តើអ្នកនឹងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះទេ?
«យើងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដូចកញ្ចក់ឆ្លុះមុខ»។—កូរិនថូសទី២ ៣:១៨, ព.ថ.
១. តើម៉ូសេឃើញអ្វី? តើអ្វីបានកើតឡើងបន្ទាប់ពីនោះ?
ម៉ូសេបានឃើញចក្ខុនិមិត្តមួយដែលគួរឲ្យកោតស្ញប់ស្ញែងបំផុត ពេលគាត់នៅម្នាក់ឯងលើភ្នំស៊ីណាយ។ ទីនោះព្រះសព្វព្រះទ័យធ្វើតាមសំណូមពរចម្លែកមួយរបស់ម៉ូសេ។ ម៉ូសេបានត្រូវអនុញ្ញាតឲ្យឃើញអ្វីមួយដែលមនុស្សជាតិពុំធ្លាប់ឃើញឡើយ ពោលគឺសិរីរុងរឿងរបស់ព្រះយេហូវ៉ា។ ម៉ូសេមិនបានឃើញព្រះយេហូវ៉ាដោយផ្ទាល់ឡើយ។ ព្រះគឺរុងរឿងដល់ម្ល៉េះដែលមនុស្សនឹងស្លាប់បើឃើញទ្រង់។ ក៏ប៉ុន្តែព្រះយេហូវ៉ាបានបាំងម៉ូសេដោយ«ដៃ»ទ្រង់ ដើម្បីការពារគាត់ទាល់តែទ្រង់យាងកាត់ផុត។ តាមមើលទៅព្រះបានត្រូវតំណាងដោយទេវតាមួយរូប។ រួចមកព្រះយេហូវ៉ាអនុញ្ញាតឲ្យម៉ូសេឃើញពន្លឺសន្ធៅពីសិរីរុងរឿងរបស់ទ្រង់។ ព្រះយេហូវ៉ាក៏បានមានបន្ទូលនឹងម៉ូសេតាមរយៈទេវតាទៀតផង។ ព្រះគម្ពីររៀបរាប់ពីអ្វីដែលកើតឡើងក្រោយនោះថា៖ «កាលម៉ូសេបានចុះពីលើភ្នំស៊ីណាយមកវិញ . . . ស្បែកមុខលោកភ្លឺ ដោយបានទូលនឹង[ព្រះយេហូវ៉ា]»។—និក្ខមនំ ៣៣:១៨–៣៤:៧, ២៩
២. តើសាវ័កប៉ុលបានសរសេរអ្វីស្តីអំពីសិរីរុងរឿងដែលគ្រីស្ទានពិតបំប្លាតឲ្យឃើញនោះ?
២ សូមគិតក្នុងចិត្តថា អ្នកកំពុងតែនៅលើភ្នំស៊ីណាយជាមួយនឹងម៉ូសេ។ អ្នកច្បាស់ជានឹងរំភើបញាប់ញ័រក្នុងចិត្តណាស់ពេលឃើញសិរីរុងរឿងរបស់ព្រះដែលមានគ្រប់ព្រះចេស្ដា ហើយស្ដាប់ទ្រង់មានបន្ទូលនោះ! ពិតជាឯកសិទ្ធិខ្ពង់ខ្ពស់ណាស់! ពេលចុះពីលើភ្នំស៊ីណាយជាមួយនឹងម៉ូសេដែលជាអ្នកកណ្ដាលសំរាប់កិច្ចព្រមព្រៀងខាងក្រឹត្យវិន័យ។ ក៏ប៉ុន្តែ តើអ្នកបានដឹងទេថា គ្រីស្ទានពិតបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះតាមរបៀបប្រសើរជាងម៉ូសេទៅទៀតនោះ? ចំណុចដ៏ជ្រាលជ្រៅនេះត្រូវបញ្ជាក់ក្នុងសំបុត្រមួយសរសេរដោយសាវ័កប៉ុល។ គាត់បានសរសេរថាបណ្ដាគ្រីស្ទានចាក់ប្រេងតាំង«បំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដូចកញ្ចក់ឆ្លុះមុខ»។ (កូរិនថូសទី២ ៣:៧, ៨, ១៨, ព.ថ.) យើងក៏អាចនិយាយថា បណ្ដាគ្រីស្ទានដែលមានសេចក្ដីសង្ឃឹមរស់លើផែនដីក៏បំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះដែរ។
របៀបគ្រីស្ទានពិតបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះ
៣. ហេតុអ្វីយើងមានចំណេះអំពីព្រះយេហូវ៉ាដែលម៉ូសេមិនធ្លាប់មាន?
៣ តើយើងអាចបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេច? យើងមិនមែនដូចម៉ូសេទេ ដ្បិតយើងពុំធ្លាប់ឃើញព្រះយេហូវ៉ា ក៏មិនធ្លាប់ឮទ្រង់មានបន្ទូលដែរ។ ក៏ប៉ុន្តែ យើងមានចំណេះអំពីព្រះយេហូវ៉ាដែលម៉ូសេមិនធ្លាប់មានទេ។ ព្រះយេស៊ូមិនបានក្លាយជាព្រះមេស្ស៊ីទាល់តែជិត១.៥០០ឆ្នាំក្រោយម៉ូសេបានទទួលមរណភាពនោះ។ ហេតុនេះ ម៉ូសេមិនបានដឹងពីរបៀបព្រះយេស៊ូនឹងសម្រេចគោលបំណងនៃក្រិត្យវិន័យ ដោយសោយទិវង្គតដើម្បីលោះមនុស្សជាតិពីបាបនិងសេចក្ដីស្លាប់ដែលបាននាំឲ្យមនុស្សវេទនា។ (រ៉ូម ៥:២០, ២១; កាឡាទី ៣:១៩) ម្យ៉ាងទៀត ម៉ូសេមិនបានយល់ទាំងស្រុងអំពីរាជបំណងដ៏ឧត្តុង្គឧត្តមរបស់ព្រះយេហូវ៉ា ដែលជាប់ទាក់ទងនឹងព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ី ហើយផែនដីមនោរម្យដែលព្រះរាជាណាចក្រនេះនឹងបង្កើតឲ្យមាននោះ។ ហេតុដូច្នេះហើយ យើងឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាតាមរយៈជំនឿដែលមានមូលដ្ឋានលើសេចក្ដីបង្រៀនក្នុងព្រះគម្ពីរ មិនមែនឃើញដោយផ្ទាល់ភ្នែកនោះទេ។ បន្ថែមទៅទៀត យើងធ្លាប់ឮព្រះសូរសៀងរបស់ព្រះយេហូវ៉ា មិនមែនតាមរយៈទេវតាមួយរូបទេ ប៉ុន្តែតាមរយៈព្រះគម្ពីរវិញ ជាពិសេសសៀវភៅដំណឹងល្អ ដែលរៀបរាប់យ៉ាងពីរោះស្ដាប់អំពីសេចក្ដីបង្រៀននិងកិច្ចបំរើរបស់ព្រះយេស៊ូ។
៤. (ក) តើគ្រីស្ទានចាក់ប្រេងតាំងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេច? (ខ) តើអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីអាចបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះតាមវិធីណាខ្លះ?
៤ ទោះជាគ្រីស្ទានពិតមិនមានពន្លឺភ្លឺចេញពីផ្ទៃមុខឲ្យឃើញសិរីរុងរឿងរបស់ព្រះក៏ពិតមែន តែពួកគេមានភ្នែកភ្លឺថ្លានិងទឹកមុខស្រស់បស់ ពេលដែលប្រាប់អ្នកឯទៀតអំពីបុគ្គលិកលក្ខណៈ និងគោលបំណងដ៏ឧត្តុង្គឧត្តមរបស់ព្រះយេហូវ៉ា។ ស្តីអំពីសម័យយើងនេះ ព្យាការីអេសាយបានទាយថារាស្ត្ររបស់ព្រះ«នឹងប្រកាសប្រាប់ពីសិរីល្អរបស់[ព្រះយេហូវ៉ា]នៅកណ្ដាលសាសន៍ទាំងប៉ុន្មាន»។ (អេសាយ ៦៦:១៩) ម្យ៉ាងទៀត កូរិនថូសទី២ ៤:១, ២ប្រាប់ថា៖ «ដូច្នេះដែលមានការងារនេះ . . . យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្ដាក់ខ្លួន នឹងបញ្ញាចិត្តរបស់មនុស្សទាំងអស់នៅចំពោះព្រះ»។ ក្នុងខនោះប៉ុលសំដៅលើគ្រីស្ទានចាក់ប្រេងតាំងដែលជា«អ្នកបំរើនៃសញ្ញាថ្មី»។ (កូរិនថូសទី២ ៣:៦) ប៉ុន្តែកិច្ចបំរើរបស់ពួកគេមានឥទ្ធិពលលើមនុស្សជាច្រើន ដែលឥឡូវមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ កិច្ចបំរើរបស់ក្រុមទាំងពីរបញ្ចូលការបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ាដោយការប្រព្រឹត្ត មិនគ្រាន់តែដោយការបង្រៀនប៉ុណ្ណោះ។ យើងមានភារកិច្ចហើយក៏មានឯកសិទ្ធិក្នុងការបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត!
៥. តើភាពរីកចំរើនខាងវិញ្ញាណរបស់យើងជាភស្តុតាងដែលបញ្ជាក់ពីអ្វី?
៥ សព្វថ្ងៃនេះ ដំណឹងល្អអំពីព្រះរាជាណាចក្រដ៏រុងរឿងរបស់ព្រះកំពុងតែត្រូវផ្សព្វផ្សាយទូទាំងផែនដី ដូចព្រះយេស៊ូបានទាយ។ (ម៉ាថាយ ២៤:១៤) មនុស្សគ្រប់សាសន៍និងគ្រប់ភាសាបានប្រព្រឹត្តតាមដំណឹងល្អដោយចិត្តរំភើប ហើយបានកែប្រែរបៀបរស់នៅរបស់ពួកគេដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះ។ (រ៉ូម ១២:២; វិវរណៈ ៧:៩) ដូចគ្រីស្ទាននៅសម័យដើម ពួកគេមិនអាចឈប់និយាយអំពីអ្វីដែលពួកគេបានឃើញហើយបានឮនោះទេ។ (កិច្ចការ ៤:២០) សព្វថ្ងៃនេះអ្នកដែលកំពុងតែបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះមានច្រើនជាងមុនៗទៅទៀត គឺជាងប្រាំមួយលាននាក់។ តើរូបអ្នកនៅក្នុងចំណោមពួកគេទេ? ការរីកចំរើនខាងវិញ្ញាណរបស់រាស្ត្រព្រះយេហូវ៉ាជាភស្តុតាងដែលបញ្ជាក់ថា ទ្រង់កំពុងតែការពារហើយប្រទានពរពួកគេ។ យើងមានសត្រូវខ្លាំងក្លាដែលកំពុងតែប្រឆាំងយើង ប៉ុន្តែនេះនាំឲ្យឃើញរឹតតែច្បាស់ថា វិញ្ញាណរបស់ព្រះយេហូវ៉ាសណ្ឋិតលើយើង។ សូមមើលមូលហេតុដែលយើងអាចនិយាយដូច្នេះបាន។
គ្មានអ្នកណាអាចបំបិទមាត់រាស្ត្ររបស់ព្រះឡើយ
៦. ហេតុអ្វីត្រូវមានជំនឿនិងចិត្តក្លាហានដើម្បីគាំទ្រខាងព្រះយេហូវ៉ា?
៦ ឧបមាថាអ្នកត្រូវធ្វើជាសាក្សីប្រឆាំងឧក្រិដ្ឋជនដ៏ឃោរឃៅគ្មានមេត្ដាម្នាក់។ អ្នកដឹងថាឧក្រិដ្ឋជននោះជាមេអង្គការមួយដែលមានអំណាចយ៉ាងខ្លាំង ហើយគេនឹងប្រើគ្រប់វិធីដើម្បីរារាំងកុំឲ្យអ្នកលាតត្រដាងពីសកម្មភាពរបស់គេ។ បើអ្នកនឹងធ្វើជាសាក្សីប្រឆាំងឧក្រិដ្ឋជននោះ អ្នកត្រូវតែមានចិត្តក្លាហាន ហើយត្រូវតែទុកចិត្តពួកអាជ្ញាធរថាគេអាចធានាសុវត្ថិភាពរបស់អ្នក។ កាលៈទេសៈរបស់យើងគឺស្រដៀងនឹងឧទាហរណ៍នោះ។ ពេលដែលធ្វើបន្ទាល់ពីព្រះយេហូវ៉ានិងគោលបំណងរបស់ទ្រង់ យើងធ្វើជាសាក្សីប្រឆាំងសាតាំងដោយបង្ហាញឲ្យឃើញថា វាជាអ្នកភូតភរនិងជាអ្នកសម្លាប់គេ ព្រមទាំងកំពុងតែនាំលោកីយ៍ទាំងមូលឲ្យវង្វេងទៀតផង។ (យ៉ូហាន ៨:៤៤; វិវរណៈ ១២:៩) ការគាំទ្រខាងព្រះយេហូវ៉ាហើយប្រឆាំងអារក្ស តម្រូវឲ្យយើងមានជំនឿនិងចិត្តក្លាហាន។
៧. តើឥទ្ធិពលរបស់សាតាំងគឺខ្លាំងប៉ុនណា? តើវាខំធ្វើអ្វី?
៧ ព្រះយេហូវ៉ាគឺជាព្រះដ៏ខ្ពស់បំផុត។ ទ្រង់មានអំណាចតេជះខ្លាំងជាងសាតាំងឆ្ងាយណាស់។ យើងអាចជឿជាក់ថាព្រះយេហូវ៉ាមិនត្រឹមតែអាចការពារយើងកាលដែលយើងបំរើទ្រង់នោះ តែទ្រង់ក៏មានព្រះហឫទ័យចង់ការពារយើងទៀតផង។ (របាក្សត្រទី២ ១៦:៩) យ៉ាងណាក៏ដោយ សាតាំងគ្រប់គ្រងទាំងពួកបិសាចទាំងលោកីយ៍នេះដែលឃ្លាតចេញពីព្រះ។ (ម៉ាថាយ ១២:២៤, ២៦; យ៉ូហាន ១៤:៣០) ដោយសារសាតាំងបានត្រូវទម្លាក់មកផែនដី ហើយក៏មាន«សេចក្ដីឃោរឃៅជាខ្លាំង» នោះវាប្រឆាំងអ្នកបំរើព្រះយេហូវ៉ាយ៉ាងស្វិតស្វាញ ហើយវាប្រើលោកីយ៍ដែលវាគ្រប់គ្រង ដើម្បីខំបំបិទមាត់អស់អ្នកដែលផ្សាយដំណឹងល្អ។ (វិវរណៈ ១២:៧-៩, ១២, ១៧) តើវាខំបំបិទមាត់អ្នកបំរើព្រះយ៉ាងដូចម្ដេច? យ៉ាងហោចណាស់មានវិធីបីយ៉ាង។
៨, ៩. តើសាតាំងចង់ទាញអារម្មណ៍យើងឲ្យស្រឡាញ់អ្វី? ហេតុអ្វីយើងគួរជ្រើសរើសមិត្តភក្ដិដោយប្រុងប្រយ័ត្ន?
៨ វិធីមួយដែលសាតាំងខំទាញបំបែរអារម្មណ៍យើង គឺតាមរយៈកង្វល់កង្វាយពីជីវភាព។ នៅជាន់ក្រោយបង្អស់នេះ មនុស្សស្រឡាញ់ប្រាក់ ស្រឡាញ់ខ្លួនឯង ហើយស្រឡាញ់ការសប្បាយ។ ពួកគេមិនស្រឡាញ់ព្រះទេ។ (ធីម៉ូថេទី២ ៣:១-៤) ដោយសារពួកគេវក់តែនឹងកិច្ចការជីវិតប្រចាំថ្ងៃនោះ គេ‹មិនចាប់អារម្មណ៍សោះ›ចំពោះដំណឹងល្អដែលយើងប្រាប់ពួកគេឬចំពោះការរៀនព្រះគម្ពីរ។ (ម៉ាថាយ ២៤:៣៧-៣៩, ខ.ស.) ចិត្តគំនិតបែបនេះអាចឆ្លងដល់យើង ធ្វើឲ្យយើងងោកងុយហើយដេកលក់ខាងវិញ្ញាណ។ ប្រសិនបើយើងបណ្ដោយខ្លួនឲ្យស្រឡាញ់ទ្រព្យសម្បត្ដិនិងការសប្បាយ នោះសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនឹងរសាយអស់ទៅ។—ម៉ាថាយ ២៤:១២
៩ ហេតុនេះហើយបានជាគ្រីស្ទានទាំងឡាយជ្រើសរើសមិត្តភក្ដិដោយប្រុងប្រយ័ត្ន។ ស្តេចសាឡូម៉ូនបានសរសេរថា៖ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ (សុភាសិត ១៣:២០) ចូរយើង«ដើរ»ជាមួយនឹងអ្នកដែលបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះ។ ការសេពគប់អ្នកទាំងនោះពិតជាសប្បាយណាស់! ពេលដែលយើងជួបជុំគ្នាជាមួយនឹងបងប្អូនប្រុសស្រីខាងវិញ្ញាណនៅឯកិច្ចប្រជុំ ឬនៅគ្រាផ្សេងទៀតនោះ សេចក្ដីស្រឡាញ់ ជំនឿ អំណរ និងប្រាជ្ញារបស់ពួកគេលើកទឹកចិត្តយើង។ ការសេពគប់បែបនេះពង្រឹងការប្ដេជ្ញាចិត្តរបស់យើងឲ្យតស៊ូក្នុងកិច្ចបំរើ។
១០. តើសាតាំងខំបំបិទមាត់អ្នកដែលបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះដោយចំអកថាអ្វីខ្លះ?
១០ វិធីទីពីរដែលសាតាំងខំរារាំងគ្រីស្ទានពិតពីការបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះគឺដោយចំអកឲ្យឈឺចិត្ត។ ប៉ុន្តែនេះមិនគួរជាអ្វីចម្លែកទេ ដ្បិតក្នុងកំឡុងកិច្ចបំរើរបស់ព្រះយេស៊ូគ្រីស្ទនៅផែនដី ទ្រង់ត្រូវគេសើចចំអកមើលងាយ បង្អាប់បង្អោន ហើយស្ដោះទឹកមាត់ដាក់ទ្រង់ទៀត។ (ម៉ាកុស ៥:៤០; លូកា ១៦:១៤; ១៨:៣២) បណ្ដាគ្រីស្ទាននៅសម័យដើមក៏ធ្លាប់ត្រូវគេចំអកឲ្យដែរ។ (កិច្ចការ ២:១៣; ១៧:៣២) សព្វថ្ងៃនេះមនុស្សប្រព្រឹត្តដូចគ្នាទៅលើអ្នកបំរើព្រះយេហូវ៉ា។ យោងទៅតាមសាវ័កពេត្រុស អ្នកបំរើព្រះនឹងត្រូវចាត់ទុកដូចជាព្យាការីក្លែងក្លាយ។ ពេត្រុសបានទាយថា៖ «នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្ដីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា ‹តើសេចក្ដីសន្យាពីព្រះអង្គយាងមកនៅឯណា? ដ្បិត . . . គ្រប់ទាំងអស់នៅតែដដែល ដូចជាពីកំណើតលោកីយរៀងមកដែរ›»។ (ពេត្រុសទី២ ៣:៣, ៤) មនុស្សចំអកឲ្យរាស្ត្រព្រះថា ពួកគេមិនមែនជាមនុស្សប្រាកដនិយមទេ។ មនុស្សចាត់ទុកគោលការណ៍សីលធម៌ក្នុងព្រះគម្ពីរជាអ្វីហួសសម័យហើយ។ ម្យ៉ាងទៀតមនុស្សជាច្រើនចាត់ទុកសារដែលយើងផ្សាយប្រកាសជាសេចក្ដីចំកួត។ (កូរិនថូសទី១ ១:១៨, ១៩) ប្រហែលជាមានគេចំអកឲ្យគ្រីស្ទានពិតនៅឯសាលារៀន នៅឯកន្លែងធ្វើការ ហើយជួនកាលនៅក្នុងក្រុមគ្រួសារទៀតផង។ ក៏ប៉ុន្តែយើងបន្តបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះតាមរយៈការផ្សព្វផ្សាយដោយមិនរាថយសោះឡើយ ទាំងមានជំនឿដូចព្រះយេស៊ូថាព្រះបន្ទូលរបស់ព្រះគឺជាសេចក្ដីពិត។—យ៉ូហាន ១៧:១៧
១១. តើសាតាំងប្រើការបៀតបៀនយ៉ាងដូចម្ដេចដើម្បីខំបំបិទមាត់គ្រីស្ទានពិត?
១១ វិធីទីបីដែលអារក្សខំបំបិទមាត់យើងគឺតាមរយៈការប្រឆាំងនិងការបៀតបៀន។ ព្រះយេស៊ូមានបន្ទូលប្រាប់អ្នកកាន់តាមទ្រង់ថា៖ «គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»។ (ម៉ាថាយ ២៤:៩) ពិតមែន នៅប្រទេសជាច្រើនយើងធ្លាប់ទទួលរងការបៀតបៀនយ៉ាងសាហាវព្រៃផ្សៃក្នុងនាមជាស្មរបន្ទាល់ព្រះយេហូវ៉ា។ យើងដឹងថាព្រះយេហូវ៉ាបានទាយតាំងពីយូរមកហើយថា នឹងមានសេចក្ដីស្អប់ ឬសេចក្ដីខ្មាំងរវាងអ្នកដែលបំរើព្រះនិងអ្នកដែលបំរើអារក្សសាតាំង។ (លោកុប្បត្តិ ៣:១៥) យើងក៏ដឹងដែរថា យើងបញ្ជាក់ភាពត្រឹមត្រូវនៃអធិបតេយ្យសកលលោករបស់ព្រះយេហូវ៉ា ដោយរក្សាចិត្តគ្រប់ល័ក្ខណ៍នៅចំពោះមុខការល្បងល។ ការចងចាំចំណុចនេះអាចជួយពង្រឹងកម្លាំងយើងឲ្យមាំមួន សូម្បីតែក្នុងកាលៈទេសៈពិបាកបំផុតក៏ដោយ។ គ្មានការបៀតបៀនណាដែលអាចបំបិទមាត់យើងរហូតបាន ប្រសិនបើយើងរក្សាការប្ដេជ្ញាថា យើងនឹងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះ។
១២. ហេតុអ្វីយើងគួរអរសប្បាយកាលដែលរក្សាភាពស្មោះត្រង់នៅចំពោះមុខការប្រឆាំងពីសាតាំង?
១២ តើអ្នកទប់ចិត្តមិនបណ្ដោយខ្លួនតាមការអូសទាញរបស់លោកីយ៍នេះ ហើយបង្ហាញភាពស្មោះត្រង់ទោះជាមានការចំអកនិងការប្រឆាំងឬទេ? បើកំពុងតែធ្វើដូច្នេះ អ្នកមានហេតុអរសប្បាយមែន។ ព្រះយេស៊ូធ្លាប់មានបន្ទូលប្រាប់អ្នកកាន់តាមទ្រង់ថា ពួកគេពិតជានឹង«មានពរក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ។ ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នា បែបដូច្នោះដែរ»។ (ម៉ាថាយ ៥:១១, ១២) ពេលដែលអ្នកស៊ូទ្រាំ នោះជាភស្តុតាងថាវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាកំពុងតែសណ្ឋិតលើអ្នក ដោយពង្រឹងកម្លាំងអ្នកដើម្បីបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ទ្រង់ពិតមែន។—កូរិនថូសទី២ ១២:៩
យើងអាចតស៊ូដោយសារជំនួយពីព្រះយេហូវ៉ា
១៣. តើអ្វីជាមូលហេតុសំខាន់មួយដែលយើងតស៊ូក្នុងកិច្ចបំរើគ្រីស្ទាន?
១៣ មូលហេតុសំខាន់មួយដែលយើងតស៊ូក្នុងកិច្ចបំរើ គឺដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា ហើយមានចិត្តរីករាយក្នុងការបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ទ្រង់។ មនុស្សច្រើនតែយកតម្រាប់តាមអ្នកណាដែលគេស្រឡាញ់និងគោរព។ គ្មានអ្នកណាដែលគួរនឹងយកតម្រាប់តាមជាងព្រះយេហូវ៉ាឡើយ។ ដោយសារទ្រង់ស្រឡាញ់យើងក្រៃលែងនោះ ទ្រង់បានចាត់ព្រះរាជបុត្រារបស់ទ្រង់ឲ្យមកផែនដីដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត ហើយលោះមនុស្សដែលស្ដាប់បង្គាប់ទ្រង់។ (យ៉ូហាន ៣:១៦; ១៨:៣៧) យើងក៏ដូចព្រះដែរ ដ្បិតយើងចង់ឲ្យមនុស្សពីគ្រប់សាសន៍គ្រប់មជ្ឈដ្ឋានប្រែចិត្ត ហើយទទួលសេចក្ដីសង្គ្រោះ។ នេះជាមូលហេតុដែលយើងផ្សព្វផ្សាយ។ (ពេត្រុសទី២ ៣:៩) ចំណង់ចិត្តដើម្បីជួយមនុស្ស គួបផ្សំនឹងការតាំងចិត្តយកតម្រាប់តាមព្រះ ជាអ្វីដែលជំរុញយើងឲ្យតស៊ូក្នុងការបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ទ្រង់តាមរយៈកិច្ចបំរើរបស់យើង។
១៤. តើព្រះយេហូវ៉ាពង្រឹងកម្លាំងយើងដើម្បីតស៊ូក្នុងកិច្ចបំរើរបស់ទ្រង់យ៉ាងដូចម្ដេច?
១៤ ក៏ប៉ុន្តែ ព្រះយេហូវ៉ាជាប្រភពដើមនៃកម្លាំងតស៊ូរបស់យើងក្នុងកិច្ចបំរើគ្រីស្ទាន។ ព្រះទ្រទ្រង់យើង ហើយពង្រឹងកម្លាំងយើងតាមរយៈវិញ្ញាណទ្រង់ អង្គការទ្រង់ និងព្រះគម្ពីរដែលជាព្រះបន្ទូលទ្រង់។ អ្នកដែលសុខចិត្តបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយេហូវ៉ា ទ្រង់«ជួយអោយចេះស៊ូទ្រាំ»។ ទ្រង់តបនឹងសេចក្ដីអធិស្ឋានរបស់យើង ហើយប្រទានប្រាជ្ញាដើម្បីចេះស៊ូទ្រាំនឹងទុក្ខលំបាក។ (រ៉ូម ១៥:៥, ខ.ស.; យ៉ាកុប ១:៥) បន្ថែមទៅទៀត ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យយើងជួបនឹងការល្បងលណាដែលយើងពុំអាចស៊ូទ្រាំបានឡើយ។ ប្រសិនបើយើងទុកចិត្តព្រះយេហូវ៉ា ទ្រង់នឹងរៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យយើងអាចបន្តបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ទ្រង់។—កូរិនថូសទី១ ១០:១៣
១៥. តើអ្វីជួយយើងឲ្យខំតស៊ូ?
១៥ ការតស៊ូក្នុងកិច្ចបំរើជាភស្តុតាងដែលបញ្ជាក់ថា វិញ្ញាណរបស់ព្រះសណ្ឋិតលើយើង។ ជាឧទាហរណ៍ មានមនុស្សម្នាក់សុំអ្នកចែកនំប៉័ងពីផ្ទះមួយទៅផ្ទះមួយដោយមិនគិតថ្លៃទេ។ អ្នកត្រូវចេញសោហ៊ុយខ្លួនឯង ហើយក៏ត្រូវចំណាយពេលទំនេររបស់អ្នកដើម្បីចែកនំប៉័ងនោះ។ ម្យ៉ាងទៀត អ្នកឃើញថាមានមនុស្សតិចទេដែលចង់បាននំប៉័ងរបស់អ្នក ហើយមនុស្សខ្លះរហូតដល់ជំទាស់នឹងអ្នក ដោយសារអ្នកខំចែកនំប៉័ងឲ្យ។ តើអ្នកនឹងសុខចិត្តធ្វើការងារនោះយូរខែឬយូរឆ្នាំទេ? អ្នកប្រហែលជាមិនសុខចិត្តទេ។ ក៏ប៉ុន្តែបើគិតពីកិច្ចផ្សព្វផ្សាយវិញ អ្នកប្រហែលបានចំណាយពេលព្យាយាមផ្សាយដំណឹងល្អដោយចេញសោហ៊ុយខ្លួនឯងអស់រាប់ឆ្នាំ ឬរហូតដល់រាប់ទសវត្សរ៍។ តើហេតុអ្វី? ពីព្រោះអ្នកស្រឡាញ់ព្រះយេហូវ៉ា ហើយតាមរយៈវិញ្ញាណរបស់ទ្រង់ ទ្រង់បានប្រទានពរចំពោះការព្យាយាមរបស់អ្នកដោយជួយឲ្យអ្នកតស៊ូ មែនទេ? ប្រាកដហើយ!
កិច្ចការដែលសាងអនុស្សាវរីយ៍ពុំអាចបំភ្លេចបាន
១៦. បើយើងតស៊ូក្នុងកិច្ចបំរើ តើយើងនិងអ្នកដែលស្ដាប់យើងនឹងទទួលអ្វី?
១៦ កិច្ចបំរើនៃកិច្ចព្រមព្រៀងថ្មីជាអំណោយវិសេសគ្មានអ្វីប្រៀបផ្ទឹមបាន។ (កូរិនថូសទី២ ៤:៧) ស្រដៀងគ្នាដែរ កិច្ចបំរើរបស់ចៀមឯទៀតទូទាំងពិភពលោកក៏ជាទ្រព្យសម្បត្ដិកាត់ថ្លៃពុំបានដែរ។ កាលដែលអ្នកតស៊ូក្នុងកិច្ចបំរើ អ្នកអាច«សង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្ដាប់អ្នកផង» ដូចប៉ុលបានសរសេរទៅកាន់ធីម៉ូថេនោះ។ (ធីម៉ូថេទី១ ៤:១៦) សូមគិតអំពីអត្ថន័យពាក្យនោះ។ ដំណឹងល្អដែលអ្នកផ្សាយផ្ដល់ឱកាសឲ្យអ្នកឯទៀតបានជីវិតជារៀងរហូត។ អ្នកអាចបណ្ដុះមិត្តភាពជិតស្និទ្ធជាមួយនឹងបុគ្គលដែលអ្នកបានជួយខាងវិញ្ញាណ។ សូមគិតអំពីអំណរដែលអ្នកនឹងមានពេលរស់ជារៀងរហូតក្នុងសួនមនោរម្យជាមួយនឹងបុគ្គលដែលអ្នកបានជួយបង្រៀនអំពីព្រះ! ពួកគេប្រាកដជានឹងមិនភ្លេចការព្យាយាមរបស់អ្នកដើម្បីជួយពួកគេទេ។ នោះពិតជានឹងធ្វើឲ្យយើងសប្បាយណាស់!
១៧. ហេតុអ្វីគ្រានេះខុសប្លែកពីគ្រាឯទៀតក្នុងប្រវត្ដិសាស្ត្រ?
១៧ អ្នកកំពុងតែរស់នៅគ្រាមួយដែលខុសប្លែកពីគ្រាឯទៀតក្នុងប្រវត្ដិសាស្ត្រ។ ដ្បិតគ្មានគ្រាណាផ្សេងទៀតដែលដំណឹងល្អនឹងត្រូវផ្សាយក្នុងចំណោមលោកីយ៍ដែលឃ្លាតចេញពីព្រះ។ ណូអេបានរស់ក្នុងលោកីយ៍មួយដែលឃ្លាតចេញពីព្រះដែរ ហើយគាត់ឃើញលោកីយ៍នោះវិនាសសាបសូន្យទៅ។ ណូអេច្បាស់ជាបានត្រេកអរណាស់ ពេលដឹងថាគាត់បានធ្វើតាមព្រះហឫទ័យរបស់ព្រះយ៉ាងស្មោះត្រង់ដោយសង់ទូកធំនោះ ដែលបាននាំឲ្យគាត់និងក្រុមគ្រួសាររបស់គាត់ទទួលបានសេចក្ដីសង្គ្រោះ! (ហេព្រើរ ១១:៧) អ្នកក៏អាចមានអំណរដូចគាត់ដែរ។ សូមគិតអំពីអារម្មណ៍ដែលអ្នកនឹងមាន ពេលដែលនៅក្នុងពិភពលោកថ្មី ហើយគិតដល់កិច្ចបំរើដែលធ្លាប់បំពេញនៅជាន់ក្រោយបង្អស់នេះ ដោយដឹងថាអ្នកបានខំអស់ពីសមត្ថភាពដើម្បីគាំទ្រព្រះរាជាណាចក្ររបស់ព្រះ។
១៨. តើព្រះយេហូវ៉ាសន្យាអ្វីនឹងអ្នកបំរើទ្រង់?
១៨ ហេតុនេះ ចូរយើងបន្តបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះ។ ធ្វើដូច្នេះ យើងនឹងមានអនុស្សាវរីយ៍ចងចាំក្នុងចិត្តឥតភ្លេច។ ព្រះយេហូវ៉ាក៏ចងចាំកិច្ចការរបស់យើងដែរ។ ព្រះគម្ពីរលើកទឹកចិត្តយើងថា៖ «ព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានិមួយៗ បានសំដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យបានសេចក្ដីជំនឿដ៏ពេញលេញរបស់សេចក្ដីសង្ឃឹម ដរាបដល់ចុងបំផុត ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្តើយឡើយ គឺឲ្យត្រាប់តាមពួកអ្នកដែលគ្រងបានសេចក្ដីសន្យាទុកជាមរដក ដោយចិត្តជឿ ហើយអត់ធន់វិញ»។—ហេព្រើរ ៦:១០-១២
តើអ្នកអាចពន្យល់បានទេ?
• តើគ្រីស្ទានពិតបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះយ៉ាងដូចម្ដេច?
• តើសាតាំងខំបំបិទមាត់រាស្ត្ររបស់ព្រះដោយវិធីណាខ្លះ?
• តើមានភស្តុតាងអ្វីដែលបញ្ជាក់ថាវិញ្ញាណរបស់ព្រះសណ្ឋិតលើយើង?
[រូបភាពនៅទំព័រ១៩]
ផ្ទៃមុខរបស់ម៉ូសេបានភ្លឺដោយសិរីរុងរឿងរបស់ព្រះ
[រូបភាពនៅទំព័រ២០]
យើងបំប្លាតឲ្យឃើញសិរីរុងរឿងរបស់ព្រះ តាមរយៈកិច្ចបំរើរបស់យើង