍មួយដែលនៅក្មេងជំទង់ទំនងជាខ្វះខាតនូវសមត្ថភាពដើម្បីដោះស្រាយ។ ពួកគេប្រហែលជាខ្វះខាតនូវបទពិសោធន៍និងភាពចាស់ទុំដែលត្រូវការជាចាំបាច់ ដើម្បីស៊ូទ្រាំនឹងភាពតានតឹងដែលកើតមានក្នុងអាពាហ៍ពិពាហ៍និងចំពោះការចិញ្ចឹមអប់រំកូនចៅ។ យើងគួររៀបការតែពេលដែលយើងមានលក្ខណៈគ្រប់គ្រាន់ខាងរាងកាយ សតិអារម្មណ៍ និងខាងវិញ្ញាណ ដើម្បីចាប់ផ្ដើមសម្ព័ន្ធមេត្រីមួយដែលនិងឋិតថេរជាដរាប។
១៤. ដើម្បីដោះស្រាយបញ្ហាក្នុងអាពាហ៍ពិពាហ៍ តើអ្វីគឺចាំបាច់?
១៤ ប៉ុលបានសរសេរថា អ្នកដែលរៀបការ«នឹងមានសេចក្ដីទុក្ខព្រួយខាងសាច់ឈាម»។ (កូរិនថូសទី១ ៧:២៨) បញ្ហានឹងកើតឡើងដោយសារនោះរួមបញ្ចូលមនុស្សពីរនាក់ដែលមានបុគ្គលិកលក្ខណៈខុសគ្នា ហើយនឹងមានទស្សនៈខុសពីគ្នាផងដែរ។ ដោយសារយើងគ្មានភាពល្អឥតខ្ចោះទេ នោះប្រហែលជាយើងនឹងមានការពិបាកក្នុងការបំពេញតួនាទីដែលព្រះគម្ពីរដាក់ឲ្យយើងក្នុងអាពាហ៍ពិពាហ៍។ (កូរិនថូសទី១ ១១:៣; កូល៉ុស ៣:១៨, ១៩; ទីតុស ២:៤, ៥; ពេត្រុសទី១ ៣:១, ២, ៧) ដើម្បីប្រព្រឹត្តតាមការណែនាំរបស់ព្រះនឹងដោះស្រាយបញ្ហាដោយសេចក្ដីស្រឡាញ់ នោះតម្រូវឲ្យមានភាពចាស់ទុំនិងភាពនឹងនខាងវិញ្ញាណ។
១៥. តើមាតាបិតាអាចមានតួនាទីអ្វីក្នុងការជួយកូនចៅរបស់គាត់បង្កើតលក្ខណៈគ្រប់គ្រាន់ដើម្បីរៀបការ? សូមជូនឧទាហរណ៍។
១៥ មាតាបិតាអាចជួយរៀបចំកូនចៅរបស់គាត់ឲ្យមានលក្ខណៈគ្រប់គ្រាន់ដើម្បីរៀបការ ដោយជួយគេយល់ដឹងនូវសារៈសំខាន់នៃការប្រព្រឹត្តតាមការណែនាំរបស់ព្រះ។ ដោយប្រើបទគម្ពីរនិងប្រកាសនវត្ថុគ្រីស្ទានយ៉ាងប៉ិនប្រសប់ នោះមាតាបិតាអាចជួយកូនៗរបស់គាត់ឲ្យចេះសម្រេចថា តើពួកគេផ្ទាល់ឬក៏អ្នកដែលគេចង់ជ្រើសរើសជាគូ មានលក្ខណៈគ្រប់គ្រាន់ដើម្បីរក្សាសេចក្ដីសន្យានៃអាពាហ៍ពិពាហ៍ឬទេ?។a យុវនារីម្នាក់ឈ្មោះ ប្លសិម ដែលមានអាយុ១៨ឆ្នាំ បាននឹកស្មានថាខ្លួនស្រឡាញ់យុវបុរសម្នាក់ក្នុងក្រុមជំនុំរបស់នាង។ គាត់ជាអ្នកបំរើពេញពេល ហើយពួកគេចង់រៀបការជាមួយគ្នា។ ក៏ប៉ុន្តែ មាតាបិតារបស់នាងបានសូមឲ្យនាងចាំមួយឆ្នាំទៀត ដោយគិតថានាងនៅក្មេងពេក។ ក្រោយមក ប្លសិមបានសរសេរថា៖ «ខ្ញុំពិតជាមានអំណរគុណមែនទែន ដែលខ្ញុំបានស្ដាប់តាមឱវាទដែលប្រកបទៅដោយប្រាជ្ញានោះ។ ក្នុងកំឡុងមួយឆ្នាំនោះ ខ្ញុំបានពេញវ័យជាង ហើយចាប់ផ្ដើមយល់ឃើញថា យុវបុរសនោះមិនមានគុណសម្បត្ដិដែលអាចធ្វើឲ្យគាត់សមនឹងយកជាគូអាពាហ៍ពិពាហ៍ទេ។ ជាយថាហេតុ យុវបុរសនោះបានចាកចេញពីអង្គការរបស់យើង និងខ្ញុំបានគេចរួចពីរឿងមួយដែលអាចទៅជាមហន្តរាយយ៉ាងធំក្នុងជីវិតរបស់ខ្ញុំ។ នេះគឺជាអ្វីដ៏ល្អណាស់ហ្ន៎! ពេលដែលមានមាតាបិតាដែលមានប្រាជ្ញានិងធ្វើការសម្រេចដែលគួរឲ្យទុកចិត្ត»។
‹រៀបការតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ›
១៦. (ក) តើដូចម្ដេចដែលគ្រីស្ទានអាចត្រូវល្បងលចំពោះរឿង‹រៀបការតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ›? (ខ) ពេលត្រូវទាក់ទាញឲ្យរៀបការជាមួយអ្នកដែលមិនជាអ្នកជឿ តើគ្រីស្ទានគួរគិតអំពីអ្វី?
១៦ ចំពោះការរកគូអាពាហ៍ពិពាហ៍ ការណែនាំរបស់ព្រះយេហូវ៉ាគឺជាក់ច្បាស់ គឺថា៖ ‹រៀបការតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ›។ (កូរិនថូសទី១ ៧:៣៩) មាតាបិតាគ្រីស្ទាននិងកូនៗរបស់គាត់ ប្រហែលជានឹងត្រូវល្បងលចំពោះរឿងនេះ។ តើដោយដូចម្ដេច? យុវជនប្រហែលជាមានចំណង់រៀបការ តែក្នុងក្រុមជំនុំគ្មានអ្នកណាដែលគេអាចយកជាគូបានទេ។ ឬក៏គេគ្រាន់តែនឹកស្មានថាគឺអ៊ីចឹង។ ប្រហែលជាមានបុរសតិចជាងស្ត្រីនៅតំបន់នោះ ឬក៏ប្រហែលជាគ្មានអ្នកណាដែលគេចាត់ទុកថា សមនឹងយកជាគូទេ។ យុវបុរសម្នាក់ ដែលមិនមែនជាអ្នកថ្វាយខ្លួនហើយមិនមែនជាសមាជិកម្នាក់នៃក្រុមជំនុំទេ ប្រហែលជាមានចំណាប់អារម្មណ៍ទៅលើយុវនារីគ្រីស្ទានម្នាក់ (ឬក៏ផ្ទុយពីនេះទៅវិញ) ហើយប្រហែលជាអ្នកផ្សេងទៀតខំជំរុញចិត្តគេឲ្យចោលនូវខ្នាតតម្រាដែលព្រះយេហូវ៉ាបានប្រទានឲ្យ។ ក្រោមកាលៈទេសៈបែបនេះ នឹងមានប្រយោជន៍ជាច្រើន បើសិនជាគេគិតអំពីគំរូរបស់លោកអ័ប្រាហាំ។ របៀបមួយដែលគាត់បានរក្សាទុកទំនាក់ទំនងរបស់គាត់នឹងព្រះយេហូវ៉ា គឺដោយចាត់វិធានការឲ្យប្រាកដថា កូនប្រុសរបស់គាត់ អ៊ីសាកនឹងរៀបការជាមួយអ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា។ អ៊ីសាកបានធ្វើដូចគ្នាដែរចំពោះកូនរបស់គាត់ឈ្មោះយ៉ាកុប។ នេះបានតម្រូវឲ្យគេទាំងអស់គ្នាព្យាយាម ក៏ប៉ុន្តែនោះបានពេញព្រះហឫទ័យរបស់ព្រះ និងទ្រង់បានប្រទានពរ។—លោកុប្បត្តិ ២៨:១-៤
១៧. ហេតុអ្វីបានជាការរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកមិនជឿ ទំនងជានឹងនាំទៅដល់អន្តរាយ? ហើយតើអ្វីជាហេតុសំខាន់បំផុតដែលយើងគួរ‹រៀបការតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ›?
១៧ មានករណីខ្លះៗដែលអ្នកមិនជឿនោះក្រោយមកបានទៅជាគ្រីស្ទានម្នាក់។ ក៏ប៉ុន្តែ ការរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកមិនជឿ ច្រើនតែបានក្លាយជាអន្តរាយទៅវិញ។ អ្នកដែលទឹមនឹមស្រៀក ជាមួយនឹងមនុស្សមិនជឿ មិនមានជំនឿដូចគ្នា គ្មានគោលការណ៍ដូចគ្នា ឬក៏គ្មានគោលដៅដូចគ្នាដែរ។ (កូរិនថូសទី២ ៦:១៤) នេះអាចមានឥទ្ធិពលអាក្រក់ទៅលើការទាក់ទងគ្នានិងសុភមង្គលក្នុងក្រុមគ្រួសារ។ ជាឧទាហរណ៍ ស្ត្រីគ្រីស្ទានម្នាក់បាននិយាយដោយសោកស្ដាយថា ក្រោយពីមានកិច្ចប្រជុំមួយដែលលើកទឹកចិត្តគាត់ គាត់មិនអាចទៅផ្ទះវិញនឹងពិភាក្សានូវអ្វីខាងវិញ្ញាណជាមួយប្ដីរបស់គាត់ដែលមិនជាអ្នកជឿបានទេ។ សំខាន់ជាងនោះទៅទៀតគឺថា ការ‹រៀបការតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ› គឺជារឿងដែលទាក់ទងនឹងភាពស្មោះត្រង់នឹងព្រះយេហូវ៉ា។ ពេលយើងប្រតិបត្ដិតាមបន្ទូលរបស់ព្រះ នោះចិត្តរបស់យើងមិនផ្ដន្ទាទោសយើងទេ ដ្បិតយើងកំពុងតែធ្វើអ្វី«ដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ»។—យ៉ូហានទី១ ៣:២១, ២២
១៨. ពេលដែលកំពុងតែជ្រើសរើសគូអាពាហ៍ពិពាហ៍ តើយើងគួរផ្ចង់អារម្មណ៍ទៅលើអ្វីជាងគេ? ហើយហេតុអ្វី?
១៨ ពេលដែលកំពុងតែជ្រើសរើសគូអាពាហ៍ពិពាហ៍ នោះគុណធម៌និងភាពខាងវិញ្ញាណរបស់អ្នកដែលយើងគិតចង់ជ្រើសរើសនោះគឺសំខាន់បំផុត។ គុណសម្បត្ដិគ្រីស្ទាន ព្រមទាំងសេចក្ដីស្រឡាញ់និងភាពស្មោះត្រង់អស់ពីដួងចិត្តចំពោះព្រះ គឺមានតម្លៃច្រើនជាងសម្រស់នៃអាការក្រៅ។ ព្រះពេញព្រះទ័យនឹងអ្នកដែលបំពេញហើយអបអរចំពោះកាតព្វកិច្ចរបស់គេដែលតម្រូវឲ្យគេធ្វើជាគូអាពាហ៍ពិពាហ៍ដ៏មាំខាងវិញ្ញាណ។ ហើយគ្រឿងពង្រឹងដ៏មាំបំផុតដែលគូមួយអាចទទួលបាននោះ គឺមកពីភក្ដីភាពរបស់ភាគីទាំងសងខាងចំពោះអ្នកបង្កើតនិងការប្រព្រឹត្តតាមការណែនាំរបស់ទ្រង់ទាំងស្រុង។ តាមរបៀបនេះ ព្រះយេហូវ៉ាទទួលនូវកិត្ដិយស ហើយអាពាហ៍ពិពាហ៍នោះចាប់ផ្ដើមដោយមានមូលដ្ឋានមាំមួនរង្គើមិនបានទៅលើអ្វីខាងវិញ្ញាណដែលនឹងជួយឲ្យមានសម្ព័ន្ធមេត្រីមួយនឹងមានឋិតថេរជាដរាប។
[កំណត់សម្គាល់]
a សូមមើល ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩៩ ទំព័រ៤-៧
តើអ្នកនឹងឆ្លើយដូចម្ដេច?
• ហេតុអ្វីបានជាយើងត្រូវការនូវការណែនាំពីព្រះ ចំពោះការជ្រើសរើសគូអាពាហ៍ពិពាហ៍មួយដ៏ល្អ?
• តើដូចម្ដេចដែលភាពស្មោះត្រង់ចំពោះព្រះនឹងជួយពង្រឹងនូវចំណងអាពាហ៍ពិពាហ៍?
• តើដូចម្ដេចដែលមាតាបិតាអាចជួយកូនចៅរបស់គាត់មានលក្ខណៈគ្រប់គ្រាន់ដើម្បីរៀបការ?
• ហេតុអ្វីបានជាសំខាន់ដែលយើង‹រៀបការតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ›?
[រូបភាពនៅទំព័រ២៤]
ការអនុវត្តតាមឱវាទរបស់ព្រះ ពេលដែលកំពុងតែជ្រើសរើសគូអាពាហ៍ពិពាហ៍ អាចនាំមកនូវសុភមង្គលជាច្រើន
[រូបភាពនៅទំព័រ២៥]
អ្នកអាចទទួលពរជាច្រើន បើសិនជា‹រៀបការតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ›