តើយើងគួរមានទស្សនៈយ៉ាងណាចំពោះមនុស្ស ពេលដែលថ្ងៃនៃព្រះយេហូវ៉ាកៀកណាស់ហើយ?
«ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ . . . គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។—ពេត្រុសទី២ ៣:៩
១, ២. (ក) សព្វថ្ងៃនេះ តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះមនុស្សជាតិ? (ខ) តើយើងអាចដណ្ដឹងសួរខ្លួនអ្វីខ្លះ?
រាស្ត្ររបស់ព្រះយេហូវ៉ាបានត្រូវបង្គាប់ឲ្យ «បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍»។ (ម៉ាថាយ ២៨:១៩) ពេលដែលយើងបំពេញកិច្ចការនេះ ហើយរង់ចាំ«ថ្ងៃនៃព្រះយេហូវ៉ា»នោះ យើងក៏គួរមានទស្សនៈដូចព្រះ ចំពោះមនុស្សជាតិដែរ។ (សេផានា ១:១៤) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះមនុស្ស? សាវ័កពេត្រុសមានប្រសាសន៍ថា៖ «ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។ (ពេត្រុសទី២ ៣:៩) ព្រះមានទស្សនៈចំពោះមនុស្សជាតិថា ពួកគេម្នាក់ៗអាចមានលទ្ធភាពប្រែចិត្តវិញជាមិនខាន។ គឺទ្រង់«សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត»។ (ធីម៉ូថេទី១ ២:៤) ព្រះយេហូវ៉ាទ្រង់ក៏មានព្រះទ័យរីករាយផងដែរ ពេលដែល«មនុស្សអាក្រក់ . . . លះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់នៅវិញ»!—អេសេគាល ៣៣:១១
២ តើយើងមានទស្សនៈដូចដែលព្រះមានចំពោះមនុស្សជាតិនោះទេ? តើយើងមានអារម្មណ៍ដូចទ្រង់ ចំពោះមនុស្សគ្រប់ជនជាតិនិងគ្រប់ពូជសាសន៍ដែលថាគេមានលទ្ធភាពក្លាយជា«ហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់» ឬទេ? (ទំនុកដំកើង ១០០:៣; កិច្ចការ ១០:៣៤, ៣៥) សូមយើងពិចារណាគំរូពីរដែលបង្ហាញនូវសារៈសំខាន់នៃការរក្សាឲ្យមានទស្សនៈដូចព្រះ។ ក្នុងករណីទាំងពីរនេះ ការបំផ្លិចបំផ្លាញបានកៀកណាស់ហើយ និងពួកអ្នកបំរើរបស់ព្រះបានទទួលដំណឹងនោះទុកជាមុនផង។ គំរូទាំងពីរនេះគឺសំខាន់ណាស់ ជាពិសេសកាលដែលយើងរង់ចាំថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា។
លោកអ័ប្រាហាំមានទស្សនៈដូចព្រះយេហូវ៉ា
៣. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះបណ្ដាមនុស្សដែលស្នាក់នៅក្នុងទីក្រុងសូដុំមនិងកូម៉ូរ៉ានោះ?
៣ គំរូទីមួយនេះមានទំនាក់ទំនងរវាងអយ្យកោស្មោះត្រង់ម្នាក់ឈ្មោះអ័ប្រាហាំ និងទីក្រុងដ៏អាក្រក់ជួជាតិពីរឈ្មោះ សូដុំមនិងកូម៉ូរ៉ា។ នៅពេលដែលព្រះយេហូវ៉ាសណ្ដាប់នូវ «ពាក្យដែលគេចោទប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា» នោះទ្រង់មិនបានកំទេចចោលទីក្រុងទាំងពីរនោះភ្លាមៗទេ។ ទ្រង់បានស៊ើបអង្កេតជាមុនសិន។ (កំណើតពិភពលោក [លោកុប្បត្តិ] ១៨:២០, ២១, ខ.ស.) ទេវតាពីររូបបានត្រូវចាត់ទៅទីក្រុងសូដុំម ហើយពួកគេបានចូលទៅស្នាក់នៅក្នុងផ្ទះបុរសសុចរិតមួយរូបឈ្មោះឡុត។ នៅរាត្រីដែលទេវតាពីររូបបានចុះទៅដល់ទីក្រុងនោះ «ពួកមនុស្សទាំងឡាយ ទាំងក្មេងទាំងចាស់ . . . គេមកឡោមព័ទ្ធផ្ទះ គឺជាមនុស្សទាំងអស់ពីគ្រប់ក្នុងទីក្រុង» ហើយពួកវាប្រាថ្នាចង់រួមសង្វាសភេទដូចគ្នាជាមួយទេវតាពីររូបនោះ។ យ៉ាងច្បាស់ណាស់ ពួកអ្នករស់នៅក្នុងទីក្រុងនោះមានសីលធម៌ថោកទាបដល់ម្ល៉េះ ដែលបង្ហាញថា ទីក្រុងនោះគួរនឹងទទួលសេចក្ដីហិនវិនាសមែន។ ក៏ប៉ុន្តែ ទេវតាពីររូបបានប្រាប់ដល់ឡុតថា៖ «តើឯងមានអ្នកណាទៀតនៅទីនេះឬទេ? ទោះបើកូនប្រសា ឬកូនប្រុសកូនស្រីឯងក្ដី ចូរនាំពួកឯងទាំងអស់ចេញពីទីក្រុងនេះទៅ!»។ ព្រះយេហូវ៉ាបានបើកផ្លូវដើម្បីសង្គ្រោះមនុស្សខ្លះដែលស្នាក់នៅក្នុងទីក្រុងនោះ ប៉ុន្តែនៅទីបំផុត មានតែឡុតនិងកូនស្រីពីរនាក់ប៉ុណ្ណោះបានរួចរស់ជីវិតពីសេចក្ដីហិនវិនាសនោះ។—លោកុប្បត្តិ ១៩:៤,៥,១២, ១៦, ២៣-២៦
៤, ៥. ហេតុអ្វីបានជាអ័ប្រាហាំទូលអង្វរព្រះយេហូវ៉ាជំនួសពួកអ្នករស់នៅក្រុងសូដុំម? ហើយតើអ័ប្រាហាំមានទស្សនៈស្របទៅតាមទស្សនៈរបស់ព្រះយេហូវ៉ាចំពោះបណ្ដាមនុស្សនោះទេ?
៤ ឥឡូវសូមឲ្យយើងគិតមើលអំពីពេលមុនការហិនវិនាសនោះ កាលដែលព្រះយេហូវ៉ាមានបន្ទូលអំពីបំណងព្រះហឫទ័យរបស់ទ្រង់ ថានឹងពិនិត្យមើលទីក្រុងសូដុំមនិងកូម៉ូរ៉ា។ គឺនៅពេលនោះឯងដែលអ័ប្រាហាំបានអង្វរព្រះយេហូវ៉ាដោយទូលថា៖ «ក្នុងក្រុងនោះ ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ។ តើព្រះអង្គពិតជារំលាយក្រុងនោះមែនឬ? តើព្រះអង្គមិនលើកលែងទោសអោយគេ ដោយយោគយល់ដល់មនុស្សសុចរិតដែលរស់នៅក្នុងក្រុងនោះទេឬ? ព្រះអង្គធ្វើដូច្នេះមិនកើតទេ សូមកុំប្រហារជីវិតមនុស្សសុចរិតរួមជាមួយមនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេមនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិត ជាមួយមនុស្សទុច្ចរិតមិនខាន។ ព្រះអង្គធ្វើដូច្នេះមិនកើតទេ! ចៅក្រមនៃផែនដីទាំងមូល តោងតែវិនិច្ឆ័យទោស ដោយយុត្ដិធម៌!»។ ឃ្លាថា «ព្រះអង្គធ្វើដូច្នេះមិនកើតទេ» នោះអ័ប្រាហាំបាននិយាយពីរដង។ តាមអ្វីដែលអ័ប្រាហាំធ្លាប់ពិសោធពីមុនៗនោះ គាត់ជ្រាបថាព្រះយេហូវ៉ានឹងមិនបំផ្លាញចោលមនុស្សសុចរិតជាមួយមនុស្សអាក្រក់ឡើយ។ កាលដែលព្រះយេហូវ៉ាមានបន្ទូលថា ទ្រង់នឹងមិនបំផ្លាញទីក្រុងសូដុំមបើមាន‹មនុស្សសុចរិតហាសិបនាក់ក្នុងក្រុងនោះ› អ័ប្រាហាំបានដេញចំនួនមនុស្សជាបន្តបន្ទាប់ ថយចុះរហូតដល់ត្រឹមតែដប់នាក់ប៉ុណ្ណោះ។—កំណើតពិភពលោក [លោកុប្បត្តិ] ១៨:២២-៣៣, ខ.ស.
៥ តើព្រះយេហូវ៉ានឹងសណ្ដាប់នូវការទូលអង្វររបស់អ័ប្រាហាំទេ បើទំនូលនោះមិនស្របតាមទស្សនៈរបស់ទ្រង់នោះ? ច្បាស់ជាអត់ទេ! ក្នុងនាមជា«សំឡាញ់របស់[ព្រះ]» អ័ប្រាហាំទំនងជាដឹងអំពីទស្សនៈរបស់ព្រះយេហូវ៉ា ហើយក៏មានទស្សនៈដូចទ្រង់ដែរ។ (យ៉ាកុប ២:២៣) នៅពេលដែលព្រះយេហូវ៉ាបែរស្មារតីទៅខាងក្រុងសូដុំមនិងកូម៉ូរ៉ានោះ ទ្រង់សព្វព្រះហឫទ័យអនុលោមតាមសំណូមពររបស់អ័ប្រាហាំ។ ហេតុអ្វី? ពីព្រោះព្រះវរបិតារបស់យើងនៅស្ថានសួគ៌ ទ្រង់«មិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ»។
លោកយ៉ូណាសមានទស្សនៈផ្ទុយស្រឡះ
៦. តើពួកនីនីវេបានធ្វើយ៉ាងណា ពេលឮសារដែលយ៉ូណាសប្រកាសនោះ?
៦ ឥឡូវសូមឲ្យយើងពិចារណាមើលគំរូទីពីរ ជាគំរូរបស់លោកយ៉ូណាស។ ក្នុងគំរូនេះ ក្រុងនីនីវេជាទីក្រុងដែលបំរុងទុកសំរាប់ការហិនហោច។ ព្យាការីយ៉ូណាសបានត្រូវបង្គាប់ឲ្យប្រកាសប្រាប់ថា ភាពអាក្រក់អធម៌របស់ពួកអ្នកនៅទីក្រុងនោះបាន‹សាយឡើង នៅចំពោះព្រះយេហូវ៉ា›។ (យ៉ូណាស ១:២) ក្រុងនីនីវេជាទីក្រុងធំមួយ ដ្បិតបើរួមទាំងជាយក្រុងផង នោះត្រូវ«ដើរអស់ចំនួន៣ថ្ងៃ ទើបបានសព្វ»។ នៅទីបំផុត ពេលដែលយ៉ូណាសចូលទៅក្នុងទីក្រុងនីនីវេ គាត់បានប្រកាសមិនឈប់ឈរថា៖ «នៅតែ៤០ថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ» ស្រាប់តែ«ពួកបណ្ដាជននៅក្រុងនីនីវេ គេក៏ជឿព្រះអង្គ ដូច្នេះ គេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ»។ សូម្បីតែស្តេចនៃទីក្រុងនីនីវេ ទ្រង់ក៏បានប្រែព្រះទ័យផងដែរ។—យ៉ូណាស ៣:១-៦
៧. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការប្រែចិត្តរបស់ពួកនីនីវេ?
៧ អារម្មណ៍របស់ពួកនីនីវេ គឺខុសប្លែកយ៉ាងឆ្ងាយពីពួកអ្នកនៅទីក្រុងសូដុំម! តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះពួកនីនីវេដែលបានប្រែចិត្តនោះ? យ៉ូណាស ៣:១០ ចែងថា៖ «ព្រះក៏ប្រែគំនិត[ឬ«មានព្រះទ័យស្ដាយ», ព.ថ.]ពីការអាក្រក់ ដែលទ្រង់បានគំរាមថានឹងធ្វើដល់គេ ហើយទ្រង់លែងធ្វើទៅ»។ ព្រះយេហូវ៉ា«មានព្រះទ័យស្ដាយ»ក្នុងន័យថា ទ្រង់បានប្ដូររបៀបប្រព្រឹត្តលើពួកនីនីវេ ដោយព្រោះពួកគេបានកែប្រែផ្លូវរបស់ខ្លួន។ ខ្នាតតម្រារបស់ព្រះមិនបានប្រែប្រួលទេ តែព្រះយេហូវ៉ាបានផ្លាស់ប្រែការសម្រេចរបស់ទ្រង់ បន្ទាប់ពីការទតឃើញថា ពួកនីនីវេចេះប្រែចិត្ត។—ម៉ាឡាគី ៣:៦
៨. ហេតុអ្វីបានជាយ៉ូណាសមានមុខក្រញែក្រញូវដូច្នេះ?
៨ នៅពេលដែលយ៉ូណាសដឹងថា ទីក្រុងនីនីវេមិនត្រូវទទួលសេចក្ដីហិនវិនាសនោះ តើគាត់មានទស្សនៈស្របទៅតាមទស្សនៈរបស់ព្រះយេហូវ៉ាឬទេ? មិនមែនទេ! ដ្បិតកំណត់ហេតុចែងប្រាប់ទៀតថា៖ «ការនោះជាទីទំនាស់ចិត្តដល់យ៉ូណាសយ៉ាងក្រៃលែង ហើយលោកក៏ខឹង»។ តើយ៉ូណាសបានធ្វើអ្វីទៀត? កំណត់ហេតុរៀបរាប់ថា៖ «លោកអធិស្ឋានដល់ព្រះយេហូវ៉ាថា៖ ‹ឱព្រះយេហូវ៉ាអើយ! តើមិនមែនជាសេចក្ដីនេះឯងដែលទូលបង្គំបានថា ក្នុងកាលដែលទូលបង្គំនៅឯស្រុករបស់ទូលបង្គំនៅឡើយទេឬអី? គឺដោយហេតុនោះបានជាទូលបង្គំខំរត់ទៅឯក្រុងតើស៊ីសវិញ ពីព្រោះទូលបង្គំបានដឹងថា ទ្រង់ជាព្រះដ៏ប្រកបដោយករុណាគុណ ក៏មានព្រះហឫទ័យអាណិតអាសូរ ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិត[ឬ«មានព្រះទ័យស្ដាយ», ព.ថ.]ចេញពីការអាក្រក់ផង›»។ (យ៉ូណាស ៤:១, ២) យ៉ូណាសស្គាល់គុណសម្បត្ដិរបស់ព្រះយេហូវ៉ារួចហើយ ប៉ុន្តែ នៅពេលនោះឯងតែម្ដង គាត់បែរជាមានមុខក្រញែក្រញូវ ក៏មិនមានទស្សនៈដូចព្រះចំពោះពួកអ្នកនៅទីក្រុងនីនីវេដែលបានប្រែចិត្តនោះទេ។
៩, ១០. (ក) តើព្រះយេហូវ៉ាបានផ្ដល់មេរៀនអ្វី សំរាប់យ៉ូណាស? (ខ) ហេតុអ្វីបានជាយើងអាចសន្និដ្ឋានថា នៅទីបំផុតយ៉ូណាសបានផ្លាស់ប្រែទស្សនៈរបស់គាត់ឲ្យស្របទៅតាមទស្សនៈរបស់ព្រះយេហូវ៉ា ស្តីអំពីពួកនីនីវេ?
៩ យ៉ូណាសបានចេញពីក្រុងនីនីវេហើយបានធ្វើខ្ទមមួយ ក៏បានអង្គុយជ្រកក្រោមម្លប់នោះ «ដើម្បីចាំមើលការអ្វីដែលនឹងកើតដល់ទីក្រុង»។ ព្រះយេហូវ៉ាបានទុកឲ្យដើមវល្លិដុះឡើងឲ្យយ៉ូណាសមានម្លប់ថែមទៀត ស្រាប់តែស្អែកឡើង ដើមនោះក្រៀមស្វិតងាប់ទៅ។ កាលណាយ៉ូណាសខឹងដោយសារព្រឹត្ដិការណ៍នេះ នោះព្រះយេហូវ៉ាបានមានបន្ទូលថា៖ «ឯងបានអាល័យចំពោះដើមវល្លិ . . . ដូច្នេះ តើមិនគួរឲ្យអញអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាង១សែន២ម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬអី?»។ (យ៉ូណាស ៤:៥-១១) យ៉ូណាសអាចទាញមេរៀនមួយដ៏ល្អពីព្រឹត្ដិការណ៍ទាំងនោះ មកពិចារណាពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិ!
១០ កំណត់ហេតុមិនរៀបរាប់អំពីអារម្មណ៍របស់យ៉ូណាសទេ ស្តីអំពីបន្ទូលរបស់ព្រះដែលថាទ្រង់អាណិតដល់បណ្ដាមនុស្សនៅក្នុងទីក្រុងនីនីវេនោះ។ យ៉ាងណាក៏ដោយ ព្យាការីយ៉ូណាសមុខជាបានកែប្រែទស្សនៈរបស់គាត់ចំពោះពួកនីនីវេដែលចេះប្រែចិត្ត។ យើងសន្និដ្ឋានដូច្នេះ ពីព្រោះព្រះយេហូវ៉ាបានបណ្ដាលឲ្យយ៉ូណាសសរសេរកំណត់ហេតុមួយនេះ។
តើអ្នកមានចិត្តគំនិតបែបណា?
១១. តើអ័ប្រាហាំនឹងមានទស្សនៈយ៉ាងណាចំពោះមនុស្សដែលកំពុងតែរស់នៅសព្វថ្ងៃនេះ?
១១ សព្វថ្ងៃនេះការបំផ្លិចបំផ្លាញមួយទៀតកំពុងតែកៀកណាស់ហើយ គឺជាការបំផ្លាញចោលនូវរបបលោកីយ៍ដ៏អាក្រក់ជួជាតិនាបច្ចុប្បន្ននេះ ក្នុងកំឡុងថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា។ (លូកា ១៧:២៦-៣០; កាឡាទី ១:៤; ពេត្រុសទី២ ៣:១០) បើអ័ប្រាហាំអាចរស់នៅនាបច្ចុប្បន្ននេះបាន តើគាត់នឹងមានទស្សនៈយ៉ាងណាចំពោះមនុស្សដែលកំពុងតែរស់ក្នុងលោកីយ៍នេះដែលហៀបនឹងទទួលសេចក្ដីហិនវិនាសនោះ? គាត់ច្បាស់ជានឹងខ្វល់ខ្វាយអំពីមនុស្សទាំងឡាយណាដែលមិនទាន់បានឮនូវ‹ដំណឹងល្អដែលសំដែងពីព្រះរាជាណាចក្ររបស់ព្រះ›។ (ម៉ាថាយ ២៤:១៤) ម្ដងហើយម្ដងទៀតអ័ប្រាហាំបានទូលអង្វរព្រះ សំរាប់មនុស្សសុចរិតដែលប្រហែលជាអាចនៅមានក្នុងក្រុងសូដុំមនោះ។ តើយើងមានអារម្មណ៍ភ័យព្រួយដែរឬទេ ចំពោះមនុស្សដែលអាចសុខចិត្តបដិសេធចោលនូវរបៀបរស់នៅក្នុងលោកីយ៍ដែលនៅក្រោមអំណាចរបស់សាតាំង ហើយមានឱកាសប្រែចិត្តនិងបំរើព្រះវិញនោះ?—យ៉ូហានទី១ ៥:១៩; វិវរណៈ ១៨:២-៤
១២. ហេតុអ្វីបានជាយើងងាយមានទស្សនៈដូចយ៉ូណាសចំពោះមនុស្សដែលយើងជួបក្នុងកិច្ចបំរើផ្សាយ? ហើយតើយើងអាចធ្វើអ្វីដើម្បីកុំឲ្យមានទស្សនៈដូច្នេះ?
១២ ការប្រាថ្នាចង់ឃើញទីបញ្ចប់នៃអំពើអាក្រក់នេះ គឺសមត្រឹមត្រូវមែន។ (ហាបាគុក ១:២, ៣) ប៉ុន្តែ ការបណ្ដុះឲ្យមានទស្សនៈដូចយ៉ូណាសក៏ងាយស្រួលដែរ ដោយយើងមិនយកចិត្តទុកដាក់ចំពោះប្រយោជន៍នៃមនុស្សដែលនៅតែអាចប្រែចិត្ត ជាពិសេស បើយើងជួបជាញយៗចំពោះមនុស្សដែលមិនអើពើនឹងសារព្រះរាជាណាចក្រ ឬរហូតដល់ប្រឆាំងនឹងយើងថែមទាំងរករឿងនៅពេលដែលយើងទៅជួបគេតាមផ្ទះ។ យើងអាចលែងប្រុងស្មារតីចំពោះពួកអ្នកដែលព្រះយេហូវ៉ានៅតែនឹងប្រមូលចេញពីរបបលោកីយ៍ដ៏អាក្រក់នេះ។ (រ៉ូម ២:៤) បើពិនិត្យមើលទស្សនៈខ្លួនយើងផ្ទាល់ ហើយឃើញថាយើងមានទស្សនៈដូចទស្សនៈដើមរបស់យ៉ូណាសចំពោះពួកនីនីវេនោះ សូម្បីតែបន្ដិចបន្តួចក្ដី យើងអាចអធិស្ឋានសុំជំនួយដើម្បីកែប្រែទស្សនៈនេះឲ្យបានសមស្របទៅតាមទស្សនៈរបស់ព្រះយេហូវ៉ា។
១៣. ហេតុដូចម្ដេចបានជាយើងដឹងប្រាកដថា ព្រះយេហូវ៉ាទ្រង់យកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិសព្វថ្ងៃនេះ?
១៣ ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់ចំពោះមនុស្សដែលមិនទាន់បំរើទ្រង់ ហើយទ្រង់ក៏សណ្ដាប់នូវទំនូលអង្វរពីរាស្ត្រដែលបានឧទ្ទិសថ្វាយខ្លួនចំពោះទ្រង់។ (ម៉ាថាយ ១០:១១) យ៉ាងជាក់ស្តែង «ព្រះអង្គនឹងរកយុត្ដិធម៌អោយគេ» ស្របទៅតាមសេចក្ដីអធិស្ឋានរបស់ពួកគេ។ (លូកា ១៨:៧, ៨, ខ.ស.) ម្យ៉ាងទៀត ព្រះយេហូវ៉ានឹងធ្វើឲ្យបំណងព្រះហឫទ័យនិងសម្បថទាំងអស់របស់ទ្រង់សម្រេចការតាមកំណត់ពេល។ (ហាបាគុក ២:៣) នេះគឺរួមបញ្ចូលការបំបាត់អំពើអាក្រក់យង់ឃ្នងចេញពីផែនដី ដូចទ្រង់បានបំផ្លាញទីក្រុងនីនីវេចោលក្រោយពីពួកអ្នកនៅទីនោះបានធ្វើអំពើអាក្រក់ក្រោយមកទៀត។—ណាហ៊ុម ៣:៥-៧
១៤. តើយើងគួរធ្វើអ្វី ពេលដែលយើងរង់ចាំនូវថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា?
១៤ តើយើងនឹងនៅជាប់រវល់ក្នុងការធ្វើតាមព្រះហឫទ័យរបស់ព្រះ ព្រមទាំងរង់ចាំយ៉ាងអត់ធ្មត់រហូតដល់ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា ដើម្បីដករបបលោកីយ៍ដ៏អាក្រក់នេះចេញឬ? យើងមិនដឹងលំអិតអំពីកំរិតនៃកិច្ចការផ្សាយដែលត្រូវធ្វើឡើងមុនថ្ងៃនៃព្រះយេហូវ៉ាមកដល់នោះទេ ប៉ុន្តែយើងដឹងមិនសង្ស័យថា ដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះនឹងត្រូវផ្សាយទូទៅគ្រប់ក្នុងលោកីយ៍នេះ ស្របទៅតាមព្រះហឫទ័យរបស់ព្រះមុននឹងទីបញ្ចប់មកដល់។ ហើយគួរឲ្យយើងយកចិត្តទុកដាក់ចំពោះមនុស្សដែលជា«ទីគាប់ចិត្ត»ឯទៀត ដែលត្រូវប្រមូលមក កាលដែលព្រះយេហូវ៉ាបំពេញទីលំនៅរបស់ទ្រង់ទៅដោយសិរីល្អ។—ហាកាយ ២:៧
ទស្សនៈរបស់យើងត្រូវសឲ្យឃើញច្បាស់តាមរយៈការប្រព្រឹត្ត
១៥. តើអ្វីអាចជួយយើងយល់កាន់តែច្រើន អំពីហេតុដែលយើងគួរផ្សាយដំណឹងល្អ?
១៥ យើងប្រហែលជារស់នៅក្នុងសហគមន៍មួយដែលមិនសូវចាប់អារម្មណ៍នឹងសារដែលយើងផ្សាយនោះ ហើយប្រហែលជាកាលៈទេសៈមិនអនុញ្ញាតឲ្យយើងផ្លាស់ទីលំនៅទៅកន្លែងផ្សេងដែលត្រូវការអ្នកប្រកាសព្រះរាជាណាចក្ររបស់ព្រះច្រើនជាងនោះទេ។ ចុះយ៉ាងណាបើយើងអាចរកបានមនុស្សដប់នាក់ ក្នុងតំបន់ផ្សាយរបស់យើង មុនទីបញ្ចប់មកដល់? បើដូច្នេះ តើយើងនឹងមានអារម្មណ៍ថា ការខំរកឃើញមនុស្សដប់នាក់នោះមានប្រយោជន៍មែនទេ? ព្រះយេស៊ូបាន«មានព្រះហឫទ័យក្ដួលអាណិត»ចំពោះបណ្ដាមនុស្ស «ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល»។ (ម៉ាថាយ ៩:៣៦) បើយើងសិក្សាព្រះគម្ពីរនិងអានដោយហ្មត់ចត់នូវអត្ថបទផ្សេងៗក្នុងទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រឭក!នោះ យើងអាចយល់ធ្លុះជ្រៅអំពីការលំបាកលំបិនរបស់មនុស្សក្នុងលោកីយ៍នេះ។ លទ្ធផលនេះអាចជួយយើងយល់កាន់តែច្រើន ពីហេតុដែលយើងគួរផ្សាយដំណឹងល្អ។ ម្យ៉ាងទៀត ប្រសិនបើយើងមានចិត្តកតញ្ញូចំពោះពត៌មានដែល ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› បានរៀបចំឲ្យ ហើយយើងប្រើពត៌មាននោះដែលមានមូលដ្ឋានលើព្រះគម្ពីរ នេះអាចជួយយើងមានវោហារក្នុងការបញ្ចុះបញ្ចូលមនុស្សឲ្យស្ដាប់សាររបស់យើង ទោះជាយើងបានផ្សព្វផ្សាយច្រើនដងនាតំបន់នោះក៏ដោយ។—ម៉ាថាយ ២៤:៤៥-៤៧; ធីម៉ូថេទី២ ៣:១៤-១៧
១៦. តើយើងអាចធ្វើអ្វីដើម្បីឲ្យបានជោគជ័យច្រើនជាងក្នុងកិច្ចបំរើផ្សាយរបស់យើង?
១៦ ដោយសារយើងយកចិត្តទុកដាក់ចំពោះមនុស្សដែលនៅតែអាចយល់ព្រមស្ដាប់សារពីព្រះគម្ពីរដែលប្រទានឲ្យជីវិតនោះ យើងខំរកវិធីផ្សេងៗ តាមម៉ោងណាដែលអាចជួបមនុស្សក្នុងកិច្ចបំរើផ្សាយរបស់យើង។ តើយើងធ្លាប់ពិសោធថា មនុស្សភាគច្រើនមិននៅផ្ទះពេលដែលយើងផ្សព្វផ្សាយនោះទេ? បើដូច្នេះមែន ប្រហែលជាអាចជួយយើងឲ្យបានជោគជ័យក្នុងកិច្ចបំរើផ្សាយរបស់យើងដោយកែប្រែម៉ោងនិងទីកន្លែងដែលយើងផ្សព្វផ្សាយ។ ពួកអ្នកនេសាទតែងចេញនៅម៉ោងណាដែលគេអាចចាប់ត្រីបាន។ តើយើងអាចធ្វើដូចនោះ ក្នុងកិច្ចការនេសាទខាងវិញ្ញាណរបស់យើងបានទេ? (ម៉ាកុស ១:១៦-១៨) បើមិនខុសច្បាប់ សូមសាកផ្សព្វផ្សាយតាមទូរស័ព្ទ ឬនៅពេលល្ងាចក៏បាន។ បងប្អូនខ្លះបានពិសោធថា ទីកន្លែងចតរថយន្ត ឬកន្លែងដែលអ្នកបើកបររថយន្តដឹកទំនិញឈប់សំរាក ព្រមទាំងស្ថានីយប្រេងនិងហាងផ្សេងៗ ក៏ប្រៀបដូចជាកន្លែងនេសាទដែលបង្កើតផលផងដែរ។ កាលណាយើងឆ្លៀតឱកាសផ្សព្វផ្សាយក្រៅផ្លូវការដូច្នេះនោះបង្ហាញថា យើងមានទស្សនៈចំពោះមនុស្សដូចលោកអ័ប្រាហាំដែរ។
១៧. តើយើងអាចលើកទឹកចិត្តពួកសាសនទូតនិងបងប្អូនឯទៀតដែលកំពុងតែបំរើការនៅប្រទេសក្រៅនោះ តាមវិធីណាខ្លះ?
១៧ មនុស្សរាប់លាននាក់មិនទាន់ឮនូវសារព្រះរាជាណាចក្រនៅឡើយទេ។ ក្រៅពីការផ្សព្វផ្សាយ តើយើងអាចបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សបានទេ សូម្បីតែពេលយើងមិនទាន់ចាកចេញពីផ្ទះនៅឡើយ? សូមគិត តើយើងស្គាល់សាសនទូតឬអ្នកបំរើពេញពេលណាដែលកំពុងតែបំរើការនៅប្រទេសក្រៅឬទេ? បើមានមែន យកល្អឲ្យយើងសរសេរសំបុត្រដើម្បីបង្ហាញពីចិត្តកតញ្ញូដែលយើងមានចំពោះកិច្ចការពួកគេកំពុងតែធ្វើនោះ។ តើនេះជាវិធីបង្ហាញការយកចិត្តទុកដាក់ចំពោះមនុស្សទូទៅបានយ៉ាងណា? សំបុត្រយើងអាចជួយលើកទឹកចិត្តនិងសរសើរពួកសាសនទូត ហើយក៏អាចជួយពង្រឹងកម្លាំងពួកគេឲ្យពុះពារជាបន្តក្នុងកិច្ចការរបស់គេ ដើម្បីជួយមនុស្សកាន់តែច្រើននាក់ទៀតឲ្យមានឱកាសរៀននូវសេចក្ដីពិត។ (ពួកចៅហ្វាយ ១១:៤០) យើងក៏អាចអធិស្ឋានជំនួសពួកសាសនទូត និងជំនួសពួកអ្នកនៅប្រទេសឯទៀតដែលប្រាថ្នាចង់រៀននូវសេចក្ដីពិត។ (អេភេសូរ ៦:១៨-២០) របៀបមួយទៀតដែលយើងអាចបង្ហាញនូវការយកចិត្តទុកដាក់នោះ គឺដោយផ្ដល់ប្រាក់ធ្វើជាវិភាគទានចំពោះកិច្ចការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោក។—កូរិនថូសទី២ ៨:១៣, ១៤; ៩:៦, ៧
តើអ្នកអាចផ្លាស់ទីលំនៅបានទេ?
១៨. តើបងប្អូនគ្រីស្ទានខ្លះបានធ្វើអ្វីដើម្បីរីកចំរើនកិច្ចការខាងព្រះរាជាណាចក្ររបស់ព្រះ នៅក្នុងប្រទេសដែលខ្លួនស្នាក់នៅនោះ?
១៨ បងប្អូនដែលបានផ្លាស់ទីលំនៅទៅតំបន់ដែលត្រូវការអ្នកប្រកាសព្រះរាជាណាចក្រច្រើននាក់ទៀត ពួកគេបានទទួលពរដោយព្រោះការប្រឹងប្រែងទាំងលះបង់ប្រយោជន៍ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ស្មរបន្ទាល់ព្រះយេហូវ៉ាឯទៀតមិនបានចេញពីស្រុកកំណើតទេ តែបានរៀនភាសាមួយទៀតដើម្បីជួយខាងវិញ្ញាណដល់ពួកអន្ដោប្រវេសន៍។ ការខំព្យាយាមធ្វើដូច្នេះក៏នាំឲ្យមានផលល្អផងដែរ។ ជាឧទាហរណ៍ ស្មរបន្ទាល់ព្រះយេហូវ៉ាប្រាំពីរនាក់បានជួយប្រជាជនចិននៅក្នុងទីក្រុងមួយនៅរដ្ឋតិចសាស់ ស.រ.អ. ហើយបានអញ្ជើញមនុស្ស១១៤នាក់ឲ្យចូលរួមពិធីអាហារល្ងាចរបស់ព្រះអម្ចាស់នៅឆ្នាំ២០០១។ បងប្អូនដែលកំពុងតែជួយក្រុមមនុស្សដែលមានភាសាផ្សេងបែបនេះ បានរកឃើញនូវចំរូតដែលគួរនឹងច្រូតបាន។—ម៉ាថាយ ៩:៣៧, ៣៨
១៩. បើយើងកំពុងគិតផ្លាស់ទីលំនៅទៅប្រទេសក្រៅដើម្បីជួយចំរើនកិច្ចការផ្សាយព្រះរាជាណាចក្រនៅទីនោះ តើយើងគួរធ្វើអ្វីជាមុនសិន?
១៩ ប្រហែលជាអ្នកនិងក្រុមគ្រួសាររបស់អ្នកមានអារម្មណ៍ថា អាចផ្លាស់ទីលំនៅទៅកន្លែងដែលត្រូវការអ្នកផ្សព្វផ្សាយព្រះរាជាណាចក្ររបស់ព្រះច្រើននាក់ទៀត។ តាមពិត យកល្អឲ្យយើង‹អង្គុយគិតគូរមើលថ្លៃជាមុនសិន›។ (លូកា ១៤:២៨, ខ.ស.) បងប្អូនពិតជាគួរធ្វើដូចនេះមែន បើកំពុងតែគិតចង់ផ្លាស់ទៅនៅប្រទេសផ្សេងនោះ។ បងប្អូនណាដែលកំពុងគិតធ្វើដូច្នេះប្រហែលជាគួរដណ្ដឹងសួរខ្លួនសិន នូវសំនួរដូចតទៅនេះថា៖ ‹តើខ្ញុំនៅតែអាចចិញ្ចឹមក្រុមគ្រួសាររបស់ខ្ញុំបានទេ? តើខ្ញុំអាចទទួលទិដ្ឋាការត្រឹមត្រូវបានឬអត់? តើខ្ញុំចេះភាសាដែលនិយមប្រើនៅប្រទេសនោះ ឬក៏តើខ្ញុំសុខចិត្តរៀនភាសានោះទេ? តើខ្ញុំបានគិតជាមុនអំពីអាកាសធាតុនិងវប្បធម៌ទំនៀមទំលាប់នៅទីនោះទេ? តើខ្ញុំពិតជាអាចធ្វើជាអ្នក«លើកទឹកចិត្ត»ដល់បងប្អូនរួមជំនឿនៅទីនោះ ឬក៏ខ្ញុំនឹងឲ្យជាបន្ទុកដល់គេវិញ?› (កូឡូស [កូល៉ុស] ៤:១០, ១១, ខ.ស.) បើយើងចង់ដឹងថា ប្រទេសដែលយើងបំរុងផ្លាស់ទៅនោះត្រូវការជំនួយប៉ុណ្ណា យកល្អឲ្យយើងសរសេរសំបុត្រផ្ញើជូនការិយាល័យសាខានៃស្មរបន្ទាល់ព្រះយេហូវ៉ាដែលទទួលខុសត្រូវកិច្ចការផ្សព្វផ្សាយនាតំបន់នោះ។a
២០. តើជនគ្រីស្ទានម្នាក់បានពលិខ្លួនយ៉ាងណា ដើម្បីប្រយោជន៍ដល់បងប្អូនរួមជំនឿនិងអ្នកដទៃនៅបរទេសនោះ?
២០ គ្រីស្ទានម្នាក់ដែលបានរួមចំណែកសាងសង់សាលព្រះរាជាណាចក្រនៅប្រទេសជប៉ុនបានទទួលដំណឹងថា នៅប្រទេសប៉ារ៉ាហ្គាយគេត្រូវការអ្នកជំនាញដើម្បីកសាងទីកន្លែងសំរាប់ការថ្វាយបង្គំ។ បងប្រុសម្នាក់ដែលនៅលីវហើយមានកម្លាំងតាមវ័យមធ្យមរបស់ខ្លួន គាត់បានផ្លាស់ទៅនៅប្រទេសប៉ារ៉ាហ្គាយអស់រយៈពេលប្រាំបីខែ គាត់ជាមនុស្សតែម្នាក់គត់ដែលធ្វើកិច្ចការសំណង់ពេញពេលនៅទីនោះ។ ក្នុងអំឡុងពេលដែលគាត់ស្នាក់នៅទីនោះ គាត់បានរៀនភាសាអេស្ប៉ាញ ហើយក៏មានសិស្សខ្លះរៀនព្រះគម្ពីរតាមផ្ទះដែរ។ បងប្រុសនោះជ្រាបថា គេពិតជាត្រូវការអ្នកជំនួយដើម្បីប្រកាសព្រះរាជាណាចក្ររបស់ព្រះក្នុងប្រទេសនោះ។ ទោះជាគាត់ត្រូវត្រឡប់ទៅប្រទេសជប៉ុនក៏ដោយ មិនយូរប៉ុន្មានក្រោយមកគាត់បានវិលត្រឡប់ទៅប្រទេសប៉ារ៉ាហ្គាយវិញ ហើយបានជួយប្រមូលបណ្ដាជនឲ្យរួមចំណែកក្នុងសាលព្រះរាជាណាចក្រដែលគាត់បានជួយសង់នោះ។
២១. តើយើងគួរមានទស្សនៈយ៉ាងណា ហើយគួរយកចិត្តទុកដាក់ធ្វើអ្វីជាចំបង កាលដែលយើងរង់ចាំថ្ងៃនៃព្រះយេហូវ៉ាមកដល់?
២១ ព្រះទ្រង់នឹងធ្វើអ្វីក៏ដោយដើម្បីឲ្យកិច្ចការផ្សព្វផ្សាយសម្រេចការយ៉ាងពេញលេញ ហើយសមស្របទៅតាមព្រះហឫទ័យរបស់ទ្រង់។ សព្វថ្ងៃនេះទ្រង់កំពុងតែបញ្ជឿនចំរូតខាងវិញ្ញាណឲ្យឆាប់កើតឡើង។ (អេសាយ ៦០:២២) ដូច្នេះ ពេលដែលយើងរង់ចាំថ្ងៃនៃព្រះយេហូវ៉ា ចូរឲ្យយើងរួមចំណែកយ៉ាងខ្នះខ្នែងក្នុងកិច្ចការចំរូតនេះ ដោយមានទស្សនៈចំពោះមនុស្សដូចជាព្រះរបស់យើងដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់មានចំពោះពួកគេផងដែរ។
[កំណត់សម្គាល់]
a ការផ្លាស់ទៅនៅប្រទេសណាដែលមានបំរាមឬដាក់កំរិតលើកិច្ចការផ្សព្វផ្សាយនោះ មិនតែងតែជាជំនួយចំពោះបងប្អូននៅទីនោះទេ។ ទង្វើបែបនេះអាចទាំងនាំឲ្យមានគ្រោះថ្នាក់ដល់ពួកអ្នកដែលកំពុងតែផ្សព្វផ្សាយព្រះរាជាណាចក្រដោយប្រយ័ត្នប្រយែងក្រោមកាលៈទេសៈនោះ។
តើអ្នកនៅចាំទេ?
• កាលដែលយើងរង់ចាំថ្ងៃនៃព្រះយេហូវ៉ានោះ តើយើងគួរមានទស្សនៈយ៉ាងណាចំពោះមនុស្សជាតិ?
• តើអ័ប្រាហាំមានទស្សនៈយ៉ាងណាចំពោះមនុស្សសុចរិតដែលប្រហែលជាមានក្នុងទីក្រុងសូដុំម?
• តើយ៉ូណាសមានទស្សនៈយ៉ាងណាចំពោះពួកនីនីវេដែលបានប្រែចិត្ត?
• តើយើងអាចធ្វើអ្វីដើម្បីបង្ហាញថា យើងមានទស្សនៈដូចព្រះចំពោះមនុស្សដែលមិនទាន់បានឮដំណឹងល្អ?
[រូបភាពនៅទំព័រ២៦]
ការយកចិត្តទុកដាក់ចំពោះមនុស្ស អាចជំរុញយើងឲ្យរកវិធីនិងម៉ោងណា ដែលអាចផ្សព្វផ្សាយដំណឹងល្អបាន