ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅដានីយ៉ែល
វចនានុក្រមមួយដែលបកស្រាយន័យពាក្យក្នុងគម្ពីរចែងថា៖ «សៀវភៅដានីយ៉ែលជាសៀវភៅមួយក្នុងគម្ពីរដែលគួរឲ្យចាប់អារម្មណ៍ណាស់! សៀវភៅនោះពេញទៅដោយពាក្យពេចន៍ល្អៗ»។ (Holman Illustrated Bible Dictionary) កំណត់ហេតុរបស់លោកដានីយ៉ែលចាប់ផ្ដើមដោយរៀបរាប់ពីព្រឹត្ដិការណ៍ដែលបានកើតឡើងនៅឆ្នាំ៦១៨ មុនគ.ស.។ នៅឆ្នាំនោះ ស្តេចនេប៊ូក្នេសារបស់ចក្រភពបាប៊ីឡូនបាននាំកងទ័ពឲ្យឡោមព័ទ្ធទីក្រុងយេរូសាឡិម ហើយពួកគេបានចាប់«កូនចៅអ៊ីស្រាអែល»ខ្លះ នាំយកទៅស្រុកបាប៊ីឡូនជាឈ្លើយសឹក។ (ដានីយ៉ែល ១:១-៣) ក្នុងចំណោមឈ្លើយសឹកទាំងនោះ មានដានីយ៉ែលផងដែរ ដែលប្រហែលជានៅជំទង់នៅឡើយ។ ពេលដានីយ៉ែលសរសេរសៀវភៅចប់ គាត់នៅតែរស់នៅស្រុកបាប៊ីឡូននៅឡើយ។ ពេលនោះគាត់មានអាយុជិត១០០ឆ្នាំ ហើយព្រះយេហូវ៉ាសន្យាដល់គាត់ថា៖ «អ្នកនឹងត្រូវសំរាកទៅ តែនឹងបានឈរឡើងវិញ ដើម្បីទទួលចំណែករបស់អ្នកនៅគ្រាចុងបំផុត»។—ដានីយ៉ែល ១២:១៣
ផ្នែកដំបូងក្នុងសៀវភៅដានីយ៉ែលបានសរសេរតាមលំដាប់លំដោយ ហើយដានីយ៉ែលសរសេរអំពីខ្លួនគាត់ដោយប្រើឈ្មោះរបស់គាត់ មិនមែនប្រើពាក្យ«ខ្ញុំ»ទេ។ ក្នុងផ្នែកចុងក្រោយនៃសៀវភៅដានីយ៉ែល គាត់ប្រើពាក្យ«ខ្ញុំ»ច្រើនទៅវិញ។ សៀវភៅដែលដានីយ៉ែលសរសេរនោះ មានទំនាយផ្សេងៗអំពីមហាអំណាចនានាដែលបានគ្រប់គ្រងមួយរយៈ តែក្រោយមកបានរលំដួលទៅវិញ។ សៀវភៅដានីយ៉ែលក៏មានទំនាយអំពីគ្រាដែលព្រះមេស្ស៊ីត្រូវលេចមក ហើយអំពីព្រឹត្ដិការណ៍នាសម័យយើងនេះផងដែរ។ ពេលមានអាយុច្រើនហើយ ដានីយ៉ែលគិតពិចារណាពីគន្លងជីវិតរបស់គាត់ ហើយរៀបរាប់ពីព្រឹត្ដិការណ៍ផ្សេងៗដែលលើកទឹកចិត្តយើងឲ្យធ្វើជាមនុស្សប្រុសស្រីដែលមានចិត្តស្មោះត្រង់ចំពោះព្រះដែរ។ សារក្នុងសៀវភៅដានីយ៉ែលពិតជារស់នៅ ហើយពូកែផង។—ហេព្រើរ ៤:១២
តើកំណត់ហេតុតាមលំដាប់លំដោយ បង្រៀនយើងអ្វីខ្លះ?
នៅឆ្នាំ៦១៧ មុនគ.ស. ដានីយ៉ែលនិងមិត្តភក្ដិបីនាក់ឈ្មោះសាដ្រាក់ មែសាក់និងអ័បេឌនេកោ ដែលនៅក្មេងនៅឡើយ បានបញ្ជូនទៅរស់ក្នុងរាជវាំងនៅឯទីក្រុងបាប៊ីឡូន។ យុវជនបួននាក់នោះបានទទួលការអប់រំអស់រយៈពេលបីឆ្នាំ អំពីរបៀបបំពេញភារកិច្ចក្នុងរាជវាំង។ ក្នុងអំឡុងគ្រានោះ ពួកគេបានរក្សាចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ប្រមាណ៨ឆ្នាំក្រោយមក ស្តេចនេប៊ូក្នេសាមានសុបិនចម្លែកមួយ។ ដានីយ៉ែលមានសមត្ថភាពប្រាប់ស្តេចថា លោកបានយល់សប្ដិឃើញអ្វី ហើយក្រោយមកគាត់ក៏បកស្រាយអត្ថន័យសុបិននោះដែរ។ ស្តេចនេប៊ូក្នេសាទទួលស្គាល់ថា ព្រះយេហូវ៉ាជា«ព្រះលើអស់ទាំងព្រះ ហើយទ្រង់ជាព្រះអម្ចាស់លើអស់ទាំងស្តេច គឺជាព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង»។ (ដានីយ៉ែល ២:៤៧) ប៉ុន្តែ មិនយូរប៉ុន្មានក្រោយមក មើលទៅដូចជានេប៊ូក្នេសាភ្លេចមេរៀននោះហើយ។ ពេលដែលមិត្តភក្ដិបីនាក់របស់ដានីយ៉ែលមិនព្រមគោរពថ្វាយបង្គំរូបព្រះដ៏ធំមួយ ស្តេចនេប៊ូក្នេសាបញ្ជាឲ្យគេទម្លាក់បីនាក់នោះទៅក្នុងគុកភ្លើង។ ព្រះយេហូវ៉ាជាព្រះពិតបានប្រោសពួកគេទាំងបីនាក់ឲ្យរួច ហើយនេះបង្ខំឲ្យនេប៊ូក្នេសាទទួលស្គាល់ថា៖ «គ្មានព្រះឯណាទៀតដែលអាចនឹងជួយឲ្យរួចយ៉ាងដូច្នេះបានឡើយ»។—ដានីយ៉ែល ៣:២៩
នេប៊ូក្នេសាក៏យល់សប្ដិឃើញអ្វីដ៏សំខាន់ទៀត។ គាត់ឃើញដើមឈើមួយមានកម្ពស់ខ្ពស់ក្រៃលែង ដែលបានកាប់ចោលហើយវ័ណ្ឌទប់មិនឲ្យដុះឡើងវិញ។ ដានីយ៉ែលក៏បកស្រាយន័យសុបិននោះដែរ។ សុបិនបានសម្រេចម្យ៉ាង ពេលដែលនេប៊ូក្នេសាក្លាយទៅជាវិកលចរិតមួយរយៈ ហើយក្រោយមកក៏ជាឡើងវិញ។ ច្រើនឆ្នាំក្រោយមក ស្តេចបេលសាសាររៀបចំជប់លៀងយ៉ាងធំមួយឲ្យពួកសេនាបតី ហើយគាត់មើលងាយព្រះយេហូវ៉ាដោយប្រើពែងដែលបានប្រមូលយកពីវិហាររបស់ទ្រង់។ រាត្រីនោះឯង គេសម្លាប់បេលសាសារ ហើយបុរសជនជាតិមេឌី ឈ្មោះដារីយុស ក៏ឡើងសោយរាជ្យជំនួស។ (ដានីយ៉ែល ៥:៣០, ៣១) នៅសម័យដារីយុស ពេលដានីយ៉ែលមានអាយុ៩០ឆ្នាំជាង អ្នកធំដែលមានចិត្តច្រណែនចំពោះដានីយ៉ែល រៀបចំផែនការមួយដើម្បីសម្លាប់គាត់។ ប៉ុន្តែ ព្រះយេហូវ៉ាប្រោសដានីយ៉ែលឲ្យ«រួចពីអំណាចសិង្ហ»។—ដានីយ៉ែល ៦:២៧
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:១១-១៥—តើយុវជនជនជាតិយូដាបួននាក់មានមុខស្រស់និងសាច់ល្អដោយព្រោះតែពួកគេបរិភោគបន្លែប៉ុណ្ណោះទេ? មិនទេ។ ការតមអាហារសម្រាប់តែរយៈពេល១០ថ្ងៃ មិនអាចនាំឲ្យបានផលល្អភ្លាមៗដូចនោះទេ។ មូលហេតុដែលយុវជនជនជាតិហេព្រើរទាំងនោះមានមុខស្រស់និងសាច់ល្អ គឺដោយសារព្រះយេហូវ៉ាបានប្រទានពរទៅលើពួកគេ ដោយព្រោះពួកគេបានទុកចិត្តទៅលើទ្រង់។—សុភាសិត ១០:២២
២:១—តើស្តេចនេប៊ូក្នេសាយល់សប្ដិឃើញរូបមួយយ៉ាងធំនៅឆ្នាំណា? កំណត់ហេតុចែងថា នេះបានកើតឡើង«នៅក្នុងឆ្នាំទី២នៃរាជ្យនេប៊ូក្នេសា»។ បើនេប៊ូក្នេសាបានឡើងសោយរាជ្យនៅឆ្នាំ៦២៤ មុនគ.ស. ឆ្នាំទីពីរនៃរាជ្យទ្រង់បានចាប់ផ្ដើមនៅឆ្នាំ៦២៣ មុនគ.ស.។ ប៉ុន្តែ នៅសល់ច្រើនឆ្នាំមុនគាត់ទន្ទ្រានចូលស្រុកយូដា ដូច្នេះដានីយ៉ែលមិនទាន់ទៅរស់នៅស្រុកបាប៊ីឡូនទេ ហើយក៏មិនអាចបកស្រាយន័យសុបិននៅឆ្នាំនោះឡើយ។ ដូច្នេះ តាមមើលទៅ «ឆ្នាំទី២»នេះ បានរាប់ពីឆ្នាំ៦០៧ មុនគ.ស. ជាពេលដែលស្តេចជនជាតិបាប៊ីឡូនបានបំផ្លាញទីក្រុងយេរូសាឡិមចោល ហើយបានក្លាយជាអ្នកគ្រប់គ្រងទៅលើពិភពលោកទាំងមូល។
២:៣២, ៣៩—តើរាជាណាចក្រដែលតំណាងដោយប្រាក់ មានគុណភាពអន់ជាងរាជាណាចក្រតំណាងដោយមាស និងរាជាណាចក្រតំណាងដោយលង្ហិន អន់ជាងរាជាណាចក្រតំណាងដោយប្រាក់យ៉ាងណា? ផ្នែកនៃរូបនោះដែលធ្វើពីប្រាក់ តំណាងចក្រភពមេឌីពើស៊ី ដែលអន់ជាងចក្រភពបាប៊ីឡូនដែលតំណាងដោយមាស ពីព្រោះពួកមេឌីពើស៊ីមិនមានឯកសិទ្ធិរំលំរាជាណាចក្រយូដាទេ។ មហាអំណាចបន្ទាប់ពីចក្រភពមេឌីពើស៊ី គឺជាចក្រភពក្រិច ដែលតំណាងដោយលង្ហិន។ ចក្រភពក្រិចមានលក្ខណៈអន់ជាងចក្រភពមេឌីពើស៊ី ដូចជាលង្ហិនអន់ជាងប្រាក់។ ទោះជាចក្រភពក្រិចមានទឹកដីធំជាងចក្រភពមេឌីពើស៊ីទៅទៀត ពួកគេមិនដែលមានឯកសិទ្ធិប្រោសរាស្ត្ររបស់ព្រះយេហូវ៉ាឲ្យរួចពីចំណងជាឈ្លើយសឹកទេ។
៤:៨, ៩—តើដានីយ៉ែលក្លាយទៅជាគ្រូមន្តអាគមដែរឬទេ? មិនទេ។ ពាក្យ«មេនៃពួកគ្រូមន្តអាគម» គ្រាន់តែសំដៅទៅលើភារកិច្ចរបស់ដានីយ៉ែលជា«អធិបតីលើពួកអ្នកប្រាជ្ញទាំងប៉ុន្មាននៅក្រុងបាប៊ីឡូន»។—ដានីយ៉ែល ២:៤៨
៤:១០, ១១, ២០-២២—តើដើមឈើដែលមានកម្ពស់ខ្ពស់ក្រៃលែងក្នុងសុបិនរបស់នេប៊ូក្នេសាតំណាងអ្វី? មុនដំបូង ដើមឈើនោះតំណាងនេប៊ូក្នេសាដែលជាអ្នកគ្រប់គ្រងមហាអំណាចមួយ។ ប៉ុន្តែ ដោយសារអំណាចគ្រប់គ្រងដែលតំណាងក្នុងសុបិននោះ សំដៅទៅលើការគ្រប់គ្រងរហូត«ដល់ចុងផែនដីបំផុត» នេះបង្ហាញថា ដើមឈើនោះតំណាងអ្វីដែលធំជាងអំណាចគ្រប់គ្រងរបស់នេប៊ូក្នេសាទៅទៀត។ សៀវភៅដានីយ៉ែល ៤:១៧ ពន្យល់ថា សុបិននោះទាក់ទងនឹងការគ្រប់គ្រងរបស់«ព្រះដ៏ខ្ពស់បំផុត»ទៅលើរាជ្យរបស់មនុស្ស។ បើដូច្នេះ ដើមឈើនោះក៏តំណាងភាពខ្ពង់ខ្ពស់បំផុតរបស់ព្រះយេហូវ៉ាក្នុងសកលលោកទាំងមូល ជាពិសេសដែលទាក់ទងនឹងផែនដី។ យ៉ាងនេះ សុបិននោះមានការសម្រេចពីរយ៉ាង ដោយសំដៅទៅលើការគ្រប់គ្រងរបស់ស្តេចនេប៊ូក្នេសាផង ហើយក៏សំដៅទៅលើភាពខ្ពង់ខ្ពស់បំផុតរបស់ព្រះយេហូវ៉ាផងដែរ។
៤:១៦, ២៣, ២៥, ៣២, ៣៣—តើ«៧ខួប»នោះ មានរយៈពេលប៉ុន្មាន? ដោយសាររូបរាងរបស់ស្តេចនេប៊ូក្នេសាបានកែប្រែច្រើនក្នុងរយៈពេល«៧ខួប»នោះ នេះមានន័យថា គ្រានោះត្រូវតែសំដៅទៅលើរយៈពេលយូរជាង៧ថ្ងៃ។ ក្នុងករណីនេះ ៧ខួបទាំងនោះសំដៅទៅលើ៧ឆ្នាំដែលមានរយៈពេល៣៦០ថ្ងៃក្នុងមួយឆ្នាំៗ។ ដូច្នេះសរុបទៅ ៧ខួបនោះមានរយៈពេល២.៥២០ថ្ងៃ។ ក្នុងការសម្រេចទំនាយនេះដែលសំដៅទៅលើភាពខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា «៧ខួប»ទាំងនោះមានរយៈពេល២.៥២០ឆ្នាំទៅវិញ។ (អេសេគាល ៤:៦, ៧) គ្រានោះចាប់ផ្ដើមពេលដែលទីក្រុងយេរូសាឡិមបានបំផ្លាញចោលនៅឆ្នាំ៦០៧ មុនគ.ស. ហើយចប់ពេលដែលព្រះយេស៊ូឡើងសោយរាជ្យនៅឯស្ថានសួគ៌នាឆ្នាំ១៩១៤ គ.ស.។—លូកា ២១:២៤
៦:៦-១០—ដោយសារមិនចាំបាច់ឲ្យយើងមានឥរិយាបថពិសេសពេលអធិស្ឋានចំពោះព្រះយេហូវ៉ា តើល្អជាងទេ ឲ្យដានីយ៉ែលអធិស្ឋានដោយសម្ងាត់ក្នុងរយៈពេល៣០ថ្ងៃនោះ? គ្រប់គ្នាដឹងថាដានីយ៉ែលតែងតែអធិស្ឋានបីដងជារៀងរាល់ថ្ងៃ។ ហេតុនោះហើយបានជាអ្នកដែលប្រឆាំងនឹងគាត់មានផែនការបង្កើតច្បាប់មួយដែលដាក់កំហិតទៅលើការអធិស្ឋាន។ បើដានីយ៉ែលកែប្រែទម្លាប់ក្នុងការអធិស្ឋាន អ្នកដទៃអាចចាត់ទុកទង្វើនោះជាការសុខចិត្តប្រតិបត្ដិតាមច្បាប់គេ ដែលអាចបង្កប់អត្ថន័យថា គាត់មិនមានចិត្តភក្ដីផ្ដាច់មុខចំពោះព្រះយេហូវ៉ាទេ។
មេរៀនសម្រាប់យើង:
១:៣-៨: យើងអាចយល់ច្បាស់ថា ការអប់រំដែលដានីយ៉ែលនិងមិត្តភក្ដិរបស់គាត់បានទទួលពីមាតាបិតា ពិតជាមានតម្លៃមែន ពីព្រោះការអប់រំនោះបានជួយពួកគេរក្សាឲ្យមានចិត្តភក្ដីចំពោះព្រះយេហូវ៉ា។ ពេលមាតាបិតាកោតខ្លាចព្រះយេហូវ៉ា និងចាត់ទុកកិច្ចបម្រើទ្រង់ជាអាទិភាពក្នុងជីវិត ព្រមទាំងបង្រៀនឲ្យកូនធ្វើដូច្នេះដែរ នេះអាចជួយកូនឲ្យទប់ទល់នឹងការល្បងលឬការបង្ខិតបង្ខំនៅឯសាលានិងកន្លែងឯទៀត។
១:១០-១២: ដានីយ៉ែលយល់នូវមូលហេតុដែល«ចៅហ្វាយលើពួកកំរៀវ»មានអារម្មណ៍ខ្លាចចំពោះស្តេច ដូច្នេះដានីយ៉ែលឈប់ទាមទារឲ្យគាត់ជួយ។ ប៉ុន្តែក្រោយមក ដានីយ៉ែលបាននិយាយជាមួយ«អ្នកដំរួត» ដែលប្រហែលជាមានសិទ្ធិអនុញ្ញាតឲ្យពួកគេធ្វើតាមតែចិត្តប៉ង។ ពេលដែលយើងជួបប្រទះស្ថានការណ៍ពិបាក យើងក៏គួរចេះវិនិច្ឆ័យឲ្យយល់ពីស្ថានភាពផ្សេងៗ ហើយប្រព្រឹត្តដោយប្រាជ្ញាដែរ។
២:២៩, ៣០: យើងគួរធ្វើដូចដានីយ៉ែល ដោយសរសើរព្រះយេហូវ៉ាជាព្រះដែលប្រទានឲ្យយើងនូវចំណេះ គុណសម្បត្ដិនិងសមត្ថភាពផ្សេងៗដែលយើងមាន ដោយសារយើងបានឆ្លៀតទាញយកប្រយោជន៍ពីការអប់រំខាងគម្ពីរ។
៣:១៦-១៨: បើយុវជនជនជាតិហេព្រើរបីនាក់បានសុខចិត្តប្រតិបត្ដិតាមតម្រូវការស្តីអំពីការបរិភោគអាហារនោះ ពួកគេច្បាស់ជាមិនកាន់ជំហររឹងមាំក្នុងករណីមួយទៀតនេះទេ។ ដូច្នេះ យើងគួរ«ស្មោះត្រង់ក្នុងគ្រប់ការទាំងអស់»។—ធីម៉ូថេទី១ ៣:១១
៤:២៤-២៧: ការប្រកាសសាររាជាណាចក្ររបស់ព្រះ ដែលរួមបញ្ចូលការប្រកាសអំពីគ្រាដែលទ្រង់នឹងកាត់ទោសមនុស្សអាក្រក់ ក៏តម្រូវឲ្យយើងមានជំនឿនិងចិត្តក្លាហានដូចដានីយ៉ែល ពេលដែលគាត់ប្រាប់នេប៊ូក្នេសាអំពីអ្វីដែលលោកត្រូវធ្វើដើម្បីឲ្យ«មានសេចក្ដីសុខជាអង្វែងតទៅ»។
៥:៣០, ៣១: ‹ពាក្យចំអកដាក់ស្តេចក្រុងបាប៊ីឡូន›បានសម្រេចមែន។ (អេសាយ ១៤:៣, ៤, ១២-១៥) សាតាំងដែលជាមេកំណាចក៏មានអំណួតស្រដៀងនឹងពួកអ្នកគ្រប់គ្រងចក្រភពបាប៊ីឡូន ហើយវាក៏ត្រូវវិនាសទៅយ៉ាងអាម៉ាស់ខ្មាសដូចពួកគេដែរ។—ដានីយ៉ែល ៤:៣០; ៥:២-៤, ២៣
តើសុបិនដែលដានីយ៉ែលយល់សប្ដិឃើញ មានន័យអ្វី?
នៅឆ្នាំ៥៥៣ មុនគ.ស. ដានីយ៉ែលមានអាយុ៧០ឆ្នាំជាង ពេលដែលគាត់ទទួលព័ត៌មានសំខាន់តាមរយៈសុបិនជាលើកទីមួយ។ ដានីយ៉ែលឃើញសត្វធំបួន ដែលតំណាងមហាអំណាចនីមួយៗ ដែលមានតាំងពីសម័យគាត់រហូតមកដល់សម័យយើង។ ក្នុងសុបិនមួយទៀត ដានីយ៉ែលឃើញព្រឹត្ដិការណ៍នៅឯស្ថានសួគ៌ ថាគេបានឲ្យ«១អង្គដូចជាមនុស្សជាតិ»នូវ‹អំណាចគ្រប់គ្រងដែលស្ថិតស្ថេរនៅអស់កល្ប›។ (ដានីយ៉ែល ៧:១៣, ១៤) ពីរឆ្នាំក្រោយមក ដានីយ៉ែលយល់សប្ដិឃើញសុបិនមួយដែលសំដៅទៅលើចក្រភពមេឌីពើស៊ី ក្រិចនិង‹ស្តេច១អង្គដែលមានទឹកមុខសាហាវ›។—ដានីយ៉ែល ៨:២៣
នៅឆ្នាំ៥៣៩ មុនគ.ស. ចក្រភពបាប៊ីឡូនបានរលំដួល ហើយបុរសជនជាតិមេឌី ឈ្មោះដារីយុស បានឡើងសោយរាជ្យទៅលើពួកខាល់ដេឬជនជាតិបាប៊ីឡូន។ ដានីយ៉ែលអធិស្ឋានចំពោះព្រះយេហូវ៉ា ស្តីអំពីការស្ដារឡើងនូវស្រុកកំណើតរបស់គាត់។ ពេលដានីយ៉ែលកំពុងអធិស្ឋាននោះ ព្រះយេហូវ៉ាចាត់ទេវតាកាព្រីយ៉ែលឲ្យទៅជួយគាត់ឲ្យ«មានប្រាជ្ញាហើយនឹងយោបល់»ឬការយល់ដឹងអំពីព្រះមេស្ស៊ីដែលត្រូវលេចមក។ (ដានីយ៉ែល ៩:២០-២៥) នៅឆ្នាំ៥៣៦និងឆ្នាំ៥៣៥ មុនគ.ស. បណ្ដាជនខ្លះបានវិលត្រឡប់ទៅទីក្រុងយេរូសាឡិមវិញ។ ប៉ុន្តែ ពេលដែលពួកគេចង់សង់វិហារឡើងវិញ ក៏មានអ្នកប្រឆាំងដែរ ហើយដានីយ៉ែលចាប់ផ្ដើមខ្វល់ខ្វាយអំពីរឿងនេះ។ ដានីយ៉ែលយករឿងនោះអធិស្ឋានទៅព្រះយេហូវ៉ា ហើយទ្រង់ចាត់ទេវតាមួយរូបដែលមានឋានៈខ្ពស់ឲ្យទៅជួបគាត់។ មុនដំបូង ទេវតានោះជួយពង្រឹងកម្លាំងឲ្យដានីយ៉ែល ហើយក្រោយមកក៏ប្រាប់ទំនាយអំពីស្តេចខាងជើងនិងស្តេចខាងត្បូងដែលចេះតែដណ្ដើមអំណាចគ្នាជានិច្ច។ ទំនាស់ដែលស្តេចទាំងពីរនោះមានចំពោះគ្នា បានចាប់ផ្ដើមតាំងពីពេលដែលឧត្តមសេនីយ៍បួននាក់បានបែងចែកចក្រភពរបស់លោកអាឡិចសង់ដ៏ឧត្តម ហើយមានរហូតដល់គ្រាដែលមីកែលជាមហាទេវតា«ឈរឡើង»។—ដានីយ៉ែល ១២:១
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
៨:៩—តើ«ស្រុកដ៏ឧត្តម»តំណាងអ្វី? ក្នុងករណីនេះ «ស្រុកដ៏ឧត្តម»តំណាងស្ថានភាពនៃពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ក្នុងអំឡុងគ្រាដែលមហាអំណាចអង់គ្លេសនិងអាម៉េរិកគ្រប់គ្រង។
៨:២៥—តើ«ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់»សំដៅទៅលើអ្នកណា? ពាក្យភាសាហេព្រើរ សរ ដែលបកប្រែថា «ព្រះអម្ចាស់»នោះ មានន័យចំៗថា «មេ»ឬ«អ្នកធំ»។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះ ដែលអាចមានមុខតំណែងជា«ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់» ដែលមានន័យថា ទ្រង់ជាមេលើអស់ទាំងទេវតាដែលមានមុខតំណែងជាអម្ចាស់ដែរ រួមទាំង«មីកែល ជាពួកមហាទេវតា១»ផង។—ដានីយ៉ែល ១០:១៣
៩:២១—ហេតុអ្វីបានជាដានីយ៉ែលហៅកាព្រីយ៉ែលថា «លោក»? នេះគឺពីព្រោះពេលកាព្រីយ៉ែលជួបជាមួយដានីយ៉ែល គាត់មានរូបរាងដូចជាមនុស្ស ដូចពេលដានីយ៉ែលឃើញគាត់ក្នុងសុបិនមួយពីមុន។—ដានីយ៉ែល ៨:១៥-១៧
៩:២៧—តើសញ្ញាមួយណាបាន«តាំងយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើន» រហូតដល់ឆ្នាំ៣៦ គ.ស. ដែលជាដំណាច់៧០អាទិត្យនោះ?a ពេលគេបានធ្វើគុតព្រះយេស៊ូនៅឆ្នាំ៣៣ គ.ស. កិច្ចព្រមព្រៀងខាងក្រឹត្យវិន័យដែលព្រះយេហូវ៉ាឲ្យលោកម៉ូសេ លែងមានសុពលភាព។ ប៉ុន្តែ ការតាំងឬរក្សាឲ្យមានកិច្ចព្រមព្រៀងជាមួយអ័ប្រាហាំប្រយោជន៍ឲ្យជនជាតិអ៊ីស្រាអែល ទុកជាសញ្ញាមួយយ៉ាងម៉ឺងម៉ាត់រហូតដល់ឆ្នាំ៣៦ គ.ស. មានន័យថា ព្រះយេហូវ៉ានៅតែទុកឱកាសឲ្យជនជាតិយូដាទទួលឯកសិទ្ធិពិសេសមួយរយៈខ្លី ពីព្រោះពួកគេជាកូនចៅរបស់អ័ប្រាហាំ។ កិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាជាមួយអ័ប្រាហាំនៅតែមានយ៉ាងម៉ឺងម៉ាត់ ឬមានសុពលភាពចំពោះ«សាសន៍អ៊ីស្រាអែលនៃព្រះ»។—កាឡាទី ៣:៧-៩, ១៤-១៨, ២៩; ៦:១៦
មេរៀនសម្រាប់យើង:
៩:១-២៣; ១០:១១: ដោយសារដានីយ៉ែលមានចិត្តរាបទាប ស្រឡាញ់ព្រះយេហូវ៉ា យកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ហើយបានអធិស្ឋានឥតឈប់ឈរ នោះគាត់បានរាប់ជា«មនុស្សសំណប់យ៉ាងសំខាន់»។ លក្ខណៈទាំងនេះបានជួយគាត់រក្សាឲ្យមានចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ារហូតដល់ពេលដែលគាត់ក្ស័យជីវិត។ ចូរឲ្យយើងតាំងចិត្តធ្វើតាមគំរូរបស់ដានីយ៉ែលចុះ!
៩:១៧-១៩: ពេលដែលយើងអធិស្ឋានសូមឲ្យពិភពលោកថ្មីរបស់ព្រះដែលមាន«សុទ្ធតែសេចក្ដីសុចរិត»ឆាប់មកដល់នោះ អ្វីដែលសំខាន់បំផុតគឺការលើកតម្កើងឈ្មោះរបស់ព្រះយេហូវ៉ា និងការបង្ហាញមួយដងជាសម្រេចថា ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺត្រឹមត្រូវ ជាជាងគិតតែពីការរួចខ្លួនពីទុក្ខលំបាកប៉ុណ្ណោះ មែនទេ?—ពេត្រុសទី២ ៣:១៣
១០:៩-១១, ១៨, ១៩: ស្របទៅតាមគំរូរបស់ទេវតាដែលបានទៅជួបដានីយ៉ែល យើងគួរលើកទឹកចិត្តនិងពង្រឹងកម្លាំងចិត្តបងប្អូន ដោយជួយគ្នាទៅវិញទៅមក និងនិយាយដោយរបៀបដែលសម្រាលទុក្ខ។
១២:៣: ក្នុងអំឡុងគ្រាជាន់ក្រោយបង្អស់នេះ ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ជា«ពួកអ្នកដែលមានប្រាជ្ញា» ហើយពួកគាត់ក៏‹ភ្លឺដូចជាតួពន្លឺ›។ ពួកគាត់«ទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត» រួមទាំង«មនុស្ស១ហ្វូងយ៉ាងធំ»ដែលជាពួក«ចៀមឯទៀត»។ (ភីលីព ២:១៥; វិវរណៈ ៧:៩; យ៉ូហាន ១០:១៦) គ្រាដែលពួកអ្នកមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌នឹង«ភ្លឺ»យ៉ាងពេញលេញ«ដូចជាអស់ទាំងផ្កាយ» គឺក្នុងអំឡុងការសោយរាជ្យមួយពាន់ឆ្នាំនៃព្រះគ្រិស្ត ពេលដែលពួកគាត់រួមចំណែកជាមួយនឹងទ្រង់ក្នុងការប្រទានប្រយោជន៍ទាំងឡាយដែលមកពីតម្លៃលោះរបស់ទ្រង់ ឲ្យមនុស្សនៅផែនដីដែលជាអ្នកស្ដាប់បង្គាប់។ គួរគប្បីឲ្យពួក«ចៀមឯទៀត»មានសាមគ្គីភាពជាមួយអស់អ្នកដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ដោយគាំទ្រកិច្ចការរបស់ពួកគាត់យ៉ាងពេញលេញ។
ព្រះយេហូវ៉ា‹ប្រទានពរ ដល់អស់អ្នកដែលកោតខ្លាចទ្រង់›
តើសៀវភៅដានីយ៉ែលបង្រៀនអ្វីខ្លះអំពីព្រះដែលយើងថ្វាយបង្គំ? សូមគិតអំពីទំនាយផ្សេងៗក្នុងសៀវភៅដានីយ៉ែល មិនថាទំនាយដែលបានសម្រេចរួចហើយ ឬទំនាយដែលមិនទាន់សម្រេចនៅឡើយ។ ទំនាយទាំងនោះពិពណ៌នាយ៉ាងច្បាស់លាស់ពីព្រះយេហូវ៉ា ជាព្រះដែលបំពេញតាមបន្ទូលឬបណ្ដាំរបស់ទ្រង់។—អេសាយ ៥៥:១១
ពេលសៀវភៅដានីយ៉ែលរៀបរាប់អំពីព្រឹត្ដិការណ៍ផ្សេងៗដែលបានកើតមានឡើងនាសម័យនោះ តើនេះបង្រៀនអ្វីខ្លះអំពីព្រះរបស់យើង? យុវជនជនជាតិហេព្រើរបួននាក់ដែលមិនព្រមធ្វើតាមទម្លាប់ក្នុងរាជវាំងនៃជនជាតិបាប៊ីឡូន បានទទួល‹ដំរិះ ហើយបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះនឹងប្រាជ្ញាផង›។ (ដានីយ៉ែល ១:១៧) ព្រះពិតបានចាត់ទេវតារបស់ទ្រង់ដើម្បីប្រោសសាដ្រាក់ មែសាក់និងអ័បេឌនេកោឲ្យរួចពីគុកភ្លើង។ ព្រះយេហូវ៉ាបានសង្គ្រោះដានីយ៉ែលពេលនៅក្នុងរូងសិង្ហ។ យ៉ាងនេះ ព្រះយេហូវ៉ាពិតជា‹ជួយនឹងការពារដូចជាខែលនូវអស់អ្នកដែលទុកចិត្តនឹងទ្រង់› ហើយ‹ប្រទានពរដល់អស់អ្នកដែលកោតខ្លាចទ្រង់›ផង។—ទំនុកដំកើង ១១៥:៩, ១៣
[កំណត់សម្គាល់]
a បើចង់បានព័ត៌មានថែមទៀតអំពី៧០អាទិត្យនោះ សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ទំព័រ២២៨-២២៩ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ១០]
ហេតុអ្វីក៏ព្រះរាប់ដានីយ៉ែលជា«មនុស្សសំណប់យ៉ាងសំខាន់»?