‹ចូរបំពេញកិច្ចបំរើផ្សាយរបស់ខ្លួនគ្រប់ជំពូក›
«[ចូរ]បំពេញការងារ[ឬ«កិច្ចបំរើផ្សាយ», ព.ថ.]របស់ខ្លួនគ្រប់ជំពូកផង»។—ធីម៉ូថេទី២ ៤:៥
១, ២. ទោះជាគ្រីស្ទានទាំងអស់ជាអ្នកផ្សព្វផ្សាយដំណឹងល្អក៏ដោយ តើពួកអ្នកចាស់ទុំត្រូវបំពេញនូវតម្រូវការណាខ្លះតាមបទគម្ពីរ?
តើអ្នកជាអ្នកប្រកាសសារព្រះរាជាណាចក្រឬទេ? បើដូច្នេះមែន ចូរថ្លែងអំណរគុណថ្វាយព្រះយេហូវ៉ាចំពោះឯកសិទ្ធិដ៏អស្ចារ្យនេះ។ តើអ្នកបំរើជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំឬទេ? នេះគឺជាឯកសិទ្ធិបន្ថែមមួយទៀតពីព្រះយេហូវ៉ា។ ប៉ុន្តែ យើងមិនត្រូវភ្លេចថា ហេតុដែលយើងមានសមត្ថភាពបំពេញកិច្ចបំរើផ្សាយឬត្រួតពិនិត្យក្នុងក្រុមជំនុំ នោះមិនមែនដោយសារការរៀនសូត្រ ឬដោយសារយើងប៉ិនប្រសប់ខាងវោហារនោះឡើយ។ ព្រះយេហូវ៉ាប្រទានឲ្យយើងមានគ្រប់លក្ខណៈដែលត្រូវការសំរាប់កិច្ចបំរើផ្សាយ ហើយដោយសារមានបុរសខ្លះក្នុងចំណោមយើងបានបំពេញតាមតម្រូវការផ្សេងៗក្នុងបទគម្ពីរ នោះពួកគាត់មានឯកសិទ្ធិបំរើជាអ្នកត្រួតពិនិត្យវិញ។—កូរិនថូសទី២ ៣:៥, ៦; ធីម៉ូថេទី១ ៣:១-៧
២ ពួកគ្រីស្ទានទាំងអស់ដែលបានឧទ្ទិសថ្វាយខ្លួន គឺធ្វើកិច្ចការជាអ្នកផ្សព្វផ្សាយដំណឹងល្អ ប៉ុន្តែជាពិសេស ពួកអ្នកត្រួតពិនិត្យឬពួកអ្នកចាស់ទុំគប្បីទុកគំរូដ៏ល្អក្នុងកិច្ចបំរើផ្សាយ។ ព្រះយេហូវ៉ានិងព្រះគ្រីស្ទកត់សម្គាល់ពួកអ្នកចាស់ទុំ«ដែលនឿយហត់ប្រកាសព្រះបន្ទូលនិងបង្រៀនគេ» ហើយស្មរបន្ទាល់គ្នីគ្នាក៏កត់សម្គាល់នូវគំរូរបស់ពួកគាត់ដែរ។ (ធីម៉ូថេទី១ ៥:១៧, ខ.ស.; អេភេសូរ ៥:២៣; ហេព្រើរ ៦:១០-១២) ការបង្រៀនរបស់អ្នកចាស់ទុំត្រូវផ្គត់ផ្គង់ខាងវិញ្ញាណក្រោមកាលៈទេសៈទាំងអស់ ដ្បិតសាវ័កប៉ុលបានប្រាប់អ្នកត្រួតពិនិត្យម្នាក់ឈ្មោះធីម៉ូថេថា៖ «ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនឹងហៅគ្រូកាន់តែច្រើនឡើងមកបង្រៀនឲ្យត្រូវចិត្ត គេនឹងងាកត្រចៀកចេញពីសេចក្ដីពិត បែរទៅតាមរឿងព្រេងវិញ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្ដីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូ[ឬ«អ្នក», ព.ថ.]ផ្សាយដំណឹងល្អចុះ! ព្រមទាំងបំពេញការងារ[ឬ«កិច្ចបំរើផ្សាយ», ព.ថ.]របស់ខ្លួនគ្រប់ជំពូកផង»។—ធីម៉ូថេទី២ ៤:៣-៥
៣. តើត្រូវធ្វើអ្វីដើម្បីកុំឲ្យការបង្រៀនក្លែងក្លាយជ្រាបចូលក្នុងក្រុមជំនុំដែលគំរាមកំហែងដល់ភាពវិញ្ញាណនោះ?
៣ អ្នកត្រួតពិនិត្យត្រូវធ្វើតាមឱវាទរបស់ប៉ុល ដើម្បីកុំឲ្យមានការបង្រៀនក្លែងក្លាយជ្រាបចូលក្នុងក្រុមជំនុំដែលគំរាមកំហែងដល់ភាពវិញ្ញាណនោះ។ ប៉ុលបានពោលថា៖ «ចូរឲ្យមានគំនិតនឹងនរក្នុងគ្រប់ប្រការ . . . ព្រមទាំងបំពេញការងារ[ឬ«កិច្ចបំរើផ្សាយ», ព.ថ.]របស់ខ្លួនគ្រប់ជំពូកផង»។ (ធីម៉ូថេទី២ ៤:៥) ប្រាកដហើយ អ្នកចាស់ទុំត្រូវតែ«បំពេញកិច្ចបំរើផ្សាយរបស់ខ្លួនគ្រប់ជំពូក»។ គាត់ត្រូវតែបំពេញឲ្យបានគ្រប់ជំពូកឬឲ្យបានគ្រប់សព្វ។ អ្នកចាស់ទុំដែលបំពេញកិច្ចបំរើផ្សាយរបស់ខ្លួនបានគ្រប់ជំពូក នោះយកចិត្តទុកដាក់នឹងភារកិច្ចទាំងអស់របស់ខ្លួន ដោយមិនធ្វើព្រងើយកន្តើយ ឬបំពេញភារកិច្ចឲ្យរួចតែពីដៃនោះឡើយ។ សូម្បីតែចំពោះកិច្ចការតូចតាច ក៏បុរសទាំងនេះមានចិត្តស្មោះភក្ដីក្នុងការធ្វើកិច្ចការនោះដែរ។—លូកា ១២:៤៨; ១៦:១០
៤. តើអ្វីដែលអាចជួយយើងឲ្យបំពេញកិច្ចបំរើផ្សាយបានគ្រប់ជំពូក?
៤ ការបំពេញកិច្ចបំរើផ្សាយរបស់យើងឲ្យបានគ្រប់ជំពូក មិនតែងតែត្រូវការពេលវេលាច្រើននោះទេ ប៉ុន្តែ យើងត្រូវប្រើពេលវេលានោះឲ្យបានជាប្រយោជន៍។ ការមានតុល្យភាពនិងការធ្វើឡើងជាទៀងទាត់អាចជួយគ្រីស្ទានទាំងអស់ឲ្យបំពេញភារកិច្ចផ្សេងៗក្នុងកិច្ចបំរើផ្សាយ។ អ្នកចាស់ទុំត្រូវចេះរៀបចំកិច្ចការខ្លួនឲ្យបានល្អ ដោយរៀបចំកាលវិភាគរបស់គាត់ឲ្យមានតុល្យភាព ហើយដឹងនូវភារកិច្ចណាដែលត្រូវផ្ទេរ និងរបៀបដែលត្រូវផ្ទេរភារកិច្ចនោះ ដើម្បីគាត់អាចចំណាយពេលវេលាបានច្រើនក្នុងកិច្ចបំរើផ្សាយ។ (ហេព្រើរ ១៣:១៧) ជាធម្មតា អ្នកចាស់ទុំម្នាក់ដែលមានគេគោរព ក៏ចូលរួមផ្សព្វផ្សាយដូចជាលោកនេហេមាចូលរួមកសាងកំផែងក្រុងយេរូសាឡិមដែរ។ (នេហេមា ៥:១៦) អ្នកបំរើទាំងអស់របស់ព្រះយេហូវ៉ាគួរចូលរួមជាទៀងទាត់ក្នុងកិច្ចការផ្សព្វផ្សាយពីព្រះរាជាណាចក្រ។—កូរិនថូសទី១ ៩:១៦-១៨
៥. តើយើងគួរមានអារម្មណ៍យ៉ាងណាចំពោះកិច្ចបំរើផ្សាយ?
៥ យើងមានកិច្ចការដែលធ្វើឲ្យយើងអរសប្បាយមែន ដោយធ្វើជាអ្នកដែលប្រកាសសារអំពីព្រះរាជាណាចក្រនៅស្ថានសួគ៌ដែលបានស្ថាបនាហើយ! យើងប្រាកដជាស្រឡាញ់អបអរនូវឯកសិទ្ធិចូលរួមផ្សព្វផ្សាយដំណឹងល្អប្រាប់មនុស្សទូទាំងពិភពលោកមុនដល់ទីបញ្ចប់។ (ម៉ាថាយ ២៤:១៤) ទោះជាយើងជាមនុស្សមិនគ្រប់ល័ក្ខណ៍ ក៏យើងត្រូវបានលើកទឹកចិត្តដោយពាក្យរបស់ប៉ុលដែលថា៖ «យើងមានទ្រព្យសម្បត្ដិនេះ[គឺកិច្ចបំរើផ្សាយ]នៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ»។ (កូរិនថូសទី២ ៤:៧) ត្រូវហើយ យើងអាចធ្វើកិច្ចបំរើដែលទ្រង់សព្វព្រះហឫទ័យ គឺយើងអាចធ្វើបានដោយកម្លាំងនិងប្រាជ្ញាដែលព្រះប្រទានមក។—កូរិនថូសទី១ ១:២៦-៣១
ចូរបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះ
៦. តើមានភាពខុសគ្នាយ៉ាងណារវាងអ៊ីស្រាអែលខាងវិញ្ញាណនិងប្រជាជនអ៊ីស្រាអែលពីដើម?
៦ ស្តីអំពីពួកគ្រីស្ទានចាក់ប្រេងតាំង ប៉ុលនិយាយថា ព្រះ«បានប្រោសឲ្យយើងខ្ញុំអាចនឹងធ្វើជាអ្នកបំរើនៃសញ្ញាថ្មី[ឬ«កិច្ចព្រមព្រៀងថ្មី», ព.ថ.]បាន»។ សាវ័កប៉ុលបង្ហាញភាពខុសគ្នារវាងកិច្ចព្រមព្រៀងថ្មីដែលបានធ្វើឡើងជាមួយអ៊ីស្រាអែលខាងវិញ្ញាណតាមរយៈព្រះយេស៊ូគ្រីស្ទ និងកិច្ចព្រមព្រៀងខាងក្រិត្យវិន័យដែលបានធ្វើឡើងជាមួយនឹងប្រជាជនអ៊ីស្រាអែលពីដើមតាមរយៈលោកម៉ូសេ។ ប៉ុលនិយាយបន្ថែមថា ពេលម៉ូសេចុះពីភ្នំស៊ីណាយដោយកាន់បន្ទះថ្មពីរដែលចារក្រិត្យវិន័យដប់ប្រការ នោះមុខគាត់ភ្លឺចិញ្ចាចណាស់ ដែលពួកអ៊ីស្រាអែលពុំអាចសម្លឹងមើលបានទេ។ ប៉ុន្តែ ក្រោយមក មានអ្វីមួយដ៏សំខាន់ដែលកើតឡើងពីព្រោះ«ចិត្តគេបានរឹងទទឹង» ហើយមានស្បៃមួយនៅបាំងចិត្តគេមិនឲ្យយល់។ ក៏ប៉ុន្តែ នៅពេលពួកគេងាកបែរមកឯព្រះយេហូវ៉ាវិញដោយថ្វាយបង្គំទ្រង់អស់ពីចិត្ត ស្បៃនោះក៏បានដោះចេញ។ បន្ទាប់មក ប៉ុលនិយាយអំពីកិច្ចបំរើផ្សាយនៃអស់អ្នកដែលជាប់ទាក់ទងនឹងកិច្ចព្រមព្រៀងថ្មីថា៖«ហើយដោយគ្មានស្បៃបាំងមុខ យើងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដូចកញ្ចក់ឆ្លុះមុខ»។ (កូរិនថូសទី២ ៣:៦-៨; ១៤-១៨, ព.ថ.; និក្ខមនំ ៣៤:២៩-៣៥) សព្វថ្ងៃនេះ«ចៀមឯទៀត»របស់ព្រះយេស៊ូក៏មានឯកសិទ្ធិបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដែរ។—យ៉ូហាន ១០:១៦
៧. តើមនុស្សលោកអាចបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេច?
៧ តើមនុស្សមានបាបអាចបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេច បើគ្មានមនុស្សជាតិណាដែលមើលព្រះភ័ក្ដ្រព្រះហើយនៅរស់បាននោះ? (និក្ខមនំ ៣៣:២០) យើងត្រូវទទួលស្គាល់ថា ទោះជាព្រះយេហូវ៉ាជាបុគ្គលដែលមានសិរីរុងរឿងក៏ដោយ ក៏ទ្រង់មានគោលបំណងបង្ហាញឲ្យឃើញភាពត្រឹមត្រូវនៃការគ្រប់គ្រងរបស់ទ្រង់ តាមរយៈព្រះរាជាណាចក្ររបស់ទ្រង់ដែរ។ សេចក្ដីពិតដែលទាក់ទងនឹងព្រះរាជាណាចក្រ គឺជាផ្នែកនៃ«ការអស្ចារ្យរបស់ព្រះ» ដែលត្រូវបានចាប់ប្រកាសដោយអស់អ្នកដែលវិញ្ញាណបរិសុទ្ធបានចាក់មកលើនៅបុណ្យនៃថ្ងៃទី៥០ ឆ្នាំ៣៣ ស.យ.។ (កិច្ចការ ២:១១) ដោយមានការណែនាំពីវិញ្ញាណបរិសុទ្ធ ពួកគាត់អាចបំពេញកិច្ចបំរើដែលព្រះបានប្រគល់ឲ្យពួកគាត់បានគ្រប់ជំពូក។—កិច្ចការ ១:៨
៨. តើប៉ុលប្ដេជ្ញាចិត្តធ្វើយ៉ាងណាចំពោះកិច្ចបំរើផ្សាយ?
៨ ប៉ុលបានប្ដេជ្ញាមិនឲ្យអ្វីមករារាំងគាត់ពីការបំពេញកិច្ចបំរើរបស់ខ្លួនឲ្យបានគ្រប់ជំពូកឡើយ។ គាត់បានសរសេរថា៖ «ដូច្នេះ ដែលមាន[«កិច្ចបំរើផ្សាយ», ព.ថ.]នេះ នោះយើងខ្ញុំមិនណាយចិត្តឡើយ តាមខ្នាតនៃសេចក្ដីមេត្ដាករុណាដែលយើងខ្ញុំទទួលមក យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្ដាក់ខ្លួននឹងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសំដែងសេចក្ដីពិតវិញ»។ (កូរិនថូសទី២ ៤:១, ២) ដោយអ្វីដែលប៉ុលហៅថា«កិច្ចបំរើផ្សាយនេះ» នោះសេចក្ដីពិតត្រូវបានប្រកាសនិងពន្លឺខាងវិញ្ញាណត្រូវផ្សព្វផ្សាយនៅទីជិតឆ្ងាយ។
៩, ១០. តើយើងអាចបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៩ ប៉ុលបានសរសេរអំពីប្រភពនៃពន្លឺថ្ងៃនិងពន្លឺខាងវិញ្ញាណថា៖ «ដ្បិតគឺជាព្រះដែលមានបន្ទូលបង្គាប់ ‹ឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត› ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ដ្រនៃព្រះយេស៊ូវគ្រីស្ទ»។ (កូរិនថូសទី២ ៤:៦; លោកុប្បត្តិ ១:២-៥) ដោយព្រោះព្រះបានផ្ដល់ឲ្យយើងនូវមហាកិត្ដិយសជាអ្នកបំរើរបស់ព្រះ សូមឲ្យយើងរក្សាខ្លួនឲ្យបានស្អាត ដើម្បីឲ្យយើងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដូចកញ្ចក់ឆ្លុះមុខ។
១០ មនុស្សដែលនៅក្នុងភាពងងឹតខាងវិញ្ញាណពុំអាចឃើញនូវសិរីរុងរឿងរបស់ព្រះយេហូវ៉ាឬឃើញការភ្លឺចាំងពីព្រះយេស៊ូគ្រីស្ទដែលជាម៉ូសេដ៏ឧត្តមនោះទេ។ ប៉ុន្តែ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា យើងទទួលរស្មីពន្លឺដ៏រុងរឿងនោះពីព្រះគម្ពីរហើយយើងធ្វើឲ្យមនុស្សឯទៀតឃើញដែរ។ ដើម្បីឲ្យពួកអ្នកដែលនៅក្នុងភាពងងឹតខាងវិញ្ញាណរួចផុតពីសេចក្ដីបំផ្លាញ នោះពួកគេត្រូវការពន្លឺដែលមកពីព្រះ។ ដូច្នេះ យើងមានចិត្តអរនិងខ្នះខ្នែងយ៉ាងខ្លាំងដែលយើងគោរពសេចក្ដីបង្គាប់របស់ព្រះ ដើម្បីឲ្យពន្លឺដែលភ្លឺក្នុងភាពងងឹតអាចបញ្ចាំងឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា។
សូមឲ្យពន្លឺរបស់អ្នកបានភ្លឺតាមរយៈការសិក្សាព្រះគម្ពីរតាមផ្ទះ
១១. តើព្រះយេស៊ូមានបន្ទូលយ៉ាងណាអំពីការធ្វើឲ្យពន្លឺរបស់យើងបានភ្លឺនោះ? ហើយតើអ្វីជាវិធីមួយដែលយើងអាចធ្វើដូច្នេះក្នុងកិច្ចបំរើផ្សាយ?
១១ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់ថា៖ «អ្នករាល់គ្នាជាពន្លឺនៃលោកីយ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ក៏គ្មានអ្នកណាអុជចង្កៀងយកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើងដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។ (ម៉ាថាយ ៥:១៤-១៦) ការប្រព្រឹត្តដ៏ល្អរបស់យើងអាចជួយអ្នកដទៃឲ្យលើកតម្កើងសិរីរុងរឿងរបស់ព្រះ។ (ពេត្រុសទី១ ២:១២) ហើយតាមលក្ខណៈផ្សេងៗនៃកិច្ចការផ្សាយដំណឹងល្អ ផ្ដល់ឲ្យយើងនូវឱកាសជាច្រើន ដើម្បីឲ្យពន្លឺរបស់យើងបានភ្លឺចេញ។ គោលដៅមួយដ៏សំខាន់របស់យើង គឺដើម្បីឲ្យពន្លឺខាងវិញ្ញាណពីព្រះបន្ទូលរបស់ព្រះបានភ្លឺតាមរយៈការនាំមុខការសិក្សាព្រះគម្ពីរនៅតាមផ្ទះដែលមានប្រសិទ្ធភាព។ នេះគឺជាវិធីដ៏សំខាន់មួយដើម្បីបំពេញកិច្ចបំរើរបស់យើងឲ្យបានគ្រប់ជំពូក។ តើមានយោបល់ណាខ្លះដែលអាចជួយយើងឲ្យនាំមុខការសិក្សាព្រះគម្ពីរ ដែលធ្វើឲ្យពត៌មាននោះជ្រួតជ្រាបទៅក្នុងចិត្តអស់អ្នកដែលស្វែងរកសេចក្ដីពិត?
១២. តើសេចក្ដីអធិស្ឋានទាក់ទងនឹងការនាំមុខការសិក្សាព្រះគម្ពីរនៅតាមផ្ទះយ៉ាងដូចម្ដេច?
១២ ការអធិស្ឋានទូលថ្វាយព្រះយេហូវ៉ាស្តីអំពីការនាំមុខការសិក្សាព្រះគម្ពីរនៅតាមផ្ទះបង្ហាញថា យើងមានចិត្តប្រាថ្នាចង់ធ្វើនេះយ៉ាងខ្លាំង។ នេះក៏បង្ហាញថាយើងយល់នូវសារៈសំខាន់នៃការជួយអ្នកដទៃអំពីការទទួលចំណេះអំពីព្រះ។ (អេសេគាល ៣៣:៧-៩) ព្រះយេហូវ៉ាប្រាកដជានឹងតបឆ្លើយចំពោះសេចក្ដីអធិស្ឋានរបស់យើង និងប្រទានពរឲ្យយើងដោយសារយើងខំប្រឹងក្នុងកិច្ចបំរើផ្សាយ។ (យ៉ូហានទី១ ៥:១៤, ១៥) ប៉ុន្តែ យើងមិនគ្រាន់តែអធិស្ឋានថ្វាយព្រះដើម្បីរកតែមនុស្សដែលយើងនឹងសិក្សាព្រះគម្ពីរជាមួយនៅតាមផ្ទះគេនោះទេ។ ក្រោយពីមានសិស្សព្រះគម្ពីរ នោះសេចក្ដីអធិស្ឋាននិងការរំពឹងគិតស្តីអំពីតម្រូវការផ្សេងៗរបស់សិស្សនោះ នឹងជួយយើងឲ្យនាំមុខការសិក្សាព្រះគម្ពីរម្ដងៗតាមរបៀបដែលមានប្រសិទ្ធភាព។—រ៉ូម ១២:១២
១៣. តើអ្វីដែលអាចជួយយើងឲ្យនាំមុខការសិក្សាព្រះគម្ពីរនៅតាមផ្ទះឲ្យមានប្រសិទ្ធភាព?
១៣ ដើម្បីនាំមុខការសិក្សាព្រះគម្ពីរនៅតាមផ្ទះឲ្យមានប្រសិទ្ធភាព យើងត្រូវតែរៀបចំឲ្យបានល្អសំរាប់ពេលសិក្សាម្ដងៗ។ ប្រសិនបើយើងមានអារម្មណ៍ថា យើងគ្មានសមត្ថភាពគ្រប់គ្រាន់ទេ យកល្អឲ្យយើងមើលនូវរបៀបដែលអ្នកត្រួតពិនិត្យក្រុមសិក្សានាំមុខក្នុងការសិក្សានូវមេរៀនរៀងរាល់សប្ដាហ៍។ នៅពេលខ្លះ យើងអាចមានឱកាសទៅជាមួយអ្នកផ្សព្វផ្សាយដែលធ្លាប់ទទួលលទ្ធផលល្អក្នុងការនាំមុខការសិក្សាព្រះគម្ពីរនៅតាមផ្ទះ។ មែនហើយ យើងគួរពិចារណាមើលនូវអាកប្បកិរិយានិងវិធីបង្រៀនរបស់ព្រះយេស៊ូគ្រីស្ទ។
១៤. តើយើងអាចបង្រៀនដែលធ្វើឲ្យពត៌មានជ្រួតជ្រាបទៅក្នុងចិត្តគំនិតរបស់សិស្សព្រះគម្ពីរបានយ៉ាងដូចម្ដេច?
១៤ ព្រះយេស៊ូមានព្រះទ័យរីករាយក្នុងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតានៅស្ថានសួគ៌និងការប្រាប់អ្នកដទៃអំពីព្រះ។ (ទំនុកដំកើង ៤០:៨) ទ្រង់មានព្រះទ័យស្លូតបូតនិងពូកែបង្រៀនដែលមានអានុភាពជ្រួតជ្រាបទៅក្នុងចិត្តគំនិតរបស់អ្នកដែលស្ដាប់ទ្រង់។ (ម៉ាថាយ ១១:២៨-៣០) ដូច្នេះ សូមឲ្យយើងខំប្រឹងបង្រៀនដើម្បីឲ្យពត៌មានបានជ្រួតជ្រាបទៅក្នុងចិត្តគំនិតរបស់សិស្សព្រះគម្ពីរ។ ដើម្បីអាចសម្រេចការនេះ យើងត្រូវតែរៀបចំទុកជាមុនសំរាប់ការសិក្សានិមួយៗ ដោយគិតអំពីកាលៈទេសៈផ្ទាល់របស់សិស្សនោះ។ ជាឧទាហរណ៍ បើគាត់មិនស្គាល់អំពីព្រះគម្ពីរ យើងត្រូវតែធ្វើឲ្យគាត់ជឿជាក់ថា ព្រះគម្ពីរគឺជាសេចក្ដីពិត។ ដូច្នេះយើងត្រូវតែអានបទគម្ពីរជាច្រើន និងពន្យល់សាច់រឿងក្នុងបទគម្ពីរដែរ។
ចូរជួយសិស្សឲ្យយល់នូវរឿងប្រៀបប្រដូច
១៥, ១៦. (ក) តើយើងអាចជួយសិស្សដែលពុំយល់រឿងប្រៀងប្រដូចក្នុងព្រះគម្ពីរយ៉ាងដូចម្ដេច? (ខ) តើយើងអាចធ្វើយ៉ាងណា បើប្រកាសនវត្ថុមួយរបស់យើងប្រើរឿងប្រៀបប្រដូច ដែលធ្វើឲ្យសិស្សព្រះគម្ពីរពិបាកយល់នោះ?
១៥ សិស្សព្រះគម្ពីរប្រហែលជាមិនយល់នូវរឿងប្រៀបប្រដូចណាមួយក្នុងបទគម្ពីរទេ។ ជាឧទាហរណ៍ គាត់ប្រហែលជាមិនយល់ថាព្រះយេស៊ូចង់មានន័យយ៉ាងណាទេ ពេលព្រះយេស៊ូមានបន្ទូលអំពីការដាក់ចង្កៀងលើជើងចង្កៀងនោះ។ (ម៉ាកុស ៤:២១, ២២) ព្រះយេស៊ូបានមានបន្ទូលអំពីចង្កៀងប្រេងកាតពីបុរាណដែលមានប្រឆេះ។ ចង្កៀងបែបនេះត្រូវដាក់លើជើងចង្កៀងដើម្បីឲ្យកន្លែងមួយក្នុងផ្ទះបានភ្លឺ។ ប្រហែលជាត្រូវការស្រាវជ្រាវអំពីប្រធាននេះក្នុងប្រកាសនវត្ថុរបស់យើង ដើម្បីឲ្យយល់ច្បាស់នូវរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ។ ប៉ុន្តែ ពិតជាមានប្រយោជន៍មែន ពេលយើងទៅបង្រៀនសិស្សព្រះគម្ពីរដោយពាំនាំយកមកជាមួយនូវការពន្យល់មួយដែលសិស្សអាចយល់និងចូលចិត្តនោះ!
១៦ ប្រកាសនវត្ថុមួយរបស់យើងដែលប្រើសំរាប់សិក្សាព្រះគម្ពីរគឺប្រហែលជាមានរឿងប្រៀបប្រដូចដែលសិស្សខ្លះពិបាកយល់។ ចូរឆ្លៀតពេលពន្យល់រឿងប្រៀបប្រដូចនេះ ឬពន្យល់រឿងប្រៀបប្រដូចមួយទៀតដែលមានការបកស្រាយន័យដូចគ្នា។ ប្រហែលជាសៀវភៅនោះបញ្ជក់ថា អ្វីដែលសំខាន់សំរាប់អាពាហ៍ពិពាហ៍ គឺការមានគូដ៏ល្អម្នាក់ និងការខិតខំសហការជាមួយគ្នា។ ឧទាហរណ៍ សៀវភៅនោះប្រហែលជាប្រាប់អំពីអ្នកលេងសៀកម្នាក់ដែលលោតបង្វិលខ្លួនទៅលើ ហើយលែងទោងនោះដោយទុកចិត្តគូលេងសៀករបស់គាត់នឹងចាប់គាត់បាន។ យើងអាចប្រើរឿងប្រៀបប្រដូចមួយទៀត ស្តីអំពីការមានគូដ៏ល្អម្នាក់ និងការខិតខំសហការជាមួយគ្នា ដោយប្រាប់អំពីពួកអ្នកធ្វើការដែលឈរជិតៗគ្នាជាជួរដើម្បីជញ្ជូនអីវ៉ាន់ចេញពីទូកដោយហុចបន្តគ្នា។
១៧. តើយើងរៀនអ្វីខ្លះអំពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ?
១៧ យើងត្រូវតែរៀបចំទុកជាមុន បើយើងចង់ប្រើរឿងប្រៀបប្រដូចផ្សេងនោះ។ ប៉ុន្តែ នេះគឺជារបៀបដែលយើងបង្ហាញនូវការយកចិត្តទុកដាក់នឹងសិស្សព្រះគម្ពីរ។ ព្រះយេស៊ូបានប្រើរឿងប្រៀបប្រដូចស្រួលយល់ ដើម្បីជួយបំភ្លឺរឿងដែលពិបាកយល់។ ធម្មទានរបស់ព្រះយេស៊ូនៅលើភ្នំផ្ដល់នូវគំរូអំពីរឿងនេះ ហើយព្រះគម្ពីរបង្ហាញថាការបង្រៀនរបស់ទ្រង់គឺមានប្រសិទ្ធភាពបំផុតចំពោះអ្នកស្ដាប់។ (ម៉ាថាយ ៥:១–៧:២៩) ដោយអត់ធ្មត់ ព្រះយេស៊ូបានពន្យល់រឿងផ្សេងៗជូនអ្នកដទៃស្ដាប់ ពីព្រោះទ្រង់យកព្រះទ័យទុកដាក់នឹងពួកគេ។—ម៉ាថាយ ១៦:៥-១២
១៨. តើមានយោបល់ណាខ្លះបញ្ជាក់អំពីបទគម្ពីរដែលមានក្នុងប្រកាសនវត្ថុរបស់យើងតែមិនបានដកស្រង់នោះ?
១៨ ដោយសារយើងយកចិត្តទុកដាក់នឹងអ្នកដទៃ នេះនឹងជំរុញចិត្តយើងឲ្យ‹វែកញែកដោយប្រើព្រះគម្ពីរ›។ (កិច្ចការ ១៧:២,៣) យើងត្រូវសិក្សាដោយមានចិត្តស្មោះនិងអធិស្ឋានថ្វាយព្រះ ព្រមទាំងឆ្លៀតយកប្រយោជន៍ពីប្រកាសនវត្ថុរបស់«នាយដំរួតការដែលស្មោះត្រង់»។ (លូកា ១២:៤២-៤៤) ជាឧទាហរណ៍ សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច មានបទគម្ពីរជាច្រើនដែលបានដកស្រង់ហើយ។a ដោយសារសៀវភៅនេះពុំមានកន្លែងដាក់ពត៌មានច្រើនបាន នោះគេបានដាក់បទគម្ពីរខ្លះក្នុងនោះដែលមិនបានដកស្រង់ទេ។ ក្នុងកំឡុងពេលសិក្សាព្រះគម្ពីរ គឺសំខាន់ណាស់ដែលយើងអាននិងពន្យល់បទគម្ពីរខ្លះដែលមានក្នុងវគ្គតែមិនបានដកស្រង់នោះ។ យ៉ាងណាមិញ សេចក្ដីបង្រៀនរបស់យើងគឺមានមូលដ្ឋានលើព្រះបន្ទូលរបស់ព្រះ ហើយមានអំណាចណាស់។ (ហេព្រើរ ៤:១២) ចូរដៅបញ្ជាក់ទៅលើបទគម្ពីរពេលសិក្សាម្ដងៗ និងប្រើបទគម្ពីរក្នុងវគ្គនោះឲ្យបានច្រើន។ ចូរជួយសិស្សឲ្យឃើញថា ព្រះគម្ពីរចែងយ៉ាងណាអំពីរឿងខ្លះឬការប្រព្រឹត្តណាមួយ។ ចូរខំប្រឹងបង្ហាញគាត់នូវរបៀបដែលគាត់ទទួលប្រយោជន៍ពីការស្ដាប់បង្គាប់ព្រះ។—អេសាយ ៤៨:១៧, ១៨
ចូរសួរសំនួរត្រិះរិះ
១៩, ២០. (ក) ពេលយើងនាំមុខការសិក្សាព្រះគម្ពីរតាមផ្ទះ ហេតុអ្វីក៏យើងត្រូវសួរសំនួរអំពីទស្សនៈរបស់គាត់? (ខ) ប្រសិនបើសិស្សយើងត្រូវការពិចារណាថែមទៀតអំពីប្រធានណាមួយ តើយើងអាចធ្វើយ៉ាងណា?
១៩ ដោយសារព្រះយេស៊ូពូកែក្នុងការសួរសំនួរ នោះក៏បានជួយមនុស្សឲ្យគិតវែកញែក។ (ម៉ាថាយ ១៧:២៤-២៧) ប្រសិនបើយើងសួរសំនួរអំពីទស្សនៈ ដែលមិនធ្វើឲ្យសិស្សព្រះគម្ពីរអាម៉ាស់មុខ នោះចម្លើយរបស់គាត់អាចបញ្ជាក់ថាគាត់កំពុងតែគិតយ៉ាងណាអំពីប្រធានណាមួយ។ យើងប្រហែលជាដឹងថាគាត់នៅមានទស្សនៈដែលប្រឆាំងព្រះគម្ពីរ។ ជាឧទាហរណ៍ គាត់ប្រហែលជាជឿលើលទ្ធិព្រះឯកត្រីអង្គឬព្រះត្រីឯកភាព។ នៅក្នុងជំពូកទី៣នៃសៀវភៅចំណេះ បង្ហាញថាមិនមានពាក្យ«ព្រះឯកត្រីអង្គឬព្រះត្រីឯកភាព»នៅក្នុងព្រះគម្ពីរទេ។ សៀវភៅនេះដកស្រង់បទគម្ពីរខ្លះនិងបទគម្ពីរខ្លះដែលមិនបានដកស្រង់ក៏បង្ហាញថា ព្រះយេហូវ៉ាគឺជាបុគ្គលផ្សេងពីព្រះយេស៊ូ ហើយថាវិញ្ញាណបរិសុទ្ធគឺជាសកម្មពលរបស់ព្រះ មិនមែនជាបុគ្គលម្នាក់ទេ។ ការអាននិងពិគ្រោះនូវបទគម្ពីរទាំងនេះ ប្រហែលជាគ្រប់គ្រាន់ដើម្បីពន្យល់ចំណុចនេះ។ ប៉ុន្តែ ចុះយ៉ាងណាវិញ បើត្រូវការពន្យល់បន្ថែមទៀតនោះ? ប្រហែលជាបន្ទាប់ពីការសិក្សានៅលើកក្រោយ យើងអាចចំណាយពេលខ្លះពិគ្រោះលើប្រធាននេះដែលមានក្នុងប្រកាសនវត្ថុមួយទៀតនៃស្មរបន្ទាល់ព្រះយេហូវ៉ា ដូចជាកូនសៀវភៅប្រធានបទគម្ពីរសំរាប់ការពិគ្រោះ ក្រោមចំណងជើងថា«ព្រះឯកត្រីអង្គ»។ ក្រោយមក យើងអាចបន្តសិក្សាដោយប្រើសៀវភៅចំណេះវិញ។
២០ ឧបមាថា សិស្សឆ្លើយពីទស្សនៈគាត់ ដែលធ្វើឲ្យយើងភ្ញាក់ផ្អើលឬក៏ចម្លើយរបស់គាត់ធ្វើឲ្យយើងខកចិត្តទៅវិញ។ ប្រសិនបើនេះជាប្រធានដែលប្រហែលជាធ្វើឲ្យគាត់ទោមនស្សក្នុងចិត្ត ដូចជាការជក់បារី យើងអាចឲ្យយោបល់ថាយើងនឹងបន្តសិក្សាហើយពិគ្រោះរឿងនេះនៅពេលក្រោយ។ ដោយដឹងថាសិស្សនោះនៅជក់បារី យើងអាចរកពត៌មានក្នុងប្រកាសនវត្ថុយើងដែលអាចជួយគាត់ឲ្យរីកចំរើនខាងវិញ្ញាណ។ ក្នុងកាលដែលយើងខំប្រឹងបង្រៀនដើម្បីឲ្យពត៌មានបានជ្រួតជ្រាបទៅក្នុងចិត្តសិស្ស នោះយើងអាចអធិស្ឋានថ្វាយព្រះយេហូវ៉ាឲ្យជួយសិស្សនោះបានរីកចំរើនខាងវិញ្ញាណ។
២១. តើនឹងមានលទ្ធផលយ៉ាងណា បើយើងខំប្រើរបៀបបង្រៀនដែលសមនឹងតម្រូវការរបស់សិស្សព្រះគម្ពីរម្នាក់នោះ?
២១ ប្រាកដណាស់ យើងនឹងអាចប្រើរបៀបបង្រៀនដែលសមនឹងតម្រូវការនៃសិស្សនោះ បើយើងរៀបចំបានល្អជាមុននិងទទួលជំនួយពីព្រះយេហូវ៉ានោះ។ នៅពេលក្រោយមក យើងនឹងអាចជួយគាត់បណ្ដុះឲ្យមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះព្រះ។ យើងក៏អាចទទួលបានជោគជ័យក្នុងការធ្វើឲ្យគាត់មានការគោរពហើយមានកតញ្ញូធម៌ចំពោះអង្គការរបស់ព្រះយេហូវ៉ាដែរ។ នៅពេលសិស្សព្រះគម្ពីរទទួលស្គាល់ថា‹ព្រះទ្រង់គង់នៅក្នុងចំណោមយើងមែន› នេះធ្វើឲ្យយើងសប្បាយចិត្តណាស់! (កូរិនថូសទី១ ១៤:២៤, ២៥) ដូច្នេះហើយ សូមឲ្យយើងនាំមុខការសិក្សាព្រះគម្ពីរដោយមានប្រសិទ្ធភាព និងខំប្រឹងជួយអ្នកដទៃឲ្យធ្វើជាសិស្សរបស់ព្រះយេស៊ូដែរ។
រតនសម្បត្ដិដែលត្រូវស្រឡាញ់
២២, ២៣. បើយើងត្រូវបំពេញកិច្ចបំរើផ្សាយយើងឲ្យបានគ្រប់ជំពូក តើយើងត្រូវការអ្វី?
២២ យើងត្រូវពឹងលើកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីបំពេញកិច្ចបំរើផ្សាយយើងឲ្យបានគ្រប់ជំពូក។ ប៉ុលបានសរសេរទៅពួកគ្រីស្ទានចាក់ប្រេងតាំងគ្នីគ្នាស្តីអំពីកិច្ចបំរើផ្សាយថា៖ «យើងមានទ្រព្យសម្បត្ដិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិដ៏លើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ»។—កូរិនថូសទី២ ៤:៧
២៣ ទោះជាយើងជាអ្នកចាក់ប្រេងតាំងឬបុគ្គលម្នាក់ពីចំណោម«ចៀមឯទៀត»ក៏ដោយ ក៏យើងប្រៀបដូចជាភាជនៈដីដែលស្រួលបែកណាស់។ (យ៉ូហាន ១០:១៦) ក៏ប៉ុន្តែ ព្រះយេហូវ៉ាអាចប្រទានឲ្យយើងនូវកម្លាំងដែលត្រូវការចាំបាច់ដើម្បីបំពេញនូវកិច្ចការរបស់យើង មិនថាយើងមានការគាបសង្កត់ខ្លាំងយ៉ាងណាក៏ដោយ។ (យ៉ូហាន ១៦:១៣; ភីលីព ៤:១៣) ដូច្នេះហើយ សូមឲ្យយើងទុកចិត្តលើព្រះយេហូវ៉ាទាំងស្រុងចុះ ដោយស្រឡាញ់យ៉ាងខ្លាំងនូវកិច្ចបំរើរបស់យើង និងបំពេញកិច្ចបំរើផ្សាយរបស់យើងឲ្យបានគ្រប់ជំពូក។
[កំណត់សម្គាល់]
a បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើអ្នកចាស់ទុំអាចធ្វើអ្វី ដើម្បីបំពេញកិច្ចបំរើផ្សាយរបស់ខ្លួនឲ្យបានគ្រប់ជំពូក?
• តើយើងអាចនាំមុខការសិក្សាព្រះគម្ពីរតាមផ្ទះឲ្យមានប្រសិទ្ធភាពយ៉ាងណា?
• តើយើងនឹងធ្វើយ៉ាងណា បើសិស្សព្រះគម្ពីរមិនយល់នូវរឿងប្រៀបប្រដូច ឬត្រូវការពត៌មានបន្ថែមចំពោះប្រធានណាមួយនោះ?
[រូបភាពនៅទំព័រ២៥]
អ្នកចាស់ទុំគ្រីស្ទានបង្រៀនក្នុងក្រុមជំនុំ និងជួយបង្ហាត់បង្រៀនអ្នកជឿគ្នីគ្នាក្នុងកិច្ចបំរើផ្សាយ
[រូបភាពនៅទំព័រ២៧]
វិធីមួយដែលយើងធ្វើឲ្យពន្លឺយើងបានភ្លឺ គឺដោយនាំមុខការសិក្សាព្រះគម្ពីរតាមផ្ទះឲ្យមានប្រសិទ្ធភាព