រក្សាចិត្តស្មោះគ្រប់លក្ខណៈ ដោយមូលហេតុអ្វី?
«ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជំនុំជំរះទូលបង្គំ តាម . . . សេចក្ដីទៀងត្រង់[«ឬចិត្តស្មោះគ្រប់លក្ខណៈ»]របស់ទូលបង្គំ»។—ទំនុក. ៧:៨; ព.ថ.
១, ២. តើមានស្ថានការណ៍ណាខ្លះដែលធ្វើឲ្យគ្រិស្តសាសនិកពិបាករក្សាចិត្តស្មោះគ្រប់លក្ខណៈ?
សូមស្រមៃគិតអំពីស្ថានការណ៍បីយ៉ាងផ្សេងៗពីគ្នា។ សិស្សរួមថ្នាក់ខ្លះរបស់ក្មេងប្រុសម្នាក់កំពុងតែរករឿងគាត់។ ពួកគេខំធ្វើឲ្យគាត់ខឹង ប្រហែលជាចង់ឲ្យគាត់និយាយពាក្យជេរប្រមាថ ឬប្រតាយប្រតប់គ្នា។ តើគាត់នឹងតបត ឬទប់ចិត្តហើយដើរចេញពីទីនោះ? ស្វាមីនៅផ្ទះតែម្នាក់ឯងហើយកំពុងតែប្រើកុំព្យូទ័រស្វែងរកព័ត៌មានខ្លះពីប្រព័ន្ធអ៊ីនធឺណិត។ ស្រាប់តែឃើញគេហទំព័រមួយដែលផ្សាយអំពីរឿងអាសអាភាស។ តើគាត់មានចិត្តចង់មើលគេហទំព័រនោះ ឬក៏បដិសេធជាដាច់ខាត? បងស្រីគ្រិស្តសាសនិកម្នាក់កំពុងតែនិយាយគ្នាជាមួយបងស្រីរួមជំនឿខ្លះៗឯទៀត។ ប៉ុន្តែ គេនិយាយអំពីរឿងមិនល្អ ហើយចាប់ផ្ដើមនិយាយដើមបងស្រីម្នាក់ក្នុងក្រុមជំនុំ។ តើគាត់នឹងចូលរួមក្នុងការនិយាយដើមគេ ឬក៏និយាយអំពីអ្វីដែលល្អវិញ?
២ ទោះបើស្ថានការណ៍ទាំងនោះគឺផ្សេងពីគ្នាក៏ពិតមែន ប៉ុន្តែ នៅតែមានលក្ខណៈមួយដែលដូចគ្នា។ ស្ថានការណ៍ទាំងអស់នោះទាក់ទងនឹងការព្យាយាមដើម្បីរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈជាគ្រិស្តសាសនិក។ ពេលដែលអ្នកមានកង្វល់ សេចក្ដីត្រូវការ និងគោលដៅដែលបានកំណត់ក្នុងជីវិត តើអ្នកគិតអំពីចិត្តស្មោះគ្រប់លក្ខណៈរបស់ខ្លួនទេ? រៀងរាល់ថ្ងៃ មនុស្សគិតអំពីអាការក្រៅរបស់ខ្លួន សុខភាព ការពិបាករកស៊ីចិញ្ចឹមជីវិត មិត្តភាពដែលម្ដងសប្បាយម្ដងទុក្ខ ហើយប្រហែលជាគិតអំពីរឿងស្នេហាផង។ យើងប្រហែលជាគិតច្រើនអំពីរឿងបែបនេះ។ ប៉ុន្តែ ពេលព្រះយេហូវ៉ាពិនិត្យមើលចិត្តរបស់យើង តើអ្វីសំខាន់ចំពោះទ្រង់? (ទំនុក. ១៣៩:២៣, ២៤) អ្វីដែលសំខាន់ចំពោះទ្រង់គឺចិត្តស្មោះគ្រប់លក្ខណៈរបស់យើង។
៣. តើមានជម្រើសពិសេសមួយណាដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងជ្រើសរើស? តើយើងនឹងពិចារណាអំពីអ្វីក្នុងអត្ថបទនេះ?
៣ ព្រះយេហូវ៉ាជាអ្នកដែលផ្ដល់‹គ្រប់ទាំងរបស់ដ៏ល្អ នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍›។ ទ្រង់បានប្រគល់ឲ្យយើងម្នាក់ៗមានអំណោយទានផ្សេងៗ។ (យ៉ា. ១:១៧) ដោយសារទ្រង់ យើងមានរូបកាយ ចិត្តគំនិត សុខភាពល្អ ព្រមទាំងសមត្ថភាពផ្សេងៗទៀត។ (១កូ. ៤:៧) ក៏ប៉ុន្តែ ព្រះយេហូវ៉ាមិនបង្ខំយើងឲ្យបង្ហាញចិត្តស្មោះគ្រប់លក្ខណៈឡើយ។ ទ្រង់អនុញ្ញាតឲ្យយើងជ្រើសរើសដោយខ្លួនឯងថា យើងបណ្ដុះឲ្យមានឬមិនមានលក្ខណៈនេះ។ (ចោទិ. ៣០:១៩) បើដូច្នេះ យើងត្រូវពិនិត្យមើលថា តើចិត្តស្មោះគ្រប់លក្ខណៈជាអ្វី? យើងក៏នឹងពិចារណាមូលហេតុបីយ៉ាងដែលពន្យល់ថាលក្ខណៈនេះគឺសំខាន់ចាំបាច់ណាស់។
តើចិត្តស្មោះគ្រប់លក្ខណៈជាអ្វី?
៤. តើចិត្តស្មោះគ្រប់លក្ខណៈរួមបញ្ចូលអ្វីខ្លះ? តើយើងអាចរៀនអ្វីពីច្បាប់របស់ព្រះយេហូវ៉ាស្តីអំពីយញ្ញបូជាសត្វ?
៤ មនុស្សជាច្រើនមិនយល់ច្បាស់អំពីចិត្តស្មោះគ្រប់លក្ខណៈជាអ្វីទេ។ ជាឧទាហរណ៍ ពេលអ្នកនយោបាយអួតអំពីចិត្តស្មោះរបស់ខ្លួន ជាញយដងពួកគេសំដៅទៅលើសេចក្ដីទៀងត្រង់របស់ខ្លួនវិញ។ សេចក្ដីទៀងត្រង់ជាលក្ខណៈសំខាន់មែន ប៉ុន្តែលក្ខណៈនេះគ្រាន់តែជាផ្នែកមួយនៃចិត្តស្មោះប៉ុណ្ណោះ។ ដូចបានប្រើក្នុងគម្ពីរ ចិត្តស្មោះរួមបញ្ចូលភាពគ្រប់លក្ខណៈខាងសីលធម៌។ ពាក្យជាភាសាហេព្រើរដែលទាក់ទងនឹង«ចិត្តស្មោះ» គឺមកពីពាក្យដែលមានន័យថាត្រឹមត្រូវ គ្រប់លក្ខណៈ ឬឥតខ្ចោះ។ ពាក្យមួយក្នុងចំណោមពាក្យទាំងនេះ ត្រូវបានប្រើពេលទាក់ទងនឹងយញ្ញបូជាដែលត្រូវផ្ដល់ជូនព្រះយេហូវ៉ា។ អ្នកថ្វាយត្រូវតែថ្វាយសត្វដែលល្អឥតខ្ចោះឬគ្រប់លក្ខណៈ ទើបបានគាប់ចិត្តទ្រង់។ (សូមអាន លេវីវិន័យ ២២:១៩, ២០) ព្រះយេហូវ៉ាស្តីបន្ទោសយ៉ាងខ្លាំងអស់អ្នកដែលមើលងាយច្បាប់របស់ទ្រង់ដោយថ្វាយសត្វខ្ញើច ឈឺ ឬខ្វាក់ជាយញ្ញបូជា។—ម៉ាឡ. ១:៦-៨
៥, ៦. (ក) តើឧទាហរណ៍ណាខ្លះដែលបង្ហាញថាជារឿយៗយើងឲ្យតម្លៃដល់អ្វីដែលគ្រប់លក្ខណៈឬពេញលេញ? (ខ) ស្តីអំពីមនុស្សដែលមិនល្អឥតខ្ចោះ តើត្រូវតែមានភាពល្អឥតខ្ចោះដើម្បីមានចិត្តស្មោះគ្រប់លក្ខណៈទេ? សូមពន្យល់។
៥ ការស្វែងរកនិងការឲ្យតម្លៃទៅលើអ្វីដែលគ្រប់លក្ខណៈឬពេញលេញមិនជាការចម្លែកឡើយ។ សូមស្រមៃគិតពីអ្នកប្រមូលសៀវភៅចាស់ៗម្នាក់ បន្ទាប់ពីបានចំណាយពេលយ៉ាងយូរ គាត់ក៏រកឃើញសៀវភៅដែលមានតម្លៃមួយក្បាល។ ស្រាប់តែក្រោយមក គាត់ឃើញថាសៀវភៅនោះបាត់ទំព័រសំខាន់ៗមួយចំនួន។ នេះធ្វើឲ្យគាត់ខកចិត្ត ហើយប្រហែលជាគាត់ដាក់សៀវភៅនោះទៅលើធ្នើរវិញ។ ឬក៏សូមគិតក្នុងចិត្តអំពីស្ត្រីម្នាក់ដែលទៅផ្សារទិញពងមាន់។ មានពងមាន់ជាច្រើន តែតើគាត់នឹងរើសយកពងមាន់មួយណា? គឺពិតជាពងមាន់ដែលល្អហើយគ្មានស្នាមប្រេះ។ ស្រដៀងគ្នាដែរ ព្រះកំពុងតែស្វែងរកមនុស្សដែលមានចិត្តស្មោះត្រង់ឬគ្រប់លក្ខណៈចំពោះទ្រង់។—២របា. ១៦:៩
៦ ប្រហែលជាអ្នកឆ្ងល់ថា តើត្រូវតែមានភាពល្អឥតខ្ចោះដើម្បីមានចិត្តស្មោះគ្រប់លក្ខណៈឬទេ? ដោយសារយើងមានភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះ យើងប្រហែលជាគិតថាខ្លួនដូចជាសៀវភៅដែលខ្វះទំព័រ ឬពងមាន់ដែលមានស្នាមប្រេះ។ តើអ្នកធ្លាប់មានអារម្មណ៍ដូចនេះម្ដងម្កាលទេ? សូមជឿជាក់ថា ព្រះយេហូវ៉ាមិនតម្រូវឲ្យយើងមានភាពល្អឥតខ្ចោះដាច់ខាតឡើយ។ ទ្រង់មិនតម្រូវអ្វីលើសពីសមត្ថភាពរបស់យើងទេ។a (ទំនុក. ១០៣:១៤; យ៉ា. ៣:២) យ៉ាងណាក៏ដោយ ទ្រង់តម្រូវឲ្យយើងរក្សាចិត្តស្មោះ។ បើដូច្នេះ តើល្អឥតខ្ចោះនិងចិត្តស្មោះមានភាពខុសគ្នាទេ? ពិតជាមានមែន។ ជាឧទាហរណ៍ បុរសម្នាក់ស្រឡាញ់ស្ត្រីដែលគាត់ចង់រៀបការជាមួយ។ គាត់ពិតជាមិនតម្រូវឲ្យនាងមានលក្ខណៈល្អឥតខ្ចោះទេ។ ក៏ប៉ុន្តែ គាត់នឹងតម្រូវឲ្យនាងស្រឡាញ់គាត់អស់ពីដួងចិត្ត ពោលគឺមានសេចក្ដីស្នេហាចំពោះគាត់តែម្នាក់គត់។ ស្រដៀងគ្នាដែរ ព្រះយេហូវ៉ា‹ជាព្រះដែលមានសេចក្ដីប្រច័ណ្ឌ› ឬតម្រូវឲ្យយើងមានភក្ដីភាពផ្ដាច់មុខ។ (និក្ខ. ២០:៥) ទ្រង់មិនតម្រូវឲ្យយើងមានលក្ខណៈល្អឥតខ្ចោះទេ តែតម្រូវឲ្យយើងស្រឡាញ់ទ្រង់អស់ពីដួងចិត្ត ហើយថ្វាយបង្គំទ្រង់តែមួយអង្គប៉ុណ្ណោះ។
៧, ៨. (ក) តើព្រះយេស៊ូបានតាំងគំរូយ៉ាងណាស្តីអំពីចិត្តស្មោះគ្រប់លក្ខណៈ? (ខ) បើគិតអំពីកិច្ចបម្រើព្រះ តើចិត្តស្មោះគ្រប់លក្ខណៈមានន័យអ្វី?
៧ ប្រហែលជាយើងនៅចាំចម្លើយរបស់ព្រះយេស៊ូ ពេលគេសួរទ្រង់អំពីច្បាប់មួយណាដែលសំខាន់បំផុត។ (សូមអាន ម៉ាកុស ១២:២៨-៣០) ព្រះយេស៊ូមិនគ្រាន់តែផ្ដល់ចម្លើយប៉ុណ្ណោះទេ តែបានរស់នៅស្របតាមអ្វីដែលទ្រង់បានឆ្លើយ។ ទ្រង់បានតាំងគំរូដ៏ល្អបំផុតក្នុងការស្រឡាញ់ព្រះយេហូវ៉ាឲ្យអស់ពីចិត្ត ពីព្រលឹង ពីគំនិត និងអស់អំពីកម្លាំង។ ទ្រង់បានបង្ហាញថា ចិត្តស្មោះគ្រប់លក្ខណៈមិនសម្ដែងដោយពាក្យតែប៉ុណ្ណោះទេ តែជាការប្រព្រឹត្តដែលផុសពីបំណងចិត្តដ៏ល្អ។ ដើម្បីឲ្យយើងរក្សាចិត្តស្មោះគ្រប់លក្ខណៈ នោះយើងត្រូវតែកាន់តាមលំអានដានរបស់ព្រះយេស៊ូ។—១ពេ. ២:២១
៨ ដូច្នេះ បើគិតអំពីកិច្ចបម្រើព្រះ ចិត្តស្មោះគ្រប់លក្ខណៈមានន័យថា យើងមានភក្ដីភាពដ៏អស់ពីដួងចិត្តចំពោះព្រះយេហូវ៉ាតែមួយគត់ ព្រមទាំងចំពោះបំណងប្រាថ្នានិងគោលបំណងរបស់ទ្រង់។ ការរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈមានន័យថា ក្នុងជីវិតប្រចាំថ្ងៃ យើងនឹងខំផ្គាប់ចិត្តព្រះយេហូវ៉ាមុនគេបង្អស់។ យើងនឹងចាត់ទុកអ្វីដែលសំខាន់ក្នុងជីវិតទៅតាមទស្សនៈរបស់ទ្រង់។ សូមឲ្យយើងពិចារណាមូលហេតុបីយ៉ាងដែលការធ្វើដូច្នេះពិតជាសំខាន់ម្ល៉េះ។
១. ចិត្តស្មោះគ្រប់លក្ខណៈរបស់យើង និងការគ្រប់គ្រងរបស់ព្រះ
៩. តើចិត្តស្មោះរបស់យើងទាក់ទងនឹងរឿងស្តីអំពីអ្នកណាមានសិទ្ធិគ្រប់គ្រងសកលលោកទាំងមូលយ៉ាងដូចម្ដេច?
៩ ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាមិនពឹងផ្អែកទៅលើចិត្តស្មោះរបស់យើងទេ។ ការគ្រប់គ្រងរបស់ទ្រង់គឺប្រកបដោយយុត្ដិធម៌ គ្មានទីបញ្ចប់ និងគ្មានកំណត់។ មិនថាមនុស្សនិងទេវតាណាមួយនិយាយ ឬធ្វើអ្វីក៏ដោយ ការគ្រប់គ្រងរបស់ទ្រង់នឹងស្ថិតស្ថេរដូចនេះរហូត។ ក៏ប៉ុន្តែ ការគ្រប់គ្រងរបស់ព្រះត្រូវបានគេនិយាយបង្កាច់នៅស្ថានសួគ៌និងផែនដីផង។ យ៉ាងនេះ គឺចាំបាច់ឲ្យមនុស្សនិងទេវតាទាំងឡាយទទួលស្គាល់ថា ទ្រង់មានសិទ្ធិគ្រប់គ្រង ហើយការគ្រប់គ្រងរបស់ទ្រង់គឺត្រឹមត្រូវ ព្រមទាំងប្រកបដោយយុត្ដិធម៌ និងសេចក្ដីស្រឡាញ់។ ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងស្វែងរកឱកាសដើម្បីនិយាយជាមួយអស់អ្នកដែលចង់ស្ដាប់ អំពីសិទ្ធិគ្រប់គ្រងរបស់ព្រះទៅលើអ្វីៗទាំងអស់ដែលទ្រង់បានបង្កើត។ ប៉ុន្តែ តើយើងអាចបង្ហាញថា យើងគាំទ្រការគ្រប់គ្រងរបស់ព្រះយ៉ាងដូចម្ដេច? តើយើងបង្ហាញថាព្រះយេហូវ៉ាជាមហាក្សត្ររបស់យើងយ៉ាងដូចម្ដេច? យើងបង្ហាញថាព្រះយេហូវ៉ាជាមហាក្សត្ររបស់យើង ដោយរក្សាចិត្តស្មោះគ្រប់លក្ខណៈ។
១០. ស្តីអំពីចិត្តស្មោះគ្រប់លក្ខណៈរបស់មនុស្ស តើអ្វីដែលសាតាំងបានចោទប្រកាន់? ចំពោះការចោទប្រកាន់នោះ តើអ្នកចង់តបឆ្លើយយ៉ាងដូចម្ដេច?
១០ សូមពិចារណានូវរបៀបដែលចិត្តស្មោះរបស់អ្នកជាប់ទាក់ទងនឹងការគ្រប់គ្រងរបស់ព្រះ។ បើនិយាយឲ្យចំ សាតាំងបានអះអាងថា គ្មានមនុស្សណានឹងគាំទ្រការគ្រប់គ្រងរបស់ព្រះ ហើយគ្មាននរណានឹងបម្រើព្រះយេហូវ៉ាដោយសេចក្ដីស្រឡាញ់ ដែលសុខចិត្តលះបង់ប្រយោជន៍ខ្លួនឡើយ។ នៅចំពោះបណ្ដាទេវតាជាច្រើនរូប នោះមេកំណាចនិយាយទៅកាន់ព្រះយេហូវ៉ាថា៖ «ស្បែកឲ្យធួននឹងស្បែកចុះ មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។ (យ៉ូប ២:៤) សូមកត់សម្គាល់ថា សាតាំងមិនគ្រាន់តែចោទរឿងនេះដល់យ៉ូបដែលជាបុរសដ៏សុចរិតប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់មនុស្សជាតិជាទូទៅដែរ។ ដូច្នេះហើយ គម្ពីរហៅសាតាំងថាជាអ្នក«ដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា»។ (វិវរ. ១២:១០) វាតិះដៀលព្រះយេហូវ៉ាដោយអះអាងថាគ្រិស្តសាសនិក ដែលរួមទាំងរូបអ្នកផ្ទាល់ នឹងមិននៅស្មោះត្រង់ចំពោះទ្រង់ឡើយ។ សាតាំងអះអាងថា អ្នកនឹងក្បត់ព្រះយេហូវ៉ាដើម្បីឲ្យបានជីវិតគង់នៅ។ តើអ្នកមានអារម្មណ៍យ៉ាងណាស្តីអំពីការចោទប្រកាន់របស់សាតាំងមកលើអ្នក? អ្នកពិតជាចង់មានឱកាសដើម្បីបង្ហាញថាសាតាំងជាអ្នកភូតភរ មែនទេ? ដោយរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះ នោះអ្នកអាចបង្ហាញថាសាតាំងជាអ្នកភូតភរមែន។
១១, ១២. (ក) តើឧទាហរណ៍ណាខ្លះបង្ហាញថា របៀបដែលការសម្រេចចិត្តអំពីរឿងប្រចាំថ្ងៃ ទាក់ទងនឹងចិត្តស្មោះគ្រប់លក្ខណៈរបស់យើង? (ខ) ហេតុអ្វីការរក្សាចិត្តស្មោះគ្រប់លក្ខណៈជាឯកសិទ្ធិមួយ?
១១ យ៉ាងនេះ ចិត្តស្មោះគ្រប់លក្ខណៈរបស់អ្នកដែលនាំឲ្យមានកិរិយាប្រព្រឹត្ត និងធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃគឺសំខាន់ណាស់។ សូមពិចារណាម្ដងទៀតអំពីស្ថានការណ៍បីយ៉ាងដែលបានលើកនៅដើមអត្ថបទនេះ។ តើក្មេងប្រុស ស្វាមី និងបងស្រីនោះរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច? ក្មេងប្រុសដែលសិស្សរួមថ្នាក់កំពុងតែរករឿងនោះ ប្រហែលជាចង់បញ្ចេញកំហឹងដល់ពួកគាត់។ ប៉ុន្តែគាត់ចាំការដាស់តឿនមួយនេះដែលថា៖ «ឱពួកស្ងួនភ្ងាអើយ កុំឲ្យសងសឹកឡើយ ចូរថយចេញពីសេចក្ដីកំហឹងទៅ ដ្បិតមានសេចក្ដីចែងទុកមកថា ‹ព្រះអម្ចាស់ ទ្រង់មានបន្ទូលថា ការសងសឹក នោះស្រេចនឹងអញ អញនឹងសងដល់គេ›»។ (រ៉ូម ១២:១៩) ដូច្នេះ គាត់ដើរចេញពីសិស្សរួមថ្នាក់។ ស្វាមីដែលកំពុងតែប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតអាចមើលគេហទំព័រដែលមានរូបអាសអាភាសនោះបាន។ ក៏ប៉ុន្តែ គាត់នឹកចាំគោលការណ៍ដែលយ៉ូបបានពោល ដែលថា៖ «ខ្ញុំបានតាំងសញ្ញានឹងភ្នែកខ្ញុំហើយ។ ដូច្នេះ ធ្វើដូចម្ដេចឲ្យខ្ញុំមើលស្ត្រីក្រមុំដោយចាប់ចិត្តបាន»។ (យ៉ូប ៣១:១) ស្រដៀងគ្នាដែរ បុរសនេះមិនព្រមមើលរូបភាពដ៏អាក្រក់នោះឡើយ ហើយគាត់បដិសេធមិនមើលរូបភាពបែបនោះដោយទុកដូចជាថ្នាំពុល។ បងស្រីដែលកំពុងតែនិយាយគ្នាជាមួយបងស្រីរួមជំនឿខ្លះទៀត ប្រហែលជាឮការនិយាយដើមគេ តែគាត់ទប់ខ្លួនដោយនឹកចាំការណែនាំមួយដែលថា៖ «ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្ដីល្អ ឲ្យបានស្អាងចិត្តឡើង»។ (រ៉ូម ១៥:២) ពាក្យដែលគាត់បានឮនោះ មិនស្អាងចិត្តទេបើគាត់ប្រាប់តទៅអ្នកឯទៀត។ ការនិយាយដើមគេនោះ គឺមិនល្អចំពោះបងស្រីគ្រិស្តសាសនិករបស់គាត់ទេ ហើយក៏មិនផ្គាប់ចិត្តបិតានៅស្ថានសួគ៌ដែរ។ ដូច្នេះ គាត់សម្រេចចិត្តមិនចូលរួមក្នុងការនិយាយដើមគេ ហើយនិយាយអំពីរឿងល្អវិញ។
១២ ក្នុងករណីនីមួយៗនោះ គ្រិស្តសាសនិកទាំងបីនាក់បានសម្រេចចិត្តថា ‹ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រង់របស់ខ្ញុំ។ ស្តីអំពីរឿងនេះ ខ្ញុំនឹងព្យាយាមធ្វើអ្វីដែលទ្រង់ពេញចិត្ត›។ ពេលធ្វើការជ្រើសរើសនិងការសម្រេចចិត្ត តើអ្នកខំធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តដែរទេ? ប្រសិនបើអ្នកធ្វើដូច្នេះមែន នោះអ្នកពិតជាធ្វើតាមពាក្យដែលប្រកបដោយភាពកក់ក្ដៅ ដូចបានកត់ទុកក្នុងសុភាសិត ២៧:១១ ដែលថា៖ «កូនអើយ! ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ! ដើម្បី ឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។ ពិតជាឯកសិទ្ធិមែន! ដែលយើងអាចនាំឲ្យព្រះមានចិត្តរីករាយ។ ការរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈ ពិតជាមានប្រយោជន៍ មែនទេ?
២. ជាមូលដ្ឋាននៃការជំនុំជម្រះរបស់ព្រះ
១៣. ចិត្តស្មោះគ្រប់លក្ខណៈជាមូលដ្ឋានដែលព្រះយេហូវ៉ាជំនុំជម្រះយើង តើពាក្យរបស់យ៉ូបនិងដាវីឌបង្ហាញយ៉ាងដូចម្ដេច?
១៣ យើងយល់ឃើញថាចិត្តស្មោះគ្រប់លក្ខណៈនាំឲ្យយើងគាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ដូច្នេះ នេះជាមូលដ្ឋានដែលព្រះអាចជំនុំជម្រះយើង។ យ៉ូបយល់ច្បាស់ពីសច្ចភាពនៃរឿងនេះ។ (សូមអាន យ៉ូប ៣១:៦) យ៉ូបដឹងថា ព្រះថ្លឹងមនុស្សជាតិទាំងឡាយដោយ«ជញ្ជីងត្រឹមត្រូវ» ហើយប្រើយុត្ដិធម៌ដ៏ល្អឥតខ្ចោះរបស់ទ្រង់ដើម្បីជ្រាបថា យើងរក្សាឬមិនរក្សាចិត្តស្មោះរបស់យើង។ ស្រដៀងគ្នាដែរ ដាវីឌមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាទ្រង់តែងជំនុំជំរះបណ្ដាជនទាំងឡាយ ឱព្រះយេហូវ៉ាអើយ! សូមទ្រង់ជំនុំជំរះទូលបង្គំ តាមសេចក្ដីសុចរិត នឹងសេចក្ដីទៀងត្រង់របស់ទូលបង្គំផង . . . ដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម»។ (ទំនុក. ៧:៨, ៩) យើងដឹងថាព្រះអាចមើលក្នុងជម្រៅចិត្តរបស់យើង ពោលគឺ«ចិត្តថ្លើម»របស់យើងតែម្ដង។ ប៉ុន្តែ យើងត្រូវតែចងចាំអំពីអ្វីដែលទ្រង់ខំស្វែងរក។ ព្រះយេហូវ៉ាជំនុំជម្រះយើងយោងទៅតាមចិត្តស្មោះគ្រប់លក្ខណៈរបស់យើង ដូចដាវីឌបានមានប្រសាសន៍។
១៤. ហេតុអ្វីយើងមិនគួរស្មានថា ភាពមិនល្អឥតខ្ចោះបង្ការយើងពីការរក្សាចិត្តស្មោះគ្រប់លក្ខណៈ?
១៤ សូមស្រមៃគិតថាព្រះយេហូវ៉ាកំពុងតែស្ទង់ចិត្តមនុស្សជាតិរាប់ពាន់លាននាក់សព្វថ្ងៃនេះ។ (១របា. ២៨:៩) តើទ្រង់ឃើញមនុស្សច្រើនកំពុងតែរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះទេ? ពិតជាកម្រមានណាស់! យ៉ាងណាក៏ដោយ យើងមិនគួរស្មានថា ភាពមិនល្អឥតខ្ចោះបង្ការយើងពីការរក្សាចិត្តស្មោះគ្រប់លក្ខណៈឡើយ។ ផ្ទុយទៅវិញ ដូចដាវីឌនិងយ៉ូប យើងមានមូលហេតុល្អដើម្បីទុកចិត្តថា ព្រះយេហូវ៉ានឹងឃើញថាយើងជាមនុស្សដែលរក្សាចិត្តស្មោះគ្រប់លក្ខណៈ ទោះបើយើងមានភាពមិនល្អឥតខ្ចោះក៏ដោយ។ សូមចាំថា ភាពល្អឥតខ្ចោះមិនធានាថាយើងនឹងរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈឡើយ។ មានតែមនុស្សល្អឥតខ្ចោះបីនាក់ប៉ុណ្ណោះដែលធ្លាប់រស់នៅផែនដី ហើយពីរនាក់ ពោលគឺអ័ដាមនិងអេវ៉ាមិនបានរក្សាចិត្តស្មោះគ្រប់លក្ខណៈទេ។ យ៉ាងណាក៏ដោយ មនុស្សមិនល្អឥតខ្ចោះរាប់លាននាក់បានរក្សាចិត្តស្មោះគ្រប់លក្ខណៈ។ អ្នកក៏អាចធ្វើដូច្នេះដែរ។
៣. សំខាន់ចាំបាច់សម្រាប់សេចក្ដីសង្ឃឹមរបស់យើង
១៥. ចិត្តស្មោះគ្រប់លក្ខណៈគឺចាំបាច់សម្រាប់សេចក្ដីសង្ឃឹមរបស់យើងចំពោះអនាគត តើដាវីឌបានបង្ហាញយ៉ាងណា?
១៥ ដោយសារចិត្តស្មោះគ្រប់លក្ខណៈជាមូលដ្ឋាននៃការជំនុំជម្រះរបស់ព្រះ នោះចិត្តស្មោះគឺសំខាន់ចាំបាច់សម្រាប់សេចក្ដីសង្ឃឹមរបស់យើងចំពោះអនាគត។ ដាវីឌយល់នូវសច្ចភាពនៃចំណុចនេះ។ (សូមអាន ទំនុកដំកើង ៤១:១២) ចំពោះសេចក្ដីសង្ឃឹមថាព្រះយកចិត្តទុកដាក់នឹងគាត់ជារៀងរហូត គឺជាអ្វីដែលដាវីឌចាត់ទុកថាមានតម្លៃណាស់។ ដាវីឌសង្ឃឹមថានឹងមានជីវិតដែលគ្មានទីបញ្ចប់ ហើយចូលកាន់តែជិតព្រះយេហូវ៉ាក្នុងកាលដែលបម្រើទ្រង់ ដូចគ្រិស្តសាសនិកពិតសព្វថ្ងៃនេះដែរ។ ដាវីឌយល់ឃើញថា ខ្លួនត្រូវរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈ ទើបសេចក្ដីសង្ឃឹមនោះនឹងសម្រេចបាន។ ស្រដៀងគ្នាដែរ នៅពេលដែលយើងរក្សាចិត្តស្មោះគ្រប់លក្ខណៈ នោះព្រះយេហូវ៉ានឹងគាំទ្រយើង បង្រៀន ណែនាំ និងផ្ដល់ពរឲ្យយើង។
១៦, ១៧. (ក) ហេតុអ្វីបានជាអ្នកតាំងចិត្តកាន់ខ្ជាប់តាមចិត្តស្មោះគ្រប់លក្ខណៈរបស់អ្នកជានិច្ច? (ខ) តើអត្ថបទបន្ទាប់នឹងឆ្លើយសំណួរណាខ្លះ?
១៦ សេចក្ដីសង្ឃឹមគឺសំខាន់ចាំបាច់ដើម្បីឲ្យយើងមានសុភមង្គលសព្វថ្ងៃនេះ។ នេះគឺដោយសារសេចក្ដីសង្ឃឹមដែលអាចជួយយើងឲ្យស៊ូទ្រាំពេលយើងជួបប្រទះនឹងគ្រាលំបាក។ ណាមួយទៀត សេចក្ដីសង្ឃឹមអាចការពារគំនិតរបស់យើងដែរ។ គម្ពីរប្រៀបសេចក្ដីសង្ឃឹមទៅនឹងមួកសឹក។ (១ថែ. ៥:៨) ដូចជាមួកសឹកការពារក្បាលរបស់ទាហានក្នុងចម្បាំង នោះសេចក្ដីសង្ឃឹមការពារចិត្តគំនិតរបស់យើងពីគំនិតអាក្រក់ដែលសាតាំងបានតម្កើងក្នុងពិភពលោកនេះ។ ជីវិតនឹងគ្មានន័យខ្លឹមសារបើយើងមិនមានសេចក្ដីសង្ឃឹម។ យើងត្រូវពិនិត្យមើលខ្លួនឯងដោយស្មោះ និងយកចិត្តទុកដាក់ ថាតើចិត្តស្មោះគ្រប់លក្ខណៈនិងសេចក្ដីសង្ឃឹមរបស់យើងខ្លាំងប៉ុណ្ណា? សូមនឹកចាំរហូតថា ដោយរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈ នោះអ្នកនឹងគាំទ្រការគ្រប់គ្រង់របស់ព្រះយេហូវ៉ា និងការពារសេចក្ដីសង្ឃឹមដ៏អស្ចារ្យរបស់អ្នកចំពោះអនាគត។ សូមឲ្យអ្នកកាន់ខ្ជាប់តាមចិត្តស្មោះគ្រប់លក្ខណៈរបស់អ្នកជានិច្ច!
១៧ ដោយសារចិត្តស្មោះគ្រប់លក្ខណៈគឺសំខាន់ដល់ម្ល៉េះ នោះយើងត្រូវពិចារណាសំណួរថែមទៀត។ តើយើងអាចបណ្ដុះឲ្យមានចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច? តើយើងអាចរក្សាឲ្យមានចិត្តស្មោះគ្រប់លក្ខណៈយ៉ាងដូចម្ដេច? ណាមួយទៀត បើបុគ្គលម្នាក់មិនរក្សាចិត្តស្មោះគ្រប់លក្ខណៈអស់មួយរយៈ តើគាត់អាចធ្វើអ្វី? អត្ថបទបន្ទាប់នឹងឆ្លើយសំណួរទាំងនេះ។
[កំណត់សម្គាល់]
a ពិតមែន ព្រះយេស៊ូមានប្រសាសន៍ថា៖ «ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចជាព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ»។ (ម៉ាថ. ៥:៤៨) តាមមើលទៅ ទ្រង់យល់ថាសូម្បីតែមនុស្សមិនល្អឥតខ្ចោះក៏អាចទៅជាគ្រប់លក្ខណៈ ឬល្អឥតខ្ចោះក្នុងមួយកម្រិតមែន។ យើងអាចធ្វើតាមសេចក្ដីបង្គាប់ដែលប្រាប់ថាឲ្យស្រឡាញ់អ្នកឯទៀតដោយចិត្តសទ្ធា ហើយជាលទ្ធផលព្រះក៏ពេញចិត្តនឹងយើង។ ក៏ប៉ុន្តែ ព្រះយេហូវ៉ាគឺល្អឥតខ្ចោះបំផុត។ ពេលទាក់ទងនឹងព្រះយេហូវ៉ា ពាក្យ«ចិត្តស្មោះ» ក៏រួមបញ្ចូលភាពល្អឥតខ្ចោះផងដែរ។—ទំនុក. ១៨:៣០
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើចិត្តស្មោះគ្រប់លក្ខណៈជាអ្វី?
• តើចិត្តស្មោះគ្រប់លក្ខណៈទាក់ទងនឹងរឿងស្តីអំពីអ្នកណាដែលមានសិទ្ធិគ្រប់គ្រងសកលលោកទាំងមូលយ៉ាងដូចម្ដេច?
• តើចិត្តស្មោះគ្រប់លក្ខណៈនាំយើងឲ្យមានសេចក្ដីសង្ឃឹមយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៥]
ជីវិតប្រចាំថ្ងៃនាំឲ្យយើងពិបាករក្សាចិត្តស្មោះគ្រប់លក្ខណៈ