ចូរបណ្ដុះឲ្យមានចិត្តចេះស្ដាប់បង្គាប់ ពេលទីបញ្ចប់កាន់តែជិតមកដល់
«បណ្ដាជនទាំងឡាយនឹងស្ដាប់បង្គាប់[ស៊ីឡូ]»។—លោកុប្បត្តិ ៤៩:១០, «ព.ថ.»
១. (ក) នៅអតីតកាល តើការស្ដាប់បង្គាប់ព្រះយេហូវ៉ាច្រើនតែតម្រូវឲ្យធ្វើអ្វី? (ខ) តើយ៉ាកុបពោលនូវពាក្យទំនាយណា ស្តីអំពីការស្ដាប់បង្គាប់?
ការស្ដាប់បង្គាប់ព្រះយេហូវ៉ា តម្រូវឲ្យយើងស្ដាប់បង្គាប់ពួកអ្នកតំណាងរបស់ទ្រង់ជានិច្ច។ ពួកអ្នកតំណាងនេះរួមទាំងពួកទេវតា ពួកឰយុកោ ពួកចៅក្រម ពួកសង្ឃ ព្រមទាំងព្យាការីព្យាការិនី និងស្តេចផងដែរ។ សូម្បីតែបល្ល័ង្ករបស់ពួកស្តេចនៃសាសន៍អ៊ីស្រាអែលនោះ ក៏ធ្លាប់បានហៅជាបល្ល័ង្ករបស់ព្រះយេហូវ៉ាដែរ។ (របាក្សត្រទី១ ២៩:២៣) តែគួរឲ្យសោកស្ដាយមែន ដែលអ្នកគ្រប់គ្រងភាគច្រើននៅស្រុកអ៊ីស្រាអែលមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាទេ ហើយបាននាំឲ្យខ្លួននិងប្រជារាស្ត្ររងទុក្ខទោស។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានលះបង់ចោលពួកអ្នកមានចិត្តស្មោះភក្ដី ឲ្យពួកគេលែងមានសេចក្ដីសង្ឃឹមនោះទេ។ ព្រះយេហូវ៉ាបានជួយសំរាលទុក្ខរបស់ពួកគេដោយសន្យាថា ទ្រង់នឹងតែងតាំងស្តេចមួយអង្គដែលមិនចេះពុករលួយឡើយ ជាស្តេចដែលមនុស្សសុចរិតនឹងពេញចិត្តស្ដាប់បង្គាប់។ (អេសាយ ៩:៦, ៧) ពេលយ៉ាកុបដែលជាឰយុកោម្នាក់ជិតទទួលមរណភាពទៅនោះ គាត់បានទាយអំពីបុគ្គលនេះដែលត្រូវគ្រប់គ្រងនៅពេលអនាគតថា៖ «ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងរបស់អ្នកចេញបញ្ជានឹងមិនចេញពីកណ្ដាលព្រះជង្ឃទ្រង់ដែរ ដរាបដល់ស៊ីឡូមកដល់ ហើយបណ្ដាជនទាំងឡាយនឹងស្ដាប់បង្គាប់ទ្រង់»។—លោកុប្បត្តិ ៤៩:១០, ព.ថ.
២. តើពាក្យ«ស៊ីឡូ»មានន័យអ្វី? ហើយតើទ្រង់នឹងសោយរាជ្យទៅលើអ្នកណាខ្លះ?
២ ពាក្យ«ស៊ីឡូ»ជាពាក្យភាសាហេព្រើរដែលមានន័យថា «ជារបស់ផងគាត់» ឬក៏«ជាកម្មសិទ្ធិរបស់គាត់»។ នេះបានសេចក្ដីថា ស៊ីឡូនឹងទទួលសិទ្ធិពេញលេញឲ្យធ្វើជាអ្នកគ្រប់គ្រង ដូចបានតំណាងដោយដំបងរាជ្យ។ ហើយទ្រង់ក៏នឹងមានអំណាចចេញបង្គាប់ ដូចបានតំណាងដោយដំបងរបស់អ្នកចេញបញ្ជា។ ម្យ៉ាងទៀត ស៊ីឡូនឹងសោយរាជ្យលើ«បណ្ដាជនទាំងឡាយ» មិនគ្រាន់តែគ្រប់គ្រងលើកូនចៅរបស់យ៉ាកុបប៉ុណ្ណោះទេ។ ទំនាយនេះគឺស្របតាមសេចក្ដីសន្យារបស់ព្រះយេហូវ៉ាដល់អ័ប្រាហាំថា៖ «ពូជឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ។ គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្ដាប់តាមពាក្យអញ»។ (លោកុប្បត្តិ ២២:១៧, ១៨) ព្រះយេហូវ៉ាបានបញ្ជាក់ពីអត្តសញ្ញាណនៃ«ពូជ»នេះ នៅឆ្នាំ២៩ ស.យ. ពេលទ្រង់ចាក់វិញ្ញាណបរិសុទ្ធតែងតាំងព្រះយេស៊ូដែលមកពីភូមិណាសារ៉ែត។—លូកា ៣:២១-២៣, ៣៤; កាឡាទី ៣:១៦
ព្រះរាជាណាចក្រទីមួយរបស់ព្រះយេស៊ូ
៣. ពេលព្រះយេស៊ូយាងឡើងទៅស្ថានសួគ៌ តើទ្រង់ទទួលអំណាចគ្រប់គ្រងអ្វី?
៣ ពេលព្រះយេស៊ូយាងឡើងទៅស្ថានសួគ៌វិញនោះ ទ្រង់មិនបានទទួលដំបងរាជ្យភ្លាមៗ ឬចាប់ផ្ដើមគ្រប់គ្រងលើមនុស្សជាតិទាំងឡាយក្នុងលោកីយ៍នេះភ្លាមៗទេ។ (ទំនុកដំកើង ១១០:១) ក៏ប៉ុន្តែ ព្រះយេស៊ូបានទទួល«នគរ»ឬ‹ព្រះរាជាណាចក្រ›មួយនៅពេលនោះ ទាំងមានអនុរាស្ត្រដែលស្ដាប់បង្គាប់ទ្រង់។ សាវ័កប៉ុលបានសម្គាល់ព្រះរាជាណាចក្រនោះពេលគាត់សរសេរថា៖ «[ព្រះ]បានប្រោស ឲ្យយើង[ជាពួកគ្រីស្ទានដែលបានត្រូវតែងតាំងដោយវិញ្ញាណ]រួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ »។ (កូល៉ុស ១:១៣, កំណែជាអក្សរទ្រេត) ការប្រោសឲ្យរួចនេះបានចាប់ផ្ដើមនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ. ពេលពួកអ្នកស្មោះត្រង់ដែលកាន់តាមព្រះយេស៊ូបានទទួលវិញ្ញាណបរិសុទ្ធ។—កិច្ចការ ២:១-៤; ពេត្រុសទី១ ២:៩
៤. តើពួកសិស្សដំបូងរបស់ព្រះយេស៊ូបានស្ដាប់បង្គាប់ទ្រង់ដោយធ្វើអ្វី? ហើយតើព្រះយេស៊ូបានសម្គាល់ក្រុមនោះយ៉ាងណា?
៤ ពួកសិស្សដែលបានត្រូវតែងតាំងដោយវិញ្ញាណនោះ ជា«ទូតដំណាងព្រះគ្រីស្ទ» ហើយពួកគេបានចាប់ផ្ដើមប្រមូលមនុស្សឯទៀតដែលអាចធ្វើជា«ជនរួមជាតិ»ក្នុងព្រះរាជាណាចក្រខាងវិញ្ញាណនោះ។ (កូរិនថូសទី២ ៥:២០; អេភេសូរ ២:១៩, ព្រះគម្ពីរភាសាខ្មែរសម្រាយ; កិច្ចការ ១:៨) បន្ថែមទៅទៀត មនុស្សមួយពួកនេះត្រូវតែ«រួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១» ដើម្បីផ្គាប់ព្រះហឫទ័យព្រះយេស៊ូគ្រីស្ទដែលជាស្តេចរបស់ពួកគេ។ (កូរិនថូសទី១ ១:១០) មនុស្សមួយក្រុមនេះបានរួមជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ឬមួយក៏«នាយដំរួតការដែលស្មោះត្រង់»។—ម៉ាថាយ ២៤:៤៥; លូកា ១២:៤២
ពរដែលមកពីការស្ដាប់បង្គាប់«នាយដំរួត»របស់ព្រះ
៥. ពីបុរាណមក តើព្រះយេហូវ៉ាបង្រៀនរាស្ត្ររបស់ទ្រង់តាមវិធីណា?
៥ ពីដើមដំបូងឡើយ ព្រះយេហូវ៉ាបានផ្ដល់ឲ្យរាស្ត្ររបស់ទ្រង់មានគ្រូបង្រៀន។ តួយ៉ាងដូចជា ពេលពួកយូដាបានចេញពីស្រុកបាប៊ីឡូនត្រឡប់ទៅស្រុកកំណើតវិញ លោកអែសរ៉ានិងបុរសប៉ុន្មាននាក់ទៀតដែលមានលក្ខណៈគ្រប់គ្រាន់ ពួកគាត់មិនគ្រាន់តែបានអានក្រិត្យវិន័យរបស់ព្រះជូនប្រជារាស្ត្រស្ដាប់ប៉ុណ្ណោះទេ តែពួកគាត់បានពន្យល់«យ៉ាងច្បាស់ៗ»នូវក្រិត្យវិន័យនោះ «ព្រមទាំងបកស្រាយអត្ថន័យ . . . អោយប្រជាជនយល់»ព្រះបន្ទូលរបស់ព្រះ។—នេហេមី (នេហេមា) ៨:៨, ព្រះគម្ពីរភាសាខ្មែរសម្រាយ
៦, ៧. តើក្រុមអ្នកបំរើកំពុងតែប្រទានអាហារខាងវិញ្ញាណត្រូវពេលតាមរយៈគណៈអភិបាលដោយរបៀបណា? ហើយហេតុដូចម្ដេចបានជាគួរសមឲ្យយើងចុះចូលចំពោះក្រុមអ្នកបំរើនោះ?
៦ នៅសតវត្សទីមួយនាឆ្នាំ៤៩ ស.យ. ពេលមានរឿងរ៉ាវអំពីការកាត់ស្បែកនោះ គណៈអភិបាលនៃក្រុមអ្នកបំរើដំបូងបានអធិស្ឋានមុននឹងពិគ្រោះនូវរឿងនោះ ហើយបានធ្វើការសម្រេចចិត្តដែលមានមូលដ្ឋានសមស្របទៅតាមបទគម្ពីរ។ ពេលគណៈអភិបាលនៃក្រុមអ្នកបំរើដំបូងបានប្រកាសតាមសំបុត្រនូវសេចក្ដីសម្រេចចិត្តរបស់គេនោះ ក្រុមជំនុំនិមួយៗបានស្ដាប់តាមការណែនាំនោះ ហើយបានទទួលពរជាបរិបូរពីព្រះ។ (កិច្ចការ ១៥:៦-១៥, ២២-២៩; ១៦:៤, ៥) ដូចគ្នានៅសម័យយើងនេះដែរ អ្នកបំរើស្មោះត្រង់បានពន្យល់យ៉ាងច្បាស់លាស់តាមរយៈគណៈអភិបាល អំពីរឿងសំខាន់ៗដូចជា អព្យាក្រឹតភាពរបស់យើងជាពួកគ្រីស្ទាន ហើយអំពីភាពពិសិដ្ឋនៃឈាម និងការមិនប្រើគ្រឿងញៀនឬប្រើឱសថខុសរបៀបនិងថ្នាំជក់។ (អេសាយ ២:៤; កិច្ចការ ២១:២៥; កូរិនថូសទី២ ៧:១) ព្រះយេហូវ៉ាបានប្រទានពរមកលើរាស្ត្រទ្រង់ដោយព្រោះពួកគេស្ដាប់បង្គាប់ព្រះដែលបានចែងក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយក៏ស្ដាប់បង្គាប់អ្នកបំរើស្មោះត្រង់ដែរ។
៧ បើប្រជារាស្ត្ររបស់ព្រះចុះចូលចំពោះក្រុមអ្នកបំរើនោះ ពួកគេក៏បង្ហាញនូវចិត្តចុះចូលចំពោះព្រះយេស៊ូគ្រីស្ទដែលជាម្ចាស់របស់ពួកគេដែរ។ ការចុះចូលបែបនេះគឺកាន់តែមានន័យថែមទៀតនាបច្ចុប្បន្នកាលនេះ ពីព្រោះព្រះយេស៊ូបានទទួលអំណាចកាន់តែច្រើនទៀត ដូចបានទាយដោយលោកយ៉ាកុបពេលគាត់ហៀបទទួលមរណភាពនោះ។
ស៊ីឡូក្លាយជាអ្នកមានសិទ្ធិគ្រប់គ្រងទៅលើផែនដី
៨. តើអំណាចគ្រប់គ្រងរបស់ព្រះគ្រីស្ទបានពង្រីកឡើងនៅពេលណា ហើយតាមរបៀបណា?
៨ ទំនាយរបស់យ៉ាកុបបានបញ្ជាក់ថា ស៊ីឡូនឹងតម្រូវឲ្យ‹បណ្ដាជនទាំងឡាយស្ដាប់បង្គាប់ទ្រង់›។ យ៉ាងច្បាស់ណាស់ ព្រះគ្រីស្ទនឹងមិនគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលខាងវិញ្ញាណតែប៉ុណ្ណោះទេ។ តើទ្រង់នឹងគ្រប់គ្រងលើអ្នកណាទៀត? វិវរណៈ ១១:១៥ ឆ្លើយថា៖ «រាជ្យក្នុងលោកនេះ ត្រូវផ្ទេរថ្វាយទៅព្រះអម្ចាស់នៃយើង និង ថ្វាយព្រះគ្រីស្តរបស់ព្រះអង្គ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។ (ព្រះគម្ពីរភាសាខ្មែរសម្រាយ, កំណែជាអក្សរទ្រេត) ព្រះគម្ពីរបង្ហាញថា ព្រះយេស៊ូត្រូវទទួលអំណាចនោះនៅចុង«៧ខួប»ដែលបានទាយទុកជាមុន ជា«គ្រារបស់សាសន៍ដទៃ» នៅឆ្នាំ១៩១៤។a (ដានីយ៉ែល ៤:១៦, ១៧; លូកា ២១:២៤) នៅឆ្នាំនោះព្រះគ្រីស្ទបានចាប់ផ្ដើមមាន«វត្តមាន»ដ៏មើលមិនឃើញរបស់ទ្រង់ជាព្រះមេស្ស៊ីដែលជាស្តេច ហើយគ្រា«គ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវ»របស់ទ្រង់បានចាប់ផ្ដើមនៅពេលនោះដែរ។—ម៉ាថាយ ២៤:៣, ព.ថ.; ទំនុកដំកើង ១១០:២
៩. តើព្រះយេស៊ូបានធ្វើអ្វីពេលទ្រង់ទទួលអំណាចក្នុងព្រះរាជាណាចក្ររបស់ទ្រង់? ហើយតើនេះនាំឲ្យមានលទ្ធផលអ្វីចំពោះមនុស្សជាតិ ជាពិសេសចំពោះសិស្សរបស់ទ្រង់?
៩ កិច្ចការដំបូងបង្អស់របស់ព្រះយេស៊ូក្រោយពីបានទទួលអំណាចជាស្តេចនោះ គឺទ្រង់បានបោះទំលាក់សាតាំងជាមេនៃអ្នកមិនស្ដាប់បង្គាប់ ហើយក៏បានបោះពួកបិសាចរបស់វា«ទំលាក់ទៅផែនដីវិញ»ដែរ។ តាំងពីពេលនោះមក ពួកវិញ្ញាណអាក្រក់ទាំងនេះបានបណ្ដាលឲ្យមនុស្សលោករងទុក្ខវេទនាយ៉ាងខ្លាំងដែលពុំធ្លាប់មានពីមុនមក ព្រមទាំងបង្កឲ្យមានបរិយាកាសដែលធ្វើឲ្យពិបាកស្ដាប់បង្គាប់ព្រះយេហូវ៉ា។ (វិវរណៈ ១២:៧-១២; ធីម៉ូថេទី២ ៣:១-៥) តាមពិត គោលដៅចំបងរបស់សាតាំងក្នុងចំបាំងខាងវិញ្ញាណនេះ គឺវាចង់ធ្វើទុក្ខដល់ពួកអ្នកចាក់ប្រេងតាំងរបស់ព្រះយេហូវ៉ា «ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ» ហើយវាចង់ធ្វើបាបដល់ពួកគូកនរបស់គេដែរ គឺពួក«ចៀមឯទៀត»។—វិវរណៈ ១២:១៧; យ៉ូហាន ១០:១៦
១០. តើការសម្រេចនៃទំនាយអ្វីខ្លះ ដែលធានាថាសាតាំងនឹងទទួលបរាជ័យក្នុងចំបាំងរបស់វាប្រឆាំងនឹងពួកគ្រីស្ទានពិត?
១០ យ៉ាងណាក្ដី សាតាំងមុខជានឹងទទួលបរាជ័យពុំខាន ពីព្រោះនេះជា«ថ្ងៃនៃព្រះអម្ចាស់» ហើយគ្មានអ្វីសោះឡើយអាចរារាំងនូវ«ជ័យជំនះ»របស់ទ្រង់បានទេ។ (វិវរណៈ ១:១០; ៦:២) ជាក់ស្តែងគឺ ព្រះយេស៊ូនឹងបោះត្រា កំណត់ចំនួន១៤៤.០០០នាក់នៃសាសន៍អ៊ីស្រាអែលខាងវិញ្ញាណ។ ព្រះយេស៊ូក៏នឹងការពារ«មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:១-៤, ៩, ១៤-១៦) មនុស្សស្ដាប់បង្គាប់មួយហ្វូងនេះនឹងក្លាយជាអនុរាស្ត្ររបស់ព្រះយេស៊ូ តែពួកគេនឹងមានផែនដីជាលំនៅ មិនដូចពួកអ្នកចាក់ប្រេងតាំង ដែលជាគូកនរបស់គេនោះទេ។ (ដានីយ៉ែល ៧:១៣, ១៤) ដោយសារមនុស្សមួយហ្វូងនេះមានវត្តមានក្នុងលោកីយ៍យើងរួចហើយ នេះជាទីសំអាងពិតដែលបញ្ជាក់ថា ស៊ីឡូពិតជាអ្នកគ្រប់គ្រងលើ«រាជ្យក្នុងលោកនេះ»មែន។—វិវរណៈ ១១:១៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ
នេះហើយជាគ្រាគួរ«ស្ដាប់តាមដំណឹងល្អ»
១១, ១២. (ក) តើមានតែពួកអ្នកណាខ្លះ ដែលអាចរួចរស់ជីវិតពីរបបលោកីយ៍នាបច្ចុប្បន្ននេះ? (ខ) តើពួកអ្នកដែលស្រូបយកនូវឥទ្ធិពលពី«វិញ្ញាណរបស់លោកីយ»នេះ ពួកគេមានលក្ខណៈបែបណាខ្លះ?
១១ អស់អ្នកណាដែលចង់ទទួលជីវិតជារៀងរហូតត្រូវតែរៀនឲ្យចេះស្ដាប់បង្គាប់ ដ្បិតព្រះគម្ពីរចែងយ៉ាងច្បាស់លាស់ថា «ពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្ដាប់តាមដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង» នឹងមិនអាចរួចរស់ជីវិតពីថ្ងៃសងសឹករបស់ព្រះបានឡើយ។ (ថែស្សាឡូនីចទី២ ១:៨) ក៏ប៉ុន្តែ បរិយាកាសដ៏ខូចអាក្រក់នាបច្ចុប្បន្ននេះ ព្រមទាំងចិត្តគំនិតរបស់លោកីយ៍ដែលចង់តែបះបោរប្រឆាំងនឹងគោលការណ៍និងក្រិត្យក្រមក្នុងព្រះគម្ពីរ ច្បាស់ជាធ្វើឲ្យពិបាកជាខ្លាំងដល់យើងដែលជាអ្នកស្ដាប់បង្គាប់តាមដំណឹងល្អ។
១២ ព្រះគម្ពីររៀបរាប់អំពីចិត្តគំនិតបែបនេះដែលចង់តែបះបោរនឹងព្រះ ជា«វិញ្ញាណរបស់លោកីយ»។ (កូរិនថូសទី១ ២:១២) សាវ័កប៉ុលបានសរសេរសំបុត្រទៅពួកគ្រីស្ទានសតវត្សទីមួយនៅទីក្រុងអេភេសូរ ដោយចង់ពន្យល់អំពីអានុភាពដែលចិត្តគំនិតរបស់លោកីយ៍នេះអាចមានមកលើមនុស្សជាតិ គាត់សរសេរថា៖ «អ្នករាល់គ្នា[ធ្លាប់]ប្រព្រឹត្ត តាមរបៀបលោកីយនេះ គឺតាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណ ដែលសព្វថ្ងៃនេះ បណ្ដាលមកក្នុងពួកមនុស្សរឹងចចេស[«មិនចេះស្ដាប់បង្គាប់», ព.ថ.]។ យើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរ ដោយសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមយើង ទាំងប្រព្រឹត្តសេចក្ដីដែលសាច់ឈាម នឹងគំនិតយើងចង់បានផង ហើយតាមកំណើតយើង នោះយើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់ ដូចជាមនុស្សឯទៀតដែរ»។—អេភេសូរ ២:២, ៣
១៣. តើពួកគ្រីស្ទានអាចធ្វើយ៉ាងណា ដើម្បីមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងចិត្តគំនិតរបស់លោកីយ៍នេះ? ហើយតើមានលទ្ធផលដ៏ល្អអ្វីខ្លះ?
១៣ គួរឲ្យសប្បាយមែន ដែលពួកគ្រីស្ទាននៅទីក្រុងអេភេសូរមិនមានចិត្តគំនិតមិនចេះស្ដាប់បង្គាប់រហូតនោះទេ។ ផ្ទុយទៅវិញ ពួកគេបានក្លាយជាកូនព្រះដែលចេះស្ដាប់បង្គាប់ ដោយចុះចូលចំពោះវិញ្ញាណរបស់ព្រះ ទាំងទទួលផលផ្លែនៃព្រះវិញ្ញាណជាបរិបូរ។ (កាឡាទី ៥:២២, ២៣) សព្វថ្ងៃនេះក៏ដូចគ្នាដែរ វិញ្ញាណរបស់ព្រះជាឥទ្ធិពលខ្លាំងបំផុតក្នុងសកលលោកយើងនេះ កំពុងតែជួយមនុស្សរាប់សិបលាននាក់ឲ្យស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ជាលទ្ធផលនោះ ពួកគេអាចមាន«ជំនឿដ៏ពេញលេញរបស់សេចក្ដីសង្ឃឹម ដរាបដល់ចុងបំផុត»។—ហេព្រើរ ៦:១១; សាការី ៤:៦
១៤. តើព្រះយេស៊ូប្រើវិធីណា ដើម្បីដាស់តឿនពួកគ្រីស្ទានទាំងឡាយឲ្យដឹងអំពីអ្វីៗដែលនឹងគាបសង្កត់លើការស្ដាប់បង្គាប់របស់គេ?
១៤ សូមចងចាំមិនភ្លេចថា ស៊ីឡូមានអំណាចខ្លាំងក្លាមែន ហើយទ្រង់កំពុងតែគាំទ្រយើងដែរ។ ទោះជាពួកបិសាចឬមនុស្សជាតិមកបង្ខិតបង្ខំឲ្យយើងមិនស្ដាប់បង្គាប់ព្រះក្ដី ស៊ីឡូនិងព្រះវរបិតាទ្រង់នឹងមិនអនុញ្ញាតឲ្យបច្ចាមិត្តណាល្បួងយើងហួសពីកម្លាំងរបស់យើងឡើយ។ (កូរិនថូសទី១ ១០:១៣) តាមពិត ព្រះយេស៊ូជួយយើងក្នុងចំបាំងខាងវិញ្ញាណនេះ ដោយទ្រង់បានពណ៌នាអំពីបញ្ហាជាក់លាក់ខ្លះដែលយើងនឹងជួបប្រទះនៅក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ។ ព្រះយេស៊ូបានធ្វើដូច្នេះដោយសារសំបុត្រប្រាំពីរច្បាប់ ដែលទ្រង់បានជូនដល់សាវ័កយ៉ូហានតាមចក្ខុនិមិត្ត។ (វិវរណៈ ១:១០, ១១) សំបុត្រទាំងនោះមានឱវាទដ៏ល្អសំរាប់ពួកគ្រីស្ទាននៅជំនាន់នោះ ប៉ុន្តែការសម្រេចជាចំបងនោះគឺសំដៅទៅលើ«ថ្ងៃនៃព្រះអម្ចាស់» តាំងពីឆ្នាំ១៩១៤មក។ ហេតុនេះហើយបានជាយើងគួរគប្បីយកចិត្តទុកដាក់នឹងសារទាំងនេះ!b
កុំមានចិត្តកន្តើយ ហើយជៀសវាងអំពើអសីលធម៌ និងវត្ថុនិយម
១៥. ហេតុអ្វីបានជាយើងត្រូវប្រយ័ត្ននឹងបញ្ហាដែលក្រុមជំនុំនៅទីក្រុងអេភេសូរជួបប្រទះនោះ? ហើយតើយើងអាចធ្វើដូច្នេះយ៉ាងណាបាន? (ពេត្រុសទី២ ១:៥-៨)
១៥ ព្រះយេស៊ូបានជូនសំបុត្រទីមួយចំពោះក្រុមជំនុំនៅទីក្រុងអេភេសូរ។ ព្រះយេស៊ូបានសរសើរក្រុមជំនុំនោះជាមុនសិន ដោយសារពួកគេបានស៊ូទ្រាំយ៉ាងអត់ធ្មត់។ ក្រោយមកទៀតព្រះយេស៊ូមានបន្ទូលថា៖ «តែអញប្រកាន់សេចក្ដីនេះនឹងឯង គឺថា ឯងបានបោះបង់ចោលសេចក្ដីស្រឡាញ់ដើមចេញ»។ (វិវរណៈ ២:១-៤) សព្វថ្ងៃនេះបងប្អូនគ្រីស្ទានខ្លះដែលមានចិត្តខ្នះខ្នែងពីមុន ក្រោយៗមកក៏បាត់បង់នូវសេចក្ដីស្រឡាញ់ដ៏ខ្លាំងដែលគេធ្លាប់មានចំពោះព្រះ។ ការណាយចិត្តបែបនេះអាចធ្វើឲ្យចំណងមេត្រីភាពរបស់គេជាមួយព្រះលែងរឹងមាំ ហើយពួកគេត្រូវតែកែប្រែនូវចិត្តគំនិតបែបនោះឲ្យបានឆាប់រហ័ស។ តើធ្វើដូចម្ដេចឲ្យបានសេចក្ដីស្រឡាញ់ដូចដើមវិញ? គឺដោយការសិក្សាព្រះគម្ពីរ ការចូលកិច្ចប្រជុំ ការអធិស្ឋាន និងការរំពឹងគិតយ៉ាងទៀងទាត់។ (យ៉ូហានទី១ ៥:៣) ទង្វើបែបនេះច្បាស់ជាតម្រូវឲ្យ«មានសេចក្ដីឧស្សាហ៍» ហើយនាំឲ្យមានប្រយោជន៍មែន។ (ពេត្រុសទី២ ១:៥-៨) កាលបើពិនិត្យមើលខ្លួនយើងដោយចិត្តស្មោះបង្ហាញថា សេចក្ដីស្រឡាញ់របស់យើងបានរសាយទៅ។ ចូរកែប្រែស្ថានការណ៍នោះភ្លាមៗ ស្របទៅតាមការដាស់តឿនរបស់ព្រះយេស៊ូថា៖ «ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ! រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ»។—វិវរណៈ ២:៥
១៦. តើមានឥទ្ធិពលណាក្នុងក្រុមជំនុំនៅទីក្រុងពើកាម៉ុសនិងក្រុងធាទេរ៉ា ដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ខាងវិញ្ញាណ? ហើយហេតុអ្វីបានជាបន្ទូលរបស់ព្រះយេស៊ូចំពោះពួកគេ នៅមានសារៈប្រយោជន៍ចំពោះយើងដែលរស់នៅសព្វថ្ងៃនេះដែរ?
១៦ ពួកគ្រីស្ទាននៅទីក្រុងពើកាម៉ុស និងក្រុងធាទេរ៉ា បានត្រូវសរសើរដោយសារគេមានចិត្តស្មោះភក្ដី ចេះស៊ូទ្រាំ ហើយមានចិត្តខ្នះខ្នែងផង។ (វិវរណៈ ២:១២, ១៣, ១៨, ១៩) ប៉ុន្តែ ពួកគេបានទទួលអានុភាពពីបុគ្គលខ្លះដែលបង្ហាញចិត្តគំនិតអាក្រក់ដូចលោកបាឡាម និងយេសិបិល។ បុគ្គលពីររូបនេះធ្លាប់ប្រើអំពើអសីលធម៌និងការថ្វាយបង្គំព្រះបាល ជាមធ្យោបាយនាំសាសន៍អ៊ីស្រាអែលពីបុរាណនោះឲ្យវង្វេងចេញ។ (ជនគណនា ៣១:១៦; ពង្សាវតារក្សត្រទី១ ១៦:៣០, ៣១; វិវរណៈ ២:១៤, ១៦, ២០-២៣) តែចុះយ៉ាងណានាបច្ចុប្បន្នយើងនេះ ដែលជា«ថ្ងៃរបស់ព្រះអម្ចាស់»នោះ? តើនៅមានឥទ្ធិពលដ៏អាក្រក់ដូចគ្នាសព្វថ្ងៃនេះដែរឬ? ពិតជាមានមែន ដ្បិតមូលហេតុចំបងដែលរាស្ត្ររបស់ព្រះបានត្រូវបណ្ដាច់មិត្តភាពនោះ គឺដោយប្រព្រឹត្តអំពើអសីលធម៌។ ហេតុនេះហើយបានជាចាំបាច់ឲ្យយើងជៀសវាងការសេពគប់ជាមួយបុគ្គលដែលអាចធ្វើឲ្យយើងប្រព្រឹត្តអំពើអសីលធម៌ មិនថាគេជាពួកអ្នកនៅក្នុងឬក្រៅក្រុមជំនុំក៏ដោយ! (កូរិនថូសទី១ ៥:៩-១១; ១៥:៣៣) អស់អ្នកណាដែលចង់ធ្វើជាអនុរាស្ត្រដែលស្ដាប់បង្គាប់ស៊ីឡូនោះ ត្រូវជៀសឲ្យផុតពីការកំសាន្តដែលមិនស្របតាមខ្នាតតម្រាសីលធម៌ រួមទាំងរូបអាសអាភាសតាមទំព័រទស្សនាវដ្ដី ឬក្នុងកញ្ចក់កុំព្យូទ័រតាមប្រព័ន្ធអ៊ិនថឺណិត។—អេម៉ុស ៥:១៥; ម៉ាថាយ ៥:២៨, ២៩
១៧. តើទស្សនៈរបស់ពួកអ្នកក្នុងក្រុមជំនុំនៅក្រុងសើដេសនិងឡៅឌីសេ និងទស្សនៈរបស់ព្រះយេស៊ូចំពោះស្ថានភាពខាងវិញ្ញាណ គឺខុសគ្នាយ៉ាងណា?
១៧ ក្រុមជំនុំនៅទីក្រុងសើដេសមិនបានទទួលការសរសើរសោះឡើយ លើកលែងតែបុគ្គលខ្លះៗ។ ក្រុមជំនុំនោះ«មានឈ្មោះ»ឬមើលទៅដូចជារស់មែន តែព្រះយេស៊ូមានបន្ទូលថា ក្រុមជំនុំនោះ«ស្លាប់»ហើយ ពីព្រោះក្នុងចំណោមពួកគេបានមានចិត្តព្រងើយកន្តើយនឹងសេចក្ដីពិត។ ពួកគេបានស្ដាប់បង្គាប់គ្រាន់តែបង្គ្រប់កិច្ចប៉ុណ្ណោះ។ នេះជាការចោទប្រកាន់ដ៏ខ្លាំងមែន! (វិវរណៈ ៣:១-៣) ក្រុមជំនុំនៅទីក្រុងឡៅឌីសេមានស្ថានការណ៍ស្រដៀងនោះដែរ។ ក្រុមជំនុំនោះបានអួតអំពីវត្ថុទ្រព្យរបស់គេដោយពោលថា៖ ‹យើងជាអ្នកមាន› តែព្រះគ្រីស្ទបានចាត់ទុកពួកគេជាក្រុមជំនុំដែលមានសេចក្ដី«វេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញ»។—វិវរណៈ ៣:១៤-១៧
១៨. តើយើងអាចធ្វើអ្វីដើម្បីជៀសវាងកុំឲ្យព្រះចាត់ទុកយើងជាមនុស្សដែលមានភាពខាងវិញ្ញាណមិនក្ដៅមិនត្រជាក់?
១៨ សព្វថ្ងៃនេះ មានបងប្អូនគ្រីស្ទានខ្លះៗដែលធ្លាប់មានចិត្តស្មោះស តែឥឡូវបានធ្លាក់ខ្លួនទៅជាមិនចេះស្ដាប់បង្គាប់វិញ ដូចក្រុមជំនុំពីបុរាណនោះដែរ។ ប្រហែលគេបានអនុញ្ញាតឲ្យចិត្តគំនិតរបស់លោកីយ៍នេះបន្លប់គេកុំឲ្យដឹងខ្លួនថា នេះជាគ្រាបន្ទាន់ពិតប្រាកដមែន។ ដោយធ្វើដូច្នេះ គេលែងមានចិត្តខ្នះខ្នែងក្នុងការសិក្សាព្រះគម្ពីរ ការអធិស្ឋាន និងការចូលរួមកិច្ចប្រជុំនិងកិច្ចបំរើផ្សាយ ហាក់ដូចជាភាពខាងវិញ្ញាណរបស់ពួកគេមិនក្ដៅមិនត្រជាក់ទាល់តែសោះ។ (ពេត្រុសទី២ ៣:៣, ៤, ១១, ១២) ជាចាំបាច់ណាស់ ដែលបុគ្គលបែបនេះត្រូវស្ដាប់បង្គាប់ព្រះគ្រីស្ទ ដោយឆ្លៀតប្រយោជន៍ដែលមកពីការប្រមូលទ្រព្យសម្បត្ដិខាងវិញ្ញាណ។ ត្រូវមែន គេត្រូវ«ទិញមាស ដែលសំរងក្នុងភ្លើងពី»ព្រះគ្រីស្ទ! (វិវរណៈ ៣:១៨) ទ្រព្យសម្បត្ដិពិតបែបនេះរួមបញ្ចូលនូវការធ្វើអំពើដ៏‹ល្អជាបរិបូរ ព្រមទាំងការចែកទានដោយសទ្ធា ហើយការប្រុងប្រៀបនឹងជួយអ្នកដទៃផង›។ បើយើងខំធ្វើដូច្នេះ ប្រៀបដូចជាធ្វើវិនិយោគខាងវិញ្ញាណ នេះបានន័យថា យើង‹ប្រមូលទ្រព្យសម្បត្ដិសំរាប់ខ្លួន ទុកជាគ្រឹះដ៏មាំមួនសំរាប់ថ្ងៃក្រោយវិញ ដើម្បីឲ្យចាប់បានជីវិតដ៏រុងរឿង›។—ធីម៉ូថេទី១ ៦:១៧-១៩
បានត្រូវសរសើរដោយព្រោះគេចេះស្ដាប់បង្គាប់
១៩. តើព្រះយេស៊ូសរសើរនិងដាស់តឿនពួកគ្រីស្ទាននៅទីក្រុងស្មឺណានិងក្រុងភីឡាដិលភាយ៉ាងណា?
១៩ ក្រុមជំនុំនៅទីក្រុងភីឡាដិលភានិងក្រុងស្មឺណាជាគំរូដ៏ល្អមែនទែនក្នុងការស្ដាប់បង្គាប់ ដ្បិតសំបុត្រដែលព្រះយេស៊ូជូនចំពោះពួកគេនោះ គ្មានការប្រៀនប្រដៅសោះ។ ព្រះយេស៊ូបានមានបន្ទូលទៅពួកអ្នកនៅក្រុងស្មឺណាថា៖ «អញស្គាល់សេចក្ដីទុក្ខលំបាក នឹងសេចក្ដីកំសត់របស់ឯងហើយ ប៉ុន្តែ ឯងជាអ្នកមានវិញ»។ (វិវរណៈ ២:៩) ពួកនេះមានសភាពខុសគ្នាឆ្ងាយ ពីពួកអ្នកនៅទីក្រុងឡៅឌីសេដែលមានអំនួតអំពីវត្ថុទ្រព្យដែលគេមានក្នុងលោកីយ៍នេះ។ តែតាមពិតគឺទ័លក្រទៅវិញទេ! ប៉ុន្តែ អារក្សច្បាស់ជាមិនពេញចិត្តឡើយ ពេលវាឃើញមនុស្សស្ដាប់បង្គាប់ព្រះយេស៊ូ ហើយមានចិត្តស្មោះត្រង់ចំពោះទ្រង់។ ហេតុនេះហើយព្រះយេស៊ូព្រមានដល់គេថា៖ «កុំឲ្យឯងខ្លាចសេចក្ដីដែលឯងត្រូវរងទុក្ខនោះឡើយ។ មើល! អារក្សវារៀបនឹងបោះពួកឯងខ្លះទៅក្នុងគុកហើយ ដើម្បីនឹងល្បងលមើលឯង នោះឯងរាល់គ្នានឹងត្រូវរងវេទនាអស់១០ថ្ងៃ។ ដូច្នេះ ចូរនៅជាស្មោះត្រង់ដរាបដល់ស្លាប់ចុះ! នោះអញនឹងឲ្យមកុដនៃជីវិតដល់ឯង»។ (វិវរណៈ ២:១០) ស្រដៀងគ្នាដែរ ព្រះយេស៊ូបានសរសើរពួកអ្នកនៅទីក្រុងភីឡាដិលភាដែរថា៖ «[អ្នក]បានកាន់តាម[ឬបានស្ដាប់បង្គាប់]ពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ។ មើល! អញមកជាឆាប់ហើយ។ ចូរកាន់ខ្ជាប់តាមសេចក្ដីដែលឯងមានហើយចុះ! ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់ឯងបានឡើយ»។—វិវរណៈ ៣:៨, ១១
២០. តើដូចម្ដេចបានជារាប់លាននាក់សព្វថ្ងៃនេះអាចធ្វើតាមបន្ទូលរបស់ព្រះយេស៊ូបាន? ហើយតើពួកគេធ្វើដូច្នេះក្រោមកាលៈទេសៈបែបណាខ្លះ?
២០ ក្នុង«ថ្ងៃរបស់ព្រះអម្ចាស់» ចាប់តាំងពីឆ្នាំ១៩១៤មកទល់នឹងសព្វថ្ងៃនេះ អ្នកសំណល់ស្មោះត្រង់មួយក្រុមជាមួយពួកចៀមឯទៀតដែលជាគូកនរាប់លាននាក់របស់គេនោះ នៅតែធ្វើតាមបន្ទូលរបស់ព្រះយេស៊ូដោយធ្វើកិច្ចបំរើផ្សាយដោយចិត្តខ្នះខ្នែង ហើយក៏រក្សាឲ្យមានចិត្តស្មោះភក្ដីចំពោះព្រះផងដែរ។ ដូចបងប្អូនរបស់គេនៅសតវត្សទីមួយនោះ អ្នកខ្លះបានរងទុក្ខលំបាក រហូតដល់បានជាប់គុកនិងជាប់ឃុំឃាំងក៏មាន ដោយសារពួកគេស្ដាប់បង្គាប់ព្រះគ្រីស្ទ។ បងប្អូនឯទៀតធ្វើតាមបន្ទូលរបស់ព្រះយេស៊ូដោយរក្សាការពារឲ្យ‹ភ្នែកល្អ› ទោះជាមានភាពស្តុកស្តម្ភនិងចិត្តលោភលន់នៅព័ទ្ធជុំវិញពួកគេយ៉ាងណាក្ដី។ (ម៉ាថាយ ៦:២២, ២៣) ត្រូវហើយ ពួកគ្រីស្ទានពិតតែងធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យរីករាយមែន ដោយគេបន្តស្ដាប់បង្គាប់ទ្រង់ មិនថាមានបរិយាកាសឬស្ថានការណ៍យ៉ាងណាក៏ដោយ។—សុភាសិត ២៧:១១
២១. (ក) តើក្រុមអ្នកបំរើត្រូវបន្តបំពេញកាតព្វកិច្ចអ្វីខាងវិញ្ញាណ? (ខ) តើយើងអាចធ្វើយ៉ាងណាដើម្បីបង្ហាញថា យើងពិតជាចង់ស្ដាប់បង្គាប់ស៊ីឡូ?
២១ ពេលយើងមកជិតដល់សេចក្ដីវេទនាជាខ្លាំងនោះ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›នៅតែប្ដេជ្ញាមិនព្រមឈប់ស្ដាប់បង្គាប់តាមព្រះគ្រីស្ទដែលជាម្ចាស់របស់ពួកគេ។ ការប្ដេជ្ញាចិត្តនេះរួមបញ្ចូលនូវការរៀបចំអាហារខាងវិញ្ញាណតាមត្រូវពេល សំរាប់ពួកអ្នកបំរើព្រះ។ ដូច្នេះ ចូរយើងដឹងគុណជានិច្ចចំពោះអង្គការព្រះធិបតេយ្យដ៏អស្ចារ្យនេះរបស់ព្រះយេហូវ៉ា ហើយចំពោះអ្វីៗទាំងអស់ដែលអង្គការនេះផ្ដល់ឲ្យយើង។ បើយើងធ្វើដូច្នេះ យើងបង្ហាញថាយើងសុខចិត្តចុះចូលចំពោះស៊ីឡូ ហើយទ្រង់នឹងប្រទានរង្វាន់ជាការរស់នៅជារៀងរហូត ដល់អនុរាស្ត្រទាំងឡាយដែលស្ដាប់បង្គាប់ទ្រង់។—ម៉ាថាយ ២៤:៤៥-៤៧; ២៥:៤០; យ៉ូហាន ៥:២២-២៤
[កំណត់សម្គាល់]
a ដើម្បីឲ្យបានការពន្យល់អំពី«៧ខួប»នោះ សូមមើល សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ជំពូកទី១០ដែលបោះពុម្ពដោយពួកស្មរបន្ទាល់ព្រះយេហូវ៉ា។
b ដើម្បីឲ្យបានការពិគ្រោះល្អិតល្អន់អំពីសំបុត្រទាំងប្រាំពីរច្បាប់នោះ សូមមើលសៀវភៅវិវរណៈ ការសម្រេចផ្ដាច់ព្រាត់ជិតមកដល់ហើយ! ចាប់ពីទំព័រ៣៣ (ជាភាសាអង់គ្លេស) ដែលបោះពុម្ពដោយពួកស្មរបន្ទាល់ព្រះយេហូវ៉ា។
តើអ្នកនៅចាំទេ?
• តើព្រះយេស៊ូត្រូវបំពេញមុខងារអ្វី តាមពាក្យទំនាយរបស់យ៉ាកុបមុននឹងលោកទទួលមរណភាពនោះ?
• តើយើងត្រូវទទួលស្គាល់ព្រះយេស៊ូជាស៊ីឡូនោះតាមរបៀបណា? ហើយតើយើងត្រូវជៀសវាងចិត្តគំនិតបែបណា?
• តើសំបុត្រដែលសរសេរជូនចំពោះក្រុមជំនុំទាំងប្រាំពីរក្នុងសៀវភៅវិវរណៈនោះ មានឱវាទអ្វីសមគួរសំរាប់យើងសព្វថ្ងៃនេះ?
• តើយើងអាចយកតម្រាប់តាមបងប្អូនក្នុងក្រុមជំនុំនៅទីក្រុងស្មឺណានិងភីឡាដិលភាពីបុរាណនោះតាមរបៀបណាខ្លះ?
[រូបភាពនៅទំព័រ១៧]
ព្រះយេហូវ៉ាតែងប្រទានពរលើរាស្ត្ររបស់ទ្រង់ ដោយព្រោះពួកគេស្ដាប់បង្គាប់«នាយដំរួតការ»ដ៏ស្មោះត្រង់
[រូបភាពនៅទំព័រ១៨]
ឥទ្ធិពលពីសាតាំង នាំឲ្យយើងមានការពិបាកស្ដាប់បង្គាប់ព្រះ
[រូបភាពនៅទំព័រ២០]
ការមានចំណងមេត្រីភាពដ៏ជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាអាចជួយឲ្យយើងចេះស្ដាប់បង្គាប់ទ្រង់បាន