ចូរយើងទាំងអស់គ្នាប្រកាសប្រាប់ពីសិរីល្អរបស់ព្រះយេហូវ៉ាចុះ!
«ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អនឹងព្រះចេស្ដា ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះនាមទ្រង់មានសិរីល្អ»។—ទំនុកដំកើង ៩៦:៧, ៨
១, ២. តើអ្វីខ្លះសរសើរដល់ព្រះយេហូវ៉ា? តើអ្នកណាទៀតក៏ត្រូវជំរុញឲ្យចូលរួមក្នុងការសរសើរព្រះ?
ដាវីឌ កូនអ៊ីសាយបានធំឡើងជាអ្នកគង្វាលនៅតំបន់ភូមិបេថ្លេហិម។ ពេលយប់ កាលដែលដាវីឌរវាំងហ្វូងចៀមរបស់បិតាតាមវាលស្មៅស្ងាត់ជ្រងំ គាត់ច្បាស់ជាធ្លាប់ងើយមើលទៅលើជាញឹកញយឃើញមេឃធំល្វឹងល្វើយពេញដោយផ្កាយ! នៅពេលវិញ្ញាណរបស់ព្រះបណ្ដាលឲ្យដាវីឌតែងនិងច្រៀងបទដ៏ពីរោះនៅទំនុកទី១៩ នោះគាត់ប្រាកដជានឹកចាំពីទិដ្ឋភាពទាំងនេះដែលបានដិតជាប់ក្នុងគំនិតរបស់គាត់។ ដាវីឌបានច្រៀងថា៖ «ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការដែលព្រះហស្តទ្រង់ធ្វើ ប៉ុន្តែ ដំណឹងដែលរបស់ទាំងនោះផ្សាយមក ក៏បានចេញទៅគ្រប់លើផែនដី ហើយសេចក្ដីនោះបានឮទៅដល់ទីបំផុតលោកីយ»។—ទំនុកដំកើង ១៩:១, ៤
២ អ្វីៗអស្ចារ្យដែលព្រះយេហូវ៉ាបានបង្កើតលើមេឃនៅតែសម្ដែងឲ្យឃើញសិរីល្អរបស់ទ្រង់ ពីថ្ងៃ១ទៅថ្ងៃ១ហើយពីយប់១ទៅយប់១ ទោះជាពាក្យសំដី ភាសា និងសំឡេងគ្មានឮក៏ដោយ។ ការបង្កើតតែងសម្ដែងពីសិរីល្អរបស់ព្រះជាដរាប ហើយពេលយើងពិចារណានូវទីបន្ទាល់ស្ងប់ស្ងាត់ទាំងនេះដែលកំពុងតែផ្សាយទៅ«គ្រប់លើផែនដី»ឲ្យមនុស្សគ្រប់រូបអាចឃើញបាន នោះធ្វើឲ្យយើងមានចិត្តរាបទាបមែន។ ក៏ប៉ុន្តែ ទីបន្ទាល់ស្ងប់ស្ងាត់របស់ការបង្កើតគឺមិនគ្រប់គ្រាន់នោះទេ។ មនុស្សជាតិស្មោះភក្ដីក៏ត្រូវជំរុញឲ្យចូលរួមធ្វើបន្ទាល់ដោយការនិយាយ។ អ្នកតែងទំនុកដែលយើងពុំដឹងឈ្មោះបាននិយាយទៅកាន់អ្នកថ្វាយបង្គំគ្នីគ្នាដោយសំដីនេះដែលព្រះបានបណ្ដាលឲ្យសរសេរថា៖ «ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អនឹងព្រះចេស្ដា ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះនាមទ្រង់មានសិរីល្អ»។ (ទំនុកដំកើង ៩៦:៧, ៨) អ្នកដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ពួកគេរំភើបចិត្តធ្វើតាមការដាស់តឿននេះ។ ប៉ុន្តែ តើការថ្លែងប្រាប់ពីសិរីល្អរបស់ព្រះរួមបញ្ចូលអ្វីខ្លះ?
៣. ហេតុអ្វីមនុស្សសរសើរតម្កើងសិរីល្អរបស់ព្រះ?
៣ នេះតម្រូវឲ្យធ្វើច្រើនជាងនិយាយ។ ជនជាតិអ៊ីស្រាអែលនៅសម័យអេសាយបានគោរពប្រតិបត្ដិឬលើកតម្កើងសិរីល្អរបស់ព្រះដោយបបូរមាត់ប៉ុណ្ណោះ តែពួកគេភាគច្រើនធ្វើនេះមិនមែនដោយចិត្តស្មោះទេ។ តាមរយៈព្យាការីអេសាយ ព្រះយេហូវ៉ាមានបន្ទូលថា៖ «សាសន៍នេះគេចូលមកជិតអញ ហើយគោរពប្រតិបត្ដិដល់អញ ដោយសំដីនឹងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីអញ»។ (អេសាយ ២៩:១៣) សេចក្ដីសរសើរណាដែលពួកគេពោលគឺអសារឥតការទទេ។ ដើម្បីឲ្យសេចក្ដីសរសើរមានន័យនោះ វាត្រូវផុសចេញពីដួងចិត្តដែលពោរពេញដោយសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាហើយទទួលស្គាល់ដោយចិត្តស្មោះនូវសិរីល្អដែលទ្រង់តែមួយអង្គមាន។ មានតែព្រះយេហូវ៉ាមួយអង្គប៉ុណ្ណោះដែលជាអ្នកបង្កើត។ ទ្រង់ជាព្រះដែលមានគ្រប់ព្រះចេស្ដា ក៏ប្រព្រឹត្តដោយយុត្ដិធម៌ជានិច្ច និងជាសេចក្ដីស្រឡាញ់។ សេចក្ដីសង្គ្រោះរបស់យើងមកពីទ្រង់ ហើយទ្រង់ជាព្រះអធិបតីត្រឹមត្រូវដែលបុគ្គលគ្រប់រូបទាំងនៅស្ថានសួគ៌ទាំងនៅផែនដីត្រូវចុះចូលស្ដាប់តាម។ (វិវរណៈ ៤:១១; ១៩:១) ប្រសិនបើយើងពិតជាជឿអ្វីៗទាំងនេះ ចូរយើងសរសើរតម្កើងសិរីល្អរបស់ទ្រង់អស់ពីចិត្តចុះ!
៤. ស្តីអំពីរបៀបសរសើរតម្កើងសិរីល្អរបស់ព្រះ តើព្រះយេស៊ូបានណែនាំយើងយ៉ាងដូចម្ដេច? ហើយតើយើងអាចធ្វើតាមការណែនាំនេះយ៉ាងដូចម្ដេច?
៤ ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលប្រាប់យើងនូវរបៀបសរសើរតម្កើងសិរីល្អរបស់ព្រះ។ ទ្រង់មានបន្ទូលថា៖ «ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន»។ (យ៉ូហាន ១៥:៨) តើយើងបង្កើតផលជាច្រើនយ៉ាងដូចម្ដេច? ទីមួយ ដោយចូលរួមអស់ពីចិត្តក្នុងការផ្សព្វផ្សាយ«ដំណឹងល្អនេះដែលសំដែងពីនគរ»របស់ព្រះ ហើយដោយធ្វើដូច្នេះយើងក៏ចូលរួមជាមួយនឹងការបង្កើតគ្រប់ទាំងអស់ក្នុងការ«បង្ហាញ»អំពី«អ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ»ឬគុណសម្បត្ដិរបស់ទ្រង់។ (ម៉ាថាយ ២៤:១៤; រ៉ូម ១:២០) ម្យ៉ាងទៀត តាមវិធីនេះយើងរួមចំណែកក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្សថ្មីដែលបង្កើនចំនួនអ្នកសរសើរព្រះយេហូវ៉ា សូម្បីតែយើងចូលរួមដោយផ្ទាល់ឬមិនផ្ទាល់ក៏ដោយ។ ទីពីរ យើងបណ្ដុះនូវផលផ្លែដែលវិញ្ញាណបរិសុទ្ធបង្កើតឲ្យមានក្នុងខ្លួនយើង ដោយព្យាយាមត្រាប់តាមគុណសម្បត្ដិដ៏ល្អបណ្ដាច់របស់ព្រះយេហូវ៉ា។ (កាឡាទី ៥:២២,២៣; អេភេសូរ ៥:១; កូល៉ុស ៣:១០) ជាលទ្ធផល ការប្រព្រឹត្តរបស់យើងជារៀងរាល់ថ្ងៃសរសើរតម្កើងសិរីល្អរបស់ព្រះ។
«គ្រប់លើផែនដី»
៥. សូមពន្យល់នូវរបៀបប៉ុលបានសង្កត់ធ្ងន់ថា ជនគ្រីស្ទានមានភារកិច្ចក្នុងការសរសើរតម្កើងសិរីល្អរបស់ព្រះដោយប្រាប់អ្នកឯទៀតអំពីជំនឿខ្លួន។
៥ ក្នុងសំបុត្ររបស់ប៉ុលជូនចំពោះជនគ្រីស្ទាននៅទីក្រុងរ៉ូម គាត់បានសង្កត់ធ្ងន់ថា ជនគ្រីស្ទានមានភារកិច្ចសរសើរតម្កើងសិរីល្អរបស់ព្រះដោយប្រាប់អ្នកឯទៀតអំពីជំនឿរបស់ខ្លួន។ គោលចំណុចសំខាន់មួយក្នុងសៀវភៅរ៉ូម គឺមានតែអ្នកដែលបង្ហាញជំនឿទៅលើព្រះយេស៊ូគ្រីស្ទដែលអាចទទួលសេចក្ដីសង្គ្រោះបាន។ ក្នុងជំពូកទី១០ ប៉ុលបង្ហាញថាជនជាតិអ៊ីស្រាអែលនៅសម័យរបស់គាត់នៅតែខំព្យាយាមដើម្បីឲ្យខ្លួនបានរាប់ជាសុចរិតដោយកាន់តាមក្រិត្យវិន័យលោកម៉ូសេ រីឯ«ព្រះគ្រីស្ទជាចុងបំផុតនៃក្រិត្យវិន័យ»។ ហេតុនេះប៉ុលសរសេរថា៖ «បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត»។ ចាប់ពីពេលនោះមក«សាសន៍យូដា នឹងសាសន៍ក្រេកមិនខុសអំពីគ្នាឡើយ ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សំរាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់ ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាម[ព្រះយេហូវ៉ា] នោះនឹងបានសង្គ្រោះ»។—រ៉ូម ១០:៤, ៩-១៣
៦. តើប៉ុលបានដកស្រង់បន្ទូលពីទំនុកដំកើង ១៩:៤យកមកប្រើសំដៅលើអ្វី?
៦ រួចមក ប៉ុលសួរដោយសមហេតុផលថា៖ «បើគេមិនជឿ ធ្វើដូចម្ដេចឲ្យគេអំពាវនាវដល់ព្រះបាន? ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្ដេចឲ្យគេជឿដល់ព្រះបាន? ហើយធ្វើដូចម្ដេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ?»។ (រ៉ូម ១០:១៤) ប៉ុលបានសរសេរអំពីអ៊ីស្រាអែលថា៖ «គេមិនបានស្ដាប់តាមដំណឹងល្អទាំងអស់គ្នាទេ»។ ហេតុអ្វីបានជាជនជាតិអ៊ីស្រាអែលមិនបានស្ដាប់តាមដំណឹងល្អ? គឺដោយសារពួកគេគ្មានជំនឿ មិនមែនដោយសារគ្មានឱកាសនោះទេ។ ប៉ុលបញ្ជាក់ចំណុចនេះដោយដកស្រង់បន្ទូលពីទំនុកដំកើង ១៩:៤ ហើយយកមកប្រើសំដៅលើការផ្សព្វផ្សាយរបស់ជនគ្រីស្ទាន ជាជាងសំដៅលើទីបន្ទាល់ស្ងប់ស្ងាត់នៃការបង្កើត។ ប៉ុលសរសេរថា៖ «សំឡេងនោះបានចេញទៅដល់គ្រប់លើផែនដី ហើយពាក្យនោះបានឮទៅដល់ចុងលោកីយបំផុត»។ (រ៉ូម ១០:១៦, ១៨) ពិតណាស់ ជនគ្រីស្ទាននៅសតវត្សទីមួយក៏ដូចជាការបង្កើតដែលគ្មានជីវិតដែលសម្ដែងនូវសិរីល្អរបស់ព្រះយេហូវ៉ាដែរ ដ្បិតពួកគេបានផ្សព្វផ្សាយដំណឹងល្អអំពីសេចក្ដីសង្គ្រោះនៅគ្រប់ទីកន្លែង ហើយដោយធ្វើដូច្នេះពួកគេបានសរសើរព្រះ«គ្រប់លើផែនដី»។ ក្នុងសំបុត្ររបស់ប៉ុលទៅកាន់បងប្អូននៅទីក្រុងកូល៉ុស គាត់ប្រាប់ឲ្យដឹងថាដំណឹងល្អត្រូវបានផ្សាយដល់កំរិតណា។ គាត់ប្រាប់ថា ដំណឹងល្អត្រូវបានផ្សាយ«ទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»។—កូល៉ុស ១:២៣
ស្មរបន្ទាល់ខ្នះខ្នែង
៧. យោងទៅតាមបន្ទូលព្រះយេស៊ូ តើជនគ្រីស្ទានមានភារកិច្ចអ្វី?
៧ ប៉ុលប្រហែលជាបានសរសេរសំបុត្ររបស់គាត់ជូនបងប្អូននៅទីក្រុងកូល៉ុស ប្រមាណ២៧ឆ្នាំក្រោយព្រះយេស៊ូសោយទិវង្គត។ តើការផ្សព្វផ្សាយអាចរីកសាយរហូតដល់ទីក្រុងកូល៉ុសក្នុងរយៈពេលខ្លីបានយ៉ាងដូចម្ដេច? នេះគឺដោយសារជនគ្រីស្ទាននៅសតវត្សទីមួយបានខ្នះខ្នែង ហើយព្រះយេហូវ៉ាប្រទានពរទៅលើការខ្នះខ្នែងរបស់ពួកគេ។ ព្រះយេស៊ូបានទាយថា អ្នកកាន់តាមទ្រង់នឹងជាអ្នកផ្សាយយ៉ាងសកម្ម។ ទ្រង់មានបន្ទូលថា៖ «ឯដំណឹងល្អ នឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន»។ (ម៉ាកុស ១៣:១០) បន្ថែមនឹងទំនាយនោះ ព្រះយេស៊ូបានមានបន្ទូលជាសេចក្ដីបង្គាប់មួយដែលបានកត់ទុកនៅខចុងក្រោយនៃសៀវភៅម៉ាថាយថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ! ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០) មិនយូរក្រោយព្រះយេស៊ូឡើងទៅស្ថានសួគ៌ អ្នកកាន់តាមទ្រង់បានចាប់ផ្ដើមធ្វើតាមបន្ទូលនោះ។
៨, ៩. យោងទៅតាមសៀវភៅកិច្ចការ តើជនគ្រីស្ទានបានតបឆ្លើយយ៉ាងណាចំពោះសេចក្ដីបង្គាប់របស់ព្រះយេស៊ូ?
៨ ក្រោយវិញ្ញាណបរិសុទ្ធត្រូវបានចាក់ទៅលើពួកគេនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ស.យ. អ្វីដែលអ្នកកាន់តាមដ៏ស្មោះត្រង់របស់ព្រះយេស៊ូបានធ្វើមុនគេបង្អស់គឺចេញទៅផ្សព្វផ្សាយ ដោយប្រាប់ហ្វូងមនុស្សនៅយេរូសាឡិមអំពី«អស់ទាំងការអស្ចារ្យរបស់ព្រះ»។ ការផ្សព្វផ្សាយរបស់ពួកគេមានប្រសិទ្ធភាពខ្ពស់ណាស់ ហើយ«ប្រហែលជា៣ពាន់នាក់»បានទទួលបុណ្យជ្រមុជទឹក។ សិស្សរបស់ព្រះយេស៊ូបានបន្តខ្នះខ្នែងសរសើរព្រះជាចំហ ហើយបានទទួលលទ្ធផលល្អ។—កិច្ចការ ២:៤, ១១, ៤១, ៤៦, ៤៧
៩ មិនយូរក្រោយមក សកម្មភាពរបស់ជនគ្រីស្ទានបានលេចឮដល់អ្នកដឹកនាំសាសានា។ ដោយសារភាពក្លាហានរបស់ពេត្រុសនិងយ៉ូហានបានធ្វើឲ្យអ្នកដឹកនាំសាសនាអំពល់នោះ ពួកគេបញ្ជាឲ្យសាវ័កទាំងពីរនាក់នេះឈប់ផ្សាយ។ សាវ័កបានតបឆ្លើយថា៖ «យើងខ្ញុំនឹងលែងនិយាយពីការដែលយើងខ្ញុំបានឃើញ ហើយឮ ពុំបានទេ»។ ក្រោយពីពេត្រុសនិងយ៉ូហានត្រូវបានគំរាមកំហែងនិងដោះលែងរួចហើយ នោះពួកគាត់ត្រឡប់ទៅឯបងប្អូនខ្លួននិងពួកគាត់គ្រប់រូបរួមគ្នាអធិស្ឋានទូលព្រះយេហូវ៉ា។ ពួកគាត់បានសុំព្រះយេហូវ៉ាដោយចិត្តក្លាហានថា៖ «សូមប្រទានឲ្យពួកអ្នកបំរើទ្រង់ បានផ្សាយព្រះបន្ទូល ដោយសេចក្ដីក្លាហានដ៏ពេញលេញ»។—កិច្ចការ ៤:១៣, ២០, ២៩
១០. តើចាប់ផ្ដើមមានការប្រឆាំងបែបណា? ហើយតើជនគ្រីស្ទានពិតបានប្រព្រឹត្តតបយ៉ាងណា?
១០ សេចក្ដីអធិស្ឋាននោះ គឺសមស្របនឹងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយក្រោយមកនេះបានឃើញជាក់ស្តែងមែន។ ពួកសាវ័កត្រូវបានគេចាប់ដាក់គុក។ រួចមកទេវតាមួយរូបបានរំដោះពួកគាត់ដោយអព្ភូតហេតុ។ ទេវតានោះប្រាប់ពួកគាត់ថា៖ «ចូរទៅឈរអធិប្បាយនៅក្នុងព្រះវិហារ ឲ្យបណ្ដាជនស្ដាប់អស់ទាំងព្រះបន្ទូល ពីជីវិតថ្មីនេះទៅ»។ (កិច្ចការ ៥:១៨-២០) ដោយសារពួកសាវ័កបានស្ដាប់បង្គាប់ ព្រះយេហូវ៉ាបន្តប្រទានពរទៅលើពួកគាត់។ ហេតុនេះ«អ្នកទាំងនោះចេះតែបង្រៀន ព្រមទាំងប្រាប់ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រះវិហារ ហើយនៅអស់ទាំងផ្ទះរាល់តែថ្ងៃជានិច្ច»។ (កិច្ចការ ៥:៤២) ច្បាស់ហើយថា ការចងចិត្តប្រឆាំងបានបរាជ័យទាំងស្រុង ក្នុងការបញ្ឈប់អ្នកកាន់តាមព្រះយេស៊ូកុំឲ្យថ្លែងប្រាប់ពីសិរីល្អរបស់ព្រះជាចំហ។
១១. តើជនគ្រីស្ទានសម័យដើមមានទស្សនៈយ៉ាងណាចំពោះកិច្ចផ្សព្វផ្សាយ?
១១ មិនយូរក្រោយមក ស្ទេផានត្រូវបានគេចាប់ហើយគប់នឹងថ្មទាល់តែស្លាប់។ ការធ្វើឃាតស្ទេផានបានអុជអាលឲ្យមានការបៀតបៀនយ៉ាងខ្លាំងនៅទីក្រុងយេរូសាឡិម ហើយសិស្សគ្រប់រូបលើកលែងតែពួកសាវ័កត្រូវបានបង្ខំឲ្យខ្ចាត់ខ្ចាយទៅស្រុកផ្សេង។ តើពួកគេធ្លាក់ទឹកចិត្តដោយសារមានការបៀតបៀននេះឬទេ? មិនបានធ្លាក់ទឹកចិត្តសោះឡើយ។ កំណត់ហេតុអានថា៖ «ចំណែកអស់អ្នកដែលត្រូវខ្ចាត់ខ្ចាយនោះ គេដើរចុះឡើងទាំងផ្សាយដំណឹងល្អ គឺជាព្រះបន្ទូល»។ (កិច្ចការ ៨:១, ៤) ការខ្នះខ្នែងផ្សាយអំពីសិរីល្អរបស់ព្រះត្រូវបានឃើញជាក់ស្តែងម្ដងហើយម្ដងទៀត។ កិច្ចការជំពូកទី៩រៀបរាប់អំពីជនផារិស៊ីម្នាក់ឈ្មោះសូលពីតើសុស ដែលឃើញចក្ខុនិមិត្តមួយអំពីព្រះយេស៊ូ ហើយត្រូវបានធ្វើឲ្យខ្វាក់ភ្នែកក្នុងកំឡុងដែលធ្វើដំណើរទៅដល់ទីក្រុងដាម៉ាស ដើម្បីផ្ដើមការបៀតបៀនសិស្សព្រះយេស៊ូនៅទីនោះ។ នៅទីក្រុងដាម៉ាស អាន្ន៉ានាសបានធ្វើអព្ភូតហេតុប្រោសភ្នែកសូលឲ្យភ្លឺវិញ។ សូលដែលក្រោយមកត្រូវហៅថាសាវ័កប៉ុល តើនៅពេលនោះគាត់បានធ្វើអ្វីមុនគេបង្អស់? កំណត់ហេតុប្រាប់ថា៖ «លោកចាប់ផ្ដើមប្រកាសនៅក្នុងសាលាប្រជុំនានាភ្លាមថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់»។—កិច្ចការ ៩:២០, ខ.ស.
គ្រីស្ទានគ្រប់រូបបានចូលរួមកិច្ចផ្សព្វផ្សាយ
១២, ១៣. (ក) យោងទៅតាមប្រវត្ដិវិទូ តើក្រុមជំនុំគ្រីស្ទានសម័យដើមមានលក្ខណៈអ្វីគួរឲ្យកត់សម្គាល់? (ខ) តើសៀវភៅកិច្ចការនិងសំនេររបស់ប៉ុលគាំទ្រប្រសាសន៍របស់ប្រវត្ដិវិទូដោយដូចម្ដេច?
១២ គេទទួលស្គាល់ជាទូទៅថា ជនគ្រីស្ទានគ្រប់រូបនៅសម័យដើមបានចូលរួមក្នុងកិច្ចផ្សព្វផ្សាយ។ លោកភីលីព ហ្សាហ្វ បានសរសេរអំពីជនគ្រីស្ទាននៅសម័យនោះថា៖ «ពេលនោះ កិច្ចផ្សព្វផ្សាយជាគោលបំណងចំបងនៃរាល់ក្រុមជំនុំ ហើយអ្នកជឿម្នាក់ៗដែលកាន់គ្រីស្ទសាសនាជាអ្នកផ្សព្វផ្សាយ»។ (ប្រវត្ដិសាស្ត្រនៃគ្រីស្ទសាសនា) លោកវីល្លៀម សាំយូអែល គាត់បានមានប្រសាសន៍ថា៖ «ជាទូទៅ មានគេយល់ស្របថាជនគ្រីស្ទានសម័យដើម ជាពិសេសអ្នកដែលមាន[អំណោយទាននៃព្រះវិញ្ញាណ]ធ្លាប់ផ្សាយដំណឹងល្អ»។ (កិច្ចបំរើដ៏ខ្ពង់ខ្ពស់របស់គ្រហស្ថ) គាត់ក៏សង្កត់ធ្ងន់ថា៖ «ព្រះយេស៊ូមិនដែលមានបំណងឲ្យការផ្សព្វផ្សាយជាឯកសិទ្ធិរបស់តែអ្នកដែលមានឋានន្តរសក្ដិណាមួយក្នុងក្រុមជំនុំទេ»។ សូម្បីតែលោកសេលសឺសដែលជាសត្រូវគ្រីស្ទសាសនា លោកក៏បានសរសេរថា៖ «អ្នកកាត់និងត្របាញ់រោមចៀម អ្នកធ្វើស្បែកជើង អ្នកសម្លាប់ស្បែក និងអនក្ខរជនសាមញ្ញបំផុត ជាអ្នកខ្នះខ្នែងផ្សព្វផ្សាយដំណឹងល្អ»។
១៣ ភាពត្រឹមត្រូវនៃប្រសាសន៍នេះគឺឃើញជាក់ស្តែងក្នុងកំណត់ហេតុប្រវត្ដិសាស្ត្រនៅសៀវភៅកិច្ចការ។ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ស.យ. ក្រោយវិញ្ញាណបរិសុទ្ធត្រូវបានចាក់ទៅលើសិស្សទាំងអស់ ទាំងប្រុសទាំងស្រី ពួកគេប្រាប់អំពីសេចក្ដីអស្ចារ្យរបស់ព្រះជាចំហ។ ក្រោយការបៀតបៀនដែលផ្ដើមមកពីការធ្វើឃាតស្ទេផាន នោះជនគ្រីស្ទានគ្រប់រូបដែលបានខ្ចាត់ខ្ចាយបានផ្សាយដំណឹងល្អដល់កន្លែងឆ្ងាយៗ។ ប្រហែល២៨ឆ្នាំក្រោយមក ប៉ុលបានសរសេរទៅកាន់ជនគ្រីស្ទានសាសន៍ហេព្រើរគ្រប់រូប មិនមែនចំពោះក្រុមបព្វជិតមួយប៉ុណ្ណោះទេ។ គាត់សរសេរថា៖ «ត្រូវឲ្យយើងរាល់គ្នាថ្វាយពាក្យសរសើរ ដោយសារទ្រង់ ទុកជាគ្រឿងបូជាដល់ព្រះជានិច្ច គឺជាផលនៃបបូរមាត់ ដែលថ្លែងប្រាប់ពីព្រះនាមទ្រង់»។ (ហេព្រើរ ១៣:១៥) ប៉ុលបានរៀបរាប់អំពីទស្សនៈរបស់គាត់ចំពោះកិច្ចផ្សព្វផ្សាយដោយប្រាប់ថា៖ «បើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ដ្បិតខ្ញុំជាប់ក្នុងសេចក្ដីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ!»។ (កូរិនថូសទី១ ៩:១៦) ច្បាស់ហើយ ជនគ្រីស្ទានស្មោះភក្ដីគ្រប់រូបនៅសតវត្សទីមួយធ្លាប់មានគំនិតដូច្នេះមែន។
១៤. តើជំនឿនិងការផ្សព្វផ្សាយមានទំនាក់ទំនងអ្វីនឹងគ្នា?
១៤ ពិតណាស់ គ្រីស្ទានពិតម្នាក់ត្រូវតែចូលរួមកិច្ចផ្សព្វផ្សាយដោយសារកិច្ចផ្សព្វផ្សាយគឺផ្សារភ្ជាប់គ្នានឹងជំនឿ។ ប៉ុលបានសរសេរថា៖ «យើងបានសុចរិត ដោយមានចិត្តជឿ ហើយក៏បានសង្គ្រោះ ដោយមាត់ទទួលថ្លែងប្រាប់»។ (រ៉ូម ១០:១០) ក្នុងក្រុមជំនុំ តើមានពួកបព្វជិតឬមានតែសមាជិកមួយក្រុមតូចប៉ុណ្ណោះដែលមានភារកិច្ចផ្សព្វផ្សាយ ដោយសារមានតែពួកគេមានជំនឿឬ? គឺមិនដូច្នេះឡើយ! គ្រីស្ទានពិតគ្រប់រូបបណ្ដុះឲ្យមានជំនឿមុតមាំទៅលើព្រះអម្ចាស់យេស៊ូគ្រីស្ទ ហើយក៏ត្រូវជំរុញឲ្យប្រកាសប្រាប់ជាចំហដល់អ្នកឯទៀតអំពីជំនឿរបស់ខ្លួន។ ពុំនោះ ជំនឿរបស់ពួកគេគឺប្រៀបដូចជាស្លាប់។ (យ៉ាកុប ២:២៦) ដោយព្រោះជនគ្រីស្ទានស្មោះត្រង់ទាំងអស់នៅសតវត្សទីមួយសករាជយើងបានបង្ហាញជំនឿរបស់ខ្លួនតាមវិធីនេះ នោះព្រះនាមរបស់ព្រះយេហូវ៉ាត្រូវបានលើកសរសើរយ៉ាងខ្លាំង។
១៥, ១៦. សូមឲ្យឧទាហរណ៍ដែលបង្ហាញថាកិច្ចផ្សព្វផ្សាយនៅតែបានឈានទៅមុខទោះជាមានបញ្ហាក៏ដោយ។
១៥ នៅសតវត្សទីមួយ ព្រះយេហូវ៉ាបានប្រទានពរទៅលើរាស្ត្រទ្រង់ឲ្យមានការរីកចំរើន ទោះជាមានបញ្ហាខាងក្នុងនិងខាងក្រៅក្រុមជំនុំក៏ដោយ។ ជាឧទាហរណ៍ កិច្ចការជំពូកទី៦មានកំណត់ហេតុអំពីទំនាស់មួយរវាងជនគ្រីស្ទានសាសន៍ហេព្រើរនិងអ្នកជឿថ្មីសាសន៍ហេលេនឬសាសន៍ក្រិច។ ពួកសាវ័កបានជួយដោះស្រាយបញ្ហានេះ។ ជាលទ្ធផល យើងអានថា៖ «ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ»។—កិច្ចការ ៦:៧
១៦ ក្រោយមក ទំនាស់នយោបាយបានកើតឡើងរវាងស្តេចហេរ៉ូឌ អ័គ្រីប៉ាពីស្រុកយូដា និងប្រជារាស្ត្រនៅស្រុកទីរ៉ុសនិងស៊ីដូន។ ប្រជាជននៅទីនោះបានសុំសន្ដិភាពដោយបញ្ចើចបញ្ចើស្តេចហេរ៉ូឌ។ ស្តេចហេរ៉ូឌបានតបនឹងសំណូមពររបស់ពួកគេ ដោយថ្លែងសុន្ទរកថាជូនសាធារណជន។ ហ្វូងមនុស្សចាប់ផ្ដើមស្រែកថា៖ «នេះជាសំឡេងព្រះទេវ៉ឺយ មិនមែនជាសំឡេងមនុស្សទេ!»។ ភ្លាមៗនោះទេវតានៃព្រះយេហូវ៉ាប្រហារស្តេចហេរ៉ូឌអគ្រីប៉ាឲ្យសុគតទៅ ពីព្រោះ«ស្តេចមិនបានផ្ទេរសេចក្ដីសរសើរនោះ ថ្វាយដល់ព្រះ»។ (កិច្ចការ ១២:២០-២៣) អស់អ្នកដែលបានសង្ឃឹមទៅលើអ្នកគ្រប់គ្រងជាមនុស្សជាតិនោះ ពួកគេពិតជាបានរន្ធត់ណាស់! (ទំនុកដំកើង ១៤៦:៣, ៤) ក៏ប៉ុន្តែ ជនគ្រីស្ទានបានបន្តសរសើរដំកើងសិរីល្អរបស់ព្រះយេហូវ៉ា។ ជាលទ្ធផល «ព្រះបន្ទូលក៏ដុះដាលចំរើន កាន់តែច្រើនឡើង»ទោះជាមិនមានថិរភាពខាងនយោបាយក៏ដោយ។—កិច្ចការ ១២:២៤
នៅសម័យនោះនិងនៅសម័យនេះ
១៧. នៅសតវត្សទីមួយ តើមនុស្សកាន់តែច្រើនបានចូលរួមធ្វើកិច្ចការអ្វី?
១៧ ពិតណាស់ ក្រុមជំនុំគ្រីស្ទានទូទាំងផែនដីនៅសតវត្សទីមួយ សុទ្ធតែជាអ្នកខ្នះខ្នែងសរសើរព្រះយេហូវ៉ាយ៉ាងសកម្ម។ ជនគ្រីស្ទានស្មោះត្រង់គ្រប់រូបបានចូលរួមក្នុងការផ្សាយដំណឹងល្អ។ ជនគ្រីស្ទានខ្លះបានជួបអ្នកដែលស្ដាប់តាម ហើយដូចព្រះយេស៊ូបានមានបន្ទូលនោះ ពួកគេបានបង្រៀនឲ្យកាន់តាមអ្វីៗដែលទ្រង់បានបង្គាប់។ (ម៉ាថាយ ២៨:១៩, ២០) លទ្ធផលគឺក្រុមជំនុំបានរីកចំរើន ហើយមនុស្សកាន់តែច្រើនឡើងៗបានចូលរួមជាមួយស្តេចដាវីឌពីបុរាណក្នុងការថ្លែងសេចក្ដីសរសើរចំពោះព្រះយេហូវ៉ា។ ពួកគេទាំងអស់គ្នាបានធ្វើតាមបន្ទូលដែលព្រះបណ្ដាលឲ្យសរសេរថា៖ «ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំនឹងសរសើរទ្រង់ឲ្យអស់ពីចិត្ត ហើយនឹងលើកដំកើងព្រះនាមទ្រង់ជាដរាបតទៅ ដ្បិតទ្រង់មានសេចក្ដីសប្បុរសយ៉ាងខ្លាំងចំពោះទូលបង្គំ»។—ទំនុកដំកើង ៨៦:១២, ១៣
១៨. (ក) ក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយនិងគ្រីស្ទសាសនាសព្វថ្ងៃនេះ តើមានភាពខុសគ្នាយ៉ាងណា? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទជាបន្តបន្ទាប់?
១៨ ដោយគិតពីចំណុចនេះ ប្រសាសន៍របស់សាសនវិទូម្នាក់ឈ្មោះអាឡិសន ត្រែត គួរឲ្យយើងយកមកត្រិះរិះពិចារណា។ ដោយប្រៀបធៀបពិភពគ្រីស្ទសាសនាសព្វថ្ងៃទៅនឹងជនគ្រីស្ទាននៅសម័យដើម គាត់មានប្រសាសន៍ថា៖ «តាមធម្មតា វិហារគ្រីស្ទសាសនាសព្វថ្ងៃនេះមានការរីកចំរើនពេលកូនធំឡើង (ពេលកូនក្នុងក្រុមគ្រួសារនៅវិហារនោះសម្រេចចិត្តកាន់សាសនាដូចក្រុមគ្រួសារដែរ) ឬដោយការប្ដូរវិហារ (ពេលមានអ្នកថ្មីមកពីវិហារមួយផ្សេងទៀតនៅជិតៗមកសុំធ្វើសមាជិកដោយចូលរួមក្នុងវិហារនោះ)។ ប៉ុន្តែ ក្នុងសៀវភៅកិច្ចការវិញ ការរីកចំរើននោះមកពីមនុស្សផ្លាស់ប្រែសាសនា ដ្បិតពេលនោះគ្រីស្ទសាសនាទើបតែចាប់ផ្ដើមកិច្ចការ»។ តើនេះមានន័យថា គ្រីស្ទសាសនាពិតលែងមានការរីកចំរើនតាមអ្វីដែលព្រះយេស៊ូបានមានបន្ទូលនោះទេ? គឺមិនដូច្នេះឡើយ។ ជនគ្រីស្ទានពិតសព្វថ្ងៃនេះខ្នះខ្នែងសរសើរព្រះជាចំហដូចជនគ្រីស្ទាននៅសម័យដើមបេះបិទ។ យើងនឹងឃើញនេះក្នុងអត្ថបទជាបន្ទាប់។
តើអ្នកអាចពន្យល់បានឬទេ?
• តើយើងលើកតម្កើងសិរីល្អរបស់ព្រះយ៉ាងដូចម្ដេចខ្លះ?
• តើប៉ុលបានបញ្ជាក់អត្ថន័យទំនុកដំកើង ១៩:៤ យ៉ាងដូចម្ដេច?
• តើជំនឿនិងកិច្ចផ្សព្វផ្សាយមានទំនាក់ទំនងអ្វីនឹងគ្នា?
• តើក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយមានលក្ខណៈអ្វី គួរឲ្យកត់សម្គាល់?
[រូបភាពនៅទំព័រ៨, ៩]
ផ្ទៃមេឃធ្វើបន្ទាល់ជាដរាប ពីសិរីល្អរបស់ព្រះយេហូវ៉ា
[អ្នកផ្ដល់សិទ្ធិ]
Courtesy of Anglo-Australian Observatory, photograph by David Malin
[រូបភាពនៅទំព័រ១០]
កិច្ចផ្សព្វផ្សាយនិងសេចក្ដីអធិស្ឋានគឺជាប់ទាក់ទងគ្នា