របៀបដែលអ្នកអាចធ្វើការសម្រេចចិត្តដ៏ល្អ
ចិត្តសេរីគឺជាអំណោយមួយពីព្រះ។ បើសិនជាគ្មានចិត្តសេរីនោះទេ យើងគឺមិនខុសពីមនុស្សយន្ត ដែលគ្មានសមត្ថភាពកាន់កាប់ទៅលើសកម្មភាពរបស់ខ្លួនឡើយ។ ក៏ប៉ុន្តែ ដោយព្រោះយើងមានចិត្តសេរី យើងក៏មានបញ្ហាខ្លះៗដែរ។ ដោយសារយើងមានចិត្តសេរី នោះយើងត្រូវតែធ្វើការសម្រេចចិត្តផ្សេងៗក្នុងជីវិតយើង។
ការសម្រេចចិត្តខ្លះគឺជារឿងតូចតាចពិតមែន។ ក៏ប៉ុន្តែ ការសម្រេចចិត្តឯទៀត ដូចជាថាតើយើងនឹងប្រកបអាជីពអ្វី ឬក៏ថាតើយើងនឹងរៀបការឬក៏អត់ អាចមានផលប៉ះពាល់រហូតដល់អនាគតរបស់យើងដែរ។ ហើយក៏មានការសម្រេចចិត្តផ្សេងទៀតដែលប៉ះពាល់ដល់អ្នកឯទៀត។ ការសម្រេចចិត្តខ្លះរបស់មាតាបិតាអាចមានអានុភាពខ្លាំងទៅលើកូនរបស់ខ្លួនដែរ។ ម្យ៉ាងទៀត ព្រះនិងវិនិច្ឆ័យយើងចំពោះការសម្រេចចិត្តខ្លះដែលយើងធ្វើ។—រ៉ូម ១៤:១២
ជំនួយគឺត្រូវការជាចាំបាច់
ប្រវត្ដិសាស្ត្រមនុស្សបង្ហាញថា មនុស្សមិនសូវចេះធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវនោះឡើយ។ ការសម្រេចចិត្តមួយមុនគេក្នុងប្រវត្ដិសាស្ត្រដែលមនុស្សជាតិបានធ្វើនោះ បាននាំទៅដល់អន្តរាយ។ អេវ៉ាបានសម្រេចចិត្តបរិភោគផ្លែឈើដែលព្រះបានហាមឃាត់យ៉ាងដាច់ខាត។ ការសម្រេចចិត្តរបស់នាងដោយមានមូលដ្ឋានទៅលើសេចក្ដីប៉ងប្រាថ្នាដ៏សួនតួបាននាំឲ្យស្វាមីរបស់នាងចូលរួមជាមួយនាង និងមិនស្ដាប់បង្គាប់ព្រះ ហើយជាលទ្ធផលនោះ មនុស្សជាតិបានរងទុក្ខវេទនាយ៉ាងខ្លាំង។ ក្នុងករណីជាច្រើន មនុស្សនៅតែធ្វើការសម្រេចចិត្តដែលមានមូលដ្ឋានទៅលើសេចក្ដីប៉ងប្រាថ្នាដ៏សួនតួដដែល ជាជាងទៅលើគោលការណ៍ត្រឹមត្រូវវិញ។ (លោកុប្បត្តិ ៣:៦-១៩; យេរេមា ១៧:៩) ហើយពេលយើងត្រូវធ្វើការសម្រេចសំខាន់ៗ នោះយើងច្រើនតែយល់ដឹងថាចំណេះយើងមានកំរិត។
ម្ល៉ោះហើយបានជា យើងមិនភ្ញាក់ផ្អើលទេដែលមនុស្សជាច្រើនស្វែងរកជំនួយ ពេលគេធ្វើការសម្រេចចិត្តសំខាន់ដោយពឹងពាក់ប្រភពផ្សេងៗដ៏ខ្ពង់ខ្ពស់ជាងមនុស្ស។ ព្រះគម្ពីរមានកំណត់ហេតុអំពីពេលមួយដែលស្តេចនេប៊ូក្នេសា ត្រូវធ្វើការសម្រេចចិត្តមួយពេលទ្រង់ជាប់ធ្វើយុទ្ធនាការ។ ទោះជាទ្រង់គឺជាស្តេចក៏ដោយ ទ្រង់នៅតែគិតថាទ្រង់ត្រូវ‹ប្រើរបៀនមន្តអាគម› ដើម្បីសុំឱវាទបុគ្គលវិញ្ញាណ។ ដូច្នេះ កំណត់ហេតុចែងថា៖ «ក៏អង្រួនព្រួញ សួរដល់រូបព្រះ ហើយមើលទំនាយក្នុងថ្លើម»។ (អេសេគាល ២១:២១) សព្វថ្ងៃនេះ គឺស្រដៀងគ្នាដែរ មនុស្សជាច្រើនសុំឱវាទពីគ្រូទាយ ហោរា និងតាមវិធីផ្សេងទៀតដោយខំទាក់ទងនឹងបុគ្គលវិញ្ញាណ។ គួរឲ្យសោកស្ដាយមែន! ដែលប្រភពទាំងនេះ ចេះតែបោកបញ្ឆោតនិងនាំឲ្យវង្វេង។—លេវីវិន័យ ១៩:៣១
មានបុគ្គលមួយអង្គដែលយើងអាចទុកចិត្តទាំងស្រុង និងដែលជួយមនុស្សធ្វើការសម្រេចចិត្តដោយប្រាជ្ញាទូទាំងប្រវត្ដិសាស្ត្រ។ បុគ្គលនោះគឺជាព្រះយេហូវ៉ា។ ជាឧទាហរណ៍ នៅសម័យបុរាណ ព្រះបានប្រទានយូរីមនិងធូមីមចំពោះអ៊ីស្រាអែលដែលជារាស្ត្រទ្រង់។ យូរីមនិងធូមីមទំនងជាឆ្នោតពិសិដ្ឋដែលគេត្រូវផ្សងចាប់ ពេលជាតិគេប្រឈមមុខនឹងកាលៈទេសៈសំខាន់ៗ។ តាមរយៈយូរីមនិងធូមីម ព្រះយេហូវ៉ាបានតបឆ្លើយយ៉ាងចំៗចំពោះសំនួរផ្សេងៗ ដែលជួយអ្នកចាស់ទុំអ៊ីស្រាអែលឲ្យដឹងប្រាកដថាការសម្រេចរបស់គេ គឺសមស្របតាមព្រះហឫទ័យរបស់ទ្រង់ឬក៏អត់។—និក្ខមនំ ២៨:៣០; លេវីវិន័យ ៨:៨; ជនគណនា ២៧:២១
សូមពិចារណាឧទាហរណ៍មួយទៀត ពេលគេឌានត្រូវហៅឲ្យមកដឹកនាំទ័ពអ៊ីស្រាអែលឲ្យទៅប្រយុទ្ធនឹងសាសន៍ម៉ាឌាន នោះគាត់ត្រូវសម្រេចចិត្តថាតើគាត់ចង់ទទួលឯកសិទ្ធិដ៏ខ្ពង់ខ្ពស់នេះឬក៏អត់។ គេឌានចង់មានការធានាថា ព្រះយេហូវ៉ានឹងគាំទ្រគាត់ ដូច្នេះគាត់សូមសញ្ញាមួយដោយអព្ភូតហេតុ។ គាត់អធិស្ឋានឲ្យរោមចៀមមួយដែលបានទុកចោលអស់មួយយប់ ត្រូវទទឹកដោយទឹកសន្សើម តែដីនៅខាងក្រោមវាត្រូវស្ងួតវិញ។ យប់បន្ទាប់មក គាត់បានអធិស្ឋានសុំឲ្យរោមចៀមស្ងួត តែដីនៅជុំវិញវាត្រូវទទឹកវិញ។ ដោយសេចក្ដីសប្បុរស ព្រះយេហូវ៉ាបានប្រទានសញ្ញាដែលគេឌានបានសុំនោះ។ ជាលទ្ធផល គេឌានបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយដោយមានការគាំទ្រពីព្រះ គាត់ក៏ទទួលបានជ័យជំនះទាំងស្រុងពីសត្រូវរបស់អ៊ីស្រាអែល។—ពួកចៅហ្វាយ ៦:៣៣-៤០; ៧:២១, ២២
ចុះយ៉ាងណាវិញចំពោះសព្វថ្ងៃនេះ?
សព្វថ្ងៃនេះ ព្រះយេហូវ៉ានៅតែប្រទានឲ្យជំនួយចំពោះអ្នកបំរើរបស់ទ្រង់ ពេលគេត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់។ តើទ្រង់ធ្វើអ៊ីចឹងយ៉ាងដូចម្ដេច? តើយើងគួរធ្វើដូចគេឌាននឹងសុំសញ្ញាពីព្រះយេហូវ៉ាដើម្បីណែនាំយើង ដូចជាការសាកល្បងដោយប្រើរោមចៀមនោះអ៊ីចឹងទេ? គូស្វាមីភរិយាមួយគូបានឆ្ងល់ថា តើគេគួរផ្លាស់ទៅនៅកន្លែងដែលមានសេចក្ដីត្រូវការខ្លាំងជាងសំរាប់អ្នកផ្សាយឬក៏អត់។ ដើម្បីជួយគេសម្រេចចិត្ត គេរៀបចំឲ្យមានការសាកល្បងមួយ។ ពួកគេខំលក់ផ្ទះរបស់គេក្នុងតម្លៃកំណត់មួយ។ បើសិនមានការទិញផ្ទះនោះមុនថ្ងៃកំណត់របស់គេ ដោយទិញក្នុងតម្លៃដែលគេបានកំណត់ទុកជាមុន ឬក៏ថ្លៃជាងនោះទៅទៀត នោះគេនឹងចាត់ទុកនោះជាសញ្ញាមួយដែលព្រះយេហូវ៉ាចង់ឲ្យគេផ្លាស់ទីលំនៅ។ បើសិនជាគ្មានអ្នកណាទិញផ្ទះនោះ គេនឹងសន្និដ្ឋានថា ព្រះមិនចង់ឲ្យគេរើទៅកន្លែងផ្សេងទេ។
គ្មានអ្នកណាទិញផ្ទះនោះទេ។ តើនេះបញ្ជាក់ថាព្រះយេហូវ៉ាមិនចង់ឲ្យគូនេះទៅបំរើនៅកន្លែង ដែលមានសេចក្ដីត្រូវការខ្លាំងជាងទេឬ? បើសិនជាយើងខំរៀបរាប់ពីអ្វីដែលព្រះយេហូវ៉ាធ្វើ ឬក៏មិនធ្វើសំរាប់អ្នកបំរើទ្រង់ នោះជាការសន្មតដោយគ្មានមូលដ្ឋានហើយ។ យើងមិនអាចនិយាយថា សព្វថ្ងៃនេះ ព្រះយេហូវ៉ាមិនដែលធ្វើអន្តរាគមន៍ដើម្បីបង្ហាញអ្នកបំរើរបស់ទ្រង់ នូវព្រះហឫទ័យរបស់ទ្រង់ឡើយ។ (អេសាយ ៥៩:១) ក៏ប៉ុន្តែ យើងគ្មានសិទ្ធិតម្រូវឲ្យមានអន្តរាគមន៍បែបនេះក្នុងការសម្រេចចិត្តរបស់យើង ដោយទុកឲ្យព្រះសម្រេចការទាំងអស់ឲ្យយើងនោះទេ។ សូម្បីតែជីវិតរបស់គេឌានស្ទើរតែទាំងមូលក្ដី គាត់ត្រូវធ្វើការសម្រេចចិត្តដោយគ្មានសញ្ញាដែលជាអព្ភូតហេតុពីព្រះយេហូវ៉ារហូតនោះទេ!
យ៉ាងណាក៏ដោយ ព្រះគម្ពីរប្រាប់ថា យើងអាចទទួលការណែនាំពីព្រះបាន។ ព្រះគម្ពីរទាយអំពីសម័យយើងនេះដោយថា៖ «កាលណាឯងរាល់គ្នាបែរទៅខាងស្ដាំ ឬខាងឆ្វេង នោះត្រចៀកនឹងឮពាក្យពីក្រោយឯងថា គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។ (អេសាយ ៣០:២១) ពេលយើងត្រូវធ្វើការសម្រេចចិត្តសំខាន់ៗ គឺសមគួរដែលយើងខំដឹងឲ្យប្រាកដថា ការសម្រេចចិត្តរបស់យើងគឺសមស្របតាមព្រះហឫទ័យរបស់ព្រះ និងសម្ដែងនូវប្រាជ្ញាដ៏ខ្ពង់ខ្ពស់របស់ទ្រង់។ តើយើងអាចធ្វើអ៊ីចឹងតាមរបៀបណា? ដោយមើលព្រះបន្ទូលរបស់ទ្រង់នឹងអនុញ្ញាតឲ្យព្រះគម្ពីរធ្វើជា‹ចង្កៀងដល់ជើងយើង ហើយជាពន្លឺបំភ្លឺផ្លូវរបស់យើងផង›។ (ទំនុកដំកើង ១១៩:១០៥; សុភាសិត ២:១-៦) ដើម្បីធ្វើដូច្នេះ យើងត្រូវបង្កើតឲ្យមានទម្លាប់ក្រេបជញ្ជក់ចំណេះត្រឹមត្រូវពីព្រះគម្ពីរ។ (កូល៉ុស ១:៩, ១០) ហើយពេលយើងត្រូវធ្វើការសម្រេចចិត្ត យើងត្រូវតែស្រាវជ្រាវយ៉ាងហ្មត់ចត់នូវគោលការណ៍ព្រះគម្ពីរទាំងអស់ដែលទាក់ទងនឹងរឿងនោះ។ ការស្រាវជ្រាវបែបនេះជួយយើងមានសមត្ថភាព‹លមើល ឲ្យស្គាល់អស់ទាំងសេចក្ដីដែលប្រសើរជាង›។—ភីលីព ១:៩, ១០
យើងក៏គួរទូលប្រាប់ព្រះយេហូវ៉ាតាមរយៈសេចក្ដីអធិស្ឋាន ដោយប្រាកដក្នុងចិត្តថា ទ្រង់នឹងសណ្ដាប់យើង។ គឺជាអ្វីដែលសម្រាលទុក្ខយ៉ាងខ្លាំងមែន ពេលយើងទូលព្រះរបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ និងពន្យល់អំពីការសម្រេចចិត្តដែលយើងត្រូវតែធ្វើ និងអំពីផ្លូវជ្រើសរើសផ្សេងៗដែលយើងកំពុងតែគិតថ្លឹងថ្លែង។ ពេលនោះយើងអាចសុំការណែនាំដោយទំនុកចិត្ត ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ជាញឹកញយ ព្រះវិញ្ញាណបរិសុទ្ធនឹងរំឭកយើងពីគោលការណ៍ព្រះគម្ពីរដែលទាក់ទងនឹងយើង ឬក៏ដែលអាចជួយយើងយល់ខគម្ពីរមួយច្បាស់ជាង ដែលទាក់ទងនឹងកាលៈទេសៈរបស់យើង។—យ៉ាកុប ១:៥, ៦
ព្រះយេហូវ៉ាក៏ផ្ដល់ឲ្យអ្នកចាស់ទុំក្នុងក្រុមជំនុំដែលយើងអាចពិគ្រោះជាមួយអំពីការសម្រេចចិត្តរបស់យើង។ (អេភេសូរ ៤:១១, ១២) ក៏ប៉ុន្តែ ពេលយើងសុំឱវាទពីអ្នកឯទៀត យើងមិនគួរធ្វើដូចមនុស្សដែលសួរមនុស្សជាច្រើនទាល់តែមនុស្សម្នាក់ប្រាប់ពីឱវាទដែលខ្លួនពេញចិត្តនោះទេ។ រួចមក ទើបធ្វើតាមឱវាទនោះ។ យើងគួរនឹកចាំពីគំរូរបស់រេហូបោមដែលទុកជាការព្រមាន។ ពេលគាត់ត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយ គាត់បានទទួលឱវាទដ៏ល្អប្រសើរពីអ្នកចាស់ទុំ ដែលបានបំរើជាមួយបិតាគាត់។ ក៏ប៉ុន្តែ ជាជាងតាមឱវាទពួកគេ នោះគាត់បាននិយាយជាមួយយុវបុរសផ្សេងៗដែលមានអាយុស្របាលៗនឹងគាត់។ ដោយធ្វើតាមឱវាទគេ គាត់បានធ្វើការសម្រេចចិត្តមិនត្រឹមត្រូវ និងជាលទ្ធផលបានបាត់បង់នូវមួយភាគធំនៃព្រះរាជាណាចក្ររបស់ទ្រង់។—ពង្សាវតារក្សត្រទី១ ១២:១-១៧
ពេលអ្នកសុំឱវាទ គួរសុំពីអ្នកដែលមានបទពិសោធន៍ច្រើនក្នុងជីវិត និងមានចំណេះច្រើនអំពីបទគម្ពីរនិងសេចក្ដីគោរពយ៉ាងជ្រាលជ្រៅចំពោះគោលការណ៍ដ៏ត្រឹមត្រូវ។ (សុភាសិត ១:៥; ១១:១៤; ១៣:២០) ពេលអ្នកអាចធ្វើទៅបាន ចូរឆ្លៀតពេលដើម្បីរំពឹងគិតអំពីគោលការណ៍ដែលពាក់ព័ន្ធ និងពត៌មានទាំងអស់ដែលអ្នកបានប្រមូលមក។ ពេលព្រះបន្ទូលរបស់ព្រះយេហូវ៉ាបំភ្លឺឲ្យអ្នកយល់ដឹង អ្នកទំនងជានឹងយល់ដឹងថាការសម្រេចចិត្តមួយណាគឺត្រឹមត្រូវ។—ភីលីព ៤:៦, ៧
ការសម្រេចចិត្តដែលយើងធ្វើ
ការសម្រេចចិត្តខ្លះគឺស្រួលធ្វើ។ ពេលពួកសាវ័កត្រូវបញ្ជាឲ្យឈប់ផ្សព្វផ្សាយ នោះគេដឹងថាគេត្រូវបន្តផ្សព្វផ្សាយអំពីព្រះយេស៊ូតទៅទៀត និងគេបានប្រាប់ក្រុមប្រឹក្សាជាន់ខ្ពស់អំពីការសម្រេចរបស់គេថា គេនឹងស្ដាប់បង្គាប់ព្រះជាជាងមនុស្ស។ (កិច្ចការ ៥:២៨, ២៩) ការសម្រេចចិត្តផ្សេងទៀតប្រហែលជាតម្រូវឲ្យគិតជ្រៅជ្រះជាង ពីព្រោះព្រះគម្ពីរមិនចែងយ៉ាងចំៗអំពីរឿងដូចគ្នានោះឡើយ។ យ៉ាងណាក៏ដោយ គោលការណ៍ព្រះគម្ពីរច្រើនតែឆ្លុះបញ្ចាំងនូវការសម្រេចចិត្តណាដែលល្អបំផុត។ ជាឧទាហរណ៍ ទោះជាការកំសាន្តប្រភេទផ្សេងៗដែលមានសព្វថ្ងៃនេះ មិនដែលមាននៅសម័យព្រះយេស៊ូក៏ដោយ នៅតែមានគោលការណ៍ក្បោះក្បាយក្នុងព្រះគម្ពីរស្តីពីអ្វីដែលពេញព្រះហឫទ័យព្រះយេហូវ៉ានិងអ្វីដែលជាទីស្អប់ខ្ពើមចំពោះទ្រង់។ ដូច្នេះ គ្រីស្ទានណាដែលចូលរួមទស្សនាការកំសាន្តណាដែលលើកដំកើងអំពើឃោរឃៅ អំពើអសីលធម៌ ឬការបះបោរប្រឆាំង បានធ្វើការសម្រេចចិត្តមិនល្អទេ។—ទំនុកដំកើង ៩៧:១០; យ៉ូហាន ៣:១៩-២១; កាឡាទី ៥:១៩-២៣; អេភេសូរ ៥:៣-៥
ជួនកាល ការសម្រេចចិត្តពីរប្រហែលជាត្រឹមត្រូវដូចគ្នា។ ការបំរើនៅកន្លែងណាដែលមានសេចក្ដីត្រូវការខ្លាំងជាង គឺជាឯកសិទ្ធិដ៏ប្រសើរមួយនិងអាចនាំមកនូវពរជាច្រើន។ ក៏ប៉ុន្តែ បើសិនជាមនុស្សម្នាក់សម្រេចចិត្តថា គេមិនចង់ធ្វើអ៊ីចឹងដោយហេតុណាមួយ គាត់នៅតែអាចបំរើយ៉ាងប្រសើរក្នុងក្រុមជំនុំរបស់ខ្លួន។ ម្ដងម្កាល យើងប្រហែលជាត្រូវតែធ្វើការសម្រេចចិត្តដែលឲ្យយើងមានឱកាស បង្ហាញជំរៅនៃសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ា ឬក៏បង្ហាញថាអ្វីគឺសំខាន់បំផុតក្នុងជីវិតរបស់យើង។ ដូច្នេះ ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងប្រើចិត្តសេរីរបស់យើងដើម្បីបង្ហាញពីសន្ដានចិត្តរបស់យើង។
ជាញឹកញយ ការសម្រេចចិត្តរបស់យើងមានឥទ្ធិពលមកលើអ្នកឯទៀត។ ជាឧទាហរណ៍ គ្រីស្ទាននៅសតវត្សទីមួយបានអរសប្បាយ ដោយសារគេមិននៅក្រោមបំរាមមួយចំនួននៃក្រិត្យវិន័យតទៅទៀតទេ។ ដូច្នេះ នេះមានន័យថា គេអាចសម្រេចចិត្តទទួលទានអ្វីដែលក្រិត្យវិន័យធ្លាប់រាប់ទុកជាមិនស្អាតឬក៏បដិសេធចោល។ ក៏ប៉ុន្តែ គេត្រូវលើកទឹកចិត្តឲ្យគិតដល់មនសិការអ្នកឯទៀត ពេលគេសម្រេចចិត្តថាតើគេនឹងប្រើសេរីភាពរបស់គេឬក៏អត់។ ពាក្យរបស់ប៉ុលអាចត្រូវអនុវត្តទៅលើការសម្រេចចិត្តដែលយើងធ្វើដែរ : «កុំឲ្យធ្វើជាទីបង្អាក់ចិត្ត»។ (កូរិនថូសទី១ ១០:៣២) សេចក្ដីប៉ងប្រាថ្នាដើម្បីមិនបង្អាក់ចិត្តអ្នកឯទៀត អាចជួយយើងវិនិច្ឆ័យថាតើយើងគួរសម្រេចចិត្តយ៉ាងណាក្នុងករណីជាច្រើន។ យ៉ាងណាមិញ សេចក្ដីស្រឡាញ់ចំពោះអ្នកជិតខាងគឺជាបញ្ញតិធំបំផុត។—ម៉ាថាយ ២២:៣៦, ៣៩
លទ្ធផលពីការសម្រេចចិត្តរបស់យើង
ការសម្រេចចិត្តដែលធ្វើឡើងដោយមនសិការជ្រះថ្លា និងដែលមានមូលដ្ឋានទៅលើគោលការណ៍ព្រះគម្ពីរ គឺនឹងតែងតែនាំឲ្យមានលទ្ធផលល្អនៅទីបំផុត។ នៅដំបូង ការសម្រេចចិត្តនោះប្រហែលជាតម្រូវឲ្យយើងធ្វើពលិកម្មផ្ទាល់ខ្លួនដែរ។ ពេលពួកសាវ័កបានប្រាប់ដល់តុលាការជាន់ខ្ពស់អំពីការសម្រេចចិត្តរបស់គេចំពោះការបន្តផ្សព្វផ្សាយអំពីព្រះយេស៊ូ ពួកគេត្រូវវាយនឹងរំពាត់មុនដែលគេត្រូវលែងឲ្យទៅ។ (កិច្ចការ ៥:៤០) ពេលបុរសសាសន៍ហេព្រើរបីនាក់ ឈ្មោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោបានសម្រេចចិត្តមិនលុតជង្គង់ក្រាបថ្វាយបង្គំរូបមាសរបស់ស្តេចនេប៊ូក្នេសានោះ គេបានប្រថុយជីវិតខ្លួន។ ពួកគេដឹងទុកជាមុនថា ការសម្រេចចិត្តរបស់គេដែលមានមូលដ្ឋានទៅលើគោលការណ៍ អាចនាំទៅដល់សេចក្ដីស្លាប់។ ប៉ុន្តែ គេក៏បានដឹងថា ការសម្រេចចិត្តរបស់គេនឹងពេញព្រះហឫទ័យរបស់ព្រះ ថែមទាំងទទួលពរពីទ្រង់ដែរ។—ដានីយ៉ែល ៣:១៦-១៩
បើសិនជាយើងប្រទះការពិបាកក្រោយយើងបានធ្វើការសម្រេចចិត្តដោយហ្មត់ចត់ គ្មានហេតុដែលយើងគួរគិតថាយើងបានសម្រេចចិត្តខុសទេ។ «ពេលវេលានឹងឱកាស»អាចប៉ះពាល់យ៉ាងអាក្រក់សូម្បីតែទៅលើការសម្រេចចិត្តដែលត្រូវធ្វើដោយបំណងល្អបំផុតក៏ដោយ។ (សាស្ដា ៩:១១) ម្ល៉ោះហើយ ជួនកាលព្រះយេហូវ៉ាអនុញ្ញាតឲ្យមានការពិបាក ដើម្បីលមើលជំរៅនៃភក្ដីភាពរបស់យើង។ យ៉ាកុបត្រូវវ៉ៃចំបាប់នឹងទេវតាមួយរូបអស់មួយយប់មុនដែលគាត់ទទួលពរ។ (លោកុប្បត្តិ ៣២:២៤-២៦) យើងក៏ត្រូវពុះពារនឹងការពិបាកផ្សេងៗ សូម្បីតែពេលយើងកំពុងតែធ្វើអ្វីដ៏ត្រឹមត្រូវក៏ដោយ។ យ៉ាងណាក៏ដោយ ពេលការសម្រេចចិត្តរបស់យើងគឺសមស្របទៅតាមព្រះហឫទ័យរបស់ព្រះ យើងអាចជឿជាក់ថា ទ្រង់នឹងជួយយើងស៊ូទ្រាំហើយនៅទីបំផុតប្រទានពរចំពោះយើងផងដែរ។—កូរិនថូសទី២ ៤:៧
ដូច្នេះ ពេលអ្នកធ្វើការសម្រេចសំខាន់ៗ កុំពឹងពាក់ទៅលើប្រាជ្ញារបស់ខ្លួន។ ចូរស្វែងរកគោលការណ៍ព្រះគម្ពីរដែលទាក់ទងនឹងរឿងនោះ។ ទូលព្រះយេហូវ៉ាអំពីរឿងនោះ។ បើសិនជាមានលទ្ធភាព សុំឱវាទពីគ្រីស្ទានចាស់ទុំ។ ក្រោយនោះ ចូរតាំងចិត្តក្លាហានចុះ។ ប្រើចិត្តសេរីដែលព្រះបានប្រទានឲ្យដោយចេះទទួលខុសត្រូវ។ ចូរធ្វើការសម្រេចចិត្តដ៏ល្អនិងបង្ហាញព្រះយេហូវ៉ា ដែលចិត្តរបស់អ្នកគឺស្មោះត្រង់នឹងទ្រង់។