ជនគ្រីស្ទានថ្វាយបង្គំដោយវិញ្ញាណនិងសេចក្ដីពិត
«ព្រះទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ»។—យ៉ូហាន ៤:២៤
១. តើព្រះពេញព្រះហឫទ័យនឹងការថ្វាយបង្គំបែបណា?
ព្រះយេស៊ូ ជាព្រះរាជបុត្រាតែមួយគត់ដែលព្រះយេហូវ៉ាបង្កើតផ្ទាល់ ទ្រង់បានបញ្ជាក់យ៉ាងច្បាស់លាស់ដោយគ្មានកន្លែងសង្ស័យ អំពីរបៀបថ្វាយបង្គំដែលផ្គាប់ព្រះហឫទ័យនៃព្រះវរបិតារបស់ទ្រង់នៅស្ថានសួគ៌។ ពេលព្រះយេស៊ូធ្វើបន្ទាល់ផ្សព្វផ្សាយដោយមានព្រះទ័យកក់ក្ដៅចំពោះស្ត្រីម្នាក់សាសន៍សាម៉ារីនៅអណ្ដូងទឹកជិតទីក្រុងស៊ូខារនោះ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នករាល់គ្នាមិនដឹងជាខ្លួនថ្វាយបង្គំអ្វីទេ ឯយើងវិញ យើងស្គាល់ព្រះដែលយើងថ្វាយបង្គំ ដ្បិតសេចក្ដីសង្គ្រោះកើតមកពីសាសន៍យូដា។ តែនឹងមានពេលវេលាមក ក៏នៅឥឡូវនេះហើយ នោះពួកអ្នកដែលថ្វាយបង្គំដោយពិតត្រង់ គេនឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ នឹងសេចក្ដីពិត ពីព្រោះព្រះវរបិតា ទ្រង់រកពួកអ្នកយ៉ាងនោះ ឲ្យថ្វាយបង្គំទ្រង់។ ឯព្រះ ទ្រង់ជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំទ្រង់ នោះត្រូវតែថ្វាយបង្គំ ដោយវិញ្ញាណ នឹងសេចក្ដីពិតដែរ»។ (យ៉ូហាន ៤:២២-២៤) តើយើងអាចរៀនអ្វីពីបន្ទូលនេះ?
២. តើសាសនារបស់សាសន៍សាម៉ារីមានមូលដ្ឋានទៅលើអ្វី?
២ សាសន៍សាម៉ារីធ្លាប់ជឿលទ្ធិសាសនាមិនពិត។ សាសន៍នេះធ្លាប់ជឿថាមានតែសៀវភៅប្រាំដំបូងប៉ុណ្ណោះនៃបទគម្ពីរបរិសុទ្ធ ដែលគួរចាត់ទុកជាសៀវភៅដែលព្រះបានបណ្ដាលឲ្យសរសេរមក ហើយពួកគេក៏ជឿលើតែកំណែរបស់ពួកគេប៉ុណ្ណោះ ដែលត្រូវហៅថា សៀវភៅប្រាំក្បាលរបស់សាសន៍សាម៉ារី។ សាសន៍យូដាមានចំណេះពិតអំពីបទគម្ពីរ សោតឯជនសាសន៍សាម៉ារីវិញ ពួកគេមិនសូវស្គាល់ព្រះឡើយ។ (រ៉ូម ៣:១, ២) ជនយូដាដ៏ស្មោះត្រង់និងមនុស្សពីសាសន៍ផ្សេងទៀត អាចទទួលព្រះគុណពីព្រះបាន។ ប៉ុន្តែ តើនេះតម្រូវឲ្យអ្នកទាំងនោះធ្វើអ្វី?
៣. ដើម្បីថ្វាយបង្គំព្រះដោយ«វិញ្ញាណនិងសេចក្ដីពិត» តើអ្វីគឺចាំបាច់?
៣ ដើម្បីគាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា តើសាសន៍យូដា សាសន៍សាម៉ារី និងអ្នកឯទៀតនៅសម័យនោះត្រូវធ្វើអ្វី? អ្នកទាំងនោះត្រូវតែថ្វាយបង្គំព្រះ«ដោយវិញ្ញាណនិងសេចក្ដីពិត»។ យើងក៏ត្រូវធ្វើដូច្នេះដែរ។ ទោះជាយើងត្រូវតែបំរើព្រះដោយចិត្តខ្នះខ្នែង ហើយមានសេចក្ដីស្រឡាញ់និងជំនឿជំរុញចិត្តយើងក៏ដោយ ការថ្វាយបង្គំព្រះដោយវិញ្ញាណតម្រូវជាពិសេសឲ្យយើងមានវិញ្ញាណបរិសុទ្ធសណ្ឋិតលើយើង និងតម្រូវឲ្យយើងអនុញ្ញាតឲ្យវិញ្ញាណនោះដឹកនាំយើងតទៅទៀត។ តាមរយៈការសិក្សានិងការអនុវត្តតាមព្រះបន្ទូលរបស់ព្រះ នោះវិញ្ញាណឬមួយក៏ចិត្តគំនិតរបស់យើង ត្រូវសម្របនឹងវិញ្ញាណរបស់ព្រះ។ (កូរិនថូសទី១ ២:៨-១២) បើយើងចង់ឲ្យព្រះយេហូវ៉ាពេញព្រះហឫទ័យនឹងការថ្វាយបង្គំរបស់យើង នោះយើងក៏ត្រូវថ្វាយបង្គំទ្រង់ដោយសេចក្ដីពិតដែរ។ ការថ្វាយបង្គំនោះត្រូវសមស្របទៅតាមអ្វីដែលព្រះគម្ពីរចែងអំពីលក្ខណៈរបស់ទ្រង់និងគោលបំណងរបស់ទ្រង់។
អ្នកអាចរកឃើញសេចក្ដីពិតបាន
៤. តើអ្វីជាទស្សនៈរបស់មនុស្សខ្លះចំពោះសេចក្ដីពិត?
៤ សិស្សានុសិស្សដែលរៀនទស្សនៈវិជ្ជាបានផ្ដើមគំនិតថា មនុស្សជាតិអាចរកឃើញនូវអ្វីដ៏ពិតសុទ្ធសាធពុំបានឡើយ។ តាមពិត លោក អហ្វ អលបឺក អ្នកនិពន្ធម្នាក់ជនជាតិស៊ុយអែតបានសរសេរថា៖ «មានសំនួរជាច្រើនខាងទស្សនៈវិជ្ជាដែលស្មុគស្មាញដល់ម្ល៉េះ ដែលគ្មានអ្នកណាមានលទ្ធភាពឆ្លើយសំនួរនោះយ៉ាងដាច់ស្រេចបានឡើយ»។ ទោះជាមនុស្សខ្លះនិយាយថា មានតែសេចក្ដីពិតដ៏មិនជាក់លាក់ក៏ដោយ តើនេះគឺជាការពិតឬទេ? យោងទៅតាមព្រះយេស៊ូគ្រីស្ទ ទស្សនៈនេះគឺមិនពិតទេ។
៥. តើព្រះយេស៊ូបានចូលមកក្នុងលោកីយ៍សំរាប់កិច្ចការអ្វី?
៥ សូមគិតក្នុងចិត្តថា អ្នកកំពុងតែមើលទិដ្ឋភាពដែលមានដូចតទៅនេះ។ គឺនៅដើមឆ្នាំ៣៣ ស.យ. ព្រះយេស៊ូកំពុងតែឈរនៅចំពោះមុខលោកប៉ុនទាស ពីឡាត់អភិបាលស្រុកជនជាតិរ៉ូមម្នាក់។ ព្រះយេស៊ូមានបន្ទូលនឹងលោកពីឡាត់ថា៖ ‹ខ្ញុំបានចូលក្នុងលោកីយនេះសំរាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត›។ លោកពីឡាត់សួរថា៖ «តើយ៉ាងណាដែលហៅថាសេចក្ដីពិតនោះ?»។ ប៉ុន្តែ លោកមិនចាំឲ្យព្រះយេស៊ូមានបន្ទូលតបឆ្លើយទេ។—យ៉ូហាន ១៨:៣៦-៣៨
៦. (ក) តើពាក្យថា សេចក្ដីពិត បានត្រូវបកស្រាយថាជាអ្វី? (ខ) តើព្រះយេស៊ូបានបង្គាប់អ្នកកាន់តាមទ្រង់ឲ្យធ្វើអ្វី?
៦ សេចក្ដីពិតអាចត្រូវបកស្រាយជាអ្វីៗដ៏«មែន, ប្រាកដ, ទៀង»។ (វចនានុក្រមខ្មែរ) ប៉ុន្តែ តើព្រះយេស៊ូបានធ្វើបន្ទាល់ពីសេចក្ដីពិតអំពីរឿងសព្វបែបយ៉ាងឬ? អត់ទេ!។ ព្រះយេស៊ូបានធ្វើបន្ទាល់អំពីសេចក្ដីពិតមួយដ៏ពិសេស។ ព្រះយេស៊ូបានបង្គាប់អ្នកកាន់តាមទ្រង់ឲ្យប្រកាសសេចក្ដីពិតបែបនេះ ដ្បិតទ្រង់មានបន្ទូលនឹងពួកគេថា៖ «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ! ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) មុនទីបញ្ចប់នៃរបបលោកីយ៍នេះមកដល់នោះ អ្នកកាន់តាមដ៏ពិតរបស់ព្រះយេស៊ូនឹងប្រកាស«សេចក្ដីពិតនៃដំណឹងល្អ»ទូទាំងពិភពលោក។ (កាឡាទី ២:១៤) នេះនឹងត្រូវធ្វើដើម្បីសម្រេចបន្ទូលព្រះយេស៊ូដែលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) ដូច្នេះ គឺសំខាន់ចាំបាច់ណាស់ដែលយើងសម្គាល់អ្នកដែលកំពុងតែបង្រៀនគ្រប់សាសន៍នូវសេចក្ដីពិតដោយប្រកាសផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះ។
តើយើងអាចរៀនសេចក្ដីពិតយ៉ាងដូចម្ដេច?
៧. តើអ្នកអាចបញ្ជាក់ភស្តុតាងអ្វីដើម្បីបង្ហាញថា ព្រះយេហូវ៉ាគឺជាប្រភពនៃសេចក្ដីពិត?
៧ ព្រះយេហូវ៉ាគឺជាប្រភពនៃសេចក្ដីពិតអំពីទ្រង់និងគោលបំណងរបស់ទ្រង់។ តាមពិត ស្តេចដាវីឌ អ្នកតែងបទទំនុកដំកើងបានពោលថា ព្រះយេហូវ៉ាគឺជា«ព្រះនៃសេចក្ដីពិត»។ (ទំនុកដំកើង ៣១:៥; ៤៣:៣) ព្រះយេស៊ូបានបញ្ជាក់ថា បន្ទូលរបស់ព្រះវរបិតាទ្រង់គឺជាសេចក្ដីពិត ហើយព្រះយេស៊ូបានប្រកាសថា៖ «នៅក្នុងគម្ពីរពួកហោរាមានសេចក្ដីចែងទុកមកថា ‹ព្រះទ្រង់បង្រៀនគេទាំងអស់គ្នា› ដូច្នេះ អស់អ្នកណាដែលឮព្រះវរបិតា ហើយបានរៀនពីទ្រង់ នោះក៏មកឯខ្ញុំ»។ (យ៉ូហាន ៦:៤៥; ១៧:១៧; អេសាយ ៥៤:១៣) ដូច្នេះ គឺជាក់ស្តែងហើយដែលអស់អ្នកដែលកំពុងតែស្វះស្វែងរកសេចក្ដីពិត ត្រូវតែមានព្រះយេហូវ៉ាជាអ្នកបង្ហាត់បង្រៀនដ៏ឧត្តម មកបង្រៀនពួកគេ។ (អេសាយ ៣០:២០, ២១) ពួកអ្នកដែលកំពុងតែស្វែងរកសេចក្ដីពិត ត្រូវតែ«ស្គាល់ដល់ព្រះអង្គ»។ (សុភាសិត ២:៥) ដោយសារសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា នោះទ្រង់បានបង្រៀនឬផ្ដល់សេចក្ដីពិតតាមវិធីផ្សេងៗ។
៨. តើព្រះយេហូវ៉ាបានបង្រៀនឬក៏បញ្ជូនសេចក្ដីពិតមកតាមវិធីណាខ្លះ?
៨ ជាឧទាហរណ៍ ព្រះបានប្រទានក្រិត្យវិន័យដល់សាសន៍អ៊ីស្រាអែលតាមរយៈបណ្ដាទេវតារបស់ទ្រង់។ (កាឡាទី ៣:១៩) ក្នុងការយល់សប្ដិ ព្រះយេហូវ៉ាបានសន្យាថា ទ្រង់នឹងប្រទានពរទៅលើអ័ប្រាហាំនិងយ៉ាកុបដែលជាមេគ្រួសារនោះ។ (លោកុប្បត្តិ ១៥:១២-១៦; ២៨:១០-១៩) ព្រះបានរហូតដល់មានបន្ទូលពីស្ថានសួគ៌មក ដូចនៅពេលព្រះយេស៊ូទទួលបុណ្យជ្រមុជទឹក និងមនុស្សនៅលើផែនដីបានមានចិត្តរំភើបដោយឮបន្ទូលថា៖ «នេះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»។ (ម៉ាថាយ ៣:១៧) ម្យ៉ាងទៀត យើងគួរមានអំណរគុណដែលព្រះបានសំដែងនូវសេចក្ដីពិតដោយបណ្ដាលឲ្យបុគ្គលផ្សេងៗសរសេរព្រះគម្ពីរ។ (ធីម៉ូថេទី២ ៣:១៦, ១៧) ដូច្នេះ ដោយរៀនពីព្រះបន្ទូលរបស់ព្រះ យើងអាចមាន«ចិត្តជឿតាមសេចក្ដីពិត»។—ថែស្សាឡូនីចទី២ ២:១៣
សេចក្ដីពិតនិងព្រះរាជបុត្រារបស់ព្រះ
៩. តើព្រះបានប្រើព្រះរាជបុត្រារបស់ទ្រង់ដើម្បីសម្ដែងឲ្យឃើញសេចក្ដីពិតយ៉ាងដូចម្ដេច?
៩ ជាពិសេស ព្រះបានប្រើព្រះយេស៊ូគ្រីស្ទ ជាព្រះរាជបុត្រារបស់ទ្រង់ដើម្បីសម្ដែងសេចក្ដីពិតដល់មនុស្សជាតិ។ (ហេព្រើរ ១:១-៣) ការពិត ព្រះយេស៊ូបានមានបន្ទូលពីសេចក្ដីពិតតាមរបៀបដែលមនុស្សជាតិមិនធ្លាប់ធ្វើឡើយ។ (យ៉ូហាន ៧:៤៦) សូម្បីតែក្រោយព្រះយេស៊ូបានត្រឡប់ទៅស្ថានសួគ៌វិញនោះ ទ្រង់នៅតែសម្ដែងសេចក្ដីពិតពីព្រះវរបិតារបស់ទ្រង់។ ជាក់ស្តែងដូចជាពេលសាវ័កយ៉ូហានទទួល«សេចក្ដី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្ដីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្ដិចទៀតត្រូវកើតមានមក»។—វិវរណៈ ១:១-៣
១០, ១១. (ក) សេចក្ដីពិតដែលព្រះយេស៊ូបានប្រកាសផ្សាយនោះ បានទាក់ទងនឹងអ្វី? (ខ) តើព្រះយេស៊ូបានធ្វើឲ្យសេចក្ដីពិតក្លាយជាសច្ចភាពយ៉ាងដូចម្ដេច?
១០ ព្រះយេស៊ូមានបន្ទូលនឹងលោកប៉ុនទាស ពីឡាត់ ថា ទ្រង់បានយាងមកផែនដីដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត។ ក្នុងកំឡុងកិច្ចបំរើផ្សាយរបស់ព្រះយេស៊ូ ទ្រង់បានសម្ដែងឲ្យឃើញថា សេចក្ដីពិតនោះជាប់ទាក់ទងនឹងការបង្ហាញភាពត្រឹមត្រូវនៃអធិបតេយ្យរបស់ព្រះយេហូវ៉ា តាមរយៈព្រះរាជាណាចក្ររបស់ព្រះដែលមានព្រះយេស៊ូជាស្តេចនោះ។ ប៉ុន្តែ ការធ្វើបន្ទាល់អំពីសេចក្ដីពិតតម្រូវឲ្យព្រះយេស៊ូធ្វើច្រើនជាងការផ្សព្វផ្សាយនិងបង្រៀនទៅទៀត។ ព្រះយេស៊ូបានធ្វើឲ្យសេចក្ដីពិតនោះក្លាយជាសច្ចភាពដោយសម្រេចតាមសេចក្ដីពិតនោះ។ ហេតុនេះហើយ សាវ័កប៉ុលបានសរសេរថា៖ «កុំទុកឲ្យអ្នកណានិន្ទាអ្នករាល់គ្នា ពីរឿងចំណីអាហារ ឬគ្រឿងផឹក ឬពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកឡើយ សេចក្ដីទាំងនេះជាស្រមោល នៃការដែលត្រូវមក តែតួរូបអង្គនោះ គឺជាព្រះគ្រីស្ទ»។—កូល៉ុស ២:១៦, ១៧
១១ វិធីមួយដែលសេចក្ដីពិតបានក្លាយជាសច្ចភាព គឺដោយកំណើតព្រះយេស៊ូនៅភូមិបេថ្លេហិមបានសំរេចដូចបានទាយទុកជាមុននោះ។ (មីកា ៥:១; លូកា ២:៤-១១) សេចក្ដីពិតក៏បានក្លាយជាសច្ចភាពពេលទំនាយរបស់លោកដានីយ៉ែល ស្តីអំពីកាលដែលព្រះមេស្ស៊ីនឹងលេចមកក្រោយ៦៩‹អាទិត្យនៃឆ្នាំ›បានសំរេច។ នេះបានកើតឡើងពេលព្រះយេស៊ូបានប្រទានអង្គទ្រង់ចំពោះព្រះ ពេលទ្រង់ទទួលបុណ្យជ្រមុជទឹកនិងត្រូវចាក់តាំងដោយវិញ្ញាណបរិសុទ្ធ នៅចំពេលដែលបានត្រូវទាយ គឺនៅឆ្នាំ២៩ ស.យ.។ (ដានីយ៉ែល ៩:២៥; លូកា ៣:១, ២១, ២២) ម្យ៉ាងទៀត សេចក្ដីពិតបានក្លាយជាសច្ចភាពដោយសារកិច្ចបំរើរបស់ព្រះយេស៊ូជាអ្នកប្រកាសអំពីព្រះរាជាណាចក្ររបស់ព្រះ។ (អេសាយ ៩:១, ២, ៦, ៧; ៦១:១, ២; ម៉ាថាយ ៤:១៣-១៧; លូកា ៤:១៨-២១) សេចក្ដីពិតក៏បានក្លាយជាសច្ចភាពដែរ ដោយការសោយទិវង្គតរបស់ទ្រង់និងការប្រោសឲ្យរស់ឡើងវិញ។—ទំនុកដំកើង ១៦:៨-១១; អេសាយ ៥៣:៥, ៨, ១១, ១២; ម៉ាថាយ ២០:២៨; យ៉ូហាន ១:២៩; កិច្ចការ ២:២៥-៣១
១២. ហេតុអ្វីព្រះយេស៊ូអាចមានបន្ទូលថា៖ ‹ខ្ញុំជាសេចក្ដីពិត›?
១២ ដោយសារព្រះយេស៊ូគ្រីស្ទជាមូលដ្ឋាននៃសេចក្ដីពិតនោះ ព្រះយេស៊ូអាចមានបន្ទូលថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត។ បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»។ (យ៉ូហាន ១៤:៦) មនុស្សមានសេរីភាពខាងវិញ្ញាណ ពេលពួកគេ«កើតចេញពីសេចក្ដីពិត[«គាំទ្រខាងសេចក្ដីពិត», ព.ថ.]» ដោយទទួលស្គាល់តួនាទីរបស់ព្រះយេស៊ូក្នុងគោលបំណងរបស់ព្រះ។ (យ៉ូហាន ៨:៣២-៣៦; ១៨:៣៧) ដោយព្រោះអ្នកដែលមានចិត្តរាបទាបស្មោះសព្រមស្ដាប់សេចក្ដីពិត និងកាន់តាមព្រះយេស៊ូដោយមានជំនឿមុតមាំនោះ ពួកគេនឹងទទួលជីវិតជារៀងរហូត។—យ៉ូហាន ១០:២៤-២៨
១៣. តើយើងនឹងពិចារណានូវសេចក្ដីពិតពីបទគម្ពីរស្តីអំពីរឿងបីមុខអ្វី?
១៣ សេចក្ដីពិតទាំងឡាយដែលបានត្រូវបញ្ជូនមកដោយព្រះយេស៊ូ និងបណ្ដាសិស្សរបស់ទ្រង់ដែលព្រះបានបណ្ដាលឲ្យស្គាល់សេចក្ដីពិត គឺជាជំនឿគ្រីស្ទានដ៏ពិត។ ដូច្នេះ អស់អ្នកដែល«ប្រតិបត្ដិតាមជំនឿ» នោះក៏«ប្រតិបត្ដិតាមសេចក្ដីពិតជានិច្ច»។ (កិច្ចការ ៦:៧, ព្រះគម្ពីរភាសាខ្មែរសម្រាយ; យ៉ូហានទី៣ ៣, ៤, ព្រះគម្ពីរភាសាខ្មែរសម្រាយ) ដូច្នេះ តើអ្នកណាកំពុងតែប្រតិបត្ដិតាមសេចក្ដីពិតសព្វថ្ងៃនេះ? តើអ្នកណាពិតជាកំពុងតែបង្រៀនសាសន៍ទាំងឡាយនូវសេចក្ដីពិត? ដើម្បីឆ្លើយសំនួរទាំងនេះ យើងនឹងផ្ចង់អារម្មណ៍សម្លឹងមើលគំរូរបស់ជនគ្រីស្ទានពីសម័យដើម និងពិចារណានូវសេចក្ដីពិតក្នុងបទគម្ពីរដែលទាក់ទងនឹង (១) ជំនឿ (២) របៀបថ្វាយបង្គំ និង (៣) ការប្រព្រឹត្តផ្ទាល់ខ្លួន។
សេចក្ដីពិតនិងជំនឿ
១៤, ១៥. តើយល់ដូចម្ដេចអំពីទស្សនៈរបស់ពួកគ្រីស្ទានជំនាន់ដើមនិងស្មរបន្ទាល់ព្រះយេហូវ៉ាចំពោះបទគម្ពីរ?
១៤ ជនគ្រីស្ទាននៅសម័យដើមបានគោរពយ៉ាងជ្រាលជ្រៅ នូវព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលមានជាលាយល័ក្ខអក្សរ។ (យ៉ូហាន ១៧:១៧) ព្រះបន្ទូលនោះជាតម្រារបស់ពួកគេស្តីអំពីជំនឿនិងការប្រព្រឹត្ត។ លោក ខ្លិម៉ង់ នៅទីក្រុងអ័លេក្សានទ្រា ដែលរស់នៅសតវត្សទី២និងទីបី បានពោលថា៖ «អស់អ្នកដែលកំពុងតែប្រឹងប្រែងព្យាយាមដេញចាប់បានភាពល្អប្រសើរនោះ នឹងមិនឈប់ស្វះស្វែងរកសេចក្ដីពិតទាល់តែពួកគេបានរកឃើញនូវភស្តុតាងពីបទគម្ពីរដែលបញ្ជាក់នូវអ្វីដែលពួកគេជឿ»។
១៥ ដូចគ្នានឹងជនគ្រីស្ទាននៅជំនាន់ដើមនោះ ស្មរបន្ទាល់ព្រះយេហូវ៉ាក៏គោរពព្រះគម្ពីរយ៉ាងជ្រាលជ្រៅដែរ។ ស្មរបន្ទាល់ជឿថា «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន»។ (ធីម៉ូថេទី២ ៣:១៦) ដូច្នេះ យើងសូមពិចារណានូវជំនឿខ្លះៗរបស់ជនគ្រីស្ទានសម័យដើម និងប្រៀបធៀបជំនឿទាំងនោះទៅនឹងអ្វីដែលអ្នកបំរើព្រះយេហូវ៉ានៅសម័យនេះបានរៀនដោយសារពួកគេប្រើព្រះគម្ពីរជាសៀវភៅចំបងរបស់ពួកគេនោះ។
សេចក្ដីពិតអំពីព្រលឹង
១៦. តើអ្វីជាសេចក្ដីពិតស្តីអំពីព្រលឹង?
១៦ ដោយសារជនគ្រីស្ទានជំនាន់ដើមជឿអ្វីក្នុងបទគម្ពីរ នោះពួកគេបានបង្រៀនសេចក្ដីពិតអំពីព្រលឹង។ ជនគ្រីស្ទានទាំងនោះដឹងថា យោងទៅតាមភាសាហេព្រើជាភាសាដើមនោះ មនុស្ស‹បានទៅជាព្រលឹងមួយ›ពេលព្រះបង្កើតមនុស្ស។ (លោកុប្បត្តិ ២:៧) ម្យ៉ាងទៀត គ្រីស្ទានទាំងនេះបានទទួលស្គាល់ថា ព្រលឹងក៏ចេះស្លាប់ដែរ។ (អេសេគាល ១៨:៤; យ៉ាកុប ៥:២០) អ្នកទាំងនេះក៏បានដឹងថា «មនុស្សស្លាប់ឥតដឹងអ្វីឡើយ»។—សាស្ដា ៩:៥, ១០
១៧. តើអ្នកនឹងពន្យល់សេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញយ៉ាងដូចម្ដេច?
១៧ ប៉ុន្តែ សិស្សដំបូងរបស់ព្រះយេស៊ូមានសេចក្ដីសង្ឃឹមពិតប្រាកដមួយថា មនុស្សស្លាប់ដែលព្រះនៅនឹកចាំនោះ នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។ ប៉ុលបានពន្យល់ជំនឿនេះយ៉ាងច្បាស់ពេលគាត់ប្រកាសថា៖ «ខ្ញុំប្របាទមានសេចក្ដីសង្ឃឹមដល់ព្រះ . . . គឺថា ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ចការ ២៤:១៥) សូម្បីតែក្រោយមក លោក មីនូគាស ហ្វីឡិច បានសរសេរថា៖ «តើអ្នកណាខ្លៅល្ងង់ដល់ម្ល៉េះដែលគេហ៊ានប្រកែកថា ព្រះដែលបានបង្កើតមនុស្សដំបូងនោះ មិនអាចបង្កើតមនុស្សមួយសារទៀតបាន?»។ ដូចជនគ្រីស្ទាននៅសម័យដើមនោះ ស្មរបន្ទាល់ព្រះយេហូវ៉ាជឿជាក់ទៅលើសេចក្ដីពិតក្នុងបទគម្ពីរស្តីអំពីព្រលឹងមនុស្ស សេចក្ដីស្លាប់ និងការប្រោសឲ្យរស់ឡើងវិញ។ ដូច្នេះ ឥឡូវយើងសូមពិចារណានូវអត្តសញ្ញាណនៃព្រះនិងព្រះគ្រីស្ទ។
សេចក្ដីពិតនិងលទ្ធិព្រះឯក ត្រីអង្គ
១៨, ១៩. ហេតុអ្វីបានជាយើងអាចនិយាយថា លទ្ធិព្រះឯកត្រីអង្គមិនសមស្របទៅតាមបទគម្ពីរ?
១៨ ជនគ្រីស្ទានជំនាន់ដើមមិនដែលចាត់ទុកព្រះ ព្រះគ្រីស្ទ និងវិញ្ញាណបរិសុទ្ធជាព្រះឯកត្រីអង្គឡើយ។ សព្វវចនាធិប្បាយមួយពន្យល់ថា៖ «ក្នុងបទគម្ពីរសញ្ញាថ្មី គ្មានពាក្យថា ព្រះឯកត្រីអង្គ ឬមួយក៏លទ្ធិអំពីព្រះឯកត្រីអង្គឡើយ។ ព្រះយេស៊ូនិងអ្នកកាន់តាមទ្រង់ក៏មិនបាននិយាយផ្ទុយពីសេចក្ដីអធិស្ឋានហៅថា ហ្សិម៉ា [សេចក្ដីអធិស្ឋានមួយជាភាសាហេព្រើរ] ក្នុងសញ្ញាចាស់ដែលថា៖ ‹ចូរស្ដាប់ចុះ! ឱអ៊ីស្រាអែលអើយ! ព្រះអម្ចាស់ដែលជាព្រះរបស់យើង ទ្រង់ជាព្រះអម្ចាស់តែមួយអង្គប៉ុណ្ណោះ›។ (ចោទិ. ៦:៤)»។ (The Encyclopædia Britannica) ជនគ្រីស្ទានមិនបានថ្វាយបង្គំព្រះបីអង្គរបស់សាសន៍រ៉ូម ឬមួយក៏ព្រះណាផ្សេងទៀតឡើយ។ ពួកគេបានជឿបន្ទូលរបស់ព្រះយេស៊ូថា មានតែព្រះយេហូវ៉ាអង្គទ្រង់ផ្ទាល់ដែលគួរត្រូវថ្វាយបង្គំ។ (ម៉ាថាយ ៤:១០) ម្យ៉ាងទៀត គ្រីស្ទានទាំងនោះបានជឿបន្ទូលរបស់ព្រះគ្រីស្ទដែលថា៖ «ដ្បិតព្រះវរបិតាទ្រង់ធំលើសជាងខ្ញុំ»។ (យ៉ូហាន ១៤:២៨) ស្មរបន្ទាល់របស់ព្រះយេហូវ៉ាសព្វថ្ងៃនេះមានទស្សនៈដូច្នេះដែរ។
១៩ អ្នកកាន់តាមព្រះយេស៊ូនៅសម័យដើមបែងចែកយ៉ាងច្បាស់លាស់នូវភាពខុសគ្នារវាងព្រះ ព្រះគ្រីស្ទ និងវិញ្ញាណបរិសុទ្ធ។ តាមពិត អ្នកទាំងនោះបានធ្វើបុណ្យជ្រមុជទឹក (១) ដោយនូវព្រះនាមព្រះវរបិតា (២) ដោយនូវព្រះនាមព្រះរាជបុត្រា និង (៣) ក្នុងនាមវិញ្ញាណបរិសុទ្ធ មិនមែនក្នុងនាមនៃព្រះឯកត្រីអង្គឡើយ។ ដូចគ្នាដែរ ស្មរបន្ទាល់ព្រះយេហូវ៉ាបង្រៀនសេចក្ដីពិតពីព្រះគម្ពីរ និងហេតុនេះហើយពួកគេបង្ហាញភាពខុសគ្នារវាងព្រះ ព្រះរាជបុត្រារបស់ទ្រង់ និងវិញ្ញាណបរិសុទ្ធ។—ម៉ាថាយ ២៨:១៩
សេចក្ដីពិតនិងបុណ្យជ្រមុជទឹក
២០. តើអ្នកដែលនឹងទទួលបុណ្យជ្រមុជទឹកត្រូវមានចំណេះអ្វី?
២០ ព្រះយេស៊ូបានបង្គាប់អ្នកកាន់តាមទ្រង់ឲ្យបញ្ចុះបញ្ចូលឲ្យមានសិស្សដោយបង្រៀនមនុស្សនូវសេចក្ដីពិត។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបុណ្យជ្រមុជទឹកនោះ អ្នកទាំងនោះត្រូវការចំណេះបឋមអំពីបទគម្ពីរ។ ជាឧទាហរណ៍ អ្នកនោះត្រូវទទួលស្គាល់ឋានៈនិងអំណាចនៃព្រះវរបិតា និងព្រះយេស៊ូគ្រីស្ទដែលជារាជបុត្រារបស់ទ្រង់។ (យ៉ូហាន ៣:១៦) អ្នកដែលចង់ទទួលបុណ្យជ្រមុជទឹកក៏ត្រូវយល់ថា វិញ្ញាណបរិសុទ្ធមិនមែនជាបុគ្គលមួយរូបទេ ប៉ុន្តែ គឺជាសកម្មពលរបស់ព្រះវិញ។—លោកុប្បត្តិ ១:២
២១, ២២. ហេតុអ្វីអ្នកជឿថា បុណ្យជ្រមុជទឹកគឺសំរាប់តែអ្នកជឿ?
២១ ពួកគ្រីស្ទានសម័យដើមនោះ បានធ្វើបុណ្យជ្រមុជទឹកតែបុគ្គលដែលមានចំណេះគ្រប់គ្រាន់ និងបានប្រែចិត្តហើយថ្វាយខ្លួនចំពោះព្រះដោយមិនដាក់ល័ក្ខខ័ណ្ឌឡើយ។ សាសន៍យូដានិងជនសាសន៍ផ្សេងដែលបានកាន់សាសនាយូដាដែលបានប្រជុំគ្នានៅក្រុងយេរូសាឡិមនៅឆ្នាំ៣៣ ស.យ. បានមានចំណេះអំពីបទគម្ពីរហេព្រើររួចទៅហើយ។ ពេលដែលអ្នកទាំងនោះឮពេត្រុសពន្យល់អំពីព្រះយេស៊ូជាព្រះមេស្ស៊ីនោះ មនុស្សប្រមាណ៣.០០០នាក់«ទទួលពាក្យរបស់គាត់ដោយអំណរ» និង«បានទទួលបុណ្យជ្រមុជទឹក»។—កិច្ចការ ២:៤១; ៣:១៩–៤:៤; ១០:៣៤-៣៨
២២ បុណ្យជ្រមុជទឹកគ្រីស្ទានគឺសំរាប់អ្នកជឿតែប៉ុណ្ណោះ។ មនុស្សនៅស្រុកសាម៉ារីបានទទួលសេចក្ដីពិត និង«កាលមនុស្សទាំងអស់បានជឿតាមភីលីព ដែលគាត់ប្រាប់ដំណឹងល្អពីនគរនៃព្រះ ហើយពីព្រះនាមព្រះយេស៊ូវគ្រីស្ទវិញ នោះគេក៏ទទួលបុណ្យជ្រមុជទឹកទាំងប្រុសទាំងស្រី»។ (កិច្ចការ ៨:១២) បុរសកំរៀវជនជាតិអេធីយ៉ូពីគឺជាអ្នកសាសន៍ផ្សេងដែលកាន់សាសនាយូដា តែគាត់បានស្ដាប់តាមការពន្យល់របស់ភីលីពស្តីពីទំនាយអំពីព្រះមេស្ស៊ី ទើបគាត់ទទួលបុណ្យជ្រមុជទឹក។ (កិច្ចការ ៨:៣៤-៣៦) ក្រោយមក ពេត្រុសបានប្រាប់លោកកូនេលាសនិងអ្នកឯទៀតជាសាសន៍ផ្សេងថា៖ «អ្នកណាដែលកោតខ្លាចដល់[ព្រះ] ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ» និងអស់អ្នកដែលជឿទៅលើព្រះយេស៊ូគ្រីស្ទអាចទទួលការអត់ឱនទោសចំពោះបាបរបស់ខ្លួន។ (កិច្ចការ ១០:៣៥, ៤៣; ១១:១៨) ទាំងអស់នេះសមស្របទៅតាមបញ្ជារបស់ព្រះយេស៊ូថា ‹ចូរបញ្ចុះបញ្ចូលឲ្យមានសិស្ស ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដីដែលទ្រង់បានបង្គាប់មកអ្នករាល់គ្នាផង›។ (ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ១:៨) ស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើតាមបញ្ជាដដែលនេះ ដោយធ្វើបុណ្យជ្រមុជទឹកឲ្យតែអ្នកដែលមានចំណេះបឋមអំពីបទគម្ពីររួចហើយ និងដែលបានថ្វាយខ្លួនចំពោះព្រះប៉ុណ្ណោះ។
២៣, ២៤. តើបុណ្យជ្រមុជទឹកគ្រីស្ទានដ៏ត្រឹមត្រូវ ត្រូវមានលំនាំបែបណា?
២៣ ការពន្លិចទៅក្នុងទឹកទាំងស្រុងគឺជាវិធីទទួលបុណ្យជ្រមុជទឹកត្រឹមត្រូវសំរាប់អ្នកជឿ។ ក្រោយព្រះយេស៊ូទទួលបុណ្យជ្រមុជទឹកក្នុងទន្លេយ័រដាន់ នោះទ្រង់បាន«យាងឡើងពីទឹកមក»។ (ម៉ាកុស ១:១០) បុរសកំរៀវជនជាតិអេធីយ៉ូពីបានទទួលបុណ្យជ្រមុជទឹកក្នុង«ទីទឹក»។ បុរសនោះនិងភីលីពបាន«ចុះទៅក្នុងទឹក»រួចបាន«ឡើងពីទឹកមក»។ (កិច្ចការ ៨:៣៦-៤០) ដោយសារបទគម្ពីរភ្ជាប់ការធ្វើបុណ្យជ្រមុជទឹកជាមួយនឹងការកប់ ជាន័យអត្ថបដិរូប នេះក៏បង្ហាញថា បុគ្គលម្នាក់ត្រូវពន្លិចទៅក្នុងទឹកនូវរូបកាយទាំងមូលតែម្ដង។—រ៉ូម ៦:៤-៦; កូល៉ុស ២:១២
២៤ សៀវភៅស្រាវជ្រាវមួយចែងថា៖ «ការពណ៌នាក្នុងសញ្ញាថ្មីស្តីអំពីការទទួលបុណ្យជ្រមុជទឹក បញ្ជាក់ថាបុគ្គលនោះត្រូវពន្លិចទៅក្នុងទឹកនូវរូបកាយទាំងមូលតែម្ដង»។ (The Oxford Companion to the Bible) យោងទៅតាមសៀវភៅមួយជាភាសាបារាំង «ជនគ្រីស្ទានដើមបានទទួលបុណ្យជ្រមុជទឹកដោយពន្លិចទៅក្នុងទឹកនៅកន្លែងណាដែលមានទឹក»។ (Larousse du XXe Siècle—Paris, 1928) ហើយសៀវភៅភាសាអង់គ្លេសចំណងជើងថា ក្រោយព្រះយេស៊ូសាសនាគ្រីស្ទានទទួលជ័យជំនះ ក៏កត់សម្គាល់ថា៖ «ជាបឋម [បុណ្យជ្រមុជទឹក]តម្រូវឲ្យមានការប្រកាសថា ខ្លួនមានជំនឿ និងរួចមកមានការពន្លិចទាំងស្រុងទៅក្នុងទឹកដោយនូវព្រះនាមព្រះយេស៊ូ»។
២៥. តើអ្វីនឹងត្រូវពិគ្រោះក្នុងអត្ថបទជាបន្ទាប់?
២៥ ចំណុចខាងលើនេះស្តីអំពីជំនឿនិងការប្រព្រឹត្តរបស់ជនគ្រីស្ទានជំនាន់ដើមដែលមានមូលដ្ឋានលើព្រះគម្ពីរនោះ គ្រាន់តែជាឧទាហរណ៍ប៉ុណ្ណោះ។ មានដំណូចផ្សេងទៀតរវាងជំនឿជនគ្រីស្ទានសម័យដើមនិងស្មរបន្ទាល់ព្រះយេហូវ៉ា។ ក្នុងអត្ថបទជាបន្ទាប់ យើងនឹងពិចារណានូវវិធីផ្សេងទៀតដែលយើងអាចសម្គាល់អ្នកដែលកំពុងតែបង្រៀននូវសេចក្ដីពិត។
តើអ្នកនឹងឆ្លើយដូចម្ដេច?
• តើព្រះតម្រូវឲ្យយើងថ្វាយបង្គំយ៉ាងណា?
• តើសេចក្ដីពិតបានក្លាយជាសច្ចភាពយ៉ាងដូចម្ដេចដោយសារព្រះយេស៊ូគ្រីស្ទ?
• តើអ្វីជាសេចក្ដីពិតអំពីព្រលឹងនិងសេចក្ដីស្លាប់?
• តើបុណ្យជ្រមុជទឹកគ្រីស្ទានត្រូវមានលំនាំបែបណា? ហើយតើនេះតម្រូវអ្វីពីអ្នកដែលចង់ទទួលបុណ្យជ្រមុជទឹកនោះ?
[រូបភាពនៅទំព័រ២៥]
តើអ្នកអាចពន្យល់នូវមូលហេតុដែលព្រះយេស៊ូ មានបន្ទូលថា៖ ‹ខ្ញុំជាសេចក្ដីពិត›ឬទេ?
[រូបភាពនៅទំព័រ២៦]
តើអ្វីជាសេចក្ដីពិតអំពី បុណ្យជ្រមុជទឹកគ្រីស្ទាន?