ការមិនរស់សំរាប់តែខ្លួនឯងទៀត
«[ព្រះគ្រីស្ទ]បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត»។—កូរិនថូសទី២ ៥:១៥
១, ២. តើបទបញ្ជាអ្វីក្នុងព្រះគម្ពីរបានជំរុញចិត្តអ្នកកាន់តាមព្រះយេស៊ូនៅសតវត្សរ៍ទីមួយឲ្យយកឈ្នះអត្តទត្ថភាព?
នៅរាត្រីចុងក្រោយបង្អស់របស់ព្រះយេស៊ូនៅលើផែនដី ពេលដែលនៅសល់តែប៉ុន្មានម៉ោងមុនទ្រង់ត្រូវថ្វាយព្រះជន្មជំនួសអស់អ្នកដែលជឿទៅលើទ្រង់នោះ ព្រះយេស៊ូបានមានបន្ទូលប្រាប់សាវ័កស្មោះភក្ដីរបស់ទ្រង់នូវរឿងសំខាន់ៗជាច្រើន។ រឿងសំខាន់ៗនោះបានរួមបញ្ចូលបទបញ្ជាមួយស្តីអំពីគុណសម្បត្ដិដែលត្រូវជាសញ្ញាសម្គាល់អ្នកកាន់តាមទ្រង់។ ទ្រង់មានបន្ទូលថា៖«ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។—យ៉ូហាន ១៣:៣៤, ៣៥
២ បណ្ដាគ្រីស្ទានពិតត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកដោយសុខចិត្តលះបង់ប្រយោជន៍ខ្លួន ហើយដោយគិតអំពីសេចក្ដីត្រូវការរបស់បងប្អូនដែលរួមជំនឿជាជាងគិតពីខ្លួនឯង។ ជនគ្រីស្ទានពិតទាំងនេះក៏មិនគួរមានចិត្តញញើតចំពោះការ«ប្ដូរជីវិតជំនួសពួកសំឡាញ់របស់ខ្លួន»ដែរ។ (យ៉ូហាន ១៥:១៣) តើពួកគ្រីស្ទានសម័យដើមបានធ្វើតាមបង្គាប់នេះយ៉ាងណា? លោកធើធូលាន ជាអ្នកនិពន្ធនៅសតវត្សរ៍ទីពីរដែលបានសរសេរសៀវភៅដ៏ល្បីមួយមានចំណងជើងថា ការសុំអភ័យទោស ហើយក្នុងសៀវភៅនោះគាត់បានដកស្រង់សំដីរបស់មនុស្សដទៃដែលបាននិយាយអំពីពួកគ្រីស្ទានថា៖ ‹ឃើញទេ? នូវរបៀបដែលគេស្រឡាញ់គ្នានោះ ពោលគឺ សុខចិត្តស្លាប់ជំនួសគ្នាទៅវិញទៅមក›។
៣, ៤. (ក) ហេតុអ្វីបានជាយើងគួរខំទប់ទល់នឹងអត្តទត្ថភាព? (ខ) ក្នុងអត្ថបទនេះ តើយើងនឹងពិនិត្យមើលអ្វី?
៣ យើងរាល់គ្នាក៏ត្រូវបន្ត«យកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ»។ (កាឡាទី ៦:២) ក៏ប៉ុន្តែ អត្តទត្ថភាពជាឧបសគ្គធំជាងគេក្នុងការខិតខំធ្វើតាមបទបញ្ជារបស់ព្រះគ្រីស្ទ ហើយក្នុងការ‹ស្រឡាញ់ព្រះយេហូវ៉ា ជាព្រះរបស់យើងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិត ហើយការស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង›។ (ម៉ាថាយ ២២:៣៧-៣៩) ដោយសារយើងជាមនុស្សមានភាពមិនគ្រប់ល័ក្ខណ៍ នោះយើងមានភាពទោរទន់ទៅរកអាត្មានិយម។ ពេលដែលទំនោរចិត្តនេះគួបផ្សំជាមួយការតានតឹងដែលមកពីកង្វាយកង្វល់ក្នុងជីវិតប្រចាំថ្ងៃ ការប្រកួតប្រជែងគ្នានៅឯសាលារៀនឬកន្លែងធ្វើការ ហើយការព្យាយាមទាំងលំបាកក្នុងការចិញ្ចឹមជីវិត នោះធ្វើឲ្យមានទំនោរចិត្តចំពោះអត្តទត្ថភាពកាន់តែខ្លាំងឡើងៗ។ ទំនោរចិត្តទន់ទោរទៅរកអត្តទត្ថភាពនេះ មិនចុះខ្សោយសោះ។ សាវ័កប៉ុលបានព្រមានថា៖ «នៅពេលចុងក្រោយបង្អស់ . . . មនុស្សម្នានឹងមានចិត្តអាត្មានិយម»។—ធីម៉ូថេទី២ ៣:១, ២, ខ.ស.
៤ នៅជិតដំណាច់កិច្ចបំរើផ្សាយរបស់ព្រះយេស៊ូនៅលើផែនដី ទ្រង់បានមានបន្ទូលប្រាប់សិស្សទ្រង់អំពីជំហានបីដែលអាចជួយឲ្យពួកគេយកឈ្នះអត្តទត្ថភាព។ តើមានជំហានអ្វីខ្លះ? ហើយតើយើងអាចទទួលប្រយោជន៍បានយ៉ាងណា ពីការណែនាំរបស់ព្រះយេស៊ូ?
វិធីទប់ទល់យ៉ាងល្អ!
៥. ពេលដែលព្រះយេស៊ូបានផ្សព្វផ្សាយនៅស្រុកកាលីឡេប៉ែកខាងជើងនោះ តើទ្រង់ពន្យល់ឲ្យសិស្សទ្រង់ដឹងអ្វី? ហេតុអ្វីបានជាដំណឹងនោះគួរឲ្យរន្ធត់សំរាប់ពួកសិស្ស?
៥ ព្រះយេស៊ូបានផ្សព្វផ្សាយនៅក្បែរទីក្រុងសេសារាភីលីព នៅឯស្រុកកាលីឡេប៉ែកខាងជើង។ តំបន់ដ៏សុខសាន្តហើយស្អាតនោះមើលទៅសមជាកន្លែងដើរលេង ជាជាងកន្លែងរៀនអំពីពលិកម្ម។ យ៉ាងណាក៏ដោយ នៅទីនោះព្រះយេស៊ូបានចាប់ផ្ដើមពន្យល់ឲ្យសិស្សទ្រង់ដឹងថា«ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើននៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជ នឹងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ»។ (ម៉ាថាយ ១៦:២១) ការពន្យល់នោះច្បាស់ជាគួរឲ្យរន្ធត់សំរាប់សិស្សទ្រង់ ដ្បិតរហូតមកដល់ពេលនោះពួកគេបានសង្ឃឹមថា មគ្គុទ្ទេសក៍របស់ពួកគេនឹងស្ថាបនាព្រះរាជាណាចក្ររបស់ទ្រង់នៅលើផែនដី!—លូកា ១៩:១១; កិច្ចការ ១:៦
៦. ហេតុអ្វីបានជាព្រះយេស៊ូស្តីបន្ទោសពេត្រុសយ៉ាងខ្លាំងដូច្នេះ?
៦ ភ្លាមៗនោះ ពេត្រុសបាន«នាំ[ព្រះយេស៊ូ]មកជិត ចាប់តាំងទូលចំទាស់ថា៖ ‹ឱព្រះអម្ចាស់អើយ! សូមទ្រង់ប្រណីអង្គទ្រង់វិញ។ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ›»។ តើព្រះយេស៊ូមានបន្ទូលតបវិញយ៉ាងណា? «ទ្រង់បែរទៅមានបន្ទូលនឹងគាត់ថា៖ ‹សាតាំងអើយ! ចូរថយទៅក្រោយអញទៅ! ឯងជាសេចក្ដីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ›»។ កំណត់ហេតុនេះបង្ហាញនូវភាពខុសគ្នាយ៉ាងឆ្ងាយរវាងទស្សនៈទាំងពីរនោះ! ព្រះយេស៊ូសព្វព្រះហឫទ័យលះបង់ព្រះជន្មតាមព្រះហឫទ័យរបស់ព្រះ ដែលមានន័យថាប៉ុន្មានខែក្រោយមកទៀតទ្រង់ត្រូវសោយទិវង្គតនៅលើបង្គោលទារុណកម្ម។ តែពេត្រុសលើកទឹកចិត្តឲ្យទ្រង់មានរបៀបរស់នៅសុខស្រួលវិញ។ គាត់និយាយថា៖ «សូមទ្រង់ប្រណីអង្គទ្រង់»។ ពេត្រុសច្បាស់ជាមានចេតនាល្អ តែព្រះយេស៊ូបានស្តីបន្ទោសគាត់ ពីព្រោះពេលនោះពេត្រុសបានអនុញ្ញាតឲ្យសាតាំងមានឥទ្ធិពលលើគាត់។ ពេត្រុស«មិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ»។—ម៉ាថាយ ១៦:២២, ២៣
៧. ស្របទៅតាមកំណត់នៅម៉ាថាយ ១៦:២៤ តើព្រះយេស៊ូមានបន្ទូលឲ្យអ្នកកាន់តាមទ្រង់រស់នៅបែបយ៉ាងណា?
៧ ពាក្យដែលពេត្រុសនិយាយទៅកាន់ព្រះយេស៊ូនោះ ក៏មានដូចគ្នាសព្វថ្ងៃនេះដែរ។ លោកីយ៍នេះតែងតែនិយាយថា ‹កុំឲ្យពិបាកខ្លួនពេក› ឬថាគួរឲ្យយើង‹ចូលស្ទឹងតាមបទ›។ ផ្ទុយទៅវិញ ព្រះយេស៊ូបានប្រទានយោបល់ឲ្យយើងមានចិត្តគំនិតមួយផ្សេងទាំងស្រុងទៅវិញ។ ព្រះយេស៊ូមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ថា៖ «បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាង[ឬ«បង្គោលទារុណកម្ម», ព.ថ.]ខ្លួនមកតាមខ្ញុំ[«ជាដរាប», ព.ថ.]ចុះ!»។ (ម៉ាថាយ ១៦:២៤) មានការពន្យល់ក្នុងការបកប្រែព្រះគម្ពីរមួយថា៖ «បន្ទូលនេះមិនមែនជាការអញ្ជើញឲ្យអ្នកថ្មីមកធ្វើជាសិស្សទេ តែជាការលើកទឹកចិត្តពួកអ្នកដែលបានធ្វើតាមបង្គាប់របស់ព្រះគ្រីស្ទរួចហើយ ឲ្យរំពឹងគិតអំពីអត្ថន័យនៃការធ្វើជាសិស្ស»។ (The New Interpreter’s Bible) ជំហានបីដែលព្រះយេស៊ូបានរៀបរាប់ ដែលបានកត់ទុកក្នុងខនោះ គឺជាជំហានដែលអ្នកជឿត្រូវធ្វើតាម។ សូមឲ្យយើងពិនិត្យមើលជំហានម្ដងមួយៗ។
៨. សូមពន្យល់ថា ការលះកាត់ចិត្តខ្លួនឯងមានន័យអ្វី?
៨ ទីមួយ យើងត្រូវលះកាត់ចិត្តខ្លួនឯងចោលចេញ។ ពាក្យភាសាក្រិចដែលបកប្រែថា «លះកាត់ចិត្តខ្លួនឯងចោលចេញ» បង្កប់អត្ថន័យថា សុខចិត្តបដិសេធចិត្តប្រាថ្នាដ៏អត្តទត្ថនិងការរកប្រយោជន៍របស់ខ្លួនឯង។ ការលះកាត់ចិត្តខ្លួនឯងមិនមែនជាការសុខចិត្តលះបង់ភាពសុខស្រួលរបស់ខ្លួនម្ដងម្កាលប៉ុណ្ណោះទេ ហើយក៏មិនមានន័យថាយើងគួរក្លាយជាតាបសឬធ្វើទុក្ខដល់ខ្លួនឡើយ។ យើង«មិនមែនជារបស់ផងខ្លួន»ក្នុងន័យថា យើងស្ម័គ្រចិត្តលះបង់ជីវិតទាំងមូលនិងអ្វីៗក្នុងជីវិតនោះថ្វាយព្រះយេហូវ៉ា។ (កូរិនថូសទី១ ៦:១៩, ២០) ជាជាងផ្ដោតអារម្មណ៍លើខ្លួនឯងនោះ យើងផ្ដោតអារម្មណ៍លើព្រះវិញ។ ការលះកាត់ចិត្តខ្លួនឯងក៏មានន័យថា យើងប្ដេជ្ញាធ្វើតាមព្រះហឫទ័យរបស់ព្រះ ទោះបើទង្វើនោះប្រឆាំងនឹងទំនោរចិត្តមិនគ្រប់ល័ក្ខណ៍របស់យើងក៏ដោយ។ ពេលដែលយើងឧទ្ទិសថ្វាយខ្លួនដល់ព្រះនិងទទួលបុណ្យជ្រមុជទឹក នោះយើងបង្ហាញថាយើងប្រគល់ខ្លួនទាំងស្រុងដើម្បីធ្វើតាមព្រះហឫទ័យព្រះ។ បន្ទាប់មក យើងខំធ្វើតាមការឧទ្ទិសថ្វាយខ្លួនរបស់យើងអស់មួយជីវិត។
៩. (ក) កាលដែលព្រះយេស៊ូរស់នៅលើផែនដី តើបង្គោលទារុណកម្មតំណាងអ្វី? (ខ) តើយើងផ្ទុកបង្គោលទារុណកម្មក្នុងន័យអ្វី?
៩ ជំហានទីពីរ គឺយើងត្រូវផ្ទុកបង្គោលទារុណកម្ម។ នៅសតវត្សរ៍ទីមួយ បង្គោលទារុណកម្មតំណាងការរងទុក្ខ ការអាម៉ាស់មុខ និងសេចក្ដីស្លាប់។ តាមធម្មតា មានតែឧក្រិដ្ឋជនទេ ដែលត្រូវបានប្រហារជីវិតលើបង្គោលទារុណកម្ម ឬត្រូវគេព្យួរសាកសពនៅលើបង្គោល។ ពេលព្រះយេស៊ូប្រើពាក្យនេះ ទ្រង់បង្ហាញថា ជនគ្រីស្ទានត្រូវសុខចិត្តទទួលទុក្ខបៀតបៀន សំអប់ ឬរហូតដល់ស្លាប់ ដោយសារយើងមិនមែនជារបស់ផងលោកីយ៍ទេ។ (យ៉ូហាន ១៥:១៨-២០) ខ្នាតតម្រាគ្រីស្ទានធ្វើឲ្យយើងខុសប្លែកពីលោកីយ៍ ហេតុនេះលោកីយ៍នឹង‹ប្រមាថដល់យើង›វិញ។ (ពេត្រុសទី១ ៤:៤) នេះអាចកើតឡើងនៅឯសាលា នៅកន្លែងធ្វើការឬនៅក្នុងរង្វង់គ្រួសារក៏មានដែរ។ (លូកា ៩:២៣) យ៉ាងណាក្ដី យើងសុខចិត្តស៊ូទ្រាំសំអប់ពីលោកីយ៍នេះពីព្រោះយើងលែងរស់សំរាប់តែខ្លួនឯងទៀត។ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ។ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ! ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌»។ (ម៉ាថាយ ៥:១១, ១២) ប្រាកដហើយ ការផ្គាប់ព្រះហឫទ័យរបស់ព្រះជាអ្វីដែលសំខាន់បំផុត។
១០. តើការកាន់តាមព្រះយេស៊ូជាដរាប រួមបញ្ចូលអ្វីខ្លះ?
១០ ទីបី ព្រះយេស៊ូគ្រីស្ទបានមានបន្ទូលថា យើងត្រូវតាមទ្រង់ជាដរាប។ យោងទៅតាមវចនានុក្រមពិពណ៌នាពាក្យពីសញ្ញាថ្មី របស់លោកវ៉ែន ពាក្យ តាម មានន័យថា ធ្វើជាគូកន ឬ«អ្នកដែលធ្វើដំណើរតាមទិសដូចគ្នា»។ យ៉ូហានទី១ ២:៦ ចែងថា៖ «អ្នកណាដែលថាខ្លួននៅក្នុង[ព្រះ] នោះត្រូវតែប្រព្រឹត្តដូចជា[ព្រះគ្រីស្ទ]ដែរ»។ តើព្រះយេស៊ូបានប្រព្រឹត្តយ៉ាងណា? សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូចំពោះព្រះវរបិតានៅស្ថានសួគ៌និងចំពោះសិស្សរបស់ទ្រង់ មិនអនុញ្ញាតឲ្យទ្រង់បង្ហាញនូវអត្តទត្ថភាពសោះឡើយ។ សាវ័កប៉ុលបានសរសេរថា៖ «ព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់»។ (រ៉ូម ១៥:៣) សូម្បីតែពេលដែលព្រះយេស៊ូអស់ព្រះកាយពលឬឃ្លានក្ដី ទ្រង់តែងតែចង់បំពេញសេចក្ដីត្រូវការរបស់អ្នកដទៃមុននឹងបំពេញព្រះហឫទ័យរបស់អង្គទ្រង់ផ្ទាល់។ (ម៉ាកុស ៦:៣១-៣៤) ព្រះយេស៊ូក៏បានព្យាយាមខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយនិងបង្រៀនអំពីព្រះរាជាណាចក្ររបស់ព្រះ។ យើងគួរតែយកតម្រាប់តាមទ្រង់ដែរ ពេលបំពេញកិច្ចការដែលយើងបានទទួលក្នុងការ‹បញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដីដែលព្រះយេស៊ូបានបង្គាប់› មែនទេ? (ម៉ាថាយ ២៨:១៩, ២០) ក្នុងគ្រប់ទិដ្ឋភាពនៃព្រះជន្មព្រះគ្រីស្ទ ទ្រង់បានទុកដំរាប់ឬគំរូឲ្យយើង ហើយយើងត្រូវ«ដើរតាមលំអានដាននៃទ្រង់»ដែរ។—ពេត្រុសទី១ ២:២១
១១. ហេតុអ្វីបានជាសំខាន់ណាស់ឲ្យយើងលះកាត់ចិត្តខ្លួនឯងចោលចេញ ផ្ទុកបង្គោលទារុណកម្មខ្លួន និងធ្វើតាមព្រះយេស៊ូគ្រីស្ទជាដរាប?
១១ ការលះកាត់ចិត្តខ្លួនឯងចោលចេញ ការផ្ទុកបង្គោលទារុណកម្មខ្លួន និងការធ្វើតាមជាដរាបនូវបុគ្គលដែលបានទុកគំរូដ៏ឧត្តមឲ្យយើង គឺជាការចាំបាច់ណាស់! ទង្វើនេះអាចទប់ទល់នឹងអត្តទត្ថភាពដែលជាឧបសគ្គពិតក្នុងការបង្ហាញនូវសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួន។ ម្យ៉ាងទៀត ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ ដ្បិតបើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ?»។—ម៉ាថាយ ១៦:២៥, ២៦
យើងមិនអាចបំរើចៅហ្វាយពីរនាក់បានទេ
១២, ១៣. (ក) នាម៉ឺនវ័យក្មេងដែលបានសុំយោបល់ពីព្រះយេស៊ូ តើគាត់ខ្វល់ខ្វាយអំពីអ្វី? (ខ) តើព្រះយេស៊ូជូនយោបល់អ្វីដល់យុវបុរសនោះ? ហើយហេតុអ្វី?
១២ ប៉ុន្មានខែក្រោយពីព្រះយេស៊ូបានដៅបញ្ជាក់ដល់សិស្សទ្រង់នូវសារៈសំខាន់នៃការលះកាត់ចិត្តខ្លួនឯងនោះ នាម៉ឺនវ័យក្មេងម្នាក់ដែលជាអ្នកមានបានមកឯទ្រង់ទូលថា៖ «លោកគ្រូអើយ! តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានបន្ទូលប្រាប់គាត់ថា៖ «ចូរកាន់តាមបញ្ញត្តទាំងប៉ុន្មានចុះ!» ហើយក្រោយមកទ្រង់បានលើកបញ្ជាក់ពីបញ្ញត្តខ្លះនោះ។ យុវបុរសនោះបានទូលទ្រង់ថា៖ «ខ្ញុំបានកាន់តាមគ្រប់សេចក្ដីទាំងនោះ»។ បុរសនោះទំនងជាបានព្យាយាមធ្វើតាមបញ្ញត្តក្នុងក្រិត្យវិន័យដោយចិត្តស្មោះ ដូច្នេះគាត់សួរថា៖ «តើនៅខ្វះអ្វីទៀត?»។ ព្រះយេស៊ូបានតបឆ្លើយដោយប្រទានការអញ្ជើញដ៏ល្អឯកដល់យុវបុរសនោះដោយមានបន្ទូលថា៖ «បើអ្នកចង់បានជាគ្រប់លក្ខណ៍[ឬ«ពេញលក្ខណៈ», New American Standard Bible] ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្ដិ នៅឯស្ថានសួគ៌វិញ រួចឲ្យមកតាមខ្ញុំចុះ!»។—ម៉ាថាយ ១៩:១៦-២១
១៣ ព្រះយេស៊ូជ្រាបថា បើយុវបុរសនោះចង់បំរើព្រះយេហូវ៉ាយ៉ាងអស់ពីព្រលឹង គាត់ត្រូវតែដកចេញនូវអ្វីដែលអាចរាំងស្ទាក់ផ្លូវបាន ពោលគឺ ទ្រព្យសម្បត្ដិ។ សិស្សពិតរបស់ព្រះគ្រីស្ទមិនអាចបំរើចៅហ្វាយពីរនាក់បានទេ។ សិស្សទ្រង់«ពុំអាចនឹងគោរពដល់ព្រះ នឹងទ្រព្យសម្បត្ដិផងបានទេ»។ (ម៉ាថាយ ៦:២៤) សិស្សរបស់ព្រះយេស៊ូត្រូវការនូវ‹ភ្នែកល្អ›ដែលផ្ចង់អារម្មណ៍ទៅលើរឿងខាងវិញ្ញាណ។ (ម៉ាថាយ ៦:២២) ការបោះបង់ចោលវត្ថុទ្រព្យរបស់ខ្លួនដោយយកទៅឲ្យអ្នកក្រ គឺជាការលះបង់ប្រយោជន៍ខ្លួនឯង។ បើនាម៉ឺនវ័យក្មេងនោះសុខចិត្តលះចោលទ្រព្យសម្បត្ដិរបស់ខ្លួនដូច្នេះ ព្រះយេស៊ូនឹងអញ្ជើញឲ្យគាត់ទទួលឯកសិទ្ធិដ៏ប្រៀបផ្ទឹមពុំបាន គឺការប្រមូលទ្រព្យនៅឯស្ថានសួគ៌វិញ។ ទ្រព្យសម្បត្ដិបែបនោះអាចនាំឲ្យគាត់ទទួលជីវិតជារៀងរហូត និងសេចក្ដីសង្ឃឹមគ្រប់គ្រងជាមួយនឹងព្រះគ្រីស្ទនៅឯស្ថានសួគ៌។ យុវបុរសនោះមិនទាន់សុខចិត្តលះកាត់ចិត្តខ្លួនឯងទេ។ «កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្ដិជាច្រើន»។ (ម៉ាថាយ ១៩:២២) ក៏ប៉ុន្តែ អ្នកឯទៀតដែលបានកាន់តាមព្រះយេស៊ូ បានប្រព្រឹត្តខុសគ្នាពីនាម៉ឺននោះ។
១៤. តើអ្នកនេសាទបួននាក់បានធ្វើអ្វី ពេលទទួលការអញ្ជើញឲ្យដើរតាមព្រះយេស៊ូ?
១៤ ប្រមាណពីរឆ្នាំមុននោះ ព្រះយេស៊ូបានប្រទានការអញ្ជើញស្រដៀងគ្នាដល់អ្នកនេសាទបួននាក់ឈ្មោះពេត្រុស អនទ្រេ យ៉ាកុបនិងយ៉ូហាន។ ពេលនោះ ពីរនាក់កំពុងតែនេសាទត្រី ហើយពីរនាក់កំពុងតែជួសជុលសំណាញ់។ ព្រះយេស៊ូបានមានបន្ទូលទៅពួកគាត់ថា៖ «ចូរមកតាមខ្ញុំៗនឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ»។ នៅទីបំផុត បួននាក់នោះបានលះបង់មុខរបរនេសាទ ហើយបានដើរតាមព្រះយេស៊ូអស់មួយជីវិត។—ម៉ាថាយ ៤:១៨-២២
១៥. តើស្មរបន្ទាល់ម្នាក់របស់ព្រះយេហូវ៉ានៅសម័យយើងនេះបានលះបង់អ្វីខ្លះដើម្បីកាន់តាមព្រះយេស៊ូ?
១៥ ជនគ្រីស្ទានជាច្រើនសព្វថ្ងៃនេះបានធ្វើតាមគំរូរបស់អ្នកនេសាទបួននាក់នោះ ជាជាងធ្វើតាមនាម៉ឺនវ័យក្មេងម្នាក់ដែលជាអ្នកមាន។ ពួកគេបានលះបង់ទ្រព្យសម្បត្ដិនិងឱកាសមានមុខមាត់ធំដុំក្នុងលោកីយ៍នេះ ដើម្បីបំរើព្រះយេហូវ៉ា។ បងស្រីដេបូរ៉ា មានប្រសាសន៍ថា៖ «ពេលដែលខ្ញុំមានអាយុ២២ឆ្នាំ ខ្ញុំត្រូវធ្វើការសម្រេចចិត្តដ៏ធំ»។ ដេបូរ៉ាពន្យល់ទៀតថា៖ «ខ្ញុំបានសិក្សាព្រះគម្ពីរអស់ប្រមាណប្រាំមួយខែ ហើយខ្ញុំមានចិត្តចង់ឧទ្ទិសថ្វាយជីវិតខ្ញុំដល់ព្រះយេហូវ៉ា ប៉ុន្តែក្រុមគ្រួសាររបស់ខ្ញុំបានប្រឆាំងខ្ញុំយ៉ាងខ្លាំង។ ពួកគាត់ជាមហាសេដ្ឋីហើយមានអារម្មណ៍ថា បើខ្ញុំក្លាយជាស្មរបន្ទាល់ម្នាក់ នេះនឹងនាំឲ្យពួកគាត់អាម៉ាស់ខ្មាសក្នុងសង្គម។ ពួកគាត់ទុកពេលឲ្យខ្ញុំ២៤ម៉ោងដើម្បីឲ្យខ្ញុំសម្រេចចិត្តជ្រើសរើសថា តើខ្ញុំចង់បានជីវិតសុខស្រួល ឬចង់ស្រឡាញ់នូវសេចក្ដីពិតវិញ? បើខ្ញុំមិនឈប់ទាក់ទងទាំងស្រុងជាមួយនឹងពួកស្មរបន្ទាល់ ក្រុមគ្រួសារខ្ញុំនឹងកាត់កាល់ខ្ញុំ ហើយផ្ដាច់មត៌ក។ ព្រះយេហូវ៉ាបានជួយឲ្យខ្ញុំធ្វើការសម្រេចចិត្តត្រឹមត្រូវ ហើយបានប្រទានកម្លាំងឲ្យខ្ញុំធ្វើតាមការសម្រេចចិត្តនោះ។ អស់៤២ឆ្នាំតាំងពីនោះមកខ្ញុំបានចូលរួមកិច្ចបំរើពេញពេលហើយមិនស្ដាយអ្វីសោះឡើយ។ ដោយសារខ្ញុំបានបែរខ្នងបដិសេធនឹងគន្លងជីវិតដែលគិតតែពីប្រយោជន៍និងការសប្បាយរបស់ខ្លួនប៉ុណ្ណោះ នោះខ្ញុំបានរួចខ្លួនពីជីវភាពរស់នៅរបស់ក្រុមគ្រួសាររបស់ខ្ញុំ ដែលចេះតែអសារឥតការហើយដែលស្គាល់តែការមិនសប្បាយចិត្ត។ ជាមួយស្វាមីខ្ញុំៗបានជួយមនុស្សជាងមួយរយនាក់ឲ្យរៀននូវសេចក្ដីពិត។ ខ្ញុំចាត់ទុកកូនចៅខាងវិញ្ញាណទាំងនេះជាអ្វីដែលមានតម្លៃច្រើនជាងទ្រព្យសម្បត្ដិទៅទៀត»។ ស្មរបន្ទាល់ព្រះយេហូវ៉ារាប់លាននាក់ទៀតមានគំនិតដូចបងស្រីដេបូរ៉ាដែរ។ ចុះអ្នកវិញ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ?
១៦. តើយើងអាចបង្ហាញយ៉ាងណា ថាយើងមិនរស់សំរាប់តែខ្លួនឯងទៀត?
១៦ ចិត្តប្រាថ្នាមិនចង់រស់សំរាប់តែខ្លួនឯងទៀត បានជំរុញចិត្តស្មរបន្ទាល់ព្រះយេហូវ៉ារាប់ពាន់នាក់ឲ្យធ្វើជាអ្នកត្រួសត្រាយដែលជាអ្នកប្រកាសសារព្រះរាជាណាចក្រពេញពេល។ ស្មរបន្ទាល់ឯទៀតដែលកាលៈទេសៈមិនអនុញ្ញាតឲ្យចូលរួមកិច្ចបំរើពេញពេលនោះ ក៏ខំបណ្ដុះឲ្យមានចិត្តគំនិតជាអ្នកត្រួសត្រាយហើយធ្វើកិច្ចការផ្សព្វផ្សាយពីព្រះរាជាណាចក្ររបស់ព្រះយ៉ាងអស់ពីសមត្ថភាពដែរ។ មាតាបិតាផ្សេងៗក៏បង្ហាញចិត្តគំនិតដូចគ្នាដែរ ពេលដែលគាត់ចំណាយពេលច្រើននិងលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីបង្ហាត់បង្រៀនកូនអំពីរឿងខាងវិញ្ញាណ។ មិនថាតាមរបៀបណាក្ដី យើងទាំងអស់គ្នាអាចបង្ហាញថា កិច្ចការខាងព្រះរាជាណាចក្ររបស់ព្រះតែងមានអាទិភាពក្នុងជីវិតរបស់យើង។—ម៉ាថាយ ៦:៣៣
តើសេចក្ដីស្រឡាញ់របស់អ្នកណាបង្ខំយើង?
១៧. តើអ្វីជំរុញឲ្យយើងលះបង់ប្រយោជន៍ខ្លួន?
១៧ ការបង្ហាញនូវសេចក្ដីស្រឡាញ់ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួនឯងមិនតែងតែជាផ្លូវដែលស្រួលជាងគេនោះទេ។ ប៉ុន្តែ សូមគិតទៅមើល តើអ្វីបង្ខំឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់នោះ? ប៉ុលបានសរសេរថា៖ «សេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទបង្ខំយើងខ្ញុំ ដោយយើងខ្ញុំពិចារណាឃើញថា បើម្នាក់បានស្លាប់ជំនួសអ្នកទាំងអស់ . . . ទ្រង់ក៏បានសុគតជំនួសមនុស្សទាំងអស់យ៉ាងនោះ គឺដើម្បីឲ្យពួកអ្នកដែលរស់នៅ មិនរស់សំរាប់តែខ្លួនឯងទៀត គឺរស់សំរាប់ព្រះអង្គ ដែលសុគតជំនួសគេ ហើយបានរស់ឡើងនោះវិញ»។ (កូរិនថូសទី២ ៥:១៤, ១៥) សេចក្ដីស្រឡាញ់របស់គ្រីស្ទជាអ្វីដែលបង្ខំឲ្យយើងរស់មិនមែនរស់សំរាប់តែខ្លួនឯងទៀត។ នេះជាមូលហេតុខ្លាំងណាស់ ឲ្យយើងធ្វើដូច្នេះ! ដោយសារព្រះគ្រីស្ទបានសោយទិវង្គតជំនួសយើង តើយើងទទួលស្គាល់នូវកាតព្វកិច្ចឲ្យរស់សំរាប់ទ្រង់វិញឬទេ? យ៉ាងណាមិញ ចិត្តកតញ្ញូចំពោះសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលព្រះយេហូវ៉ានិងព្រះគ្រីស្ទបានបង្ហាញដល់យើង បានបង្ខំឲ្យយើងឧទ្ទិសថ្វាយខ្លួនចំពោះព្រះហើយឲ្យក្លាយជាសិស្សរបស់ព្រះគ្រីស្ទ។—យ៉ូហាន ៣:១៦; យ៉ូហានទី១ ៤:១០, ១១
១៨. ហេតុអ្វីក៏ការរស់នៅដោយលះបង់ប្រយោជន៍ខ្លួនឯងតែងតែមានប្រយោជន៍?
១៨ តើការរស់នៅមិនមែនសំរាប់តែខ្លួនឯងទៀត ពិតជាមានប្រយោជន៍មែនឬ? ក្រោយពីនាម៉ឺនវ័យក្មេងដែលជាអ្នកមានមិនព្រមធ្វើតាមសេចក្ដីអញ្ជើញរបស់ព្រះគ្រីស្ទ ហើយបានដើរចេញទៅវិញនោះ ពេត្រុសបានទូលព្រះយេស៊ូថា៖ «មើល! យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ?»។ (ម៉ាថាយ ១៩:២៧) ពេត្រុសនិងសាវ័កឯទៀតពិតជាបានលះបង់ប្រយោជន៍ខ្លួនឯងមែន។ តើពួកគាត់ត្រូវទទួលរង្វាន់អ្វី? មុនដំបូង ព្រះយេស៊ូបានមានបន្ទូលអំពីឯកសិទ្ធិដែលពួកគាត់នឹងទទួលជាអ្នកគ្រប់គ្រងជាមួយនឹងទ្រង់នៅឯស្ថានសួគ៌។ (ម៉ាថាយ ១៩:២៨) ដំណាលគ្នានោះ ព្រះយេស៊ូបានមានបន្ទូលសំដៅទៅលើពរដែលអ្នកទាំងឡាយដែលកាន់តាមទ្រង់អាចទទួលបាន។ ព្រះយេស៊ូមានបន្ទូលថា៖ «មិនដែលមានអ្នកណាដែលលះចោលផ្ទះសំបែង បងប្អូនប្រុសស្រី ឪពុកម្ដាយ ប្រពន្ធកូន ឬស្រែចំការ ដោយព្រោះយល់ដល់ខ្ញុំ ហើយនឹងដំណឹងល្អ ឥតបានទទួលជា១រយភាគឡើង ក្នុងសម័យនេះនោះឡើយ . . . ហើយដល់បរលោកនាយ នឹងបានជីវិតរស់អស់កល្បជានិច្ចផង»។ (ម៉ាកុស ១០:២៩, ៣០) អ្វីដែលយើងទទួលគឺច្រើនជាងអ្វីដែលយើងបានលះបង់។ មាតាបិតា បងប្អូន និងកូនខាងវិញ្ញាណ ពិតជាមានតម្លៃច្រើនជាងអ្វីៗទាំងអស់ដែលយើងបានលះចោលដើម្បីប្រយោជន៍ដល់ព្រះរាជាណាចក្ររបស់ព្រះ មែនទេ? តើអ្នកណាមានជីវភាពរស់នៅដែលប្រកបដោយសុភមង្គលច្រើនជាង ពេត្រុសឬនាម៉ឺនវ័យក្មេងដែលជាអ្នកមាននោះ?
១៩. (ក) តើសុភមង្គលពិតមកពីអ្វី? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទជាបន្ទាប់?
១៩ ព្រះយេស៊ូបានបង្ហាញដោយបន្ទូលនិងការប្រព្រឹត្តរបស់ទ្រង់ថា សុភមង្គលតែងមកពីការឲ្យនិងការបំរើអ្នកដទៃ មិនមែនពីអត្តទត្ថភាពទេ។ (ម៉ាថាយ ២០:២៨; កិច្ចការ ២០:៣៥) ពេលដែលយើងរស់នៅមិនមែនសំរាប់តែខ្លួនឯងទៀត តែធ្វើតាមព្រះគ្រីស្ទជាដរាប នោះយើងនឹងស្កប់ស្កល់ចិត្តពេលឥឡូវនេះ ហើយនឹងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅពេលអនាគតផងដែរ។ ពិតមែន ពេលដែលយើងលះកាត់ចិត្តខ្លួនឯងចោលចេញឬលែងធ្វើជាម្ចាស់របស់ខ្លួន នោះព្រះយេហូវ៉ាក្លាយជាម្ចាស់របស់យើងវិញ។ យ៉ាងនេះ យើងក្លាយជាបាវបំរើនៃព្រះ។ ហេតុអ្វីបានជាការធ្វើជាបាវបំរើនៃព្រះមានប្រយោជន៍? តើការធ្វើជាបាវបំរើនៃព្រះមានអានុភាពអ្វីលើការសម្រេចចិត្តរបស់យើងយ៉ាងដូចម្ដេច? អត្ថបទជាបន្ទាប់នឹងពិគ្រោះសំនួរទាំងនេះ។
តើអ្នកនៅចាំទេ?
• ហេតុអ្វីបានជាយើងគួរទប់ទល់នឹងទំនោរចិត្តទោរទន់ទៅរកអត្តទត្ថភាព?
• តើការលះកាត់ចិត្តខ្លួនឯងចោលចេញ ការផ្ទុកបង្គោលទារុណកម្មខ្លួន និងការធ្វើតាមព្រះយេស៊ូជាដរាប មានន័យអ្វី?
• តើអ្វីជំរុញឲ្យយើងរស់មិនមែនសំរាប់តែខ្លួនឯងទៀត?
• ហេតុអ្វីក៏ការរស់នៅដោយលះបង់ប្រយោជន៍ខ្លួនឯងតែងតែមានប្រយោជន៍?
[រូបភាពនៅទំព័រ២២]
តើអ្វីបានរាំងស្ទាក់ផ្លូវរបស់នាម៉ឺនវ័យក្មេងម្នាក់ក្នុងការកាន់តាមព្រះយេស៊ូ?
[រូបភាពនៅទំព័រ២៣]
សេចក្ដីស្រឡាញ់ជំរុញចិត្តស្មរបន្ទាល់ព្រះយេហូវ៉ាឲ្យធ្វើជាអ្នកប្រកាសយ៉ាងខ្នះខ្នែងនូវសារព្រះរាជាណាចក្ររបស់ព្រះ