ចូរបន្តសម្ដែងភាពល្អ
«ផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិតនឹងសេចក្ដីពិត»។—អេភេសូរ ៥:៩
១. តើមនុស្សរាប់លានអ្នកសព្វថ្ងៃនេះបង្ហាញថា គេយល់ស្របនឹងទំនុកដំកើង ៣១:១៩ យ៉ាងដូចម្ដេច?
ការដ៏ល្អបំផុតដែលមនុស្សម្នាក់អាចធ្វើទៅបាន គឺជាការសរសើរដំកើងព្រះយេហូវ៉ា។ សព្វថ្ងៃនេះ មនុស្សរាប់លាននាក់កំពុងតែធ្វើយ៉ាងនេះដោយសរសើរព្រះចំពោះភាពល្អរបស់ទ្រង់។ ក្នុងនាមជាស្មរបន្ទាល់ស្មោះត្រង់របស់ព្រះយេហូវ៉ានោះ យើងយល់ស្របទាំងស្រុងនឹងអ្នកតែងទំនុកដំកើងដែលច្រៀងថា៖ «ឱសេចក្ដីសប្បុរស[«សេចក្ដីល្អ»,ព.ថ.]នៃទ្រង់ជាធំអម្បាលណាទៅ! ដែលទ្រង់បានត្រៀមទុកសំរាប់អស់អ្នកដែលកោតខ្លាចដល់ទ្រង់»។—ទំនុកដំកើង ៣១:១៩
២, ៣. តើអ្វីអាចកើតឡើងបើសិនជាការផ្សព្វផ្សាយឲ្យមានសិស្សនោះ គឺមិនទន្ទឹមគ្នានឹងកិរិយាប្រព្រឹត្តដ៏ល្អ?
២ ការកោតខ្លាចព្រះយេហូវ៉ាជំរុញចិត្តយើងឲ្យសរសើរដំកើងទ្រង់ចំពោះភាពល្អរបស់ទ្រង់។ ការកោតខ្លាចក៏ជំរុញចិត្តយើងឲ្យ‹អរព្រះគុណដល់ទ្រង់ សូមឲ្យទ្រង់បានប្រកបដោយព្រះពរ និងឲ្យពួកមនុស្សជាតិបានស្គាល់សិរីល្អនៃរាជ្យទ្រង់›។ (ទំនុកដំកើង ១៤៥:១០-១៣) ហេតុនេះហើយបានជាយើងចូលរួមយ៉ាងអស់អំពីចិត្តក្នុងកិច្ចផ្សព្វផ្សាយអំពីព្រះរាជាណាចក្រនិងការបញ្ចុះបញ្ចូលឲ្យមានសិស្សនោះ។ (ម៉ាថាយ ២៤:១៤; ២៨:១៩, ២០) ប៉ុន្តែយើងក៏ត្រូវមានកិរិយាល្អដំណាលគ្នាក្នុងកិច្ចផ្សព្វផ្សាយរបស់យើងដែរ។ ពុំនោះសោត យើងអាចនាំមកនូវការតិះដៀលចំពោះព្រះនាមដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ាជាមិនខានបើយើងមិនធ្វើដូចនោះទេ។
៣ មនុស្សជាច្រើនអះអាងថាគេថ្វាយបង្គំព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនសមស្របទៅតាមខ្នាតតម្រាដែលទ្រង់បានកំណត់ទុកក្នុងព្រះបន្ទូលដែលទ្រង់បានបណ្ដាលឲ្យសរសេរនោះទេ។ សាវ័កប៉ុលបាននិយាយអំពីមនុស្សដែលមិនធ្វើតាមការអះអាងរបស់គេដោយថា៖ «អ្នកឯង ដែលបង្រៀនគេ តើមិនបង្រៀនដល់ខ្លួនឯងទេឬអី? អ្នកឯងដែលប្រដៅថា កុំឲ្យលួចគេ តើអ្នកលួចឬទេ? អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ? . . . ពួកសាសន៍ដទៃ គេប្រមាថដល់ព្រះនាមព្រះ ដោយព្រោះតែអ្នករាល់គ្នា ដូចជាមានសេចក្ដីចែងទុកមកហើយ»។—រ៉ូម ២:២១, ២២, ២៤
៤. តើកិរិយាល្អរបស់យើងមានឥទ្ធិពលដ៏ល្អយ៉ាងណា?
៤ យើងខំប្រឹងសរសើរដំកើងព្រះនាមរបស់ព្រះយេហូវ៉ាតាមរយៈកិរិយាប្រព្រឹត្តដ៏ល្អ ជាជាងនាំឲ្យមានការប្រមាថតិះដៀលនូវព្រះនាមទ្រង់។ នេះមានឥទ្ធិពលល្អទៅលើអ្នកខាងក្រៅក្រុមជំនុំគ្រីស្ទាន។ របៀបមួយគឺថា នោះបំបិទមាត់អ្នកដែលប្រឆាំងយើង។ (ពេត្រុសទី១ ២:១៥) សំខាន់ហួសពីសំខាន់ទៅទៀតនោះ កិរិយាដ៏ល្អរបស់យើងទាក់ទាញមនុស្សឲ្យចូលមកក្នុងអង្គការរបស់ព្រះយេហូវ៉ា ព្រមទាំងបើកផ្លូវឲ្យគេសរសើរដំកើងទ្រង់និងទទួលជីវិតជារៀងរហូត។—កិច្ចការ ១៣:៤៨
៥. តើយើងត្រូវរកចម្លើយចំពោះសំនួរអ្វីខ្លះ?
៥ ដោយព្រោះយើងជាមនុស្សឥតគ្រប់ល័ក្ខណ៍ដូច្នេះ តើតាមរបៀបណាយើងអាចជៀសចេញពីការប្រព្រឹត្តដែលអាចធ្វើឲ្យអបកិត្ដិនាមព្រះ និងការប្រព្រឹត្តដែលមានអានុភាពមិនល្អទៅលើជំនឿរបស់អ្នកដែលកំពុងតែស្វែងរកសេចក្ដីពិត? តើយើងអាចបង្ហាញភាពល្អបានយ៉ាងណា?
ផលផ្លែមួយនៃពន្លឺ
៦. តើ«ការឥតផលប្រយោជន៍របស់សេចក្ដីងងឹត»រួមបញ្ចូលអ្វីខ្លះ? តែតើជនគ្រីស្ទានត្រូវបង្ហាញផលផ្លែអ្វី?
៦ ក្នុងនាមជាគ្រីស្ទានដែលបានថ្វាយខ្លួនដល់ព្រះនោះ យើងមានអ្វីមួយដែលអាចជួយយើងបញ្ចៀស«ការឥតផលប្រយោជន៍របស់សេចក្ដីងងឹត»។ ការនេះរួមបញ្ចូលការប្រព្រឹត្តដែលបង្ខូចកិត្ដិនាមរបស់ព្រះ ដូចជាការភូតភរ ការលួច ការជេរប្រមាថ ពាក្យសំដីមិនសមគួរអំពីការរួមដំណេក ការប្រព្រឹត្តដែលធ្វើឲ្យខូចកិត្ដិយស ការនិយាយរឿងអាសអាភាស និងការស្រវឹងស្រា។ (អេភេសូរ ៤:២៥, ២៨, ៣១; ៥:៣, ៤, ១១, ១២, ១៨) ចូរយើងបន្ត«ដើរដូចជាមនុស្សភ្លឺចុះ»! ជាជាងចូលរួមក្នុងការប្រព្រឹត្តដ៏អាក្រក់បែបនោះ។ សាវ័កប៉ុលបាននិយាយថា«ផលផ្លែនៃពន្លឺ នោះមាននៅក្នុងគ្រប់ទាំងកិរិយាល្អ សេចក្ដីសុចរិត នឹងសេចក្ដីពិត»។ (អេភេសូរ ៥:៨, ៩) ដូច្នេះ ដោយដើរក្នុងពន្លឺនោះ យើងអាចបន្តសម្ដែងនូវភាពល្អ។ ប៉ុន្តែ តើនេះជាពន្លឺបែបណា?
៧. ដើម្បីបន្តសម្ដែងភាពល្អជាផលផ្លែនោះ តើយើងត្រូវធ្វើអ្វី?
៧ ទោះជាយើងមិនគ្រប់ល័ក្ខណ៍ក៏ដោយ តែយើងអាចបង្ហាញភាពល្អ បើសិនជាយើងដើរក្នុងពន្លឺខាងវិញ្ញាណ។ អ្នកតែងបទទំនុកដំកើងបានច្រៀងថា៖ «ព្រះបន្ទូលនៃទ្រង់ជាចង្កៀងដល់ជើងទូលបង្គំ ហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផង»។ (ទំនុកដំកើង ១១៩:១០៥) បើសិនជាយើងចង់បន្តបង្ហាញ«ផលផ្លែនៃពន្លឺ»តាមរយៈ«គ្រប់ទាំងកិរិយាល្អ»នោះ យើងត្រូវឆ្លៀតប្រយោជន៍ជាទៀងទាត់ពីពន្លឺខាងវិញ្ញាណដែលមានក្នុងព្រះបន្ទូលរបស់ព្រះ ដែលត្រូវបកស្រាយយ៉ាងក្បោះក្បាយក្នុងប្រកាសនវត្ថុគ្រីស្ទាន និងដែលត្រូវពិគ្រោះជារឿយៗនៅកិច្ចប្រជុំរបស់យើងសំរាប់ការថ្វាយបង្គំ។ (លូកា ១២:៤២; រ៉ូម ១៥:៤; ហេព្រើរ ១០:២៤, ២៥) ជាពិសេស យើងក៏ត្រូវផ្ដោតអារម្មណ៍ទៅលើគំរូនិងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូគ្រីស្ទដែលជា«ពន្លឺលោកីយ»ថែមទាំងជា«រស្មីភ្លឺមកពីសិរីល្អនៃ[ព្រះយេហូវ៉ា]»។—យ៉ូហាន ៨:១២; ហេព្រើរ ១:១-៣
ផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធ
៨. ហេតុអ្វីបានជាយើងអាចសម្ដែងភាពល្អបាន?
៨ ប្រាកដជាពន្លឺខាងវិញ្ញាណជួយយើងសម្ដែងភាពល្អ។ ម្យ៉ាងទៀត យើងក៏អាចសម្ដែងគុណសម្បត្ដិនេះ ពីព្រោះយើងត្រូវនាំមុខដោយព្រះវិញ្ញាណបរិសុទ្ធឬក៏សកម្មពលរបស់ព្រះ។ ភាពល្អគឺជាផ្នែកមួយនៃ«ផលផ្លែនៃព្រះវិញ្ញាណ»។ (កាឡាទី ៥:២២, ២៣) បើសិនជាយើងអនុលោមទៅតាមការណែនាំពីវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ានោះ វិញ្ញាណបរិសុទ្ធនឹងបង្កើតភាពល្អក្នុងយើង។
៩. តើយើងអាចប្រព្រឹត្តសមស្របទៅតាមបន្ទូលរបស់ព្រះយេស៊ូដែលត្រូវកត់ទុកនៅលូកា ១១:៩-១៣បានយ៉ាងណា?
៩ ដោយព្រោះយើងប៉ងប្រាថ្នាដើម្បីពេញព្រះហឫទ័យរបស់ព្រះយេហូវ៉ា ដោយសម្ដែងភាពល្អដែលជាផលផ្លែនៃវិញ្ញាណបរិសុទ្ធនោះ ចិត្តយើងគួរត្រូវជំរុញឲ្យប្រព្រឹត្តសមស្របទៅតាមបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «ចូរសូម! នោះតែងនឹងឲ្យមកអ្នក ចូររក! នោះតែងនឹងឃើញ ចូរគោះ! នោះតែងនឹងបើកឲ្យអ្នក។ ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ។ ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំប៉័ង តើអ្នកណានឹងឲ្យថ្មទៅវា? ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ? បើវាសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬអី? បើអ្នករាល់គ្នាដែល[មិនគ្រប់ល័ក្ខណ៍ប្រៀបដូច]ជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត?»។ (លូកា ១១:៩-១៣) ចូរឲ្យយើងអនុវត្តតាមឱវាទរបស់ព្រះយេស៊ូដោយអធិស្ឋានទូលព្រះយេហូវ៉ាឲ្យបានវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដើម្បីបន្តសម្ដែងភាពល្អជាផលផ្លែនោះ។
‹ចូរបន្តប្រព្រឹត្តល្អ›
១០. តើនិក្ខមនំ ៣៤:៦, ៧បញ្ជាក់អំពីលក្ខណៈផ្សេងៗអ្វីខ្លះនៃភាពល្អរបស់ព្រះយេហូវ៉ា?
១០ ដោយមានពន្លឺខាងវិញ្ញាណពីព្រះបន្ទូលរបស់ព្រះនិងដោយមានជំនួយពីវិញ្ញាណបរិសុទ្ធរបស់ព្រះនោះ យើងអាច‹បន្តប្រព្រឹត្តល្អ›។ (រ៉ូម ១៣:៣) តាមរយៈការសិក្សាព្រះគម្ពីរជាទៀងទាត់នោះ យើងរៀនកាន់តែច្រើនអំពីរបៀបដែលយើងអាចយកតម្រាប់តាមភាពល្អរបស់ព្រះយេហូវ៉ា។ អត្ថបទមុនបានបញ្ជាក់នូវលក្ខណៈផ្សេងៗនៃភាពល្អរបស់ព្រះ ដែលត្រូវប្រកាសឲ្យលោកម៉ូសេស្ដាប់នៅនិក្ខមនំ ៣៤:៦, ៧ ដែលអានថា៖ «យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ ជាបរិបូរ ទ្រង់មានសេចក្ដីមេត្ដាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង នឹងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ»។ ការគិតពិចារណាឲ្យបានដិតដល់ជាងនូវលក្ខណៈផ្សេងៗនៃភាពល្អរបស់ព្រះយេហូវ៉ា នោះនឹងជួយឲ្យយើង‹បន្តប្រព្រឹត្តល្អ›។
១១. តើការយល់ដឹងថាព្រះយេហូវ៉ាមានសេចក្ដីមេត្ដាករុណានិងមានព្រះទ័យសន្ដោសប្រណីនោះ គួរមានអានុភាពយ៉ាងណាមកលើយើង?
១១ ការប្រកាសនេះរបស់ព្រះដាស់តឿនយើងឲ្យដឹងថា យើងត្រូវតែយកតម្រាប់តាមសេចក្ដីមេត្ដាករុណានិងព្រះទ័យសន្ដោសប្រណីរបស់ព្រះយេហូវ៉ាជាចាំបាច់។ ព្រះយេស៊ូមានបន្ទូលថា៖ «មានពរហើយ អស់អ្នកដែលមានចិត្តមេត្ដាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្ដីមេត្ដាករុណាវិញ»។ (ម៉ាថាយ ៥:៧; លូកា ៦:៣៦) យើងចង់មានចិត្តសន្ដោសប្រណីហើយស្លូតបូតនឹងអ្នកឯទៀតព្រមទាំងអ្នកដែលយើងផ្សព្វផ្សាយដល់នោះ ដោយនឹកចាំថា ព្រះយេហូវ៉ាក៏សន្ដោសប្រណីដែរ។ នេះគឺសមស្របនឹងឱវាទរបស់ប៉ុលដែលថា៖ «ចូរឲ្យពាក្យសំដីរបស់អ្នករាល់គ្នា បានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណា ដែលគួរឆ្លើយដល់មនុស្សនិមួយៗ»។—កូល៉ុស ៤:៦
១២. (ក) ដោយព្រោះព្រះយឺតនឹងខ្ញាល់ តើយើងគួរប្រព្រឹត្តយ៉ាងណាទៅលើអ្នកដទៃ? (ខ) តើសេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ាជំរុញយើងឲ្យមានចិត្តចង់ធ្វើអ្វី?
១២ ដោយព្រោះព្រះក៏យឺតនឹងខ្ញាល់ដែរនោះ ចិត្តយើងត្រូវជំរុញឲ្យអត់ទ្រាំនឹងកំហុសតូចតាចរបស់អ្នកជឿគ្នីគ្នា ហើយមើលតែលក្ខណៈល្អរបស់ពួកគេវិញ ដោយប្រាថ្នា‹បន្តប្រព្រឹត្តល្អ›។ (ម៉ាថាយ ៧:៥; យ៉ាកុប ១:១៩) សេចក្ដីសប្បុរសដ៏ស្មោះរបស់ព្រះយេហូវ៉ា ជំរុញចិត្តយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ស្មោះស្ម័គ្រ សូម្បីតែពេលយើងប្រទះកាលៈទេសៈដ៏ពិបាកក៏ដោយ។ នេះពិតជាគុណសម្បត្ដិមួយដែលគួរឲ្យចង់បានមែន។—សុភាសិត ១៩:២២
១៣. តើយើងត្រូវប្រព្រឹត្តយ៉ាងណាដើម្បីបង្ហាញថា ព្រះយេហូវ៉ាមាន«សេចក្ដីទៀងត្រង់ ជាបរិបូរ»នោះ?
១៣ ដោយព្រោះព្រះវរបិតាសួគ៌ារបស់យើងមាន«សេចក្ដីទៀងត្រង់ ជាបរិបូរ»នោះ ‹យើងខំ ទុកខ្លួនដូចជាអ្នកបំរើព្រះដោយនិយាយពាក្យពិត›ជានិច្ច។ (កូរិនថូសទី២ ៦:៣-៧) «អណ្ដាតភូតភរ»និង«សាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត»រួមក្នុង៧មុខដែលព្រះយេហូវ៉ាស្អប់ខ្ពើម។ (សុភាសិត ៦:១៦-១៩) ដូច្នេះ ដោយព្រោះយើងប្រាថ្នាបំពេញព្រះហឫទ័យព្រះ នោះយើងបាន‹ដោះសេចក្ដីកំភូតចោលចេញ និងនិយាយសេចក្ដីពិត›។ (អេភេសូរ ៤:២៥) ចូរឲ្យយើងសម្ដែងភាពល្អតាមរបៀបដ៏សំខាន់នេះកុំខាន។
១៤. ហេតុអ្វីបានជាយើងគួរអត់ឱនទោសឲ្យអ្នកដទៃ?
១៤ ការប្រកាសរបស់ព្រះយេហូវ៉ាឲ្យម៉ូសេស្ដាប់នោះ ក៏គួរជំរុញយើងឲ្យមានចិត្តចង់អត់ឱនទោសអ្នកដទៃ ដ្បិតព្រះយេហូវ៉ាប្រុងប្រៀបអត់ឱនទោសជានិច្ច។ (ម៉ាថាយ ៦:១៤, ១៥) ប៉ុន្តែ ព្រះយេហូវ៉ាច្បាស់ជាដាក់ទោសទៅលើអ្នកដែលធ្វើបាបដោយមិនប្រែចិត្តនោះពុំខាន។ ម្ល៉ោះហើយបានជាយើងត្រូវគាំទ្រខ្នាតតម្រារបស់ទ្រង់ស្តីពីភាពល្អក្នុងការរក្សាភាពស្អាតស្អំក្នុងក្រុមជំនុំ។—លេវីវិន័យ ៥:១; កូរិនថូសទី១ ៥:១១, ១២; ធីម៉ូថេទី១ ៥:២២
‹ចូរប្រយ័ត្នដោយមធ្យ័ត›
១៥, ១៦. តើឱវាទរបស់ប៉ុលដែលត្រូវកត់ទុកនៅអេភេសូរ ៥:១៥-១៩អាចជួយយើងបន្តប្រព្រឹត្តល្អយ៉ាងដូចម្ដេចបាន?
១៥ ដើម្បីបន្តសម្ដែងភាពល្អទោះជាមានអំពើអាក្រក់នៅជុំវិញយើងក៏ដោយនោះ យើងត្រូវតែពេញទៅដោយវិញ្ញាណបរិសុទ្ធរបស់ព្រះ និងប្រុងប្រយ័ត្នចំពោះការប្រព្រឹត្តរបស់យើង។ ប៉ុលបានដាស់តឿនជនគ្រីស្ទាននៅទីក្រុងអេភេសូរសមស្របនឹងនេះដែរថា៖ ‹ដូច្នេះ ត្រូវប្រយ័ត្នដោយមធ្យ័ត ដែលអ្នករាល់គ្នាដើរយ៉ាងណា កុំឲ្យដើរដូចជាមនុស្សឥតប្រាជ្ញាឡើយ ត្រូវតែដើរដោយមានប្រាជ្ញាវិញ ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់ ដូច្នេះ កុំឲ្យខ្លៅល្ងង់ឡើយ ត្រូវខំឲ្យយល់បំណងព្រះហឫទ័យព្រះអម្ចាស់វិញ កុំឲ្យស្រវឹងស្រា ដែលនាំឲ្យព្រើលចិត្តឡើយ តែចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកដំកើង ទំនុកបរិសុទ្ធ នឹងចំរៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ក្នុងចិត្ត›។ (អេភេសូរ ៥:១៥-១៩) ឱវាទនេះពិតជាសមរម្យសំរាប់យើងដែលរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់ដ៏លំបាកនេះ។—ធីម៉ូថេទី២ ៣:១
១៦ បើសិនជាយើងនឹងបន្តសម្ដែងភាពល្អនោះ យើងត្រូវប្រុងប្រយ័ត្នដើរដូចជាអ្នកដែលមានប្រាជ្ញាពីព្រះ។ (យ៉ាកុប ៣:១៧) យើងត្រូវជៀសចេញពីអំពើអបាយមុខដ៏លាមកអាក្រក់ ហើយត្រូវពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធវិញ ដោយអនុញ្ញាតឲ្យនោះនាំមុខយើង។ (កាឡាទី ៥:១៩-២៥) ដោយអនុវត្តតាមការណែនាំដែលត្រូវជូននៅកិច្ចប្រជុំគ្រីស្ទាន សន្និបាត និងមហាសន្និបាតនោះ យើងអាចបន្តប្រព្រឹត្តល្អបាន។ អ្វីដែលសាវ័កប៉ុលបាននិយាយទៅកាន់ជនគ្រីស្ទាននៅទីក្រុងអេភេសូរនោះ ប្រហែលជារំឭកយើងអំពីប្រយោជន៍ដែលយើងទទួលពីកិច្ចប្រជុំភាគច្រើនដោយច្រៀង«ចំរៀងខាងឯវិញ្ញាណ»យ៉ាងអស់ពីចិត្ត ដែលក្នុងនោះមានចំរៀងជាច្រើនទាក់ទងនឹងគុណសម្បត្ដិខាងវិញ្ញាណដូចជាភាពល្អ។
១៧. តើជនគ្រីស្ទានណាដែលមានជម្ងឺដង្កាត់ធ្ងន់ធ្ងរនោះអាចជឿជាក់ទៅលើអ្វី បើសិនជាកាលៈទេសៈរបស់គេមិនអនុញ្ញាតឲ្យគេមានវត្តមាននៅឯកិច្ចប្រជុំជាទៀងទាត់នោះ?
១៧ ចុះយ៉ាងណាវិញចំពោះអ្នកជឿគ្នាយើង ដែលមិនអាចចូលរួមកិច្ចប្រជុំគ្រីស្ទានជាទៀងទាត់ដោយសារជម្ងឺដង្កាត់ដ៏ធ្ងន់ធ្ងររ៉ាំរ៉ៃនោះ? ពួកគេប្រហែលជាមានចិត្តខ្ទេចខ្ទាំដោយព្រោះគេជួនកាលមិនអាចថ្វាយបង្គំព្រះយេហូវ៉ាដោយចូលរួមជាមួយបងប្អូនប្រុសស្រីខាងវិញ្ញាណបានទេ។ ក៏ប៉ុន្តែ ពួកគេអាចជឿជាក់ថាព្រះយេហូវ៉ាយោគយល់នូវកាលៈទេសៈរបស់ពួកគេ ហើយទ្រង់នឹងរក្សាគេឲ្យបន្តស្ថិតក្នុងពន្លឺ ថែមទាំងប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ដើម្បីជួយគេឲ្យបន្តប្រព្រឹត្តល្អ។—អេសាយ ៥៧:១៥
១៨. តើអ្វីនឹងជួយយើងឲ្យបន្តប្រព្រឹត្តល្អ?
១៨ ការប្រព្រឹត្តល្អមានន័យថាយើងត្រូវប្រុងប្រយ័ត្នថា យើងសេពគប់មនុស្សបែបណានិងជៀសវាងអ្នកដែល«មិនចូលចិត្តនឹងការល្អ»។ (ធីម៉ូថេទី២ ៣:២-៥; កូរិនថូសទី១ ១៥:៣៣) ការអនុវត្តតាមដំបូន្មានបែបនេះជួយយើងមិន«ធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ»ដោយប្រព្រឹត្តខុសផ្ទុយពីការណែនាំរបស់ព្រះវិញ្ញាណ។ (អេភេសូរ ៤:៣០) ម្យ៉ាងទៀតនោះ បើសិនជាយើងបង្កើតទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងអ្នកដែលមានវិថីជីវិតដែលបញ្ជាក់ថាគេស្រឡាញ់សេចក្ដីល្អ ថែមទាំងត្រូវដឹកនាំដោយវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ានោះ នេះនឹងជួយយើងឲ្យប្រព្រឹត្តល្អដែរ។—អេម៉ុស ៥:១៥; រ៉ូម ៨:១៤; កាឡាទី ៥:១៨
ភាពល្អបង្កើតនូវលទ្ធផលដ៏ល្អ
១៩-២១. សូមរៀបរាប់នូវបទពិសោធន៍ដែលបញ្ជាក់លទ្ធផលដែលកើតចេញពីការបង្ហាញភាពល្អ។
១៩ ការដើរក្នុងពន្លឺខាងវិញ្ញាណ ការអនុលោមទៅតាមការដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះ និងការប្រុងប្រយ័ត្នថាយើងដើរបែបយ៉ាងណានោះ នឹងជួយយើងជៀសចេញពីអំពើអាក្រក់និង‹បន្តប្រព្រឹត្តល្អ›។ នេះអាចជាហេតុបង្កើតឲ្យមានលទ្ធផលដ៏ល្អប្រសើរបាន។ សូមពិចារណានូវបទពិសោធន៍របស់បងប្រុសហ្សងកេស៊ីឡេដែលជាស្មរបន្ទាល់ព្រះយេហូវ៉ាម្នាក់នៅប្រទេសអាហ្វ្រិកខាងត្បូង។ ពេលគាត់កំពុងតែធ្វើដំណើរទៅសាលានោះ គាត់ឆៀងទៅឆែកមើលចំនួនទឹកប្រាក់សន្សំរបស់គាត់ក្នុងធនាគារ។ ក្រដាសដែលម៉ាស៊ីនសំរាប់បញ្ជាក់ទឹកប្រាក់បោះពុម្ពចេញមកនោះបញ្ជាក់ខុសថាគាត់មានលុយជាង៦.០០០ដុល្លារអាមេរិក។ អ្នកយាមនៅធនាគារនិងអ្នកផ្សេងៗទៀតខំជំរុញឲ្យគាត់ដកលុយនោះពីធនាគារនឹងដាក់ក្នុងធនាគារមួយផ្សេងទៀត។ មានតែគូស្វាមីភរិយាមួយគូជាស្មរបន្ទាល់ព្រះយេហូវ៉ាដែលគាត់ស្នាក់នៅជាមួយទេ ដែលបានសរសើរគាត់ដោយសារគាត់មិនបានដកលុយនោះចេញ។
២០ នៅថ្ងៃធ្វើការបន្ទាប់មក ហ្សងកេស៊ីឡេបានប្រាប់បុគ្គលិកធនាគារអំពីបញ្ហានេះ។ គេបានស្រាវជ្រាវឃើញថាគាត់មានលេខគណនេយ្យដូចជាពាណិជ្ជករដ៏ស្តុកស្តម្ភម្នាក់ដែលបានច្រឡំដាក់លុយគាត់ក្នុងគណនេយ្យខុស។ ពាណិជ្ជករនោះបាននឹកអស្ចារ្យក្នុងចិត្តដោយសារហ្សងកេស៊ីឡេមិនបានចាយលុយនោះទេ ហើយគាត់សួរថា៖ «តើអ្នកកាន់សាសនាអ្វីទៅ?»។ ហ្សងកេស៊ីឡេពន្យល់ថាគាត់ជាស្មរបន្ទាល់ព្រះយេហូវ៉ា។ អ្នកតម្រួតការធនាគារបានសរសើរហ្សងកេស៊ីឡេយ៉ាងកក់ក្ដៅថា៖ «យើងស្ដាយណាស់ដែលមនុស្សទាំងអស់មិនទៀងត្រង់ដូចស្មរបន្ទាល់ព្រះយេហូវ៉ា»។ ពិតណាស់ ការប្រព្រឹត្តដ៏ល្អនិងទៀងត្រង់ពិតជានាំឲ្យអ្នកដទៃសរសើរដំកើងព្រះយេហូវ៉ា។—ហេព្រើរ ១៣:១៨
២១ ដើម្បីបង្កើតលទ្ធផលដ៏ប្រសើរនោះ ការប្រព្រឹត្តដ៏ល្អមិនចាំបាច់ជាការអ្វីដ៏ធំដុំទេ។ ដូចយ៉ាងស្មរបន្ទាល់ម្នាក់ដែលនៅយុវវ័យជាអ្នកត្រួសត្រាយពេញពេលនៅប្រជុំកោះសាម័រ គាត់ត្រូវទៅមន្ទីរពេទ្យ។ នៅទីនោះមានមនុស្សកំពុងតែចាំជួបគ្រូពេទ្យ ហើយស្មរបន្ទាល់នោះសង្កេតឃើញថា ស្ត្រីចំណាស់ម្នាក់កំពុងតែអង្គុយនៅក្បែរគាត់ឈឺធ្ងន់ណាស់។ ស្មរបន្ទាល់នោះរៀបចំឲ្យស្ត្រីនោះចូលពិនិត្យមុនគាត់ ដើម្បីទទួលការព្យាបាលបានលឿនជាង។ ក្រោយមកនៅថ្ងៃមួយ ស្មរបន្ទាល់នេះជួបស្ត្រីចំណាស់នោះនៅផ្សារ។ ស្ត្រីនេះនៅចាំគាត់និងការប្រព្រឹត្តដ៏ល្អដែលគាត់បានធ្វើនៅមន្ទីរពេទ្យ។ ស្ត្រីនេះស្រដីថា៖ «ឥឡូវខ្ញុំដឹងថាស្មរបន្ទាល់ព្រះយេហូវ៉ាពិតជាស្រឡាញ់អ្នកជិតខាងរបស់គេមែន»។ ការល្អរបស់ស្មរបន្ទាល់នេះបានមានអានុភាពល្អទៅលើស្ត្រីនោះ សោតឯពីមុនវិញ ស្ត្រីនេះមិនព្រមស្ដាប់សារព្រះរាជាណាចក្រទេ។ ស្ត្រីនេះព្រមសិក្សាព្រះគម្ពីរហើយចាប់ផ្ដើមទទួលចំណេះអំពីព្រះបន្ទូលរបស់ព្រះ។
២២. តើអ្វីជាវិធីសំខាន់មួយដែលយើងអាច‹បន្តប្រព្រឹត្តល្អ›?
២២ ទំនងជាអ្នកក៏អាចរ៉ាយរ៉ាប់បទពិសោធន៍ខ្លះៗផងដែរ ដែលបញ្ជាក់ប្រយោជន៍នៃការបង្ហាញភាពល្អ។ វិធីសំខាន់មួយដើម្បី‹បន្តប្រព្រឹត្តល្អ›គឺជាការចូលរួមជាទៀងទាត់ក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។ (ម៉ាថាយ ២៤:១៤) ចូរឲ្យយើងបន្តចូលរួមយ៉ាងខ្នះខ្នែងក្នុងសកម្មភាពនេះដែលជាឯកសិទ្ធិមួយដ៏ប្រសើរឯក ដោយដឹងថានេះជាវិធីមួយដើម្បីធ្វើល្អ ជាពិសេសចំពោះអ្នកដែលព្រមស្ដាប់។ សំខាន់បំផុតគឺថា កិច្ចបំរើនិងកិរិយាប្រព្រឹត្តដ៏ល្អរបស់យើងសរសើរដំកើងព្រះយេហូវ៉ា ដែលជាប្រភពនៃភាពល្អ។—ម៉ាថាយ ១៩:១៦, ១៧
ចូរបន្ត«ធ្វើល្អ»
២៣. ហេតុអ្វីបានជាកិច្ចបំរើផ្សាយគ្រីស្ទាននេះជាកិច្ចការដ៏ល្អ?
២៣ កិច្ចបំរើផ្សាយរបស់យើងពិតជាកិច្ចការដ៏ល្អ។ កិច្ចបំរើនោះអាចនាំយើងហើយអស់អ្នកដែលស្ដាប់សារព្រះគម្ពីរនិងចាប់ផ្ដើមដើរតាមផ្លូវជីវិតជារៀងរហូតនោះឲ្យដើរឆ្ពោះទៅដល់សេចក្ដីសង្គ្រោះបាន។ (ម៉ាថាយ ៧:១៣, ១៤; ធីម៉ូថេទី១ ៤:១៦) ដូច្នេះ ពេលយើងត្រូវធ្វើការសម្រេចចិត្តផ្សេងៗ សេចក្ដីប៉ងប្រាថ្នាឲ្យប្រព្រឹត្តល្អប្រហែលជានឹងជំរុញចិត្តឲ្យយើងដណ្ដឹងសួរខ្លួនថា៖ ‹តើការសម្រេចចិត្តនេះនឹងប៉ះពាល់ទៅលើកិច្ចផ្សព្វផ្សាយអំពីព្រះរាជាណាចក្រយ៉ាងដូចម្ដេច? តើអ្វីដែលខ្ញុំកំពុងតែគិតពិចារណាចង់ធ្វើនោះពិតជាល្អឬទេ? តើនេះនឹងជួយខ្ញុំជួយអ្នកដទៃឲ្យស្ដាប់«ដំណឹងល្អដ៏នៅអស់កល្បជានិច្ច»និងមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាទេ? (វិវរណៈ ១៤:៦) សុភមង្គលយ៉ាងច្រើនក្រៃលែងអាចកើតចេញពីការសម្រេចចិត្តធ្វើអ្វីដែលបំរើប្រយោជន៍ព្រះរាជាណាចក្រ។—ម៉ាថាយ ៦:៣៣; កិច្ចការ ២០:៣៥
២៤, ២៥. តើអ្វីជាវិធីខ្លះៗដែលយើងអាចធ្វើល្អក្នុងក្រុមជំនុំ? ហើយតើយើងអាចជឿជាក់ទៅលើអ្វីបើសិនជាយើងបន្តបង្ហាញភាពល្អ?
២៤ កុំបីឲ្យយើងមើលស្រាលនូវគុណប្រយោជន៍នៃភាពល្អឡើយ។ យើងអាចបន្តបង្ហាញគុណសម្បត្ដិនេះដោយគាំទ្រក្រុមជំនុំគ្រីស្ទាន និងធ្វើអ្វីតាមតែសមត្ថភាពរបស់យើងដើម្បីបំរើប្រយោជន៍ក្រុមជំនុំ។ យើងប្រាកដជាធ្វើល្អពេលយើងទៅនិងចូលរួមកិច្ចប្រជុំជាទៀងទាត់។ វត្តមានរបស់យើងតែម្ដងលើកទឹកចិត្តអ្នកជឿគ្នីគ្នានិងចម្លើយដែលបានត្រូវរៀបចំឲ្យបានល្អក៏ជួយស្អាងចិត្តគេខាងវិញ្ញាណដែរ។ យើងក៏ធ្វើល្អពេលយើងប្រើទ្រព្យសម្បត្ដិរបស់យើង ដើម្បីគាំទ្រសាលព្រះរាជាណាចក្រនិងជួយថែទាំសាលឲ្យបានល្អស្អាត។ (ពង្សាវតារក្សត្រទី២ ២២:៣-៧; កូរិនថូសទី២ ៩:៦, ៧) ពិតមែនហើយ«កាលណាយើងមានឱកាស នោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ ហើយគឺដល់ពួកអ្នកជឿជាដើម»។—កាឡាទី ៦:១០
២៥ យើងមិនអាចដឹងទុកជាមុនថា កាលៈទេសៈណានឹងតម្រូវឲ្យយើងបង្ហាញភាពល្អទេ។ ដូច្នេះ ពេលយើងប្រទះការពិបាកថ្មីៗផ្សេងៗនោះ ចូរឲ្យយើងបន្តស្វែងរកពន្លឺពីបទគម្ពីរនិងអធិស្ឋានទូលសុំវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ា ហើយធ្វើអស់ពីសមត្ថភាពដើម្បីប្រព្រឹត្តតាមនូវព្រះបន្ទូលរបស់ព្រះនិងព្រះហឫទ័យរបស់ទ្រង់ដែលសុក្រឹត។ (រ៉ូម ២:៩, ១០; ១២:២) យើងអាចជឿជាក់ថា ព្រះយេហូវ៉ានឹងប្រទានពរយ៉ាងបរិបូរចំពោះយើងពេលយើងបន្តបង្ហាញភាពល្អ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្វីជាការដ៏ល្អបំផុតដែលយើងអាចសម្រេចបាន?
• ហេតុអ្វីបានជាភាពល្អត្រូវហៅជា‹ផលផ្លែនៃពន្លឺ›?
• ហេតុអ្វីបានជាភាពល្អត្រូវហៅជា‹ផលផ្លែនៃវិញ្ញាណ›?
• តើកិរិយាប្រព្រឹត្តដ៏ល្អរបស់យើងមានអានុភាពល្អយ៉ាងណា?
[រូបភាពនៅទំព័រ២៦]
ព្រះបន្ទូលរបស់ព្រះនិងវិញ្ញាណបរិសុទ្ធរបស់ទ្រង់ជួយយើងបង្ហាញភាពល្អ
[រូបភាពនៅទំព័រ២៧]
លទ្ធផលដ៏ប្រសើរ កើតចេញពី ការបង្ហាញភាពល្អ