យើងអាចរៀនពីម្ដាយរបស់លោកយេស៊ូ
តើអ្នកធ្លាប់មានអារម្មណ៍ថាបញ្ហាឬភារកិច្ចដែលអ្នកគិតស្មានមិនដល់បានសង្គ្រុបចិត្តរបស់អ្នកទាំងស្រុងទេ? តើអ្នកអស់កម្លាំងដោយខំរកស៊ីចិញ្ចឹមខ្លួនឲ្យបានគ្រប់គ្រាន់ពីមួយថ្ងៃទៅមួយថ្ងៃឬទេ? ប្រហែលជាអ្នកស្ថិតក្នុងចំណោមមនុស្សរាប់លាននាក់ដែលមានអារម្មណ៍សុញសាញ ព្រមទាំងភ័យស្លន់ស្លោដោយសារត្រូវចាកចេញពីស្រុកកំណើតជាជនភៀសខ្លួន។ ណាមួយទៀត ពេលបងប្អូនជាទីស្រឡាញ់បានស្លាប់ទៅ យើងខ្ញុំគ្រប់គ្នាមានការឈឺចាប់យ៉ាងខ្លាំងនិងអារម្មណ៍ថាគ្មានខ្លឹមសារក្នុងជីវិត មែនទេ?
តើអ្នកដឹងថានាងម៉ារៀ ដែលជាម្ដាយរបស់លោកយេស៊ូជួបប្រទះបញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើទេ? នាងមិនគ្រាន់តែជួបប្រទះបញ្ហាទាំងនោះទេ តែក៏បានយកឈ្នះលើបញ្ហាទាំងនោះដែរ! តើយើងអាចរៀនអ្វីខ្លះពីនាងម៉ារៀ?
មនុស្សនៅទូទាំងពិភពលោកស្គាល់នាងម៉ារៀ។ ពុំមែនជាការចម្លែកអ្វីឡើយ! ដោយព្រោះនាងមានតួនាទីសំខាន់ក្នុងការសម្រេចគោលបំណងរបស់ព្រះ។ ម្យ៉ាងទៀត មនុស្សរាប់លាននាក់ធ្វើសក្ការៈចំពោះនាងម៉ារៀ។ សាសនាកាតូលិកគោរពប្រណិប័តន៍នាងជាម្ដាយដែលជាទីស្រឡាញ់ ហើយជាគំរូស្តីអំពីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីមេត្ដាករុណា។ មនុស្សជាច្រើនត្រូវបានបង្រៀនថានាងម៉ារៀជាអ្នកសម្រុះសម្រួលម្នាក់ ហើយអាចសុំអធ្យាស្រ័យពីព្រះជំនួសមនុស្សជាតិ។
តើអ្នកមានទស្សនៈយ៉ាងដូចម្ដេចចំពោះម្ដាយរបស់លោកយេស៊ូ? ហើយសំខាន់ជាងទៀត តើព្រះមានទស្សនៈយ៉ាងដូចម្ដេចចំពោះនាង?
ភារកិច្ចដ៏ល្អឯក
នាងម៉ារៀ ដែលជាកូនស្រីរបស់ហេលី គឺមកពីកុលសម្ព័ន្ធយូដានៃសាសន៍អ៊ីស្រាអែល។ គម្ពីរបានរៀបរាប់អំពីនាងជាលើកដំបូងពេលទាក់ទងនឹងព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយ។ ទេវតាមួយរូបបានទៅជួបនាងហើយពោលពាក្យថា៖ «សួស្តី អ្នកសំណព្វរបស់ព្រះ។ ព្រះយេហូវ៉ានៅជាមួយនឹងនាង»។ ប៉ុន្តែពេលដែលឮដូច្នេះ នាងក៏ជ្រួលច្របល់ក្នុងចិត្តជាខ្លាំង ហើយ«តាំងរិះគិតថាតើសម្ដីនោះបង្កប់អត្ថន័យអ្វី»។ ដូច្នេះ ទេវតានោះប្រាប់នាងថា នាងត្រូវបានជ្រើសរើសឲ្យទទួលភារកិច្ចដ៏ល្អអស្ចារ្យហើយធ្ងន់ធ្ងរផង ពោលគឺភារកិច្ចឲ្យមានផ្ទៃពោះ សម្រាល និងចិញ្ចឹមបុត្ររបស់ព្រះ។—លូកា ១:២៦-៣៣
នាងម៉ារៀមិនទាន់រៀបការទេ ដូច្នេះ នេះពិតជាភារកិច្ចដ៏សំខាន់របស់នាងមែន! តើនាងមានប្រតិកម្មយ៉ាងណា? នាងម៉ារៀទំនងជាគិតថាតើនរណានឹងជឿនាងមានគភ៌ដោយសកម្មពលរបស់ព្រះ? តើការមានគភ៌អាចនាំឲ្យនាងបាត់បង់សេចក្ដីស្រឡាញ់ពីយ៉ូសែបដែលជាគូដណ្ដឹងរបស់នាង ឬនាំឲ្យនាងអាម៉ាស់ខ្មាសទេ? (ចោទិយកថា ២២:២០-២៤) នាងមិនស្ទាក់ស្ទើរក្នុងការព្រមទទួលភារកិច្ចដ៏សំខាន់នេះទេ។
ជំនឿដ៏រឹងមាំរបស់នាងម៉ារៀជួយនាងឲ្យចុះចូលតាមបំណងប្រាថ្នានៃព្រះយេហូវ៉ា ដែលជាព្រះរបស់នាង។ នាងជឿជាក់ថាលោកនឹងថែរក្សានាង។ យ៉ាងនោះនាងឧទានថា៖ «មើល! ខ្ញុំជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា! សូមឲ្យការនេះកើតឡើងដល់ខ្ញុំ តាមសេចក្ដីប្រកាសរបស់អ្នកចុះ»។ នាងម៉ារៀស្ម័គ្រចិត្តប្រឈមមុខទុក្ខលំបាកដែលនឹងមាន ដោយសារនាងកត់សម្គាល់ថាភារកិច្ចនេះជាវិធីពិសេសមួយដែលនាងអាចលើកកិត្ដិយសព្រះ។—លូកា ១:៣៨
ពេលនាងម៉ារៀប្រាប់យ៉ូសែបថានាងមានផ្ទៃពោះ នោះយ៉ូសែបបម្រុងនឹងលែងលះនាង។ នេះពិតជាគ្រាលំបាកដែលនាំឲ្យមានភាពតានតឹងខ្លាំងណាស់សម្រាប់ពួកគេទាំងពីរនាក់។ គម្ពីរមិនបានរៀបរាប់ថាពួកគេបានឆ្លងកាត់ការលំបាកអស់រយៈពេលប៉ុន្មានឡើយ។ យ៉ាងណាក៏ដោយ ទាំងម៉ារៀទាំងយ៉ូសែបពិតជាធូរអារម្មណ៍មែនពេលទេវតារបស់ព្រះយេហូវ៉ាបានបង្ហាញខ្លួនឲ្យយ៉ូសែបឃើញ។ អ្នកនាំសារពីព្រះនោះ បានពន្យល់យ៉ាងច្បាស់ថានាងម៉ារៀមិនបានប្រព្រឹត្តខុសឆ្គងឡើយ ហើយពន្យល់ឲ្យយ៉ូសែបដឹងពីមូលហេតុដ៏អស្ចារ្យស្តីអំពីការមានគភ៌របស់នាង ព្រមទាំងណែនាំឲ្យគាត់យកនាងម៉ារៀទៅផ្ទះធ្វើជាប្រពន្ធរបស់គាត់។—ម៉ាថាយ ១:១៩-២៤
គ្រាលំបាកក្នុងជីវិតរបស់នាងម៉ារៀ
សព្វថ្ងៃ ស្ត្រីជាច្រើននាក់ដែលមានផ្ទៃពោះ ចំណាយពេលច្រើនខែដើម្បីរៀបចំពេលសម្រាលកូនព្រមទាំងយកកូនមកផ្ទះវិញ ហើយនាងម៉ារៀប្រហែលជាធ្វើដូច្នេះដែរ។ នេះជាកូនទី១របស់នាង។ ប៉ុន្តែ មានព្រឹត្ដិការណ៍ដែលនឹកស្មានមិនដល់ បានកើតឡើងដែលនាំឲ្យនាងពិបាកធ្វើតាមគម្រោងរបស់នាង។ អធិរាជសេសារអូគូសបានចេញក្រឹត្យឲ្យមនុស្សទាំងអស់ទៅឯក្រុងរៀងៗខ្លួនដើម្បីចុះបញ្ជី។ ដូច្នេះ យ៉ូសែបធ្វើដំណើរ១៥០គីឡូម៉ែត្រជាមួយនាងម៉ារៀទៅក្រុងរបស់ខ្លួន ហើយនៅពេលនោះនាងមានផ្ទៃពោះជិតគ្រប់ខែ ព្រមទាំងប្រហែលជាត្រូវធ្វើដំណើរដោយជិះសត្វលាផង! ក្រុងបេថ្លេហិមមានមនុស្សកកកុញដែលមកចុះបញ្ជី ហើយនាងម៉ារៀត្រូវការកន្លែងស្ងាត់ដាច់ពីគេដើម្បីសម្រាលកូន ប៉ុន្តែផ្ទះសម្នាក់អស់បន្ទប់ហើយ លើកលែងតែក្រោល។ ការសម្រាលកូននៅក្នុងក្រោលពិតជាពិបាកសម្រាប់នាងម៉ារៀមែន។ នាងទំនងជាខ្មាសគេផងនិងភ័យខ្លាចផងដែរ។
ក្នុងគ្រាលំបាកដែលនាងជួបប្រទះក្នុងជីវិត នាងម៉ារៀពិតជាប្រាប់ព្រះយេហូវ៉ាអំពីកង្វល់របស់នាងដោយអស់ពីចិត្តអស់ពីថ្លើម ហើយទុកចិត្តថាលោកនឹងថែរក្សានាងនិងកូនរបស់នាងផង។ ក្រោយមក ពួកគង្វាលខ្លះបានមកដល់ក្រោលនោះ ហើយចង់ឃើញកូនខ្ចីនោះណាស់។ ពួកគេបានប្រាប់ថាទេវតាបានហៅកូននោះជា«អ្នកដែលនឹងសង្គ្រោះអ្នករាល់គ្នា គឺគ្រិស្តដ៏ជាម្ចាស់»។ បន្ទាប់មកយើងអានថា៖ «ម៉ារៀបានចំណាំទុកពាក្យទាំងនេះ ក៏បានរិះគិតក្នុងចិត្តអំពីអត្ថន័យ»។ នាងបានរំពឹងគិតហើយបានពង្រឹងកម្លាំងចិត្តកម្លាំងកាយពីពាក្យទាំងនោះ។—លូកា ២:១១, ១៦-១៩
ចុះយ៉ាងណាចំពោះយើងវិញ? យើងប្រហែលជារងទុក្ខការឈឺចាប់ក្នុងជីវិត។ ម្យ៉ាងទៀត គម្ពីរបានបង្ហាញថាយើងម្នាក់ៗអាចមានទុក្ខវេទនានិងការពិបាកសព្វបែបយ៉ាងដោយសារ«ពេលវេលានឹងឱកាសវិញ»។ (សាស្ដា ៩:១១) ប្រសិនបើមានអ្វីដូចនេះកើតឡើង តើយើងខឹងហើយដាក់ទោសទៅលើព្រះឬទេ? យកល្អឲ្យយើងមានចិត្តគំនិតដូចនាងម៉ារៀ ហើយចូលកាន់តែជិតព្រះយេហូវ៉ាដោយសិក្សាគម្ពីរដែលជាបណ្ដាំរបស់ព្រះ ព្រមទាំងរំពឹងគិតអំពីអ្វីដែលយើងបានរៀន មែនទេ? ដោយធ្វើដូច្នេះ នោះប្រាកដជានឹងជួយយើងឲ្យស៊ូទ្រាំទុក្ខលំបាកជាមិនខាន។
ក្រខ្សត់ ហើយជាជនភៀសខ្លួន
នាងម៉ារៀក៏ជួបប្រទះទុក្ខលំបាកឯទៀតដែរ ដែលរួមបញ្ចូលទាំងភាពក្រីក្រ និងត្រូវគេបង្ខំឲ្យចាកចេញពីស្រុកកំណើតថែមទៀត។ តើអ្នកធ្លាប់ជួបប្រទះទុក្ខលំបាកបែបនេះទេ? យោងទៅតាមសេចក្ដីរាយការណ៍មួយ «ពាក់កណ្ដាលចំនួនមនុស្សនៅទូទាំងពិភពលោក ពោលគឺជិតបីពាន់លាននាក់ កំពុងរស់នៅដោយពឹងផ្អែកលើប្រាក់ចំណូលមិនដល់ពីរដុល្លារក្នុងមួយថ្ងៃ» ហើយមនុស្សរាប់លាននាក់ទៀតពិបាករកស៊ីចិញ្ចឹមខ្លួនសូម្បីតែរស់នៅក្នុងប្រទេសដែលមើលទៅជាប្រទេសស្តុកស្តម្ភក៏ដោយ។ ចុះយ៉ាងណាវិញចំពោះរូបអ្នក? តើការខំប្រឹងផ្ដល់អាហារ សម្លៀកបំពាក់ និងទីជម្រកឲ្យក្រុមគ្រួសាររបស់អ្នក ធ្វើឲ្យអ្នកអស់កម្លាំងល្វើយ សូម្បីតែសង្គ្រុបចិត្តរបស់អ្នកទាំងស្រុងម្ដងម្កាលទេ?
គម្ពីរបង្ហាញប្រាប់ថាយ៉ូសែបនិងម៉ារៀជាអ្នកក្រ។ តើយើងដឹងថាពួកគេជាអ្នកក្រយ៉ាងដូចម្ដេច? សៀវភៅដំណឹងល្អ ដែលត្រូវបានសរសេរដោយម៉ាថាយ ម៉ាកុស លូកា និងយ៉ូហានបានបញ្ជាក់ព័ត៌មានយ៉ាងតិចតួចអំពីគូស្វាមីភរិយានេះ។ ប៉ុន្តែ ក្នុងចំណោមព័ត៌មានបន្ដិចបន្តួចនោះ សៀវភៅដំណឹងល្អបានរៀបរាប់ថា៤០ថ្ងៃក្រោយពីសម្រាលកូន នោះម៉ារៀនិងយ៉ូសែបទៅឯវិហារដើម្បីផ្ដល់តង្វាយគ្រឿងបូជាតាមច្បាប់ ពោលគឺ«សត្វលលកមួយគូ ឬសត្វព្រាបស្ទាវពីរក្បាល»។a (លូកា ២:២២-២៤) មានតែអ្នកក្រីក្រប៉ុណ្ណោះដែលអាចផ្ដល់គ្រឿងបូជាបែបនេះបាន ដោយមិនមានលទ្ធភាពបូជាសត្វចៀមឈ្មោល។ យ៉ាងនេះ ការចិញ្ចឹមខ្លួនទំនងជាពិបាកសម្រាប់យ៉ូសែបនិងម៉ារៀ។ ទោះបីជាយ៉ាងណាក៏ដោយ ពូកគេមានជោគជ័យក្នុងការបង្កើតបរិយាកាសដែលប្រកបដោយសេចក្ដីស្រឡាញ់ក្នុងក្រុមគ្រួសារ។ ពួកគេមុខជាចាត់ទុករឿងដែលទាក់ទងនឹងការថ្វាយបង្គំព្រះឲ្យមានអាទិភាពក្នុងជីវិត។—ចោទិយកថា ៦:៦, ៧
មិនយូរប៉ុន្មានក្រោយកុមារយេស៊ូបានកើតមក នោះជីវិតរបស់នាងម៉ារៀមានការផ្លាស់ប្ដូរទាំងស្រុងម្ដងទៀត។ ទេវតាមួយរូបបានប្រាប់យ៉ូសែបឲ្យយកក្រុមគ្រួសាររបស់គាត់ទៅស្រុកអេស៊ីប។ (ម៉ាថាយ ២:១៣-១៥) នេះជាលើកទី២ដែលម៉ារៀត្រូវចាកចេញពីកន្លែងដែលនាងស្គាល់ តែលើកនេះនាងត្រូវទៅប្រទេសផ្សេង។ នៅស្រុកអេស៊ីប មានសហគមន៍ជនជាតិយូដាយ៉ាងធំមួយ ដូច្នេះម៉ារៀនិងយ៉ូសែបប្រហែលជារស់នៅក្នុងសហគមន៍នោះ។ យ៉ាងណាក៏ដោយ ការរស់នៅក្នុងប្រទេសដែលខ្លួនមិនស្គាល់អាចនាំឲ្យមានការពិបាក ព្រមទាំងមិនងាយស្រួលក្នុងការទម្លាប់ខ្លួនទៅនឹងរបៀបរបបរស់នៅទីនោះ។ តើអ្នកនិងក្រុមគ្រួសាររបស់អ្នកស្ថិតក្នុងចំណោមមនុស្សរាប់លាននាក់ដែលបានចាកចេញពីប្រទេសកំណើត ប្រហែលជាដើម្បីប្រយោជន៍កូនឬដើម្បីរត់ចេញពីស្ថានភាពដែលនាំឲ្យមានគ្រោះថ្នាក់ឬទេ? ប្រសិនបើដូច្នោះមែន អ្នកអាចយល់អំពីទុក្ខលំបាកខ្លះៗដែលម៉ារៀប្រហែលជាជួបប្រទះក្នុងស្រុកអេស៊ីប។
នាងម៉ារៀស្រឡាញ់ស្វាមីនិងកូនណាស់
ក្រៅពីកំណត់ហេតុអំពីកំណើតនិងទារកភាពនៃកុមារយេស៊ូ សៀវភៅដំណឹងល្អមិនបានរៀបរាប់អំពីនាងម៉ារៀជាច្រើនទេ។ យ៉ាងណាក៏ដោយ យើងដឹងថាយ៉ាងហោចណាស់ម៉ារៀនិងយ៉ូសែបមានកូន៦នាក់ទៀត។ ប្រហែលព័ត៌មាននេះនាំឲ្យអ្នកភ្ញាក់ផ្អើល។ ប៉ុន្តែ សូមពិចារណាអំពីអ្វីដែលសៀវភៅដំណឹងល្អបានរៀបរាប់។
យ៉ូសែបគោរពនាងម៉ារៀយ៉ាងជ្រាលជ្រៅចំពោះកិត្ដិយសពិសេសដែលនាងមានក្នុងការសម្រាលបុត្ររបស់ព្រះ។ ម្ល៉ោះហើយ គាត់បានទប់ខ្លួនមិនរួមដំណេកជាមួយនាងមុនពេលដែលនាងសម្រាលកុមារយេស៊ូឡើយ។ សៀវភៅម៉ាថាយ ១:២៥ បានចែងថាយ៉ូសែប«មិនបានរួមដំណេកជាមួយនឹងម៉ារៀឡើយ រហូតដល់នាងបានបង្កើតបុត្រហើយ»។ ពាក្យក្នុងខនេះដែលថា«រហូតដល់»បញ្ជាក់ថាក្រោយពីកុមារយេស៊ូកើតមក នោះយ៉ូសែបនិងម៉ារៀរួមភេទជាគូស្វាមីភរិយាជាធម្មតា។ ជាលទ្ធផល កំណត់ហេតុក្នុងសៀវភៅដំណឹងល្អបានចែងថា ម៉ារៀមានកូនឯទៀតជាមួយយ៉ូសែប ទាំងកូនប្រុសនិងកូនស្រីផង។ យ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាស គឺជាប្អូនប្រុសៗរបស់លោកយេស៊ូ។ យ៉ាងហោចណាស់នាងម៉ារៀមានកូនស្រីពីរនាក់។ (ម៉ាថាយ ១៣:៥៥, ៥៦) ក៏ប៉ុន្តែ ចំពោះកូនទាំងនេះ នាងម៉ារៀមានគភ៌តាមរបៀបធម្មតា។b
នាងម៉ារៀចាត់ទុកចំណងមេត្រីភាពរបស់ខ្លួនជាមួយព្រះថាមានតម្លៃ។ ទោះបើច្បាប់មិនតម្រូវឲ្យស្ត្រីទៅបុណ្យរំលងក៏ពិតមែន តែម៉ារៀមានទម្លាប់ធ្វើដំណើរជាមួយយ៉ូសែបទៅទីក្រុងយេរូសាឡិមរាល់ឆ្នាំ។ (លូកា ២:៤១) នេះបានសេចក្ដីថា ពួកគេត្រូវធ្វើដំណើរទៅមកជិតដល់៣០០គីឡូម៉ែត្ររៀងរាល់ឆ្នាំជាមួយកូនៗផង! ប៉ុន្តែ ការធ្វើដំណើរនេះច្បាស់ជាពេលវេលាដែលនាំឲ្យក្រុមគ្រួសាររបស់ពួកគាត់សប្បាយរីករាយមែន។
សព្វថ្ងៃស្ត្រីជាច្រើននាក់យកតម្រាប់តាមនាងម៉ារៀ។ ពួកគេខំប្រឹងហើយខំលះបង់ប្រយោជន៍ខ្លួនដើម្បីបំពេញកាតព្វកិច្ចដែលមានមូលដ្ឋានលើគោលការណ៍គម្ពីរ។ ជាញឹកញយភរិយាដែលស្រឡាញ់ស្វាមីស្រឡាញ់កូនទាំងនេះបង្ហាញចិត្តអត់ធ្មត់ ការស៊ូទ្រាំ និងចិត្តរាបទាប! ការជញ្ជឹងគិតអំពីចិត្តគំនិតរបស់នាងម៉ារៀជួយពួកគេឲ្យចាត់ទុករឿងដែលទាក់ទងនឹងការថ្វាយបង្គំព្រះ ព្រមទាំងចំណងមេត្រីភាពជាមួយលោក ទៅជាសំខាន់ជាងភាពស្រណុកសុខស្រួលនិងការកម្សាន្តសម្រាប់ខ្លួន។ ដូចម៉ារៀ ពួកគេដឹងថាការថ្វាយបង្គំព្រះជាមួយស្វាមីព្រមទាំងកូនពង្រឹងនិងបង្រួបបង្រួមចំណងក្រុមគ្រួសារផង។
នៅពេលមួយ ពេលដែលម៉ារៀនិងយ៉ូសែបកំពុងត្រឡប់មកវិញពីពិធីបុណ្យនៅទីក្រុងយេរូសាឡិម ហើយនៅពេលនោះប្រហែលជាមានកូនច្រើនជាមួយគ្នាដែរ នោះពួកគេបានភ្ញាក់ថាកុមារយេស៊ូដែលមានអាយុ១២ឆ្នាំមិននៅក្នុងចំណោមពួកគេទេ។ តើអ្នកអាចស្រមៃគិតអំពីអារម្មណ៍ទុក្ខព្រួយដែលម៉ារៀមានក្នុងអំឡុងពេលបីថ្ងៃដែលខំរកកូនយ៉ាងវក់វីឬទេ? នៅចុងបំផុតនោះ ពេលនាងនិងយ៉ូសែបរកឃើញកូននៅឯវិហារ នោះកុមារយេស៊ូបានពោលថា៖ «តើមិនបាននឹកឃើញថាកូននៅកន្លែងគោរពបូជារបស់បិតាកូនទេឬ?»។ ម្ដងទៀត កំណត់ហេតុបានរៀបរាប់ថាម៉ារៀ«បានរក្សាទុកពាក្យទាំងអស់នេះនៅក្នុងចិត្តនាង»។ នេះបង្ហាញពីរបៀបដែលនាងវាយតម្លៃយ៉ាងខ្ពស់លើទស្សនៈរបស់ព្រះចំពោះរឿងផ្សេងៗ។ នាងបានពិចារណាយ៉ាងហ្មត់ចត់អំពីអ្វីដែលបានកើតឡើងស្តីអំពីកុមារយេស៊ូ។ យូរឆ្នាំក្រោយមក នាងទំនងជាប្រាប់រឿងទាំងនេះ និងព្រឹត្ដិការណ៍ឯទៀតស្តីអំពីជីវិតរបស់កុមារយេស៊ូដល់អ្នកសរសេរសៀវភៅដំណឹងល្អ។—លូកា ២:៤១-៥២
នាងស៊ូទ្រាំពេលប្រឈមមុខការរងទុក្ខ និងការបាត់បង់
ចុះយ៉ាងណាវិញចំពោះយ៉ូសែបដែលជាឪពុកចិញ្ចឹមរបស់លោកយេស៊ូ? ក្រោយពីបានរៀបរាប់យ៉ាងសង្ខេបក្នុងរឿងមួយដែលកើតឡើងពេលយេស៊ូនៅក្មេងនៅឡើយ នោះសៀវភៅដំណឹងល្អលែងរៀបរាប់អំពីយ៉ូសែបតទៅទៀត។ អ្នកខ្លះយល់ថាការលែងរៀបរាប់អំពីយ៉ូសែបសោះដូចនេះ បញ្ជាក់ថាយ៉ូសែបបានស្លាប់យូរឆ្នាំមុនលោកយេស៊ូចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់លោក។c មិនថាមានអ្វីកើតឡើងដល់យ៉ូសែបក៏ដោយ តាមមើលទៅម៉ារៀជាស្ត្រីមេម៉ាយលុះចុងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ។ មុនលោកយេស៊ូផុតដង្ហើម លោកបានប្រគល់ដល់សាវ័កយ៉ូហានឲ្យមើលថែរក្សាម្ដាយរបស់លោក។ (យ៉ូហាន ១៩:២៦, ២៧) លោកយេស៊ូមុខជាមិនធ្វើដូច្នោះទេបើយ៉ូសែបនៅរស់នៅឡើយ។
ម៉ារៀនិងយ៉ូសែបបានឆ្លងកាត់អ្វីៗជាច្រើនជាមួយគ្នា! ពួកគាត់ជួបទេវតា រត់គេចពីអ្នកកាន់អំណាចផ្ដាច់ការម្នាក់ រើទីលំនៅពីរបីដង ហើយចិញ្ចឹមអប់រំកូនជាច្រើនផង។ ពួកគាត់មុខជានិយាយគ្នាច្រើនដងនៅពេលល្ងាចអំពីកុមារយេស៊ូ ហើយឆ្ងល់អំពីអ្វីដែលកូនត្រូវជួបប្រទះនៅថ្ងៃអនាគត ព្រមទាំងខ្វល់ខ្វាយថា តើពួកគាត់បានអប់រំនិងត្រៀមកូនតាមវិធីត្រឹមត្រូវឬក៏មិនត្រឹមត្រូវ? ស្រាប់តែឥឡូវម៉ារៀនៅម្នាក់ឯង។
តើគូរបស់អ្នកបានបាត់បង់ជីវិតឬ? តើអ្នកនៅតែមានការឈឺចាប់និងអារម្មណ៍ថាគ្មានខ្លឹមសារក្នុងជីវិត សូម្បីតែច្រើនឆ្នាំបានកន្លងទៅឬទេ? យើងអាចប្រាកដថា ជំនឿនិងចំណេះរបស់ម៉ារៀអំពីដំណើររស់ឡើងវិញ បានសម្រាលទុក្ខនាងមែន។d (យ៉ូហាន ៥:២៨, ២៩) យ៉ាងណាក៏ដោយ នេះមិនបានធ្វើឲ្យម៉ារៀលែងមានបញ្ហាទៀតទេ។ ដូចស្ត្រីជាច្រើននាក់សព្វថ្ងៃដែលជាម្ដាយតែគ្មានគូ នាងជួបប្រទះទុក្ខលំបាកក្នុងការចិញ្ចឹមកូនដោយគ្មានជំនួយពីស្វាមី។
ពេលយ៉ូសែបស្លាប់ទៅ គឺសមហេតុសមផលឲ្យយើងជឿថាលោកយេស៊ូក្លាយទៅជាអ្នករកស៊ីចិញ្ចឹមក្រុមគ្រួសារទាំងមូល។ ខណៈដែលប្អូនៗរបស់លោកយេស៊ូធំឡើង នោះពួកគេក៏អាចជួយរកស៊ីចិញ្ចឹមក្រុមគ្រួសារផងដែរ។ លុះលោកយេស៊ូ«មានអាយុប្រហែលសាមសិបឆ្នាំ» លោកបានបែកផ្ទះហើយចាប់ផ្ដើមកិច្ចបម្រើផ្សាយរបស់លោក។ (លូកា ៣:២៣) ពេលកូនបែកផ្ទះ មាតាបិតាភាគច្រើនមានមោទនភាពចំពោះកូន តែក៏មានចិត្តសោកសៅដែរ។ មាតាបិតាបានចំណាយពេលវេលា ព្យាយាម និងមនោសញ្ចេតនាយ៉ាងច្រើនអនេកចំពោះកូន តែពេលកូនបែកផ្ទះ នេះនាំឲ្យមាតាបិតាមានអារម្មណ៍កណ្ដោចកណ្ដែងវិញ។ តើអ្នកមានកូនដែលបានបែកផ្ទះដើម្បីទៅសម្រេចគោលបំណងរបស់ពួកគេទេ? តើអ្នកមានមោទនភាពចំពោះកូន តែដំណាលគ្នាដែរ តើអ្នកមានចិត្តចង់ឲ្យកូនរស់នៅជិតៗជាងអ្នកឬទេ? ប្រសិនបើដូច្នេះមែន នោះអ្នកអាចយល់អារម្មណ៍របស់ម៉ារៀពេលលោកយេស៊ូបែកផ្ទះ។
ទុក្ខលំបាកដែលនឹកស្មានមិនដល់
ទុក្ខលំបាកមួយទៀតដែលម៉ារៀជួបប្រទះគឺទុក្ខលំបាកដែលនាងប្រហែលជានឹកស្មានមិនដល់។ កាលដែលលោកយេស៊ូផ្សព្វផ្សាយ មានមនុស្សជាច្រើននាក់កាន់តាមលោក តែប្អូនប្រុសៗរបស់លោកមិនកាន់តាមទេ។ បទគម្ពីរចែងថា៖ «តាមពិត ប្អូនប្រុសៗរបស់លោកមិនជឿលើលោកឡើយ»។ (យ៉ូហាន ៧:៥) ម៉ារៀទំនងជាប្រាប់ពួកគេអំពីអ្វីដែលទេវតាបានប្រាប់នាង ពោលគឺលោកយេស៊ូជា«បុត្ររបស់ព្រះ»។ (លូកា ១:៣៥) យ៉ាងណាក៏ដោយ ចំពោះយ៉ាកុប យ៉ូសែប ស៊ីម៉ូន និងយូដាស លោកយេស៊ូគ្រាន់តែជាបងប្រុសរបស់ពួកគាត់ប៉ុណ្ណោះ។ ដូច្នេះហើយ សមាជិកក្នុងក្រុមគ្រួសាររបស់ម៉ារៀមានជំនឿខុសៗពីគ្នា។
តើម៉ារៀមានចិត្តក្រៀមក្រំហើយលែងខំប្រឹងប្ដូរចិត្តគំនិតរបស់កូនទេ? ពិតជាមិនមែនទេ! នៅឱកាសមួយពេលលោកយេស៊ូផ្សព្វផ្សាយនៅស្រុកកាលីឡេ លោកចូលផ្ទះមួយដើម្បីបរិភោគអាហារ ហើយមានមនុស្សមួយក្រុមមករួមគ្នាស្ដាប់លោក។ តើនរណានៅខាងក្រៅផ្ទះខំរកលោក? គឺម៉ារៀនិងប្អូនប្រុសៗរបស់លោក។ ដូច្នេះ ពេលលោកយេស៊ូផ្សព្វផ្សាយនៅជិតផ្ទះក្រុមគ្រួសាររបស់លោក នោះនាងដើរតាមលោក ហើយតាមមើលទៅក៏យកកូនឯទៀតទៅជាមួយនាងផង ដោយសង្ឃឹមថាពួកគេនឹងផ្លាស់ប្ដូរចិត្តគំនិតចំពោះលោកយេស៊ូ។—ម៉ាថាយ ១២:៤៦, ៤៧
ស្រដៀងគ្នាដែរ អ្នកប្រហែលជាកំពុងជួបប្រទះបញ្ហាក្នុងការខំប្រឹងកាន់តាមលោកយេស៊ូ ខណៈដែលសមាជិកក្រុមគ្រួសារឯទៀតមិនមានចិត្តចង់ធ្វើដូច្នោះ។ កុំធ្លាក់ទឹកចិត្ត ហើយកុំរសាយព្យាយាមឲ្យសោះ! ដូចម៉ារៀ បងប្អូនគ្រិស្តសាសនិកជាច្រើនបានលើកទឹកចិត្តឲ្យសមាជិកក្រុមគ្រួសារអស់ច្រើនឆ្នាំ មុនដែលឃើញមានការផ្លាស់ប្ដូរក្នុងចិត្តគំនិតរបស់សមាជិកនោះ។ ការស៊ូទ្រាំបែបនេះពិតជាមានតម្លៃចំពោះព្រះ ថ្វីបើមនុស្សឯទៀតធ្វើតាមឬមិនធ្វើតាមក៏ដោយ។—ពេត្រុសទី១ ៣:១, ២
ទុក្ខដ៏ធំបំផុត
ដូចបានកត់ទុកក្នុងបទគម្ពីរ ទុក្ខលំបាកចុងបំផុតរបស់ម៉ារៀ ប្រហែលជានាំឲ្យនាងមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំង ច្រើនជាងអ្វីដែលនាងធ្លាប់ពិសោធខាងគំនិតនិងខាងផ្លូវចិត្ត។ នាងបានឃើញកូនជាទីស្រឡាញ់របស់នាងស្លាប់ដោយរងការឈឺចាប់ ក្រោយពីបណ្ដាជនបានបោះបង់ចោលកូន។ ការបាត់បង់កូនដោយសេចក្ដីស្លាប់ត្រូវបានពិពណ៌នាថាជា«ការបាត់បង់ដ៏ធំបំផុត» និង«សេចក្ដីស្លាប់ដែលនាំឲ្យមានការសោកសង្រេងបំផុត» មិនថាកូននៅក្មេងនៅឡើយ ឬជាមនុស្សពេញវ័យក៏ដោយ។ ដូចបានទាយជាច្រើនឆ្នាំមុន ម៉ារៀមានអារម្មណ៍ដូចគេយកដាវវែងមួយមកចាក់ទំលុះនាង!—លូកា ២:៣៤, ៣៥
តើម៉ារៀអនុញ្ញាតឲ្យការល្បងលចុងក្រោយនេះបំផ្លាញនាងខាងផ្លូវចិត្ត ឬនាំឲ្យជំនឿរបស់នាងលើព្រះយេហូវ៉ាខ្សោយទេ? មិនមែនទេ។ ពេលគម្ពីររៀបរាប់អំពីម៉ារៀម្ដងទៀត នោះយើងអានថានាងនៅជាមួយអ្នកកាន់តាមលោកគ្រិស្ត ហើយ«ព្យាយាមក្នុងការអធិដ្ឋាន»ជាមួយពួកគេ។ ណាមួយទៀត នាងមិននៅកន្លែងនោះម្នាក់ឯងទេ។ កូនប្រុសៗឯទៀតរបស់នាង ដែលមកដល់ពេលនេះទើបបានចាប់ផ្ដើមមានជំនឿទៅលើបងប្រុសរបស់ពួកគេ ក៏នៅជាមួយនាងដែរ។ នេះពិតជាសម្រាលទុក្ខម៉ារៀយ៉ាងណាទៅហ្ន៎!e—សកម្មភាព ១:១៤
ម៉ារៀមានជីវភាពរស់នៅដែលពោរពេញទៅដោយខ្លឹមសារហើយនាំឲ្យមានចិត្តស្កប់ស្កល់ជាភរិយានិងម្ដាយ ហើយជាស្ត្រីដែលស្មោះត្រង់ចំពោះព្រះផង។ នាងមានបទពិសោធន៍ជាច្រើនដែលនាំឲ្យស្កប់ចិត្តក្នុងកិច្ចបម្រើព្រះ។ នាងបានយកឈ្នះលើសេចក្ដីល្បួងនិងទុក្ខលំបាកផ្សេងៗ។ កាលណាយើងឆ្លងកាត់បញ្ហាដែលយើងនឹកស្មានមិនដល់ ឬពេលព្រួយបារម្ភអំពីបញ្ហាក្នុងក្រុមគ្រួសារ យើងពិតជាអាចរៀនពីនាងម៉ារៀ ដែលស៊ូទ្រាំយ៉ាងស្មោះត្រង់។—ហេប្រឺ ១០:៣៦
ក៏ប៉ុន្តែ ចុះយ៉ាងណាវិញចំពោះការគោរពប្រណិប័តន៍នាងម៉ារៀជាបុគ្គលពិសេសមួយក្នុងសាសនា? តើកំណត់ហេតុក្នុងគម្ពីរស្តីអំពីតួនាទីដ៏ល្អឯករបស់នាងម៉ារៀ ផ្ដល់ហេតុឲ្យមនុស្សគោរពប្រណិប័តន៍នាងឬទេ?
[កំណត់សម្គាល់]
a សត្វស្លាបមួយត្រូវផ្ដល់ជាតង្វាយលោះបាប។ (លេវីវិន័យ ១២:៦, ៨) ដូចមនុស្សដែលមិនល្អឥតខ្ចោះឯទៀតដែរ ពេលនាងម៉ារៀផ្ដល់គ្រឿងបូជានេះ នាងទទួលស្គាល់ថានាងបានទទួលលទ្ធផលអាក្រក់ពីអំពើខុសឆ្គងរបស់អ័ដាមជាមត៌ក ដែលជាមនុស្សដំបូង។—រ៉ូម ៥:១២
b សូមមើលប្រអប់ «តើលោកយេស៊ូមានប្អូនប្រុសប្អូនស្រីឬទេ?» នៅទំព័រ៦។
c ការលែងរៀបរាប់អំពីយ៉ូសែបគឺទីសំអាងមួយដែលបញ្ជាក់ថាយ៉ូសែបបានស្លាប់ទៅហើយ ដោយព្រោះសមាជិកឯទៀតរបស់លោកយេស៊ូត្រូវបានរៀបរាប់ ដូចជាម្ដាយ ប្អូនប្រុស និងប្អូនស្រីរបស់លោកជាដើម។ ជាឧទាហរណ៍ នៅឯពិធីមង្គលការនៅភូមិកាណា កំណត់ហេតុក្នុងគម្ពីរបានរៀបរាប់ថាម៉ារៀចូលរួម ព្រមទាំងផ្ដើមគំនិតឲ្យលោកយេស៊ូធ្វើអព្ភូតហេតុនៅពិធីនោះផង។ ប៉ុន្តែ មិនបានរៀបរាប់អំពីយ៉ូសែបសោះ។ (យ៉ូហាន ២:១-១១) ក្នុងករណីផ្សេងទៀត ប្រជាជននៅភូមិដែលលោកគ្រិស្តបានធំឡើង បានហៅលោកយេស៊ូជា«កូនរបស់ម៉ារៀ» មិនមែនជាកូនរបស់យ៉ូសែបឡើយ។—ម៉ាកុស ៦:៣
d ដើម្បីទទួលព័ត៌មានបន្ថែមអំពីសេចក្ដីសន្យាដែលមានក្នុងគម្ពីរចំពោះដំណើររស់ឡើងវិញ សូមមើលជំពូកទី៧ នៃសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានបោះពុម្ពដោយសាក្សីព្រះយេហូវ៉ា។
e សូមមើលប្រអប់«នាងម៉ារៀមានចិត្តក្លាហានដើម្បីប្ដូរសាសនា» នៅទំព័រ៧។
[ប្រអប់នៅទំព័រ៦]
តើលោកយេស៊ូមាន ប្អូនប្រុសប្អូនស្រីឬទេ?
លោកពិតជាមានមែន។ សាសនវិទូខ្លះបានខំជំទាស់នឹងការពិតនេះ សូម្បីតែសៀវភៅដំណឹងល្អបានបញ្ជាក់អំពីចំណុចនេះពីរបីដងក៏ដោយ។ (ម៉ាថាយ ១២:៤៦, ៤៧; ១៣:៥៤-៥៦; ម៉ាកុស ៦:៣) យ៉ាងណាក៏ដោយ បណ្ឌិតខាងគម្ពីរបានកត់សម្គាល់ចំណុចពីរយ៉ាងចំពោះទ្រឹស្តីដែលថានាងម៉ារៀមិនបានបង្កើតកូនឯទៀត។ ទី១ មានមូលហេតុឲ្យសាសនវិទូខ្លះតម្កើងទ្រឹស្តីនេះ ដោយព្រោះគេចង់គាំទ្រសេចក្ដីបង្រៀនរបស់សាសនា ដែលថានាងម៉ារៀជាស្រីក្រមុំបរិសុទ្ធអស់មួយជីវិត ហើយនេះជាលទ្ធិមួយដែលគេបង្កើតរាប់រយឆ្នាំក្រោយនាងបានស្លាប់ទៅ។ ទី២ ពេលពិនិត្យទ្រឹស្តីនេះយ៉ាងហ្មត់ចត់ នោះបញ្ជាក់ថាគ្មានភាពត្រឹមត្រូវ ព្រមទាំងមិនអាចទុកចិត្តបានឡើយ។
ជាឧទាហរណ៍ មានទ្រឹស្តីមួយដែលបង្ហើបថា«ប្អូនប្រុសៗ»របស់លោកយេស៊ូ គឺតាមពិតជាកូនប្រពន្ធមុនរបស់យ៉ូសែប។ យោបល់នេះគឺមិនពិតទេ ដោយព្រោះតាមយោបល់នេះ លោកយេស៊ូមិនមែនជាកូនច្បង ហើយបើដូច្នោះលោកគ្មានសិទ្ធិពេញច្បាប់ដើម្បីទទួលអំណាចគ្រប់គ្រងជាស្តេចដូចព្រះបានសន្យាដល់ដាវីឌឡើយ។—សាំយូអែលទី២ ៧:១២, ១៣
ទ្រឹស្តីមួយទៀតគឺថាប្អូនប្រុសៗទាំងនេះជាបងប្អូនជីដូនមួយរបស់លោកយេស៊ូ ទោះបីបទគម្ពីរភាសាក្រិចប្រើពាក្យផ្សេងៗសម្រាប់«ប្អូនប្រុស» «បងប្អូនជីដូនមួយ» និង«ញាតិសន្ដាន»ក៏ដោយ។ យ៉ាងនេះ បណ្ឌិតមួយរូប (ឈ្មោះ Frank E. Gaebelein) បានហៅទ្រឹស្តីខាងសាសនវិទ្យាថា«ពិបាកជឿ»។ គាត់បានសន្និដ្ឋានថា៖ «វិធីដ៏សមហេតុសមផលបំផុតដើម្បីយល់ពាក្យ‹ប្អូនប្រុស› . . . គឺថាពាក្យនេះសំដៅទៅលើកូនប្រុសៗរបស់ម៉ារៀនិងយ៉ូសែប ហើយដូច្នេះជាប្អូនប្រុសៗរបស់លោកយេស៊ូដោយមានម្ដាយជាមួយគ្នា»។
[ប្រអប់នៅទំព័រ៧]
នាងម៉ារៀមានចិត្តក្លាហាន ដើម្បីប្ដូរសាសនា
នាងម៉ារៀបានកើតក្នុងក្រុមគ្រួសារដែលជាជនជាតិយូដា ហើយពេលធំឡើងនាងកាន់តាមសាសនាយូដា។ នាងបានចូលរួមនៅសាលាប្រជុំ ដែលជាកន្លែងថ្វាយបង្គំរបស់ពួកយូដា ហើយនាងទៅលេងវិហារនៅឯទីក្រុងយេរូសាឡិមផង។ ក៏ប៉ុន្តែ ខណៈដែលនាងម៉ារៀមានចំណេះកាន់តែច្រើនឡើងស្តីអំពីគោលបំណងរបស់ព្រះ នោះនាងបានចាប់ផ្ដើមឃើញថាព្រះលែងពេញចិត្តនឹងប្រពៃណីនៃបុព្វបុរសរបស់នាងតទៅទៀតហើយ។ អ្នកនាំមុខសាសនាយូដាបានឲ្យគេសម្លាប់កូនរបស់នាង។ មុនគេសម្លាប់លោកយេស៊ូ លោកបានប្រកាសប្រាប់ឲ្យគេដឹងថា៖ «មើល! វិហារនេះ នឹងត្រូវបោះបង់ចោល ហើយទុកឲ្យអ្នករាល់គ្នាវិញ»។ (ម៉ាថាយ ២៣:៣៨) ព្រះលែងផ្ដល់ពរទៅលើសាសនាដែលនាងម៉ារៀបានកាន់តាមតាំងពីក្មេងមក។—កាឡាទី ២:១៥, ១៦
ពេលក្រុមជំនុំគ្រិស្តសាសនិកត្រូវបានរៀបចំ នាងម៉ារៀមានអាយុប្រហែលជា៥០ឆ្នាំ។ តើនាងនឹងធ្វើអ្វីចំពោះក្រុមជំនុំគ្រិស្តសាសនិកថ្មីនោះ? តើនាងគិតថា នាងបានកាន់តាមសាសនាយូដាតាំងពីកំណើតមក ហើយចង់រក្សាភក្ដីភាពចំពោះប្រពៃណីរបស់បុព្វបុរសរបស់នាងទេ? តើនាងនិយាយថានាងមានអាយុច្រើនពេកដើម្បីប្ដូរសាសនាឬ? មិនមែនទាល់តែសោះ! នាងម៉ារៀបានយល់ឃើញថា ព្រះផ្ដល់ពរទៅលើក្រុមជំនុំគ្រិស្តសាសនិក ហេតុនេះហើយបានជានាងមានជំនឿ ព្រមទាំងចិត្តក្លាហានដើម្បីប្ដូរសាសនា។
[រូបភាពនៅទំព័រ៥]
ការរត់ចេញទៅស្រុកអេស៊ីបជាជនភៀសខ្លួន
[រូបភាពនៅទំព័រ៨]
បទពិសោធន៍ដ៏ខ្លោចផ្សាបំផុតដែលម្ដាយអាចមាន